Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បើគិតទៅដល់អាហារសុខភាព ហើយជាពិសេសមិនមានការបន្ថែមប៊ីចេងទៀតនោះ ប្រាកដណាស់ ផាកកាហ្វេ គឺជាជម្រើសដ៏ល្អបំផុត និងត្រូវបានទទួលស្គាល់ពីសំណាក់អតិថិជនជាច្រើនរួចមកហើយ។  នាពេលថ្មីៗនេះ ដើម្បីបម្រើជូនតម្រូវការឲ្យកាន់តែសម្បូរបែប ក៏ដូចជាបន្តនូវចក្ខុវិស័យរបស់ ក្រុមហ៊ុន ផាក កាហ្វេ ហ៊្វូដ អេន បេវើរិច ដើម្បីក្លាយទៅជាភោជនីយដ្ឋានលំដាប់ថ្នាក់លេខ ១ នៅក្នុងប្រទេស ផាកកាហ្វេ បានពង្រីកសាខារបស់ខ្លួនមួយទៀត ដែលមានទីតាំងនៅទួលគោក និងបានធ្វើការសម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ ២០១៩។ ចំពោះទីតាំង ផាកកាហ្វេសាខាទួលគោកថ្មីនេះមានទីតាំងនៅលើផ្លូវ ៥១៦ កែង៣១៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អតីតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនាគារអេស៊ីលីដា) ដែលការរចនាហាងមានលក្ខណៈបែបខ្មែរបុរាណ និងខ្មែរទំនើប។ សម្រាប់សេវាកម្មរបស់ផាកកាហ្វេ ក៏នៅតែបន្តផ្ដល់ជូនអាហារគ្មានប៊ីចេងដ៏សម្បូរបែបដូចជា គុយទាវ កាហ្វេ អាហារសម្រន់ កាហ្វេឆុងបែបបុរាណខ្មែរ និងភេសជ្ជៈល្អជំនួយសុខភាពផ្សេងទៀត រួមផ្សំទៅដោយអនាម័យ បរិយាកាសល្អឥតខ្ចោះ ព្រមទាំងសេវាកម្មប្រកបដោយភាពស្ទាត់ជំនាញ។ បន្ថែមពីនោះភោជនីយដ្ឋាន ក៏បានរៀបចំតុពិសារដែលអំណោយផលល្អដល់ការពិភាក្សាជំនួយ ឬការងារផ្សេងៗពីព្រោះគម្លាតពីតុមួយទៅតុមួយឆ្ងាយល្មមមិនឲ្យអ្នកនៅតុជិតអាចស្ដាប់លឺការសន្ទនាគ្នាឡើយ។ គួបញ្ជាក់ដែរថា ផាកកាហ្វេ ជាភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធនៅឆ្នាំ ២០០៤ ដែលផ្ដល់ជូនអាហារដែលគិតពីសុខភាពជាចម្បង។  2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សរីរាង្គត្រចៀកត្រូវបានបែងចែកជាបីរួមមានផ្នែកខាងក្រៅ កណ្តាល និងផ្នែកខាងក្នុងដែលមានតួនាទីដោយឡែកៗពីគ្នា។ ជាក់ស្តែង ផ្នែកខាងក្រៅសម្រាប់ស្តាប់ ផ្នែកកណ្តាលសម្រាប់បញ្ជូន និងផ្នែកខាងក្នុងសម្រាប់បញ្ជូនបន្តទៅកាន់ខួរក្បាល។ ចំពោះបញ្ហាមួយនៃត្រចៀកផ្នែកខាងក្រៅ ដែលហាក់ត្រូវបានសម្គាល់ឃើញថាកើតមានច្រើនស្ថិតនៅលំដាប់លេខ ២ ចំពោះប្រជាជនកម្ពុជាបច្ចុប្បន្ន នោះគឺជាការបង្ករោគដោយពពួកផ្សិត ឬភាសាបច្ចេកទេសហៅថា Otomycosis ។ កត្តាបង្កឲ្យមានផ្សិតក្នុងត្រចៀក យោងតាមការសិក្សាទាំងក្នុង និងក្រៅប្រទេសបានបង្ហាញថាបុគ្គលដែលងាយឆ្លងមេរោគផ្សិតនៅត្រចៀករួមមាន៖ • អ្នកស្តាប់មិនឮដែលប្រើប្រាស់ឧបករណ៍ជំនួយការស្តាប់នៅត្រចៀកជាប្រចាំ • អ្នកនិយមពាក់កាសនៅត្រចៀកស្តាប់ចម្រៀង ឬអ្វីផ្សេងៗ • ការហែលទឹក ដូចជាកីឡាករហែលទឹក ឬអ្នកនិយមចូលចិត្តហែលទឹកក្នុងអាងហែលទឹកញឹកញាប់ ឬអ្នកហែលទឹកមិនស្អាតនៅជនបទ តាមស្រះត្រពាំងនិងប្រឡាយ • ការសម្អាតត្រចៀក ដែលប្រើប្រាស់សម្ភារៈសម្អាតបន្តគ្នាពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគផ្សិតត្រឹមត្រូវ ឬគ្រាន់តែជូតនឹងអាល់កុលដែលមិនអាចសម្លាប់ពពួកផ្សិតបាន។ ក្រៅអំពីមូលហេតុខាងលើ ជំងឺផ្សិតនៅត្រចៀកអាចនឹងកើតមានឡើង ឬមានការវិវឌ្ឍលឿនចំពោះអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺឆ្លងមួយចំនួនដូចជាអ្នកជំងឺអេដស៍ជាដើម។ ដំណាក់កាលនៃរោគសញ្ញាផ្សិតត្រចៀក បន្ទាប់ពីបានឆ្លងចូលនូវពពួកផ្សិតទៅក្នុងត្រចៀកអ្នកជំងឺអាចមានលេចចេញនូវរោគសញ្ញាដូចជា រមាស់ត្រចៀក ឈឺត្រចៀក ហូរទឹករងៃ ឬហូរខ្ទុះពណ៌ប្រផេះឬខ្មៅ ពីក្នុងត្រចៀក បន្ទាប់មកអ្នកជំងឺអាចនឹងមានអាការៈហ៊ឹងត្រចៀក និងស្តាប់មិនសូវឮ។ ការធ្វើរោគវិនិច្ឆ័យបញ្ជាក់ពីវត្តមានផ្សិតត្រចៀក ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់អំពីការបង្ករោគដោយពពួកផ្សិតនៅក្នុងត្រចៀក ឬផ្សិតត្រចៀក គ្រូពេទ្យត្រូវយកអ្នកជំងឺទៅពិនិត្យដោយម៉ាស៊ីន Endoscope ឬ Otoscope លើសពីនេះយើងអាចកៀរ ឬផ្ដិតយកទៅពិនិត្យមើលដោយឧបករណ៍មីក្រូទស្សន៍នៃមន្ទីរពិសោធន៍ (ឧបករណ៍ដែលគេយកទៅកៀរ ឬផ្ដិតនោះគឺឈើ ១ដើម នៅខាងចុងមានសំឡីដាក់ក្នុងទីបមួយបិតជិត ដែលភាសាអង់គ្លេសហៅថា Cotton swabs) ក្នុងគោលបំណងញែកឲ្យដឹងថាជាពពួកផ្សិត ឬបាក់តេរី។ ការព្យាបាលផ្សិតត្រចៀក ក្រោយពីធ្វើរោគវិនិច្ឆ័យបញ្ជាក់ថាជាការបង្ករោគដោយពពួកផ្សិតហើយគ្រូពេទ្យនឹងធ្វើការសម្អាតត្រចៀករបស់អ្នកជំងឺឲ្យស្អាតទើបឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំ។ ប្រភេទថ្នាំទាំងនោះអាចខុសៗគ្នាតាមកម្រិតភាពធ្ងន់ ឬស្រាលរបស់អ្នកជំងឺ ដូចជា ថ្នាំតំណក់សម្រាប់បន្តក់ក្នុងត្រចៀកឈ្មោះ Clotrimazol ១% បន្តក់ម្ដង ២-៣តំណក់ ១ថ្ងៃ ២-៣ដង រយៈពេល ១៤ថ្ងៃ ឬជាថ្នាំ Fluconazol, Econazol ថ្នាំលេប Itraconazol ១០០មិល្លីក្រាម លេប ១គ្រាប់ ១ដង រយៈពេល ២សប្តាហ៍។ ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា ឬព្យាបាលមិនត្រឹមត្រូវនោះផលប៉ះពាល់ធ្ងន់ធ្ងរអាចនឹងកើតមានឡើងដូចជារលាកត្រចៀក និងរហែកក្រដាសត្រចៀកប៉ះពាល់ដល់ការស្តាប់ជាដើម។ យុទ្ធសាស្ត្រការពារពីផ្សិតនៅត្រចៀក • សម្រាប់អ្នកប្រើឧបករណ៍ជំនួយក្នុងការស្តាប់ត្រូវសម្អាតដៃ និងយកសំឡីអាល់កុលជូតឧបករណ៍មុនពេលពាក់ • ចៀសវាងការពាក់កាស ឬបើពាក់ត្រូវលាងសម្អាតដៃមុនពេលពាក់ • ចៀសវាងការប្រើសម្ភារៈមិនស្អាតលូកចូល ឬត្បារក្នុងត្រចៀក • កាត់បន្ថយ ឬចៀសវាងការកាត់សក់ ហើយសម្អាតត្រចៀកនៅតាមហាងដែលប្រើសម្ភារៈបន្តគ្នា • ចំពោះកីឡាករ ឬអ្នកចូលចិត្តហែលទឹក ត្រូវការពារកុំឲ្យត្រចៀកប៉ះផ្ទាល់ជាមួយទឹក ដោយប្រើឧបករណ៍ពាក់ត្រចៀកពេលហែល ឬពាក់មួកបិតដល់ត្រចៀកជាដើម។ សម្រាប់អ្នកប្រកបវិជ្ជាជីវសុខាភិបាល សូមត្រួតពិនិត្យឲ្យបានម៉ត់ចត់ ឬបញ្ជូនអ្នកជំងឺមកកាន់ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ថាបង្កពីផ្សិតឬបាក់តេរី មុនពេលផ្តល់វេជ្ជបញ្ជាដល់អ្នកជំងឺ។ ចំពោះប្រជាជន សូមកុំព្យាយាមយកសម្ភារៈ ឬឧបករណ៍ណាមួយមកត្បារ ឬកេះក្នុងត្រចៀកដាច់ខាត ហើយសូមមកប្រឹក្សាជាមួយគ្រូពេទ្យឯកទេសត្រចៀកច្រមុះ បំពង់ក។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ សែ នាយផ្នែកត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដោយហេតុថាកម្រិតនៃការឈឺចាប់មានភាពខុសគ្នាទៅតាមជំងឺនីមួយៗទើបការផលិតឱសថបំបាត់ការឈឺចាប់ក៏មានប្រភេទផ្សេងៗគ្នាទៅតាមនោះដែរ។ ជាក់ស្ដែងនៅលើទីផ្សារ ឱសថបំបាត់ការឈឺចាប់ឃើញមានច្រើនប្រភេទចាប់ពីកម្រិតស្រាល មធ្យម និងធ្ងន់ធ្ងរ ដោយនៅក្នុងនោះ Diclofenac គឺជាប្រភេទឱសថម៉្យាងដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការឈឺចាប់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន។ លក្ខណៈឱសថ Diclofenac គឺជាឱសថស្ថិតនៅក្នុងក្រុម Nonsteroidal anti-inflammatory drug (NSAID) មានលក្ខណៈប្រឆាំងការឈឺចាប់ បំបាត់រលាកនិងបន្ថយកម្ដៅ ហើយត្រូវបានផលិតឡើងក្នុងទម្រង់ជាច្រើនរួមមានឱសថគ្រាប់ សូលុយស្យុង ម្សៅ និងជែលសម្រាប់លាបជាដើម។ល។ វាជាឱសថមានសមត្ថភាពអាចកាត់បន្ថយអង់ស៊ីមនៅក្នុងរាងកាយដែលបង្កឲ្យឈឺចាប់ និងរលាក។ សកម្មភាពឱសថ Diclofenac ត្រូវបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលស្ថានភាពឈឺចាប់និងរលាកស្រួចស្រាវ និងរ៉ាំរ៉ៃផងដែរ តាមរយៈសកម្មភាពទៅបន្ថយការសំយោគ Prostaglandin ដោយបិទទៅលើអង់ស៊ីម Cyclooxygenase-1 (COX-1) និង Cyclooxygenase-2 (COX-2) ក្នុងឥទ្ធិពលស្មើគ្នា។ ជាមួយសកម្មភាពបែបនេះ វាត្រូវបានប្រើប្រាស់សម្រាប់ព្យាបាល និងសម្រាលអាការៈជាប់គាំងសន្លាក់បណ្តាលមកពី៖ • ជំងឺរលាកសន្លាក់ឆ្អឹង (នៅជង្គង់ កជើង ម្រាមជើង កែងដៃ កដៃ និងដៃជាដើម) • ជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ • ជំងឺស្បែកស្ងួតខ្លាំងបណ្តាលមកពីកម្ដៅព្រះអាទិត្យ (Actinic keratosis) ដែលត្រូវបានព្យាបាលតាមឱសថទម្រង់ជែលសម្រាប់លាបផ្ទាល់ទៅលើស្បែក • ជំងឺផ្សេងទៀតទៅតាមការណែនាំរបស់គ្រូពេទ្យ។ កម្រិត និងការប្រើប្រាស់ឱសថ ការប្រើប្រាស់ឱសថនៅកម្រិតណាមួយគឺអាស្រ័យទៅតាមស្ថានភាព និងការណែនាំរបស់គ្រូពេទ្យ ដែលជាទូទៅ៖ • ឱសថគ្រាប់៖ អាចប្រើបាន ២ ទៅ៣ដងក្នុងមួយថ្ងៃ ដែលចំនួនដូសមិនឲ្យលើសពី ១៥០មិល្លីក្រាម • ឱសថជែល៖ អាចលាបនៅទីតាំងដែលឈឺ ៤ដងក្នុងមួយថ្ងៃ ឬអាចប្រែប្រួលទៅតាមការអនុញ្ញាតរបស់គ្រូពេទ្យ។ ចៀសវាងងូតទឹក ឬគ្របស្បែកភ្លាមៗបន្ទាប់ពីលាបឱសថរួច។ ផលរំខាន ផលរំខានជាទូទៅនៃឱសថ Diclofenac អាចមានដូចជា៖ • ឈឺក្រពះ ឬខ្យល់ក្នុងពោះ • ចង្អោរ ក្អួត • ឈឺក្បាល ឬធីងធោង • រមាស់លើស្បែក • បែកញើស • សម្ពាធឈាមកើនឡើង • ហើមដៃ ឬជើង។ អន្តរកម្មឱសថ ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចធ្វើឲ្យថយចុះប្រសិទ្ធភាព ឬបង្កើនហានិភ័យនៃផលរំខានរបស់ឱសថណាមួយ។ ជាក់ស្ដែង Diclofenac ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖ • ឱសថព្យាបាលលើសសម្ពាធឈាម៖ Captopril, Lisinopril, Losartan និង Valsartan • ឱសថក្នុងក្រុម Corticosteroids៖ Dexamethasone និង Prednisone • ឱសថពង្រាវឈាម៖ Dabigatran, Enoxaparin និងWarfarin ជាដើម។ ដើម្បីចៀសវាងហានិភ័យដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរប្រាប់ទៅកាន់វេជ្ជបណ្ឌិតក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀតមុនពេលសម្រេចចិត្តប្រើប្រាស់ឱសថ Diclofenac។ បម្រុងប្រយ័ត្ន ការប្រើប្រាស់ឱសថ Diclofenac ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖ • អ្នកមានប្រតិកម្មនឹងសារធាតុសកម្មក្នុងឱសថ ឬធ្លាប់មានប្រតិកម្មជាមួយឱសថ Aspirin និងឱសថក្នុងក្រុម NSAIDs ដទៃទៀតដូចជា Ibuprofen, Naproxen ឬ Celecoxib ជាដើម • អ្នកដែលមានជំងឺហឺត ជំងឺថ្លើម បញ្ហាក្រពះពោះវៀន (ហូរឈាម ឬរលាក) ជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់ ជំងឺឈាម និងបញ្ហាតម្រងនោមសុទ្ធសឹងតែទាមទារការពិគ្រោះយោបល់មុនពេលប្រើប្រាស់ឱសថ • ឱសថ Diclofenac អាចធ្វើឲ្យប្រឈមនឹងបញ្ហាហូរឈាមក្នុងក្រពះកាន់តែខ្ពស់ ក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេលជាមួយគ្នា • ចៀសវាងនៅក្រោមពន្លឺថ្ងៃច្រើន ដោយហេតុថាឱសថអាចបង្កជាផលរំខាននានានៅពេលប៉ះជាមួយពន្លឺព្រះអាទិត្យ។ អ្នកអាចលាបឡេការពារកម្ដៅថ្ងៃនិងស្លៀកសម្លៀកបំពាក់ជិតៗនៅពេលចេញទៅខាងក្រៅ • ការប្រើប្រាស់ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវធ្វើឡើងតែក្នុងករណីចាំបាច់បំផុតនិងក្រោមការអនុញ្ញាតរបស់គ្រូពេទ្យតែប៉ុណ្ណោះ។ សម្រាប់ឱសថ Diclofenac ដែលអាចរកបាននៅលើទីផ្សារមានដូចជា៖ Diclofenac Sandoz® , Voltaren® , ឬ Diclofenac Sodium Topical Gel ជាដើម 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មានមនុស្សមិនតិចនោះទេដែលនៅសុខៗស្រាប់តែលេចចេញកន្ទួលរមាស់លើស្បែកភ្លាមៗក្នុងរយៈពេលណាមួយ ហើយអ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាចេញបែបនេះ? តើវាបណ្តាលមកពីអ្វី? ដូច្នេះ ករណីសិក្សាខាងក្រោមអាចស្រាយនូវចម្ងល់របស់អ្នក។ សំណួរ៖ ខ្ញុំបាទ អាយុ ៣៣ឆ្នាំ ភេទប្រុស កម្ពស់ ១ម៉ែត្រ៦៨ ទម្ងន់៦៦គីឡូក្រាម មុខរបរជានិសិ្សត។ កាលពីមុនខ្ញុំមិនដែលចេញកន្ទួលរមាស់លើស្បែកទេ ប៉ុន្តែឥលូវស្បែករបស់ខ្ញុំស្រាប់តែចេញកន្ទួលរមាស់តិច និងច្រើនជាប្រចាំ។ ដោយហេតុថាមួយរយៈនេះខ្ញុំបានទៅពេទ្យដើម្បីពិនិត្យឈាមរកមើលមេរោគប៉ុន្តែអត់មានបញ្ហានោះទេហើយអនាម័យខ្លួនប្រាណវិញក៏ល្អផងដែរ។ តើកន្ទួលទាំងនេះបណ្តាលមកពីអ្វី? តើគួរធ្វើយ៉ាងដូចម្តេចចំពោះបញ្ហានេះ? ហើយមានវិធីសាស្រ្តការពារដែរឬទេ? ចម្លើយ៖ លក្ខណៈកន្ទួលរមាស់រ៉ាំរ៉ៃរាល់ថ្ងៃ នៅពេលវាលេចចេញហើយស្រាប់តែ១ម៉ោង ឬ២ម៉ោងក្រោយ បាត់ទៅវិញ វាជារោគសញ្ញានៃកន្ទាលត្រអាក បើតាមពាក្យខ្មែរនិយមហៅ។ ដោយឡែកក្នុងន័យវេជ្ជសាស្ត្រ វាត្រូវបានហៅថាជាប្រតិកម្ម ឬអាល្លែកហ្ស៊ីដែលកើតឡើងដោយសារអង្គបដិបក្សនៅក្នុងខ្លួនប្រឆាំងជាមួយអង់ទីហ្សែន ឬមេរោគបង្ក។ កន្ទាលត្រអាក ឬអាល្លែកហ្ស៊ីនេះ ប្រសិនលេចឡើងក្នុងរយៈពេលខ្លីត្រឹមពីរសប្តាហ៍វាជាកន្ទាលត្រអាកធម្មតាដែលប្អូនគ្រាន់តែប្រើថ្នាំ នោះប្អូននឹងជាសះស្បើយ។ តែបើកន្ទាលត្រអាកលេចឡើងក្នុងរយៈពេលយូរលើសពីមួយខែហើយ វាក្លាយជាកន្ទាលត្រអាករ៉ាំរ៉ៃដែលមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានឡើយ។ រាល់ការប្រើថ្នាំចំពោះកន្ទាលត្រអាករ៉ាំរ៉ៃអាចត្រឹមកាត់បន្ថយនូវរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ប្អូនគួរកត់សម្គាល់ខ្លួនឯងថា ១០ ទៅ១៥នាទីមុនពេលមានអាការៈនេះប្អូនបានធ្វើអ្វីឬញ៉ាំអ្វី។ ព្យាយាមស្វែងយល់ពីមូលហេតុហើយចៀសវាងវាបើអាការៈនេះនៅតែកើតឡើង ប្រហែលមូលហេតុពិតប្រាកដមិនដូចការសន្និដ្ឋានរបស់ប្អូនទេ។ ជាការពិតណាស់ ការរកឃើញអំពីមូលហេតុបង្ក និងចៀសវាងពីមូលហេតុទាំងនោះ ប្អូននឹងជាសះស្បើយដោយមិនចាំបាច់ប្រើថ្នាំ។ ផ្ទុយមកវិញ ករណីខ្លះដែលប្អូនដឹងពីមូលហេតុហើយតែមិនអាចចៀសវាងបានដូចជាពន្លឺថ្ងៃ អាកាសធាតុ ពេលបែកញើស ឬពេលសើម នោះប្អូននៅតែបន្តមានអាការៈកន្ទាលត្រអាកនេះទៀតរាល់ពេលដែលប៉ះនឹងមូលហេតុទាំងនោះ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដោយសារតែភាពរំខាននានាជាច្រើននៃជំងឺផ្ដាសាយបានបង្ខំឲ្យអ្នកជំងឺមួយចំនួនសម្រេចចិត្តសម្រាកនៅផ្ទះ ជាជាងការចេញទៅក្រៅ ឬបំពេញការងារផ្សេងៗ ដោយរង់ចាំឲ្យស្ថានភាពជំងឺបានប្រសើរឡើងវិញជាមុនសិន។ ជាក់ស្ដែង ផ្ដាសាយអាចចាត់ទុកបានជាជំងឺសាមញ្ញ តែអ្នកប្រហែលមិនដឹងទេថាវាអាចមានភាពស្មុគស្មាញ និងអាថ៌កំបាំងដែលអ្នកមិនធ្លាប់បានដឹង។ ក្នុងករណីលេចចេញសញ្ញាសាមញ្ញដូចជា ហៀរសម្បោរ ក្ដៅខ្លួន ឬស្ងួតបំពង់ក នោះអាចបញ្ជាក់បានថាអ្នកកំពុងរងការវាយលុកពីជំងឺផ្ដាសាយ។ ជាធម្មតាអាការៈផ្ដាសាយទាំងនោះអាចនឹងមានភាពធូរស្បើយ និងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញបន្ទាប់ពីរយៈពេល ២ ទៅ ៣ថ្ងៃក្រោយ។ លក្ខណៈជំងឺផ្តាសាយ វាជាជំងឺមួយដែលបណ្តាលមកពីការចម្លងរោគដ៏តូចមួយដែលគេហៅថា វីរុស។ ជំងឺផ្តាសាយបណ្ដាលមកពីវីរុសជាង ២០០ ប្រភេទ ប៉ុន្តែជំងឺទូទៅ និងបង្កឡើងញឹកញាប់បំផុតគឺពពួក Rhinovirus ដែលទទួលខុសត្រូវយ៉ាងហោចណាស់ ៥០% នៃជំងឺផ្តាសាយ។ វីរុសផ្សេងៗទៀតដែលអាចបង្កឲ្យមានជំងឺផ្តាសាយ រួមមានមេរោគ Coronavirus, Respiratory syncytial virus, Parainfluenza និងជំងឺគ្រុនផ្តាសាយ។ នៅពេលមេរោគទាំងនោះឆ្លងតាមរយៈច្រមុះ និងបំពង់ក ប្រព័ន្ធការពាររាងកាយរបស់អ្នកនឹងធ្វើការប្រឆាំងជាមួយការចម្លងនោះដោយបង្កើតបានជាការរលាកនិងមានសម្បោរហើយអ្នកជំងឺថែមទាំងអាចមានអាការៈអស់កម្លាំង ឬល្ហិតល្ហៃទៀតផង។ ការចម្លង វីរុសផ្តាសាយអាចឆ្លងចូលក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ភ្នែក ច្រមុះ ឬបំពង់ក។ វីរុសអាចរាលដាលតាមរយៈតំណក់តូចៗនៅលើអាកាសនៅពេលមនុស្សម្នាក់ក្អកបន្ទាប់មកធ្វើការរីករាលដាលទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ។ ជំងឺនេះក៏អាចឆ្លងតាមការប៉ះពាល់ផ្ទាល់ដៃជាមួយអ្នកជំងឺ ឬដោយការចែករំលែកវត្ថុកខ្វក់ដូចជាឧបករណ៍ប្រើប្រាស់ កន្សែងឧបករណ៍ក្មេងលេង  ឬទូរស័ព្ទ។ល។ រោគសញ្ញាជំងឺផ្តាសាយ រោគសញ្ញានៃជំងឺផ្តាសាយជាធម្មតានឹងកើតមានឡើងពី ១ថ្ងៃទៅ ៣ថ្ងៃបន្ទាប់ពីការប៉ះពាល់នឹងវីរុសដែលបង្កឲ្យមានជំងឺផ្តាសាយ។ រោគសញ្ញាអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ ដែលជាទូទៅរោគសញ្ញាទាំងនោះមានដូចជា៖ • ឈឺក • ហៀរសម្បោរ ឬតឹងច្រមុះ • ក្អក • កណ្តាស់ • ឈឺក្បាល ឬឈឺខ្លួន។ ចំណែករោគសញ្ញាធ្ងន់ធ្ងរអាចមានដូចជា គ្រុនក្តៅឬឈឺសាច់ដុំ ដែលអាចជាសញ្ញាជំងឺផ្តាសាយធ្ងន់ (Flu) ជាជាងជំងឺផ្តាសាយធម្មតាហើយមនុស្សភាគច្រើននឹងមានភាពប្រសើរឡើងវិញក្នុងរយៈពេល ៧ ទៅ ១០ថ្ងៃ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការមានផ្ទៃពោះមិនមែនជារឿងងាយស្រួលដូចការគិតរបស់អ្នកនោះទេដូច្នោះប្រសិនបើអ្នកមានបំណងចង់បានកូនដែលមានសុខភាពល្អ ការសម្រាលទទួលបានជោគជ័យ និងសុវត្ថិភាពនោះ អ្នកគួរតែត្រៀម និងរៀបចំខ្លួនឲ្យបានល្អជាមុនសិន។ ជ្រើសរើសរបបអាហារសុខភាព អាហារសុខភាពជារឿងចម្បងគេ សម្រាប់ស្ត្រីដែលត្រៀមមានផ្ទៃពោះ ឬអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលក៏ដោយ។ ជាក់ស្ដែង ការជ្រើសរើសរបបអាហារមិនត្រឹមត្រូវ អាចផ្ដល់ផលអវិជ្ជមានយ៉ាងខ្លាំងទៅលើឱកាសនៃមានផ្ទៃពោះ និងអំឡុងពេលពពោះ នេះបើយោងតាមការស្រាវជ្រាវនានា។ ស្ត្រីគួរផ្លាស់ប្ដូរទម្លាប់មិនល្អដែលកំពុងមាន ដោយជំនួសមកវិញនូវការប្រកាន់ខ្ជាប់ការរស់នៅស្អាត និងជ្រើសរើសអាហារដែលសម្បូរទៅដោយវីតាមីន ប្រូតេអុីននិងជាតិខ្លាញ់ល្អ។  ការគ្រប់គ្រងទម្ងន់ ទម្ងន់រាងកាយ ជាកត្តាមួយផ្នែកដែលជះឥទ្ធិពលដល់ការមានផ្ទៃពោះមិនថាស្រ្តីស្គម ឬធាត់ពេកនោះទេ។ ជាក់ស្ដែង ប្រសិនស្រ្តីមានបញ្ហាលើសទម្ងន់ នោះជាឱកាសដែលអាចឲ្យប្រឈមទៅនឹងបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺលើសជាតិអាស៊ីតជាដើមនៅពេលពពោះ។ ដូច្នេះ ការកំណត់ពីទម្ងន់រាងកាយដែលស័ក្តិសមជារឿងត្រូវធ្វើឲ្យបានឆាប់រហ័ស ជាមួយគ្នានេះ ការពិគ្រោះយោបល់ពីសំណាក់វេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញជាវិធីសាស្រ្តក្នុងការបញ្ចៀសពីបញ្ហានានាដែលអាចប្រឈម។ បន្ថយភាពតានតឹង ការចៀសវាងភាពតានតឹង និងថែទាំសុខភាពផ្លូវចិត្តអាចជួយឲ្យអ្នកមានសុខភាពល្អនៅពេលពពោះ។ ជាក់ស្តែង អ្នកត្រូវកំណត់ពេលវេលាក្នុងការគេងឲ្យបានគ្រប់គ្រាន់ និងរស់នៅប្រកបដោយផាសុកភាព។ ផ្ទុយទៅវិញប្រសិនបើអ្នកមានភាពតានតឹងនោះជាមូលហេតុមួយដែលនាំឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះ ឬអាចរលូតកូនបាន។ យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញពីវិធីសាស្រ្តគ្រប់គ្រងអារម្មណ៍ភាពតានតឹងតាមរយៈការធ្វើលំហាត់ប្រាណបែបសមាធិ និងការដកដង្ហើមវែងៗសម្រាប់ស្រ្តីមានផ្ទៃពោះ ក៏ដូចជាស្រ្តីត្រៀមមានផ្ទៃពោះ។ គេងឲ្យបានគ្រប់គ្រាន់ ការគេងឲ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់សម្រាប់សុខភាពរបស់មនុស្សគ្រប់វ័យ ពិសេសស្រ្តីដែលត្រៀមមានផ្ទៃពោះ និងអំឡុងពេលមានផ្ទៃពោះ។ ដោយហេតុថា អំឡុងពេលគេង ជាវេលាមួយអនុញ្ញាតឲ្យរាងកាយបានសម្រាកដើម្បីជួសជុលកោសិកា សម្រួលដល់ចលនាឈាមរត់ និងដំណើរការមុខងាររបស់សារពាង្គកាយជាច្រើន។ លើសពីនេះ ការគេងគ្រប់គ្រាន់អាចកំណត់អ័រម៉ូនដែលពាក់ព័ន្ធនឹងការបញ្ចេញអូវុល និងអ័រម៉ូនបន្តពូជដូចជា អឺស្រ្តូហែ្សន និងប្រូសេស្តេរ៉ូន ដែលសម្រួលដល់ការមានផ្ទៃពោះ។ ដូច្នេះអ្នកគួរគេង ឲ្យបានយ៉ាងហោចណាស់ ៧ ទៅ ៩ម៉ោងក្នុងមួយថ្ងៃដើម្បីទទួលបានសុខភាពល្អទាំងម្តាយ និងកូនក្នុងផ្ទៃ។ កំណត់កម្រិតជាតិកាហ្វេអុីន ការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីន អាចបង្កើនហានិភ័យនៃបញ្ហាកូនកើតមិនគ្រប់ខែ និងអាចបណ្តាលឲ្យរលូតកូន។ ជាក់ស្តែងការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអុីនរហូតដល់ ២00 មិលី្លក្រាមក្នុងមួយថ្ងៃអាចធ្វើឲ្យប៉ះពាល់ដល់ការមានកូន ឬហានិភ័យនៃការសម្រាលកូនក្នុងដំណាក់កាលដំបូង។ មិនតែប៉ុណ្ណោះ វាអាចបង្កឲ្យមានហានិភ័យអំឡុងពេលមានផ្ទៃពោះដូចជា លើសសម្ពាធឈាម  បង្កើនចង្វាក់បេះដូងរបស់ទារកនិងបណ្តាលឲ្យទារកខ្សោះជាតិទឹកនៅពេលកើត។ អាស្រ័យហេតុនេះ អ្នកត្រូវចៀសវាងរាល់ភេសជ្ជៈប៉ូវកម្លាំង ទាំងមុនពេលមានផ្ទៃពោះ និងមានផ្ទៃពោះ។ ចៀសវាងការជក់បារី ការជក់បារីមិនត្រឹមតែប៉ះពាល់ដល់ទារកក្នុងផ្ទៃទេតែវាអាចប៉ះពាល់ធ្ងន់ធ្ងរទៅលើការចង់មានកូនផងដែរ។ បើយោងតាមសមាគមវេជ្ជសាស្រ្តរបស់សហរដ្ឋអាមេរិកបានបង្ហាញថាការជក់បារី ឬប្រឈមផ្សែងបារីច្រើនលើសលប់និងមានរយៈពេលវែងអាចធ្វើឲ្យមានបម្រែបម្រួលអ័រម៉ូនរបស់ស្រ្តី នាំឲ្យពិបាកក្នុងការមានផ្ទៃពោះ។ លើសពីនេះ សារធាតុដែលមានផ្ទុកនៅក្នុងផ្សែងបារីអាចបណ្តាលឲ្យរលូតកូន និងបង្កឲ្យមានកូនក្រៅស្បូន ដោយឡែកចំពោះបុរស ការជក់បារីអាចធ្វើឲ្យប៉ះពាល់ដល់កម្រិត និងចលនារបស់មេជីវិតឈ្មោល។ ចៀសវាងការផឹកគ្រឿងស្រវឹង ការសិក្សាមួយនៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ ២០១៦បានបង្ហាញពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើការមានផ្ទៃពោះ តាមរយៈការធ្វើតេស្តទៅលើស្រ្តីជាង ៦ពាន់នាក់ ដែលបានទទួលទានគ្រឿងស្រវឹង ១ ទៅ២កំប៉ុងក្នុងមួយថ្ងៃ។ លើសពីនេះ ការស្រាវជ្រាវមួយទៀតបានបង្ហាញដែរថាស្ត្រីដែលពិសាគ្រឿងស្រវឹងច្រើនជាង ៦ កំប៉ុងក្នុងមួយសប្តាហ៍គឺមាន ១៨%ហាក់ដូចជាពិបាកក្នុងការមានផ្ទៃពោះ។ ដូច្នោះការពិសាគ្រឿងស្រវឹងច្រើនបណ្តាលឲ្យពិបាកក្នុងការមានផ្ទៃពោះព្រមទាំងបង្កការខូចខាតលើសរីរាង្គបន្តពូជ និងប៉ះពាល់ខួរក្បាលផងដែរ។ ចៀសវាងសារធាតុគីមី និងសារធាតុពុល សារធាតុពុលផ្សេងៗនៅក្នុងបរិយាកាសអាចប៉ះពាល់ដល់ការមានផ្ទៃពោះដែលសារធាតុទាំងនោះរួមមានដូចជា ឧស្ម័ន ជី ថាំ្នសម្លាប់សត្វល្អិត និងចំហាយវិទ្យុសកម្មជាដើម។ ជាតិពុលទាំងនេះជាដើមចមបង្អាក់ក្នុងការមានផ្ទៃពោះ និងអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃបង្កឲ្យមានភាពមិនប្រក្រតី ឬពិការភាពក្នុងអំឡុងពេលពពោះ។ ដូច្នេះ អ្នកគួរចៀសវាងការប៉ះពាល់ផ្ទាល់ ឬដោយប្រយោលចំពោះសារធាតុទាំងនេះដើម្បីទទួលបានសុខភាពល្អមុនត្រៀមយកកូន ឬអំឡុងពេលមានផ្ទៃពោះ។ ស្ត្រីដែលមានបំណងចង់មានផ្ទៃពោះ គួរចាប់ផ្ដើមថែរក្សាសុខភាព និងគិតពីរបបអាហារ ដើម្បីជួយកាត់បន្ថយហានិភ័យនៃផលវិបាកនៅពេលពពោះនិងក្រោយពេលសម្រាល។  អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកជំងឺប្រកាំង (Migraine) ដែលបានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃក្នុងមុខងារសម្រួលភាពតានតឹងយ៉ាងតិច ២ដងក្នុងមួយសប្ដាហ៍ បានបង្ហាញពីការថយចុះនូវអាការៈឈឺចាប់ក្នុងកម្រិត តែ ៤ ដងក្នុងមួយខែប៉ុណ្ណោះនេះបើយោងតាមការសិក្សានាពេលថ្មីៗនេះ។ ក្រុមអ្នកស្រាវជ្រាវនៅ NYU School of Medicine បានសិក្សាពីកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា RELAXaHEAD ដែលជាការណែនាំអ្នកជំងឺដើម្បីធ្វើការសម្រាកសាច់ដុំ។ ការព្យាបាលបែបនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកបានច្រើន និងកាត់បន្ថយស្ត្រេសបានផងដែរ។ ការសិក្សានេះបានចុះផ្សាយតាមរយៈ Nature Digital Medicine នៅថ្ងៃទី ០៤ ខែមិថុនា ដែលជាការផ្សព្វផ្សាយដំបូង និងវាយតម្លៃពីប្រសិទ្ធភាពរបស់កម្មវិធីទូរស័ព្ទដែលអាចជួយសម្រួលដល់អ្នកជំងឺប្រកាំង ហើយអ្នកស្រាវជ្រាវកំពុងសិក្សាបន្ថែមដើម្បីឲ្យការព្យាបាលនេះមានលក្ខណៈស្តង់ដារ។ លោកវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ Mia Minen បានលើកឡើងថា ការសិក្សានេះបានបង្ហាញភស្តុតាងថាអ្នកជំងឺអាចព្យាបាលតាមអាកប្បកិរិយាបានយ៉ាងងាយស្រួលចំណាយលុយតិច ហើយអាចធ្វើបានដោយខ្លួនឯងនៅទីណាក៏បាន។ អ្នកជំងឺប្រកាំងមានច្រើនជាង ៣៦ លាននាក់ក្នុងប្រទេសអាមេរិក ហើយរោគសញ្ញាដំបូងមានដូចជាការឈឺក្បាលពីតិចទៅខ្លាំង ហើយតែងតែមានអារម្មណ៍ចង់ក្អួត និងមានភាពប្រែប្រួលជាមួយនឹងសំឡេង និងពន្លឺ។ អ្នកជំងឺប្រកាំងតែងតែប្រើប្រាស់ថ្នាំ ប៉ុន្តែពួកគេពុំសូវបន្តការព្យាបាលទេ ដោយសារតែការចំណាយច្រើនទៅលើថ្នាំ និងភាពមិនងាយស្រួលមួយចំនួន។ ជាក់ស្ដែងការសិក្សាមួយនេះបានធ្វើតេស្តទៅលើអ្នកជំងឺប្រកាំងចំនួន ៥១នាក់ដែលមានទូរស័ព្ទទំនើបប្រើប្រាស់។ អ្នកជំងឺតម្រូវឲ្យប្រើប្រាស់ក្នុងរយៈពេល ៩០ថ្ងៃ ហើយកត់ចំណាំទុករៀងរាល់ថ្ងៃពីភាពធ្ងន់ធ្ងរនៃភាពឈឺចាប់របស់ពួកគេ។ ក្រុមអ្នកសិក្សាបានបន្តការស្រាវជ្រាវដើម្បីអ្នកជំងឺប្រើប្រាស់ឲ្យបានទូលំទូលាយ និងមានគម្រោងដាក់ឲ្យប្រើប្រាស់ជាការអនុវត្តក្នុងមន្ទីរពេទ្យផងដែរ។ លោកវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធប្រសាទ Mia Minen បន្តបន្ថែមថា លទ្ធផលនេះអាចជួយបានច្រើន និងអាចបង្រៀនអ្នកជំងឺក្នុងការគ្រប់គ្រងការឈឺក្បាលរបស់ពួកគេ ប៉ុន្តែកម្មវិធីនេះ នៅពុំទាន់ចេញឲ្យប្រើប្រាស់ជាសាធារណៈនៅឡើយទេ។ ឯកសារយោង៖ https://www.sciencedaily.com/releases/2019/06/190604084850.htm 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើយោងតាមការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយក្នុងវេបសាយវិទ្យាស្ថានសុខភាពជាតិអាមេរិក (PubMed) បានបង្ហាញថា ជំងឺឆ្លងនៅប្រព័ន្ធតម្រងនោម (UTIs) នៅតែជាបញ្ហាសុខភាពសារធាណៈដ៏គួរឲ្យព្រួយបារម្ភដោយអត្រានៃការឆ្លងជំងឺនេះប្រចាំឆ្នាំមានប្រមាណជា ១៥០លាននាក់ដែលភាគច្រើននៃការបង្ករោគបណ្តាលមកពីបាក់តេរីកាចសាហាវមួយចំនួនដូចជា Escherichia coli (80%), Klebsiella pneumoniae, Proteus mirabilis, Enterococcus faecalis និងStaphylococcus saprophyticus។ ដូចដែរមិត្តអ្នកអានបានជ្រាបខ្លះៗហើយថា ប្រព័ន្ធតម្រងនោមជាបណ្តុំសរីរាង្គផ្នែកខាងក្រោមនៃរាងកាយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញជាតិពុល ត្រួតពិនិត្យសម្ពាធឈាមធ្វើឲ្យមានតុល្យភាពអេឡិចត្រូលីត្រ និងជាកត្តារួមចំណែកដ៏សំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមផងដែរ។ ប្រព័ន្ធតម្រងនោមរួមបញ្ចូលនូវសរីរាង្គតម្រងនោម ឬក្រលៀនចំនួន២ បង្ហួរនោមខាងលើ២ ប្លោកនោម១ និងបង្ហួរនោមខាងក្រោម១ សម្រាប់មនុស្សស្រី ដោយឡែកសម្រាប់មនុស្សប្រុស ប្រូស្តាតជាសរីរាង្គសម្គាល់១ បន្ថែមទៀតដែលស្ថិតនៅក្រោមប្លោកនោម។ និយមន័យ ការបង្ករោគលើប្រព័ន្ធតម្រងនោមគឺសំដៅលើការឈ្លានពានរបស់បាក់តេរីចំពោះសរីរាង្គណាមួយនៃប្រព័ន្ធតម្រងនោម ដែលជាទូទៅវាអាចបណ្តាលឲ្យមានការរលាក និងការបង្ករោគចំពោះសរីរាង្គទាំងនោះ។ ការបង្ករោគលើប្រព័ន្ធតម្រងនោមត្រូវបានបែងចែកជា ២ប្រភេទគឺ៖ • Infection Urinaire Haute ឬ Pyélonephrite/Pyelonephritis៖ ជាការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើដែលមានដូចជាតម្រងនោម ឬក្រលៀន និងបង្ហួរនោមផ្នែកខាងលើ។ ក្នុងនោះដែរ វាត្រូវបានបែងចែកជា ២ប្រភេទបន្ថែមទៀតគឺ Pyélonephrite obstructive ដែលបង្កឲ្យមានការស្ទះទឹកនោម (ជួនកាលអាចបណ្តាលមកពីក្រួស ឬដុំមហារីក) និង Pyélonephrite non obstructive ដែលមូលហេតុចម្បងគឺបណ្តាលមកពីការបង្ករោគតាមឈាម (Hématogène) ជាពិសេសក្នុងករណីអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាអ្នកជំងឺទឹកនោមផ្អែម អ្នកប្រើថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ (Corticoide, Immunodépresseur) ស្រ្ដីមានផ្ទៃពោះ អ្នកជំងឺខ្សោយតម្រងនោម... ជាកត្តាធ្វើឲ្យមេរោគមានឱកាសឈ្លានពានបាន។ Infection Urinaire Haute តែងបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។ • Infection Urinaire Basse៖ ជាការបង្ករោគនៅតម្រងនោមផ្នែកខាងក្រោម ដែលរាប់ចាប់ពីប្លោកនោម ប្រូស្តាត (សម្រាប់បុរស) និងបង្ហួរនោមខាងក្រោម។ ជាទូទៅ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតភ្លាមៗដូច InfectionUrinaire Haute ឡើយ។ គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ អត្រានៃការបង្ករោគលើប្រព័ន្ធតម្រងនោមនៅតែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ដដែល ហើយអ្វីដែលជាកង្វល់បន្ថែមទៀតនោះគឺភាពស៊ាំនៃមេរោគបង្កទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក ឬថ្នាំផ្សះកាន់តែមានចំនួនច្រើនឡើងៗ។ មូលហេតុ និងបុគ្គលប្រឈម បាក់តេរីជាមូលហេតុចម្បងដែលតែងបង្កឲ្យមានការរលាកតម្រងនោម និងបង្ករោគនៅសរីរាង្គទាំងឡាយនៃប្រព័ន្ធតម្រងនោម។ ក្នុងនោះដែរគេសង្កេតឃើញថា បុគ្គលដែលងាយប្រឈមនឹងជំងឺនេះមានដូចជា៖ • បុគ្គលដែលមានការរួមភេទញឹកញាប់ • វ័យចាស់ដែលអាចចាប់ពីអាយុ ៦០ឆ្នាំឡើង • អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោមដែលអាចជាអ្នកជំងឺHIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ • អ្នកជំងឺខ្សោយតម្រងនោម • ស្រ្ដីមានផ្ទៃពោះ • បុគ្គលដែលមានបញ្ហាស្ទះទឹកនោម ដែលអាចបណ្តាលមកពីក្រួសក្នុងតម្រងនោម ដុំមហារីក ឬការរីកនៃក្រពេញប្រូស្តាតជាដើម។  គួរកត់សម្គាល់ដែរថា ស្ត្រីមានឱកាសប្រឈមនឹងការកើតជំងឺឆ្លងនៅប្រព័ន្ធតម្រងនោមជាងបុរស ដោយហេតុថា ជាលក្ខណៈធម្មជាតិស្ត្រីមានប្រវែងបង្ហួរនោមផ្នែកខាងក្រោមខ្លីជាងបុរស ដែលលក្ខខណ្ឌបែបនេះពិតជាអាចបង្កភាពងាយស្រួលដល់ការជ្រៀតចូលរបស់មេរោគ។ រោគសញ្ញា អ្នកអាចកត់សម្គាល់នូវសញ្ញាងាយៗខាងក្រោមដើម្បីជាគន្លឹះដែលអាចសង្ស័យថា ជាការបង្ករោគនៅប្រព័ន្ធតម្រងនោម ដែលសញ្ញាទាំងនោះមានដូចជា៖ • ចំនួនដងនៃការបត់ជើងតូចខុសប្រក្រតី (អាចញឹកញាប់ជាងមុន ឬមិនបត់ជើងសោះ) • ក្រហាយ ពិបាកបត់ជើងតូច ឬអាចឈឺបត់ជើងភ្លាម ទឹកនោមបញ្ចេញមកភ្លាមៗ  • ទឹកនោមមានក្លិនអាក្រក់ សភាពល្អក់ ខ្ទុះ ឬមានឈាមមកលាយឡំជាមួយ។ ករណីមានឈាមបែបនេះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភដែលអាចទាក់ទងនឹងការរលាកធ្ងន់ធ្ងរ ក្រួសតម្រងនោម ឬមហារីកជាដើម • បន្ថែមពីនេះ អ្នកជំងឺអាចស្តែងចេញជាអាការៈក្តៅខ្លួន ស្រៀវស្រាញ ដែលជាសញ្ញាសម្គាល់នៃការបង្ករោគនៅប្រព័ន្ធតម្រងនោមផ្នែកខាងលើ (Infection Urinaire Haute)។ យន្តការនៃការបង្ករោគ ករណីដែលតែងកើតមានឡើងជាញឹកញាប់ចំពោះការបង្ករោគនៅតម្រងនោមនោះគឺការជ្រៀតចូលរបស់បាក់តេរីទៅក្នុងរាងកាយតាមរយៈបង្ហួរនោមផ្នែកខាងក្រោម។ បន្ទាប់មកបាក់តេរីចាប់ផ្តើមធ្វើការបែងចែកខ្លួនដើម្បីបង្កើនចំនួន ព្រមទាំងធ្វើដំណើរទៅកាន់តម្រងនោម ក្រលៀនដែលជាទីកន្លែងរស់នៅ និងបង្ករោគដ៏ល្អបំផុត។ រាល់ពេលមានបាក់តេរីចូលក្នុងរាងកាយខ្លួនរបស់យើងតែងធ្វើសកម្មភាពប្រឆាំងតបតដែលមានស្តែងជាអាការៈ និងសញ្ញាផ្សេងៗ។ ម៉្យាងក្រៅពីការចម្លងរោគតាមផ្លូវខាងក្រោមបាក់តេរីដែលស្ថិតនៅទីតាំងផ្សេងទៀតនៃរាងកាយក៏អាចបន្លាស់ទីតាមចរន្តឈាម ហើយមានសមត្ថភាពឈ្លានពាន និងបង្ករោគនៅតម្រងនោមបានដែរ។ ប៉ុន្តែករណីបែបនេះជាករណីដែលកម្រនឹងអាចកើតមានឡើងណាស់។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យមានការបង្ករោគនៅតម្រងនោម ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការ៖ • ប្រមូលទឹកនោម និងវិភាគទឹកនោមរបស់អ្នកជំងឺតាមរយៈតេស្តម៉្យាងដែលមានឈ្មោះថា ECBU (Examine Cytobacteriologique des Urines)៖ ជាប្រភេទតេស្តដែលអាចពិនិត្យបានទាំងលក្ខណៈខាងក្រៅនៃទឹកនោមដោយផ្ទាល់ព្រមទាំងការបណ្តុះមេរោគជាមួយការធ្វើតេស្តថ្នាំផ្សះដែលអាចសម្លាប់មេរោគបានទៀតផង។ វិធីសាស្រ្តវិភាគទឹកនោមគឺជាវិធីសាស្ត្រដ៏ចាំបាច់ និងមិនអាចខានបាន ក្នុងការកំណត់រកអត្តសញ្ញាណពិតប្រាកដនៃមេរោគបង្កព្រមទាំងជាជំនួយក្នុងការព្យាបាលផងដែរ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏អាចពិនិត្យបន្ថែមតាមរយៈការធ្វើអេកូសាស្ត្រ ថតវិទ្យុសាស្ត្រ (ASP) ឬ Scanner ក្នុងករណីការធ្វើអេកូសាស្ត្រ និងថតវិទ្យុសាស្ត្រ(ASP) រករោគវិនិច្ឆ័យមិនឃើញ។ វិធីសាស្រ្តព្យាបាល ជាទូទៅ ការព្យាបាលត្រូវបានចែកចេញជា ២៖ ១ ការរលាកតម្រងនោមផ្នែកខាងក្រោម៖ • ពិនិត្យទឹកនោម(ECBU)  មុនឲ្យប្រើថ្នាំផ្សះ។ • ការជ្រើសរើសថ្នាំផ្សះ ដែលមានសមត្ថភាពប្រឆាំងនឹងបាក់តេរីបានច្រើនប្រភេទ (Antibiotique Larges Spectres) បន្ទាប់ពីយកទឹកនោមរួច។លទ្ធផល ECBU អាចបាននៅថ្ងៃទី ៣ ទៅ៥។ ក្រោយចេញលទ្ធផលបណ្តុះមេរោគ និងតេស្តភាពស៊ាំនៃថ្នាំផ្សះ អ្នកជំងឺប្រហែលជាអាចតម្រូវឲ្យមានការផ្លាស់ប្តូរប្រភេទថ្នាំផ្សះ ឬរក្សានូវការប្រើប្រភេទថ្នាំដដែល ទៅតាមលទ្ធផលបណ្តុះមេរោគ (Antibiogramme) បូករួមជាមួយការណែនាំអំពីការប្រើប្រាស់ថ្នាំផ្សះឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន។ • រុករក និងព្យាបាលមូលហេតុ៖ ប្រូស្តាតរីកប៉ោងក្រួសស្ទះបង្ហួរខាងក្រោមត្បៀតបង្ហួរខាងក្រោមមានដុំសាច់បង្ហួរខាងក្រោម….។ ២ ការរលាកតម្រងនោមផ្នែកខាងលើ (អ្នកជំងឺត្រូវសម្រាកពេទ្យ) • Pyélonephrite aigue obstructive៖ បង្ហូរទឹកនោមដែលស្ទះជាបន្ទាន់ Drainage en urgence (Sonde JJ ឬ Néphrostomie) បញ្ចៀសការប្រមូលផ្តុំនៃមេរោគ (Choc septique) ពិនិត្យទឹកនោម(ECBU) មុនឲ្យប្រើថ្នាំផ្សះ (Antibiotique larges Spectres) បន្ទាប់មកទៀតរុករកនិងព្យាបាលមូលហេតុ ក្រួសស្ទះបង្ហួរខាងលើ មហារីកសរីរាង្គនៅក្បែរដូចជាមហារីកមាត់ស្បូន ពោះវៀនធំ… ដែលសង្កត់លើបង្ហួរនោម • Pyélonephrite aigue non obstructive៖ ពិនិត្យទឹកនោម(ECBU) បណ្តុះមេរោគក្នុងឈាម (Culture du sang)  មុនឲ្យប្រើថ្នាំផ្សះ(Antibiotique Larges Spectres) រុករក និងព្យាបាល មូលហេតុអ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយទ្រុឌទ្រោម ដែលអាចជាអ្នកជំងឺ HIV ឬអ្នកកំពុងប្រើប្រាស់ថ្នាំបន្ថយប្រព័ន្ធការពាររាងកាយ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពដ៏គួរឲ្យព្រួយបារម្ភ៖ • ជាក់ស្តែង អ្នកជំងឺអាចនឹងបាត់បង់អាយុជីវិតដោយសារការឆ្លងមេរោគចូលក្នុងចរន្តឈាម (Septicémie) ដែលបង្កឲ្យមាន Choc Septique (ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ) ក្នុងករណី Pyélonéphrite។ • ក្រៅពីនេះ មេរោគអាចនឹងមានភាពស៊ាំថ្នាំ (Résistances des antibiotiques) ចំពោះការមិនបានយកចិត្តទុកដាក់ទៅលើការព្យាបាលឲ្យបានត្រឹមត្រូវ។ ម៉្យាង កត្តានេះ ក៏អាចបណ្តាលឲ្យការព្យាបាលបន្ទាប់ជួបឧបសគ្គ ដោយហេតុថាការវិភាគ និងបណ្តុះមេរោគមិនអាចប្រព្រឹត្តទៅបាន (មេរោគបណ្តុះមិនដុះ)។ • ទាក់ទងនឹងការបង្ករោគនៅផ្នែកតម្រងនោមខាងក្រោម អ្នកជំងឺនឹងទទួលរងនូវការឈឺចាប់ ផលរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ព្រមទាំងអាចវិវឌ្ឍជាការហូរឈាម (Cystite hémorragique) ជាពិសេសបន្តការឆ្លងរាលដាលទៅផ្នែកខាងលើដែលហៅថា Pyélonephrite។ វិធីសាស្រ្តការពារ តាមពិត ទម្លាប់ងាយៗប្រចាំថ្ងៃបានចូលរួមចំណែកកាត់បន្ថយអត្រានៃការឆ្លងរោគនៅប្រព័ន្ធតម្រងនោមយ៉ាងច្រើន។ សកម្មភាពទាំងនោះមានដូចជា៖ • ទម្លាប់ពិសាទឹកឲ្យបានច្រើន(៣លីត្រ ក្នុង២៤ម៉ោង) • ហាមទប់នោម ក្នុងរយៈពេលយូរ • រាល់ពេលបន្ទោបង់រួច ត្រូវលាងសម្អាតពីមុខទៅក្រោយ ដោយហេតុថា ទ្វារធំសម្បូរទៅដោយបាក់តេរីគ្រោះថ្នាក់ចំពោះតម្រងនោម • ត្រូវទៅបត់ជើងតូច រាល់ក្រោយពេលរួមភេទ (ទាំងប្រុស ទាំងស្រី) • រក្សាអនាម័យប្រដាប់ភេទឲ្យបានត្រឹមត្រូវ • ថែរក្សាសុខភាពឲ្យបានល្អ និងរឹងមាំ ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ (HIV, Immunosuppresseur) អ្នកជំងឺទឹកនោមផ្អែម...។ រាល់ពេលមានសញ្ញាណណាមួយទាក់ទងភាពមិនប្រក្រតីនៃសុខភាពតម្រងនោមដូចដែលបានរៀបរាប់ខាងលើសូមប្រញាប់អញ្ជើញទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញដោយចៀសវាងការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងមិនត្រឹមត្រូវ និងមិនគ្រប់កម្រិតដែលផ្តល់ជាផលលំបាកធ្ងន់ធ្ងរទៅនឹងការស៊ាំថ្នាំផ្សះ នាំឲ្យមានការចំណាយថវិកា ពេលវេលាកាន់តែច្រើន ហើយអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។ បន្ថែមពីនេះ អនាម័យប្រដាប់ភេទ និងការថែរក្សាសុខភាពប្រចាំថ្ងៃនៅតែជាកត្តាសំខាន់ដែលមិនគួរមើលរំលង។  បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឈុន សុខា ឯកទេសតម្រងនោម និងជាអនុប្រធានផ្នែកតម្រងនោមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សេចក្តីជូនដំណឹងថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានស្រាវជ្រាវ និងពិនិត្យឃើញមានក្រុមហ៊ុនឈ្មោះ Medi Well Pharma គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយកំពុងចែកចាយឱសថឈ្មោះ CEFIXIM 100 (Cefixime 100mg Power for Oral Suspension) បិទលតាបត្រក្លែងក្លាយដោយគ្មានលេខបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាលឡើយ។ អាស្រ័យដូចបានជម្រាមខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលមានវិធានការដូចតទៅ៖ ភ្នាក់ងារត្រួតពិនិត្យឱសថត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការីដែលទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងអាជ្ញាធរមូលដ្ឋាន ដើម្បីតាមដានស្វែងរកម្ចាស់ក្រុមហ៊ុនខុសច្បាប់ខាងលើមកផ្តន្ទាទោសស្របតាមច្បាប់ និងប្រមូលឱសថឈ្មោះ Cefixim 100 មកកម្ទេចចោល និងត្រូវបញ្ឈប់ការចែកចាយ ប្រើប្រាស់ និងលក់ឱសថឈ្មោះ Cefixim 100 នេះជាបន្តទៀត។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញមានជនណាកំពុងចែកចាយ និងតាំងលក់ឱសថខុសច្បាប់ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ១២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រុក្ខជាតិកម្ពុជាមានសមាសធាតុឱសថខុសៗគ្នាក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើន។ អាល់កាឡូអុីត ក្នុងរុក្ខជាតិគឺជាមេតាបូលីតរង (Secondary Metabolites) ដែលចូលរួមនៅក្នុងសកម្មភាពប្រឆាំងនឹងជំងឺផ្សេងៗដូចជាសកម្មភាពប្រឆាំងកោសិកាមហារីក ប្រឆាំងវីរុស ប្រឆាំងបាក់តេរី ប្រឆាំងរលាក និងប្រឆាំងជំងឺគ្រុនចាញ់។ ការសិក្សាស្រាវជ្រាវនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី ធ្វើតេស្តរកវត្តមានរបស់អាល់កាឡូអុីតនៅក្នុងរុក្ខជាតិឱសថដែលបានប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជា។ រុក្ខជាតិចំនួន 39 សំណាក ត្រូវបានប្រមូលពីខេត្តកោះកុង ប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ 2018។ សំណាករុក្ខជាតិនីមួយៗត្រូវបានធ្វើការសម្ងួតក្នុងពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺការសម្ងួតដោយធ្វើការផ្លាស់ប្តូរក្រដាស់កាសែតថ្មីសម្រាប់សម្ងួតរុក្ខជាតិ និងដំណាក់កាលទី២ គឺការសម្ងួតរុក្ខជាតិក្នុងឡសម្ងួតរយៈពេល ២ថ្ងៃ។ បន្ទាប់ពីសម្ងួតរួចរុក្ខជាតិនីមួយៗត្រូវបានដាក់លេខកូដ ហើយតម្កល់ទុកនៅក្នុងតិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ(UP-Herbarium) មហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ដោយរុក្ខជាតិនីមួយៗត្រូវបានប្រមូលជាពីរសំណាក សំណាករុក្ខជាតិដែលមិនបានធ្វើការតម្កល់ទុក ត្រូវបានយកមកធ្វើតេស្តរកអាល់កាឡូអុីតដោយប្រើប្រាស់ប្រតិករ ៣ ប្រភេទរួមមាន Dragendorff, Mayer និង Wagner។ ក្នុងចំណោមរុក្ខជាតិចំនួន 39 សំណាកដែលបានប្រមូល រុក្ខជាតិភាគច្រើនស្ថិត នៅក្នុងគ្រួសារ Fabaceae (7.69%; n = 3), Lamiaceae (7.69%; n = 3), Myrtaceae (7.69%; n = 3), Zingiberaceae (7.69%; n = 3), Apocynaceae (5.13%; n = 2) និង Phyllanthaceae (5.13%; n = 2)។ ក្នុងចំណោមរុក្ខជាតិដែលប្រមូលបានមានរុក្ខជាតិចំនួន 71.79% (n = 28) ដែលត្រូវបានធ្វើតេស្តរកឃើញថាមានវត្តមានអាល់កាឡូអុីត។ រុក្ខជាតិដែលចម្រាញ់ដោយទឹកចំនួន 13 សំណាក (33.33%) ត្រូវបានរកឃើញថាមានវត្តមានអាល់កាឡូអុីត និងរុក្ខជាតិដែលចម្រាញ់ដោយអេតាណុលចំនួន 23 សំណាក (58.97%) ត្រូវបានរកឃើញផងដែរថាមានវត្តមានអាល់កាឡូអុីត។ សរុបមក អាល់កាឡូអុីតភាគច្រើនត្រូវបានរកឃើញនៅក្នុងរុក្ខជាតិដែលបានប្រមូលពីខេត្តកោះកុងប្រទេសកម្ពុជា។ ការសិក្សានេះគឺមានសារៈប្រយោជន៍យ៉ាងខ្លាំង ជាព័ត៌មានមូលដ្ឋានសម្រាប់ធ្វើការសិក្សាបន្តពាក់ព័ន្ធនឹងការបំបែកសមាសធាតុអាល់កាឡូអុីតចេញពីរុក្ខជាតិឱសថនៅកម្ពុជា។ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យមហាវិទ្យាល័យឱសថសាស្ត្រសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ នី ច័ន្ទសីហា ហេន ថារី អេង ស៊ីវម៉ីយ លី សុដាលីន តាង សុវណ្ណារ័ត្ន អុឹង ហ៊ុយឃីម ជា ស៊ីនកែវ សំអែល អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការដាក់កងក្នុងដៃជាវិធីសាស្ត្រដ៏ពេញនិយមមួយក្នុងចំណោមវិធីសាស្ត្រពន្យារកំណើតអ័រម៉ូនផ្សេងទៀត។ ក្នុងនោះដែរចម្ងល់ជាច្រើនទាក់ទងនឹងការបញ្ឈប់ការប្រើប្រាស់ និងផលរំខាននានាដែលតែងកើតមានឡើងក្នុងអំឡុងពេលដាក់ និងបន្ទាប់ពីដកចេញនៅតែជាកង្វល់សុខភាពសម្រាប់សុភាពនារីទាំងឡាយ។ ជាក់ស្តែង មានករណីសិក្សារបស់មិត្តអ្នកអានម្នាក់ដែលមានចម្ងល់ពាក់ព័ន្ធនឹងការមានផ្ទៃពោះក្រោយបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះភ្លាម។ សំណួរ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៨ មានមុខរបរជាអ្នកលក់ដូរ។ ខ្ញុំជ្រើសរើសមធ្យោបាយពន្យារកំណើតដោយការដាក់កងក្នុងដៃតែខ្ញុំដាក់បានតែរយៈពេល ១៨ខែ ក៏សម្រេចចិត្តដកវាចេញ។ មកដល់ពេលនេះខ្ញុំបានដកវាចេញរយៈពេល២ខែ ប៉ុន្តែខ្ញុំមិនមានមករដូវទេ។ ដូច្នេះ ខ្ញុំចង់សួរថា បើមិនទាន់មករដូវចឹង តើខ្ញុំអាចមានផ្ទៃពោះអំឡុងពេលមិនទាន់មានរដូវបានដែរឬទេ? ចម្លើយ៖ ស្ត្រីដែលបានកំពុងប្រើប្រាស់មធ្យោបាយពន្យារដោយដាក់កងក្នុងដៃ អាចប្រឈមក្នុងការមានផ្ទៃពោះតិចជាង ១%ប៉ុណ្ណោះ ថ្វីបើជាវដ្តរដូវរបស់ពួកគាត់មិនមានភាពទៀងទាត់ក៏ដោយ។ គួរបញ្ជាក់ថា ស្ត្រីដែលបានដកកងចេញអាចមានផ្ទៃពោះបានលឿនដូចគ្នាទៅនឹងស្ត្រីដែលបានបញ្ឈប់ការប្រើប្រាស់ការពន្យារកំណើតដោយមិនប្រើអ័រម៉ូនដែរ។ បើរដូវរបស់ប្អូនមកយឺត ប្អូនគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យសម្ភព និងរោគស្ត្រីដើម្បីពិនិត្យមើលថាតើប្អូនមានផ្ទៃពោះ ឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហមដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។ កាត់បន្ថយភាពចាស់ ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។ ម៉្យាងទៀតការផឹកស្រាក្រហម ឬស្រាទំពាំងបាយជូរនៅក្រោមពន្លឺថ្ងៃគឺជាផែនការមួយក្នុងការថែទាំសុខភាព និងធ្វើឲ្យមានសុខភាពល្អថែមទៀតផង។ បង្ការជំងឺភ្លេចភ្លាំង យោងតាមការស្រាវជ្រាវនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Loyola University Medical Center សហរដ្ឋអាមេរិកបានបង្ហាញថាអ្នកដែលពិសាស្រាក្រហមក្នុងកម្រិតមធ្យមគឺហាក់ដូចជាមិនសូវមានការវិវឌ្ឍទៅជាជំងឺភ្លេចភ្លាំងដល់ទៅ ២៣ភាគរយ។ លើសពីនេះ វាក៏ជួយការពារបញ្ហាឈាមកក និងកាត់បន្ថយការរលាកសរសៃឈាមបានយ៉ាងល្អផងដែរ។ ជួយឲ្យអាយុវែង ខណៈដែលការថែទាំសុខភាពត្រូវបានពង្រឹង ព្រមជាមួយគ្នានឹងការថែរក្សាសុខភាពក៏មានរឿងរ៉ាវជាច្រើនត្រូវធ្វើជាមួយនឹងការបង្កើនអាយុកាលរស់នៅផងដែរ។ ការសិក្សាមួយ មានឈ្មោះថា the 90+Study បានចាប់ផ្តើមកាលពីឆ្នាំ ២០០៣ ដែលសិក្សាពីកត្តាជួយឲ្យមនុស្សរស់នៅបានកាន់តែយូរដោយការសិក្សានោះបានបង្ហាញថា ការទទួលទានស្រាក្រហមអាចជាជំនួយដល់ការពន្យារអាយុរស់នៅ។ ខណៈដែលការទទួលទានស្រាមិនមែនជាកត្តាតែមួយដែលជំរុញឲ្យអ្នករស់នៅបានយូរនោះទេ តែជាពិសេសមនុស្សដែលទទួលទានស្រាក្រហមក្នុងបរិមាណសមស្រប អាចជួយបន្ទាបអត្រាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកាត់បន្ថយជំងឺដាច់សរសៃឈាមផងដែរ។ ជួយធ្វើឲ្យប្រសើរឡើងនូវមុខងារសួត មិនគ្រាន់តែជាភេសជ្ជៈសម្រាប់សុខភាពបេះដូងនោះទេ ស្រាក្រហមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមុខងាររបស់សួតឲ្យមានសុខភាពល្អ ពិសេសអ្នកជក់បារី។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្តជនជាតិហូឡង់បានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចប្រឆាំងនឹងជំងឺមហារីកសួត និងបង្កើនមុខងាររបស់សួតឲ្យប្រសើរឡើងដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរ។ បង្កើនកម្រិតអូមេហ្គា-៣ ដូចដែលអ្នកបានដឹងស្រាប់ហើយថាដើម្បីទទួលបាននូវអាស៊ីតខ្លាញ់អូមេហ្គា-៣ អ្នកត្រូវទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា ប៉ុន្តែរឿងមួយដែលលោកអ្នកមិននឹកស្មាននោះគឺការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរ។ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់អឺរ៉ុបបានបង្ហាញថាការទទួលទានស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃអាចបង្កើនកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣នៅក្នុងប្លាស្មា និងកោសិកាឈាមក្រហមជាពិសេសជួយការពារអ្នកពីជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកសុដន់បានផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏លើសលប់ពីស្រាក្រហមនោះ អ្នកត្រូវទទួលទានដោយកម្រិតមួយត្រឹមត្រូវ និងទទួលបានសុខភាពល្អ៖ • ១៥០មិល្លីលីត្រក្នុងមួយថ្ងៃ ឬ១២៥មិល្លីលីត្រ ពីរដងក្នុងមួយថ្ងៃសម្រាប់ការពារហានិភ័យនៃការកើតជំងឺបេះដូង • ចំពោះបុរស ១ ទៅ២កែវក្នុងមួយថ្ងៃ និងចំពោះស្រី្ត ១ ឬ១កែវកន្លះក្នុងមួយថ្ងៃសម្រាប់សុខភាពទូទៅ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top