
- Sep 26, 2019 |
- 4 ឆ្នាំមុន |
- 6.3K មើល
រូបមន្តសម្រាប់កម្ចាត់ស្បែកក្លៀកខ្មៅ
សម្លៀកបំពាក់បង្ហាញដើមដៃដែលស្អាត បែរជាត្រូវទុកចោល និងមិនហ៊ានពាក់ព្រោះស្បែកក្លៀកមិនស្អាតដូចគេសោះ។ អ្នកណាខ្លះជួបរឿងបែបនេះ? ភាគច្រើនបុគ្គលសឹងតែទាំងអស់កំពុងប្រឈមនឹងភាពរំខាននេះហើយវាកាន់តែជាបញ្ហាដ៏គួរឲ្យធុញទ្រាន់បំផុតសម្រាប់សុភាពនារីទាំងអស់។ បើទោះបីស្បែកក្លៀក ជាទីតាំងពុំសូវប្រឈមនឹងអាកាសធាតុ ឬកម្ដៅថ្ងៃខាងក្រៅក៏ដោយ តែលក្ខណៈធម្មជាតិ និងកត្តាបង្កមួយចំនួនអាចធ្វើឲ្យស្បែកនៅតំបន់នោះប្រែទៅជាខ្មៅ ឬមានស្នាមជាំដែលជារឿងគួរឲ្យរំខានជាខ្លាំង។ ជាក់ស្ដែង ស្នាមខ្មៅនៅតំបន់ក្លៀកនោះមិនមែនជាជំងឺនោះទេ តែវាបានបង្អាក់នូវទំនុកចិត្ត និងតម្លៃរបស់អ្នកក្នុងផ្នែកណាមួយ។ បើវាមិនមែនជាជំងឺ តើអ្វីដែលបង្កភាពខ្មៅនោះ? ហើយតើអាចដោះស្រាយបានឬទេ? តោះមកស្វែងយល់ជាមួយគ្នា! មូលហេតុធ្វើឲ្យស្បែកក្លៀកខ្មៅ មានមូលហេតុជាច្រើនដែលបង្កឲ្យស្បែកក្លៀកអ្នកខ្មៅរួមមាន៖ • ការប្រើប្រាស់សារធាតុគីមី • ការកោររោម និងការរលាកផ្សេងៗ • ការកកើតកោសិកាស្បែកងាប់ច្រើន • ការកកិតជាមួយសម្លៀកបំពាក់តឹង • ជំងឺមហារីកស្បែក • ការកើនឡើងនៃសារធាតុមេឡានីន • ជំងឺទឹកនោមផ្អែម ភាពធាត់ ឬកម្រិតអ័រម៉ូនមិនធម្មតា • ការឆ្លងមេរោគបាក់តេរី និងជំងឺផ្សេងៗ។ល។ ជាក់ស្ដែង ទម្លាប់មួយចំនួន និងហេតុផលដូចបានរៀបរាប់ខាងលើសុទ្ធតែជាកត្តាបង្កធ្វើឲ្យស្បែកក្លៀកខ្មៅ និងមិនរលោងស្អាតហេតុនេះអ្នកគួរផ្លាស់ប្ដូរនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលអាចធ្វើបានរួមមាន៖ ១. ផ្លាស់ប្តូរផលិតផលបំបាត់ក្លិន (Deodorant/Antiperspirant)៖ សារធាតុគីមីដែលមាននៅក្នុងផលិតផលប្រភេទនេះអាចធ្វើឲ្យស្បែកមានការរលាកនិងអាល្លែកហ្ស៊ី ដូចនេះអ្នកគួរប្រើប្រាស់ជម្រើសធម្មជាតិវិញដូចជា ម្សៅសូដា (Baking soda) ឬទឹកខ្មេះផ្លែប៉ោម (Apple cider vinegar) ជាដើម ២. បញ្ឈប់ការកោររោម៖ អ្នកអាចជ្រើសរើសយកការដករោម (Waxing) ឬឡាស៊ែរ (Laser removal) ជំនួសវិញ ព្រោះការកោររោមធ្វើឲ្យស្បែកមានការរលាកនិងមានសំណឹកដែលធ្វើឲ្យស្បែកខ្មៅ ៣. កាត់បន្ថយការខាត់ស្បែក៖ ការប្រើប្រាស់ផលិតផលខាត់ស្បែកច្រើនដងពេកក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់លើខ្លួន អាចធ្វើឲ្យស្បែកខ្មៅទៅវិញ ជាពិសេសស្បែកក្លៀក ៤. ស្លៀកសម្លៀកបំពាក់រលុង៖ ការស្លៀកសម្លៀកបំពាក់ដែលរឹបតឹងខ្លាំងពេកអាចធ្វើឲ្យមានការកកិតដល់ស្បែក។ រូបមន្តធម្មជាតិសម្រាប់ស្បែកក្លៀកស្អាត កុំឲ្យភាពខ្មៅនៃស្បែកក្លៀកកាន់តែបង្កការរំខាន អ្នកក៏អាចបន្ថែមការអនុវត្តជាមួយរូបមន្តធម្មជាតិខ្លះៗ ដើម្បីបង្កើនល្បឿននូវការប្រែជាសស្អាតឲ្យបានកាន់តែឆាប់ ដោយអ្នកអាចជ្រើសរើសវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ដំឡូង៖ អ្នកអាចកិនដំឡូងហើយច្របាច់យកទឹកចេញ រួចយកល្បាយដែលស្ងួតនោះទៅបិតលើក្លៀករបស់អ្នករយៈពេល ១០នាទី សឹមលាងចេញជាមួយទឹកត្រជាក់ • ត្រសក់៖ ចិតផ្លែត្រសក់ជាចំណិតក្រាស់ៗ ហើយយកវាមកដុសនៅទីតាំងដែលខ្មៅ ១០នាទី រួចលាងទឹកចេញជាការស្រេច • ក្រូចឆ្មារ៖ កាត់ចំណិតក្រូចឆ្មារក្រាស់ៗ រួចដុសទៅលើស្បែកក្លៀក។ បន្ទាប់ពីរយៈពេល ១០នាទី អ្នកអាចលាងទឹកត្រជាក់ចេញ រួចជូតស្បែកក្លៀកឲ្យស្ងួតហើយប្រសិនជាអាចអ្នកគួរប្រើផលិតផលផ្ដល់សំណើមតាមក្រោយ • ប្រេងដូង៖ អ្នកគ្រាន់តែធ្វើការម៉ាស្សាស្បែកក្លៀកជាមួយប្រេងដូង ២ ទៅ៣ដំណក់ឲ្យបាន ១៥នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយសាប៊ូដែលមានជាតិកាត់តិចដោយប្រើទឹកក្ដៅឧណ្ហៗ។ ការផ្លាស់ប្តូរទម្លាប់ដែលខុស និងព្យាយាមអនុវត្តវិធីសាស្រ្តណាមួយខាងលើឲ្យបានញឹកញាប់ អាចជាទុនមួយសម្រាប់កែប្រែស្ថានភាពស្បែកក្លៀករបស់អ្នកឲ្យត្រលប់មកវិញ ដែលមិនត្រឹមតែជាផ្នែកមួយនៃសម្រស់នោះទេ ថែមទាំងអាចផ្ដល់ទំនុកចិត្តដល់អ្នកបានទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក