Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

មិនតូចចិត្តនោះទេ ព្រោះជាកាតព្វកិច្ចដែលត្រូវបំពេញ...ដើម្បីរួមចំណែកក្នុងការទ្រទ្រង់វិស័យសុខាភិបាលនៅប្រទេសយើង ទោះបីជាត្រូវលះបង់ពេលវេលាផ្ទាល់ខ្លួនច្រើនក៏ដោយ ជាពិសេសបុណ្យជាតិធំៗដូចជាចូលឆ្នាំខ្មែរអីហ្នឹង... រាល់ឆ្នាំ...ពេលដែលគេគ្រប់គ្នាចាប់ផ្តើមត្រៀមខ្លួនធ្វើដំណើរទៅកាន់ស្រុកកំណើត ខ្ញុំក៏មិនត្រៀមដែរ គឺត្រៀមស្បៀងសម្រាប់ញ៉ាំរយៈពេលប៉ុន្មានថ្ងៃហ្នឹង ព្រោះហាងភាគច្រើនក៏បិទអស់ហើយ...បើមិនត្រៀមទុកមុន អាចប្រឈមនឹងគ្រោះទុរភិក្ស... កន្លែងដែលត្រូវទៅ គឺនៅតែមិនផ្លាស់ប្តូរ...បើទោះជាតាមដងផ្លូវមិនសូវមានមនុស្សម្នាកកកុញដូចរាល់ថ្ងៃក៏ដោយ...ការងារដែលត្រូវបំពេញ ក៏នៅតែដូចដើមដដែលហ្នឹង... សម្រាប់ពួកខ្ញុំ...បានត្រឹមcallទៅសួរសុខទុក្ខអ្នកផ្ទះ បានត្រឹមលឺសំឡេងពួកគេជួបជុំគ្នាយ៉ាងសប្បាយ តែខ្លួនឯងក៏មានអ្នកកំដរដែរ គឺមិត្តរួមការងារ និងអ្នកជំងឺ...សំខាន់ ថ្មីៗនេះ ក៏មានកម្មវិធីផ្សាយផ្ទាល់(live)តាមហ្វេសប៊ុកហ្នឹងទៀត...ពេលទំនេរ ចង់scrollលេងហ្វេសប៊ុកបំបាត់អផ្សុកក៏រឹតតែឈឺចាប់...អ្នកផ្ទះក៏live ទំព័រហ្វេសប៊ុកផ្សេងៗក៏live...គឺថា...សិល្បៈនៃការចែករំលែកពេញទំហឹង... ពេលខ្លះ...ក៏ចង់ជួបជុំជាមួយនឹងសមាជិកគ្រួសារដូចគេដូចឯងដែរ...តែពិតជាមិនអាច... ប៉ុន្តែ...រាល់ពេលដែលនឹកគិតដល់ស្នាមញញឹមរបស់អ្នកជំងឺ ព្រមទាំងសាច់ញាតិរបស់ពួកគេ គឺពិតជាមានកម្លាំងចិត្តខ្លាំងណាស់...Motivation level គឺឡើងស្រឺតៗតែម្តង...អាចជាចំណែកមួយនៃការផ្តល់នូវក្តីសង្ឃឹមឡើងវិញដល់ប្រជាជនកម្ពុជា គឺជាមោទនភាពដែលតែងតែមានរហូតមកទៅហើយ... វេលាតែមួយ អារម្មណ៍ពីរ!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខណៈនេះ យើងងាកមកគិតអំពីវិធីបង្ហាញវាចាបេះដូងទៅតាមកម្រិតនៃការសិក្សាវិញម្តង ហើយក៏ចង់បញ្ជាក់ផងដែរថា វាអាចនឹងមិនដូចជាអ្វីដែលអ្នកធ្លាប់ជួបកន្លងមក ឬក៏ខុសកម្រិតគ្នា តែនេះគ្រាន់តែជាអ្វីដែលអេដមីនឧស្សាហ៍ជួប និងឃើញក្នុងជំនាន់តែប៉ុណ្ណោះ… ជឿជាក់ថា មានមនុស្សមិនតិចទេដែលធ្លាប់លួចក្រាស់គេ មិនថាដោយលួចលាក់ទុកក្នុងចិត្តតែម្នាក់ឯង ឬបានប្រាប់ពួកម៉ាកខ្លះឲ្យដឹងនោះទេ…គឺដឹងតែថា កាលពីនៅក្មេង ប្រាកដជាមិនទាន់មានអីទំនើបដូចជាទូរស័ព្ទសម្រាប់stalkគេនោះទេ ហើយវិធីតាមគេនោះ ក៏មានលក្ខណៈប្រពៃណី តែបើគិតឡើងវិញ ក៏គិតថាគួរឲ្យស្រលាញ់ម្យ៉ាងដែរ… តោះ! សូមធ្វើតាមខ្ញុំ!!!  បិទភ្នែក…ព្យាយាមកុំគិតពីអ្វីទាំងអស់…ដកដង្ហើមចេញ ដកដង្ហើមចូល….ធ្វើបែបនេះ ប្រមាណ២នាទី… ហើយ…បើកភ្នែកវិញ…អានបន្តទៀត XD (លលេងតិចហ្នឹងណា៎!!!) កម្រិតមត្តេយ្យសិក្សា នៅក្មេងពេក!!! ធ្វើអីកើត?? នៅតែអាច…ព្រោះថា អ្វីក៏អាចកើតមានដែរ (ចាំទេ៎? Nothing is Impossible…) ១. ទិញរបស់ញ៉ាំ ឬរបស់លេងឲ្យគេ មានលុយតិចបំផុត តែរបស់លេង ឬញ៉ាំសម្រាប់ក្មេងមានទៅថ្លៃអីម៉ាន…គឺថា ឆ្លៀតបាន ចេះតែឆ្លៀតទៅ!!! សន្សំតិចតួច ហើយក៏ដើរយ៉ាងរីករាយទៅកាន់តូបនំ ទិញ២ចំណែក សម្រាប់គេមួយ ខ្លួនឯងមួយ… កម្រិតបឋមសិក្សា រាងធំបន្តិចហើយ តែតាមពិតទៅ មិនគួរមានស្នេហាក្នុងវ័យនេះទេ តែធ្វើម៉េច បើជ្រុលស្រលាញ់ហើយ…ក្រែងគេថា អាយុគ្រាន់តែជាតួលេខហី… ២. សរសេរលើតុរៀន គ្រូហាមថា មិនឲ្យសរសេរអីនៅលើតុជាដាច់ខាត ជាពិសេសគឺយកទឹកលុបសរសេរ…មានអ្នកខ្លះ សរសេរលើតុឯងសមជាស្រេច ហើយលួចសរសេរនៅលើតុគេ     សារភាពបែបប្រពៃណីហ្មងហា៎!!! ក៏មានអ្នកខ្លះទៀត ស្តាប់បង្គាប់គ្រូ ហើយក៏ឆ្លៀតសរសេរដែរ តែគេចេះរកក្រដាសសរសេរត្រឹមត្រូវ រួចបានរកស្កុតទៅបិទលើតុគេ។ ៣. ខ្ចីសៀវភៅ «សុំខ្ចីសៀវភៅចម្លងមេរៀនសិនម៉ោ…» លេសណាស់!!! ការពិត ចង់បង្កើតឱកាសឲ្យខ្លួនឯងសោះ…មុនពេលយកសង មិនភ្លេចទេ សរសេរnoteផ្ញើឲ្យគេ មិនថាជាពាក្យអរគុណ ឬពាក្យក្នុងចិត្តនោះទេ(ស្ទាយហ្នឹង ត្រូវប្រយ័ត្នតិច ខ្លាចលោថាប៉ាម៉ាក់គេឆែកសៀវភៅអីហ្នឹង…នាំរឿងឲ្យគេប៉ាដោយ) ៤. បោះរបស់ទៅលើតុគេ កំសាក៥០% ត្រង់ថាហ៊ានឲ្យគេផ្ទាល់ដៃដែរ តែបានត្រឹមបោះ…ខ្លះក៏បត់ជារូបយន្តហោះនាំវាចាបេះដូងទៅប្រាប់គេ…ខ្លះទៀត ក៏ទិញស្ករគ្រាប់ ឬកាដូតូចៗខ្ចប់ជាមួយនឹងសំបុត្រ…(បើប្រើវិធីនេះ ត្រូវតែសមដៃឲ្យបានស្ទាត់សិន ប្រយ័ត្នគប់ខុសមនុស្ស ឬត្រូវដែរ តែត្រូវគេ) ៥. ដាក់កាដូក្នុងកន្រ្តកកង់ ឬម៉ូតូ ព្រោះតែមិនទាន់មានភាពក្លាហានក្នុងការប្រឈមនឹងគេផ្ទាល់ តែនេះប្រឈមខ្លាំងនឹងការបាត់កាដូច្រើនជាង…អញ្ចឹងហើយ បើដាក់ ត្រូវនៅឃ្លាំមើលផងថាតើបានដល់ដៃគេឬអត់? ៦. សរសេរសំបុត្រស្នេហា ប្រហែលជាមានមិនច្រើនទេ តែវិធីហ្នឹង ពិតជាបងា្ហញពីទឹកចិត្តមែន ហើយក៏ជាវិធីប្រសើរបំផុតសម្រាប់អ្នកដែលមិនសូវចេះវោហាសាសព្ទតាមពាក្យសម្តីដែរ…អស់ក្រដាសតែមួយសន្លឹក តែក៏អាចបង្ហាញនូវអ្វីដែលកប់ទុកក្នុងបេះដូង កម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា វ័យនេះ បានចាស់ចិត្ត ចាស់គំនិតគ្រាន់បើ…មិនប្រើវិធីបែបក្មេងៗ លាក់មុខលាក់ក្រោយទៀតហើយ… ៧.  ប៉ាវញ៉ាំអាហារ អាចជាអាហារពេលថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅកន្លែងណាមួយ…ស្ថានភាពបែបនេះមានបង្ហាញច្រើន នៅក្នុងរឿងកុន និងរឿងភាគហើយ… ៨. ប្រើប្រាស់គ្រឿងអេឡិចត្រូនិច ច្រើនបែប ច្រើនយ៉ាងណាស់…ទាំងក្រៅ និងក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយមិនចង់ឲ្យទ្រលាន់ អាចប្រើស្នៀតទាំងនេះបាន ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់  នៅចាំបានទេថា មកទល់ពេលនេះ…ធ្លាប់ប្រើវិធីមួយណាខ្លះហើយ? ឬក៏ធ្លាប់ត្រូវបានគេប្រើវិធីណាមកលើខ្លួនដែរ? គ្រាន់តែជាការរំលឹកអនុស្សាវរីយ៍ល្អៗលេងលេងហ្នឹងណា៎…

ចែករំលែក

កាលពីថ្ងៃមុន បានស្តាប់ចម្លើយខ្លះៗដែរ…បើអ្នកណាមិនទាន់បានដឹងសាច់រឿងពីមុនទេ អាចអានតាម គួរសារភាពឬអត់? បាន… មុននឹងបន្តសាច់រឿងរបស់ខ្ញុំ សូមអរគុណដល់មិត្តក្នុងហ្វេសប៊ុកមួយចំនួនដែលបានអានវិបត្តិ និងជួយផ្តល់យោបល់ និងអរគុណជាពិសេសដល់Editorក្នុងគេហទំព័រស្រាប់ដែលបានជួយផ្សព្វផ្សាយ និងផ្តល់ការប្រឹក្សា… អឺម…គឺ…ក្រោយពីពិចារណាទៅលើចម្លើយដែលគ្រប់គ្នាបានប្រាប់ ខ្ញុំក៏សម្រេចចិត្តសារភាពទៅគេតែម្តងនៅថ្ងៃ១៤កុម្ភៈ។ ដោយមិនបាននិយាយអ្វី ខ្ញុំបានយកបាច់តុក្កតាដាក់ក្នុងកន្រ្តកម៉ូតូរបស់គេ ព្រមជាមួយនឹងសំបុត្រមួយ និងសៀវភៅកំណត់ហេតុស្នេហ៍តែម្ខាងរបស់ខ្ញុំ… ខ្ញុំលបមើលប្រតិកម្មរបស់នាងពេលដែលឃើញវាពីចម្ងាយ តែទឹកមុខនាងឡើងស្មើ សូម្បីតែញញឹមតែបន្តិចក៏គ្មានដែរ…ឡើងអស់រលីងហ្មង!!! គិតថាប្រុងនឹងឆាតទៅគេ តែស្រាប់តែ…មានម្នាក់ប្រុសនោះមកពីណាក៏មិនដឹង ហុចផ្កាមួយបាច់ឲ្យនាង ហើយនាងញញឹមឡើងស្រស់ទទួលយក ដោយនិយាយស្អីគេខ្លះទេ តែដឹងថាសើចយ៉ាងកក្អឹក!!! ហ៊ើយ!!! Is it called Heartbroken??? ខ្ញុំបានត្រឹមផុសstatusចោលម្នាក់ឯង ហើយជាថ្មីម្តងទៀត…ទឹកភ្នែកស្រក់មិនដឹងខ្លួន…ខ្ញុំប្រញាប់តេរកអាពួកម៉ាករកកន្លែងផឹក…មិនខ្វល់អ្វីទេ គឺដឹងត្រឹមថាខូចចិត្តកម្រិតចង់ផឹកឲ្យសន្លប់!!! ខ្ញុំអង្គុយផឹកផង រអ៊ូផង…ដែលសំខាន់ គឺអូសអាពួកម៉ាកប៉ុន្មាននាក់មកនេះ សុទ្ធតែអ្នកមានគូហើយជាប់ណាត់ទៀត ម្នាក់ៗអង្គុយមើលតែម៉ោង ហើយបបួលខ្ញុំឲ្យឆាប់ចូលផ្ទះ…តែខ្ញុំក៏ដេញពួកវាទៅកំដរសំណព្វចិត្តទៅ…នៅម្នាក់ឯង មិនស្លាប់ទេ!!! ជុំវិញខ្លួន ភាគច្រើនជាគូៗ បើអត់គូ ក៏ជាក្រុមដែរ…កំសត់អីតែខ្ញុំ…មួយសន្ទុះក្រោយមក មានចែម្នាក់នោះដើរមករកខ្ញុំ ស្រវឹងតិចៗហើយ មើលមិនសូវច្បាស់សោះ…ទាល់តែគេមកជិត ហើយក្តិចមួយ ទើបដឹងថា…គឺនាង??? ស្វាងហ្មង!!! នាងមិននិយាយអ្វី តែក៏សុំកែវគេថ្មីមួយ ហើយដកទូរស័ព្ទមកចុចធ្វើព្រងើយ…អា៎!!! chatមកខ្ញុំតើ…«អរគុណសម្រាប់កាដូ តែសុំត្រឹមsis broបានហើយ ព្រមហេ៎???» ខ្ញុំក៏បង្អង់យូរ ក៏ផ្ញើsticker YES ឡើងលឿន…យើងក៏ផឹកលេងលេង ស្តាប់ភ្លេង ហើយជជែកគ្នាដូចពីមុន…ចែហ្នឹង គួរឲ្យស្រលាញ់ដល់ហើយ!!! ចឹងបានខំលួចស្រលាញ់តាំងពីជួបដំបូងម៉ោ… Bro and sis មានអីមិនល្អ…លើសពីមិត្តភក្តិ តែមិនមែនជាសង្សារ!!! តែប៉ុណ្ណេះ ក៏គ្រប់គ្រាន់ហើយ…ទៅថ្ងៃមុខ broម្នាក់នេះ ក៏អាចនឹងមានឱកាសក្លាយជាអ្វីផ្សេងក៏មិនដឹង … តែ…គ្រាន់តែមិនទាន់មានវិធីនៅឡើយ ថាតើគួរធ្វើបែបណាទើបចេញពីBrotherzoneបាន៎? មាននរណាដឹងទេ? ជួយប្រាប់ខ្ញុំផង…

ចែករំលែក

ក្រោមប្រធានFinTech (Finanical Technology) នៅឯTRYBE (ទល់មុខសាកលវិទ្យាល័យពុទ្ធិសាស្រ្ត)  Startup Weekend Phnom Penh បានដំណើរការទៅយ៉ាងរលូនដោយជ្រើសរើសបានក្រុមជ័យលាភីមួយក្រុមដែលបានធ្វើការរៀបចំនូវគម្រោងអាជីវកម្មរបស់ខ្លួនមានឈ្មោះថា «Angkor Biz Pool» ទាក់ទងទៅនឹងការរៀបចំជាPlatformសម្រាប់សម្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំនូវសំណុំឯកសារទាក់ទងនឹងពន្ធ។ ក្នុងរយៈពេល៥៤ម៉ោង ដោយគិតចាប់ពីល្ងាចថ្ងៃសុក្រទី៣ ដែលជាការបើកកម្មវិធី ដោយមានការបង្ហាញនូវគំនិតអាជីវកម្មជាលក្ខណៈបុគ្គលរបស់បេក្ខភាពដែលស្ម័គ្រចិត្ត(ម្នាក់មានរយៈពេលតែ១នាទីតែប៉ុណ្ណោះ) និងការជ្រើសរើសក្រុមសម្រាប់ធ្វើការអភិវឌ្ឍគំនិតអាជីវកម្មឲ្យកាន់តែល្អប្រសើរក្នុងរយៈពេល២ថ្ងៃបន្ទាប់ ដោយក្នុងចំណោមសមាជិកប្រមាណ៥០នាក់ដែលបានចូលរួម គឺមាន៦ក្រុមត្រូវបានបង្កើតឡើង។ ក្រោយពីរួមគ្នាបង្កើតជាក្រុមហើយ សមាជិកទាំងអស់ក៏មានឱកាសទទួលបានការបង្ហាត់បង្ហាញពីសំណាក់វាគ្មិនកិត្តិយសដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ ព្រមទាំងផ្តល់ការប្រឹក្សាធ្វើយ៉ាងណាឲ្យគំនិតដែលក្រុមបានគិតទុកកាន់តែល្អប្រសើរឡើង។  នាល្ងាចថ្ងៃអាទិត្យ ក្រុមទាំង៦ក៏មានឱកាសពិសេសមួយទៀត ធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មរបស់ខ្លួនទៅកាន់គណៈកម្មការដែលសុទ្ធតែអ្នកមានសក្តានុពលមកពីផ្នែកធនាគារ និងបច្ចេកវិទ្យា។ យើងសង្កេតឃើញថា គំនិតអាជីវកម្មនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងប្លែកៗពីគ្នា ដែលប្រាកដណាស់សុទ្ធតែវិធីដោះស្រាយនូវវិបត្តិណាមួយដែលកំពុងតែត្រូវបានប្រឈមនៅប្រទេសកម្ពុជា។ នេះជាកម្មវិធីមួយទៀតដែលបានចូលរួមចំណែកយ៉ាងក្នុងការគាំទ្រនូវការផ្តួចផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឲ្យសុបិន្តនៅតែជាសុបិន្ត ឬគំនិតនៅតែគំនិត ដូចជាគោលការណ៍មួយរបស់កម្មវិធីដែលបានលើកឡើងថា “No talk, All action” គឺមិនមែនជាវេទិកាដែលអ្នកចូលរួមស្តាប់វាគ្មិនតែមួយមុខប៉ុណ្ណោះទេ គឺមានស្តាប់ទាំងទ្រឹស្តី ជជែកពិភាក្សា និងធ្វើសកម្មភាពទៅតាមលទ្ធភាពដែលមាននៅក្នុងពេល៥៤ម៉ោងដែលមាន។ ក៏នឹងមានStartup Weekendជាបន្តបន្ទាប់ផងដែរ ដែលនឹងធ្វើឡើងក្រោមប្រធានបទផ្សេងៗពីគ្នា…សម្រាប់អ្នកដែលខកខានឱកាសលើកនេះ ប្រហែលជាអាចចូលរួមលើកក្រោយបាន

ចែករំលែក

កង្វល់នៃមនុស្សសម័យថ្មីច្រើនតែជាបញ្ហាឡើងទម្ងន់ ក៏ដូចជាបរិមាណខ្លាញ់លើសកម្រិតនៅក្នុងសារពាង្គកាយ ហើយក៏ប្រហែលជាមើលរំលងពីកម្រិតជាតិខ្លាញ់នៅលើមុខរបស់ខ្លួន។ ប៉ុន្តែតើអ្នកដឹងទេថា វាអាចនឹងធ្វើឲ្យបាត់បង់នូវសោភ័ណភាពនៃមុខមាត់របស់អ្នក និងកាត់បន្ថយនូវមន្តស្នេហ៍ទាក់ទាញរបស់រូបអ្នកផងដែរ? អ្វីដែលមនុស្សជាទូទៅដឹងនោះ គឺថាយោគៈអាចនឹងជួយឲ្យសាច់ដុំក្បាលពោះរបស់អ្នកថយចុះ ឬក៏សម្រកទម្ងន់ ហើយនៅក្នុងអត្ថបទនេះ ហេលស៍ថាម នឹងបង្ហាញជូនលោកអ្នកនូវចលនាយោគៈលើមុខដែលលោកអ្នកគួរអនុវត្ត ដើម្បីទទួលបានទម្រង់មុខជាទីគាប់ចិត្ត៖ យោគៈកាត់បន្ថយមុខប៉ោង •បិទមាត់ឲ្យជិត ដោយឲ្យបបូរមាត់លើជាប់ជាមួយនឹងបបូរមាត់ក្រោម •ផ្លុំខ្យល់តាមក្រោមបបូរមាត់ខាងលើ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ផ្ទេរខ្យល់ទៅថ្ពាល់ខាងឆ្វេង ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទីទៀត •ផ្ទេរខ្យល់ទៅថ្ពាល់ខាងស្តាំវិញ ហើយស្ថិតនៅបែបនេះប្រមាណ១០វិនាទី •ធ្វើបែបនេះ ប្រមាណ១០-១៥ដង យោគៈឲ្យសាច់ដុំមុខហាប់ណែន និងបន្ថយជាតិខ្លាញ់លើមុខ ◊វិធីទី១ •ដកដង្ហើមចូលឲ្យវែងតាមមាត់ ហើយបំពេញវាដោយខ្យល់ •បិទមាត់ភ្លាមៗ ហើយផ្ទេរខ្យល់ពីថ្ពាល់ម្ខាង ទៅថ្ពាល់ម្ខាងទៀត (ធ្វើឲ្យដូចជាអ្នកកំពុងខ្ពុរមាត់ក្នុងទឹក) •ធ្វើបែបនេះប្រមាណ១៥ដង ◊វិធីទី២ •ច្បូញមាត់ចូលក្នុង ហើយក្របួចមាត់ •ស្ថិតនៅបែបនេះ ហើយព្យាយាមញញឹមបែបនេះឲ្យបាន៥វិនាទី •ធ្វើឡើងវិញឲ្យបានប្រហែល១០ដង យោគៈបំបាត់ចង្កាបឿ  (ចង្កាពីរជាន់) •ផ្អៀងក្បាលទៅលើ ហើយព្យាយាមសម្លឹងមើលឡើងលើ •ទាញបបូរមាត់ចូលគ្នាឲ្យតឹង •នៅបែបនេះប្រមាណ១០វិនាទី ហើយសម្រាក •ធ្វើបែបនេះឲ្យបាន១០ដង យោគៈបន្តឹងស្បែកមុខ •ដកដង្ហើមចូលតាមច្រមុះ •ក្តាប់ដៃឲ្យតឹង ហើយច្របាច់សាច់ដុំមុខរបស់អ្នក •ដកដង្ហើមចេញតាមមាត់ ដោយលាអណ្តាតចេញក្រៅឲ្យខ្លាំងតាមដែលអាចធ្វើបាន ព្រមទាំងបើកភ្នែកឲ្យធំខ្លាំងដូចគ្នា ហើយក៏ពន្លាដៃរបស់អ្នកផងដែរ     •ស្ថិតនៅបែបនេះប្រមាណ១០វិនាទី ហើយសឹមសម្រាក •ធ្វើឡើងវិញ៣ដង យោគៈឲ្យមើលទៅមុខក្មេងជាងវ័យ •ធ្វើចលនាបបូរមាត់លើ •ទាញវាឡើងលើឲ្យដល់ជិតច្រមុះតាមដែលអាចធ្វើបាន •រក្សាលំនឹងនេះឲ្យបាន១៥វិនាទី •ធ្វើឡើងវិញ៥ដង យោគៈជួយឲ្យឆ្អឹងថ្ពាល់ខ្ពស់ជាងមុន •ចាប់ផ្តើមដោយធ្វើចលនាថ្គាម ឲ្យដូចជាអ្នកកំពុងតែទំពារអ្វីម្យ៉ាង •ត្រូវប្រាកដថាបបូរមាត់របស់អ្នកត្រូវបានបិទ •ដកដង្ហើមចូលឲ្យវែង ហើយដកដង្ហើមយឺតៗពេលដកដង្ហើមចេញមកវិញ •បើកមាត់ឲ្យធំ ហើយដាក់អណ្តាតឲ្យទល់ជាមួយនឹងធ្មេញខាងក្រោម •ធ្វើបែបនេះប្រមាណ៥វិនាទី •ធ្វើឡើងវិញ១០ដង យោគៈឲ្យសាច់ដុំបបូរមាត់ហាប់ណែន •ផ្លុំខ្យល់ចេញក្រៅតាមមាត់ •ធ្វើឡើងវិញចំនួន៤ដង •ដាក់ម្រាមដៃចង្អុល និងម្រាមដៃកណ្តាលទន្ទឹមគ្នា ហើយដាក់សង្កត់នៅលើបបូរមាត់ •ធ្វើឡើងវិញចំនួន៤ដង ប្រសិនបើអ្នកប្រាថ្នាចង់បានមុខស្លីម លោកអ្នកអាចធ្វើការសាកល្បងនូវចលនាយោគៈដែលបានណែនាំខាងលើនេះសាកលមើល ថាតើវាអាចនឹងមានប្រសិទ្ធភាពឬទេ? ប្រសិនបើមាន តើបានដល់កម្រិតណា?  វិធីងាយៗមិនចំណាយប្រាក់ច្រើន ហើយមានសុវត្ថិភាពបែបនេះ មិនសាក ធ្វើម៉េចនឹងដឹងលទ្ធផលទៅ?

ចែករំលែក

សព្វថ្ងៃហ្នឹងអ្នកណាមិនដឹងថា រូបថតបែប Outdoor ពេញនិយមបំផុតហើយ។ តែថាថតនៅកន្លែងណាល្អជារឿងមួយ អញ្ចឹងមើលថាកន្លែងទាំងអស់នេះយ៉ាងម៉េចដែរ? មុខព្រះបរមរាជវាំង ល្អបំផុតគឺព្រឹកពីម៉ោង ៧  ទៅ ៩គឺថាមិនសូវមានមនុស្សច្រើន ហើយវាក៏ជាពេលដែលសត្វព្រាបហោះទៅមកច្រើនផងដែរ។   សារមន្ទីរជាតិ ពិសេសគឺផ្លូវទៅកាន់សារមន្ទីរ សម្បូរដើមឈើធំៗផ្តល់រូបភាពធម្មជាតិលាយឡំនឹងសម័យកាលមួយ ដែលល្អ បំផុតសម្រាប់រូបថតបែប roadside  ។ កាំកូស៊ីធី ផ្លូវស្អាត ដើមឈើច្រើន ហើយដែលពិសេសគឺខ្យល់អាកាសល្អ អំណោយផលសម្រាប់ការថតបែបស៊ីអារម្មណ៍នៅពេលដែលខ្យល់បក់មកតែម្តង។ ក៏មានស្មៅវែងៗដុះ បង្កើតទិដ្ឋភាពយ៉ាងស្រទន់ពេលថ្ងៃលិច។ វិហារចិននៅតាខ្មៅ ជិះឆ្លងតែស្ពានតាខ្មៅតិចទៅដល់ហើយ វិហារចិនជាប់ទន្លេមានទេសភាពពេញភ្នែកតែម្តង។ វិហារចិនលក្ខណៈបុរាណ ទីធ្លាស្អាត ដើមឈើក៏ធំៗ ខ្យល់ក៏ខ្យល់ ល្អបំផុតសម្រាប់ការថតបែបសន្តិភាព និងស្ងប់ស្ងាត់។ សួនផ្កានៅតាខ្មៅ ជិះហួសភ្នំពេញតែបន្តិចទៅ បានឃើញសួនផ្កាចម្រុះពណ៌ស្អាតមែនទែន អមទេសភាពជុំវិញបែបជាយក្រុងកាន់តែពិសេស អ្វីដែលសំខាន់ផ្កាតំណាងឲ្យនារីៗ និងភាពស្រស់ស្រាយផងដែរ។ Credit :   កញ្ញា សាន សោភា

ចែករំលែក

និយាយដល់រឿងទៅលេងកោះ  អ្នកណាៗក៏រំជើបរំជួល ទាំងជាកន្លែងស្ងប់ស្ងាត់ល្មម ទេសភាពស្អាត មានឆ្នេរខ្សាច់ មានសមុទ្រ ផ្ទះបែបប្រជាជននៅកោះ កៅអីតូចៗនៅតាមឆ្នេរ ដើមដូងតំរៀបជួរ ហើយក៏ទូកចម្រុះពណ៌នៅលើផ្ទៃសមុទ្រ… អាចនឹកឃើញដល់ភ្នក់ភ្លើងពេលយប់ សម្លេងទឹកសមុទ្រ ក្លិនទឹកសមុទ្រ តន្ត្រីតិចៗពីបារបារាំង ឬក៏ហ្គីតា  អូគូឡេឡេអីហ្នឹង ជាមួយ cocktail ត្រជាក់់ៗ…និយាយរួមគឺ កន្លែងដ្រាម៉ាតែម្តង។ ដូចនេះឱកាសល្អៗបែបវិស្សមកាលតូចជាដើមនេះ បើរៀបចំគម្រោងទៅលេងនៅតំបន់កោះប្រាកដជាល្អ។ តាមរយៈលោក ទេស តារា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Island Speed Ferry Cambodia ហេលស៍ថាម បាននាំមកជូននូវព័ត៌មានមួយចំនួនអំពីដំណើរកម្សាន្តដ៏អស្ចារ្យនេះ   ដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែប្រាកដចិត្តថា  កោះគឺជាទិសដៅទេសចរណ៍បន្ទាប់របស់អ្នក។ ហេតុអ្វីការទៅលេងកោះជាជម្រើសល្អ? ឱកាសល្អ ឧទាហរណ៍ ម្តុំខែកុម្ភៈនេះផ្ទាល់ អាកាសធាតុ គឺពិតជាអំណោយផលក្នុងការទៅកម្សាន្តនៅតំបន់សំខាន់ៗជាច្រើននៅកម្ពុជា ហើយក្នុងនោះក៏រួមបញ្ចូលទាំងតំបន់កោះផងដែរ។ ដោយឡែក នៅរដូវនេះ ឱកាសនៃការភ្លៀងដូចជាមិនសូវមានដែរ ដូចនេះវាជាឱកាសល្អសម្រាប់ការចុះហែលទឹកដែលមានសីតុណ្ហភាពល្មម និងថ្លាល្អ ពិសេសគឺនៅកោះរ៉ុង និងកោះរ៉ុងសន្លឹមតែម្តង។      មានអារម្មណ៍ល្អ បទពិសោធន៍ជិះទូកធំៗប្រភេទ Ferryទៅកាន់ទីកន្លែងដ៏ស្រស់ស្អាត  មើលទឹកសមុទ្រដ៏ថ្លាឆ្លុះជាមួយនឹងផ្ទៃមេឃទូលំទូលាយ  ខ្យល់អាកាសត្រជាក់ និងបរិសុទ្ធ  ក៏ដូចជាកោះតូចធំស្អាតៗដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាន ដែលកោះទាំងនេះជាកន្លែងដ៏កក់ក្តៅសម្រាប់ការសម្រាកលំហែកាយ និងបន្ធូរអារម្មណ៍តានតឹងជាមួយនឹង សកម្មភាព     និងទិដ្ឋភាពដែលបានរៀបរាប់ពីខាងលើ។     តែក៏កុំភ្លេចស្រែកឲ្យខ្លាំងៗទៅកាន់សមុទ្រ ព្រោះអ្នកមិនមានឱកាសធ្វើបែបនេះទេពេលនៅទីក្រុង ហើយជឿថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អមិនខាន។ សម្រាប់អ្នកចូលចិត្តចូលតួ ពិតជាត្រូវចិត្តជាមួយនឹងបរិយាកាសនៅតំបន់កោះ ព្រោះគ្រាន់តែអង្គុយលេង ឬដើរតាមឆ្នេរដោយជើងទទេក៏អាចឲ្យពួកគេចូលទៅដល់ពិភពមួយទៀតបានដែរ។ មានផាសុកភាព និងសុវត្ថិភាព ក្រៅពីការធ្វើដំណើរតាមទូកធំៗ និងទំនើបៗដែលអាចផ្តល់ឲ្យអ្នកទេសចរនូវផាសុកភាព ក៏ដូចជាសុវត្ថិភាពនោះ   បច្ចុប្បន្នក៏មានផងដែរនូវប៉ុស្តិ៍យាម ២៤ម៉ោងរបស់ក្រុមសមត្ថកិច្ចនៅតាមកោះនីមួយៗ ដើម្បីផ្តល់ជូនអ្នកមកលេងកម្សាន្ត ក៏ដូចជាប្រជាជនផ្ទាល់ដែលនៅលើកោះនូវភាពកក់ក្តៅ និងសុវត្ថិភាពដែលអាចជឿទុកចិត្តបាន។ ដូចនេះ អ្នកទេសចរជាច្រើនបានស្នាក់នៅកម្សាន្តនៅទីនោះឆ្លងយប់ដោយមិនមានការបារម្ភណាមួយឡើយ។ កោះស្អាតៗណាខ្លះដែលអ្នកមិនគួរមើលរំលង? មានកោះ៤ ដែលគួរជាទីទាក់ទាញបំផុតសម្រាប់អ្នកទេសចរ ដែលក្នុងនោះមានដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត និង កោះឋានសួគ៌។ លក្ខណៈពិសេសជារួមនៃកោះទាំងអស់គឺផ្កាថ្ម ឆ្នេរដ៏ស្អាត     និងទេសភាពនៃព្រៃកោងកាងជាដើម។ ចំពោះអ្នកចូលចិត្តភាពអ៊ូអរ   និងកម្សាន្តបែបលក្ខណៈបារបារាំង នោះកោះរ៉ុង គឺស័ក្តិសមនឹងអ្នកបំផុត ពីព្រោះទីកន្លែងនោះសម្បូរអ្នកទេសចរបែប Backpackers ភោជនីយដ្ឋាន និងមានកម្មវិធីកម្សាន្តច្រើន។ ផ្ទុយទៅវិញ បើអ្នកចូលចិត្តភាពស្ងប់ស្ងាត់ និងទេសភាពបែបធម្មជាតិ អ្នកគួរទៅកោះរ៉ុងសន្លឹម។ ចំពោះឆ្នេរសុខសាន្ត វាស្ថិតនៅផ្នែកមួយនៃកោះរ៉ុង  ប៉ុន្តែលក្ខណៈពិសេសរបស់ទីតាំងនោះគឺមានឆ្នេរខ្សាច់ម៉ត់ជាមួយនឹងប្រវែងដល់ទៅ ៧ គីឡូម៉ែត្រ។ រីឯអ្នកចូលចិត្តភាពឯកជន អ្នកគួរទៅកម្សាន្តនៅកោះឋានសួគ៌ដែលមិនត្រឹមស្រស់ស្អាតដូចឋានសួគ៌ អ្វីដែល ពិសេសគឺព្រៃទឹកសាប និងចំការដូងដែលដាំជាជួរ។    ខ្លះៗអំពីមធ្យោបាយធ្វើដំណើរទៅលេងកោះ ដោយការធ្វើដំណើរតាមទូកជាមួយនឹងក្រុមហ៊ុនទូកដែលដឹកអ្នកទេសចរទៅលេងកោះនានានោះ កោះរ៉ុង ដែលមានចម្ងាយមិនសូវឆ្ងាយពីក្រុងព្រះសីហនុប៉ុន្មាន អ្នកនឹងត្រូវចំណាយពេល ១ម៉ោងក្នុងការធ្វើដំណើរ ចំណែកកោះរ៉ុងសន្លឹមវិញត្រូវចំណាយរយៈពេល ៤៥ នាទី ស្របពេលដែលឆ្នេរសុខសាន្ត និងកោះឋានសួគ៌ ត្រូវចំណាយពេលរាងយូរបន្តិចគឺ ១ម៉ោង១៥នាទីចំពោះឆ្នេរសុខសាន្ត និង ប្រហែល ១ម៉ោង៣០នាទីចំពោះកោះឋានសួគ៌។ បើតាម Island Speed Ferry Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មធ្វើដំណើរតាមទូក ពេលវេលានៃការចេញដំណើរពីក្រុងព្រះសីហនុទៅកោះរ៉ុងផ្ទាល់គឺមាន ៣ពេលក្នុង១ថ្ងៃ ដែលក្នុងនោះមានម៉ោង ៩ព្រឹក ១២ថ្ងៃត្រង់ និង ៣រសៀល។ បន្ទាប់ពីបានស្តាប់ពីដំណើរកម្សាន្តតាមកោះហើយ មានអារម្មណ៍ថាចង់ទៅខ្លាំងណាស់មែនទេ?  នៅចាំដល់ណាទៀត មិនចាំបាច់ទៅណាឆ្ងាយនិងមិនចំណាយច្រើន...    ទៅលេងកោះទាំងអស់គ្នា!!!

ចែករំលែក

ក្រុមការងារហេលស៍ថាមខប មានក្តីរន្ធត់ចិត្ត និងក្រៀមក្រំយ៉ាងក្រៃលែងដោយបានទទួលដំណឹងជាទីសោកសៅបំផុតដែលឧបាសិកា គឹម សារឿន ត្រូវជាម្តាយក្មេកលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះផងដែរ ក្រុមការងារយើងខ្ញុំពិតជាទឹកចិត្តសោកសង្រេង និងសូមចូលរួមរំលែកមរណទុក្ខជាមួយសមាជិកជាក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពនៃឋានបរិនិព្វានកុំបីអាក់ខានឡើយ។ ហេលស៍ថាមខប  

ចែករំលែក

នៅខែកុម្ភៈនេះអាកាសធាតុដូចជាត្រជាក់ល្មម មិនទាន់ក្តៅពេកអំណោយផលដល់ការចេញទៅពិចនិចនៅខាងក្រៅ ជំនួសឲ្យការញ៉ាំអាហារនៅផ្ទះ ឬក៏តាមហាងអាហារផ្សេងៗ។ និយាយចឹង ពិចនិចក៏ជាគំនិតល្អមួយដែរប្រសិនបើគិតដល់ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គ្រួសារ និងមិត្តភក្តិ បង្កើតពេលវេលាផ្ទាល់ខ្លួនដ៏ពេញលេញមួយសម្រាប់គ្នា។ គ្រាន់តា៎គិតក៏សប្បាយដែរ...អញ្ចឹងចាប់ផ្តើមរៀបចំមេនញូងាយៗ ផ្តល់សុខភាពល្អ និងរសជាតិឆ្ញាញ់ដែលគួរតែមានក្នុងកន្រ្តកសម្រាប់ពិចនិចរបស់អ្នកតែម្តងទៅ។ 1.អាហារសម្រន់៖ និយាយទៅបើទៅពិចនិច មិនមានរបស់ញ៉ាំលេង ដូចមិនសមជាពិចនិចទេ។ គ្រាប់ធញ្ញជាតិ មិនថាជាសណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់រីករាយជាដើម សុទ្ធតែសម្បូរប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។   ទោះយ៉ាងណា អ្នកក៏ត្រូវកម្រិតបរិមាណក្នុងការញ៉ាំផងដែរ ពិសេសចំពោះធញ្ញជាតិខ្ចប់ស្រេចដែលមានអំបិល។ ស៊ុតស្ងោរ មិនត្រឹមសម្បូរប្រូតេអ៊ីន វាក៏ងាយរក ងាយធ្វើ និងមានតម្លៃថោកទៀត។ មិនចាំបាច់ត្រូវត្រៀមអីច្រើនក្រៅពីទឹកស៊ីអ៊ីវ  ឬក៏អំបិលម្រេចក្រូចឆ្មារទៅក៏រួចស្រេច សំខាន់ញ៉ាំបានទាំងព្រឹក និងថ្ងៃ។ សាច់ត្រីក្រៀម សម្បូរដោយប្រភេទខ្លាញ់ល្អ អូមេហ្គា៣   ហើយក៏មានរសជាតិឆ្ញាញ់ជក់មាត់ផងដែរ។ តំណាប់ផ្លែឈើក្រៀម សម្បូរដោយជាតិកាកសរសៃដែលល្អក្នុងការរក្សាលំនឹងជាតិស្ករ និងអ័រម៉ូន ព្រមទាំងអាចការពារពីជំងឺមួយចំនួនដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។ 2.អាហារចម្បង ៖ ចំណាយពេលធ្វើដំណើរ និងលេងច្រើនដែរ  អញ្ចឹងក៏ត្រូវញ៉ាំឲ្យឆ្អែតដែរ។ ស៊ូស៊ីកូនកាត់ អ្នកគ្រាន់តែត្រូវការបន្ទះឫស្សីសម្រាប់មូលបន្ទះសារ៉ាយសមុទ្រ បាយ ការ៉ុត ត្រសក់ ពងទាចៀន និងគីមឈីជាដើម។ អាហារបែបនេះមិនត្រឹមងាយយកតាមខ្លួន ងាយកាត់ចែកគ្នាញ៉ាំ និងថែមទាំងសប្បាយទៀតផងបើអ្នកញ៉ាំបណ្តើរធ្វើជុំគ្នាបណ្តើរ។ សាន់វិច     ជាប្រភេទអាហារសាមញ្ញសម្រាប់ពិចនិចទៅហើយ។ យ៉ាងណាមិញ ការវេចខ្ចប់ទុកមុនអាចប្រើជាក្រដាស ឬក៏ថង់រុំអាហារធម្មតា ដើម្បីងាយយកតាមខ្លួន ឬក៏អាចកៀបក្នុងម៉ាស៊ីនកម្តៅឲ្យហើយតែម្តងដើម្បីកុំឲ្យពិបាកជ្រុះពេលញ៉ាំ។ សាឡាត់   បន្លែគ្រប់ពណ៌ ធ្វើឲ្យថ្ងៃពិចនិចកាន់តែស្រស់ស្រាយ និងមិនទ្រលាន់។ អ្នកអាចប្រើបន្លែចម្រុះ និងរៀបចំឲ្យមានសោភ័ណភាព រួចបន្ថែមសាច់ទ្រូងមាន់ ឬសាច់ត្រី ស៊ុតស្ងោរ និងស្រូបដោយទឹកម៉ាញ៉េនេស ឬទឹកបន្លែផ្សេងៗទៅតាមចំណូលចិត្ត។ ប៊ីប៊ីឃ្យូ មានទាំងសាច់   និងបន្លែដោតលើចង្កាក់តែមួយ ហើយក៏អាំងញ៉ាំក្តៅៗតែម្តង។ អ្នកគ្រាន់តែមានចង្រ្កានអាំងសាច់ប្រភេទប្រើធ្យូង   ហើយត្រៀមអាហារចម្រុះដូចជាសាច់  និងបន្លែ តែកុំភ្លេចទឹកជ្រល់ជាទឹកត្រីកោះកុង  ឬអំបិលម្រេចក្រូចឆ្មារផងដែរ។ 3.ភេសជ្ជៈ៖  ជាក់ស្តែងក្រៅពីទឹកបរិសុទ្ធ អ្នកក៏អាចមានជាមេនញូផ្សេងៗជាច្រើនទៀតដូចជា៖ ទឹកផ្លែឈើ រសជាតិគ្រប់មុខនៃទឹកផ្លែឈើស្រស់បន្ថែមទឹកកកឲ្យត្រជាក់ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងសម្រាកពិតៗ។ ទឹកតែម្លិះជាមួយក្រូចឆ្មារ អាចបន្ថែមស្ករ និងទឹកកកទៀត ដែលមិនត្រឹមតែឈ្ងុយ តែក៏ផ្តល់អារម្មណ៍ជ្រះកល្អទៀតផង។ 4.បង្អែម៖ ទុកលាងមាត់ក្រោយពេលអាហារចម្បង។ ផ្លែឈើ រៀបចំផ្លែឈើ ដោយលាងសម្អាត និងចិតដាក់ប្រអប់ជាស្រេច ហើយក្លាសេឲ្យត្រជាក់ដើម្បីបង្កើនរសជាតិ។ បើអាចកុំភ្លេចយកម្ជូរ និងអំបិលម្ទេសផង ព្រោះថាពេលធ្វើដំណើរទៅអ្នកប្រហែលជាអស់កម្លាំង ឬពុលឡាន ផ្លែឈើអាចលើកកម្លាំងអ្នកមកវិញបាន។ ការ៉េម ទៅពិចនិចបើមានការ៉េមញ៉ាំប្រាកដជាល្អ ពិសេសនៅពេលអាកាសធាតុរៀងក្តៅបន្តិច។ តែយកល្អគួរធ្វើការ៉េមក្នុងទូទឹកកកខ្លួនឯង ព្រោះវាអាចទុកបានយូរមិនងាយរលាយទេ។   វិធីធ្វើគឺសាមញ្ញ គ្រាន់តែប្រើទឹកដោះគោខាប់ នំស្រួយនិងផ្លែឈើផ្សេងៗលាយវាបញ្ជូលគ្នា  ដាក់ក្នុងប្រអប់ ហើយបង្កកវាទុកពីយប់ទៅជាការស្រេច។ 5.ផ្សេងៗ -ធុងទឹកកកតូចល្មមសម្រាប់ដាក់ទឹកកក ឬដាក់ក្លាសេ បន្លែ ផ្លែឈើផ្សេងៗ (ដាក់របស់ដែលត្រូវការញ៉ាំមុននៅខាងលើ កុំឲ្យពិបាករើ និងបើកធុងទឹកកកច្រើនដង ឬយូរៗ) -កម្រាល ឬកន្ទេលសម្រាប់អង្គុយលេង (និងឆ័ត្រផងដែរបើអាច) កៅអីតូចៗ អង្រឹងឬប៉ៅអី គេងលេង -សម្ភារៈសម្រាប់រៀបទទួលទានដូចជា   ចានស្លាបព្រា ចង្កឹះ សម កែវ កាំបិទ ជ្រុញតូចជាដើម។ អាហារដូចជាច្រើនមុខដែរហើយ នៅឡើយតែរើសកន្លែងដែលជាទូទៅគឺ ទៅក្រៅក្រុងត្រង់ទីវាលសម្បូរម្លប់ឈើ ឬមានស្រះទឹក រមណីយដ្ឋានធម្មជាតិ គិរីរម្យ(វាំងចាស់) ចំការព្រីង ជាដើម។ ចុងក្រោយ គឺរើសថ្ងៃទៅ កុំទុកគម្រោងចោលយូរនាំតែខាតឱកាសនៃការរីករាយនឹងអាកាសធាតុនៅរដូវនេះ...

ចែករំលែក

រដូវកាលចុងឆ្នាំ រដូវកាលធ្វើដំណើរកំសាន្តទៀតហើយ!   មានគិតថាទៅ   Count down   នៅម៉ាឡេស៊ីទេ? គួរតែឆ្ងល់ដែរថាហេតុអ្វី ម៉ាឡេស៊ីជាកន្លែងដែល ហេលស៍ថាមណែនាំ? តាមដានកិច្ចសម្ភាសន៍ផ្តល់ដោយ «បងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា» បន្តិចទៅ នឹងដឹងហើយ! តែថាទៅលើកនេះមិនមែនទៅធម្មតាទេ…   គឺទៅបែបលក្ខណៈសេដ្ឋកិច្ច ចំណាយតិច ហើយសប្បាយ! ហេតុអ្វីម៉ាឡេស៊ីស័ក្តិសមបំផុតសម្រាប់ដំណើរកំសាន្តនៅក្នុងឆ្នាំនេះ? អ្វីដែលពិសេសគឺ សម្រាប់ឆ្នាំនេះផ្ទាល់   ដោយសារតែរូបិយវត្ថុនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ១ដុល្លាអាមេរិកអាចប្តូរបានដល់ទៅប្រហែល ៤រីងហ្គីត(Ringgit)   ជាមួយតម្លៃទំនិញនៅដដែល ធ្វើឲ្យការចំណាយផ្សេងៗ  និងការទិញទំនិញរបស់អ្នកកាន់តែចំណេញជាងឆ្នាំមុនៗ។ ដូចនេះ មិនថាឱកាសដំណើរកំសាន្ត   ឱកាសទិញទំនិញ  និងឱកាសសន្សំសំចៃ គឺមកក្នុងពេលតែមួយ។ ក្នុងនោះផងដែរ តំបន់ទិញទំនិញពេញនិយម និងតម្លៃសមរម្យជាងគេគឺនៅតំបន់    សូងៃវាំង(Sungei Wang Plaza)ដែល នៅ KL central  ផ្ទាល់តែម្តង ដោយសារវាមានមជ្ឈមណ្ឌលលក់ទំនិញច្រើននៅជិតៗគ្នាពី៦ ទៅ៧ និងតំបន់ Mid Valley- City ដែលមានមជ្ឈមណ្ឌលលក់ធំមួយ ជាមួយនឹងកន្លែងលក់ទំនិញតូចៗនៅក្បែរមួយចំនួនទៀត  តែវាមានតម្លៃថ្លៃជាង Sungei Wang ។ ការសន្សំសំចៃទៅលើសំបុត្រយន្តហោះ មានជម្រើសជើងយន្តហោះ  ២  ដែលធ្វើការហោះហើរផ្ទាល់ពីកម្ពុជាទៅទីក្រុងកូឡាឡាំពួរ(KL) គឺ AirAsia និង Malaysia Airline ។ ដោយគ្រាន់តែធ្វើការកក់សំបុត្រយន្តហោះឲ្យបានមុនក្នុងរយៈយូរ(ជាទូទៅប្រហែលជា៦ខែ) តាម AirAsia អ្នកអាចទិញបានសំបុត្រយន្តហោះក្នុងតម្លៃមួយដ៏មិនគួរឲ្យជឿគឺចាប់ពី៣៥ដុល្លាសម្រាប់oneway ។ ចំពោះ Malaysia Airline អាចមានតម្លៃថ្លៃជាងបន្តិចគឺចាប់ពី១០៧ដុល្លាសម្រាប់ one way  ក៏ប៉ុន្តែតម្លៃនេះនឹងមិនសូវមានការប្រែប្រួលឡើយបើទោះជាអ្នកទិញកៀកពេលចេញដំណើរក៏ដោយ។ គំរូដំណើរកំសាន្តបែបផ្សងព្រេង (back packing)ដោយសន្សំសំចៃមួយ  ទៅកាន់ម៉ាឡេស៊ី ជាឧទាហរណ៍សម្រាប់អ្នកចូលចិត្ត Back packing ដែលចង់ចំណាយពេល ៥ថ្ងៃនៅម៉ាឡេស៊ី៖ •នៅម៉ាឡេស៊ី មានព្រលានយន្តហោះពីរដែលនៅជិតគ្នា ដែលKLIH2ជាទីតាំងដែល AirAsia ចុះចត •បន្ទាប់មក អាចជិះ shuttle bus ដែលចាកចេញពីចំណតរៀងរាល់១៥នាទីម្តង ពីព្រលានយន្តហោះទៅទីក្រុង កូឡាឡាំពួរ (KL central) ដោយចំណាយពេលប្រហែល៣០នាទី និងតម្លៃប្រហែលជា១០ Ringgits ប៉ុណ្ណោះ •ពេលទៅដល់ KL central អាចជិះតាក់ស៊ីបន្តទៅកាន់កន្លែងស្នាក់នៅដែលមានតម្លៃចាប់ពី ១០០ Ringgits   (ប្រហែល២៥ដុល្លា និងអាចធានាបាននូវភាពស្អាត និងអនាម័យ។ •ចំពោះការធ្វើដំណើរនៅ KL central ផ្ទាល់ មាន Hop-On Hop-Off bus ជាប្រភេទឡានក្រុងគ្មានដំបូល ដែលយើងអាចចំណាយត្រឹមតែ៣៥ Ringgits  ដោយសំបុត្រជិះនេះមានប្រសិទ្ធភាពមួយថ្ងៃពេញ  មិនថាអ្នកចុះ  ឬឡើងប៉ុន្មានដងក៏ដោយ ។ ឡាននេះនឹងឈប់នៅតំបន់ចំនួន២២ (រៀងរាល់៣០នាទីនឹងមានឡានមួយមកដល់ចំណត) ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ   ដូចនេះ អ្នកដំណើរអាចមើលតាមផែនទី   និងចុះនៅកន្លែងដែលខ្លួនចាប់អារម្មណ៍។  ការធ្វើដំណើរនេះអាចប្រើពេលប្រហែល១ទៅ២ថ្ងៃទៅតាមការចូលចិត្តរបស់អ្នកទេសចរ។ •ចំពោះការញ៉ាំនៅ KL central អ្នកទេសចរអាចជ្រើសរើសញ៉ាំនៅតាមមជ្ឈមណ្ឌលទិញទំនិញតែម្តង ដែលតែងតែមាន food court ជាមួយនឹងតម្លៃសមរម្យ។ •ភ្ញៀវទេសចរអាចបន្តទៅកាន់ភ្នំ ហ្កេនធីង(Genting)     ដែលជាតំបន់ដ៏ល្បីសម្រាប់អ្នកទេសចរ (ពិសេសលក្ខណៈគ្រួសារ) ដោយជិះឡានក្រុងប្រហែល១ម៉ោងពីកូឡាឡាំពួរ ។ ប្រសិនបើជាដំណើរកំសាន្តបែបម្នាក់ឯង ឬផ្សងព្រេង កន្លែងដែលស័ក្តិសមគួរតែជា តំបន់សមុទ្រ ឡាំងកាវី(Langkawi) ដែលត្រូវធ្វើដំណើរតាមយន្តហោះ រយៈពេល៤៥នាទី ឬក៏ជិះកាណូត (តែតម្រូវឲ្យតជើងពីការជិះឡានមកទីក្រុងកេដាស(Kedah) ជាមុន ទើបបន្តជិះកាណូតមកឡាំងកាវី ដែលពេលវេលាសរុប គឺប្រហែលជា៧ទៅ៨ម៉ោង)។ Langkawi ជាទីប្រជុំកោះ ដែលមានសរុប៩៩កោះ ហើយបានជាប់ចំណាត់ថ្នាក់ជា World UNESCO មួយនៅម៉ាឡេស៊ី ។ គួរឲ្យដឹងផងដែរថា Langkawi   ជាកោះដែលមាន Dutyfree (មិនមានចំណាយពន្ធទៅលទំនិញ)ហើយក៏មានរឿងជាច្រើនទាក់ទងនឹងកោះនេះផងដែរ។ •រីឯតំបន់អាហារដែលល្បីគឺប៉េណាំង(Penangដែលនៅក្បែរគ្នានឹង   Langkawi  ហើយពេញនិយមចំពោះម្ហូបលក្ខណៈចិន    និងអាហារសមុទ្រជាដើម ។ •ចុងក្រោយគឺតំបន់ទេសចរណ៍នៅព្រំដែនដែលហៅថា ជោហ៊ោ(Johor) ដែលមានកន្លែងកំសាន្តដ៏ល្បីគឺ LEGOLAND (ប្រហែលនឹង Disneyland)  ដោយអាចចំណាយពេលធ្វើដំណើរប្រហែល៤ម៉ោងពីកូឡាឡាំពួរ។ សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងទេសចរណ៍ប្រទេសម៉ាឡេស៊ី  អ្នកទេសចរ ឬមានគម្រោងចង់ទៅកំសាន្តនៅទីនោះ អាចធ្វើការទាក់ទងក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជាដែលមានទីតាំងផ្ទាល់នៅស្ថានទូតម៉ាឡេស៊ី។

ចែករំលែក

«ជំងឺមហារីកសុដន់ គឺជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក(២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺ ដែលកើតមានលើស្រ្តីកម្ពុជា(១៥%)  បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។ ជាក់ស្តែង   នៅមន្ទីរពេទ្យអន្តរជាតិសែនសុខ ជំងឺមហារីកសុដន់ឈរនៅលំដាប់ទីមួយ(១៤,៦%) ដែលកើតចំពោះអ្នកជំងឺមហារីកជាស្រ្តីភេទ។   គួរឲ្យដឹងផងដែរថា ជំងឺមហារីកសុដន់ គឺជាមូលហេតុចម្បងទីពីរដែលបណ្តាលឲ្យស្រ្តីទទួលមរណភាពនាពេលបច្ចុប្បន្ន» ទាំងនេះជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅមកពីប្រទេសរុស្សី និងជាសមាជិករបស់ American Society of Clinical Oncology, Russian Society of Pediatric Oncologists and Hematologists, European Society for Medical Oncology ហើយបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខផងដែរ(តាំងពីឆ្នាំ២០១០)។ លោកស្រីវេជ្ជបណ្ឌិតក៏បានលើកឡើងបន្តផងដែរទាក់ទងនឹងទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដូចបង្ហាញនៅខាងក្រោមនេះ... តើជំងឺមហារីកសុដន់ចែកចេញជាប៉ុន្មានប្រភេទ និងប៉ុន្មានដំណាក់កាល? ជំងឺមហារីកសុដន់វិវឌ្ឍចេញពីកោសិកា lobulesដែលជាកន្លែងផលិតទឹកដោះ និងកោសិកាបំពង់ដែលមាននាទីដឹកនាំទឹកដោះ។  ជំងឺមហារីកត្រូវបានចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលកើតនៅនឹងកន្លែងហើយមិនរីករាលដាល(in-situ or non-invasive)    ដែលជាដំណាក់កាលដំបូងរបស់ជំងឺមហារីកសុដន់(ចែកជា២ប្រភេទទៀត គឺកោសិកាមហារីកដែលកើតមាននៅក្នុង lobules និងកោសិកាបំពង់) និងប្រភេទរីករាលដាលទៅតំបន់ដទៃទៀត(Invasive)។ ចំពោះប្រភេទទីមួយអាចវិវឌ្ឍទៅជាប្រភេទទីពីរដែលរីករាលដាលទៅតំបន់ផ្សេងទៀត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ វាក៏ត្រូវបានចាត់ចូលជាជំងឺមហារីកសុដន់ប្រភេទទីពីរដូចគ្នា នៅពេលដែលកោសិកាមហារីកធ្វើការផ្លាស់ទីតាម lobules និងបំពង់បង្ហូរទឹកដោះទៅកាន់ជាលិកាដទៃទៀតដែលនៅជុំវិញនោះ ។ តើកត្តាអ្វីខ្លះបណ្ដាលឲ្យមានជំងឺមហារីកសុដន់? មានកត្តាចម្បងៗពីរដែលអាចបណ្ដាលឲ្យមានជំងឺមហារីកសុដន់៖ 1.កត្តាដែលយើងមិនអាចគ្រប់គ្រងបាន - ភេទ៖ ស្រ្តីមានឱកាសខ្ពស់ជាងបុរស១០០ដងក្នុងការប្រឈមទៅនឹងការកើតមានជំងឺមហារីកសុដន់ - អាយុ៖ ឱកាសក្នុងការកើតមានជំងឺមហារីកសុដន់កើនឡើងតាមអាយុ - ប្រវត្តិគ្រួសារ៖ ប្រហែល ៥%ទៅ១០%នៃជំងឺមហារីកសុដន់កើតឡើងដោយសារតំណពូជ - ពូជសាសន៍៖ ស្រ្តីជនជាតិស្បែក ស មានឱកាសប្រឈមទៅនឹងការកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្រ្តីជនជាតិអាហ្រ្វិច អាមេរិក អាស៊ាន Hispanic និងស្រ្តីជនជាតិដើមអាមេរិក - ប្រវត្តិនៃការមករដូវរបស់ស្រ្តី៖ ស្រ្តីដែលមានរដូវមុនអាយុ១២ឆ្នាំ និង/ឬអស់រដូវនៅអាយុច្រើន ឬលើសពី៥៥ឆ្នាំអាចបង្កើនឱកាសក្នុងការកើតជំងឺមហារីកសុដន់ - ការព្យាបាលដោយកាំរស្មីនៅតំបន់ទ្រូង៖ ដើម្បីព្យាបាលជំងឺមហារីកផ្សេងទៀតដូចជាមហារីកកូនកណ្តុរ - អ្នកដែលមានជាលិកាសុដន់ក្រាស់៖ ស្រ្តីដែលមានជាលិកាសុដន់ក្រាស់ អាចមើលឃើញនៅពេលធ្វើតេស្តmammogram។ 2.កត្តាដែលយើងអាចគ្រប់គ្រងបានការលើសទម្ងន់ ការមិនមានកូន មិនធ្វើការបំបៅដោះ    ការទទួលទានសារជាតិអាល់កុល(ឱកាសប្រឈមនេះកើនឡើងទៅតាមបរិមាណអាល់កុលដែលបានទទួលទាន) ការព្យាបាលដោយប្រើអ័រម៉ូនជំនួសក្រោយពេលអស់រដូវ ការប្រើប្រាស់ថ្នាំពន្យារកំណើត ការរំលូតកូន ការជក់បារី ការវះកាត់កែសុដន់ ការធ្វើការនៅពេលយប់ ការមិនបានធ្វើលំហាត់ប្រាណជាដើមសុទ្ធតែអាចបង្កើនការប្រឈមទៅនឹងមហារីកសុដន់។ តើពេលណាដែលអ្នកជំងឺគួរតែស្វែងរកការព្យាបាល? ស្រ្តីគ្រប់គ្នាគួរតែស្វែងរកការព្យាបាលប្រសិនបើមានលេចចេញរោគសញ្ញាដូចជា   មានដុំនៅក្នុងសុដន់មានការឈឺចុកចាប់នៅត្រង់សុដន់  មានបម្រែបម្រួលស្បែកនៅបរិវេណសុដន់ (ដូចជា ឡើងក្រហម ហើម ដំបៅ មានហូរទឹកចេញពីសុដន់ និងស្បែកដែលគ្របដណ្ដប់សុដន់ឡើងក្រាស់ដូចសំបកក្រូច) ឡើងកន្តួលរមាស់ជាប្រចាំនៅបរិវេណចុងសុដន់   មានបម្រែបម្រួលនៅចុងសុដន់ និង/ឬបម្រែបម្រួលរូបរាងរបស់សុដន់ មានការហូរទឹក ឬឈាមចេញពីចុងសុដន់ ហើម ឬមានដុំនៅក្រោមដៃជិតបរិវេណសុដន់។ ស្រ្តីភាគច្រើនដែលមានរោគសញ្ញាដូចខាងលើមិនសុទ្ធតែមានជំងឺមហារីកសុដន់ទេ    វាអាចជាដុំសាច់ស្លូត ដំបៅផ្សេងៗ ឬជាជំងឺសួរពូជដែលក្រពេញបញ្ចេញក្រៅមានដំណើរការមិនល្អ (fibrocystic) ជាដើម  ប៉ុន្តែមានតែគ្រូពេទ្យឯកទេសខាងជំងឺដែលទាក់ទងទៅនឹងសុដន់ប៉ុណ្ណោះដែលអាចវិនិច្ឆ័យពីរោគសញ្ញារបស់លោកអ្នកបាន។ ស្រ្តីទាំងអស់ក៏គួរចងចាំផងដែរថាជំងឺមហារីកសុដន់អាចធ្វើការព្យាបាលបានប្រសិទ្ធភាពខ្ពស់ ប្រសិនបើវាត្រូវបានរកឃើញទាន់ពេលវេលា។ សូមតាមដានការចែករំលែកបន្តអំពីជំងឺមហារីកសុដន់នៅអត្ថបទក្រោយទៀត...

ចែករំលែក

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កញ្ញា Pancake Khemanit រួមគ្នានឹងកញ្ញា Jannine Weigel ដែលជាតារាដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ ត្រូវបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ដំរីអង្គរ ហើយដូចដែលហេលស៍ថាមបានសន្យាPancake Khemanit អាយដល (Idol)ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់របស់ប្រិយមិត្តជាច្រើន នៅពេលនេះបានចូលមកផ្តល់នូវភាពរីករាយដល់អ្នកទាំងអស់គ្នាតាមរយៈការចែករំលែកល្អៗទាក់ទងនឹងរបៀបរស់នៅតាមបែបជាតារាដ៏ល្បីឈ្មោះម្នាក់។ ចង់ដឹងយូរហើយមែនទេ? តើ ចេចេ Pancake មាន lifestyle យ៉ាងម៉េចទៅណ៎? តាមដានទាំងអស់គ្នា... តើ Lifestyle របស់ Pancake ផ្ទាល់សំដៅដល់អ្វី? ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប Lifestyle របស់ខ្ញុំដែលសំខាន់ជាងគេគឺ មានការគាំទ្រពីហ្វេន និងសេចក្តីស្រឡាញ់ពីក្រុមគ្រួសារ។ ដូចនេះការរស់នៅរបស់ខ្ញុំ គឺការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យហ្វេន និងក្រុមគ្រួសាររបស់ខ្ញុំមានភាពសប្បាយរីករាយ។ Pancake ពេញចិត្តនឹង lifestyle របៀបនេះដែរឬទេ? ហេតុអ្វី? ចាស៎, ខ្ញុំពិតជាស្រលាញ់ Lifestyle របស់ខ្ញុំណាស់ ដោយសារខ្ញុំមានក្រុមគ្រួសារដ៏កក់ក្តៅមួយ មិនថាខ្ញុំធ្វើដំណើរទៅទីណា កន្លែងណា ពួកគាត់តែងតែនៅជិត មិនដែលឲ្យខ្ញុំមានអារម្មណ៍ឯកោនោះទេ ហើយខ្ញុំក៏សប្បាយចិត្តដែរ បើសិនជាហ្វេនទាំងអស់រីករាយ។ អ្វីទៅដែល Pancake ពេញចិត្តជាងគេសម្រាប់ Lifestyle នៅពេលនេះ? ខ្ញុំគិតថាខ្ញុំពេញចិត្តទាំងអស់មិនថា គ្រួសារ ការងារ ទំនាក់ទំនង សង្គម និងជាច្រើនទៀតពីព្រោះ Lifestyle របស់ខ្ញុំមាននូវគ្រប់យ៉ាងដែលខ្ញុំត្រូវការរួចហើយ ហើយប្រសិនឲ្យខ្ញុំជ្រើសរើសម្តងទៀត ខ្ញុំក៏នៅតែជ្រើសរើស Lifestyle មួយនេះ។ នៅពេលដែលមានភាពនឿយហត់ខ្លាំង តើ Pancake នឹងធ្វើអ្វីមុនគេ? រាល់ពេលដែលខ្ញុំនឿយហត់ខ្លាំង ខ្ញុំតែងរកពេលសម្រាកឲ្យបានច្រើន និងទទួលទានអាហារដែលផ្តល់នូវសុខភាពល្អ។ ទម្លាប់៣ដែល Pancake ចូលចិត្តធ្វើនៅពេលទំនេរ គឺជាអ្វីដែរ? ហាត់ប្រាណ ដំណើរកំសាន្ត និងញុំា។ ៣ យ៉ាងដែល Pancake យល់ថាមានប្រសិទ្ធភាពក្នុងការរក្សាបានរាងស្អាត និងសុខភាពល្អ គឺជា...? ស្រដៀងគ្នាដែរគឺ សម្រាក  ញុំាឲ្យត្រឹមត្រូវ និងធ្វើចិត្តឲ្យសប្បាយៗ។

ចែករំលែក
Top