Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្នកនឹងមិនចម្លែកទេនៅពេលមានការណែនាំជាច្រើនពីលំហាត់ប្រាណក៏ដូចជារបអាហារដើម្បីសម្រកទម្ងន់ ក៏ប៉ុន្តែអ្នកប្រហែលមិននឹកស្មានទេថា អ្នកក៏អាចស្រកគីឡូ និងថែរក្សារាងបានផងដែរ បើទោះបីកិច្ចការប្រចាំថ្ងៃរបស់អ្នកត្រូវអង្គុយនៅក្នុងការិយាល័យជាប់ជានិច្ច។ គន្លឹះខាងក្រោម អាចជាជំនួយមួយផ្នែកដើម្បីរក្សានូវរូបរាងដែលចង់បានសម្រាប់អ្នកដែលប្រើពេលសឹងតែមួយថ្ងៃពេញនៅពីមុខកុំព្យូទ័រ៖ - ញ៉ាំទឹកឲ្យបានច្រើន ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ជាពិសេសក្នុងរដូវក្ដៅអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួន និងរក្សាតុល្យភាពរាងកាយ។ ក្រៅពីការញ៉ាំទឹកធម្មតា អ្នកក៏អាចជ្រើសរើសប្រភេទភេសជ្ជៈដែលចម្រាញ់ចេញភ្លាមៗពីផ្លែឈើស្រស់  ឬបន្លែ ដែលជាប្រភេទអាហារសម្បូរទៅដោយជាតិ ប៉ូតាស្យូម មានប្រសិទ្ធភាពជួយឲ្យអ្នកស្រកទម្ងន់និងអាចដុតបំផ្លាញជាតិខ្លាញ់នៅក្បាលពោះបានយ៉ាងប្រសើរ។ - រៀបចំអាហារសម្រន់ទុក អាហារសម្រន់ដែលល្អ ជាប្រភេទអាហារដែលសម្បូរទៅដោយជាតិសរសៃ ប្រូតេអីុន និងមានកាល់ឡូរីតិច ដែលជួយឲ្យអ្នកឆ្អែតបានយូរ និងកាត់បន្ថយការញ៉ាំអាហារលើសកម្រិត។ អ្នកអាចរៀបចំអាហារសម្រន់សម្រាប់ខ្លួនឯងផ្ទាល់នៅក្នុងការិយាល័យដែលរួមមាន តំណាប់ផ្លែឈើស្ងួត គ្រាប់ធញ្ញជាតិ (គ្រាប់អាល់ម៉ុន) ប័រសណ្ដែក ទឹកដោះគោ ឬយ៉ាអួរមិនមានសារធាតុធ្វើឲ្យធាត់ និងអាចជ្រើសរើសប្រភេទបន្លែ ឬផ្លែឈើដូចជា ប៉ោម ការ៉ុត និងត្រសក់ជាដើម។ - ញុំាស្ករកៅស៊ូ យោងតាមការសិក្សាមួយនៅឆ្នាំ ២០០៩ នៃ Published in Physiology &Behavior បានបង្ហាញថាការញុំាស្ករកៅស៊ូអាចជួយជំរុញដល់ការមិនឃ្លានអាហារធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយភាពតានតឹង ពិសេសជួយកាត់បន្ថយការបញ្ចេញអ័រម៉ូនស្រេ្តស Cortisol ដែលជាហេតុបង្កើនកោសិកាខ្លាញ់ និងស្ដុកជាតិទឹកច្រើន ពិសេសនៅតំបន់ក្បាលពោះ។ ដូច្នោះ ការញុំាស្ករកៅស៊ូអំឡុងពេលធ្វើការងារអាចជួយអ្នកមួយផ្នែកក្នុងការកាត់បន្ថយទម្ងន់។ - ឆ្លៀតពេលធ្វើចលនា បើទោះបីជាមានកិច្ចការងាររវល់យ៉ាងណាក៏ដោយអ្នកមិនត្រូវអង្គុយជាប់ជានិច្ចពេញមួយថ្ងៃនោះទេ។ ដោយឡែក អ្នកគួរព្យាយាមឆ្លៀតពេលសម្រាកដើម្បីអាចពត់ដៃ ពត់ខ្លួន ឬធ្វើចលនាខ្លះ ដើម្បីសម្រួលដល់ដំណើរឈាមរត់របស់សរសៃឈាមនៅក្នុងរាងកាយ។ មួយវិញទៀត ចលនានោះអាចជួយដុតបំផ្លាញសារជាតិខ្លាញ់នៅក្នុងរាងកាយដែលមិនអាចធ្វើឲ្យអ្នកធាត់ដោយកន្លែង ជាពិសេសត្រង់ជើង ភ្លៅ ក្បាលពោះ និងដើមដៃជាដើម។ វិធីហាត់ប្រាណងាយៗដែលអ្នកអាចធ្វើបានគឺគ្រាន់តែ អង្គុយដាក់ខ្នងឲ្យត្រង់ លើកជើងឲ្យត្រង់ស្មើនឹងកៅអីអង្គុយរបស់អ្នកប្រហែលជា ៣ ទៅ៥ វិនាទី បន្ទាប់មកដាក់ជើងចុះវិញ ដោយអនុវត្ត ៥ដង ហើយសឹមត្រឡប់ទៅបំពេញកិច្ចការរបស់អ្នកវិញ។ - ដកដង្ហើមឲ្យវែងៗ ការធ្វើលំហាត់ប្រាណបែបដកដង្ហើមជ្រៅ ឬវែងគឺជាវិធីសាស្រ្តមួយដ៏ល្អដើម្បីជួយអ្នកក្នុងការបន្ធូរអារម្មណ៍តានតឹងនៅពេលបំពេញការងារ ជាពិសេសវាត្រូវបានបង្ហាញថាអាចជួយអ្នកក្នុងការសម្រកទម្ងន់បានផងដែរ ដោយសារ លំហាត់ប្រាណបែបនេះអាចជួយរឹតបន្តឹងសាច់ដុំនៅត្រង់ក្បាលពោះ ថែមទាំងអាចកាត់បន្ថយអត្រាការកើតជំងឺបេះដូង។ អ្នកគ្រាន់តែដកដង្ហើមចូលឲ្យបានយូរ  បន្ទាប់មកដកដង្ហើមចេញជាការស្រេច។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រួសក្នុងតម្រងនោម កើតឡើងនៅពេលដែលដុំរឹងតូចៗធម្មតាដែលមានក្នុងទឹកនោមមិនត្រូវបានបញ្ចេញចោល និងចាប់ផ្តើមប្រមូលផ្តុំបង្កើតបានជាដុំរឹងកាន់តែធំឡើងៗនិងអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានការព្យាបាលត្រឹមត្រូវ។ ជាក់ស្តែងមូលហេតុដែលជំរុញឲ្យកើតជាក្រួសតម្រងនោមមានច្រើន ដោយរួមបញ្ចូលទាំងកត្តាតំណពូជ និងសកម្មភាពប្រចាំថ្ងៃមិនល្អជាច្រើនរួមមាន៖ - ពិសាទឹកមិនគ្រប់គ្រាន់ បុគ្គលដែលមិនសូវចូលចិត្តញ៉ាំទឹក មានភាពប្រឈមខ្ពស់ក្នុងការកកើតក្រួសតម្រងនោម ដោយហេតុថាបរិមាណទឹកកាន់តែច្រើនការភ្ជាប់គ្នានៃដុំរឹងតូចត្រូវបានកាត់បន្ថយ ព្រមទាំងត្រូវបានបញ្ចេញជាញឹកញាប់។ ជាមធ្យមអ្នកគួរទទួលទានទឹកយ៉ាងតិច ២លីត្រក្នុង ១ថ្ងៃ តែទោះជាយ៉ាងណាតម្រូវការទឹកប្រចាំថ្ងៃអាចប្រែប្រួល អាស្រ័យទៅតាមតំបន់រស់នៅ (ក្តៅ ឬត្រជាក់) សកម្មភាពប្រចាំថ្ងៃជាដើម។  - ប្រភេទអាហារសម្បូរអុកសាឡាត (Oxalate) ក្រួសក្នុងតម្រងនោមមានច្រើនប្រភេទដែលភាគច្រើននៃប្រភេទក្រួសទាំងនោះកើតឡើងនៅពេលកាល់ស្យូម និងអុកសាឡាតចាប់ភ្ជាប់គ្នាអំឡុងពេលដែលតម្រងនោមកំពុងផលិតទឹកនោម។ អុកសាឡាត ជាសារធាតុគីមីម៉្យាងដែលសម្បូរនៅក្នុងអាហារសុខភាពដូចជាប្រភេទស្ពៃខ្មៅ សណ្តែកដី សូកូឡា តែ ដំឡូងលឿងជាដើម។ ហេតុនេះអ្នកប្រហែលគួរតែបន្ថយការបរិភោគអាហារប្រភេទនេះ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិកើតក្រួសនេះពីមុនមក។ - អាហារប្រៃខ្លាំង  របបអាហារដែលមានផ្ទុកអំបិលច្រើនពេកអាចបង្កើននូវបរិមាណកាល់ស្យូមនៅក្នុងតម្រងនោម ហើយអាចបង្កើនហានិភ័យនៃការកកើតក្រួសតម្រងនោមផងដែរ។ អាហារទាំងនោះមានដូចជា ប្រភេទអាហារកំប៉ុង មី កញ្ចប់ អាហារផ្អាប់ សាច់ប្រឡាក់ជាដើម។ អ្នកអាចទទួលទានអំបិលជាមធ្យមប្រមាណ ២០០០មិល្លីក្រាម (២ ក្រាម) ក្នុង ១ ថ្ងៃ។ - សាច់ កត្តាមួយទៀតដែលអាចបង្កឲ្យមានហានិភ័យនៃជំងឺនេះគឺ ទឹកនោមមានលក្ខណៈអាស៊ីតខ្លាំងពេក ដែលជាទូទៅបណ្តាលមកពីការបរិភោគសាច់ក្រហម (សាច់គោ សាច់ជ្រូក...) លៀស គ្រំ ខ្យង ខ្ចៅក្នុងបរិមាណច្រើន។ ម៉្យាងវិញទៀត ប្រូតេអីុនទាំងនេះអាចបង្កើនកម្រិតកាល់ស្យូម និងបន្ថយកម្រិតស៊ីត្រាត (Citrate) ក្នុងទឹកនោមដែលជាមូលហេតុចម្បងជំរុញឲ្យដុំក្រួសកើតឡើង។ - ការប្រើប្រាស់ឱសថ ជាក់ស្តែង ជំងឺក្រួសក្នុងតម្រងនោមក៏អាចបង្កមកពីការប្រើប្រាស់ឱសថមួយចំនួនលើសកម្រិត និងរយៈពេលយូរផងដែរ ដែលឱសថទាំងនោះមានដូចជា Magnesium Trisilicate Ciprofloxacin Sulfa medications Triamterene Indinavir និងEphedrine ដែលត្រូវបានប្រើតែឯង ឬរួមបញ្ចូលគ្នាជាមួយ Guaifenesin។ សូមចងចាំថា រាល់ពេលប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិន។ កាត់បន្ថយសកម្មភាពទាំងនេះ ដើម្បីរក្សាសុខភាពតម្រងនោមរបស់អ្នក។ ម៉្យាងគួរចងចាំថារាល់ពេលកើតមានអាការៈមិនប្រក្រតីណាមួយទាក់ទងនឹងតម្រងនោម សូមអញ្ជើញរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ធ្លាប់មានអារម្មណ៍ថា ច្រណែនមិត្តក្នុង Facebook មែនទេ? ធ្លាប់គិតថា ហេតុអ្វីខ្ញុំចំណាយពេលឥតប្រយោជន៍ច្រើនជាមួយ Facebookបែបនេះ? ហេតុអ្វី?.....តាមពិតមានហេតុផល ២យ៉ាងរវាងទំនាក់ទំនងនៃការបាក់ទឹកចិត្ត និងការប្រើប្រាស់ Facebook ដែលត្រូវបានបកស្រាយដូចខាងក្រោម៖ ១. ចំណាយពេលច្រើនពេក ការប្រើប្រាស់ហ្វេសប៊ុកដោយមានពេលវេលាត្រឹមត្រូវនិងក្នុងគោលបំណងប្រើប្រាស់ជាប្រយោជន៍ណាមួយច្បាស់លាស់ពិតជាមិនបានផ្តល់ជាបញ្ហាចោទនោះទេ។ ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ដែលទទួលអារម្មណ៍អវិជ្ជមាន ពិសេសអាចបណ្តាលឲ្យបាក់ទឹកចិត្តនោះ គឺប្រើច្រើនលើសកម្រិត អូសចុះ អូសឡើង ជាពិសេសមិនបានបែងចែកពេលវេលាសម្រាប់ការប្រកបការងារ ឬរៀនសូត្រឲ្យមានប្រសិទ្ធភាពឡើយ ជាហេតុធ្វើឲ្យពួកគាត់តែងមានអារម្មណ៍ខុសឆ្គងចំពោះខ្លួនឯង ដែលមិនអាចប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ បង្កើនចំណូល ឬបង្កើនចំណេះដូចអ្នកដទៃឬដូចដែលបានគ្រោងទុក។ ២. ចូលចិត្តប្រៀបធៀប ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ នៃ Current Opinion in Psychology បានរកឃើញថាភាពច្រណែនមិត្តភក្តិក្នុង Facebook អាចបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្ត។ តាមរយៈ ការអូសចុះឡើង New Feeds ដែលសុទ្ធតែជារូបភាពពោរពេញដោយសុភមង្គលភាពជោគជ័យនានា ដំណើរកម្សាន្តក្រៅប្រទេស គូស្នេហ៍ដ៏ផ្អែមល្អែម ឡើងតំណែងការងារ ជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេស រាងកាយដ៏ស្រលូន ស៊ិចស៊ីចំពោះនារី ឬរាងកាយសម្បូរទៅដោយសាច់ដុំចំពោះបុរស។ល។ សុទ្ធតែអាចបណ្តាលឲ្យអ្នកទទួលអារម្មណ៍ច្រណែន ប្រៀបធៀបជីវិតអ្នកជាមួយគេព្រមទាំងប្រាថ្នាឲ្យបានដូចគេទៀតផង។ ពេលខ្លះ អ្នកតែងគិតថាហេតុអ្វីពិភពលោកនេះលម្អៀងចំពោះអ្នកម្ល៉េះ? ហេតុអ្វីអ្នកមិនអាចទទួលបានភាពរីករាយដូចគេ? ក្នុងករណីអ្នកកំពុងមានអារម្មណ៍អវិជ្ជមានបែបនេះសូមព្យាយាមអនុវត្តការគិតនិងដាក់ផែនការចំពោះខ្លួនឯងដូចខាងក្រោមដើម្បីទទួលបានអារម្មណ៍ប្រសើរឡើងវិញ៖ - ព្យាយាមកាត់បន្ថយការប្រើប្រាស់ Facebook បែបអកម្ម (Passive User) ដែលគ្រាន់តែអូសចុះឡើងដើម្បីមើលថាមានអ្វីខ្លះដែលបានកើតឡើងចំពោះមិត្តភក្តិអ្នក - កំណត់ពេលវេលាប្រើប្រាស់ឲ្យបានច្បាស់លាស់ និងប្រើក្នុងពេលកំណត់មួយ (ក្នុងករណីជា Passive User) - ត្រូវសប្បាយរីករាយ និងត្រេកអរជាមួយការទទួលបានរបស់មិត្តភក្តិអ្នក តែមិនមែនច្រណែននោះទេ - ត្រូវគិតថា ការបង្ហាញចេញរបស់មិត្តភក្តិអ្នកក្នុងបណ្តាញសង្គម គ្រាន់ជាផ្នែកមួយនៃជីវិតរបស់ពួកគេប៉ុណ្ណោះ។ គ្មាននរណាម្នាក់នឹងបង្ហាញភាពឥតខ្ចោះនៃគ្រួសារ ឬជីវិតផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃដឹងឡើយ! ជីវិតពោរពេញទៅដោយភាពផ្អែមល្អែម ល្វីង ជូរចត់ដូចគ្នា។ ម៉្យាងអ្នកត្រូវចាំថា ជីវិតរបស់បុគ្គលម្នាក់ៗលើលោកយើងនេះមានវាសនាមិនដូចគ្នាទេ ចំណែកការកំណត់និយមន័យជោគជ័យ និងសុភមង្គលកាន់តែផ្សេងគ្នាទៀត ប៉ុន្តែសំខាន់អ្នកត្រូវចេះប្រើប្រាស់ពេលវេលាប្រចាំថ្ងៃអ្នកឲ្យអស់លទ្ធភាព ព្រមទាំងរីករាយនូវអ្វដែលអ្នកកំពុងមាន និងព្យាយាមសម្រេចនូវអ្វីដែលអ្នកប្រាថ្នានាពេលអនាគត។ Facebook មិនមែនជាកត្តាបង្កហេតុទេ ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវទៅវិញទេដែលជាបញ្ហាប្រឈមសំខាន់បណ្តាលឲ្យបាក់ទឹកចិត្តដោយមិនដឹងខ្លួន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

លំពែង ជាសរីរាង្គមួយក្នុងចំណោមសរីរាង្គជាច្រើនដែលគ្រប់គ្នាស្ទើរតែមិននឹងនាដល់។ ជាទូទៅ មុខងារចម្បងរបស់វាគឺជួយដល់ការរំលាយអាហារ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ប្រជាជនប្រមាណក្រោម ២% នឹងត្រូវបានរកឃើញថាមានជំងឺមហារីកលំពែងក្នុងជីវិតរស់នៅរបស់ពួកគេ។ កត្តាហានិភ័យនៃមហារីកលំពែង • ការរលាកលំពែងរ៉ាំរ៉ៃ • ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកលំពែង និងហ្សែនដែលអាចបង្កើនហានិភ័យនៃមហារីក (ដូចជា Lynch syndrome ជាដើម) • មានជំងឺទឹកនោមផ្អែមលើសពី ៥ឆ្នាំ • ទទួលទានអាហារប្រភេទសាច់ពណ៌ក្រហម ឬសាច់កែច្នៃច្រើន • ជក់បារី • លើសទម្ងន់ • ភេទ (កើតលើបុរសច្រើនជាងស្ត្រី) • អាយុ (ភាគច្រើនកើតលើមនុស្សចាស់លើសពី៦០ឆ្នាំ តែក៏មានករណីកើតលើអ្នកដែលមានអាយុ២០-៣០ឆ្នាំដែរ) • ជាតិសាសន៍ (បុគ្គលដែលស្ថិតក្នុងជាតិសាសន៍អាហ្វ្រិច-អាមេរិកមានហានិភ័យខ្ពស់ជាងគេក្នុងការវិវឌ្ឍទៅជាមហារីកលំពែង)។ ការព្យាករមហារីកលំពែង ជាទូទៅស្ទើរតែមិនអាចធ្វើបាន ហើយវាក៏ស្ថិតក្នុងអត្រាការស្លាប់ខ្ពស់បំផុតក្នុងចំណោមមហារីកផ្សេងទៀតផងដែរ។ ជាក់ស្តែងត្រឹម ៨%ប៉ុណ្ណោះនៃអ្នកជំងឺមហារីកលំពែងរស់នៅបាន ៥ឆ្នាំបន្ទាប់ពីធ្វើរោគវិនិច្ឆ័យដោយហេតុថាមហារីកលំពែងពិបាកកំណត់រកនៅដំណាក់កាលដំបូង។ ម៉្យាងលំពែងស្ថិតនៅជ្រៅក្នុងរាងកាយដែលដុំសាច់ដំបូងមិនអាចត្រូវបានមើលឃើញ ឬមានអារម្មណ៍ដឹង និងមិនសូម្បីអាចសម្គាល់បាន រហូតមហារីកបានរាលដាលទៅសរីរាង្គផ្សេងទៀត។ ដូច្នេះ វាពិតជាសំខាន់ណាស់ក្នុងការស្វែងយល់អំពីសញ្ញានៃមហារីកលំពែង។ សញ្ញាទូទៅនៃមហារីកលំពែងដែលអ្នកត្រូវដឹង ១. ភ្នែក និងស្បែកឡើងលឿង៖ មហារីកលំពែងចាប់ផ្តើមនៅផ្នែកក្បាលលំពែងដែលនៅជិតបំពង់ទឹកប្រមាត់។ ដុំសាច់សង្កត់ និងបិតទៅលើបំពង់ទឹកប្រមាត់ដែលនាំទឹកប្រមាត់ពីថ្លើម និងថង់ទឹកប្រមាត់កាត់តាមលំពែងទៅកាត់ពោះវៀនតូច។ តួនាទីរបស់ទឹកប្រមាត់គឺដើម្បីបំផ្លាញប៊ីលីរុយប៊ីន (Bilirubin) ដែលជាកាកសំណល់នៃកោសិកាឈាមក្រហម ដូច្នេះនៅពេលដំណើរការនេះមិនអាចធ្វើបានប៊ីលីរុយប៊ីនលើសបង្កជាសញ្ញាលឿងលើស្បែក និងភ្នែក។ ២. ហើមពោះ៖ នេះគឺជាសញ្ញាដំបូងមួយដែលគ្រប់គ្នាតែងកត់សម្គាល់ឃើញ ប៉ុន្តែវាបែរជាត្រូវបានយល់ថាជាសញ្ញាតូចតាចមិនគួរឲ្យបារម្ភ និងពុំចាំបាច់ទៅជួបគ្រូពេទ្យ។ ៣. បាត់បង់ចំណង់អាហារ និងចង្អោរ៖ មហារីកលំពែងលូតលាស់ក្នុងពោះដែលវាអាចផ្តល់សម្ពាធដល់សរីរាង្គជុំវិញរួមទាំងក្រពះផងដែរ។ ជាលទ្ធផលអ្នកជំងឺមានអាម្មណ៍ចង្អោរ ឬមានអារម្មណ៍ថាឆ្អែតសូម្បីតែមិនបានញ៉ាំអ្វីសោះជាច្រើនម៉ោង។ លើសពីនេះអ្នកជំងឺក៏អាចមានអារម្មណ៍ថាឈឺសូម្បីតែពេលញ៉ាំ។ ៤. ស្រកទម្ងន់៖ ការបាត់បង់ចំណង់នៃការទទួលទានអាហារ អាចងាយនឹងធ្វើឲ្យមានការស្រកចុះនូវទម្ងន់ខ្លួនលឿន ដែលជាធម្មតាកំណត់ដោយការថយចុះលើសពី៥%នៃទម្ងន់ខ្លួន ក្នុងចន្លោះពី៦ខែ ដល់១ឆ្នាំ។ ៥. ឈឺខ្នងចង្កេះ៖ នៅពេលមហារីកលំពែងលូតលាស់ វាសង្កត់ ឬផ្តល់សម្ពាធដល់ឆ្អឹងកងខ្នងផ្នែកខាងក្រោម និងសាច់ដុំខ្នង បង្កឲ្យមានការឈឺចាប់ថេរ។ បើការឈឺចាប់នេះនៅតែបន្តជាដរាប អ្នកត្រូវស្វែងរកការត្រួតពិនិត្យភ្លាម។ ៦. ទឹកនោមពណ៌ស្រអាប់៖ ពណ៌ស្រអាប់នៃទឹកនោមជាញឹកញាប់ត្រូវបានសម្គាល់ថាជាសញ្ញាណដំបូងនៃមហារីកលំពែងដែរ។ ដោយសារតែដុំសាច់បង្កឲ្យទឹកប្រមាត់ចេញតិច និងកម្រិតប៊ីលីរុយប៊ីនក្នុងឈាមកើនឡើង ទឹកនោមក្លាយជាពណ៌ត្នោត។ ប្រសិនអ្នកព្យាយាមបង្កើនការញ៉ាំទឹក ប៉ុន្តែទឹកនោមនៅមិនប្រែពណ៌មកធម្មតាវិញ វាដល់ពេលដែលអ្នកត្រូវត្រួតពិនិត្យរកសញ្ញាដំបូងនៃមហារីកលំពែងហើយ។ ៧. រមាស់ជាប្រចាំ៖ គ្រប់ការរមាស់ស្បែកទាំងអស់គឺជាសញ្ញាព្រមានដំបូងនៃជំងឺមហារីកលំពែង។ ដោយសារប៊ីលីរុយប៊ីនកើនឡើងក្នុងស្បែក ជាមូលហេតុធ្វើឲ្យរមាស់មុនលេចចេញសញ្ញាលឿងស្បែក។ ដូច្នេះបើអ្នកមិនអាចរកឃើញនូវសញ្ញានៃការរមាស់របស់អ្នកដូចជា សត្វខាំ ឬប្រតិកម្មអាល្លែកហ្ស៊ី និងមិនជាបន្ទាប់ពីលាបថ្នាំទេនោះអ្នកត្រូវជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យជាបន្ទាន់។ ៨. លាមកពណ៌ស្លេក និងមានក្លិនស្អុយ៖ លាមកពណ៌ប្រផេះ ឬស្លេកជាងធម្មតា និងមានខ្លាញ់ គឺជាសញ្ញាមិនល្អនោះទេ។ វាកើតឡើងដោយសារតែការប្រែប្រួលនៃដំណើរការប៊ីលីរុយប៊ីន ដែលជាធម្មតាវាត្រូវបានបញ្ចេញចោលតាមរយៈពោះវៀនជាលាមក និងមានពណ៌ត្នោតចាស់ ប៉ុន្តែនៅពេលទឹកប្រមាត់មិនមានគ្រប់គ្រាន់ព្រោះដុំសាច់បានទៅរារាំង ទើបធ្វើឲ្យប៊ីលីរុយប៊ីនមិនអាចបញ្ចេញចោលបាន និងបែរជាប្រមូលផ្ដុំនៅក្នុងប្រព័ន្ធរាងកាយទៅវិញ ដែលជាហេតុធ្វើឲ្យពណ៌ និងរូបរាងលាមកមានសភាពប្រែប្រួល។ នេះអាចបញ្ជាក់បានថាជាមូលហេតុនៃមហារីកលំពែង។ ៩. ឈឺពោះ៖ ការឈឺចាប់ដែលមិនមានភាពច្បាស់លាស់អាចជាសញ្ញាដំបូងនៃជំងឺមហារីកលំពែង ដោយសារតែទីតាំងលំពែងនៅក្រោយ ផ្នែកខាងក្រោមពោះ ក្រោយក្រពះ ដុំសាច់នោះអាចធ្វើឲ្យអ្នកឈឺក្រពះផ្នែកខាងក្រោម ដោយមិនគិតលើអ្វីដែលអ្នកបានញ៉ាំ។ ចងចាំថាវាតែងតែល្អបំផុតក្នុងការត្រួតពិនិត្យនូវសញ្ញាសង្ស័យនិងបញ្ជាក់ថាពុំមានបញ្ហា ជាជាងបាត់បង់អ្វីមួយដែលសំខាន់! បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់អំពីករណីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកជាថ្មីម្តងទៀតនៅក្នុងខេត្តត្បូងឃ្មុំ។ ក្នុងករណីនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានប្រកាសឲ្យកម្លាំងជំនាញចាត់វិធានការបន្ទាន់។ រាជធានីភ្នំពេញថ្ងៃទី ០២ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលបានកើតឡើងចំនួនពីរកន្លែងស្ថិតនៅភូមិកំពង់សេរី និងភូមិសោយ ឃុំមាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ដោយឡែក យោងតាមរយៈលិខិតនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានប្រកាសបញ្ជាឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកទាំងពីរដែលបានចែងក្នុងប្រការ ១ខាងលើ និងអនុលោមតាមមាត្រា១៤ ចំនួន ៣ចំណុច៖ • បំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានការបសុព្យាបាល • ផ្អាកលើការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង ៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន • សិក្សាស្រាវជ្រាវប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង ១០គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍បញ្ជាក់ផងដែរថាការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទនៅក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវផ្អាកជាបណ្តោះអាសន្ន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជំងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយដែលបង្កការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ។ ដូច្នេះ ហាមផ្សព្វផ្សាយព័ត៌មានផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ។ គួរបញ្ជាក់ផងដែរថា ប្រសិនបើជនណាប្រព្រឹត្តល្មើសនឹងត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ការអនុញ្ញាតឲ្យចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកឡើងវិញ និងការរំសាយតំបន់ជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវកំណត់ដោយប្រកាសជាថ្មី។ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាល់ស្យូម ជាតម្រូវការដ៏ចម្បងមួយសម្រាប់ភាពរឹងមាំ និងហាប់ណែននៃឆ្អឹងចាប់តាំងពីអ្នកនៅក្មេង និងបន្តរហូតដល់ពេញមួយជីវិតនៅពេលអាយុចាប់ផ្ដើមកើនឡើង។ ដោយឡែក វីតាមីន D ក៏ជាសារធាតុដែលត្រូវប្រើជាចាំបាច់សម្រាប់សម្របសម្រួលមុខងាររបស់កាល់ស្យូម ដែលជាហេតុធ្វើឲ្យសារធាតុទាំង២ប្រភេទនេះមាននៅក្នុងគ្រាប់តែមួយ ដើម្បីទទួលបានប្រសិទ្ធភាពល្អ និងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។ លក្ខណៈឱសថ កាល់ស្យូម ជាសារធាតុរ៉ែមួយប្រភេទដែលភាគច្រើនឃើញមានក្នុងកម្រិតដល់ទៅ ៩៩% នៅក្នុងឆ្អឹង និងធ្មេញ។ បន្ថែមពីមុខងារសម្រាប់ការរក្សាស្ថានភាពរបស់ឆ្អឹង វាក៏មានតួនាទីធ្វើឲ្យសាច់ដុំកន្រ្តាក់ និងរ៉ាប់រងចលនាចង្វាក់បេះដូងផងដែរ។ ជារៀងរាល់ថ្ងៃអ្នកអាចនឹងប្រឈមការបាត់បង់កាល់ស្យូមតាមរយៈស្បែក ក្រចក សក់ ញើស ទឹកនោម និងលាមកហើយសម្រាប់ការនាំចូលសារធាតុត្រលប់មកវិញគឺធ្វើឡើងតាមការបរិភោគអាហារពីខាងក្រៅដោយហេតុថា កាល់ស្យូមមិនអាចផលិតដោយឯកឯងនៅក្នុងរាងកាយនោះទេ។ ជាក់ស្ដែង អាហារដែលសម្បូរនូវកាល់ស្យូមមានដូចជាទឹកដោះគោ ត្រី គ្រាប់អាល់ម៉ុន បន្លែស្លឹកពណ៌បៃតង និងអាហារសុខភាពផ្សេងទៀត។ វីតាមីន D ត្រូវបានគេហៅថាវីតាមីនព្រះអាទិត្យ ដោយសារតែវីតាមីនប្រភេទនេះនឹងធ្វើការផលិតនៅពេលរាងកាយបានប៉ះជាមួយពន្លឺព្រះអាទិត្យយ៉ាងណាមិញវាក៏មានវត្តមាននៅក្នុងអាហារ ឬឱសថបំប៉នផ្សេងទៀតផងដែរ។ វីតាមីននេះមានលក្ខណៈជួយការពារឆ្អឹងកុំឲ្យងាយពុកផុយនៅពេលអាយុកាន់តែច្រើនតាមរយៈការជួយបឺតស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ក្រៅពីនោះ វីតាមីន D ក៏មានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖     • គាំទ្រប្រព័ន្ធភាពស៊ាំរាងកាយ ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ     • សម្រួលមុខងាររបស់សួត និងសរសៃឈាមបេះដូង     • ជួយរក្សាតុល្យភាពរបស់អាំងស៊ុយលីន និងគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែម។ល។ សកម្មភាពឱសថ កាល់ស្យូម មានតួនាទីមិនអាចខ្វះបាន សម្រាប់ធានាមុខងាររបស់សរសៃប្រសាទ កោសិកាសាច់ដុំ និងឆ្អឹង ឯវីតាមីន D មានសមត្ថភាពជួយសម្រួលក្នុងការស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ការប្រើប្រាស់កាល់ស្យូមនិងវីតាមីន D ក្នុងបរិមាណសមស្របអាចធ្វើឲ្យឆ្អឹងរបស់អ្នកបន្តនូវភាពរឹងមាំ។ ជាក់ស្ដែងការរួមផ្សំកាល់ស្យូម និងវីតាមីន D ក្នុងឱសថតែមួយ មានគុណសម្បត្តិសម្រាប់ការពារ ឬព្យាបាលបញ្ហាដូចជា៖     • កង្វះកាល់ស្យូមក្នុងឈាម     • ជំងឺពុកឆ្អឹង     • ឆ្អឹងចុះខ្សោយ     • ស្រ្តីមានផ្ទៃពោះដែលត្រូវការកាល់ស្យូមបន្ថែម     • ស្រ្តីក្រោយអស់រដូវ។ល។ កម្រិត និងការប្រើប្រាស់ ចំនួនដងនៃការប្រើប្រាស់អាច ១ ទៅ២គ្រាប់ជាប្រចាំថ្ងៃ ចំណែកកម្រិតគឺមានការប្រែប្រួលទៅតាមបុគ្គលដែលជាទូទៅមនុស្សពេញវ័យអាចប្រើបានក្នុងកម្រិត ៦០០ មិល្លីក្រាម ហើយអាចកើនឡើងដល់ ១០០០មិល្លីក្រាមទៅតាមតម្រូវការផ្សេងៗគ្នា។ ជាទូទៅកាល់ស្យូម និងវីតាមីន D គួរលេបនៅពេលអាហារ ឬបន្ទាប់ពីញ៉ាំអាហារនីមួយៗ ដែលអាចបង្កើនការស្រូបឱសថឲ្យកាន់តែមានប្រសិទ្ធភាព។ ផលរំខាន វីតាមីនប្រភេទនេះអាចនឹងបង្កផលរំខាននានាដោយអ្នកអាចសង្កេតឃើញរួមមាន៖     • ទល់លាមក ឬបញ្ហាក្រពះ     • ចង្អោរ ក្អួត     • បាត់បង់ការចង់ញ៉ាំអាហារ     • ឈឺក្បាល ឬឈឺចាប់តាមសាច់ដុំ     • អស់កម្លាំង ឬល្ហិតល្ហៃ     • ប្រតិកម្មអាល្លែកហ្ស៊ី ស្ដែងចេញជាកន្ទួលរមាស់នៅលើមុខ អណ្តាត និងបំពង់ក     • ធីងធោង ឬពិបាកដកដង្ហើមជាដើម។ ប្រសិនផលរំខានខាងលើបន្តកើតឡើងជាប្រចាំ និងកាន់តែធ្ងន់ធ្ងរ អ្នកគួរប្រាប់ដំណឹង ឬជួបពិគ្រោះជាបន្ទាន់ជាមួយវេជ្ជបណ្ឌិតជំនាញ។ បម្រុងប្រយ័ត្ន មុនពេលប្រើប្រាស់ឱសថ អ្នកត្រូវប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីក្នុងករណី៖ - អ្នកមានជំងឺបេះដូង សរសៃឈាម វិបត្តិតម្រងនោម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ ឬមានភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំការពាររាងកាយ - ចំពោះស្រ្តីពពោះ៖ ដោយហេតុថាការប្រើប្រាស់ឱសថណាមួយត្រូវធ្វើក្នុងករណីជាចាំបាច់តែប៉ុណ្ណោះ - ឱសថប្រភេទនេះអាចជ្រាបក្នុងទឹកដោះម្តាយនោះការប្រើប្រាស់អំឡុងពេលបំបៅដោះក៏ទាមទារការពិភាក្សាជាមុន។ លោកអ្នកអាចស្វែងរក កាល់ស្យូម និងវីតាមីន D នៅលើទីផ្សារបាន ដោយមានឈ្មោះដូចជា Sunlife Calcium+ Vitamin D3, Osteocare, Calcivita, One Q Gummy Calcium & Vitamin D។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បច្ចុប្បន្ន ការពត់ធ្មេញពិតជាពេញនិយមណាស់ក្នុងចំណោមយុវវ័យកម្ពុជា ប៉ុន្តែលក្ខខណ្ឌពត់ធ្មេញរបស់មនុស្សម្នាក់ៗ អាចនឹងខុសគ្នាអាស្រ័យស្ថានភាពធ្មេញបច្ចុប្បន្នរបស់គាត់។ បុគ្គលខ្លះមិនចាំបាច់តម្រូវឲ្យមានការដកធ្មេញទេ តែបុគ្គលខ្លះវិញត្រូវឲ្យដកធ្មេញយ៉ាងច្រើនទៅវិញ ជាក់ស្តែងដូចករណីខាងក្រោមរបស់មិត្តអ្នកអានយើងម្នាក់... សំណួរ៖ នាងខ្ញុំអាយុ ២៣ឆ្នាំ នាងខ្ញុំចង់ធ្វើការពត់ធ្មេញ ប៉ុន្តែពេលទៅពិគ្រោះគ្រូពេទ្យថាខ្ញុំត្រូវដកធ្មេញចំនួន ៥គ្រាប់។ ខ្ញុំក៏សម្រេចចិត្តថាមិនពត់វិញ ព្រោះត្រូវដកធ្មេញច្រើនក្នុងពេលតែមួយ ហើយក៏ធ្លាប់ឮមិត្តភក្តិថាអាចមានគ្រោះថ្នាក់។ ខ្ញុំចង់ដឹងថា តើការដកធ្មេញច្រើនបែបនេះអាចមានគ្រោះថ្នាក់ពិតប្រាកដដែរឬទេ ឬអាចបណ្តាលឲ្យមានបញ្ហាទៅថ្ងៃមុខឬទេ? ចម្លើយ៖ ទាក់ទងនឹងការពត់ធ្មេញដោយតម្រូវឲ្យដកធ្មេញគឺពិតជាមាន ប៉ុន្តែដកធ្មេញប៉ុន្មានគ្រាប់ប៉ះពាល់ ឬអត់នោះមិនអាចសន្មត់បានភ្លាមៗទេទាល់តែពិនិត្យឲ្យបានល្អិតល្អន់ជាមុនសិន។ ដើម្បីឲ្យកាន់តែប្រាកដចំពោះករណីនេះ ប្អូនចាំបាច់ត្រូវតែទៅជួបប្រឹក្សាជាមួយអ្នកឯកទេសពត់តម្រង់ធ្មេញ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ចៅ ស៊ីវកាយ នៃមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ជំងឺគ្រុនឈាម ជាទូទៅត្រូវបានដឹងថាជាជំងឺដែលងាយនឹងរងគ្រោះទៅលើកុមារ ក៏ប៉ុន្តែជំងឺនេះក៏អាចកើតមានចំពោះមនុស្សពេញវ័យ ឬមនុស្សធំផងដែរ។ បច្ចុប្បន្ន ជំងឺគ្រុនឈាមហាក់បីដូចជាក្លាយទៅជាប្រធានបទក្តៅគគុកមួយបន្ទាប់ពីមានការកើនឡើងយ៉ាងគំហុកជាច្រើនករណីនៃជំងឺគ្រុនឈាមក្នុងរយៈពេលថ្មីៗនេះ ទាំងនៅលើកុមារ និងមនុស្សធំ។ ក្នុងនោះដែរតាមរយៈសារព័ត៌មានផ្សេងៗបានបង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញនៃក្រសួងសុខាភិបាល ដែលបាននឹងកំពុងពង្រឹងបន្ថែមនៅយុទ្ធនាការផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺគ្រុនឈាមនេះផងដែរ។ ដោយឡែក យោងទៅតាមទិន្នន័យនៃការអង្កេតផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញឲ្យឃើញថាក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ករណីនៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យមានចំនួនច្រើនបានកើតឡើងក្នុងចំណោមអ្នកជំងឺដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបើប្រៀបធៀបទៅនឹងតួលេខនៃឆ្នាំចាស់កន្លងទៅ។ ក្នុងចំណោមនោះ ករណីដែលផ្ទៀងផ្ទាត់ដោយតេស្ត Serology NS1 ផ្តល់លទ្ធផលវិជ្ជមាន ក៏ដូចជាករណីផ្សេងទៀតផ្តល់លទ្ធផលវិជ្ជមានក្នុងតេស្ត Serology IgM, IgG គឺមានចំនួនច្រើន និងមានករណីមួយចំនួនទៀតដែលមិនមានលេចចេញជាលទ្ធផលវិជ្ជមានលើ Serology NS1 ក៏ដូចជា Serology IgM, IgG ប៉ុន្តែមានការលេចឡើងនូវសញ្ញាគ្លីនិកសង្ស័យមួយចំនួនដែលពុំមែនមានន័យថាអ្នកជំងឺមិនមានជំងឺគ្រុនឈាមឡើយ (តែករណីនេះគឺមានចំនួនតិច បើប្រៀបធៀបទៅនឹងករណីជំងឺគ្រុនឈាមដែលមានលទ្ធផលវិជ្ជមានទៅលើ Serology NS1, IgM, IgG)។ និយមន័យនៃជំងឺគ្រុនឈាម ជំងឺគ្រុនឈាមចំពោះមនុស្សធំ មិនខុសពីជំងឺគ្រុនឈាមកើតលើកុមារឡើយដោយវាកើតឡើងពីការខាំរបស់មូសខ្លាញី Aedes ដែលមានផ្ទុកនូវពពួកមេរោគ Flavirvirus ហើយមានការចាក់បញ្ចូលនៃពពួកមេរោគនេះទៅក្នុងខ្លួនរបស់មនុស្សបន្ទាប់ពីមានការខាំរបស់មូសខាងលើ ដែលបណ្តាលឲ្យមនុស្សត្រូវធ្លាក់ខ្លួនឈឺក្នុងពេលបន្ទាប់មកទៀត។ ជំងឺនេះត្រូវបានហៅថាជំងឺគ្រុនឈាមដោយសារតែវាអាចផ្តល់ជារោគសញ្ញាគ្រុនក្តៅ និងមានភ្ជាប់មកជាមួយ (ឬអាចគ្មានដោយកម្រ) នូវរោគសញ្ញានៃការហូរឈាម។ ប្រភេទនៃជំងឺគ្រុនឈាមដែលកើតលើមនុស្សពេញវ័យ គ្រុនឈាមត្រូវបានបែងចែកចេញជាបីប្រភេទផ្សេងៗគ្នា Dengue Fever, Dengue Hemorrhagic Fever និង Dengue Shock Syndrome។ ជាទូទៅមនុស្សធំច្រើនតែមានទំនោរនឹងកើតមានជំងឺគ្រុនឈាមកម្រិត Dengue Fever ច្រើនជាង Dengue Hemorrhagic Fever ផ្ទុយពីកុមារដែលច្រើនតែកើត Dengue Hemorrhagic Fever ច្រើនជាង Dengue Fever ប៉ុន្តែប្រសិនបើមនុស្សធំមាន Dengue Hemorrhagic Fever វិញនោះស្ថានភាពនឹងអាក្រក់ជាងការដែលកើតលើកុមារ។ យន្តការនៃជំងឺគ្រុនឈាម មេរោគគ្រុនឈាមនឹងត្រូវបានចម្លងទៅកាន់មនុស្សក្រោយពីមូសខ្លាញី Aedes ខាំ ដែលដំបូងមេរោគនេះគឺនៅក្រោមស្បែកប៉ុណ្ណោះ ប៉ុន្តែភ្នាក់ងារបង្ហាញអង់ទីហ្សែនរបស់ខ្លួនយើង ដែលជាពពួក Antigen-presenting cells (APCs) ជាអ្នកចាប់យកមេរោគនេះទៅទីកន្លែងផ្សេងៗ ហើយនាំយករហូតដល់ក្នុងសរសៃឈាមដើម្បីឲ្យរាងកាយផលិតជាអង់ទីករកម្ចាត់មេរោគទាំងនេះ។ ពេលជាមួយគ្នានេះដែរសរីរាង្គរបស់អ្នកជំងឺក៏បានបញ្ចេញនូវពពួកសារធាតុគីមីមួយចំនួនក្នុងរាងកាយរបស់យើងគឺពពួក Proinflammatory ដូចជាពពួក Interleukins និងCytokines មួយចំនួន ដែលសារធាតុទាំងនោះអាចទៅបំផ្លាញសរសៃឈាមរបស់អ្នកជំងឺហើយអាចបង្កឲ្យមានការហូរឈាម។ គួរបញ្ជាក់ថា កម្រិតនៃជំងឺគ្រុនឈាមក៏ត្រូវបានសម្គាល់ដោយចលនការ Proinflammation នេះផ្ទាល់ផងដែរ ហើយកម្រិតនីមួយៗកើតឡើងអាស្រ័យនឹងការឆ្លើយតបនៃរាងកាយរបស់មនុស្សម្នាក់ៗ។    កត្តាប្រឈម ដូចគ្នាផងដែរ កត្តាប្រឈមនៃជំងឺគ្រុនឈាមចំពោះមនុស្សធំគឺ ពុំមានមូលហេតុដែលពិសេសជាងករណីកើតលើកុមារឡើយ មានន័យថាមិនថាអ្នកមានជំងឺទឹកនោមផ្អែម លើសឈាម អ្នកពិសាស្រាច្រើន ឬអ្នកដែលមានសុខភាពខ្សោយអ្វីនោះឡើយគឺសុទ្ធតែអាចប្រឈមនឹងជំងឺនេះបានដូចគ្នាឲ្យតែគាត់ត្រូវបានមូសខ្លាញីខាំ (ជាពិសេសការស្ថិតនៅទីកន្លែងងងឹតក្នុងពេលថ្ងៃ)។ រោគសញ្ញា ចំពោះមនុស្សធំដែលច្រើនមានជំងឺគ្រុនឈាមអាចចេញជារោគសញ្ញាដូចជា៖ •កម្រិត Dengue Fever (DF)៖ ក្តៅខ្លួន (កើតមានលើសឹងគ្រប់អ្នក) ឈឺក្បាល ក្អួត ចង្អោរ និងការឈឺសាច់ដុំ ឬឈឺចុកចាប់នៅក្នុងសន្លាក់ ហើយពេលខ្លះអាចលេចចេញជាកន្ទួលក្រហមនៅលើស្បែក។ •កម្រិត Dengue Hemorrhagic Fever(DHF)៖ រោគសញ្ញានៃការហូរចេញនូវពពួកប្លាស្មាពីក្នុងសសៃឈាម ឬហៅថា Plasma leakage syndrome។ ការហូរចេញនូវពពួកប្លាស្មាពីក្នុងសរសៃឈាម ឬហៅថាPlasma leakage syndrome នេះអាចបង្កឲ្យអ្នកជំងឺបាត់បង់សារធាតុរាវក្នុងសរសៃឈាមដែលអាចបណ្តាលឲ្យអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយមានការធ្លាក់ចុះនូវសម្ពាធឈាម “Hypovolemic shock”។ យើងអាចដឹងបានតាមរយៈការកើនឡើងនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញតាមរយៈការបូមឈាមពិនិត្យមើលអេម៉ូក្រាមរបស់អ្នកជំងឺ។ ការហូរឈាមក៏អាចកើតមានឡើង ហើយអាចមានសភាពជាការហូរឈាមធ្ងន់ធ្ងរនិងហូរឈាមតិចតួច ដែលក្នុងនោះករណីហូរឈាមតិចតួចមានដូចជាការហូរឈាមក្រោមស្បែក (Purpura ឬ Petechiae) ដែលច្រើនកើតមាននៅលើដៃ និងជើង  ឬហូរឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬខ្លះហូរឈាមច្រមុះជាដើម។ រីឯការដែលហូរឈាមខ្លាំងអាចមានជាការហូរឈាមតាមប្រព័ន្ធរំលាយអាហារ (ការក្អួតឈាម ឬការបត់ជើងចេញឈាម) ហើយដែលករណីខ្លះធ្ងន់ធ្ងររហូតដល់ត្រូវការការបញ្ចូលឈាមទៀតផង។ •កម្រិតធ្ងន់ធ្ងរ Dengue Shock Syndrome(DSS)៖ អាចនឹងមានការធ្លាក់ចុះនៃសម្ពាធឈាម ជីពចរដើរញាប់ ដែលជាទូទៅបណ្តាលមកពីអ្នកជំងឺបាត់បង់កម្រិតច្រើននូវពពួកប្លាស្មា (អាចដឹងបានតាមរយៈការកើនឡើងនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញតាមរយៈការបូមឈាមពិនិត្យមើលអេម៉ូក្រាមរបស់អ្នកជំងឺ) ឬការបាត់បង់ឈាម (អាចដឹងបានតាមរយៈការថយចុះនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញតាមរយៈការបូមឈាមពិនិត្យមើលអេម៉ូក្រាមរបស់អ្នកជំងឺ) ដោយសារការខូចខាតនៃសរសៃឈាម។ ជាធម្មតាជញ្ជាំងសរសៃឈាមទប់មិនឲ្យមានការហូរចេញនៃប្លាស្មាពីសរសៃឈាមឡើយ តែកាលណាមានមេរោគគ្រុនឈាម វាអាចទៅបង្កើតជាបណ្តុំអង់ទីករអង់ទីហ្សែន ដែលនាំឲ្យមានការបញ្ចេញសារធាតុ Proinflammatory ទៅបំផ្លាញស្រទាប់សរសៃឈាម ធ្វើឲ្យមានការហូរឈាម រួចក៏បង្កឲ្យមានការធ្លាក់ទាបនៃបរិមាណឈាម ដែលហៅថា Hypovolemic shock។ កម្រិតទី៣ នៃជំងឺគ្រុនឈាមនេះគឺជាកម្រិតធ្ងន់ធ្ងរដែលទាមទារឲ្យមានការព្យាបាលកម្រិតសង្គ្រោះបន្ទាន់ (ICU)។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺគ្រុនឈាមជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់គ្រូពេទ្យក្នុងការសន្និដ្ឋានអំពីជំងឺ ក្នុងនោះការធ្វើរោគវិនិច្ឆ័យរួមមាន៖ 1. ការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក៖  មេរោគគ្រុនឈាមគឺប្រភេទជាវីរុស ដែលអាចស្តែងជារោគសញ្ញាប្រហាក់ប្រហែលទៅនឹងការចម្លងរោគដោយពពួកវីរុសដទៃទៀតដូចជាជំងឺផ្តាសាយជាដើមដែលអាចមានរោគសញ្ញាដូចជាការក្តៅខ្លួន ឈឺសាច់ដុំ ក្អួតចង្អោរ ឈឺក្បាល (តែគ្រុនឈាមនឹងពុំមានអាការៈហៀរសម្បោរឡើយ) រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក និងការហូរឈាមតិច ឬច្រើនផងដែរ។ ក្នុងនោះការធ្វើតេស្តនៅលើស្បែកដែលត្រូវបានគេស្គាល់ថា Tourniquet Test ដោយក្រុមគ្រូពេទ្យក៏អាចដាក់ឲ្យមានការសង្ស័យផងដែរចំពោះជំងឺគ្រុនឈាមនេះបើសិនជាតេស្តនេះបង្ហាញលទ្ធផលវិជ្ជមាន។ 2. ការមើលឈាម Hemogramme ឬ Full Blood Count (FBC)៖  ជាការរាប់គ្រាប់ឈាម ស ក្រហម និងប្លាកែត ដែលអាចជាសញ្ញានៃការវាយលុកដោយមេរោគគ្រុនឈាមបើ៖ - មានការធ្លាក់ចុះនៃប្លាកែត (តែជំងឺឆ្លងបង្កដោយវីរុស និងបាក់តេរីមួយចំនួនក៏បង្កឲ្យមានការធ្លាក់ចុះនៃប្លាកែតផងដែរ) - មានការកើនឡើងនៃ Hematocrit (កំហាប់ឈាមខាប់) ដោយសារមេរោគគ្រុនឈាមអាចបង្កឲ្យមានការហូរចេញនៃប្លាស្មាដែលធ្វើឲ្យបាត់បង់បរិមាណទឹករបស់ឈាមដែលស្ថិតនៅក្នុងសរសៃឈាម - មានការថយចុះនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញឲ្យដឹងថាអាចមានការហូរឈាមក្នុងផ្នែកណាមួយនៃសរីរាង្គរបស់អ្នកជំងឺ - មានការថយចុះ ឬមានការកើនឡើងបន្តិចបន្តួចរបស់គ្រាប់ឈាមស។ 3. តេស្តឈាមរកអង់ទីហ្សែន (Serology NS1)៖ ជាការវាស់បរិមាណ អង់ទីហ្សែន NS1 នៅក្នុងឈាមរបស់អ្នកជំងឺ។ ក៏ប៉ុន្តែចំពោះតេស្តនេះផ្ទាល់ពុំអាចបង្ហាញលទ្ធផលទេប្រសិនបើអ្នកជំងឺចេញរោគសញ្ញាបាន ៤ ឬ ៥ថ្ងៃ រួចមកហើយនោះ ដោយសារតែអង់ទីហ្សែនដែលបញ្ចេញដោយមេរោគបានបាត់ទៅវិញទៅហើយ។ 4. តេស្តឈាមរកអង់ទីករ (Serology antibod)៖   ក្នុងករណីដែលអ្នកជំងឺបានចេញរោគសញ្ញាលើសពី ៤ ទៅ៥ថ្ងៃមកហើយតាមរយៈតេស្តនេះគ្រូពេទ្យនឹងតាមដានរកមើលអង់ទីករ IgM ឬ IgG ដែលមិនបាត់ទៅវិញទោះអង់ទីហ្សែនរបស់មេរោគបានបាត់ទៅហើយក៏ដោយ។ 5. តេស្ត PCR Virus (Polymerase chain reaction)៖  ជាការពិនិត្យឈាមរកមើល DNAរបស់វីរុសផ្ទាល់តែម្តង។ ដោយឡែក តេស្តនេះគឺមានតម្លៃថ្លៃ ហើយដែលគេនឹងមិនប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យជាទូទៅឡើយ។ ការព្យាបាលជំងឺគ្រុនឈាម មកដល់បច្ចុប្បន្នពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាមឡើយនៅទូទាំងសកលលោកដូចនេះការព្យាបាលរបស់វាគឺអាស្រ័យនឹងរោគសញ្ញាដែលស្តែងចេញ។ - ករណីអ្នកជំងឺមាន Dengue Fever៖ ដែលមិនបណ្តាលឲ្យមានការហូរឈាមខ្លាំងទេនោះគាត់ក៏មិនតម្រូវឲ្យសម្រាកព្យាបាលនៅពេទ្យ ឬបញ្ចូលសេរ៉ូមឡើយ គឺគ្រាន់តែសម្រាកនៅផ្ទះ និងពិសាទឹកឲ្យបានច្រើនប៉ុណ្ណោះ (មេរោគអាចធ្វើឲ្យសារធាតុប្លាស្មាជ្រាបចេញពីសរសៃឈាមក្នុងចំនួនតិចតួចដែលអាចនាំឲ្យមានការខ្វះជាតិទឹកក្នុងសរសៃឈាម)។ - ករណីអ្នកជំងឺមាន Dengue Hemorrhagic Fever៖ ដែលអាចបង្កឲ្យមានការបាត់បង់ចំនួនច្រើននៃសារធាតុប្លាស្មា ក៏ដូចជាអាចមានការបាត់បង់សារធាតុឈាមបន្ទាប់ពីមានការហូរឈាមក្នុងសរីរាង្គផ្សេងៗ នោះអ្នកជំងឺអាចនឹងត្រូវការការចាក់បញ្ចូលឈាម។ ប៉ុន្តែគ្រូពេទ្យនឹងសាកល្បងធ្វើការបញ្ចូលសូលុយស្យុងមួយចំនួនជាមុនដូចជា Colloid ឬករណីខ្លះគេបញ្ចូលតែសេរ៉ូមដើម្បីបង្គ្រប់ជាតិទឹកហើយបើសិនជាលទ្ធផលល្អគេនឹងមិនធ្វើការបញ្ចូលឈាមឡើយ។ ជាសរុបមកការព្យាបាលចំពោះជំងឺគ្រុនឈាមគឺមានការខុសគ្នាទៅតាមករណីនីមួយៗដែលនឹងត្រូវសម្រេចចិត្តដោយគ្រូពេទ្យក្រោយពីធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ទៅលើស្ថានភាពរបស់អ្នកជំងឺ ឯការបញ្ចូលឈាមនឹងធ្វើទៅតាមក្រឹត្យក្រមដែលបានកំណត់ត្រឹមត្រូវដើម្បីចៀសវាងនូវផលវិបាកដោយសារការព្យាបាលទៅលើអ្នកជំងឺ។ ម្យ៉ាងទៀតជាទូទៅចំពោះមនុស្សធំដែលកើតមានជំងឺគ្រុនឈាមនឹងត្រូវបានណែនាំឲ្យចូលសម្រាកនៅមន្ទីរពេទ្យ ជាពិសេសគឺករណីមាន Dengue Hemorrhagic Fever (ដែលអាចចូលផ្នែកទូទៅ ឬផ្នែកសង្គ្រោះបន្ទាន់) ហើយក្នុងករណី Dengue Shock Syndrome គឺតម្រូវឲ្យចូលក្នុងផ្នែកសង្គ្រោះបន្ទាន់តែម្តង។ ទាក់ទងនឹងការតមចំណីអំឡុងពេលព្យាបាលក្នុងករណីជំងឺឆ្លងជាទូទៅដែលមិនថាជាជំងឺគ្រុនឈាមឬគ្រុនពោះវៀនវាជាការយល់ច្រឡំមួយរបស់ប្រជាជនភាគច្រើន។ ក្នុងករណីនេះ គ្រូពេទ្យនឹងណែនាំឲ្យមានការពិសាអាហារមានជីវជាតិឲ្យបានច្រើន ដើម្បីបំប៉នដល់សរីរាង្គនិងជាពិសេសដល់ពពួកគ្រាប់ឈាមសដែលជាអ្នកប្រឆាំងនឹងមេរោគក្នុងខ្លួនរបស់យើង។ ករណីត្រូវប្រុងប្រយ័ត្ន ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួន ហើយមានការសង្ស័យថាអាចជាជំងឺគ្រុនឈាម និងមុនពេលធ្វើរោគវិនិច្ឆ័យច្បាស់លាស់នោះអ្នកជំងឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ក្នុងនោះរួមមានពពួក NSAIDs និងអាស្ពីរីនជាដើម ពីព្រោះឱសថអាស្ពីរីនមានមុខងារទប់មិនឲ្យប្លាកែតចាប់ជាប់គ្នាដែលអំណោយផលដល់រោគសញ្ញានៃការហូរឈាម ជាហេតុអាចបង្កឲ្យមានការគ្រោះថ្នាក់ខ្លាំងក្នុងករណីដែលមានជំងឺគ្រុនឈាម។ ដូចគ្នាផងដែរ ពពួក NSAIDs ក៏អាចបង្កការគ្រោះថ្នាក់ដោយការហូរឈាមនេះផងដែរ។ ចំពោះការប្រើប្រាស់ថ្នាំពពួក ប៉ារ៉ាសេតាម៉ុល ក៏គួរតែមានការប្រុងប្រយ័ត្នផងដែរដោយមិនគួរប្រើប្រាស់ឲ្យលើសពីកម្រិតនៃការប្រើប្រាស់ឡើយ។ ម្យ៉ាងទៀតអ្នកជំងឺក៏ត្រូវប្រយ័ត្នប្រយែងចំពោះកត្តាដែលបណ្តាលឲ្យមានការហូរឈាមដូចជាការដួល បុកទង្គិច និងកោសខ្យល់ជាដើម ទោះបីក្នុងកម្រិតស្រាលក៏ដោយ ដោយសារមេរោគគ្រុនឈាមអាចបំផ្លាញសរសៃឈាម និងប្លាកែតស្រាប់ធ្វើឲ្យងាយទទួលរងការប៉ះទង្គិចជាងធម្មតា (គ្រោះថ្នាក់បំផុតប្រសិនបើវាបង្កឲ្យមានការហូរឈាមនៅខាងក្នុង)។ ការការពារជំងឺគ្រុនឈាម ការពារជំងឺគ្រុនឈាមសម្រាប់មនុស្សធំមិនខុសពីកុមារឡើយ គឺតម្រូវឲ្យធ្វើការស្លៀកពាក់ជិតៗ និងបើអាចគឺសម្លៀកបំពាក់ដែលមានពណ៌ចាំងៗ ឬពណ៌ស្រស់ ហើយគួរព្យាយាមកុំស្ថិតនៅទីកន្លែងងងឹត ការលាបផលិតផលការពារមូសនៅលើស្បែក និងការគេងក្នុងមុងជាដើម ដែលនេះជាការការពារបុគ្គល។ រីឯការការពារជារួម គឺការបំបាត់ទឹកថ្លុក ប្រើថ្នាំអាល់បែតក្នុងពាង កម្ទេចសម្បកកង់ និងសម្ភារៈដែលអាចដក់ទឹកបាន។ ចំពោះការការពារដោយវ៉ាក់សាំង គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នាក្នុងចំណោមអង្គការសុខភាពពិភពលោកនៅឡើយ ហើយក៏នៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយក្នុងពិភពលោកដែរបើទោះបីជាវ៉ាក់សាំងរបស់ជំងឺគ្រុនឈាមនេះត្រូវបានផលិត និងចរាចរណ៍តាំងពីឆ្នាំ ២០១៦មកម្ល៉េះក៏ដោយ។ ផលវិបាកនៃជំងឺគ្រុនឈាម ផលវិបាកនៃគ្រុនឈាមគឺ ការហូរឈាម ឬឈានដល់មាន Shock Syndrome (ការធ្លាក់ទាបនៃសម្ពាធឈាម) ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ អាចមានការប៉ះពាល់ដោយកម្រផងដែរ ទៅលើសរីរាង្គថ្លើមដោយសារមេរោគគ្រុនឈាមនេះដែលអាចបង្កឲ្យមានរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិត (Fulminant hepatic failure)។ ជារួមមក លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ បានក្រើនរំលឹកម្តងទៀតចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនឈាម ជាពិសេសពេលក្តៅខ្លួននៅអំឡុងពេលខែវស្សា ត្រូវចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង មុនពេលដឹងមូលហេតុច្បាស់លាស់ព្រមទាំងរួសរាន់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ឬមន្ទីរពេទ្យធំដែលមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យបានរហ័ស។ លោកក៏បានលើកទឹកចិត្តផងដែរដល់ក្រុមគ្រូពេទ្យឲ្យបន្តធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ (តាមរយៈការវិភាគរោគសញ្ញាគ្លីនិក និងការវិភាគទៅលើលទ្ធផលឈាម អេម៉ូក្រាម ដែលសុទ្ធតែអាចធ្វើទៅបានស្ទើរតែនៅគ្រប់កន្លែងទាំងអស់) ដើម្បីចៀសវាងក្នុងការបណ្តោយឲ្យជំងឺនេះវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ និងផ្តល់ការព្យាបាលដែលសមស្របទៅនឹងករណីរបស់អ្នកជំងឺ។ ការបង្ការនិងការពារជំងឺគ្រុនឈាម គឺចាប់ផ្តើមពីយើងទាំងអស់គ្នា បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ (Internal Medicine) និងជំងឺឆ្លងនៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខំប្រឹងហាត់ប្រាណផង ញ៉ាំអាហារច្រើនផងតែនៅមិនឡើងគីឡូសោះ! សំខាន់ចង់ឡើងគីឡូជាមួយសាច់ដុំ មិនមែនសុទ្ធតែខ្លាញ់ទេ! តើគួរធ្វើអ្វីបន្ត? កុំបារម្ភអ្នកនៅមានដំណោះស្រាយបន្តទៀត តាមរយៈការទទួលទានសារធាតុបំប៉ន ៤ប្រភេទដូចខាងក្រោម៖ 1) ប្រូតេអុីន ប្រូតេអុីនជាធាតុបង្កដ៏សំខាន់ក្នុងការរីកលូតលាស់របស់សាច់ដុំ ដោយបរិមាណដែលគួរទទួលទានប្រចាំថ្ងៃគឺ ១.៤ក្រាម ទៅ២ក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួន (1.4-2.0 g/kg) សម្រាប់ការឡើងទម្ងន់ចំពោះមនុស្សពេញវ័យដែលសកម្ម។ គួរបញ្ជាក់ថាប្រូតេអុីនទាំងនោះអាចទទួលបានតាមរយៈចំណីអាហារប្រចាំថ្ងៃ ឬអាហារបំប៉ននានាដែលមានលើទីផ្សារ។ 2) Creatine Creatine ជាប្រភេទសារធាតុបំប៉នសម្រាប់ការឡើងសាច់ដុំ និងទម្ងន់។ ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រភេទនេះអាចជួយជំរុញការធ្វើលំហាត់ប្រាណ ហាត់ប្រាណបានយូរ ព្រមទាំងបង្កើនបរិមាណសាច់ដុំទ្វេដង។ សព្វថ្ងៃនៅលើទីផ្សារមានទម្រង់ Creatine ច្រើនប្រភេទណាស់ ប៉ុន្តែទម្រង់ Creatine monohydrate តែងត្រូវបានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់។ ចំណែក កម្រិតប្រើប្រាស់វិញ អ្នកអាចចាប់ផ្តើមទទួលទានប្រមាណ ២០ក្រាមក្នុង ១ថ្ងៃ បែងចែកជា ៤ពេល រយៈពេល ៥ទៅ ៧ថ្ងៃ។ បន្ទាប់មកអ្នកអាចរក្សាកម្រិតទទួលទានប្រចាំថ្ងៃចន្លោះពី ៣ទៅ៥ក្រាមក្នុងថ្ងៃ។ 3) Weight gainers Weight gainers ជាប្រភេទផលិតផលផ្តល់កាល់ឡូរីខ្ពស់ ដែលជាទូទៅវាផ្ទុកទៅដោយបរិមាណស្ករ និងប្រូតេអុីនច្រើន និងមានភាពពេញនិយមខ្លាំងចំពោះអ្នកដែលពិបាកឡើងទម្ងន់។ ជាក់ស្តែង អ្នកអាចទទួលបានថាមពលប្រមាណ ១២៥០កាល់ឡូរីក្នុងពេលទទួលទានម្តង ដែលក្នុងនោះមានផ្ទុកស្ករ ២៥២ក្រាម និងប្រូតេអុីន ៥០ក្រាម។ ផលិតផលទាំងនេះពិតជាអាចជួយអ្នកឲ្យសម្រេចបានការឡើងទម្ងន់យ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកបន្ថែមលើរបបអាហារប្រចាំថ្ងៃរបស់អ្នកទៀត។ 4) Exercise-Enhancing Supplements ការឡើងទម្ងន់ប្រកបដោយសុខភាព និងពោរពេញទៅដោយសាច់ដុំ មិនមែនខ្លាញ់ គឺត្រូវការជាចាំបាច់ណាស់នូវការធ្វើលំហាត់ប្រាណបូករួមជាមួយរបបអាហារត្រឹមត្រូវ។ ប៉ុន្តែ ការតាំងចិត្តក្នុងការធ្វើលំហាត់ប្រាណជាប្រចាំ ពិតជាមិនងាយស្រួលទេ ហេតុនេះទើបអ្នកត្រូវការសារធាតុបំប៉នមួយចំនួនទៀតដើម្បីបង្កើនចំណង់ហាត់ប្រាណ និងហាត់ប្រាណបានយូរសម្រេចគោលដៅតាមការគ្រោងទុក។ ផលិតផលទាំងនោះមានដូចជា កាហ្វេអុីន (Caffeine) ស៊ីទ្រូលីន (Citrulline) បេតាអាឡានីន (Beta-alanine) និងHMB (Beta-hydroxy beta-methylbutyrate)។ ការគេងបានគ្រប់គ្រាន់ ពិសាអាហារបានត្រឹមត្រូវ បូករួមជាមួយការទទួលទានសារធាតុបំប៉នទាំង ៤ខាងលើបន្ថែមទៀត ពិតជាអាចជួយជំរុញការឡើងទម្ងន់អ្នកបាន! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្អកគួរឲ្យរំខានណាស់មែនទេ? ជឿជាក់ថានរណាៗក៏មិនចង់ជួបបញ្ហានេះដែរ! ហេតុនេះអត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីមូលហេតុនិងវិធីសាស្រ្តការពារខ្លួនងាយៗដែលអាចអនុវត្តឲ្យក្លាយជាទម្លាប់បាន។ អ្វីខ្លះជាកត្តាជំរុញឲ្យក្អក? ក្អកជារេផ្លិចដ៏សំខាន់មួយដែលកើតឡើងរាល់ពេលមានការរំខាននានាដល់ដំណើរការរបស់ប្រព័ន្ធដង្ហើម។ ជាក់ស្តែង វាអាចបណ្តាលមកពី៖ + ការជក់បារី៖ សារធាតុគីមីដែលមានក្នុងបារីអាចរំខាន និងបំផ្លាញកោសិកាសួតយ៉ាងធ្ងន់ធ្ងរ។ ការជក់បារីរយៈពេលយូរអាចបណ្តាលឲ្យសួតបង្កើតជាសារធាតុរំអិលយ៉ាងច្រើន ជាហេតុធ្វើឲ្យមានក្អកស្លេស្មជាប្រចាំ + កត្តាអាល្លែកហ្សុី៖ អាការៈនេះអាចកើតឡើងចំពោះបុគ្គលមួយចំនួនតូចដែលជាទូទៅ លម្អងផ្កា រោមសត្វ ជាកត្តាប្រឈមដែលកើតមានឡើងជាញឹកញាប់ + សារធាតុរំខានដែលមានក្នុងបរិស្ថាន៖ មានសារធាតុរំខានជាច្រើនដែលមានក្នុងបរិយាកាស និងនៅក្នុងផ្ទះ ដូចជាផ្សែង អ័ព្ទក៏អាចជះឥទ្ធិពលបានផងដែរ + ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៖ ការបង្ករោគដោយពពួកបាក់តេរី មួយចំនួន ព្រមទាំងជំងឺហឺតជាកត្តាចម្បងដែលបណ្តាលឲ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលអាចមានដូចជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ជំងឺក្រិនសួត (Pulmonary fibrosis) ជាដើម + ខ្យល់ពុល៖ ការរស់នៅក្នុងទីក្រុង ចរាចរណ៍មមាញឹក តំបន់ជិតរោងចក្រសុទ្ធតែអាចបង្កជាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមដែលអ្នកអាចមើលរំលង។ ការពារបានយ៉ាងណាខ្លះ? ជាការពិត អ្នកនៅតែអាចការពារខ្លួនបានយ៉ាងប្រសើរក្នុងការទប់ទល់ពីបញ្ហាក្អកតាមរយៈការយល់ដឹងអំពីមូលហេតុបង្កចម្បងៗដែលបានរៀបរាប់ខាងលើដោយវិធីសាស្ត្រ ៧យ៉ាងសាមញ្ញៗមានដូចជា៖ ១. បញ្ឈប់ការជក់បារី បន្តិចម្តងៗតាមតែអាចធ្វើបាន ២. ប្រសិនជាអាច អ្នកគួរព្យាយាមជ្រើសរើសកន្លែងការងារណាដែលមិនប៉ះពាល់ដល់ផ្លូវដង្ហើម ៣. បន្ទប់គួរមានសំណើមជានិច្ច ៤. ព្យាយាមសង្កេត និងការពារខ្លួនពីកត្តាបង្កអាល្លែកហ្សុីមួយចំនួនដែលអ្នកធ្លាប់ប្រទះ ដែលអាចមានជាប្រភេទអាហារ លម្អងផ្កា រោមសត្វជាដើម។ គួរបញ្ជាក់ថា អ្នកអាចប្រើប្រាស់ថ្នាំប្រឆាំងអាល្លែកហ្សុីជាមុន នៅរាល់ពេលដែលអ្នកគិតថាអ្នកអាចប៉ះជាមួយកត្តាប្រឈមទាំងនោះ ៥. ប្រសិនបើអ្នកកំពុងមានជំងឺហឺត សូមព្យាយាមគ្រប់គ្រងជំងឺនេះឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ ៦. លាងដៃឲ្យបានស្អាត និងញឹកញាប់ ដើម្បីចៀសវាងការបង្ករោគ ៧. រក្សាប្រព័ន្ធការពាររាងកាយឲ្យនៅមានសុខភាពល្អជានិច្ច តាមរយៈការទទួលទានរបបអាហារត្រឹមត្រូវ សម្បូរសារធាតុចិញ្ចឹម បន្លែ ផ្លែឈើ ដែលសម្បូរដោយវីតាមីន (វីតាមីន C និងវីតាមីនចម្រុះ) លំហាត់ប្រាណទៀងទាត់ សម្រាកឲ្យបានគ្រប់គ្រាន់ព្រមទាំងអនុវត្តការរស់នៅដែលមានអនាម័យ ដើម្បីគេចផុតពីការឆ្លងរោគនៅផ្លូវដង្ហើម។ គួររំឭកដែរថា ភាគច្រើននៃបញ្ហាក្អកគឺបណ្តាលមកពីជំងឺប្រព័ន្ធផ្លូវដង្ហើម ជាពិសេសគឺជំងឺផ្តាសាយ ជំងឺរលាកសួត និងជំងឺរបេងជាដើម ហេតុនេះសូមប្រុងប្រយ័ត្នជាមួយការឆ្លងរោគទាំងនោះ។ សម្រួលអាការៈនេះបែបណា? ការព្យាបាលអាស្រ័យទៅតាមមូលហេតុបង្ក ប៉ុន្តែក្នុងនោះអ្នកក៏អាចប្រើប្រាស់វិធីសាស្ត្រខាងក្រោមដើម្បីសម្រាលភាពរំខានដែលកើតមានឡើង៖ - ការលាយទឹកក្តៅឧណ្ហៗ ជាមួយក្រូចឆ្មារ និងទឹកឃ្មុំ - ការពិសាទឹកក្ដៅឧណ្ហៗ ជំនួសឲ្យការទទួលទានទឹកត្រជាក់ - ចៀសវាងការបរិភោគអាហារប្រៃ បំពង និងហឹរ - កាត់បន្ថយការទទួលទានគ្រឿងស្រវឹង - ប្រើប្រាស់ថ្នាំបំបាត់ក្អកដែលអាចរកទិញបាននៅតាមឱសថស្ថាន ជាមួយការណែនាំប្រើប្រាស់ត្រឹមត្រូវ។ រក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំជាមួយការបញ្ចៀសពីកត្តាអាល្លែកហ្សុីនានា ជាវិធីសាស្ត្រដ៏ប្រសើរក្នុងការការពារពីបញ្ហាក្អក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ទារកនៅក្នុងផ្ទៃត្រូវការការថែទាំមួយផ្នែកសម្រាប់ធានាការលូតលាស់ឲ្យបានពេញលេញ និងរង់ចាំដល់ពេលវេលាក្នុងការសម្រាល ដោយឡែកអំឡុងពេលសម្រាល និងក្រោយពេលសម្រាល ទារកក៏ត្រូវការការថែរក្សាមួយផ្នែកផ្សេងទៀតដើម្បីឲ្យទារកទទួលបានសុខភាពល្អចាប់តាំងពីថ្ងៃដំបូងនៃពេលកើត។ ជាក់ស្ដែងការរៀបចំទុកជាមុនជាកាតព្វកិច្ចចម្បងសម្រាប់អ្នកជំនាញក្នុងការសម្រាល ដោយអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖ ការរៀបចំមុនសម្រាល និងអំឡុងពេលសម្រាល តាមពិតការរៀបចំសម្ភារៈមុនសម្រាលគឺមានអត្ថប្រយោជន៍ខ្លាំងរហូតដល់មានសុភាសិតមួយឃ្លាបានពោលថា “ការថែទាំទារកបានល្អចាប់ផ្តើមពីការរៀបចំល្អ”។ សម្ភារៈដែលត្រូវរៀបចំមានដូចជា៖ • ស្រោមដៃស្តេរីល ២គូ • ក្រណាត់ស្អាត ២ ឬ ៣ • បាឡុងសប់ និងម៉ាស់ • ប្រដាប់បូមស្លេស្ម • ដង្គៀបគាបផ្ចិតស្តេរីល • រមូលក្រណាត់ទុកកល់កទារក • ខោអាវ មួក ស្រោមដៃ និងស្រោមជើង។ ការលាងដៃគឺ មានសារៈសំខាន់បំផុតមុនពេល និងក្រោយពេលចាប់កាន់ទារក ព្រោះវាអាចកាត់បន្ថយហានិភ័យក្នុងការចម្លងរោគបាន។ ពេលទារកកើតភ្លាម ត្រូវដាក់ទារកផ្កាប់លើពោះម្តាយ និងបែរមុខចេញ ហើយកត់ពីពេលវេលាកំណើត។ ក្នុងអំឡុងពេល ៣០វិនាទីដំបូងត្រូវ៖ • ជូតសម្ងួតទារកឲ្យស្ងួតចាប់ពីមុខ ត្រចៀក ភ្នែក និងក្បាល បន្ទាប់មកដងខ្លួន ដៃ និងជើង • ពិនិត្យពីការដកដង្ហើមរបស់ទារកក្នុងអំឡុងពេលជូតសម្ងួត • យកចេញនូវខោអាវសើម។ ត្រូវចាំថាមិនមានការបូមស្លេស្មទេ បើទារកមិនមានស្លេស្ម និងមិនត្រូវសប់បញ្ចូលខ្យល់ទេ បើទារកនៅដកដង្ហើម និងមិនទន់អវយវៈ • បើក្រោយពេលសម្ងួត ៣០វិនាទីហើយ ទារកមានដង្ហើម និងស្រែកយំត្រូវ៖ + ដាក់ទារកគេងផ្កាប់លើពោះម្តាយ ឬទ្រូង សាច់ប៉ះសាច់ (Skin-to-skin) គ្របខ្លួនទារកជាមួយភួយ និងក្បាលទារកជាមួយមួក + ដាក់កាតសម្គាល់ឈ្មោះលើដៃ ឬកជើងទារក។ + រៀបចំធ្វើ APGAR SCORE + ចាក់វីតាមីន K ឲ្យទារក ១មិលី្លក្រាមតាមសាច់ដុំ + ទុកឲ្យទងផ្ចិតស្ងួត និងស្អាត + ឲ្យថ្នាំអង់ទីប៊ីយូទិកប្រភេទតំណក់ ឬពោម៉ាត (Tetracycline Eye Ointment) បន្តក់ភ្នែកទារកទាំងសងខាងយោងតាមពិធីការថ្នាក់ជាតិ។ ក្នុងពេល ១ទៅ៣នាទីក្រោយ ទាក់ទងនឹងការគាបទងផ្ចិត៖ • ដោះស្រោមដៃមួយគូចេញ • គាបទងផ្ចិតក្រោយពេលដែលបាត់ជីបចរលោត  លើផ្ចិត និងទងផ្ចិតរួមតូចហើយពណ៌សស្លេក • ការគាបគឺ ទុកចន្លោះប្រហែល ២ ទៅ៥សង់ទីម៉ែត្រពីពោះទារក • ពេលកាត់ហើយមិនត្រូវយកអ្វីមកបិទទេ ទុកឲ្យទងផ្ចិតចំហរ។ ការតាមដាន និងថែទាំក្រោយពេលសម្រាល ចៀសវាងងូតទឹកឲ្យទារករយៈពេល ២៤ម៉ោងបន្ទាប់ពីសម្រាល ពីព្រោះ៖ • ការងូតទឹកអាចឲ្យទារកចុះកម្តៅរាងកាយ (Hypothermia) • សារធាតុសស្អិតៗលើទារក (Vernix) មានតួនាទីការពារទារកពីបាក់តេរី និងការចុះថយកម្តៅរាងកាយ។ ក្រោយសម្រាល ១ម៉ោងត្រូវតាមដានម្តាយ និងទារក៖ • មិនត្រូវទុកឲ្យម្តាយនិងទារកនៅតែឯងទេ • ទុកឲ្យម្ដាយ និងទារកនៅក្នុងបន្ទប់សម្រាល • កត់ត្រាពី ថ្នាំ ការព្យាបាល និងវិធីនៃការសម្រាល • ពិនិត្យទារករាល់ ១៥នាទីម្តងពីការដកដង្ហើម   និងកម្តៅ • ធ្វើការពិនិត្យរាងកាយទារកជាប្រចាំពី៖ + ទម្ងន់ទារក (Weight) + ប្រវែងទារក (Length) + ទំហំក្បាលទារក (Occipitofrontal Circumference)។ • ការប៉ះផ្ទាល់ស្បែក និងស្បែក (Skin to skin contact) និងការបំបៅដោះដំបូង (Initiation of breastfeeding)៖ + ចាប់ផ្តើមដំបូងទារកនឹងចង់សម្រាក + ការសម្រាកអាច ៣០ទៅ៤០នាទីមុនពេលទារកបញ្ចេញសញ្ញាចង់បៅ (Feeding Cues) ដែលសញ្ញានោះមានដូចជា៖ បើកមាត់ លៀនអណ្តាត លិឍបបូរមាត់ បែរក្បាលងាកទៅរកដោះម្តាយ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

នាពេលបច្ចុប្បន្ន ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរហាក់មានការកើនឡើងតាមសមាមាត្រខ្ពស់ទៅនឹងវ័យ និងអាយុរបស់មនុស្ស (អាយុចាប់ពី ៤០ ទៅ៦០ឆ្នាំ) ជាពិសេស ៨០ភាគរយកើតចំពោះស្ត្រីហើយភាគច្រើនជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ជំងឺរលាកសន្លាក់រុំារ៉ៃ ឬភាសាបចេ្ចកទេសហៅថា Rheumatoid Polyarthritis ជាជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ហើយវាត្រូវបានកំណត់ដោយការរីកសាយភាយ និងការរលាកនៅលើសន្លាក់ ពិសេសជាលិកាស្រោមសន្លាក់ (Tissue synovial)។ ដោយឡែកជំងឺនេះវាអាចបង្កឲ្យមានការខូចរចនាសម្ព័ន្ធនៃសន្លាក់ឆ្អឹងយ៉ាងឆាប់រហ័សផងដែរ។ ជំងឺនេះត្រូវបានចំណាត់ថ្នាក់នៅក្នុងប្រភេទជំងឺ Systemic (System disease) ប្រសិនបើមានលេចចេញជាសញ្ញាផ្សេងក្រៅពីរោគសញ្ញាសន្លាក់ ហើយត្រូវបានចាត់ថ្នាក់ក្នុងជំងឺអូតូអង់ទីករ (Auto-immune diseases) ដោយសារមានវត្តមាន Auto-antibody និង Rheumatoid Factor។ មូលហេតុ និងកត្តាប្រឈម មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលបង្កឲ្យមានជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ (HLA DR4) • កត្តាបម្រែបម្រួលអ័រម៉ូន (Factor Hormonal) • កត្តាបរិយាកាសសង្គម • កត្តាសុខភាពផ្លូវចិត្ត • ភាពបម្រែបម្រួលប្រព័ន្ធភាពស៊ាំ (Immunologic) • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៦០ឆ្នាំឡើងទៅ)។ រោគសញ្ញា ជាទូទៅ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចលេចចេញរោគសញ្ញាដូចជារលាក ហើម ឈឺចុកចាប់នៅតាមផ្ទៃសន្លាក់ប្រអប់ដៃ និងម្រាមដៃ។ ជួនកាលពេលខ្លះអាចជាការប៉ះពាល់ និងការរលាកសន្លាក់នៅទីតាំងផ្សេងទៀតដូចជា ប្រអប់ជើង ជង្គង់ ត្រគាក ស្មា និងឆ្អឹងកងក។ លើសពីនេះក៏មានអាការៈផ្សេងៗក្រៅពីអាការៈខាងលើរួមមាន៖ • អ្នកជំងឺឧស្សាហ៍ឈឺតាមផ្ទៃសន្លាក់ខ្លាំងនៅពេលយប់ • អ្នកជំងឺមានសភាពស្លេកស្លាំង • អស់កម្លាំង (ក្នុងករណីរលាកសន្លាក់រុំារ៉ៃ) • ទ្រុឌទ្រោមសភាពទូទៅតិចតួច ឬច្រើន • ឧស្សាហ៍រឹងគាំងសន្លាក់នៅពេលព្រឹកព្រលឹម • មានដុំពកនៅក្បែរផ្ទៃសន្លាក់ ( Nodule Rheumatoid) • ពេលខ្លះជំងឺនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង សួត ស្រោមសួត តម្រងនោម អណ្តើក ឬកូនកណ្តុរ (Spleno-ganglionnaire) និងរលាកសរសៃឈាមផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសង្កេតអាការៈនៃជំងឺដែលបានរៀបរាប់ខាងលើដោយការកើតដំណាលគ្នាយ៉ាងតិច ៤ដង ក្នុងអំឡុងពេលចាប់ពី ៦សប្តាហ៍ឡើងទៅ (Criteria of American Collect of Rheumatology)។ បន្ថែមពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅពិនិត្យ និងការថតកាំរស្មីអុិច (X-ray) ដើម្បីឲ្យដឹងថាមានពុកឆ្អឹងនៅផ្នែកចុងឆ្អឹង មានសឹកផ្ទៃសន្លាក់ និងខូចខាតទ្រង់ទ្រាយសន្លាក់ឬទេ។ ការព្យាបាល ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរួមមាន៖ • ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ • ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក (Anti-in-flammatory) ឬថ្នាំប្រភេទស្តេរ៉ូអុីត (Steroid) • ការប្រើប្រាស់ថ្នាំប្រភេទ Immuno Supressor • ការព្យាបាលដោយចលនា • ការប្រើឧបករណ៍ជំនួយចលនាសន្លាក់ឆ្អឹង • ការព្យាបាលដោយការវះកាត់។ល។ ផ្ទុយទៅវិញ ក្រៅពីការព្យាបាលខាងលើ អ្នកជំងឺពុំមានការតមចំណីអាហារណាមួយជាពិសេសនោះទេ ប៉ុន្តែចំពោះលំហាត់ប្រាណវិញ អ្នកជំងឺគួរធ្វើលំហាត់ប្រាណណាដែលមានចលនាយឺត និងសាមញ្ញធម្មតាដូចជា ការដើរ ការហាត់យូហ្គា និងសមាធិ។ លើសពីនេះ អ្នកជំងឺមិនគួរជ្រើសរើសការធ្វើលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ទៅដល់មុខងារសន្លាក់ឆ្អឹងទេដូចជាការរត់ លើកទម្ងន់ធ្ងន់ និងការលេងកីឡាបាល់ទាត់ជាដើម។ ផលវិបាក ជាក់ស្តែង ប្រសិនគ្មានការបង្ការ ឬព្យាបាលនោះទេជំងឺរលាកសន្លាក់រុំារ៉ៃអាចវិវឌ្ឍទៅរកការខូចទ្រង់ទ្រាយនៃសន្លាក់ឆ្អឹង បាត់បង់មុខងារសន្លាក់ឆ្អឹងតិច ឬច្រើន ពិសេសអាចប្រឈមទៅនឹងពិការភាពសន្លាក់ឆ្អឹងតែម្តង។ ជួនកាលពេលខ្លះ វាបង្កឲ្យមានការឈឺចុកចាប់រុំារ៉ៃ ទ្រុឌទ្រោមសភាពទូទៅ ស្លេកស្លាំង និងការបាក់ទឹកចិត្តផងដែរ។ យ៉ាងណាមិញ ជំងឺនេះមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះឡើយ។ វិធីសាស្រ្តការពារ មានវិធីសាស្រ្តមួយចំនួនដែលអាចអនុវត្តបានសម្រាប់ការពារពីជំងឺរលាកសន្លាក់រុំារ៉ៃរួមមាន៖ • ស្ត្រីវ័យចំណាស់ ឬមានអាយុលើស៦០ឆ្នាំ គួរតែមកធ្វើតេស្តស្វែងរកមើលជំងឺរលាកសន្លាក់ឲ្យបានជាមុន • សូមប្រជាពលរដ្ឋគួរអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ • ការព្យាបាលត្រឹមត្រូវគឺជួយកាត់បន្ថយពិការភាពនៃសន្លាក់ឆ្អឹង និងធ្វើឲ្យការរស់នៅមានភាពប្រសើរ។ ការប្រឹក្សាដើម្បីស្វែងរកវត្តមាន និងមូលហេតុបង្កជំងឺរលាកសន្លាក់ឆ្អឹងពីសំណាក់គ្រូពេទ្យជំនាញផ្ទាល់អាចធ្វើឲ្យការព្យាបាលបានត្រឹមត្រូវ និងធានាឲ្យបានប្រសិទ្ធភាព មិនប៉ះពាល់ដល់សុខភាព មិនចំណាយពេលវេលានិងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គុជ គីមសួរ ឯកទេសជំងឺទូទៅ និងសន្លាក់ឆ្អឹងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក
Top