Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

គ្រេច ឬថ្លោះក អាចជាការឈឺចាប់បែបសាមញ្ញ និងកើតឡើងនៅទីតាំងជាក់លាក់ ហើយភាគច្រើនតែងបាត់ទៅវិញដោយខ្លួនឯង។ យ៉ាងណាមិញអ្នកក៏គួរដឹងពីគន្លឹះមួយចំនួនសម្រាប់ណែនាំដល់អ្នកដែលត្រូវការជំនួយដើម្បីអាចសម្រាលអាការៈឈឺចាប់នោះឲ្យបានកាន់តែឆាប់រហ័ស។ អ្វីគួរដឹង? អាការៈគ្រេច ឬថ្លោះក បណ្តាលមកពីការកន្រ្តាក់នៃសាច់ដុំធំមួយដែលស្ថិតនៅផ្នែកចំហៀងនៃក ហើយតែងកើតមានឡើងក្នុងករណី៖ • នៅពេលព្រឹក និងភ្លាមៗពេលងើបពីដំណេក។ វាជាការឈឺចាប់ធម្មតាដែលបណ្តាលមកពីទីតាំងគេងនៅពេលយប់មិនបានល្អ ឬធ្វើកាយវិការខុសប្រក្រតីណាមួយ • សម្រាប់កុមារ៖ សញ្ញាថ្លោះក អាចជាប់ពាក់ព័ន្ធនឹងជំងឺរលាកត្រចៀក ឬឈឺទ្រូងជាដើម • ប្រសិន ការឈឺចាប់កើតមានជាប្រចាំ និងកាន់តែខ្លាំងឡើងបន្តិចម្ដងៗថែមទាំងមានរួមបញ្ចូលសញ្ញាដូចជា ឈឺក្បាល ឬវិលមុខទៀតនោះ វាអាចជាករណីធ្ងន់ធ្ងរ ឬបញ្ហាសរសៃប្រសាទណាមួយ។ អ្វីគួរធ្វើ? ដើម្បីកាត់បន្ថយការឈឺចាប់បណ្ដាលមកពីអាការៈគ្រេច ឬថ្លោះក អ្នកអាចណែនាំវិធីសាស្រ្តណាមួយដូចខាងក្រោម៖ • ស្អំកន្លែងឈឺចាប់ ដោយប្រើកន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗ ឬងូតទឹកក្ដៅឧណ្ហៗ • ប្រើប្រាស់ឱសថប្រភេទជាក្រែមសម្រាប់លាប ដូចជា Décontractyl baume ឬ Algésal suractivé • ឬអាចប្រើប្រាស់ឱសថក្រោមទម្រង់ជាគ្រាប់ រួមមាន៖ - Décontractyl (Synthélabo) ២៥០mg៖ សម្រាប់មនុស្សពេលវ័យ ដោយអាចលេបម្ដង ២ គ្រាប់ បីដងក្នុងមួយថ្ងៃ - Ibuprofène ២០០mg៖ អាចលេបម្ដង២គ្រាប់ បីដងក្នុងមួយថ្ងៃ • ចំពោះឧបករណ៍រុំក អាចផ្ដល់ឲ្យអ្នកជំងឺបានប្រសិនពួកគេទាមទារចង់ប្រើប្រាស់ ប៉ុន្តែមិនអាចធានាបានពីប្រសិទ្ធភាពនោះទេ។ ប្រសិនអាការៈថ្លោះក នៅតែអូសបន្លាយជាប្រចាំ អ្នកគួរណែនាំឲ្យអ្នកជំងឺទៅទទួលការពិនិត្យពីសំណាក់វេជ្ជបណ្ឌិតឯកទេស។ ប្រភពយោង៖ Le vademecum de la Médication officinale អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នេះជាសំណួរដ៏ពេញនិយមចំពោះសុភាពនារីមួយចំនួនតូច ហើយពេលខ្លះមានអារម្មណ៍ច្រណែនចំពោះសុភាពនារីផ្សេងទៀតដែលមិនធ្លាប់ស្គាល់សោះថាតើការឈឺចាប់នេះមានរសជាតិបែបណា។ ចង់ដឹងថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាកដ និងអាចបង្កជាហានិភ័យចំពោះសុខភាពដែរឬទេ? ចម្លើយទាំងនេះមានក្នុងករណីសិក្សារបស់មិត្តអ្នកអានយើងម្នាក់ដែលតែងកើតមានបញ្ហានេះដូចគ្នា៖ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់៤៥គីឡូក្រាមសព្វថ្ងៃជានិស្សិត។ អំឡុងពេលមករដូវម្តងៗខ្ញុំតែងមានអាការៈចុកពោះខ្លាំង ពិបាកក្នុងការទ្រាំ ពេលខ្លះលេបថ្នាំបំបាត់ការឈឺចាប់តែមិនបាត់ហើយអាការៈបែបនេះកើតឡើងជារៀងរាល់ខែ។ តើអាការៈបែបនេះអាចប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ? បណ្តាលមកពីមូលហេតុអ្វី? មានវិធីការពារដែរឬទេ? ចម្លើយ៖ ភាសាបច្ចេកទេសវេជ្ជសាស្រ្តដែលត្រូវបានប្រើប្រាស់សម្គាល់លក្ខខណ្ឌឈឺចាប់ក្នុងអំឡុងពេលមករដូវនេះគឺ Dysmenorrhea។ មូលហេតុចម្បងដែលបណ្តាលឲ្យមានការឈឺចាប់គឺបណ្តាលមកពីបម្រែបម្រួលសារធាតុម៉្យាងដែលមានលក្ខណៈដូចអ័រម៉ូនឈ្មោះថា prostaglandins ដែលមានតួនាទីក្នុងការកន្រ្តាក់ជញ្ជាំងស្បូន ដើម្បីបង្ហូរកម្រាស់ឈាមរដូវចេញមកក្រៅ។ ប្រសិនបើកម្រិត prostaglandins កើនឡើងខ្ពស់ នោះការឈឺចាប់នឹងកើនឡើងបន្ថែមជាមួយការឈឺរមួលមួយកម្រិតទៀត។ ការឈឺចាប់នេះអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ដែលជាទូទៅការឈឺនេះនឹងកាន់តែមានភាពធូរស្រាលនៅពេលស្ត្រីមានវ័យកាន់តែចាស់ ឬបន្ទាប់ពីសម្រាលបុត្ររួច។ តាមពិត មានលក្ខខណ្ឌមួយចំនួនតូចទៀតដែលអាចបណ្តាលឲ្យមានការឈឺចាប់នេះផងដែរ ដែលជាទូទៅ ការព្យាបាលទៅលើឫសគល់នៃបញ្ហាទាំងនោះអាចបញ្ឈប់រោគសញ្ញាឈឺចាប់បាន។ លក្ខខណ្ឌបង្កទាំងនោះរួមមាន៖ • Endometriosis៖ ជាការឡើងក្រាស់នៃភ្នាសស្បូនខាងក្រៅតួស្បូនតួយ៉ាងដូចជានៅដៃស្បូនដែលបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ជាងការឈឺចាប់នៃការមករដូវធម្មតា។ • Uterine fibroids៖ មានលក្ខណៈជាការលូតលាស់ប្រភេទកោសិកាមិនមែនមហារីកនៅតាមជញ្ជាំងស្បូន ដែលអាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ទីតាំងដែលមានបញ្ហាតែម្តង។ • Adenomyosis៖ ជាលក្ខខណ្ឌដែលកើតមាននៅពេលដែលភ្នាសតួស្បូនចាប់ផ្តើមរីករាលដាលចូលក្នុងជញ្ជាំងស្បូន។ • Pelvic inflammatory disease៖ ជាប្រភេទជំងឺរលាកតំបន់អាងត្រគាកដែលជាការបង្ករោគនៅនឹងសរីរាង្គបន្តពូជ បណ្ដាលមកពីបាក់តេរីតាមរយៈការរួមភេទ។ • Cervical stenosis៖ កើតឡើងនៅពេលមាត់ស្បូនរួមតូចដែលបង្អាក់ដល់លំហូរឈាមរដូវ បង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដោយសារការកើនឡើងសម្ពាធក្នុងតួស្បូន។ ករណីភាគច្រើន ការឈឺរមួលក្នុងអំឡុងពេលមករដូវជាសញ្ញាណវិជ្ជមានបែបធម្មជាតិនៃប្រតិកម្មរបស់រាងកាយចំពោះការដាច់ចេញនៃភ្នាសស្បូន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នេះបានរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ឬប្រសិនបើកម្រិតនៃការឈឺចាប់កាន់តែខ្លាំងឡើងៗ ជាពិសេសបន្ទាប់ពីអ្នកមានអាយុលើសពី ២៥ ឆ្នាំ អ្នកចាំបាច់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

សីតុណ្ហភាពក្នុងខ្លួនរបស់យើងប្រែប្រួលពេញមួយថ្ងៃ ដោយវានឹងចុះទាបបំផុតនៅម៉ោង៦ព្រឹក ហើយឡើងខ្ពស់បំផុតនៅចន្លោះម៉ោង ៤ទៅ ម៉ោង៦រសៀល។ សីតុណ្ហភាពខ្លួនរបស់យើងអាចចាត់ទុកថាធម្មតាគឺស្ថិតនៅក្រោម ៣៨អង្សាសេ។ អាការៈក្តៅខ្លួន គឺជាការឡើងកម្តៅខ្លួនលើសពីសីតុណ្ហភាពធម្មតាតាមរយៈការបញ្ជារបស់ខួរក្បាល ដែលការឡើងកម្តៅនេះជាទូទៅគឺជាការឆ្លើយតបទៅនឹងការឆ្លងរោគណាមួយ។ បញ្ហាក្តៅខ្លួនមិនមែនជាជំងឺទេតែវាជាប្រតិកម្មនៃរាងកាយយើងក្នុងការការពារខ្លួន ហើយនេះជាការបញ្ជាក់ថា ខ្លួនប្រាណរបស់យើងកំពុងពន្យឺតការលូតលាស់ និងការបង្កើនចំនួនរបស់មេរោគ តែកំពុងបង្កើនចំនួនគោលិកាឈាមដែលប្រឆាំងជាមួយនឹងការបង្ករោគ។ ការក្តៅខ្លួនលើកុមារ បញ្ហាក្តៅខ្លួនកើតលើកុមារតូចៗអាយុពី ២ខែ ទៅ៣៦ខែ ដែលមិនត្រូវបានគេស្គាល់ពីមូលហេតុច្បាស់លាស់ ៧៦%ត្រូវបានគេញែកចេញថាជាការបង្កឡើងដោយវីរុស។ វីរុសភាគច្រើនជា វីរុសបង្ករោគនៅនឹងប្រព័ន្ធដង្ហើម (Adénovirus) វីរុសបង្កជំងឺស្អូច (Roséole) វីរុស Entérovirus និងវីរុស Paréchovirus។ ការក្តៅខ្លួនលើមនុស្សពេញវ័យ • ករណីក្តៅខ្លួនខ្លាំង រួមផ្សំជាមួយនឹងគ្រុនញាក់អាចជាការបង្ករោគដោយបាក់តេរីនៅផ្លូវទឹកប្រម៉ាត់ (រលាកផ្លូវទឹកប្រម៉ាត់) ផ្លូវបង្ហូរទឹកនោម ឬផ្លូវដង្ហើម។ • ករណីក្តៅខ្លួនខ្លាំង ក្រោយធ្វើដំណើរទៅតំបន់ត្រូពិច អាចជាជំងឺគ្រុនចាញ់ • ករណីក្តៅខ្លួនខ្លាំង មានលក្ខណៈជាពីរដំណាក់កាល អាចជាជំងឺគ្រុនឈាម • ករណីក្តៅខ្លួនខ្លាំង រួមផ្សំជាមួយនឹងការបែកញើសពេលយប់ អាចជាជំងឺរបេង ឬជំងឺដែលមិនទាក់ទងនឹងការបង្ករោគដូចជាមហារីកកូនកណ្តុរ • ករណីក្តៅខ្លួនខុសធម្មតា ចំពោះមនុស្សវ័យក្មេងអាចជាជំងឺអេដស៍។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ថ្ងៃទី26 ខែតុលា ឆ្នាំ2019 រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) បានប្រារព្ធកម្មវិធីនៃខែផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ (Breast Cancer Awareness Month) តាមរយៈការរៀបចំកម្មវិធី Pink Talk ក្រោមប្រធានបទ៖ ការរកឃើញរោគសញ្ញាទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតបាន ដែលជាយុទ្ធនាការសុខភាពអន្តរជាតិប្រចាំឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់។ កម្មវិធីនេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពិភាក្សាបែបអប់រំផ្សេងៗ ដែលមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ខិតខំបង្កើតឡើង ដើម្បីផ្ដល់ព័ត៌មានមូលដ្ឋានពីសុខភាព ប៉ុន្តែមានសារសំខាន់ជូនដល់ប្រជាជនកម្ពុជា។ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ដំបូងរបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) នៅក្នុងប្រទេសកម្ពុជា មានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញអំពីការរកឃើញរោគសញ្ញាទាន់ពេលវេលា ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Thay Sovannara ប្រចាំ SGMC ដែលជាគ្រូពេទ្យប្រចាំគ្រួសារនិងអ្នកជំនាញឯកទេសផ្នែកសុខភាពស្ត្រី រួមជាមួយគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺ តាមរយៈការស្វែងយល់អំពីមូលហេតុនៃជំងឺ វិធីសាស្រ្តបង្ការ និងការរកឃើញរោគសញ្ញាទាន់ពេលវេលា និងវិធីសាស្រ្តព្យាបាល។  ដោយសារតែស្ត្រីគ្រប់រូប មិនថាវ័យណាក៏ដោយ ក៏អាចនឹងកើតជំងឺមហារីកសុដន់បានដែរនោះ ទើបមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) ស្នើសុំឲ្យស្ត្រីដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងអញ្ជើញទៅធ្វើការប្រឹក្សាយោបល់និងត្រូវធ្វើការពិនិត្យរកជំងឺមហារីកសុដន់នេះឲ្យបានយ៉ាងតិចម្ដងក្នុងមួយឆ្នាំ។ ការពិនិត្យរកជំងឺមហារីកសុដន់ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ។ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) មានឧបករណ៍ពិនិត្យសុដន់ (mammograms)ដែលពិនិត្យជូននៅក្នុងតម្លៃសមរម្យដើម្បីជួយស្ត្រីកម្ពុជាឲ្យទទួលបានការពិនិត្យជំងឺបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជាដើម។ ជំងឺមហារីកសុដន់គឺជាជំងឺដ៏កាចសាហាវលំដាប់ថ្នាក់ទីបីចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់ស្ត្រីដែលមានជំងឺនេះប្រមាណជា ៨% ក្នុងមួយឆ្នាំ។ ទោះបីយ៉ាងណាអត្រានៃការរស់រានមានជីវិតកើនឡើងខ្ពស់ផងដែរ នៅពេលយើងរកឃើញរោគសញ្ញាទាន់ពេលវេលាតាមរយៈការពិនិត្យសុដន់។ លោកស្រីវេជ្ជបណ្ឌិត Thay ក៏បានពិភាក្សា និងឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកត្តាហានិភ័យដែលអាចបង្កើតឱកាសនាំឲ្យមានជំងឺមហារីកសុដន់ រោគសញ្ញា និងសញ្ញាសំខាន់ៗ របៀបការពារជំងឺមហារីកសុដន់ និងវិធីត្រួតពិនិត្យដោយខ្លួនឯង។ លោកស្រីបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការពិនិត្យជំងឺមហារីកសុដន់ជាប្រចាំ ការត្រួតពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ និងការរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អផងដែរ។ លោកស្រីវេជ្ជបណ្ឌិត Thay Sovannara មានប្រសាសន៍ថា  “នៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខភាព និងសុខមាលភាពរបស់អ្នកជំងឺ និងមនុស្សគ្រប់គ្នា។ កម្មវិធីផ្សេង ដូចជាកិច្ចពិភាក្សា Pink Talk នេះជួយយើងទាំងអស់គ្នាឲ្យយល់ដឹងអំពីជំងឺមហារីកសុដន់ វិធីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យផ្សេងៗនៃជំងឺនេះផងដែរ។” លោកស្រីបានបន្តទៀតថា “ខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់ គឺជា ពេលវេលាដ៏ល្អ ក្នុងការរំឭកឲ្យស្ត្រីនៅក្នុងគ្រួសាររបស់យើងធ្វើការត្រួតពិនិត្យស្វែងរករោគសញ្ញានៃជំងឺនេះ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំកម្មវិធីនេះឡើង និងកម្មវិធីផ្សេងៗទៀតនៅក្នុងសហគមន៍ ក៏ដូចជាធានាឲ្យមានជម្រើសថែរក្សាអាយុជីវិតសម្រាប់មនុស្សជាទីស្រឡាញ់ ព្រមទាំងគ្រួសារ និងមិត្តភិក្តរបស់អ្នកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ក្រុមហ៊ុន Two Way Public Relations ជាន់ទី 2 លេខ 5 អគារ Rise ផ្លូវលេខ 282 បឹងកេងកង 1 រាជធានីភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com                       ព័ត៌មានអំពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា ដែលជាសមាជិកនៃគ្រួសារ DrMap នៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្រ្តប្រកបដោយឧត្តមភាពរបស់ប្រទេសសិង្ហបុរីជូនដល់ប្រជាជនកម្ពុជា។ ដោយផ្អែកទៅលើជំនឿថាមនុស្សគ្រប់រូបស័ក្តិសមនឹងទទួលបាននូវការថែទាំផ្នែកវេជ្ជសាស្ត្រដែលប្រកបដោយគុណភាព និងអាចជឿទុកចិត្តបានខ្ពស់ យើងអនុវត្តនូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយដែលផ្ដល់នូវសេវាកម្មថែទាំសុខភាពគុណភាពខ្ពស់និងសុខុមាលភាពបែបវេជ្ជសាស្ត្រ។ ប្រកបដោយទឹកចិត្តល្អប្រពៃ និងមានលក្ខណៈបុគ្គលដោយផ្អែកលើការព្យាបាលវេជ្ជសាស្រ្ត ដំណើរការ និងស្តង់ដាដែលផ្អែកលើភស្តុតាងបញ្ជាក់ច្បាស់លាស់ យើងធ្វើការព្យាបាល និងធ្វើរោគវិនិច្ឆ័យជំងឺព្រមទាំងផ្ដល់ជូនអ្នកជំងឺរបស់ខ្លួននូវមធ្យោបាយដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អប្រសើរ។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សម្រាប់អ្នកដែលចង់ស្រកទម្ងន់នោះ បរិមាណកាល់ឡូរីតិចជាង ឬស្មើ២,០០០កាល់ឡូរីក្នុងមួយថ្ងៃជាជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នក។ ក្នុងនោះផងដែរ អ្នកក៏ត្រូវតែប្រាកដថារបបអាហារនោះ មានរាប់បញ្ចូលទាំងបន្លែ ផ្លែឈើ ប្រូតេអុីនផលិតផលទឹកដោះគោ គ្រាប់ធញ្ញជាតិ និងប្រេងធម្មជាតិ។ ខាងក្រោមនេះ ជាបរិមាណនៃក្រុមអាហារនីមួយៗដែលអ្នកគួរតែដាក់បញ្ចូលក្នុងគម្រោងនៃរបបអាហារប្រមាណ២,០០០កាល់ឡូរីក្នុងមួយថ្ងៃរបស់អ្នក៖ ប្រភេទអាហារ៖ បន្លែ និងផ្លែឈើ បរិមាណ៖ បន្លែ ៦០០-៧០០ក្រាម និងផ្លែឈើ ៣០០-៤០០ក្រាម សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីន និងជាតិរ៉ែ ប្រភេទអាហារ៖ ប្រូតេអុីន បរិមាណ៖ ១៤០-១៥០ក្រាម ប្រភព៖ សាច់សត្វ សាច់ត្រី គ្រឿងសមុទ្រ ស៊ុត ផលិតផលសណ្តែក ក្រុមបន្លែមានកួរ គ្រាប់រុក្ខជាតិ សណ្តែកដី ប្រភេទអាហារ៖ ប្រេងធម្មជាតិ បរិមាណ៖ ២០-៣០ក្រាម ប្រភព៖ ប្រេងចម្រាញ់ចេញពីរុក្ខជាតិ ដូចជាប្រេងអូលីវ ប្រេងសណ្តែក ប្រភេទអាហារ៖ គ្រាប់ធញ្ញជាតិ បរិមាណ៖ ១៦០-១៧០ក្រាម ប្រភព៖ អង្ករ អង្ករសម្រូប គ្រាប់ធញ្ញជាតិចម្អិនរួច នំប៉័ង សារធាតុចិញ្ចឹម៖ ជាតិសរសៃ វីតាមីនB ជាតិដែក សារធាតុប្រឆាំងអុកស៊ីតកម្ម… ប្រភេទអាហារ៖ ផលិតផលទឹកដោះគោ បរិមាណ៖ ២-៣ កែវ សារធាតុចិញ្ចឹម៖ ប៉ូតាស្យូម ម៉ាញេស្យួម កាល់ស្យូម វីតាមីនA, B12, D ប្រូតេអុីន… ប្រភព៖ ប៊័រ ទឹកដោះគោ យ៉ាអ៊ួ ទឹកសណ្តែក ***អាហារដែលគួរតែមានជាប្រចាំនៅក្នុងទូរទឹកកករបស់អ្នក • ស៊ុត • ត្រី • សាច់ • នំប៉័ង • អង្ករសម្រូប • ដំឡូងជ្វា • ផ្លែឈើ • ស្ពៃបៃតង (ប្រូខូលី) • បន្លែស្លឹកបៃតង • ប៊័រសណ្តែកដី • ប្រេងអូលីវសុទ្ធ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោកប៉ា អ្នកម៉ាក់គ្រប់រូបតែងមានកង្វល់ចំពោះកូនៗជាទីស្រលាញ់របស់ខ្លួន ពាក់ព័ន្ធនឹងការអភិវឌ្ឍផ្នែកស្មារតី និងចិត្តគំនិត ហើយតែងតែព្យាយាមរិះរកវិធីអប់រំពួកគេដើម្បីឲ្យកូនក្លាយជាបុគ្គលដែលមានចិត្តគំនិតល្អប្រសើរ។ ការបណ្តុះកូនឲ្យមានចិត្តគំនិតល្អប្រសើរតាំងពីកុមារភាពទៅនឹងក្លាយជាប្រយោជន៍ដ៏ល្អសម្រាប់ពួកគេនាថ្ងៃអនាគត។ ដើម្បីជាជំនួយដល់លោកប៉ាអ្នកម៉ាក់ទាំងឡាយ យើងនឹងលើកយកនូវគន្លឹះ ៧ ចំណុចជួយឲ្យកុមារមានចិត្តគំនិតល្អប្រសើរ៖ ១. ធ្វើជាគំរូរបស់កូន ដោយសារតែឪពុកម្តាយជាអ្នកដែលជិតស្និទ្ធ និងមានទំនាក់ទំនងស្អិតរមួតនឹងកូនជាងគេ ដូច្នេះការចូលរួមចំណែកពីលោកអ្នកជារឿងមួយសំខាន់។ ឪពុកម្តាយប្រៀបដូចជាកញ្ចក់ឆ្លុះសម្រាប់កុមារ ដោយសារស្ថិតនៅក្នុងវ័យនេះ កុមារអាចរៀនសូត្រចេះចាំបានយ៉ាងងាយនូវរាល់សកម្មភាព មិនថាជាកាយវិការ ពាក្យសម្តី ទម្លាប់ ឬអាកប្បកិរិយាផ្សេងៗ។ មាតាបិតាគួរគប្បីបង្ហាញនូវទម្លាប់ ឬអាកប្បកិរិយាល្អៗឲ្យកូនៗអនុវត្តតាម។ ២. លើកសរសើរនៅពេលជោគជ័យ ជាជាងផ្តោតទៅលើថាតើកូនរបស់លោកអ្នកជោគជ័យ ឬមិនជោគជ័យលើរឿងអ្វីមួយ ឪពុកម្តាយគួរតែសាកល្បងលើកសរសើរ លើកទឹកចិត្តចំពោះការព្យាយាម និងប្រឹងប្រែងរបស់ពួកគេ។ នេះមិនត្រឹមតែជួយកូនៗក្នុងការជំនះឧបសគ្គ ថែមទាំងអាចជួយបណ្តុះគំនិត ពង្រឹងស្មារតីក្លាហានដែលជាកត្តាជំរុញឲ្យមានភាពជោគជ័យក្នុងជីវិត។ ៣. យកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗ ការសង្កេតដោយយកចិត្តទុកដាក់លើសកម្មភាព និងអាកប្បកិរិយាកូនៗរបស់លោកអ្នកមានសារៈសំខាន់មិនត្រឹមតែធ្វើឲ្យឪពុកម្តាយមានឱកាសស្វែងយល់ពីកូនៗនោះទេ ថែមទាំងធ្វើឲ្យកុមារមានភាពក្លាហានក្នុងការបង្ហាញពីគំនិតនិងអារម្មណ៍របស់ពួកគេ។ កុមារតែងបង្ហាញអារម្មណ៍របស់គេតាមរយៈអាកប្បកិរិយា និងពាក្យសម្តី។ ដូច្នេះនៅពេលពួកគេមានកាយវិការ ឬសម្តីប្លែកខុសពីធម្មតា វាអាចជាសញ្ញាបង្ហាញថាកុមារមានបញ្ហាណាមួយដែលត្រូវការជំនួយការណែនាំ ឬការលើកទឹកចិត្ត។ ឪពុកម្តាយត្រូវព្យាយាមចំណាយពេលវេលាស្វែងយល់ សួរសំណួរនិងស្តាប់ពួកគេឲ្យបានច្រើន មិនថាជាចំណង់ចំណូលចិត្ត សកម្មភាព តម្រូវការ ឬបញ្ហាដែលពួកគេជួបប្រទះ។ ៤. បង្កើតទម្លាប់ល្អក្នុងការរស់នៅ ការបរិភាគអាហារមានតុល្យភាព ការសម្រាកបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់ជាគន្លឹះសំខាន់ ដែលវាមិនត្រឹមតែ ជួយឲ្យកុមារលូតលាស់ផ្នែករាងកាយ និងបង្កើតទម្លាប់ល្អសម្រាប់ខ្លួនគេតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍនូវបញ្ញាស្មារតីរបស់កុមារផងដែរ។ ឪពុកម្តាយគួរតែផ្តល់និងលើកទឹកចិត្តឲ្យកូនបរិភោគអាហារទាំងឡាយណាដែលផ្តល់ផលល្អដល់សុខភាព រួមទាំងចំណាយពេលធ្វើសកម្មភាពផ្សេងៗដូចជាលេងកីឡា ធ្វើដំណើរកម្សាន្តនានា ចូលរួមសកម្មភាពផ្សេងៗ និងណែនាំពួកគេឲ្យមានទម្លាប់គេងល្អ។ ៥. ផ្តល់បរិយាកាសរស់នៅល្អ ការផ្តល់ឲ្យកុមារនូវបរិយាកាសរស់នៅប្រកបដោយក្តីស្រលាញ់ ភាពកក់ក្តៅ ការជឿជាក់ និងការយល់ចិត្តក៏ជាកត្តាមួយសំខាន់ដែរ។ កុមារមួយចំនួនដែលរស់នៅក្នុងស្ថានភាពខ្វះភាពកក់ក្តៅ ខ្វះភាពស្និទ្ធស្នាល បាត់បង់ទំនុកចិត្ត អាចបណ្តាលឲ្យពួកគេមិនអាច គ្រប់គ្រងអារម្មណ៍បាន និងក្លាយជាកុមារមានបញ្ហាផ្នែកស្មារតី។ កុមារមួយចំនួនត្រូវធំធាត់មកប្រឈមមុខនឹងស្ថានភាពបែបនេះតែម្នាក់ឯង ជាហេតុបណ្តាលឲ្យមានបញ្ហាក្នុងការលូតលាស់ចិត្តគំនិតរបស់ពួកគេ។  ៦. ផ្តល់ឱកាសសម្រាប់កូនៗអ្នក ការផ្តល់ឱកាសឲ្យកូនរបស់លោកអ្នកមានឯករាជ្យភាពខ្លះ ក៏ជាកត្តាដ៏ចាំបាច់មួយសម្រាប់ពង្រឹងចិត្តគំនិតរបស់កុមារ។ នៅពេលកូនៗជួបបញ្ហា ឪពុកម្តាយអាចជួយពួកគេស្វែងយល់ពីបញ្ហានោះ ហើយបង្រៀនឲ្យពួកគេចេះរកដំណោះស្រាយ។ លោកអ្នកគួរតែសាកល្បងផ្តល់ឱកាសឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន។ឋ កាលណាពួកគេមានសេរីភាពក្នុងការគិត ពេលនោះផ្លូវចិត្តរបស់ពួកគេក៏មានភាពរឹងមាំផងដែរ។ ៧. ពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញចិត្តសាស្ត្រ ប្រសិនបើលោកអ្នកសង្ស័យថាកូនមានបញ្ហាផ្លូវចិត្តលោកអ្នកគួរតែស្វែងរកការពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឬអ្នកជំនាញផ្នែកចិត្តសាស្ត្រដើម្បីទប់ស្កាត់ និងព្យាបាលបញ្ហានេះ។ ផលវិបាកនៃការប៉ះពាល់ផ្លូវចិត្តរបស់កុមារនឹងបណ្តាលឲ្យកុមារមានគំនិតអវិជ្ជមានចំពោះខ្លួនឯង មានឥរិយាបថមិនល្អនៅសាលារៀន ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឪពុកម្តាយមានតួនាទីសំខាន់ណាស់ក្នុងការធានាការលូតលាស់ផ្នែកចិត្តគំនិត និងស្មារតីរបស់កូនៗខ្លួន។ ការយកចិត្តទុកដាក់ថែរក្សាសុខភាពចិត្តគំនិតរបស់កូននៅវ័យកុមារភាព នឹងផ្តល់ផលល្អដល់ពួកគេនាថ្ងៃអនាគត។ គន្លឹះ ៧ចំណុចខាងលើអាចជួយឲ្យលោកប៉ាអ្នកម៉ាក់ទាំងឡាយស្វែងយល់ អនុវត្តតាម និងកែប្រែប្រសិនបើការប្រព្រឹត្តនាពេលកន្លងមកមានកំហុសឆ្គង។  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការបំបៅដោះកូនពិតជាមានសារសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែជាអាហារបំប៉នដ៏មានសុវត្ថិភាពប៉ុណ្ណោះទ វាថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកផងដែរ។ ដូច្នេះប្រសិនការផលិតទឹកដោះរបស់ស្ត្រីមិនបានគ្រប់គ្រាន់នៅពេលក្រោយសម្រាលនោះវាជាបញ្ហាចម្បងមួយដែលស្ត្រីមិនគួរមើលរំលង។ អ្វីជាមូលហេតុនៃការផលិតទឹកដោះមិនគ្រប់គ្រាន់? ករណីទាក់ទងនឹងបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់របស់ស្ត្រីអាចបណ្តាលមកពីមូលហេតុជាច្រើនអាស្រ័យលើ៖ • ការយល់ដឹង៖ ស្ត្រីមួយចំនួនអាចខ្វះការយល់ដឹងអំពីការបំបៅដោះកូន ឬរបៀបនៃការបំបៅឲ្យបានល្អត្រឹមត្រូវ និងមានអនាម័យ ដែលជាហេតុបង្កឲ្យមានការឈឺសុដន់ រហូតបង្ខំចិត្តបញ្ឈប់ការបំបៅដោះកូនដោយខ្លួនឯង។ • កាតព្វកិច្ចប្រចាំថ្ងៃ៖ នៅប្រទេសកម្ពុជាស្ត្រីត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែទាំងមុននិងក្រោយសម្រាល ដូច្នេះស្ត្រីអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់បំបៅកូននៅពេលទំនួលខុសត្រូវការងារចាប់ផ្តើមឡើងវិញ។ មូលហេតុផ្សេងទៀតដែលអាចឲ្យស្ត្រីប្រឈមនឹងការផលិតទឹកដោះមិនគ្រប់គ្រាន់រួមមាន បញ្ហាពីធម្មជាតិសុដន់មិនលូតលាស់គ្រប់លក្ខណៈ ការវះកាត់ពង្រីកឬបង្រួមទំហំសុដន់ដែលធ្វើឲ្យប៉ះពាល់ដល់ក្រពេញទឹកដោះ និងករណីដែលស្ត្រីមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជំងឺលើក្រពេញទីរ៉ូអុីត ឬជំងឺសួតរ៉ាំរ៉ៃជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទារកខ្លះអាចនឹងបៅមិនបានគ្រប់គ្រាន់ ឬមិនអាចបៅបានក្នុងករណីទារកមានក្រអូមមាត់មិនធម្មតា និងកើតមិនគ្រប់ខែ។ ស្ត្រីគួរធ្វើបែបណាដើម្បីត្រៀមខ្លួន ឬកាត់បន្ថយបញ្ហានេះ? ជាការពិតណាស់ ដើម្បីអាចត្រៀមខ្លួនបាន ដំបូងស្ត្រីចាំបាច់ត្រូវយល់ដឹងអំពីសារប្រយោជន៍នៃទឹកដោះម្តាយ និងរបៀបបំបៅកូនជាមុនសិន។ ស្ត្រីត្រូវបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាលដោយឥរិយាបទសមស្រប ប្រកបដោយអនាម័យត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើមានបញ្ហាណាមួយអំឡុងពេលនៃការបំបៅដោះកូនស្ត្រីគួរជួបពិគ្រោះជាមួយគ្រូពេទ្យមុនពេលសម្រេចចិត្តឈប់បំបៅកូន ឬព្យាយាមរកដំណោះស្រាយខ្លួនឯងដោយការប្រើថ្នាំផ្សេងៗ។ ម៉្យាងទៀត គួរចៀសវាងការផ្តល់ក្បាលដោះឲ្យទារកបៅ ឬជញ្ជក់លេង ឬផ្តល់ចំណីបន្ថែមនៅពេលទារកអាយុក្រោម ៦ខែ។ តើបញ្ហានេះផ្តល់ផលប៉ះពាល់បែបណាខ្លះ? ជាក់ស្តែង នៅពេលទារកបៅមិនគ្រប់គ្រាន់ រួមជាមួយការទទួលទានអាហារមិនសមស្រប ឬទឹកដោះគោមិនល្អក្នុងវ័យតូចពេក អាចឲ្យពួកគេប្រឈមនឹងផលប៉ះពាល់ដូចជា៖ • មានការលូតលាស់យឺតទាំងផ្នែករាងកាយ និងប្រាជ្ញាស្មារតី • ប្រព័ន្ធការពាររាងកាយរបស់ទារកថយចុះ ដែលងាយប្រឈមនឹងជំងឺផ្សេងៗ ពិសេសបញ្ហាសួត និងក្រពះ-ពោះវៀន • ងាយប្រឈមនឹងការស្លាប់ទាំងវ័យកុមារ ដោយសារឈឺច្រើន និងការព្យាបាលមិនបានត្រឹមត្រូវ។ ដោយឡែក ចំពោះម្តាយមិនបំបៅដោះកូន នោះពួកគេអាចប្រឈមនឹងការកើតមហារីកនៅក្រពេញសុដន់ និងក្រពេញអូវែ។ អ្វីខ្លះដែលទារកអាចទទួលទានជំនួស? ប្រសិនរកឃើញថា ស្ត្រីមិនអាចផលិតទឹកដោះបានគ្រប់គ្រាន់ ឬទារកកំពុងស្ថិតក្នុងលក្ខខណ្ឌណាមួយដែលមិនអាចបៅដោះបាន នោះទារកនឹងតម្រូវឲ្យផ្តល់នូវអាហារបំប៉ន ឬប្រភេទទឹកដោះគោពិសេសខុសៗគ្នាផ្អែកតាមករណី ឬស្ថានភាពនោះចំពោះទារកកើតមិនគ្រប់ខែពួកគេអាចនឹងត្រូវផ្តល់នូវម្សៅទឹកដោះគោពិសេស រីឯករណីផ្សេងទៀត ឬទារកកើតគ្រប់ខែជាធម្មតាតែមិនអាចបៅបាន នោះពួកគេនឹងត្រូវបានផ្តល់ឲ្យនូវប្រភេទម្សៅទឹកដោះគោដែលផលិតតាមក្បួនខ្នាតចំណីអាហារសម្រាប់ចិញ្ចឹមទារក។ គួរធ្វើយ៉ាងណាដើម្បីចៀសវាងបញ្ហានេះ? ការយល់ឲ្យបានច្បាស់ និងត្រៀមខ្លួនជាស្រេចមុនពេលសម្រាល អាចជួយឲ្យស្ត្រីកាត់បន្ថយនូវហានិភ័យនៃបញ្ហាផលិតទឹកដោះមិនគ្រប់គ្រាន់បាន។ ម៉្យាងទៀតស្ត្រីត្រូវស្វែងយល់ពីវិធីសាស្រ្តក្នុងការបំបៅឲ្យបានត្រឹមត្រូវ និងរបៀបនៃការរក្សាអនាម័យដែលគ្រូពេទ្យបានណែនាំ។ ក្រៅពីនេះស្ត្រីត្រូវប្រឹក្សាជាមួយគ្រូពេទ្យជានិច្ចរាល់បញ្ហាដែលកើតមានអំឡុងពេលបំបៅចៀសវាងឲ្យកូនបៅទឹកដោះគោ ឬបៅក្បាលដោះលេងមុនពេលទារកអាយុ៦ខែ។ ទោះបីមានបញ្ហាអ្វីកើតឡើង ស្ត្រីជាម្តាយគួរបំបៅដោះកូនតែមួយមុខគត់ឲ្យបានយ៉ាងតិចបំផុតត្រឹមអាយុ៦ខែ សឹមចាប់ផ្តើមបន្ថែមនូវចំណីអាហារផ្សេងទៀត និងបន្តបំបៅដោះកូនរហូតដល់អាយុ ២ឆ្នាំ ដើម្បីឲ្យម្តាយ និងកូនមានសុខភាពល្អ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សុីវ៉ាន់ថា នាយអគារផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ថ្វីត្បិតថាកែងជើងច្រើនត្រូវបានបិទបាំង ឬមើលមិនសូវឃើញក៏ពិតមែន តែការថែទាំសុខភាព និងសម្ផស្សរបស់វា ពិតជាមិនអាចត្រូវបានមើលរំលងឡើយ។ ជាមួយនឹងរូបមន្តពីធម្មជាតិងាយៗ ខាងក្រោមនេះ អ្នកដែលមានបញ្ហាស្បែកជើងក្រិន ជាពិសេសនៅកែងជើងនឹងលែងមានកង្វល់ទៀតហើយ… អំបិល-ក្រូចឆ្មារ លាយអំបិល ១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ នៅក្នុងទឹកក្តៅឧណ្ហៗ ហើយដាក់ជើងត្រាំប្រមាណ ១៥-២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសស្បែកជើងដែលក្រិន រួចជូតឲ្យស្ងួត ហើយលាបក្រែមបន្ថែមសំណើមដល់ស្បែក។ ប្រទាលកន្ទុយក្រពើ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ២-៣នាទី ហើយជូតជើងឲ្យស្ងួត មុននឹងដាក់សាច់ប្រទាលកន្ទុយក្រពើនៅលើជើង ដោយពាក់ស្រោមជើងពីលើ (ទុករយៈពេល ១យប់) រួចសឹមលាងសម្អាតចេញពេលព្រឹក។ ម៉ាស់ផ្លែឈើ កិនចេកទុំ២ផ្លែ សាច់ដូង២ស្លាបព្រាបាយ និងផ្លែប៊័រ១ចំហៀង ចូលគ្នារយៈពេល៥-១០នាទី (ទាល់តែចូលគ្នាសព្វ) ហើយយកវាទៅបិតលើកន្លែងដែលក្រិនដោយទុកចោល២-៣ម៉ោងរួចសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ប្រេងដូង ម៉ាស្សាស្បែកក្រិនជាមួយនឹងប្រេងដូង(១ស្លាបព្រាបាយ) ហើយពាក់ស្រោមជើង ១យប់ពេញដល់ព្រឹកឡើង សឹមដោះវាចេញវិញ។ ចេកទុំ កិនចេកទុំ២ផ្លែឲ្យម៉ដ្ឋ ហើយលាបលើជើងដោយទុករយៈពេល ២០នាទីរួចសឹមលាងសម្អាតជាមួយទឹកស្អាត។ ទឹកឃ្មុំ ចាក់ទឹកឃ្មុំ ១កែវលាយជាមួយទឹកក្តៅឧណ្ហៗ១ធុងតូច រួចដាក់ជើងត្រាំ ដោយធ្វើការម៉ាស្សាថ្នមៗប្រមាណ២០នាទី ហើយប្រើថ្មខាត់ស្បែកត្រដុសពីលើ មុននឹងជូតជើងឲ្យស្ងួត ហើយលាបក្រែមផ្តល់សំណើម។ Vaseline-ទឹកក្រូចឆ្មារ ត្រាំជើងក្នុងទឹកក្តៅឧណ្ហៗប្រហែលជា២០នាទី រួចលាងសម្អាត និងជូតឲ្យស្ងួត។ លាយទឹកក្រូចឆ្មារ៣-៤ដំណក់ ជាមួយនឹងជែល Vaseline ១ស្លាបព្រាបាយឲ្យសព្វចូលគ្នា ហើយលាបទៅលើកែងជើង និងប្រអប់ជើងទាំងមូល រួចពាក់ស្រោមជើង (ពេញមួយយប់) ហើយសឹមលាងសម្អាតជើងចេញនៅពេលព្រឹក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្លិនមាត់មិនមែនបណ្ដាលមកពីការខូចខាតធ្មេញតែមួយមុខនោះទេ។ ជាក់ស្ដែងរបបអាហាររៀងរាល់ថ្ងៃក៏អាចធ្វើឲ្យមានក្លិនមាត់ផងដែរហើយអ្នកហាក់មិនបានដឹងទាល់តែសោះ។ បើច្បាស់ថា សុខភាពមាត់ធ្មេញមិនមានបញ្ហានោះ អ្នកគួរសង្កេតមើលអាហារដែលកំពុងតែបរិភោគឡើងវិញ ដែលករណីខាងក្រោមនេះនឹងបញ្ជាក់ប្រាប់អ្នកថាមានអាហារអ្វីខ្លះ? សំណួរ៖ ខ្ញុំមានអាយុ ២១ឆ្នាំ ភេទស្រី រស់នៅខេត្តសៀមរាប។ នាងខ្ញុំមានចម្ងល់ចង់ជម្រាបសួរ លោកទន្តបណ្ឌិតថា តើអាហារដែលនាងខ្ញុំទទួលទានអាចប៉ះពាល់ដល់ខ្យល់ដកដង្ហើមនាងខ្ញុំតាមរបៀបណាខ្លះ? ចម្លើយ៖ អាហារមួយចំនួនគឺធ្វើឲ្យខ្យល់ដកដង្ហើមរបស់អ្នកមិនល្អមានដូចជា ខ្ទឹម កាហ្វេ គ្រឿងស្រវឹង និងអាហារផ្សេងៗទៀត។ ការទទួលទានខ្ទឹមអាចធ្វើឲ្យខ្យល់ដង្ហើមមិនល្អ តែវាក៏ធ្វើឲ្យក្លិនអាក្រក់ជះចេញពីរាងកាយតាមរយៈការបែកញើសផងដែរ ដោយសារតែធាតុផ្សំនៅក្នុងខ្ទឹមសត្រូវបានស្រូបទៅក្នុងឈាម និងលំពែងហើយវាបង្កជាក្លិនមិនល្អចេញពីរាងកាយទាំងមូល និងខ្យល់ដកដង្ហើម។ លើសពីនេះការទទួលទានកាហ្វេច្រើនពេកក្នុងមួយថ្ងៃអាចធ្វើឲ្យរាងកាយ និងខ្យល់ដង្ហើមរបស់អ្នកជះក្លិនមិនល្អផងដែរ បើទោះបីជាអ្នកងូតទឹកសម្អាតខ្លួនប្រាណ ឬផ្លាស់ប្តូរសម្លៀកបំពាក់យ៉ាងណាក៏ដោយ។ នោះក៏ដោយសារតែជាតិកាហ្វេអុីនបានធ្វើការរំញោចក្រពេញញើស និងធ្វើឲ្យអ្នកបែកញើសច្រើនខុសពីធម្មតាទៀតផង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ទេសចរណ៍សុខភាព Healthtime Check-up Tour លើកទី ២២ ក្រោមចំណងជើង “Going Back to School” ដែលរៀបចំឡើងដោយ Healthogo នៃក្រុមហ៊ុន Healthtime Corporation បានធ្វើការស្វាគមន៍ដល់អ្នកចូលរួមពីគ្រប់មជ្ឈដ្ឋានដោយសេរី និងឥតគិតថ្លៃជាពិសេសគឺសិស្សនិស្សិត បុគ្គលិក មន្ត្រីរាជការ និងអ្នកគ្រូលោកគ្រូ  នៅបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬ CJCC កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០០១៩ កន្លងទៅនេះ។  ជាមួយនឹងការចូលរួមពីសំណាក់គ្លីនិក/មន្ទីរពេទ្យជាដៃគូចំនួន ៤រួមមាន គ្លីនិកស្បែក ប៊ីសុី គ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន គ្លីនិកឯកទេស អេគីប និងមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម អ្នកចូលរួមទាំងអស់នៅក្នុងកម្មវិធីបានទទួលបាននូវការពិគ្រោះនិងពិនិត្យសុខភាពបឋមប្រកបដោយភាពយកចិត្តទុកដាក់ ការពន្យល់ក្បោះក្បាយ ព្រមជាមួយនឹងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ពីក្រុមគ្រូពេទ្យ និងសហការីទៅលើបញ្ហាសុខភាពដូចជាសុខភាពស្បែក សុខភាពភ្នែក ក្រពះពោះវៀន ថ្លើម និងជំងឺទឹកនោមផ្អែម។ ការពិនិត្យ និងពិគ្រោះសុខភាពបឋមនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងការប្រុងប្រយ័ត្ន និងការយល់ដឹងអំពីសុខភាព ក៏ដូចជាទម្លាប់ពិនិត្យសុខភាព ដើម្បីលើកកម្ពស់ការធ្វើរោគវិនិច្ឆ័យតាំងពីដំណាក់កាលដំបូង។ កាន់តែពិសេសជាងនេះ កម្មវិធីផ្ទាល់ក៏បានទទួលការសហការរៀបចំនូវកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលផ្តល់ឱកាសដល់អ្នកចូលរួមបានធ្វើការបរិច្ចាគឈាម ដើម្បីចូលរួមលើកកម្ពស់សកម្មភាពសប្បុរសធ៌ម ក៏ដូចជាជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាមនិងសង្គមជាតិ។ ដើម្បីជាកិច្ចគាំទ្រ ដៃគូសហការ ព្រមទាំងក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភក្នុងកម្មវិធី បានធ្វើការផ្តល់ជូនជាកាដូអនុស្សាវរីយ៍ជាច្រើនផងដែរដើម្បីបង្ហាញការលើកទឹកចិត្តឲ្យមានការចូលរួមក្នុងសកម្មភាពពិនិត្យសុខភាព ក៏ដូចជាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនកុះករ។ ស្របជាមួយគ្នានេះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មផ្សេងៗ ព្រមទាំងការលេងហ្គេមកម្សាន្ត ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយទៀតផង។  គួរបញ្ជាក់ថា កម្មវិធីនេះផ្ទាល់ត្រូវធ្វើឡើងដោយរលូន និងជោគជ័យដោយបានការចូលរួមគាំទ្រដោយ ទឹកពិសា Vital ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា គាំទ្រការស្រលាញ់សុខភាព ផលិតផលស្ករបៀម កុកស៊ីល ផលិតផល Co-Plaster ក្រុមហ៊ុន Brainscan Cambodia និង Mega Wecare។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សុភាពបុរសទាំងឡាយដែលមានក្បាលពោះកំភីងៗ ប្រាកដជាមានការបារម្ភចំពោះបញ្ហានេះហើយ តែកុំភ្លេចថា បញ្ហាណាក៏មានដំណោះស្រាយដែរ ឲ្យតែយើងទទួលស្គាល់វាថាជាបញ្ហា ហើយរកដំណោះស្រាយដែលសមស្របនោះ។ សម្រាប់បញ្ហាមានក្បាលពោះនេះដែរ បុរសៗយើងអាចចំណាយពេលខ្លះក្នុង ២៤ម៉ោងរបស់ខ្លួនជារៀងរាល់ថ្ងៃ ធ្វើចលនាលំហាត់ប្រាណទាំងនេះ ដើម្បីបណ្តេញចេញនូវសាច់ដែលមិនចង់ឲ្យមាននោះបាន អ្វីដែលពិសេសនោះគឺមិនត្រូវការឧបករណ៍ឬម៉ាស៊ីនអ្វីឡើយ… លោតដូចឡើងភ្នំ (Mountain Climbers) • ត្រៀមដូចជាសម្រាប់ការអាវ៉ង់ (push-up) ដោយដាក់ដៃឲ្យត្រង់សន្ធឹងអស់ ហើយដងខ្លួនស្របគ្នាពីក្បាលដល់ចុងជើង • លើកជង្គង់ខាងឆ្វេងសំដៅទៅទ្រូងខាងឆ្វេង • ទម្លាក់ចុះទៅទីតាំងដើម រួចធ្វើដូចគ្នាចំពោះជង្គង់ម្ខាងទៀត។ *** ធ្វើបែបនេះឆ្លាស់គ្នាទាំងសងខាង ក្នុងចង្វាក់មួយលឿនល្មម ដោយធ្វើម្តង ២០វិនាទីហើយសម្រាក១០វិនាទី និងគួរធ្វើឲ្យបាន៤-៥នាទី លោតឡើងលើត្រង់ (Burpee) • ឈរដោយដាក់ដៃទាំងពីរស្របនឹងដងខ្លួន • បន្ទាបខ្លួនចុះក្រោម ដោយដាក់ប្រអប់ដៃនៅជាប់នឹងផ្ទៃដី ឬកម្រាល • ធ្វើការអាវ៉ង់ (push-ups)មួយ • រួចត្រឡប់ទៅដូចចលនាដើមវិញ ហើយលោតមួយ ពេលដែលងើបឈរឡើង។ *** ធ្វើចលនានេះ១0-១៥ដង Plank ដោយលើកដងខ្លួនឡើងលើ (Plank Body Raise) • គេងផ្កាប់ ដោយដាក់កំភួនដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា (បើការដាក់ប្រអប់ដៃរាបមិនសូវស្រួលសម្រាប់អ្នក អ្នកក៏អាចក្តាប់ដៃទាំងពីរចូលគ្នាក៏បាន) • លាតសន្ធឹងជើងឲ្យអស់ • ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន • លើកត្រគាក និងដងខ្លួនឡើងលើ ដោយរក្សាទីតាំងកំភួនដៃ និងកជើងនៅដដែល • ទម្លាក់ខ្លួនចុះក្រោមវិញ។ *** ធ្វើបែបនេះពី៣-៤នាទីក្នុងមួយថ្ងៃ Plank មួយចំហៀងខ្លួន ហើយបង្វិលទៅម្ខាងៗ (Side Plank Rotation) • គេងចំហៀង ទុកតែកំភួនដៃនៅលើផ្ទៃ ឬកម្រាល ហើយស្មានៅត្រង់ស្របពីលើដៃ • លើកដៃមួយចំហៀងទៀតត្រង់ឡើងលើ ហើយងើបខ្លួនឡើងលើដោយប្រើកំភួនដៃនិងកជើងដើម្បីទប់លំនឹង • ទម្លាក់ដៃម្ខាងនោះចុះក្រោម រួចដាក់កំភួនដៃនោះនៅលើផ្ទៃ ឬកម្រាលវិញម្តង រួចធ្វើចលនាដូចមុនដែរ • ឆ្លាស់ទៅមកទាំងសងខាងដោយរក្សាលំនឹងឲ្យបានល្អ។ *** ធ្វើបែបនេះឲ្យបាន១០-១២ដងក្នុងមួយលើក ជិះកង់ដោយប្រើសាច់ដុំពោះ (Ab Bicycles) • គេងផ្ងារ ដោយដាក់ដៃទាំងពីរផ្អោបជាប់គ្នាទប់ក្បាល • ព្យាយាមងើបក្បាល និងស្មា ឲ្យផុតពីកម្រាល • លើកជើងទាំងពីរក្នុងកាយវិការដូចធាក់ឈ្នាន់កង់ ស្របពេលដែលដៃទាំងពីរក៏ធ្វើចលនាដូចគ្នា ដោយលើកកែងដៃស្តាំទៅប៉ះនឹងជង្គង់ឆ្វេង ហើយធ្វើដូចគ្នាចំពោះម្ខាងទៀត។ *** ធ្វើចលនានេះឲ្យបាន១៥-២០ដងក្នុងមួយលើក រួចសម្រាកបន្តិច ហើយបន្តធ្វើឲ្យបាន ៣លើក Plank ដោយយកដៃម្ខាងប៉ះស្មា (Plank Shoulder Touch) • គេងផ្កាប់ ដោយដាក់ប្រអប់ដៃនៅលើផ្ទៃដី ឬកម្រាល និងដាក់ដៃឲ្យស្របនឹងស្មា • លាតសន្ធឹងជើងឲ្យអស់ • ងើបខ្លួនឡើងលើឲ្យផុតពីដី ឬកម្រាល ហើយប្រើកជើង និងកំភួនដៃ ដើម្បីទប់លំនឹងដងខ្លួន • ព្រលែងដៃឆ្វេង ទៅប៉ះស្មាស្តាំ រួចធ្វើដូចគ្នាចំពោះដៃម្ខាងទៀត។ *** ធ្វើចលនានេះ៣-៤នាទីក្នុងមួយថ្ងៃ អត្ថបទ៖ ដកស្រង់ចេញពី ទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មណ្ឌលសុខភាពគឺជាទីកន្លែងមួយដែលសហគមន៍ទៅទទួលសេវាសុខភាព។ មន្រ្តីមណ្ឌលសុខភាពផ្តល់ជូនសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។ ការងាររបស់មណ្ឌលសុខភាពជាមួយនឹងឃុំ សង្កាត់ គឺដើម្បីរក្សាសហគមន៍ឲ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុខុមាលភាព។ តើមណ្ឌលសុខភាពផ្ដល់ជូនសេវាសំខាន់ៗអ្វីខ្លះ? ១. សេវាសុខភាពម្តាយ ទារក កុមារ និងសុខភាពបន្តពូជ៖ • ការថែទាំមុនពេលសម្រាល • ការសម្រាលធម្មតា និងការសម្រាលដោយមានអន្តរាគមន៍ • ការថែទាំក្រោយសម្រាល • ការចាក់ថ្នាំបង្ការដល់កុមារ និងម្តាយ/ស្រ្តី • អាហារូបត្ថម្ភ • ការថែទាំទារកទើបនឹងកើត • ការបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន • សមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ (សពជក) • ការពន្យារកំណើត និងសុខភាពបន្តពូជរបស់មនុស្សពេញវ័យ។ ២. សេវាផ្នែកជំងឺឆ្លង • ជំងឺកាមរោគ • ជំងឺអេដស៍ • ជំងឺរបេង • ជំងឺឃ្លង់ • ជំងឺគ្រុនចាញ់/ ជំងឺគ្រុនឈាម • ជំងឺផ្តាសាយបក្សី។ ៣. សេវាផ្នែកជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងទៀត • ជំងឺលើសឈាម • ជំងឺទឹកនោមផ្អែម • ជំងឺមហារីកសុដន់/ មហារីកមាត់ស្បូន • សុខភាពផ្លូវចិត្ត • សុខភាពមាត់ធ្មេញ • ការថែទាំភ្នែក • ការវះកាត់ និងការថែទាំរបួស។ ៤. ការផ្តល់សេវាទៅសហគមន៍ • ការផ្តល់ថ្នាំបង្ការដល់ស្រ្តី និងកុមារ • ការផ្តល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដែលមានអាយុពី ៦ ទៅ៥៩ខែ • ការផ្តល់ថ្នាំគ្រាប់ជាតិដែក និងអាស៊ីតហ្វូលិកដល់ស្រ្តីមានផ្ទៃពោះ និងថ្នាំទម្លាក់សត្វល្អិតដល់ស្រ្តីមុន និងក្រោយពេលសម្រាល • ការផ្តល់សេវាពន្យារកំណើត • ការស្រាវជ្រាវជំងឺរបេង • ការធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ឆាប់រហ័ស • ការថែទាំមុនសម្រាល និងក្រោយសម្រាល • ការតាមដានការលូតលាស់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ • ការអប់រំ និងលើកកម្ពស់សុខភាព។ ៥. សេវាអប់រំ និងលើកកម្ពស់សុខភាពផ្សេងទៀតមណ្ឌលសុខភាពបានផ្តល់សេវាអប់រំសុខភាពនានាទាក់ទងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀតដូចជា គ្រឿងញៀន ការផ្តាច់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។ តើត្រូវបង់សេវាប៉ុន្មាននៅពេលទៅមណ្ឌលសុខភាពទាំងនោះ? នៅគ្រប់មណ្ឌលសុខភាពទាំងអស់នឹងមានបិទតារាងតម្លៃសេវាជាប់ទៅនឹងជញ្ជាំងក្នុងមណ្ឌលសុខភាពនោះ។ តម្លៃសេវារបស់មណ្ឌលសុខភាពអាចខុសគ្នាបន្តិចបន្តួចទៅតាមខេត្ត និងស្រុកនីមួយៗដោយយោងទៅតាមកម្រិតចំណូលចំណាយរបស់មណ្ឌលសុខភាព លក្ខខណ្ឌជីវភាពរបស់ប្រជាជន (តាមរយៈគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ស្រុកប្រតិបត្តិមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល)។ ការបង់ថ្លៃសេវាសុខភាពនឹងត្រូវបានលើកលែងចំពោះអ្នកជំងឺណាដែលមានប័ណ្ឌក្រីក្រ។ ប្រសិនបើអ្នកជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម អ្នកក៏អាចទទួលបានគ្រប់សេវាទាំងអស់ផងដែរ ដោយពុំមានចេញប្រាក់សម្រាប់បង់ថ្លៃអ្នកប្រើប្រាស់ឡើយ។ គោលការណ៍ណែនាំប្រតិបត្តិការ សេវាបង្ការ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកពីការធ្លាក់ខ្លួនឈឺ និងដើម្បីធានាថាគ្រួសាររបស់អ្នកមានសុខភាពល្អ។ ចូរចងចាំថា ”ការការពារប្រសើរជាងព្យាបាល” ចូរថែទាំគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ សូមសម្គាល់ថា៖ ប្រសិនបើអ្នកមិនមានសៀវភៅសុខភាពមាតា ឬកុមារទេសូមកុំបារម្ភ ព្រោះមណ្ឌលសុខភាពនឹងចេញសៀវភៅថ្មីឲ្យអ្នក។ វាជាការសំខាន់ប្រសិនបើអ្នកមានសៀវភៅតាមដានសុខភាពជាប់មកជាមួយដើម្បីឲ្យពេទ្យអាចមើលប្រវត្តិអ្នកជំងឺ។ តើយើងទាក់ទងទៅកាន់មណ្ឌលសុខភាពបានដោយរបៀបណា? គ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវបើកបម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ចូរទៅកាន់មណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យប្រចាំការ។ គ្រប់មណ្ឌលសុខភាពទាំងអស់សុទ្ធតែបានចាត់ចែងមន្ត្រីប្រចាំការគ្រប់ពេលសម្រាប់ទទួលអតិថិជន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top