Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាមួយសន្ទុះនៃការកើនឡើងនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងនូវភាពជឿនលឿន ទំនើប និងស្ដង់ដារទៅលើវិធីសាស្រ្តថែទាំ និងព្យាបាលសម្រាប់ប្រជាជនក្នុងយុគសម័យបច្ចុប្បន្ននេះ។ ជាក់ស្ដែង SGMC គឺជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរីថ្មីមួយដែលមានទីតាំងនៅចំបេះដូងនៃរាជធានី ស្ថិតនៅជាន់ទី 3A នៃផ្សារទំនើប Bridge Mall។ ទន្ទឹមនឹងការលេចរូបរាងនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តថ្មីនេះ SGMC ក៏បាននាំយកកិច្ចពិភាក្សាអប់រំស្ដីពី “ដឹងពីសុខភាពរបស់លោកអ្នក” ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១០:៤៥ នាទីព្រឹក ដល់ ២:៣០ នាទីរសៀល និងត្រូវបានចាត់ចែងដោយ DrMap មកពីប្រទេសសឹង្ហបុរីផ្ទាល់។  សម្រាប់កិច្ចពិភាក្សានេះមានការចូលរួមដោយវេជ្ជបណ្ឌិតមកពីសឹង្ហបុរី ថៃ និងកម្ពុជា ដែលបានមកធ្វើបទបង្ហាញយ៉ាងពិស្ដារអំពី សុខភាពប្រព័ន្ធរំលាយអាហារ និងសារសំខាន់នៃការសុងពោះវៀនធំ ដោយ Dr. Jonathan Foo ព្រមទាំងមានកិច្ចពិភាក្សាវាគ្មិនស្តីពី សុខុមាលភាពគ្រប់ជ្រុងជ្រោយ និងហេតុអ្វីវាសំខាន់ ដឹកនាំសម្របសម្រួលដោយ Mr. Anthony Jude Tan អគ្គនាយកនៃ DrMap Singapore និងវេជ្ជបណ្ឌិតវាគ្មិន Dr. Terence Tan; Dr. Veasna Mean; Dr Setheka Yin និងDr. Nuchtarat Srelertros។ លោក Anthony បានបញ្ជាក់ថា “ចក្ខុវិស័យរបស់ SGMC គឺចូលរួមចំណែកទៅនឹងកំណើន និងការអប់រំថែទាំសុខភាពប្រជាជន ដូច្នេះហើយបានជា SGMC ជាមួយនឹងគណៈគ្រប់គ្រង DrMap តែងតែរៀបចំកិច្ចពិភាក្សាអប់រំបែបនេះជាញឹកញយ”។ ចំណែក Dr. Jonathan Foo ដែលជាគ្រូពេទ្យឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំមកពីសឹង្ហបុរីក៏បានពន្យល់ដោយសង្កត់ធ្ងន់ទៅលើ “អត្ថប្រយោជន៍នៃការត្រួតពិនិត្យដោយសុងពោះវៀនធំឲ្យបានទៀងទាត់ ដោយវាអាចជួយឲ្យយើងដឹងអំពីវត្តមានជំងឺមហារីកពោះវៀនធំ ក៏ដូចជាមធ្យោបាយមួយយ៉ាងមានប្រសិទ្ធភាពនៃការបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការព្យាបាលដល់អ្នកជំងឺឲ្យបានទាន់ពេលវេលា”។ ហើយសម្រាប់វគ្គពិភាក្សាវាគ្មិននាពេលរសៀលក៏បានផ្ដោតសំខាន់លើអភិក្រមសុខុមាលភាពគ្រប់ជ្រុងជ្រោយ និងតួនាទីរបស់អភិក្រមនេះនៅក្នុងការបង្ការថែទាំសុខភាព និងស្ដារសុខភាពឲ្យរឹងមាំឡើងវិញដែលចូលរួមពីសំណាក់វេជ្ជបណ្ឌិតប្រចាំការក្នុងស្រុករបស់ SGMC ពីររូបក៏ដូចជាវេជ្ជបណ្ឌិតអញ្ជើញមកពីប្រទេសសឹង្ហបុរី និងប្រទេសថៃទៀតផង។  គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC) មានគោលបំណងរៀបចំកិច្ចពិភាក្សាបែបនេះបន្ថែមទៀតនៅពេលមជ្ឈមណ្ឌលបើកទ្វារជាវេទិកាសហគមន៍ដូចជាការរៀបចំនៅតាមសាលារៀនជាដើម។ SGMC ចង់ផ្ដល់សេចក្ដីសង្ឃឹមដល់សហគមន៍តាមរយៈធ្វើខ្លួនឲ្យក្លាយជាអ្នកផ្ដល់សេវាថែទាំសុខភាពមួយឈានមុខគេនៅកម្ពុជា ដោយអនុវត្តស្ដង់ដារថែទាំវេជ្ជសាស្រ្តដ៏ល្អបំផុតរបស់សឹង្ហបុរីជាមួយនឹងអ្នកជំនាញ។  ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រោយសម្រាល មាតាបិតាតែងនាំបុត្រធីតាជាទីស្រលាញ់មកទទួលវ៉ាក់សាំងប៉ុន្តែតើមាតាបិតាបានស្វែងយល់ស៊ីជម្រៅយ៉ាងណាខ្លះអំពីវ៉ាក់សាំង? អត្ថបទខាងក្រោមនឹងបង្ហាញព័ត៌មានសំខាន់ៗជុំវិញបញ្ហានេះតាមរយៈការបកស្រាយយ៉ាងក្បោះក្បាយពីសំណាក់សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសកុមារមានខ្លឹមសារដូចតទៅ៖ និយមន័យ និងប្រភព វ៉ាក់សាំង គឺជាសារធាតុជីវសាស្ត្រដែលត្រូវបានរៀបចំឡើងដើម្បីបង្កើតជាភាពស៊ាំជាក់លាក់ (អង្គទីករ) នៅក្នុងសារពាង្គកាយមនុស្ស ឬសត្វក្នុងគោលបំណងឲ្យរាងកាយត្រៀមខ្លួនរួចជាស្រេចទប់ទល់នឹងការរាតត្បាតនៃមេរោគជាក់លាក់មួយដែលឈានមកដល់ក្នុងពេលអនាគត។ នេះមានន័យថាបើអ្នកចាក់វ៉ាក់សាំងការពារមេរោគកញ្ជ្រឹល នោះរាងកាយនឹងបង្កើតអង្គទីករការពារបានតែមេរោគកញ្ជ្រឹលមួយប៉ុណ្ណោះ។ ជាទូទៅ តួនាទីសំខាន់របស់វ៉ាក់សាំងគឺការបង្កើតបានជាអង្គទីករ ដែលប្រៀបបានជាទ័ពការពារប្រចាំរាងកាយដ៏ខ្លាំងក្លា ដែលរង់ចាំការប្រយុទ្ធប្រឆាំងនឹងមេរោគបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើវ៉ាក់សាំងទទួលបាននោះជាវ៉ាក់សាំងដែលមានគុណភាព និងទទួលបានត្រឹមត្រូវគ្រប់ចំនួនដងតាមការកំណត់។ វ៉ាក់សាំងត្រូវបានចម្រាញ់ចេញពី ៤ ប្រភពសំខាន់ៗគឺ៖ - វីរុសរស់ដែលបង្អន់សកម្មភាព (Live Vaccine) - វីរុសស្លាប់ (Kill form of virus/ Inactivated form virus) - បំណែកប្រូតេអុីនណាមួយនៃមេរោគ (Subunit of vaccine/ Conjugated vaccine) - ជាតិពុលនៃមេរោគ (Toxin form vaccine)។ ប្រភេទវ៉ាក់សាំងដែលចាំបាច់ត្រូវផ្តល់ជូនកុមារ នាពេលបច្ចុប្បន្ន មានវ៉ាក់សាំងចំនួន ១១ប្រភេទដែលត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីថ្នាំបង្ការថ្នាក់ជាតិ។ នេះមានន័យថា ទារក និងកុមារគ្រប់រូបត្រូវមកទទួលវ៉ាក់សាំងទាំងអស់នេះដោយមិនចំណាយប្រាក់ តាំងពីពេលកើតដំបូងរហូតដល់អាយុកំណត់មួយ។ វ៉ាក់សាំងនេះមានដូចជា៖ - វ៉ាក់សាំងការពារជំងឺរបេង (BCG Vaccine) - វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង ដែលមានជាទម្រង់ចាក់ និងប្រើតាមមាត់ (OPV/IPV Vaccine) - វ៉ាក់សាំងការពារជំងឺរលាកថ្លើម បេ (HBV Vaccine) - វ៉ាក់សាំងការពារជំងឺរលាកសួត និងរលាកស្រោមខួរក្បាល (Haemophilus Influenzae B Vaccine) - វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ (Diphtheria Vaccine) - វ៉ាក់សាំងការពារជំងឺតេតាណូស (Tetanus Vaccine) - វ៉ាក់សាំងការពារជំងឺក្អកមាន់ (DTaP vaccine) - វ៉ាក់សាំងការពារជំងឺរលាកស្រោមសួត (Pneumococcal Vaccine) - វ៉ាក់សាំងការពារជំងឺស្អូច កញ្រ្ជឹល និងស្រឡទែន (Measles, Mumps, Rubella Vaccine) - វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ (Japanese Encephalitis Vaccine)។ ក្រៅពីវ៉ាក់សាំងខាងលើនេះ មាតាបិតាទាំងឡាយក៏អាចនាំបុត្រធីតារបស់លោកអ្នកទៅទទួលវ៉ាក់សាំងសំខាន់ផ្សេងៗទៀតដែលមាននៅតាមបណ្តាគ្លីនិកធំៗ ឬមន្ទីរពិសោធន៍នានាដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល។ វ៉ាក់សាំងទាំងនោះមានដូចជា     ១. វ៉ាក់សាំងការពារជំងឺផ្តាសាយធំ (Grippe Vaccine)     ២. វ៉ាក់សាំងការពារជំងឺរាក (Rotavirus Vaccine)     ៣. វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ ដែលបណ្តាលមកពីបាក់តេរី (Meningococcal Vaccine )     ៤. វ៉ាក់សាំងការពារជំងឺគ្រុនពោះវៀន (Typhoid Vaccine)     ៥. វ៉ាក់សាំងការពារជំងឺអុតស្វាយ (Varicella Vaccine)     ៦. វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)     ៧. វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត (Rabies Vaccine)។ អាយុដែលត្រូវទទួលវ៉ាក់សាំង ចំពោះវ៉ាក់សាំងថ្នាក់ជាតិទាំង ១១មុខខាងលើគឺនឹងត្រូវបានផ្តល់ជូនទារកនិងកុមារដោយឥតគិតថ្លៃចាប់តាំងពីកើតដំបូង។ ចំណែកការបែងចែកប្រភេទ និងចំនួនដងនៃវ៉ាក់សាំងដែលត្រូវផ្តល់ជូនគឺអាស្រ័យទាំងស្រុងទៅតាមប្រភេទនៃវ៉ាក់សាំងនីមួយៗ ព្រមទាំងអាយុរបស់ទារក និងកុមារ។ ប្រសិនបើមាតាបិតាទាំងឡាយចង់ស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីចំនួនដង ឬប្រភេទនៃវ៉ាក់សាំងទាំងនោះ មាតាបិតាអាចអានបន្ថែមនូវព័ត៌មានលម្អិតដែលនៅក្នុងប័ណ្ណលឿង ដែលជាប័ណ្ណតាមដាននៃការទទួលវ៉ាក់សាំងរបស់កុមារ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃ ខែដែលត្រូវមកទទួលវ៉ាក់សាំងលើកក្រោយទៀត។ ចំណែកការទទួលវ៉ាក់សាំងបន្ថែមផ្សេងទៀតក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក៏អាស្រ័យទៅតាមអាយុផងដែរ។ ឧទាហរណ៍វ៉ាក់សាំងផ្តាសាយត្រូវបានផ្តល់ជូនចាប់ពីអាយុ ៦ខែឡើងទៅ វ៉ាក់សាំងអុតស្វាយអាយុ ៩ខែ វ៉ាក់សាំងគ្រុនពោះវៀន អាយុចាប់ពី ២ឆ្នាំ ចំណែកវ៉ាក់សាំងមហារីកមាត់ស្បូនអាចផ្តល់ជូនចំពោះក្មេងស្រីអាយុចាប់ពី ១០ឆ្នាំឡើងទៅជាដើម។ ផលវិបាកនៃការមកទទួលវ៉ាក់សាំងយឺតយ៉ាវ ភាពយឺតយ៉ាវនៃការមកទទួលវ៉ាក់សាំងអាចចែកចេញជា ២ប្រភេទហើយផលវិបាកដែលបង្កឡើងអាចមានភាពស្រដៀងគ្នាផងដែរដោយ៖ - ការយឺតយ៉ាវមិនព្រមមកទទួលវ៉ាក់សាំងតាំងពីលើកដំបូង៖ ទង្វើបែបនេះអាចបណ្តាលឲ្យទារក និងកុមារងាយប្រឈមនឹងការឆ្លងជំងឺកាចសាហាវផ្សេងៗដែលអាចគ្រោះថ្នាក់ដល់អាយុជីវិត - ការយឺតយ៉ាវក្នុងការមកទទួលវ៉ាក់សាំងជាលើកទី ២ ឬបន្តបន្ទាប់ទៀត៖ អាចបណ្តាលឲ្យវ៉ាក់សាំងដែលបានទទួលលើកមុនបាត់បង់ប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាព។ ជាទូទៅ មាតាបិតាអាចខកខានក្នុងការនាំបុត្រធីតាមកទទួលវ៉ាក់សាំងម្តងទៀតក្នុងគម្លាតរយៈពេល ២ទៅ៣ថ្ងៃបន្ទាប់ គិតចាប់ពីថ្ងៃដែលត្រូវមកជួបគ្រូពេទ្យ ទើបជាការប្រសើរ។ លក្ខខណ្ឌដែលមិនអាចទទួលវ៉ាក់សាំង តាមពិតកុមារស្ទើរតែគ្រប់រូបអាចទទួលបានវ៉ាក់សាំងគ្រប់ប្រភេទ លើកលែងក្នុងករណីមួយចំនួនដូចជាករណីអាល្លែកហ្ស៊ីធ្ងន់ធ្ងរ (Choc anaphylactic) ជាមួយប្រភេទវ៉ាក់សាំង ឬសារធាតុណាមួយនៃធាតុផ្សំដែលលាយក្នុងវ៉ាក់សាំង។ រោគសញ្ញានៃអាល្លែកហ្ស៊ីអាចស្តែងចេញនូវអាការៈដូចជាក្តៅខ្លួនខ្លាំងមិនអាចគ្រប់គ្រងបាន ការឡើងរមាស់(ប្រទាលត្រអាក)ពេញខ្លួន ហើម ពិបាកដកដង្ហើមជាដើម។ ក្រៅពីបញ្ហាអាល្លែកហ្ស៊ី ទារក និងកុមារដែលមានប្រព័ន្ធការពារខ្លួនខ្សោយ (មានជំងឺអេដស៍ មានជំងឺរ៉ាំរ៉ៃ ឬមានវិបតិ្តស្រូបអាហារធ្ងន់ធ្ងរ) ក៏មិនត្រូវបានផ្តល់អនុសាសន៍ទទួលវ៉ាក់សាំងដែរ ជាពិសេសប្រភេទវ៉ាក់សាំងដែលមានប្រភពពីវីរុសរស់ដែលបង្អន់សកម្មភាព (Live Vaccine)។ គួរបញ្ជាក់ថា ប្រភេទ Live Vaccine ទាំងនេះមានដូចជាវ៉ាក់សាំងកញ្ជ្រឹល ស្អូច និងស្រឡទែនជាដើម។ ផលរំខានក្រោយទទួលវ៉ាក់សាំង ក្រោយទទួលវ៉ាក់សាំងទារក និងកុមារនឹងស្តែងឡើងជារោគសញ្ញាគួរឲ្យកត់សម្គាល់មួយចំនួន ប៉ុន្តែមិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ។ ជាក់ស្តែងទារក និងកុមារអាចមានបញ្ហារោល ឡើងក្រហម ឈឺចុកត្រង់ទីតាំងដែលម្ជុលបានចាក់ចូល (Injection site reaction) ព្រមទាំងអាការៈក្តៅខ្លួនស្រៀវស្រាញ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ដែលតែងកើតមានឡើងជាញឹកញាប់។ ប៉ុន្តែបញ្ហាទាំងអស់នេះនឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ៣ថ្ងៃបន្ទាប់ ឬក្រុមគ្រូពេទ្យអាចផ្តល់ជូនជាថ្នាំប៉ារ៉ាសេតាមុល ដើម្បីសម្រាលអាការៈឈឺចាប់ និងក្តៅខ្លួន។ ម៉្យាងការស្អំទឹកកកត្រង់ទីតាំងដែលឈឺចាប់ក៏ជាជម្រើសល្អដែលត្រូវបានយកមកអនុវត្តផងដែរ។ ការមកទទួលវ៉ាក់សាំងឲ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ជាពិសេសការទទួលបានវ៉ាក់សាំងដែលមានគុណភាពពិតជាអាចការពារអាយុជីរិតកូនជាទីស្រលាញ់របស់លោកអ្នកចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវទាំងនោះបានយ៉ាងប្រសើរ។ សូមទៅទទួលសេវាកម្មនេះជាមួយស្ថាប័នដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល  ចៀសវាងការខាតបង់ប្រាក់កាស ព្រមទាំងអាចគ្រោះថ្នាក់ដល់សុខភាពទៀតផង។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈ ប៊ុនណា ឯកទេសរោគកុមារ ផ្នែកជំងឺធ្ងន់ និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកុមារជាតិ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្នកឆ្ងល់មែនទេ ថាខំហាត់ប្រាណជាប្រចាំនិងតមអាហារមិនញ៉ាំច្រើន ក៏នៅតែមិនស្រកទម្ងន់ ឬស្រកយឺត? តោះមកអានអត្ថបទនេះអ្នកនឹងបានដឹងអំពីប្រភេទអាហារដែលអ្នកគួរដាក់ក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នកដើម្បីបង្កើនល្បឿនក្នុងការសម្រកទម្ងន់និងរក្សារាងកាយអ្នកឲ្យនៅស្រស់ស្អាតយ៉ាងមានប្រសិទ្ធភាព។ ត្រីសាម៉ុង ត្រីសាម៉ុងសម្បូរដោយអាស៊ីតខ្លាញ់ ប្រូតេអុីន និងអូមេហ្គា ៣ ដែលធ្វើឲ្យវាជាជម្រើសដ៏ល្អសម្រាប់របបអាហារសម្រកទម្ងន់ ប្រកបដោយសុខភាព។ ថ្វីត្បិតថា ត្រីសាម៉ុងជាប្រភេទត្រី ដែលមានជាតិខ្លាញ់ ប៉ុន្តែវាបានផ្ដល់ប្រសិទ្ធភាពល្អមិនគួរឲ្យជឿ និងមានកាល់ឡូរីតិចតួច។ សាច់គោ និងសាច់មាន់ ការញ៉ាំសាច់គ្មានខ្លាញ់ គឺជាវិធីល្អបំផុតដើម្បីបង្កើនជាតិប្រូតេអុីនក្នុងខ្លួនរបស់អ្នក។ តាមការពិត សាច់ គឺជាអាហារសម្រកទម្ងន់ព្រោះវាមានប្រូតេអុីនខ្ពស់ ប្រសិនបើអ្នកមានការកំណត់វាក្នុងអាហារប្រចាំថ្ងៃច្បាស់លាស់ ហើយវាគួរតែជាប្រភេទសាច់ ក្រៅពីសាច់ក្រហម និងសាច់ជាប់ខ្លាញ់ដែលផ្ទុកខ្លាញ់ឆ្អែតច្រើនហួសប្រមាណ។ យោងតាមវេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ បានណែនាំឲ្យងាកមកចាប់អារម្មណ៍ប្រភេទសាច់គោដែលគ្មានជាប់ខ្លាញ់ និងសាច់ទ្រូងមាន់វិញ ព្រោះវាផ្ទុកប្រូតេអុីនខ្ពស់ និងចូលរួមចំណែកជួយក្នុងការសម្រកទម្ងន់ដោយមិនធ្វើឲ្យយើងឆាប់ឃ្លានវិញបន្ទាប់ពីពិសាអាហាររួចបានដល់ទៅ ៦០%។ ត្រីធូណា ត្រីធូណា គឺជាអាហារមានជាតិកាល់ឡូរីទាប ជាតិខ្លាញ់ទាប និងមានជាតិប្រូតេអុីនខ្ពស់។ ត្រីធូណាត្រូវបានសង្កេតឃើញមានប្រជាប្រិយភាពក្នុងចំណោមអ្នករក្សារាង និងអ្នកហាត់ប្រាណ ដែលកំពុងព្យាយាមកាត់បន្ថយការញ៉ាំ ព្រោះត្រីប្រភេទនេះអាចបង្កើនជាតិប្រូតេអុីនខណៈពេលដែលការរក្សាកាល់ឡូរី និងជាតិខ្លាញ់មានកម្រិតទាប។ ផ្លែប័រ ផ្លែប័រ គឺជាប្រភពនៃជាតិប្រេងល្អ ដែលអ្នកអាចបញ្ចូលនៅក្នុងរបបអាហាររបស់អ្នកនៅពេលដែលអ្នកព្យាយាមសម្រកទម្ងន់តែអ្នកត្រូវកំណត់ការទទួលទានរបស់អ្នកឲ្យនៅកម្រិតមធ្យម។ ប័រ មានផ្ទុកប្រភេទអាស៊ីតម៉្យាងឈ្មោះ Monounsaturated oleic acid ក្នុងកម្រិតខ្ពស់ដែលជាប្រភេទជាតិខ្លាញ់ដូចគ្នានៅក្នុងប្រេងអូលីវ។ បន្ថែមពីនោះវាក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជាទឹក ជាតិសរសៃ និងប៉ូតាស្យូម។ ដំឡូងស្ងោរ អ្នកអាចជ្រើសរើសជាពិសេសគឺ ដំឡូងបារាំង។ ប្រសិនបើអ្នកទុកដំឡូងឲ្យត្រជាក់បន្ទាប់ពីស្ងោររួចវានឹងបង្កើតសារជាតិដែលមានជាតិសរសៃដែលត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនរួមទាំងការសម្រកទម្ងន់ផងដែរ។ បន្ថែមពីនេះពួកវាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណង់អាហាររបស់អ្នក ហើយអាចទប់ស្កាត់ការញ៉ាំចំណីអាហាររបស់អ្នកនៅពេលក្រោយ។ ស៊ុប អាហារភាគច្រើនមានដង់ស៊ីតេថាមពលទាបប្រសិនជាប្រភេទអាហារក្នុងទម្រង់ទឹក ដែលផ្ដល់នូវកម្រិតកាល់ឡូរីទាប។ ការសិក្សាខ្លះបានបង្ហាញថាការទទួលទានអាហារដូចគ្នា ប៉ុន្តែក្នុងទម្រង់ជាស៊ុបជាជាងអាហារគោក ធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្រាលនិងទទួលទានបរិមាណកាល់ឡូរីតិច។ ស៊ុបអាចជាផ្នែកមួយ ដ៏មានប្រសិទ្ធភាពនៃរបបអាហារសម្រកទម្ងន់ ប៉ុន្តែអ្នកគួរព្យាយាមចៀសវាងស៊ុបជាប្រភេទក្រែម ខ្លាញ់ ឬប្រេងច្រើន។ ផ្លែឈើ អ្នកឯកទេសខាងសុខភាពភាគច្រើនយល់ស្របថាផ្លែឈើធ្វើឲ្យមានសុខភាពល្អ។ ការស្រាវជ្រាវលើប្រជាជនជាច្រើនបានបង្ហាញថាអ្នកដែលបរិភោគផ្លែឈើ និងបន្លែភាគច្រើនមានសុខភាពល្អជាងមនុស្សដែលមិនសូវបរិភោគ។ ថ្វីបើវាមានជាតិស្ករធម្មជាតិក៏ដោយ ក៏ពួកវាមានដង់ស៊ីតេថាមពលទាបហើយចំណាយពេលច្រើនបន្តិចក្នុងការទំពារ ចំណែកជាតិសរសៃរបស់វាអាចជួយការពារកុំឲ្យសារធាតុស្ករចេញឆាប់រហ័សទៅក្នុងចរន្តឈាម។ ជាក់ស្ដែងផ្លែឈើ មានជាតិសរសៃខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ ដែលពន្យឺតការកើនឡើងនៃជាតិស្ករនៅក្នុងឈាមបន្ទាប់ពីអាហារ។ យ៉ាអ៊ួ យ៉ាអ៊ួ អាចជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារបានយ៉ាងល្អប្រសើរ ដែលអ្នកអាចជ្រើសរើសជារបបអាហារសម្រាប់ការសម្រកទម្ងន់ ប៉ុន្តែត្រូវចៀសវាងផលិតផលដែលមានជាតិស្ករបន្ថែម។ ប្រភេទនៃយ៉ាអ៊ួមួយចំនួនមានបាក់តេរីប្រូប៊ីយ៉ូទិច ដែលអាចបង្កើនមុខងារនៃពោះវៀនរបស់អ្នក ហើយនៅពេលដែលពោះវៀនមានសុខភាពល្អ វាអាចជួយការពារប្រឆាំងនឹងការរលាក និងការទប់ទល់នឹងអ័រម៉ូន Leptin ដែលជាកត្តាជំរុញដ៏សំខាន់មួយធ្វើឲ្យធាត់។ ផ្សិត អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Buffalo បានរកឃើញថាផ្សិតប្រភេទ Portobellos អាចជួយអ្នកបញ្ចុះទម្ងន់ ដោយសារវាមានសមត្ថភាពក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយការពារជំងឺទឹកនោមផ្អែម និងធ្វើឲ្យមានតុល្យភាពអ័រម៉ូន។ បន្ថែមពីនោះផ្សិតអាចជួយអ្នកឲ្យធ្វើលំហាត់ប្រាណបានយូរជាងធម្មតា។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។ អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត? ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។ តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ? ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។ តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា? បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖ • ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។ • ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។ រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច? នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖ • ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។ • ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។ គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។ តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ? ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖ • ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ • ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។ ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ទិវាលើកកម្ពស់សុខភាព Healthtime Festival បានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលហៅកាត់ថា CKCC ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណជនដែលជាយុវជនវ័យក្មេងជាពិសេសចូលរួមជាលក្ខណៈគ្រួសារ ដែលនេះសរបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាយើងបានងាកមកចាប់អារម្មណ៍លើការថែទាំសុខភាពរបស់ខ្លួនដូចដែលពាក្យថា "ការពារប្រសើរជាងព្យាបាល"។ សាធារណជនដែលបានចូលរួមក្នុងវេទិការបស់យើងបានទទួលនូវការពិនិត្យសុខភាពបឋមរបស់ខ្លួនរួមជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយនិងរាក់ទាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីសំណាក់វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យនិងគ្លីនិកជាដៃគូចំនួន ៦ ដែលមានឯកទេសផ្សេងៗគ្នា ដូចជាមន្ទីរពេទ្យពហុព្យាបាលជាតិខេមានិងគ្លីនិកខេមា បានផ្តល់នូវការពិនិត្យបឋមនិងប្រឹក្សាទូទៅលើបញ្ហាសុខភាពជាមួយនឹងការផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពក្នុងតម្លៃពិសេសលើការថតចង្វាក់បេះដូង ការថ្លឹងដង់ស៊ីតេឆ្អឹង ការពិនិត្យជាតិខ្លាញ់ក្នុងខ្លួនជាដើម  មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានផ្តល់នូវការប្រឹក្សាលើបញ្ហាមាត់ធ្មេញ ព្រមទាំងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើសេវាកម្មលាងធ្មេញ និងធ្វើឲ្យធ្មេញសនៅមន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យភ្នែកដុកទ័រ គង់ពិសិដ្ឋ បានផ្តល់នូវការពិនិត្យឌឺក្រេភ្នែកនិងបាតភ្នែក មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមបានផ្តល់នូវការពិនិត្យជាតិស្ករក្នុងឈាមរួមជាមួយនឹងការប្រឹក្សាស្តីពីបញ្ហាទឹកនោមផ្អែមនិងការការពារ គ្លីនិកឯកទេសអេគីបបានផ្តល់នូវការប្រឹក្សាយោបល់ស្តីពីបញ្ហាក្រពះពោះវៀននិងការផ្តល់ជូនតម្លៃពិសេសលើការធ្វើតេស្តរកមេរោគក្នុងក្រពះ និងគ្លីនិកសើស្បែកប៊ីស៊ី បានផ្តល់នូវការធ្វើតេស្តផ្ទៃមុខរួមជាមួយនឹងការប្រឹក្សាពីបញ្ហាស្បែកមុខនិងការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០%ចំពោះសេវាកម្មមួយចំនួនដែលតម្រូវឲ្យធ្វើនៅគ្លីនិកផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមរបស់យើងក៏បានក្រេបជញ្ជក់យកនូវចំណេះដឹងល្អៗសម្រាប់សុខភាពពីសំណាក់វាគ្មិនដែលជាវេជ្ជបណ្ឌិតឯកទេសល្បីឈ្មោះស្តីពីជំងឺកាចសាហាវនៅកម្ពុជា ដូចជាជំងឺមហារីកក្រពះពោះវៀនបកស្រាយដោយ លោកវេជ្ជបណ្ឌិត លី គីមឈុន ឯកទេសផ្នេកក្រពះ ពោះវៀន ថ្លើមនិងឫសដូងបាតនៃគ្លីនិកឯកទេសអេគីប ជំងឺគ្រុនឈាមបកស្រាយដោយ លោកវេជ្ជបណ្ឌិត មិញ ចាន់ភក្តី នៃមន្ទីរពហុព្យាបាលជាតិខេមា និងគ្លីនិកខេមា បញ្ហាតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបកស្រាយដោយ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែមនៃមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមផ្អែមសរសៃបាតភ្នែកបកស្រាយដោយ លោកវេជ្ជបណ្ឌិត សេង សិរី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែក ដុកទ័រគង់ ពិសិដ្ឋ។ ទិវាលើកកម្ពស់សុខភាព នេះប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូដែលជាអ្នកឧបត្ថម្ភធំរបស់យើងគឺ ក្រុមហ៊ុន Prudential Cambodia និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន សហករណ៍សរីរាង្គខ្មែរ ក្រុមហ៊ុន Mega Wecare ក្រុមហ៊ុន Brain Scan ក្រុមហ៊ុន Cocane ក្រុមហ៊ុន VIPASSA ក្រុមហ៊ុន Grab ក្រុមហ៊ុនអរុណរស្មី អង្គការ Helen Keller និងអង្គការ Japan Heart។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ការប្រើប្រាស់ម្សៅទឹកដោះគោជាវិធីសាស្ត្រដ៏ពេញនិយមចំពោះមាតាបិតាសម័យថ្មីបន្ទាប់ពីការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែតើអ្នកប្រាកដចិត្តទេថារបៀបឆុងម្សៅទឹកដោះគោរបស់អ្នកត្រឹមត្រូវ? ចុះការរក្សាទុកដាក់ និងការលាងសម្អាតវិញបានល្អដែរឬទេ? តោះស្រាយចង្ងល់ជាមួយដំណាក់កាលខាងក្រោម៖ ១. ផលិតផលមិនផុតកំណត់ នេះជាប្រការចាំបាច់បំផុតដែលអ្នកត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុនពេលប្រើប្រាស់ផលិតផលណាមួយ។ ភាគច្រើន អ្នកអាចស្វែងរកថ្ងៃខែផុតកំណត់ទាំងនោះដែលមានបិទលើសម្បកកំប៉ុង។ ក្នុងករណីផុតកំណត់គុណភាពរបស់ផលិតផលក៏មិនត្រូវបានធានាផងដែរ ហេតុនេះ អ្នកមិនត្រូវទិញ និងប្រើប្រាស់ផលិតផលដែលហួសកាលបរិច្ឆេទឡើយ។ ២. លាងសម្អាតដៃឲ្យបានស្អាត ដៃជាប្រភពនៃមេរោគជាច្រើន ដូច្នេះមុនពេលចាប់ផ្តើមឆុងទឹកដោះគោ អ្នកចាំបាច់ត្រូវលាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹកស្អាត ព្រមទាំងសម្ងួតដៃឲ្យបានត្រឹមត្រូវ។ ៣. រៀបចំដបទឹកដោះគោ សម្លាប់មេរោគ (Sterilization) ទាំងឡាយដែលមានជាប់នៅកំប៉ុង គម្រប ក្បាលជញ្ជក់ និងកងជុំវិញដបមុនពេលប្រើប្រាស់លើកដំបូង។ វិធីសាស្រ្តសម្លាប់មេរោគទាំងនេះមានដូចជា ការស្ងោររម្ងាស់ក្នុងទឹកក្តៅរយៈពេល ៥នាទី ឬស្ទីមក្នុងម៉ាស៊ីនម៉ាយក្រូវ៉េវ។ គួរចងចាំថាបន្ទាប់ពីប្រើលើកដំបូងអ្នកមិនចាំបាច់ធ្វើការសម្លាប់មេរោគតាមវិធីសាស្ត្រខាងលើនេះទៀតទេ ដោយអ្នកគ្រាន់តែលាងសម្អាតឧបករណ៍ទាំងនេះជាមួយសាប៊ូ និងទឹកស្អាតតាមរយៈការប្រើប្រាស់ច្រាសដើម្បីសម្អាតបានគ្រប់កន្លែង រួចទើបធ្វើការសម្ងួតឲ្យអស់ទឹក មុននឹងលាយម្សៅទឹកដោះគោ។ ៤. ការប្រើប្រាស់ទឹកដែលត្រឹមត្រូវ ការជ្រើសរើសប្រភេទទឹកស្អាតសម្រាប់ការឆុងទឹកដោះគោទារក ពិតជាលំបាកណាស់សម្រាប់មាតាបិតាគ្រប់រូប។ តាមពិត អ្នកអាចមានជម្រើស ២ប្រភេទគឺការដាំទឹកស្អាតដែលចេញពីប្រព័ន្ធទឹកស្អាតឲ្យពុះ និងការប្រើប្រាស់ទឹកស្អាតដបដែលមានស្រាប់។ ចំពោះវិធីសាស្រ្តដាំទឹកអ្នកចាំបាច់ដាំទុកឲ្យពុះក្នុងរយៈពេល១នាទី (ពុះយូរពេក អាចប្រឈមការកកើតកករ និងភាពមិនសុទ្ធផ្សេងទៀត) រួចទុកឲ្យត្រជាក់នៅសីតុណ្ហភាពបន្ទប់ (មិនត្រូវលើសពី ៣០នាទី) ទើបអាចយកមកលាយជាមួយម្សៅទឹកដោះគោ។ ចំណែកវិធីសាស្រ្តប្រើប្រាស់ទឹកស្អាតដបវិញហាក់មានភាពងាយស្រួលជាង ប៉ុន្តែអ្នកត្រូវចំណាយថវិកា និងពិចារណាឲ្យបានច្បាស់លាស់អំពីគុណភាពរបស់ទឹកនោះ។ ជាទូទៅទឹកប្រភេទនេះត្រូវបានបន្សុទ្ធដោយប្រព័ន្ធអូស្មូស យូវី និងអូហ្សូនដើម្បីសម្លាប់មេរោគ និងមិនមានផ្ទុកសារធាតុរ៉ែ ព្រមទាំងមានកម្រិតហ៊្វុយអ័ររ៉ាយទាប។ គួរបញ្ជាក់ថាទឹកប្រភេទនេះត្រូវបានទទួលស្គាល់គុណភាពដោយស្ថាប័នបញ្ជាក់គុណភាពទឹក។ ៥. ប្រើប្រាស់បរិមាណម្សៅដែលសមរម្យ ជាទូទៅ កម្រិតប្រើប្រាស់របស់ទារកម្នាក់ៗអាចផ្សេងគ្នាទៅតាមទម្ងន់ ឬអាយុ។ ហេតុនេះអ្នកគួរអនុវត្តនូវកម្រិតប្រើប្រាស់តាមការណែនាំដែលបានបិទនៅលើកំប៉ុងផលិតផលនីមួយៗតាមរយៈរង្វាល់ដែលមានភ្ជាប់មកជាមួយស្រាប់។ បន្ថែមពីនេះអ្នកគួរប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យកុមារមុនពេលចាប់ផ្តើមប្រើប្រាស់ ឬក្នុងករណីកើតមានបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដូចជាទល់លាមក រាក ឬហើមពោះជាដើម។ ៦. កម្តៅម្សៅទឹកដោះគោ ប្រសិនបើចាំបាច់ វិធីសាស្រ្ត ២ យ៉ាងដើម្បីកម្តៅទឹកដោះគោដែលបានលាយរួចគឺ ការត្រាំទឹកដោះគោដែលបានលាយរួចចូលក្នុងទឹកក្តៅឧណ្ហៗ រួចទុករយៈពេល ២ ទៅ៣នាទី ឬបង្ហូរទឹកក្តៅឧណ្ហៗពីលើ។ បញ្ជាក់ មិនត្រូវកម្តៅជាមួយម៉ាស៊ីនម៉ាយក្រូវ៉េវទេ ព្រោះអាចឲ្យខូចគុណភាពម្សៅទឹកដោះគោ និងក្តៅខ្លាំងអាចរលាកមាត់ទារកបាន។ ៧. រក្សាទុករូបមន្តដោយសុវត្ថិភាព បន្ទាប់ពីបើកផលិតផលប្រើ អ្នកត្រូវបិទគម្របឲ្យជិតមិនមានខ្យល់ចេញចូល ជាពិសេសត្រូវរក្សាទុកមិនឲ្យត្រូវពន្លឺថ្ងៃដើម្បីរក្សាគុណភាព។ ចំណែក ម្សៅដែលបានលាយរួច និងញ៉ាំម្តងហើយមិនត្រូវឲ្យទារកញ៉ាំម្តងទៀតឡើយ ក្នុងរយៈពេលមួយម៉ោងក្រោយ។ ម៉្យាងការបង្កកម្សៅទឹកដោះគោក្នុងទូរទឹកកកក៏ជាទង្វើមិនត្រឹមត្រូវដែរព្រោះវាអាចធ្វើឲ្យបាត់បង់គុណភាពផងដែរ។ ការជ្រើសរើសប្រភេទម្សៅទឹកដោះគោឲ្យសមស្របនឹងបុត្រធីតាអ្នកពិតជាលំបាកប៉ុន្តែការប្រុងប្រយ័ត្នក្នុងការលាយ និងការរក្សាទុករឹតតែសំខាន់ និងមិនគួរមើលរំលងឡើយ! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ករណីថ្គាមទាល់ដុះចេញ ត្រូវបានបង្ហាញឡើងជាមួយនឹងសំណួរជុំវិញបញ្ហានេះជាច្រើន។ ជាទូទៅការដុះថ្គាមទាល់អាចបង្កការឈឺចាប់មួយរយៈ និងបាត់ទៅវិញដោយឯកឯង។ យ៉ាងណាមិញទោះបីវាហាក់ដូចជាមិនបង្កផលរំខាននានាផ្សេងទៀតតែចម្ងល់ក្នុងការដកថ្គាមទាល់ចេញនៅតែជាបញ្ហាក្នុងការសម្រេចចិត្តរបស់ប្រជាជនមួយចំនួន។ តើថ្គាមទាល់បែបណាដែលអ្នកគួរដកចេញ? អត្ថបទខាងក្រោមនេះអាចជាចម្លើយរបស់អ្នក៖ សំណួរ៖ ខ្ញុំមានអាយុ ៣០ឆ្នាំ ភេទស្រី រស់នៅខេត្តបាត់ដំបង។ ខ្ញុំមានថ្គាមទាល់ដុះចេញតែពាក់កណ្តាល និងមានសាច់គ្របពីលើពាក់កណ្តាល។ តើខ្ញុំគួរតែដកចេញ ឬយ៉ាងណា បើពេលនេះវាមិនផ្តល់ការឈឺចាប់អ្វីឡើយ? ចម្លើយ៖ ប្អូនគួរតែដកចេញ ទោះបីជាពេលនេះវាមិនមានការឈឺចាប់ក៏ដោយព្រោះវានឹងអាចបង្កការឈឺចាប់នៅពេលអនាគតនិងធ្វើឲ្យប៉ះពាល់ ឬខូចខាតដល់ធ្មេញជិតខាងដោយសារការសម្អាតមិនបានស្អាតល្អធ្វើឲ្យមានរោគពុកធ្មេញ រោគអញ្ចាញនិងបញ្ហាផ្សេងៗដូចជាបញ្ហាក្លិនមាត់ជាដើម។ បកស្រាយដោយ៖ ទន្តបណ្ឌិត សុខ ជា អគ្គនាយកមន្ទីរព្យាបាលមាត់ធ្មេញសុខ ជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

អតិថិជនមានសិទ្ធិក្នុងការជ្រើសរើស ឬផ្លាស់ប្តូរមូលដ្ឋានសុខាភិបាលគ្រូពេទ្យព្យាបាល ឬអ្នកផ្តល់សេវាដទៃទៀត។ សម្រាប់អតិថិជនដែលជាស្រ្តីភេទមានសិទ្ធិជ្រើសរើសអ្នកផ្តល់សេវាដែលជាស្រ្តីដូចគ្នាបានក្នុងកាលៈទេសៈសមស្រប។ ដោយឡែកអតិថិជនក៏មានសិទ្ធិមិនព្រមទទួល ឬផ្អាកការព្យាបាល និងអន្តរាគមន៍វេជ្ជសាស្ត្រនានា។ តើការអនុវត្តចំពោះសិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រមមានអ្វីខ្លះ? • អ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានពីការជ្រើសរើសការថែទាំព្យាបាល និងព័ត៌មានស្តីពីគុណសម្បត្តិ និងគុណវិបត្តិនូវរាល់ការថែទាំព្យាបាល ឬអន្តរាគមន៍ដល់អតិថិជនឲ្យបានអស់លទ្ធភាព និងផ្តល់អនុសាសន៍អំពីជម្រើសដែលល្អជាងគេ។ • អ្នកផ្តល់សេវាត្រូវធានាថាព័ត៌មានដែលបានប្រាស្រ័យទាក់ទងគ្នា គឺប្រើពាក្យសម្តីសាមញ្ញៗដែលងាយយល់ និងស្តាប់បាន។ • អ្នកផ្តល់សេវាត្រូវផ្តល់សេវាសុខាភិបាលឲ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់អតិថិជន និងស្តង់ដារជាតិ។ • ត្រូវពន្យល់ឲ្យបានច្បាស់លាស់ដល់អតិថិជនអំពីផលវិបាកដែលអាចកើតមាននៅពេលដែលគេបដិសេធ ឬបញ្ឈប់នូវការធ្វើអន្តរាគមន៍។ • អ្នកផ្តល់សេវាត្រូវពន្យល់ឲ្យបានច្បាស់លាស់ដល់អតិថិជនអំពីផលវិបាកដែលអាចកើតមាននៅពេលគេបដិសេធ ឬបញ្ឈប់នូវការធ្វើអន្តរាគមន៍។ • ប្រសិនបើអតិថិជន ឬអ្នកតំណាងរបស់គាត់នៅតែសម្រេចចិត្តបដិសេធ ឬបញ្ឈប់នោះអ្នកផ្តល់សេវាសុខភាពត្រូវស្នើសុំឲ្យមានការយល់ព្រមពីអតិថិជន ឬអ្នកតំណាងដោយសរសេរជាលាយល័ក្ខអក្សរ។ • ប្រសិនបើអតិថិជន ឬអ្នកតំណាងរបស់គាត់បដិសេធផ្តល់ការយល់ព្រមហើយអ្នកផ្តល់សេវាសុខភាព ឬគ្រូពេទ្យយល់ឃើញថាកិច្ចអន្តរាគមន៍មួយត្រូវតែធ្វើដើម្បីផលប្រយោជន៍ដល់អាយុជីវិតអតិថិជនការសម្រេចចិត្តនោះត្រូវបញ្ជូនទៅគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ • ការយល់ព្រមពីអតិថិជនគឺជាការចាំបាច់ចំពោះរាល់ការរក្សាទុក ឬប្រើប្រាស់សារធាតុទាំងឡាយរបស់អតិថិជនទោះក្នុងការធ្វើរោគវិនិច្ឆ័យធម្មតាការព្យាបាល និងការថែទាំក្តី។ ក្នុងករណីចាំបាច់ខ្លះទាមទារឲ្យមានការយល់ព្រមជាលាយល័ក្ខអក្សរពីអតិថិជន។ • ការយល់ព្រមពីអតិថិជនដោយបានការពន្យល់ច្បាស់លាស់គឺជាការចាំបាច់សម្រាប់ឲ្យគាត់ចូលរួមនៅពេលបង្រៀនមុខវិជ្ជាគ្លីនិក។ អ្នកផ្តល់សេវាជានិច្ចកាលត្រូវតែស្នើសុំការយល់ព្រមពីអតិថិជន ឬអ្នកតំណាងរបស់គាត់មុននឹងធ្វើការបង្រៀនមុខវិជ្ជាគ្លីនិកដែលមានការចូលរួមពីអតិថិជន។ • ការយល់ព្រមពីអតិថិជនដោយបានពន្យល់ច្បាស់លាស់ គឺជាការចំាបាច់សម្រាប់ឲ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត។ • រាល់វិធីស្រាវជ្រាវទាំងអស់ត្រូវដាក់ជូនឲ្យគណៈកម្មការក្រមសីលធម៌ ដើម្បីធ្វើការពិនិត្យការស្រាវជ្រាវមិនត្រូវអនុវត្តទៅលើអតិថិជនទាំងឡាយណាដែលគេមិនអាចមានលទ្ធភាពបញ្ចេញឆន្ទៈឲ្យធ្វើនោះទេបុគ្គលិកណាដែលមានការយល់ព្រមពីតំណាងស្របច្បាប់ ហើយការស្រាវវជ្រាវនោះសោតនឹងអាចមានប្រយោជន៍សម្រាប់អតិថិជនផង និងសាធារណជនផង។ តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រមមានអ្វីខ្លះ? • អតិថិជន ឬអ្នកតំណាងរបស់គាត់ទទួលខុសត្រូវនូវរាល់ផលវិបាកទាំងឡាយដែលកើតមានឡើងមកពីការសម្រេចចិត្តរបស់គាត់ ជាពិសេសនៅពេលសម្រេចចិត្តមិនធ្វើតាមអនុសាសន៍របស់អ្នកផ្តល់សេវាសុខភាព។ • អតិថិជនត្រូវតែស្គាល់ច្បាស់ពីសិទ្ធិទាំងនោះ។ គាត់អាចស្វែងរកសមាជិកគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យបង្អែកដែលបានទទួលការណែនាំដើម្បីធ្វើការបញ្ជាក់បំភ្លឺ និងធ្វើអន្តរាគមន៍នៅពេលមិនច្បាស់ឬមានបញ្ហា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មានអារម្មណ៍ថារមាស់ស្បែកក្បាលណាស់មែនទេ? ឆ្ងល់ណាស់ហេតុអ្វីស្បែកក្បាលដែលធ្លាប់តែមានសុខភាពល្អប្រែជាស្ងួត រមាស់ ហើយងាយប្រតិកម្ម ប្រើផលិតផលអ្វីក៏មិនត្រូវសោះ? តើនេះមកពីអ្វី? តើគួរដោះស្រាយបែបណា?  មូលហេតុដែលបណ្តាលឲ្យស្បែកក្បាលស្ងួតងាយប្រតិកម្ម តាមពិត មានហេតុផលច្រើនយ៉ាងដែលបណ្តាលឲ្យស្បែកក្បាលមានសភាពស្ងួតខុសប្រក្រតី និងឆាប់អាល្លែកហ្ស៊ី ដែលកត្តាទាំងនោះអាចមានដូចជា៖ - កត្តាតំណពូជ - បម្រែបម្រួលអ័រម៉ូន ជាពិសេសវ័យជំទង់ - ទទួលទានសុរាច្រើនពេក - បរិភោគអាហារដែលមានជាតិផ្អែម ឬជាតិប្រៃខ្ពស់ ឬហឹរពេក - កង្វះសារធាតុចិញ្ចឹម ដូចជាពពួកអាស៊ីតខ្លាញ់ (Fatty acid) និងវីតាមីនបេ - បម្រែបម្រួលអាកាសធាតុ - ស្ត្រេស - ការប្រើប្រាស់សាប៊ូដែលមានសារធាតុគីមីច្រើន និងរយៈពេលយូរ - ការបង្ករោគដោយពពួកផ្សិត - ប្រើប្រាស់ទឹកមិនស្អាត ជាពិសេសប្រភេទទឹករឹង (ជាប្រភេទទឹកដែលសម្បូរទៅដោយរ៉ែ ជាពិសេសកាល់ស្យូម និងម៉ាញ៉េស្យូម) - ប្រើប្រាស់ផលិតផលធ្វើម៉ូតសក់ញឹកញាប់ពេក - ព្រងើយកន្តើយក្នុងការថែរក្សាសុខភាពស្បែកក្បាល ក៏ដូចជាសរសៃសក់។ ដំណោះស្រាយ ដើម្បីដោះស្រាយចំពោះបញ្ហាដែលមានខាងលើ អ្នកចាំបាច់ត្រូវកំណត់អំពីប្រភេទនៃមូលហេតុបង្កជាមុនសិន។ ជាក់ស្តែងប្រសិនបើបញ្ហានេះបណ្តាលមកពីអាហារ ស្ត្រេស ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ ឬចូលចិត្តធ្វើម៉ូតសក់ជាដើម អ្នកចាំបាច់ត្រូវព្យាយាមផ្លាស់ប្តូរទម្លាប់ទាំងអស់នោះ។ ខាងក្រោមនេះ ជាដំណោះស្រាយសំខាន់ៗ ៨ចំណុចដែលគួរអនុវត្តបន្ថែម៖ ១. ប្រើប្រាស់សាប៊ូដែលស្រាលស្រទន់ចំពោះស្បែកក្បាល ជាទូទៅ សាប៊ូប្រភេទនេះគ្មានពណ៌ គ្មានក្លិន គ្មានសារធាតុគីមីដែលងាយធ្វើឲ្យស្បែកក្បាលមានប្រតិកម្មឡើយ។ លក្ខណៈពិសេសរបស់សាប៊ូទាំងនេះគឺកាត់បន្ថយរមាស់ ប្រឆាំងនឹងបាក់តេរីដែលបង្ករោគលើស្បែកក្បាល បង្កើនសំណើមដល់ស្បែកក្បាលព្រមទាំងអាចកាត់បន្ថយការរលាកផងដែរ។ ២. កុំប្រើទឹកក្តៅកក់សក់ ខណៈពេលស្បែកក្បាលអ្នកកំពុងមានបញ្ហាបែបនេះសូមកុំប្រើទឹកក្តៅរាល់ពេលលាងសម្អាតសក់ ព្រោះទឹកក្តៅអាចបណ្តាលឲ្យស្បែកក្បាលកាន់តែខូចខាតជាពិសេសអាចរំខានដល់ការលូតលាស់សរសៃសក់ទៀតផង។ ទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់ទឹកក្តៅឧណ្ហៗ បន្ទាប់មកប្រើប្រាស់ទឹកត្រជាក់បន្ថែមប្រសិនបើអ្នកមានអារម្មណ៍ថាសីតុណ្ហភាពស្បែកក្បាលប្រែប្រួល។ ទង្វើបែបនេះ អាចជួយស្រោបគល់សក់ធ្វើឲ្យសក់ភ្លឺ និងជួយជំរុញលំហូរឈាមទៅចិញ្ចឹមស្បែកក្បាលផងដែរ។ ៣. បន្ថែមសារធាតុចិញ្ចឹម និងផ្តល់សំណើមឲ្យបានទៀងទាត់ ជាប្រភេទផលិតផលដែលមាននាទីជាក់លាក់ក្នុងការបំប៉ន និងផ្តល់សំណើមដល់ស្បែកក្បាលបានយ៉ាងប្រសើរ។ អ្នកគួរចាប់ផ្តើមប្រើប្រាស់ផលិតផលនេះដើម្បីជំនួយសុខភាពស្បែកក្បាល ជាជាងការប្រើប្រាស់ផលិតផលនានាដែលមានតួនាទីចំពោះសរសៃសក់។ សូមអនុវត្តការប្រើប្រាស់ទៅតាមការណែនាំរបស់ផលិតផលនីមួយៗ។  ៤. ជម្រុះកោសិកាស្បែក ដូចគ្នាទៅនឹងកោសិកាស្បែកដែលការអនុវត្តការខាត់ស្បែកមិនគួរត្រូវបានមើលរំលង ប៉ុន្តែចំពោះស្បែកក្បាលកំពុងមានបញ្ហាបែបនេះ អ្នកគួរជ្រើសរើសប្រភេទផលិតផលណាដែលស្រាល មិនកាត់ខ្លាំង និងផ្តល់សំណើមដល់ស្បែកក្បាលបន្ថែម។ ជាទូទៅ អ្នកគួរអនុវត្តម្តង ឬ ២ដងក្នុងមួយសប្ដាហ៍។ ៥. កុំអេះ ឬកេះស្បែកក្បាល ជឿជាក់ថា ស្បែកក្បាលបែបនេះបណ្តាលឲ្យអ្នកពិបាកទ្រាំ មិនឲ្យអេះខ្លាំងណាស់ ប៉ុន្តែចូរអ្នកចងចាំថាការអេះអាចបណ្តាលឲ្យស្បែកក្បាលកាន់តែមានបញ្ហាធ្ងន់ធ្ងរ។ ហេតុនេះ ដើម្បីកាត់បន្ថយផលរំខានអ្នកអាចប្រើថូនឺរសម្រាប់ជូតស្បែកក្បាលដែលរមាស់និងស្ងួតរាល់ពេលមានបញ្ហា។ ៦. ពិសាទឹកឲ្យបានច្រើន ទឹកមានសារៈសំខាន់ណាស់ចំពោះសុខភាពស្បែក។ អ្នកគួរព្យាយាមពិសាទឹកឲ្យបានច្រើន ជាមធ្យម ២លីត្រ ក្នុងមួយថ្ងៃ (ប៉ុន្តែអាស្រ័យតាមសកម្មភាព ទម្ងន់ និងអាកាសធាតុផងដែរ)។ ពិសាទឹកបានគ្រប់គ្រាន់ អាចជួយថែរក្សាសុខភាពស្បែកក្បាល ក៏ដូចជាជួយការលូតលាស់របស់សក់បានកាន់តែល្អ។ ៧. ទទួលទានអាហារដែលជួយចិញ្ចឹមស្បែកក្បាល ស្បែកក្បាលក៏ដូចជាប្រភេទស្បែកផ្សេងទៀតនៃរាងកាយដែរ គឺត្រូវការចាំបាច់ណាស់នូវប្រភេទអាហារចម្រុះ ប្រកបទៅដោយសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ប្រភេទវីតាមីននិងសារធាតុចិញ្ចឹមទាំងនោះមានដូចជា ប្រូតេអុីន ជាតិដែកដែលសម្បូរនៅក្នុងសាច់ក្រហម គ្រាប់អាល់ម៉ុន ប្រូខូលី និងស្ពៃខៀវ។ ក្រៅពីនេះ សង្ក័សីដែលសម្បូរក្នុងគ្រាប់ធញ្ញជាតិ ស៊ុត ព្រមទាំងប្រភេទអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានក្នុងគ្រាប់ផ្លែឈើ និងត្រី ក៏ជាប្រភពដ៏សំខាន់ក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាពស្បែកក្បាលឲ្យបានប្រសើរឡើងវិញផងដែរ។ ៨. ជួបអ្នកជំនាញ ក្នុងករណី ការសាកល្បងជាមួយវិធីសាស្ត្រនានាមិនបានជោគជ័យ ការជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញស្បែកពិតជាមានសារៈសំខាន់ណាស់។ គ្រូពេទ្យនឹងធ្វើការតាមដានសភាពស្បែក ក៏ដូចជាមូលហេតុពិតប្រាកដដែលបង្កជាបញ្ហាជាពិសេសការជ្រើសរើសប្រភេទផលិតផលដែលសមស្របចំពោះសុខភាពស្បែកក្បាលអ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

តើអ្នកកំពុងពិបាកចិត្តជាមួយការឡើងទម្ងន់ខ្លាំងមែនទេ? តើអ្នកធ្លាប់ពិនិត្យមើលរបបអាហាររបស់អ្នកដែរឬទេ? តើអ្នកមានដឹងទេថាមានប្រភេទអាហារអ្វីខ្លះ ដែលធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែលឿន? ខាងក្រោមនេះនឹងបង្ហាញអ្នកអំពីប្រភេទអាហារដែលមានកាល់ឡូរីខ្ពស់ និងធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងជាងរបបអាហារធម្មតា។ ១. បង្អែម នៅពេលអ្នកញ៉ាំរបស់ផ្អែមៗ ដូចជា នំខេក ទឹកក្រឡុកការ៉េម ឬប្រភេទបង្អែមដែលមានរសជាតិផ្អែមខ្លាំងវាអាចបង្កឲ្យអ្នកឡើងទម្ងន់ដោយមិនបានចាប់អារម្មណ៍។ ក្នុងនោះ ប្រភេទនំដុតក៏មានផ្ទុកកាល់ឡូរីជាច្រើនផងដែរ ដូចនេះ អ្នកគួរកាត់បន្ថយទម្លាប់នៃការញ៉ាំរបស់ផ្អែមច្រើន ឬពិនិត្យទម្លាប់ញ៉ាំឡើងវិញប្រសិនបើអ្នកចង់រក្សាទម្ងន់របស់អ្នក។ ២. អាហារបែបអឺរ៉ុប ឬ Fast Food ក្នុងនោះមានដូចជា ភីហ្សា ប៊ឺហ្គឺ មាន់បំពង ឈីសជាដើម ដែលសម្បូរដោយជាតិខ្លាញ់ និងផ្ទុកកាល់ឡូរីខ្ពស់គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ គេបានបន្ថែមអំបិល ស្ករ និងខ្លាញ់ជាច្រើន ក្នុងការចម្អិនវាឲ្យមានរសជាតិ និងជាទីចាប់ចិត្តរបស់អ្នកញ៉ាំ ប៉ុន្តែអ្នកមិនបានដឹងថាវាមានជាតិកាល់ឡូរីដល់ទៅជាង ២០០ឯណោះក្នុងម្សៅឈីសដែលនឹងមិនងាយលាយតាមវិធីធម្មតា។ ៣. សាច់ក្រហម និងសាច់ជាប់ខ្លាញ់ ប្រាកដណាស់ ការញ៉ាំសាច់ច្រើនពេក ក៏បណ្តាលឲ្យអ្នកធាត់បានដែរ ជាពិសេសសាច់ក្រហម និងសាច់ជាប់ខ្លាញ់ព្រោះវាសម្បូរទៅដោយប្រភេទខ្លាញ់ឆ្អែតដែលបណ្តាលឲ្យកើនបរិមាណកូឡេស្តេរ៉ុលក្នុងខ្លួនហើយវាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទេ ថែមទាំងបង្កជំងឺដល់បេះដូងទៀតផង។ ៤. ប្រភេទភេសជ្ជៈប៉ូវកម្លាំង និងសូដា ភេសជ្ជៈទាំងនេះផ្ទុកជាតិស្ករច្រើនហួសប្រមាណដែលអាចបន្ថែមគីឡូទៅលើរាងកាយរបស់អ្នក ជាពិសេសត្រង់ផ្នែកក្បាលពោះ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកផងដែរ។ ជាក់ស្ដែងប្រភេទភេសជ្ជៈទាំងនោះមានដូចជាគ្រឿងកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ឬទឹកសូដា ជាដើម។ ៥. កាបូអុីដ្រាតចម្រាញ់ កាបូអុីដ្រាតចម្រាញ់ ឬជាតិស្ករចម្រាញ់ គឺជាផលិតផលចេញពីគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃដោយក្រុមហ៊ុនផលិតអាហារ ទៅជាផលិតផលផ្សេងៗទៀត ជាក់ស្ដែង ដូចជាដំណើរការយកអង្ករទៅធ្វើជាម្សៅ រួចយកម្សៅទៅផលិតជា នំប៉័ង នំឃុកគី នំដូណាត់ ដែលទាំងនោះសុទ្ធតែធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងប្រសិនបើអ្នកញ៉ាំច្រើន ឬញឹកញាប់ពេក។ ៦. សុរា ដូចគ្នានេះដែរ អ្នកក៏នឹងអាចឡើងទម្ងន់ដោយសារការទទួលទានជាតិអាល់កុល ឬស្រា ជាពិសេសសង្កេតឃើញការកើនឡើងទម្ងន់នៅត្រង់តំបន់ក្បាលពោះ។ យ៉ាងណាមិញ នៅក្នុងស្រាមានជាតិកាល់ឡូរីខ្ពស់ រួមទាំងការបញ្ជូនជាតិស្ករទៅក្នុងឈាមបានកាន់តែលឿនជាងធម្មតា។ ៧. អាហារចៀន បំពង និងដុត ការចៀន និងបំពងគឺទាមទារការប្រើប្រាស់ខ្លាញ់ ឬប្រេងច្រើនខ្លាំងជាងធម្មតា ដូចនេះ អ្នកគួរចៀសវាងប្រភេទអាហារទាំងនេះដើម្បីរក្សារាងកាយឲ្យមានតុល្យភាព និងសុខភាពល្អជាជាងការញ៉ាំតាមការចង់បាន។ ម៉្យាងវិញទៀត អាហារបែបដុតធម្មតា ឬប្រើប្រាស់ Microwave ក៏មានផ្ទុកនូវសារជាតិ ដែលអាចឲ្យអ្នកធាត់បានដោយមិនចាប់អារម្មណ៍ផងដែរ។ ប្រសិនបើអ្នកមានបំណងចង់រក្សារាងឲ្យបានស្អាត អ្នកគួរពិនិត្យ និងកែប្រែទម្លាប់ក្នុងការញ៉ាំប្រភេទអាហារទាំងនេះឲ្យនៅកម្រិតទាបបំផុត។ តាមរយៈការកាត់បន្ថយនេះអ្នកមិនត្រឹមតែទប់ស្តាត់ការឡើងទម្ងន់ទេ អ្នកថែមទាំងទទួលបានសុខភាពល្អ ជារង្វាន់លើកទឹកចិត្តទៀតផង។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

មានគម្រោងទៅណាទេថ្ងៃអាទិត្យនេះ? បើមិនទាន់ដឹងត្រូវទៅណាទេ នាំគ្រួសារឬមិត្តភក្តិមក CKCC មក ចូលរួម ទិវាលើកកម្ពស់សុខភាព Healthtime Festival ដែលរៀបចំឡើងដោយក្រុមហ៊ុន ហេលស៍ថាម ទាំងអស់គ្នាណា ព្រោះបានទាំងសប្បាយ បានទាំងចំណេះ បានទាំងសុខភាពល្អទៀត។ រកណាមាន? ក្រៅពីសិក្ខាសាលាដែលពោរពេញដោយប្រធានបទល្អៗ និងគួរឲ្យចាប់អារម្មណ៍ពីសំណាក់វាគ្មិនល្បីៗរបស់យើងហើយនោះ លោកអ្នកក៏អាចរីករាយជាមួយនឹងសកម្មភាពនៅតាមស្តង់ពិពណ៌នៅក្នុងទិវានេះផងដែរ ដូចជាការលេងហ្គេមសប្បាយៗជាមួយនឹងការឈ្នះរង្វាន់អនុស្សាវរីយ៍ និងការផ្តល់ជូនពិសេសផ្សេងៗទៀតពីក្រុមហ៊ុន Grab ការផ្តល់ជូនការបញ្ចុះតម្លៃ ៥០%លើកញ្ចប់ Pre-Scan ពីក្រុមហ៊ុន Brain Scan ការធ្វើតេស្តកម្រិតចងចាំរបស់អ្នកពីក្រុមហ៊ុន Mega ផ្តល់នូវសៀវភៅស្តីពីអាហារូបត្ថម្ភជាពីអង្គការ Hellen Keller និងការផ្តល់ជូនជាច្រើនទៀតពីដៃគូដទៃទៀតរបស់យើងដូចជាក្រុមហ៊ុន Prudential ផលិតផល Co-Plaster ផលិតផល Coxil ផលិតផល One Q Gummy ក្រុមហ៊ុន Cocane ក្រុមហ៊ុន VIPASSA ក្រុមហ៊ុន Khmer Organic។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានផងដែរនូវការបញ្ចុះតម្លៃពិសេសលើកញ្ចប់ពិនិត្យសុខភាពក្នុងតម្លៃពិសេសពីសំណាក់គ្លីនិកជាដៃគូ ដូចជា គ្លីនិកឯកទេសអេគីប បញ្ចុះតម្លៃលើការពិនិត្យរកមេរោគក្នុងក្រពះ គ្លីនិកសើស្បែកប៊ីស៊ី ផ្តល់ជូនតម្លៃពិសេសលើការម៉ាស្សា និងព្យាបាលផ្ទៃមុខ មន្ទីរពហុព្យាបាលជាតិខេមានិងគ្លីនិកខេមាផ្តល់ជូនកញ្ចប់ពិនិត្យពិសេសត្រឹមតែ១៥ដុល្លារ មន្ទីរពេទ្យទន្តសាស្ត្ររំចង់ផ្តល់ជូនបណ្ណបញ្ចុះតម្លៃ ១០%ចំពោះសេវាកម្មសម្អាតធ្មេញនិងធ្វើឲ្យធ្មេញសនៅមន្ទីរពេទ្យផ្ទាល់ រួមជាមួយនឹងការផ្តល់ជូនផ្សេងៗទៀតពីមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម។ កុំភ្លេចចូលរួមទាំងអស់គ្នាណា! បើមិនបានចូលរួម ស្តាយស្លាប់ហើយបើការផ្តល់ជូនច្រើនអីច្រើនយ៉ាងនេះនោះ! តោះ! លើកទូរស័ព្ទហើយហៅមកកាន់លេខ 0៧៧ ៨៨៨ ០៧៥ ដើម្បីកក់សំបុត្រជាមុនទាន់មានតម្លៃពិសេសណា។ ជួបគ្នាថ្ងៃអាទិត្យ ទី២១ កក្កដា ឆ្នាំ២០១៩នេះ នៅសាលពហុបំណងរបស់ CKCC ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដើម្បីសុខភាពយើង និងគ្រួសារយើង។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

Urinary Incontinence គឺជារោគសញ្ញានៃការចេញទឹកនោមដោយមិនដឹងខ្លួន ឬមិនអាចគ្រប់គ្រងការបត់ជើងតូចបាន។ យោងតាមទិន្នន័យនៅប្រទេសអភិវឌ្ឍមួយចំនួនបានបង្ហាញថា បញ្ហានេះតែងកើតលើស្ត្ រី២ដងច្រើនជាងបុរស។ ក្នុងស្ថិតិនោះ ២៥%-៣០%ជាស្ត្រីអាយុចន្លោះពី ៥០ឆ្នាំ-៦៥ឆ្នាំ ១០%ជាស្ត្រីមិនធ្លាប់បានសម្រាលកូន ឬមិនធ្លាប់មានផ្ទៃពោះ ១៥-២០%ជាស្ត្រីសម្រាលដោយការវះកាត់ និង២០-៣០%ជាស្ត្រីធ្លាប់ឆ្លងទន្លេ ឬមានកូនច្រើន។ មូលហេតុ និងកត្តាជំរុញ អាស្រ័យដោយទម្រង់រូបរាងនៃប្រព័ន្ធតម្រងនោមរបស់បុរស និងស្ត្រីមានលក្ខណៈខុសគ្នា ដូច្នេះវាអាចមានមូលហេតុផ្សេងគ្នា៖ • ស្ត្រី៖ ភាគច្រើនបណ្តាលមកពីការថយចុះនៃមុខងារ ឬដំណើរការសាច់ដុំបាតផ្នែកខាងក្រោមដែលភ្ជាប់ពីឆ្អឹងខាងលើមកឆ្អឹងកញ្ចូញគូទមានតួនាទីទប់ទឹកនោម-លាមក មិនឲ្យហូរចេញផ្តេសផ្តាស និងបញ្ហាប្លោកនោមលៀនចេញមកក្រៅ • បុរស៖ កើតមានជាពិសេសចំពោះអ្នកដែលទើបតែវះកាត់ ឬកោសក្រពេញប្រូស្តាត។  ក្រៅពីនេះ លក្ខខណ្ឌខ្លះអាចជាកត្តាជំរុញផងដែរដូចជាអ្នកជំងឺទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួន ឬពិការជើងទាំងពីរកម្រើកមិនរួច អ្នកជំងឺរលាកខួរឆ្អឹងខ្នង អ្នកជំងឺធ្លាក់ទឹកចិត្ត ស្ត្រីអស់រដូវ ស្ត្រីមានកូនច្រើន អ្នកមានកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនថយចុះ អ្នកលើសទម្ងន់ ក្អករ៉ាំរ៉ៃ ករណីជនពិការដែលពិបាកក្នុងការដើរអ្នកឧស្សាហ៍ទល់លាមក អ្នកញៀនស្រា ឬញៀនបារី អ្នកប្រើថ្នាំមួយចំនួន (ថ្នាំបំបាត់ការធ្លាក់ទឹកចិត្ត ថ្នាំបន្ថយការកន្ត្រាក់សាច់ដុំ ថ្នាំសរសៃប្រសាទ)។ សញ្ញាសម្គាល់ អ្នកជំងឺអាចដឹងដោយខ្លួនឯងថាមិនអាចគ្រប់គ្រងការបត់ជើងតូចបាន ឬទឹកនោមចេញមកដោយឯងៗអាស្រ័យនឹងប្រភេទនៃ Urinary Incontinence ខាងក្រោម៖ • Stress Incontinence៖ ការចេញទឹកនោមដោយឯងៗនៅពេលមានចលនាដូចជាសើច ក្អក កណ្តាស់ ហាត់កីឡា ឬធ្វើការងារធ្ងន់ៗដោយសារមានការកើនឡើងនូវសម្ពាធក្នុងពោះ សង្កត់ និងរុញទឹកនោមឲ្យចេញមកដោយខ្លួនឯង • Urge Incontinence៖ ការចេញទឹកនោមបន្ទាន់ដោយមិនដឹងខ្លួន ដែលតែងកើតមានឡើងនៅពេលយប់ • Mixed Incontinence៖ ការចេញទឹកនោមទាំង ២ប្រភេទខាងលើកើតរួមគ្នាដោយអ្នកជំងឺស្រាប់តែឈឺបត់ជើងតូចភ្លាមៗ ហើយគាត់ក្អក ឬកណ្តាស់ក្នុងពេលនោះ ធ្វើឲ្យទឹកនោមចេញមកភ្លាមៗ។ ការវិនិច្ឆ័យបញ្ជាក់ ដំបូងគ្រូពេទ្យនឹងធ្វើការសាកសួរយ៉ាងលម្អិត និងក្បោះក្បាយអំពីប្រវត្តិរបស់អ្នកជំងឺ លើការមានផ្ទៃពោះការអស់រដូវ។ បើជាបុរសគ្រូពេទ្យនឹងសួរអំពីប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាត ឬការធ្លាប់មានរងរបួសផ្សេងៗ។ ក្រៅពីនេះ អ្នកជំងឺអាចនឹងត្រូវពិនិត្យគ្លីនិកបន្ថែមទៀតតាមរយៈ៖ • ការពិនិត្យដោយឈរ៖ អ្នកជំងឺតម្រូវឲ្យញ៉ាំទឹកដើម្បីមានទឹកនោមច្រើនបន្ទាប់មកឲ្យគាត់ប្រឹងក្អក ពេលនោះអ្នកជំងឺនឹងលេចចេញទឹកនោមមកជាមួយដែរ។ • ការពិនិត្យដោយគេង៖ ដំបូងគ្រូពេទ្យនឹងបាញ់ទឹកចូលក្នុងប្លោកនោមពី២៥០ ទៅ៣០០សេសេ រួចដកចេញមកវិញដោយឲ្យអ្នកជំងឺប្រឹងទប់ ឬប្រឹងខ្ជឹប។ តេស្តពិសេសចំពោះស្ត្រីមួយគឺ ប្រើម្រាមដៃ ២លើកបង្ហួរនោម (បន្ទាប់ពីបាញ់ទឹកចូល ៣០០សេសេ)។ ករណីខ្លះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើតេស្តបន្ថែមទៀតដោយយកសំឡីត្បារត្រចៀករុកចូលក្នុងបង្ហួរនោម និងតេស្តបញ្ជាក់ពីភាពខ្សោយ ដោយដាក់ម្រាមដៃ ២ចូលក្នុងទ្វារមាសហើយឲ្យអ្នកជំងឺខ្ជឹប។ លើសពីនេះអ្នកជំងឺនឹងតម្រូវឲ្យធ្វើតេស្តរកមើលការបង្ករោគនៅក្នុងទឹកនោម ការពិនិត្យអេកូសាស្ត្រដើម្បីរកសញ្ញាណមិនប្រក្រតីផ្សេងទៀតនិងការធ្វើរោគវិនិច្ឆ័យពិសេសមួយទៀតហៅថា Balance urodynamics។ ម៉្យាងទៀត អ្នកជំងឺនឹងត្រូវបានណែនាំឲ្យកត់ត្រាបន្ថែមនូវពេលវេលា បរិមាណ ចំនួនដងក្នុងមួយថ្ងៃ និងលក្ខខណ្ឌណាមួយនៃការចេញទឹកនោមឯងៗរបស់គាត់ ដើម្បីអាចវាយតម្លៃការព្យាបាលនៅពេលអនាគត។ ការព្យាបាលសមស្រប ភាគច្រើននៃអ្នកជំងឺអាចទទួលបានការព្យាបាលជាសះស្បើយរហូតដល់ ៧០-៨០% ដែលការព្យាបាលត្រូវបានបែងចែកតាមកម្រិតរួមមាន៖ • ការព្យាបាលដោយមិនប្រើថ្នាំ ឬមិនវះ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ២-៣លីត្រក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលថ្ងៃ ចៀសវាងការទទួលទានស្រា ឬគ្រឿងស្រវឹង និងហាមជក់បារី។ ករណីអ្នកជំងឺមាននូវកត្តាហានិភ័យរួមផ្សំណាមួយដូចខាងលើ គាត់ត្រូវធ្វើការព្យាបាល ឬកាត់បន្ថយកត្តាទាំងនោះដាច់ខាត។ • ការព្យាបាលដោយធ្វើឲ្យសាច់ដុំកម្រើកឡើងវិញ៖ អ្នកជំងឺត្រូវធ្វើលំហាត់ប្រាណ ឬយោគៈ និងអនុវត្តតិកនិក Rééducation vésicale រាល់ថ្ងៃ ដោយត្រូវគេងសន្ធឹងលើគ្រែ ដកដង្ហើមធម្មតាហើយប្រឹងខ្ជឹបសាច់ដុំដូចទប់បត់ជើងតូច និងបត់ជើងធំក្នុងរយៈពេល១០វិនាទី រួចរលាវិញ ១០វិនាទីទើបចាប់ផ្តើមខ្ជឹបម្តងទៀត រហូតបាន ១៥ដងក្នុង ១វគ្គ (១ថ្ងៃ៣វគ្គ ព្រឹក ថ្ងៃ និងល្ងាច)។ • ការព្យាបាលដោយប្រើថ្នាំ៖ ធ្វើឡើងក្នុងករណីវិធីសាស្ត្រខាងលើបរាជ័យដើម្បីកុំឲ្យប្លោកនោមកន្ត្រាក់ខ្លាំង ដោយប្រើថ្នាំប្រភេទ Anticholinergics តាមការណែនាំរបស់គ្រូពេទ្យអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺ។ តិកនិកទំនើបមួយទៀតក្នុងប្រទេសជឿនលឿន គឺការចាក់ឆ្អឹងខ្នងដើម្បីឲ្យសាច់ដុំកន្ត្រាក់ឡើងវិញ។ • ដំណាក់កាលចុងក្រោយអ្នកជំងឺនឹងត្រូវធ្វើការវះកាត់ ប្រសិនបើការព្យាបាលខាងលើមិនទទួលបានជោគជ័យ ឬបរាជ័យ ដោយប្រើតិកនិក TVT (Tension-free Vaginal Tape), TOT (Transobturator Tape) និងSphincter artificial។ ផលវិបាក និងការការពារ ករណីអ្នកជំងឺមិនធ្វើការព្យាបាលទេនោះ ផលវិបាកដែលអាចកើតមានដូចជា រំខានរហូតទៅជាស្ត្រេស មិនហ៊ានចេញក្រៅ ឬចូលរួមក្នុងសង្គម ប៉ះពាល់ដល់ការងារ និងសកម្មភាពផ្លូវភេទរបស់គាត់។ បន្ថែមពីនេះ អ្នកជំងឺអាចមានការរលាក ឡើងក្រហម ដំបៅ រហូតមានការបង្ករោគពីបាក់តេរី និងអាចវិវឌ្ឍរហូតមានមេរោគក្នុងឈាមដែលប៉ះពាល់ដល់អាយុជីវិតទៀតផង។ ទោះជាយ៉ាងណាក៏ដោយ Urinary Incontinence អាចចៀសវាងដោយលុបបំបាត់កត្តាហានិភ័យទាំងឡាយដូចជា លើសទម្ងន់ ទល់លាមក ធ្វើការងារ ឬហាត់កីឡាធ្ងន់ៗ ពិសាបារី ទទួលទានកាហ្វេ ស្ត្រេស និងហាត់តិកនិក Rééducation vesical ករណីសង្ស័យ។ រោគសញ្ញានៃការមិនអាចគ្រប់គ្រងការបត់ជើងតូចផ្តល់នូវរំខានខ្លាំង ដូច្នេះអ្នកជំងឺគួរជួបប្រឹក្សាជាមួយគ្រូពេទ្យឯកទេសផ្នែកតម្រងនោមដើម្បីការពារនូវផលវិបាកនាពេលអនាគតដែលអាចនឹងកើតមាន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ទូច រ៉ាណូ ឯកទេសផ្នែកមូត្រសាស្រ្តនៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរសម្រាកព្យាបាលតម្រងនោមភ្នំពេញ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top