Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្រៅពីអណ្តាតជាប់ដែលជាផលពិបាកនៅពេលបំបៅដោះទារក នៅមានបបូរមាត់ជាប់ ដែលបបូរមាត់ខាងលើជាប់ជាមួយនឹងសាច់អញ្ចាញខាងមុខដោយភ្នាស់ម៉្យាងឈ្មោះ Maxillary Frenum។ ហើយភ្នាស់មួយនេះមិនមានផលប្រយោជន៍អ្វីទេផ្ទុយទៅវិញវាមានផលរំខានជាច្រើននៅពេលវាភ្ជាប់បបូរមាត់ និងសាច់អញ្ចាញកាន់តែតឹង។ ភ្នាស់នេះផ្តល់ភាពលំបាកនៅពេលបំបៅដោះទារកដោយទារកមិនអាចបើកមាត់ធំនិងបឺតយកទឹកដោះបានស្រួល។ ហើយម្យ៉ាងទៀតវាអាចបណ្តាលឲ្យធ្មេញពុក ចន្លោះកណ្តាលធ្មេញមុខ បញ្ហាអញ្ចាញ និងបញ្ហាដែលទាមទារឲ្យមានការពត់ធ្មេញ ហើយបបូរមាត់ក៏មានភាពលំបាកក្នុងការធ្វើចលនា និងតួនាទីដទៃទៀតដូចជាពេលញញឹម និងនិយាយ។ ជាធម្មតាការព្យាបាលភ្នាសជាប់នេះមិនត្រូវការធ្វើនៅបន្ទប់វះកាត់ឬប្រើថ្នាំសន្លប់ទេ។ ចំណាត់ថ្នាក់នៃ Maxillary Frenum របស់ក្មេងតូចៗនៅលើកុមារតូចៗដែលមានអាយុចាប់ពី ៨ខែដល់៣ឆ្នាំយើងឃើញថាមានចំណាត់ផ្សេងៗចំនួន ៤ដែលគួរឲ្យកត់សំគាល់: ប្រភេទទី១ : Frenumធម្មតា ប្រភេទទី២ : ភ្នាសនៅលើធ្មេញ ប្រភេទទី៣ : ភ្នាសលាតសន្ធឹងនៅចន្លោះធ្មេញ ប្រភេទទ៤ :  ភ្នាសលាតសន្ធឹងទៅដល់ក្រអូមមាត់ ការព្យាបាល ការព្យាបាលបបូរមាត់ជាប់នេះមិនពិបាកប៉ុន្មានទេ។ យើងអាចព្យាបាលដោយការវះកាត់ឬដោយឡាហ្សែរ។ ចំពោះទារកការព្យាបាលមិនទាមទារការចាក់ថ្នាំស្ពឺកនោះទេដោយគ្រាន់តែប្រើប្រភេទជែល១នាទីមុនធ្វើការព្យាបាល។ តែប្រសិនបើក្មេងរៀងធំបន្តិចគឺត្រូវប្រើថ្នាំស្ពឹកជាជំនួយ។ ក្រោយពីធ្វើការព្យាបាល ១. ឧស្សាហ៍ទាញបបូរមាត់កុំឲ្យនៅស្អិតជាប់ជា-មួយនឹងអញ្ចាញដោយវាងាយនឹងជាប់វិញ(ករណីព្យាបាលដោយឡាហ្សែរ) ២. អាចនឹងមានហើមតិចៗដោយបាត់ទៅវិញបន្ទាប់ពី ២៤ទៅ ៣៦ម៉ោងក្រោយព្យាបាល។ គួរប្រើទឹកកកស្អំដើម្បីកាត់បន្ថយការហើមនេះ។ ៣. អាចប្រើថ្នាំ Tylenol ឬប្រភទដូចគ្នានេះប្រសិនបើទារកមិនមានអាការៈល្អ ៤. ប្រើជែលបំបាត់ភាពឈឺចាប់ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។           

ចែករំលែក

ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្រាស្លាប់ដោយជំងឺហឺត និងរួមចំណែកឲ្យអ្នកជំងឺហឺតអាចរស់នៅបានធម្មតាដូចអ្នកដែលគ្មានជំងឺហឺតដែរ។  ដោយឡែក នាព្រឹកថ្ងៃទី ៣ខែឧសភា ឆ្នាំ ២០១៧ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ទិវាប្រឆាំងជំងឺហឺត ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និងសមាគមគ្រូពេទ្យសួតកម្ពុជាក្រោមប្រធានបទ «អ្នកអាចគ្រប់គ្រងជំងឺហឺតរបស់អ្នកបាន»។  លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្រ្ត ផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ក្រុមហ៊ុន ជីអេសខេ (GSK) កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន បានអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ មកធ្វើបទបង្ហាញស្តីអំពីជំងឺហឺតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាឲ្យកាន់តែច្បាស់អំពីជំងឺហឺត ការគ្រប់គ្រង និងផលវិបាករបស់ជំងឺហឺត។  លោកសាស្រ្តចារ្យ វ៉ាន់ មិច ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា យោងតាមរបាយការណ៍ចុងក្រោយចេញពេលថ្មីៗក្នុងឆ្នាំ ២០១៧ របស់ស្ថាប័នជំងឺហឺតពិភពលោក GINA បានបង្ហាញថា មានប្រមាណជា ១៨% នៃប្រជាជាតិនៅទូទាំងពិភពលោកបាន និងកំពុងរងជំងឺហឺត។ ស្ថាប័នជំងឺហឺតពិភពលោក បានកំណត់និយមន័យជំងឺហឺតថា «ជំងឺហឺតជាជំងឺផ្លូវដង្ហើមដែលមានពីកំណើតមានលក្ខណៈរ៉ាំរៃ ដែលស្តែងឲ្យឃើញតាមរយៈអាការៈដង្ហក់ ដកដង្ហើមបានខ្លីៗ ណែនទ្រូង និងក្អក ពិបាកដកដង្ហើម»។ លោកសាស្រ្តាចារ្យ នី ចន្ទី ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា ហឺតមិនមែនជាជំងឺឆ្លងនោះទេ ដូច្នេះសូមកុំមានការរើសអើងចំពោះអ្នកកើតជំងឺហឺត។ ចំពោះកត្តាដែលបណ្តាលឲ្យជំងឺហឺតមានរោគសញ្ញាធ្ងន់ធ្ងររួមមាន ការស្ថិតនៅក្នុងបរិស្ថានដែលមានរោមសត្វ ផ្សែងបារី សត្វល្អិត លម្អងផ្កា ការហាត់ប្រាណ និងបរិស្ថានដែលមានបាក់តេរីបង្កដោយវីរុសច្រើន។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីប្រើថ្នាំហឺតសង្គ្រោះបន្ទាន់មិនអាចជួយបានទៀត ក្អកពិបាកដកដង្ហើមឮងឺតៗ ឬណែនទ្រូង និយាយដាច់ៗ ពិបាកញ៉ាំឬពិបាកគេង ដោយសារដកដង្ហើមបានខ្លីៗ ចង្វាក់ដង្ហើមញាប់ ហើយមានអារម្មណ៍ថាមិនអាចដកដង្ហើមបានស្រួល។ រោគសញ្ញាទាំងនេះបើកាលណាកើតឡើងច្រើនថ្ងៃ ហើយធ្ងន់ធ្ងរបន្តិចម្តងៗ សូមកុំបង្អង់យូរ គឺត្រូវជួបគ្រូពេទ្យទទួលការព្យាបាលជាបន្ទាន់។  តើអ្នកជំងឺហឺតត្រូវធ្វើដូចម្តេចដើម្បីអាចរស់បានក្នុងជីវិតដូចធម្មតា?  លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះក៏មានប្រសាសន៍ផងដែរថា ជំងឺហឺតអាចព្យាបាលបាន ហើយអ្នកជំងឺហឺតអាចរស់នៅបានដូចធម្មតាដោយត្រូវចៀសវាងឲ្យបានពីកត្តាបង្កណាមួយខាងលើ និងត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

នៅពេលយើងឈានដល់វ័យកណ្តាល ភាពអស់កម្លាំងគឺជាការត្អូញត្អែរដ៏ញឹកញាប់បំផុត ក៏ប៉ុន្តែយើងនឹងមានវិធីច្រើនយ៉ាងដើម្បីបង្កើននូវកម្លាំង ដោយវិធីខ្លះអាចនឹងជួយឲ្យក្មេងជាងវ័យផងដែរ។ទាំងនេះជាគន្លឹះក្នុងការជួយឲ្យអ្នកមានកម្លាំងមាំមួនៈ 1. យល់ដឹង និងដោះស្រាយបញ្ហា ការនឿយហត់អស់កម្លាំង គឺជារោគសញ្ញានៃជំងឺជាច្រើន ដែលរួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសន្លាក់ និងជំងឺខ្វះគ្រាប់ឈាមក្រហម។ ហើយភាពនឿយហត់ ក៏អាចបណ្តាលមកពីថ្នាំមួយចំនួនដែលអ្នកអាចនឹងទទួលទានប្រចាំថ្ងៃ ដូចជាថ្នាំលើសឈាមជាដើម។ 2. លំហាត់ប្រាណ អ្នកប្រាកដជាគិតថាការធ្វើលំហាត់ប្រាណជាសកម្មភាពមួយដែលនឿយហត់ ប៉ុន្តែតាមការស្រាវជ្រាវបានឲ្យដឹងថាការហាត់ប្រាណច្រើន ជាពិសេសយោគ: នឹងធ្វើឲ្យយើងមានកម្លាំងកំហែងស្វាហាប់ល្អ។ 3. ការទទួលទានទឹក ការបាត់បង់ជាតិទឹកធ្វើឲ្យសរីរាង្គចុះខ្សោយ។ តើពេលណាទើបយើងដឹងថាយើងបរិភោគទឹកគ្រប់គ្រាន់? ជាធម្មតានៅពេលដែលទឹកនោមមានពណ៌លឿងខ្ចី ឬពណ៌ចំបើង តែប្រសិនបើវាមានពណ៌ក្រម៉ៅ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើន។ 4. បរិភោគសាច់ត្រី ប្រេងអូមេហ្កាបី មានគុណប្រយោជន៍សំខាន់ណាស់សម្រាប់ដាស់បេះដូង។ តាមការស្រាវជ្រាវបានឲ្យដឹងថានៅពេលបរិភោគអាហារប្រភេទនេះ ខួរក្បាលនឹងគិតបានរហ័ស និងមានអារម្មណ៍ស្រស់ស្រាយ សុខភាពល្អនិងមានកម្លាំងមាំមួន។ 5. គេងឲ្យបានគ្រប់គ្រាន់ ការទទួលដំណេកមិនគ្រប់គ្រាន់នឹងប្រឈមមុខការហត់នឿយនៅពេលថ្ងៃ។ ប្រសិនបើអ្នកគេងមិនទាន់ឆ្អែត អ្នកអាចគេងថ្ងៃ១០នាទីដោយមិនឲ្យលើសពី៣០នាទីឡើយ ព្រោះអ្នកនឹងមានបញ្ហាពេលគេងនៅពេលយប់។ ហើយបើអ្នកញ៉ាំកាហ្វេ ក្រោយក្រោកពីគេង នោះអ្នកនឹងមានអារម្មណ៍កាន់តែស្រស់ថ្លា។ 6. បរិភោគតិចតែច្រើនដង ការបរិភោគតិចតែច្រើនដងនៅពេលថ្ងៃជួយធ្វើឲ្យកម្រិតស្ករនៅក្នុងឈាមមានលំនឹងល្អ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។    

ចែករំលែក

  ថ្នាំអង់ទីប៊ីយ៉ូទិកដែលជាទូទៅត្រូវបានគេហៅថាថ្នាំផ្សះគឺជាថ្នាំដែលប្រើប្រាស់សម្រាប់ព្យាបាល និងការពារការបង្ករោគបណ្ដាលមកពីបាក់តេរី ផ្សេងៗ។  ថ្នាំផ្សះមានច្រើនប្រភេទណាស់ដែលមានសកម្មភាពខុសៗគ្នា ដោយខ្លះមានសកម្មភាពរារាំងការលូតលាស់របស់បាក់តេរី និងខ្លះ មានសកម្មភាពសម្លាប់បាក់តេរីតែម្ដង។ ដូច្នេះវាត្រូវបានគេប្រើប្រាស់អាស្រ័យទៅតាមប្រភេទជំងឺ និងប្រភេទបាក់់តេរីដែលបង្ករោគ។  ខាងក្រោមនេះនឹងរៀបរាប់អំពីអង់ទីប៊ីយ៉ូទិកមួយចំនួន ដែលត្រូវបានគេប្រើប្រាស់ញឹកញាប់ចំពោះកុមារដើម្បីព្យាបាលជំងឺផ្សេងៗ។ 1.Amoxicillin (Clamoxyl@) Amoxicillin គឺជាអង់ទីប៊ីយ៉ូទិកពពួក Amino-penicillin ដែលស្ថិតនៅក្នុងក្រុម Betalactamin។ វាត្រូវបានគេប្រើប្រាស់ញឹកញាប់ ចំពោះកុមារ ដោយសារតែវាមានការស្រូបចូលទៅក្នុងខ្លួនបានល្អបន្ទាប់ពីលេប និងមាន spectrum of activities ធំទូលាយដែលអាច សម្លាប់បាក់តេរីបានច្រើនប្រភេទទាំង Gram-positive និង Gram-negative ព្រមទាំងមានតម្លៃសមរម្យ។ សកម្មភាពចម្បងរបស់វាគឺ ទៅរារាំងការសំយោគភ្នាសកោសិការបស់បាក់តេរី តាមរយៈការរារាំងសកម្មភាពរបស់អង់ស៊ីម transpeptidases,carboxypeptidases, endopeptidasesដែលស្ថិតនៅជញ្ជាំងខាងក្នុងនៃភ្នាសកោសិការបស់បាក់តេរី និងមាននាទីសម្រាប់សំយោគភ្នាសកោសិការបស់បាក់តេរី ធ្វើឲ្យបាក់តេរីមិនអាចរស់បាន។ ភាគច្រើនគេប្រើប្រាស់វាដើម្បីព្យាបាលការរបង្ករោគនៅត្រចៀក ច្រមុះ បំពង់ក ស្បែកផ្លូវដង្ហើម និង តម្រងនោម។ 2.Augmentin Augmentin គឺជាការរួមបញ្ចូលគ្នានៃ Amoxicillin ជាមួយនឹង Clavulanic acid ក្នុងគោលបំណងកាត់បន្ថយភាពស៊ាំរបស់បាក់តេរី ជាមួយនឹងអង់ទីប៊ីយ៉ូទិក។ Clavulanic acid មាននាទីទៅបំបិទសកម្មភាពរបស់អង់ស៊ីម  Betalatamaseដែលជាអង់ស៊ីមរបស់បាក់តេរី មួយចំនួនមាននាទីធ្វើឲ្យបាក់តេរីស៊ាំជាមួយនឹងពួក Penicillin និង Cephalosporin។ ដូច្នេះ Clavulanic acid ការពារ Amoxicilline ពីការបំបែកនៃអង់ស៊ីម Betalactamase របស់បាក់តេរី និងពង្រីក Spectrum of activities របស់ Amoxicillin ដោយអាចសម្លាប់បានទាំងបាក់តេរីណាដែលស៊ាំជាមួយនឹង Amoxicillin ។ 3.Cephalexin (pms-Opxil@) Cephalexin ស្ថិតនៅក្នុងក្រុម Cephalosporin របស់ពពួក Beta-lactaminដែរ ហើយវាមាននាទីរារាំងការសំយោគភ្នាសកោសិកា របស់បាក់តេរី តាមរយៈបំបិទការសំយោគស្រទាប់ Peptidoglycaneរបស់ភ្នាសកោសិកាបាក់តេរី។ ដោយសារវាមានរចនាសម្ព័ន្ធស្រដៀង ទៅនឹង  D-alanyl-D-alanine ដែលជា Amino acid ចុងក្រោយរបស់ស្រទាប់ Peptidoglycane ធ្វើឲ្យ  Cephalosporin អាចចូលទៅភ្ជាប់តាមលក្ខណៈមិនត្រឡប់ ជាមួយនឹងផ្នែកសកម្មរបស់ Penicillin-binding proteins ដែលជាកន្លែងដ៏សំខាន់ សម្រាប់ធ្វើការសំយោគភ្នាសកោសិកាបាក់តេរីដែលជាហេតុធ្វើឲ្យបាក់តេរីមិនអាចសំយោគភ្នាសកោសិកាបាន។ ជាទូទៅវាកបជាមួយនឹងជំងឺ ដែលបង្កដោយ Gram-positive cocci និង Gram-negative bacilli ដូចជា រលាកផ្លូវដង្ហើម សួត បំពង់ក ផ្លូវនោម និងស្បែក។ 4.Ceftriaxone (Triacef) Ceftriaxone គឺជាជំនាន់ទី៣នៃពពួក Cephalosporin របស់ក្រុម Beta-lactamin។ ដោយសារតែវាមានលក្ខណៈសម្បត្តិជាច្រើន ដូចជាមាន Spectrum of activities ធំអាចព្យាបាលជំងឺផ្សេងៗដែលកើតញឹកញាប់លើកុមារ និងមានរយៈពេលនៅក្នុងខ្លួនបានយូរ (long haft life) ព្រមទាំងងាយស្រួលប្រើប្រាស់ បូករួមទាំងមានឥទ្ធិពលដែលមិនចង់បានតិចតួច ធ្វើឲ្យ Ceftriaxone ត្រូវបានគេ ប្រើប្រាស់ជាញឹកញាប់ដើម្បីព្យាបាល និងការពារកុមារពីការបង្ករោគដោយបាក់តេរី ដូចជា ជំងឺរលាកស្រោមខួរ រលាកផ្លូវដង្ហើមផ្នែកខាងក្រោម  ការបង្ករោគនៅស្បែក និងនៅជាលិកាទន់ផ្សេងៗ។ 5.Ciprofloxacin (Beuflox@TM) Ciprofloxacin គឺជាអង់ទីប៊ីយ៉ូទិកស្ថិតក្នុងគ្រួសារ Quinolone ដែលមានសកម្មភាពធំទូលាយខ្លាំង និងជ្រៀតចូលទៅក្នុងជាលិកាបានល្អ បើធៀបទៅនឹងក្រុមអង់ទីប៊ីយ៉ូទិកដទៃទៀត។ វាអាចសម្លាប់បាក់តេរីដែលបង្កជំងឺបាន តាមរយៈការបង្អាក់សកម្មភាពរបស់អង់ស៊ីម DNA gyrase និងអង់ស៊ីម Topoisomerase ដែលជាហេតុធ្វើឲ្យបាក់តេរីទាំងនោះមិនអាចសំយោគ DNA បាន។ Ciprofloxacinមាន ប្រសិទ្ធភាពប្រឆាំងនឹងពពួកបាក់តេរី Gram-negative ដូចជា Pseudomonas aeruginosa, Acinetobacter, Campylobacter, Haemophilus, Salmonella, Shigella និងចំពោះពពួកបាក់តេរី Gram-positive ដូចជា Staphylococcus,Streptococcus និងពួកបាក់តេរីមួយចំនួនទៀតដែលស៊ាំជាមួយនឹងក្រុម Beta-lactam។ ប៉ុន្តែជាទូទៅវាមិនមានសកម្មភាពប្រឆាំងនឹងពួកបាក់តេរី anaerobes ទេ។ 6.Clarithromycin (ClaritexTM) Clarithromycin ស្ថិតនៅក្នុងក្រុមអង់ទីប៊ីយ៉ូទិក Macrolide ហើយវាអាចសម្លាប់បាក់តេរីបានតាមរយៈបញ្ឈប់ការសំយោគប្រូតេអ៊ីន របស់បាក់តេរីនៅដំណាក់កាលបំណកប្រែក្រម។ Clarithromycin ក៏ត្រូវបានគេប្រើប្រាស់ញឹកញាប់ចំពោះកុមារផងដែរដោយសារតែវាអាច ជ្រាបចូលក្នុងខ្លួនបានបរិមាណច្រើនធ្វើឲ្យវាស្ថិតនៅក្នុងខ្លួនបានយូរ ដែលជួយកាត់បន្ថយចំនួនដងនៃការប្រើប្រាស់ក្នុងមួយថ្ងៃរួមទាំងមាន ឥទ្ធិពលមិនចង់បានតិចតួចនិងមាន Spectrum of activities ធំ។ វាមានប្រសិទ្ធល្អប្រឆាំងនឹងបាក់តេរី Streptococcus, Streptococcus pneumoniae, Mycoplasma pneumoniae, Bordetella pertussis, Legionella pneumophila, Chlamydia pneumoniae និង Helicobacter pylori ដែលជាបាក់តេរីបង្កជំងឺដូចជារលាកសួត រលាកត្រចៀកកណ្ដាល  និងស្បែក។ 7.Metronidazole Metronidazole គឺជាអង់ទីប៊ីយ៉ូទិកដែលត្រូវបានចំណាត់ថ្នាក់ក្នុងពពួក Nitroimidazole។ សកម្មភាពរបស់វាគឺវាទៅបញ្ឈប់ការសំយោគ អាស៊ីតនុយក្លេអ៊ិច តាមរយៈការកាត់ផ្ដាច់នូវខ្សែ DNA របស់បាក់តេរី។ គេចូលចិត្តប្រើវាដោយសារតែវាមានច្រើនទម្រង់ដូចជាទម្រង់ Suspention ដែលងាយស្រួលប្រើប្រាស់ចំពោះកុមារ និងមិនត្រឹមតែមានតួនាទីជាអង់ទីប៊ីយ៉ូទិកប៉ុននោះទេប៉ុន្តែថែមទាំងមាននាទីជា Antifungal ថែមទៀតផង ហើយភាគច្រើនគេប្រើប្រាស់វាដើម្បីព្យាបាលការបង្ករោគនៅនឹងប្រព័ន្ធរំលាយអាហារចំពោះកុមារ ដូចជា ការបង្ករោគនៅក្រពះដែលបណ្ដាលមកពីបាក់តេរី Helicobacter pylori។ 8.Trimethoprim-sulfamethoxazole(Suprim) គេប្រើប្រាស់អង់ទីប៊ីយ៉ូទិកទាំងពីរនេះបញ្ចូលគ្នាដោយសារតែវាមានប្រសិទ្ធភាពជាងការប្រើប្រាស់ដាច់ដោយឡែកពីគ្នាពីព្រោះវាបំបិទផ្លូវនៃ ការសំយោគ  Folate ទាំងស្រុង ដែលធ្វើឲ្យកើនឡើងនូវសកម្មភាពរបស់វាប្រឆាំងនឹងបាក់តេរី និងបន្ថយភាពស៊ាំរបស់បាក់តេរីជាមួយ នឹងថ្នាំ។ Sulfamethoxazole មានសកម្មភាពទៅបំបិទការសំយោគ Dihydrofolic acid តាមរយៈការទៅជំនួស Para- aminobenzoic acid (PABA) ហើយ Trimethoprim មានសកម្មភាពបញ្ឈប់ការផលិត Tetrahydrofolic acid ពី Dihydrofolic acid ដោយភ្ជាប់តាមរបៀបមិនត្រឡប់ទៅនឹងអង់ស៊ីម Dihydrofolate reductase។ ដូច្នេះ Sulfamethoxazole និង Trimethoprim ធ្វើការរារាំងទាំងពីរដំណាក់កាលបន្តបន្ទាប់គ្នា ក្នុងដំណើរការសំយោគអាស៊ីតនុយក្លេអ៊ិច និងប្រូតេអ៊ីនសំខាន់ សម្រាប់បាក់តេរី។ ភាគច្រើនគេ ប្រើប្រាស់វាដើម្បីព្យាបាលការបង្ករោគនៅនឹងផ្លូវនោម ត្រចៀកកណ្ដាល និងសួត។ ទោះបីជាថ្នាំអង់ទីប៊ីយ៉ូទិក ខាងលើត្រូវបានប្រើប្រាស់ញឹកញាប់ ចំពោះកុមារក៏ដោយប៉ុន្តែគួរគប្បីមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វាចំពោះកុមារដោយត្រូវទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិតនិងធ្វើការវិភាគ រកអត្តសញ្ញាណរបស់បាក់តេរីដែលបង្ករោគជាមុនសិន មុននឹងធ្វើការប្រើប្រាស់អង់ទីប៊ីយ៉ូទិក ព្រមទាំង គោរពនូវកម្រិតប្រើ និងរយៈពេល ប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយ និងចៀសវាងបញ្ហាស៊ាំរបស់បាក់តេរីទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក។   ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយ ចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក

សម្រាប់កុមារ ចក្ខុវិញ្ញាណត្រូវបានប្រើប្រាស់ច្រើនជារៀងរាល់ថ្ងៃជាពិសេសពេលទៅសាលារៀនដោយសារតែការរៀនសូត្រភាគច្រើនត្រូវការប្រើនេត្រាទាំងទ្វេជាប្រចាំ។ ហេតុនេះហើយ ក្នុងនាមជា​​​​​​​​​​​​​​​ឱពុកម្តាយ អ្នកត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើសុខភាពភ្នែករបស់គេ។ ប្រសិនបើកុមារកើតមានបញ្ហាភ្នែកនោះ វាងាយនឹងរីករាលដាលចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលនឹងបង្កឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។ តែខាងក្រោមនេះជាភាពមិនប្រក្រតី៨យ៉ាងនៃភ្នែកកូនរបស់អ្នក ដែលអ្នកគួរតែមានការព្រួយបារម្ភ បើវាកើតមានចំពោះបុត្ររបស់អ្នក ៖ · អង្គុយមើលទូរទស្សន៍ ឬកាន់សៀវភៅជិត និងយូរពេក ៖ ការដែលការអង្គុយមើលទូរទស្សន៍ជិតពេក ហើយចំណាយពេលយូរពេកនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពភ្នែក បានក្លាយជាពាក្យដែលគេនិយាយតៗគ្នារហូត ហើយវាក៏ក្លាយជាចំណុចដំបូងគេដែលគេនឹកឃើញដល់រាល់ពេលដែលនិយាយពីគុណវិបត្តិនៃការមើលទូរទស្សន៍។ ប្រសិនបើកូនរបស់អ្នកមិនអាចមើលរូបភាពផ្សេងៗពីដោយមិនខិតចូលជិតទេនោះ មានន័យថាគេមានបញ្ហាម្ញ៉ូបឆ្ងាយហើយ។ · ការញីភ្នែកញឹកញាប់ ៖ កុមារញីឧស្សាហ៍ញីភ្នែក ពេលដែលមានអផ្សុក ឬមិនសប្បាយចិត្ត។ ប៉ុន្តែ បើសិនគេញីភ្នែកពេលដែលគេកំពុងលេងអ្វី ហើយកំពុងសម្លឹងព្យាយាមសម្លឹងមើលអ្វីមួយនោះ នោះក៏អាចជាសញ្ញាថាគេមានបញ្ហាភ្នែកដែរ។ · ពិបាកកំណត់ទីតាំងពេលអាន ឬប្រើម្រាមដៃចង្អុលតាមជួរដែលត្រូវអាន ៖ ពេលចាប់ផ្តើមអានដំបូង គេត្រូវការរបស់អ្វីម្យ៉ាងជាពិសេសម្រាមដៃ ចង្អុលតាមជួរដើម្បីងាយស្រួលអាន។ តែបើគេនៅតែបន្តប្រើដៃចង្អុលទៀតនោះ សូមសាកល្បងប្រាប់គេឲ្យដកដៃចេញ ប្រសិនបើគេមិនអាចធ្វើបាន នោះបានន័យថាគេមានបញ្ហាចក្ខុហើយ។ · ងាយមានប្រតិកម្មឆ្លើយតបនឹងពន្លឺ និងការហៀរទឹកភ្នែកច្រើនពេក ៖ តើកូនរបស់អ្នកងាយមានប្រតិកម្មជាមួយពន្លឺក្នុងផ្ទះ ពន្លឺព្រះអាទិត្យ ឬភ្លើងflash នៃកាមេរ៉ាទេ? ប្រសិនបើគេមានអាការៈបែបនេះ គេងាយនឹងឈឺក្បាល ហើយចង់ក្អួត។ ម្យ៉ាងវាក៏អាចជារោគសញ្ញានៃបញ្ហាភ្នែកជាច្រើនទៀតផងដែរ។ · បិទភ្នែកមួយចំហៀង ពេលអាន ឬមើលទូរទស្សន៍ ៖ ការបិទភ្នែកមួយចំហៀងជាញឹកញាប់បង្ហាញពីភាពមិនប្រក្រតីនៃចំណាំងបែរ និងកែវយឹត ដែលប៉ះពាល់ដល់លទ្ធភាពនៃការធ្វើការរួមគ្នារវាងភ្នែកទាំងពីរ។ ការបិទភ្នែកមួយចំហៀង ពេលអាន ឬយកចិត្តទុកដាក់ធ្វើការនៅតុការិយាល័យ​ ឬការងារជាមួយកុំព្យូទ័រ អាចជាសញ្ញាណនៃបញ្ហាភ្នែកដែលគេហៅថា Convergence Insufficiency ។ · ទទួលបានលទ្ធផលទាបជាងប្រក្រតី ៖ ប្រសិនបើបុត្ររបស់អ្នកមានភាពលំបាកអាន​ ឬសម្លឹងមើលការសរសេររបស់លោកគ្រូអ្នកគ្រូនៅលើក្តារខៀន ដែលបណ្តាលមកពីសមត្ថភាពសម្លឹងមើលចុះខ្សោយ គេអាចនឹងលាក់បាំងជាមួយនឹងអ្នក។ ហើយជាលទ្ធផល ពិន្ទុរបស់គេក៏ចាប់ផ្តើមធ្លាក់ចុះ។ អ្វីដែលអ្នកគួរធ្វើ គឺនាំពួកគេទៅពិនិត្យសុខភាពភ្នែកជាមួយពេទ្យជំនាញ។ · ចៀសវាងការប្រើប្រាស់កុំព្យូទ័រ ៖ ដោយសារតែការសម្លឹងមើលឧបករណ៍ឌីជីថល​​ ប​ណ្តាលឲ្យកើតមានជម្ងឺភ្នែកនោះ សូមធ្វើការណែនាំឲ្យកូនរបស់អ្នកសម្រាកភ្នែករយៈពេល២០នាទីម្តង ដើម្បីងាកទៅមើលអ្វីផ្សេងឲ្យបានយ៉ាងតិច២០វិនាទី។ ប្រសិនបើនៅតែមានបញ្ហារកាំភ្នែកទៀត សូមនាំគេទៅធ្វើការពិនិត្យភ្នែកម្តង។ · ប្រឹងសម្លឹង ឬផ្អៀងក្បាល ដើម្បីមើលអ្វីមួយឲ្យកាន់តែច្បាស់ ៖ ដើម្បីចៀសវាងបញ្ហាភ្នែកនាពេលអនាគត អ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅមិនសូវឆ្ងាយពីក្តារខៀនសម្រាប់កូនរបស់អ្នក ហើយសហការជាមួយនឹងលោកគ្រូអ្នកគ្រូរបស់គេ។ ដោយសូមឲ្យគាត់ធ្វើការរាយការណ៍ ប្រសិនបើកូនរបស់អ្នកមានលក្ខណៈអ្វីមិនប្រក្រតី។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

សម្រាប់អ្នកគ្រូលោកគ្រូ  ការប្រើប្រាស់សម្លេងជាកិច្ចការចាំបាច់មួយដែលមិនអាចខានបាន ហើយសម្រាប់អ្នកដែលគិតថានឹងក្លាយខ្លួនជាគ្របង្រៀននាពេលអនាគតវិញ តើអ្នកបានត្រៀមខ្លួនឬនៅអំពីការប្រើសម្លេងខ្លាំងៗជារៀងរាល់ថ្ងៃ មិនថាអាកាសធាតុ ឬក្នុងមជ្ឍដ្ឋានបែបណានោះ? ប្រសិនបើអ្នកសម្រេចចិត្តចាប់អាជីពជាគ្រូ​ហើយ គឺស្រដៀងនឹងតារាចម្រៀងដែរ ដែលអ្នកត្រូវដឹងថា “គ្មានសម្លេង គ្មានការងារ”។ យ៉ាងណាមិញ លោកគ្រូអ្នកគ្រូក៏អាចថែរក្សាសម្លេងខ្លួនឯងតាមរយៈវិធីងាយៗខ្លះផងដែរ… សម្រាប់សម្លេងដែលមានសុខភាពល្អ · ពត់ខ្លួន បន្លឺសម្លេងគ្រហឹម និងរហ៊ឹម មុនពេលចូលធ្វើការ · សន្ធឹងដៃ ហើយគ្រវីដៃទៅមុខៗ ដើម្បីលើកឆ្អឹងជំនីរ និងបើកដើមទ្រូង · ដកដង្ហើមចេញ និងចូលឲ្យវែងៗ · ដកដង្ហើមចេញយឺតៗ ពី”sssss”  បន្ទាប់មក“shhhhh”  ហើយ“zhhhhh” ។ ធ្វើបែបនេះដោយស្រមៃថាសួតរបស់អ្នកត្រូវបានបំពេញ ពីក្រោមទៅដូចជាប៉េងប៉ោង។ ពេលនោះ អ្នកនឹងមានអារម្មណ៍ថាចន្លោះឆ្អឹងជំនីរនឹងឃ្លាតជាងមុន រាល់ពេលដែលដកដង្ហើមម្តងៗ · ធ្វើសម្លេងគ្រហឹមមួយៗ “mmm”  ហើយចាប់អារម្មណ៍ពីរំញ័រដែលកើតមាននៅលើទ្រូងផ្នែកខាងលើ បំពង់ក ច្រមុះ និងដើមទ្រូង។ ចាប់ផ្តើមមួយៗ ហើយបង្កើនល្បឿនម្តងបន្តិចៗ។ ឲ្យសម្លេងគ្រហឹមចូលក្នុងមាត់របស់អ្នក ដូចពេលដែលកំពុងទទួលទានទឹក ធ្វើបែបនេះនឹងកម្តៅសាច់ដុំ និងផ្តល់ថាមពលដល់របត់សម្លេងប្រកបដោយសុវត្ថិភាព និងបង្កើនអានុភាព។ អ្នកគួរធ្វើវាពេលកំពុងងូតទឹក ឬពេលបើកបរទៅធ្វើការ · អនុវត្តសម្លេង”ng”ឡើងចុះ ដើម្បីចៀសវាងការបាត់សម្លេងពេលកាច់តុងសម្លេង · បង្កើនថាមពលនៃការដាក់បញ្ចូលគ្នា ជាមួយនឹងការគ្រលៀសអណ្តាត3-4ជុំ។ ធ្វើបែបនេះបន្តបន្ទាប់គ្នាឲ្យបានប្រហែល៦ដង នៅកន្លែងធ្វើការ · ឈរឲ្យត្រង់ខ្លួន ៖ ដាក់ស្មាឲ្យជាជម្រាលនឹងខ្នង ដោយងើបមុខ ​ ឆ្អឹងខ្នង និងដងខ្លួនឲ្យត្រង់ ដើម្បីបង្កើនការសម្រួលដល់ការដកដង្ហើម ហើយត្រូវបង្ហាញឲ្យខ្លួន​ឯង និងសិស្សនៅក្នុងថ្នាក់ថា អ្នកកំពុងគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អ · ទំនុកចិត្តនឹងមិនត្រូវបង្ហាញនោះទេ ប្រសិនបើអ្នកឈររបៀបអោនៗ ហើយធ្វើការបង្ហាញអំណាចរបស់ខ្លួននៅក្នុងថ្នាក់ ដោយដើរឈានជើងឆ្ពោះទៅមុខដោយស្វាហាប់ · ធ្វើការដកដង្ហើមវែងៗ និងមួយៗ មុននឹងនិយាយអ្វីដែលសំខាន់។ ការដកដង្ហើមធំនឹងធ្វើឲ្យអ្នកអាចគ្រប់គ្រងសម្លេងរបស់ខ្លួន និងច្រានចោលនូវភាពតានតឹងពីបំពង់ក។ ម្យ៉ាង អ្នកត្រូវគិតថាអ្នកនិយាយចេញពីក្បាលពោះ ជាជាងការនិយាយចេញពីក ប្រសិនបើមានបញ្ហាសម្លេង តើអ្នកគួរធ្វើអ្វីខ្លះ? · សម្រាកសម្លេង ៖ បន្ថយ ឬបញ្ឈប់ការនិយាយពេលទៅដល់ផ្ទះ · សម្រករាងកាយ ៖ សម្រាក ងូតទឹកក្តៅអ៊ុនៗ · ស្រូបយកចំហាយទឹក ដើម្បីបន្សើមផ្នែកខាងក្រោយនៃបំពង់ក និងបន្ថយការឈឺចាប់ · ខ្ពុរមាត់ជាមួយនឹងទឹកអំបិលពុះ ដែលទុកឲ្យត្រជាក់ ដើម្បីកាត់បន្ថយការឈឺចាប់ និងប្រឆាំងនឹងការឆ្លងរោគ · ទទួលទានទឹកឲ្យបានច្រើន (១លីត្រកន្លះក្នុងមួយថ្ងៃ) · ឆាប់ចូលគេង · ទុកពេលខ្លះសម្រាប់ខ្លួនឯង ដើម្បីឲ្យការហើម និងការរលាកនៃខ្សែសម្លេង បានស្រកចុះទៅវិញ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

ពីចំណងអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាហើយ លោកឱពុកក៏ត្រូវមានចំណងជាមួយនឹងបុត្រាបុត្រីរបស់ខ្លួនដែរ។ មិនថាអ្នកមានកិច្ចការងាររវល់ដល់កម្រិតណានោះទេ អ្នកត្រូវតែឆ្លៀត ដើម្បីបំពេញកាតព្វកិច្ចជាឱពុកល្អមួយរូប ជាពិសេសគឺ ដើម្បីផ្តល់ជាភាពជាគម្រូ និងភាពកក់ក្តៅដល់កូន។ ដូច្នេះ តើធ្វើដូចម្តេចទើបក្លាយជាប៉ាៗល្អបាន?  · គោរពភរិយា ៖ កិច្ចការចំបងដែល ឱពុកត្រូវតែធ្វើ ដើម្បីកូនរបស់ខ្លួននោះ គឺគោរពម្តាយរបស់គេ។ គ្រួសារដែលមានឱពុកម្តាយគោរពគ្នាទៅវិញទៅមក ធ្វើឲ្យកូនមានអារម្មណ៍ថាបរិយាកាសនៅជុំវិញខ្លួន មានសុវត្ថិភាព ហើយនៅពេលដែលគេឃើញរូបភាពបែបនោះ គេក៏ទទួលអារម្មណ៍ថាខ្លួនគេផ្ទាល់ត្រូវបានយកចិត្តទុកដាក់ និងគោរពផងដែរ។ · ចំណាយពេលនៅជាមួយកូន ៖ កូននឹងមានអារម្មណ៍កក់ក្តៅ​ និងស្និទ្ធស្នាល ពេលដែលឱពុករបស់ខ្លួនចំណាយពេលច្រើនជាមួយគេ ហើយងាយនឹងស្តាប់បង្គាប់តាមអ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនសូវរវីរវល់នឹងសុខទុក្ខរបស់គេទេនោះ គេនឹងច្រានចោលរាល់ការនិយាយរបស់អ្នកទៅកាន់គេម្តងៗ ហើយនិងបង្កជាគន្លាតរវាងអ្នក និងគេផងដែរ។ ក្មេងៗលូតលាស់រហ័សណាស់ ហេតុនេះហើយ សូមកុំឲ្យឱកាសរំលងផុតឲ្យសោះ។ · បង្កើតឱកាសនិយាយជាមួយកូនឲ្យបានច្រើន ៖ ដោយសារឱពុកភាគច្រើននិយាយជាមួយកូនតែពេលដែលមានបញ្ហាអ្វីខុសឆ្គងប៉ុណ្ណោះ ហេតុនេះហើយ រាល់ពេលដែលលឺម្តាយប្រាប់ថា “ប៉ាមានរឿងចង់និយាយជាមួយ”  កូនតែក្រាញននាលមិនចង់ស្តាប់។ ដើម្បីចៀសវាងបញ្ហានេះ អ្នកគួរចាប់ផ្តើមនិយាយជាមួយពួកគេតាំងពីនៅវ័យក្មេងឲ្យហើយ អំពីនេះអំពីនោះ ដើម្បីកុំឲ្យមានអារម្មណ៍ទើសទាល់ពេលអនាគត។ · ប្រៀនប្រដៅ​ និងដាក់កម្រិតដោយក្តីស្រលាញ់ ៖ ក្មេងទាំងឡាយចង់បាននូវការណែនាំ និងការកំហិតអ្វីមួយដែលមានហេតុផលច្បាស់លាស់។ ដូច្នេះ អ្វីដែលអ្នកអាចធ្វើបាន គឺរំលឹកពីគុណវិបត្តិផ្សេងៗដែលអាចនឹងកើតមានប្រសិនបើគេធ្វើរឿងនោះហើយលើកទឹកចិត្តដល់ពួកគេតាមរយៈការផ្តល់នូវរង្វាន់លើកទឹកចិត្តខ្លះៗ សម្រាប់ការប្រតិបត្តិតាមអ្វីដែលគេគោរពតាមអ្វីដែលអ្នកបានប្រាប់។ · ធ្វើជាបុគ្គលគម្រូ ៖ សម្រាប់កូនស្រីដែលបានចំណាយពេលច្រើនជាមួយនឹងឱពុកដែលតែងផ្តល់ភាពកក់ក្តៅដល់គេ​ នឹងយល់ពីសារសំខាន់នៃការដែលត្រូវបានគោរព និងគិតគូរពីលក្ខណៈសម្បត្តិស្វាមីរបស់ខ្លួន ដើម្បីជ្រើសរើសឲ្យបានត្រឹមត្រូវ។ រីឯកូនប្រុសវិញ ឱពុកអាចបង្ហាត់បង្ហាញពីភាពស្មោះត្រង់ ភាពទំនួលខុសត្រូវ និងការប្រមាថមើលងាយផ្សេងៗ។​ · ជាគ្រូបង្រៀន ៖ ឱពុកដែលបង្ហាត់បង្រៀនកូនអំពីដែលត្រូវ​​ និងខុស​​ ហើយផ្តល់កម្លាំងចិត្តឲ្យគេខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនោះ នឹងឃើញថាកូនរបស់ខ្លួនធ្វើការជ្រើសរើសផ្លូវជីវិតសម្រាប់ខ្លួនឯងបានត្រឹមត្រូវ។ · ទទួលទានអាហារជុំគ្នាជាលក្ខណៈគ្រួសារ​ ៖​ ការទទួលទានអាហារ(ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច) ជាមួយគ្នាចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការបង្កើនគុណភាពនៃគ្រួសារ។  វាជាឱកាសមួយសម្រាប់កូនចែករំលែកពីអ្វីដែលគេកំពុងធ្វើ និងចង់ធ្វើ ហើយអ្នកក៏អាចឆ្លៀតពេលស្តាប់​  និងផ្តល់ដំបូន្មានដល់គេវិញផងដែរ។ · អានឲ្យកូនអ្នកស្តាប់ ៖ ទោះបីជាសម័យបច្ចេកវិទ្យាជឿនលឿនបាននាំមកជូននូវទូរទស្សន៍ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ដោយ ការអានឲ្យកូនស្តាប់មុនពេលចូលគេង នឹងជួយរឹតចំណងរវាងអ្នក និងកូនឲ្យកាន់តែស្អិតរមួតទៀត។ ហើយវានឹងបង្កើតជាទម្លាប់ល្អមួយសម្រាប់កូនរបស់អ្នក ដើម្បីការអភិវឌ្ឍខ្លួនដោយផ្ទាល់ និងអាជីព។ · បង្ហាញក្តីស្រលាញ់ ៖ ក្មេងត្រូវការអារម្មណ៍សុវត្ថិភាពដែលបានមកពីការដឹងថាខ្លួនត្រូវបានយកចិត្តទុកដាក់ និងស្រលាញ់ពីក្រុមគ្រួសារ។ ហេតុនេះហើយ ឱពុកម្តាយ ជាពិសេសឱពុកត្រូវតែចេះបង្ហាញអារម្មណ៍ទាំងនោះដល់គេ និងឧស្សាហ៍អោប ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជិតស្និទ្ធ។ · ដឹងថាតួនាទីជាឱពុកនឹងមិនងាយបញ្ចប់នោះឡើយ ៖ ទោះបីជាក្រោយពេលដែលគេធំធាត់ ហើយដល់វ័យដែលចាកចេញពីផ្ទះទៅរស់នៅដោយខ្លួនឯងហើយក៏ដោយ ក៏គេនៅតែត្រូវការជាចាំបាច់នូវដំបូន្មាន និងពាក្យពេចន៍ល្អៗពិគ្រោះយោបល់ជាមួយនឹងឱពុករបស់គេជានិច្ច។ មិនថាជាបញ្ហាបន្តការសិក្សា​ ការងារ ឬ អាពាហ៍ពិពាហ៍នោះទេ ឱពុកនៅតែជាទីប្រឹក្សាដ៏ល្អរបស់កូនៗជានិច្ច។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

តើអ្នកឩស្សាហ៍បរិភោគអាហារសម្រន់ រាល់ពេលដែលអ្នកធុញទ្រាន់ដែរទេ? តើអ្នកតែងតែដើរទៅកាន់ចង្រ្កានបាយ​ ឬចំណីចំណុកខ្លះៗ ពេលមើលទូរទស្សន៍ ហើយចំពេលផ្សាយស្ព៉តពាណិជ្ជកម្មដែរទេ? មិត្តអ្នកអានភាគច្រើនប្រាកដជាមានទម្លាប់បែបនេះមិនខាន ហើយប្រហែលជាឡើងទម្ងន់ដោយមិនដឹងខ្លួនផងដែរ។ ហេតុផលនៃការបរិភោគមិនចេះចប់នេះក៏ព្រោះដោយសារតែមានអារម្មណ៍ធុញជាជាងព្រោះតែឃ្លាន។ ​ហេតុដូចនេះហើយ ដើម្បីជៀសវាងការបន្តឡើងទម្ងន់ដោយសារលក្ខខណ្ឌបែបនេះ សូមធ្វើការសាកល្បងនូវវិធីទាំង៧ខាងក្រោមទាំងអស់គ្នា ៖ · ងើបដើរចេញក្រៅ ៖ ការងើបដើរចេញទៅក្រៅយូរម្តងៗនឹងជួយបន្លប់អ្នកពីការនឹកឃ្លានដោយសារតែមិនមានអីធ្វើ​។ ព្យាយាមដើរឆ្លងហាងលក់ទំនិញផ្សេងៗដោយមិនយកប្រាក់តាមខ្លួន នោះនឹងអាចបន្ថយការទិញចំណីចំណុកដែលមានកាឡូរីខ្ពស់ ពេលដែលអ្នកឆ្លងកាត់។ · ទទួលទានទឹក ៖ មនុស្សភាគច្រើនយល់ច្រលំការស្រេកទឹកនឹងការឃ្លាន។ មុននឹងទទួលទានចំណីចំណុកផ្សេងៗ សាកល្បងទទួលទានទឹកជាមុនសិន  ហើយចាំមួយសន្ទុះ។ ពេលនោះអារម្មណ៍ឃ្លាននឹងបាត់ទៅវិញ។ ភេសជ្ជៈដទៃក៏មានអត្ថប្រយោជន៍ដែរ​ តែទឹកបរិសុទ្ធមានប្រសិទ្ធភាព និងប្រសើរជាងដោយវានឹងបំពេញជាតិទឹកក្នុងខ្លួនដោយមិនបន្ថែមកាឡូរីអ្វីបន្ថែមឡើយ។ · អង្គុយទទួលទានអាហារ ៖ ការអង្គុយទទួលទានពេលឈរធ្វើឲ្យអ្នកមិនមានអារម្មណ៍ថាខ្លួនឯងមិនមែនកំពុងបរិភោគឡើយ នោះនឹងធ្វើអ្នកញ៉ាំបានកាន់តែច្រើន និងភ្លេចគិតពីកាឡូរី។ · ធ្វើកិច្ចការហត្ថកម្មផ្សេងៗ ៖ មនុស្សខ្លះអផ្សុកពេក ទំនេរដៃមិនដឹងធ្វើអ្វីក៏ទាញយកចំណីមកដាក់ក្នុងមាត់។ តែដើម្បីជៀសវាងបាន រាល់ពេលដែលខ្លួនចាប់ផ្តើមនឹកឃើញចង់ទំពារអ្វីនោះ អ្នកគួរទាញយកក្រណាត់ចាក់រូប ក្រងខ្សែដៃ ឬប្រកបកិច្ចការផ្សេងៗដែលអ្នកចូលចិត្ត។ នោះដៃរបស់អ្នកនឹងរវល់ ហើយជំនួសឲ្យការឡើងទម្ងន់នោះ អ្នកនឹងមានសមិទ្ធផលសម្រាប់បង្ហាញដល់មិត្តភក្តិទៀតផង។ · កុំទទួលទានចំណីពេលកំពុងមើលទូរទស្សន៍ ៖ ក្រោយពេលដែលបើកទូរទស្សន៍មើលហើយ មនុស្សយើងទម្លាប់ទាញចំណីកំប៉ិកកំប៉ុកដាក់ចូលមាត់មិនឈប់។ ហេតុនេះហើយ សាកល្បងធ្វើការងារផ្សេងៗដែលនាំឲ្យដៃរវល់ ដូចជាការអានសៀវភៅជាដើម។ · ធ្វើខ្លួនឯងឲ្យរវល់ ៖ សាកសួរខ្លួនឯងមើលថា តើអ្នកទទួលទានដោយសារតែអ្នកធុញទ្រាន់? គ្មានអ្វីធ្វើ? ចម្លើយភាគច្រើន គឺមកពីទំនេរពេក ដូច្នេះហើយ សាករកការងារឲ្យខ្លួនឯងធ្វើ ដូចជាការអានសៀវភៅ ការអានកាសែត ទស្សនាវដ្តី។ល។ · រៀបចំកន្លែងជុំវិញខ្លួនឲ្យមានរបៀប ៖​ ក្រៅពីការធ្វើការងារហត្ថកម្ម អ្នកក៏អាចបន្លប់ខ្លួនឯងជាមួយនឹងការរៀបចំទូខោអាវ ទូដាក់សៀវភៅ តុរៀន តុធ្វើការ ផ្ទះបាយ បន្ទប់គេង បន្ទប់ទឹក ផងដែរ។ មុននឹងរកអាហារសម្រាប់ទទួលទាន ត្រូវសួរខ្លួនឯងបញ្ជាក់សិនថាតើ ខ្លួនឯងពិតជាឃ្លានមែន ឬដោយសារតែខ្លួនឯងទំនេរពេកទេ។ ការបរិភោគអាហារសម្រន់ ឬចំណីចំណុកបែបនេះ អាចនឹងក្លាយជាទម្លាប់មួយដែលនាំឲ្យសារពាង្គកាយរបស់អ្នកកើនឡើងនូវបរិមាណកាឡូរីជាច្រើន។ ហេតុនេះ ត្រូវទទួលទានអាហារដែលឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីកុំឲ្យឆាប់ឃ្លាន។ អ្វីដែលអ្នកគួរធ្វើ គឺបន្លប់ជាមួយនឹងការងារផ្សេងៗ ដើម្បីកុំឲ្យដៃទំនេរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                             

ចែករំលែក

និស្សិតឯកទេសផ្នែករោគកុមារ ង៉ោ ម៉េងរិទ្ធី មកពីខេត្តសៀមរាប ដែលជាអតីតនិស្សិតផ្នែកវេជ្ជសាស្ត្រជំនាន់៣៩ និងបច្ចុប្បន្នជានិស្សិតឯកទេសផ្នែករោគកុមារ ជំនាន់ទី១៨ ឆ្នាំទី១នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញពីមូលហេតុពីការជ្រើសយកជំនាញនេះ៖​ តាមពិតទៅ ការជ្រើសរើសជំនាញសិក្សាណាមួយវាមិនមែនជារឿងដែលងាយស្រួលនោះទេ ដោយហេតុថាយើងនឹងរស់នៅជាមួយនឹងជំនាញនេះពេញមួយជីវិត។ដូចនេះខ្ញុំយល់ថាកត្តាចម្បងគឺការដែលស្រឡាញ់និងចូលចិត្តដោយខ្លួនឯងផ្ទាល់។ តួយ៉ាង ចំពោះខ្ញុំផ្ទាល់ គឺជាមនុស្សស្រឡាញ់ក្មេង ងាយចុះសម្រុងនឹងគ្នា ហើយមាននិស្ស័យជាមួយក្មេងៗ ពិសេសតែងតែចង់ឲ្យពួកគេមានសុខភាពល្អ។ ម៉្យាង ខ្ញុំមានអារម្មណ៍ថាចូលចិត្ត និងមានបំណងចូលរៀនជំនាញនេះ តាំងពីខ្ញុំបាទឈានជើងចូលក្នុងវិស័យសុខាភិបាល ឆ្នាំទី១មកម្ល៉េះ។ ធ្វើបែបណាអាចប្រឡងចូលបាន? ការប្រឡងចូលរៀនផ្នែកជំនាញរោគកុមារនេះមិនមែនមានន័យថារៀនតែមេរៀនផ្នែកជំនាញរោគកុមារនឹងប្រឡងជាប់នោះទេ។ ដោយសារឥឡូវនេះ ការប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសមានកំណែទម្រង់ដែលតម្រូវឲ្យម្នាក់ៗត្រូវតែចេះគ្រប់មេរៀនសម្រាប់គ្រប់ជំនាញទាំងអស់ ដែលវាមិនខុសពីការប្រឡងចូលរៀនថ្នាក់ជំនាញឯកទេសផ្សេងទៀតដែលមានជាង២០នោះទេ។ ចំណុចសំខាន់មិនអាចខ្វះបាន គឺគ្រប់គ្នាត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រតាំងពីឆ្នាំទី១ដល់ទី៦។ ក្នុងពេលចុះកម្មសិក្សានៅឆ្នាំទី៤ ទី៥ និងទី៦ គួរធ្វើការសង្កេតថា តើខ្លួនឯងចូលចិត្តឯកទេសណាមួយពិតប្រាកដ? សមស្របជាមួយនឹងសមត្ថភាពរបស់យើងហើយវាត្រូវនឹងនិស្ស័យរបស់យើងព្រោះថាមនុស្សម្នាក់ៗតែងមានការនិយមចូលចិត្ត និងការស្រឡាញ់ខុសៗគ្នាអញ្ចឹង ហើយគួររៀនជំនាញដែលខ្លួនចូលចិត្ត ព្រោះថារៀនរបស់ដែលខ្លួនចូលចិត្ត គឺជាកម្លាំងជម្រុញចិត្តពីខ្លួនឯងផ្ទាល់ឆាប់ចាប់បានឆាប់យល់មិនតែប៉ុណ្ណោះត្រូវចេះសង្ខេបមេរៀនឬធ្វើមេរៀនព្រមទាំងត្រៀមមេរៀនជាស្ត្រេច ដើម្បីជាការត្រៀមប្រឡងបញ្ចប់ឆ្នាំទី៦។ ចំណុចពិសេសត្រូវខិតខំស្រាវជ្រាវព្រមទាំងសាកសួរសិស្សច្បងដែលបានឆ្លងកាត់ការប្រឡងពីឆ្នាំមុនៗទុកជាបទពិសោធន៍ ដើម្បីស្រាវជ្រាវមេរៀន និងកម្មវិធីសិក្សាក្នុងមន្ទីរពេទ្យ។ ដើម្បីជំនះឧបសគ្គនេះបាន ខ្ញុំបាទមាន៣ចំណុច៖ •បែងចែកកាលវិភាគសិក្សាមានន័យថា អ្នកត្រូវបែងចែកពេលវេលាសម្រាប់រៀន និងពេលវេលាសម្រាប់លំហែខួរក្បាលខ្លះ •ចេះសង្ខេបមេរៀនដែលការសង្ខេបនេះផ្តល់អត្ថប្រយោជន៍២ចំណុច គឺទី១អាចធ្វើឲ្យយើងងាយចងចាំនូវចំណុចសំខាន់ៗនៃមេរៀននីមួយៗ ទី២ជួយសម្រួល ពេលប្រឡងព្រោះយើងមិនអាចទៅមើលមេរៀនទាំងដុលនោះទេ។ •បង្កើតក្រុមសិក្សាដែលមានសមាជិកយ៉ាងច្រើនបំផុត៤ទៅ៥នាក់ ដើម្បីចែករំលែកគំនិតយោបល់រួមគ្នា ជាឧទាហរណ៍ស្រាប់ក្នុងករណីពេលកំពុងរៀនអ្នកខ្លះកត់បានចំណុចនេះអ្នកខ្លះទៀតកត់បានចំណុចនោះអញ្ចឹង ពួកយើងអាចយកវាមកបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដែលទាំងនេះពិតជាមានប្រយោជន៍ជាងការដែលយើងរៀនតែម្នាក់ឯង។ ក្រៅពីការសិក្សា កត្តាដែលជួយបង្កើនចំំណេះដឹងមានដូចជា៖ •ការចុះកម្មសិក្សានៅមន្ទីរពេទ្យ ៖ ពិតជាសំខាន់ព្រោះវាអាចផ្សារភ្ជាប់រវាងទ្រឹស្តីដែលបានរៀនពីសាលាឬអានសៀវភៅទៅនឹងការអនុវត្តផ្ទាល់ទៅលើអ្នកជំងឺ ព្រោះថាការពិនិត្យជំងឺមិនដូចទៅនឹងទ្រឹស្តី១០០%ទេ។ ដូចនេះ វាជួយឲ្យយើងចេះយកទ្រឹស្តីរបស់យើងបត់បែនតាមកាលៈទេសៈ។ •ការបង្រៀនសិស្សប្អូន ៖ ព្រោះវាជាកត្តាសំខាន់ដែលជួយបង្កើនទាំងចំណេះដឹង និងការចងចាំ និងស្រាវជ្រាវរបស់យើងផងដែរ។ ក្រោយពីបញ្ចប់ការសិក្សាជំនាញមួយនេះ ខ្ញុំមានបំណងត្រឡប់ទៅស្រុកកំណើតវិញនៅខេត្តសៀមរាបមានលទ្ធភាព ខ្ញុំនឹងបើកបន្ទប់ព្យាបាលឬពិគ្រោះមួយដើម្បីព្យាបាល និងចូលរួមលើកកម្ពស់សុខភាពកុមារឲ្យបានល្អប្រសើរ។ សម្រាប់រូបខ្ញុំផ្ទាល់ ការងារនៅក្នុងផ្នែកមួយនេះក៏ដូចជាក្នុងផ្នែកផ្សេងទៀតពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាយើងឲ្យបានរីកចម្រើន។ ក្មេងៗគឺជាទំពាំងស្នងឬស្សីនៅពេលពួកគេមានសុខភាពល្អគ្មានជំងឺបៀតបៀនពួកគេនឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់ដែលអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសរបស់យើង។ ជាចុងក្រោយសូមផ្តាំទៅកាន់ប្អូនៗដែលមានបំណងចង់រៀននូវជំនាញនេះដូចបានរៀបរាប់ខាងលើដែរ គឺប្អូនចាំបាច់ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ខិតខំប្រឹងប្រែងរៀនសូត្រ និងចេះបែងចែកកាលវិភាគរៀន និងពេលវេលាលំហែកាយ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                            

ចែករំលែក

ក្រៅពីដឹងពីគន្លឹះសិក្សាឲ្យបានជោគជ័យ អ្នកក៏ត្រូវការយល់ដឹងផងដែរអំពីជីវិតស្នេហាព្រោះថាវាជាច្បាប់ធម្មជាតិដែលនរណាមិនអាចគេចបាន…ចៃដន្យមែនទែន…ក៏មានអត្ថបទនិយាយអំពីអ្វីដែលគិតថាអ្នកនឹងចង់ដឹងល្មម…មិនចង់ឲ្យពិបាកយល់ ក៏ព្យាយាមកែសម្រួលមកជាខ្លីៗ ហើយងាយយល់…ចង់ដឹងថាមានអ្វីខ្លះ? តាមដានជាមួយគ្នា… អ្នករៀនពេទ្យអាចនិយាយបានថាមានភាពរវល់បន្តិច តែគាត់ក៏មានបេះដូង ហើយក៏ចេះមានស្នេហាដែរ អ្វីដែលសំខាន់នោះ តើអ្នកអាចមានសមត្ថភាពចាប់យកបេះដូងគាត់បានដែរ ឬទេ? ១០ចំណុចខាងក្រោមនេះ អាចបង្ហាញផ្លូវអ្នកបានខ្លះមុនពេលសម្រេចចិត្តយកសង្សារជានិស្សិតពេទ្យ ... ១. គាត់ជាអ្នកស្តាប់ level Pro.  ពួកគាត់ចំណាយពេលស្តាប់អ្នកជំងឺ សាស្រ្តាចារ្យ ឬវេជ្ជបណ្ឌិត ដូចនេះគាត់ជាអ្នកស្តាប់ដ៏ជំនាញម្នាក់។ ដូចនេះបើអ្នក ចង់ចាប់យកបេះដូងរបស់គាត់ គឺត្រូវតែនិយាយឲ្យមានហេតុផល នោះគាត់នឹងព្យាយាមស្វែងយល់ពីអ្នក និងចៀសវាងនិយាយកាត់ខ្លីៗដូចជា ឆ្លើយហាសហា... ទេ... ឬLolជាដើម។   ២. ធ្វើគម្រោងរាប់អានគ្នាជាសង្សារយ៉ាងហោចណាស់ឲ្យបាន១០ឆ្នាំ អ្នកត្រូវដឹងថា អ្នករៀនពេទ្យ ត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ឆ្នាំសម្រាប់ការសិក្សា និងមិនមានពេលទំនេរច្រើនទេ។ ហេតុនេះហើយ អ្នកមិនសូវមានពេលនៅជាមួយគ្នាបានច្រើនដូចជាចូលកម្មពិធីផ្សេងៗដូចជា ទៅការពួកម៉ាក់ ឬចូលហាងកាហ្វេជាមួយគ្នាទេ.. ៣. ឱកាសDateមិនសូវញឹកញាប់ប៉ុន្មានទេ ព្រោះក្រៅពីពេលដ៏ពិសេសនេះ គាត់ត្រូវទៅរៀន ទៅយាមនៅពេទ្យ និងត្រៀមសម្រាប់ការប្រលងបន្តទៀត។ អ្នកគួរដឹងផងដែរថា និស្សិតពេទ្យគ្រប់រូបត្រូវ មើលមេរៀនយ៉ាងតិចណាស់៥០០ទំព័រដែរ មុនទៅរៀនក្នុងថ្នាក់ ជាពិសេសមុនពេលធ្វើតេស្តផ្ទាល់មាត់ជាដើម។ ៤. អ្នកត្រូវទទួលស្គាល់ថាគាត់អាចដោះស្រាយគ្រប់បញ្ហាសុខភាពរបស់អ្នក រាល់ការបញ្ចេញមតិរបស់អ្នកអាចនឹងខុសចំពោះបញ្ហាសុខភាពនានា ហើយអ្នកត្រូវស្របតាមគំនិតគាត់។ ពេលអ្នកមានរបួសតែបន្តិច អ្នកនឹងត្រូវបានព្យាបាលដោយគ្មានការតវ៉ា ព្រោះគាត់ព្យាយាមអនុវត្តជំនាញរបស់គេ។    ៥. អ្នកត្រូវធ្វើខ្លួនធ្វើជាអ្នកជំងឺ  និស្សិតត្រូវមានការអនុវត្តច្រើនដូចជារៀនចាក់ថ្នាំ ឬការនិយាយសួរសំនួរទៅកាន់អ្នកជំងឺដើម្បីធ្វើរោគវិនិច្ឆ័យជាដើម ដូចនេះអ្នកត្រូវដើរតួសំដែងជាមួយគាត់ទោះអ្នកខ្លាចម្ជុល ឬឈាមយ៉ាងណាក៏ដោយ។  ៦. ត្រៀមខ្លួនស្តាប់ពាក្យដែលមិនចូលចិត្ត និស្សិតពេទ្យអាចនិយាយពាក្យដូចជា ការបន្ទោបង់លាមក ទឹកនោម ផោម ឬការមានរដូវ បានយ៉ាងស្ទាត់ជំនាញ ស្របពេលអ្នកគិតថាមិនសូវសមរម្យ។ ប៉ុន្តែនេះជាអាជីពរបស់គាត់ដែលត្រូវនិយាយពាក្យទាំងអស់នោះ។   ៧. និស្សិតពេទ្យមានម៉ោងគេងមិនទៀងទាត់ អ្នកត្រូវដឹងថាការពួកគាត់ពេលខ្លះត្រូវរៀនផង យាមផង ពេលខ្លះទៀតត្រូវធ្វើការជាង២៤ម៉ោង ដែលតម្រូវឲ្យពួកគាត់ត្រូវគេងសងវិញ និងមិនអាចរំខានដំណេកគាត់បានទេ... អ្នកត្រូវដឹង...ពិសេសថ្ងៃចុងសប្តាហ៍។ ៨. ត្រូវរៀនអត់ធ្មត់ចិត្តបន្តិច និស្សិតពេទ្យអាចនឹងមានការស្រ្តេសពីការសិក្សា និងការយាមនៅពេទ្យជាដើម ពេលខ្លះគាត់មានភាពនឿយហត់ដែរ ជាមួយការប្រកួតប្រជែងច្រើនទៀតនោះ អាចនាំឲ្យមានអត្តចរិកកាចបន្តិច ដូចនេះបើអ្នកដាក់ចិត្តស្រឡាញ់គាត់ហើយត្រូវតែចេះអត់ធ្មត់។ ៩. អាចទទួលបានការជំរុញទឹកចិត្តខ្ពស់ ពួកគាត់មានការជំរុញទឹកចិត្តខ្លួនឯងបានល្អ ហើយអ្នកក៏នឹងទទួលបានការជំរុញលើកទឹកចិត្តបែបនោះដែរ មិនថាការបំពេញការងារ ពុះពារការលំបាក គឺគាត់នឹងតែងតែនៅពីក្រោយអ្នកជានិច្ច។ អ្នកអាចមើលការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់ក៏ដឹងដែរ។  ១០. និស្សិតពេទ្យមានចិត្តស្មោះ  ត្បិតតែពួកគាត់មិនមានពេលវេលាច្រើនសម្រាប់ដៃគូ ដោយហេតុការគោរពតួនាទី និងដើម្បីជួយមនុស្សដទៃទៀត (និយាយទៅគឺគាត់Work hard) តែគាត់ក៏ពូកែថែរក្សាចំណងស្នេហ៍របស់គាត់ដែរ។ តែប៉ុន្មានចំណុចនេះ ក៏ល្មមគ្រប់គ្រាន់ឲ្យអ្នកតៀមចិត្តត្រៀមកាយ ក៏ដូចជាស្វែងយល់ពីជីវិតស្នេហារបស់និស្សិតពេទ្យដែរ…ហើយសម្រាប់និស្សិតពេទ្យវិញ?  អ្វីដែលបានលើកឡើងហ្នឹង…ត្រឹមត្រូវដែរឬអត់? ប្រភព ៖ https://forum.facmedicine.com/threads/14-things-you-should-know-before-dating-a-med-student.22092/  © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                  

ចែករំលែក

តាមប្រភពព័ត៌មានរបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានប្រកាសឲ្យនិស្សិត​គ្រប់ជំនាញដែលប្រលងជាប់ដោយជោគជ័យមកដកសញ្ញាប័ត្រ និងចុះឈ្មោះត្រៀមចូលរួមកម្មវិធីទទួលសញ្ញាប័ត្រក្នុងពេលឆាប់ៗនេះ។    ព័ត៌មានលំអិតពីកាលបរិច្ឆេទក្នុងកាលមកទទួលយកសញ្ញាប័ត្រដែលបានធ្វើហើយ និងបញ្ពីរាយនាមដែលត្រូវមកទទួលតាម គេហទំព័ររបស់សាលាផ្ទាល់ៈ UHS © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                               

ចែករំលែក

ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូកគឺជាមូលហេតុចម្បងទី៤នៃការស្លាប់នៅសហរដ្ឋអាមេរិច។ ប្រជាជនប្រមាណ ៨00,000នាក់មានបញ្ហាស្ត្រូកជារៀងរាល់ឆ្នាំ។ ជំងឺស្ត្រូកកើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់ ឬកាត់បន្ថយ។ នៅពេលបញ្ហានេះកើតឡើងខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។ ជំងឺនេះមាន៣ប្រភេទសំខាន់ៗគឺ Ischemic, hemorrhagic និង mini-stroke។ ដោយសារថាជំងឺលើសសម្ពាធឈាមគឺជាមូលហេតុមួយដែលបង្កឲ្យមាន hemorrhagic stroke ហេលស៍ថាមសូមលើកយកប្រធានបទជំងឺស្ត្រូកនេះមកបង្ហាញប្រិយមិត្តអ្នកអាន។ ជំងឺស្ត្រូក ច្រើនតែកើតនៅលើបុគ្គលដែលលើសទម្ងន់ អាយុ ៥៥ឆ្នាំ ឬច្រើនជាងនេះ ខ្លួនគាត់ផ្ទាល់ ឬ មានសមាជិកក្នុងគ្រួសារធ្លាប់មានជំងឺនេះ មិនសូវធ្វើលំហាត់ប្រាណ ពិសាស្រាបៀរច្រើន ឬក៏ប្រើប្រាស់ឱសថខុសច្បាប់។  ប្រភេទផ្សេងៗនៃស្ត្រូកមានមូលហេតុខុសៗគ្នា៖ • Ischemic strokes: ជាប្រភេទស្ត្រូកដែលមានច្រើនជាងគេរហូតដល់ប្រមាណ៨៥%។ ជំងឺស្ត្រូកប្រភេទនេះបង្កឡើងដោយមានការកកស្ទះ ឬការរួមតូចចង្អៀតនៃសរសៃឈាមក្រហមដែលចិញ្ចឹមខួរក្បាលនាំឲ្យខ្វះឈាមទៅចិញ្ចឹម។ ការកកស្ទះនេះដោយសារតែកំណកឈាមដែលបានមកពីសារធាតុខ្លាញ់ដែលស្ទះក្នុងសរសៃឈាមក្រហម។ • Hemorrhagic strokes: បង្កឡើងដោយសារសរសៃឈាមក្រហមក្នុងខួរក្បាលមានការហូរឈាម ឬដាច់តែម្តង។ ឈាមដែលហូរចេញនេះបានបង្កើតជាសម្ពាធ និងសង្កត់ទៅលើខួរក្បាល ធ្វើឲ្យមានការខូចខាត។ ការដាច់សរសៃឈាមនេះដោយសារស្ថានភាពដូចជាជំងឺលើសសម្ពាធឈាម ការប៉ះទង្គិចក្បាល ការប្រើប្រាស់ឱសថមិនឲ្យឈាមកក និងការប៉ោងចេញនៃសរសៃឈាមក្រហម។ • Mini-stroke: កើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់ផ្តាច់រយៈពេលខ្លី។ ជំងឺស្ត្រូកប្រភេទនេះស្រដៀងនឹង ischemic strokes ត្រង់ថាទាំងពីរប្រភេទនេះសុទ្ធតែបង្កឡើងដោយកំណកឈាម។ ជំងឺស្ត្រូកកើតឡើងយ៉ាងឆាប់រហ័ស ហើយរោគសញ្ញាតែងតែកើតមានភ្លាមៗតែម្តង។ រោគសញ្ញាសំខាន់ៗរបស់ជំងឺស្ត្រូករួមមាន៖ • ការភាន់ច្រឡំដែលរួមផ្សំទាំងការនិយាយ និងការយល់ • ឈឺក្បាលដែលអាចរួមផ្សំជាមួយការប៉ះពាល់លើស្មារតី ឬក្អួតចង្អោរ • ស្ពឹកមុខ ដៃឬជើងជាពិសេស១ចំហៀងខ្លួន • បញ្ហាលើគំហើញ • បញ្ហាលើដំណើរ ជំងឺស្ត្រូកអាចធ្វើឲ្យមានផលវិបាករយៈពេលខ្លី ឬវែងអាស្រ័យលើរយៈពេលនៃការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។ ប្រភេទផ្សេងៗនៃជំងឺស្ត្រូក ត្រូវការវិធីព្យាបាលផ្សេងៗគ្នា៖ • Ischemic  Strokes: ការព្យាបាលអាចធ្វើបានតាមរយៈការចាប់ផ្តើមជាមួយឱសថដូចជា Aspirin ឬ tissue plasminogen activator (TPA) ដែលអាចបំបែកកំណកឈាម និងការពារមិនឲ្យមានការបង្កើតមកទៀត • Hemorrhagic Strokes: ការព្យាបាលអាចធ្វើបានតាមរយៈការចាប់ផ្តើមជាមួយឱសថដែលបន្ថយសម្ពាធនៅក្នុងខួរក្បាល បន្ថយសម្ពាធឈាមការពារការប្រកាច់ និងការពារការកន្ត្រាក់ភ្លាមៗនៃសរសៃឈាម • ការស្តាកាយសម្បទាឲ្យត្រលប់មកស្ថានភាពល្អវិញ៖ អាចនឹងត្រូវបានអនុវត្តចំពោះអ្នកជំងឺស្ត្រូកវិធីសាស្ត្រ ល្អបំផុតដើម្បីការពារកុំឲ្យមានជំងឺស្ត្រូក គឺត្រូវចៀសវាងមូលហេតុដែលបង្កហើយវិធីល្អបំផុតនោះគឺការរស់នៅដោយមានសុខភាពល្អ។ លោកអ្នកអាចអនុវត្តដូចជា៖ •    ចៀសវាងការប្រើប្រាស់ឱសថខុសច្បាប់ •    ពិសាអាហារដែលសម្បូរបន្លែផ្លែឈើ និងមានជាតិខ្លាញ់ទាប •    ហាត់ប្រាណឲ្យបានទៀងទាត់ •    រក្សាសម្ពាធឈាមនៅកម្រិតធម្មតា •    រក្សាជាតិស្ករក្នុងឈាមនៅកម្រិតធម្មតា •    រក្សាទម្ងន់ឲ្យបានល្អ •    បញ្ឈប់ការពិសាបារី និងស្រាបៀរ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។                                                 

ចែករំលែក
Top