Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ការងារក្នុងមន្ទីរពិសោធន៍មិនមែនជាការងារមួយងាយស្រួលនោះឡើយ ដែលចំណេះដឹងពីសាលារៀនមិនអាចគ្រប់គ្រាន់នោះទេ។  ដើម្បីជាការចែករំលែកនូវបទពិសោធន៍ការងារកន្លងមក ហេលស៍ថាម ក៏បានជួបផ្ទាល់ជាមួយនឹងលោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ដែលបានបន្តការសិក្សានៅរាជធានីភ្នំពេញ និងទទួលបានសញ្ញាបត្រឱសថការីឧត្តមនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មុននឹងបម្រើការងារជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍លោហិតសាស្រ្តគីមីជីវសាស្រ្ត និងអ៊ីមុយណូសេរ៉ូមសាស្រ្ត នៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងអំឡុងពេលធ្វើការ លោកស្រីក៏ត្រូវបានលើកទឹកចិត្តឲ្យរៀនបន្តថា្នក់ឯកទេសជីវវេជ្ជសាស្រ្តក្នុងឆ្នាំ 2011 ហើយដល់ឆ្នាំ 2014 ក៏បានជាប់អាហារូបករណ៍ Erasmus Mundus ទៅសិក្សាថ្នាក់អនុបណ្ឌិតរយៈពេល 10  ខែផ្នែកស្រាវជ្រាវលើជំងឺគ្រុនចាញ់នៅក្នុងក្រុងទូឡូស ប្រទេសបារាំង។ លក្ខណៈសម្បត្តិដែល បុគ្គលិកបម្រើការងារក្នុង Lab មួយរូបគួរតែមាន •    ភាពម៉ត់ចត់ក្នុងការងារមានភាពច្បាស់លាស់មានទំនួលខុសត្រូវ និងមាន Master Plan ៖  ការផ្តល់លទ្ធផលវិភាគវេជ្ជសាស្រ្តដែលមានគុណភាពត្រឹមត្រូវ នឹងឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដរបស់អ្នកជំងឺ អាចជួយឲ្យអ្នកជំងឺទទួលបានការព្យាបាល និងថែទាំត្រឹមត្រូវ និងអាចចំណេញពេលវេលា និងថវិកា។ •    មានឆន្ទៈក្នុងការរៀនបន្ថែម ៖ វិទ្យាសាស្រ្តមានការរីកចម្រើន ការស្រាវជ្រាវថ្មីៗមានបន្តជាហូរហែដើម្បីឲ្យការប្រតិបត្តិសព្វថ្ងៃកាន់តែមានប្រសិទ្ធភាព និងមានភាពឆាប់រហ័សជាងមុន។ល។ យើងត្រូវបន្តរៀនសូត្រ និងខិតខំស្វែងយល់អំពីរបកគំហើញថ្មីៗដើម្បីឲ្យមានគំនិតក្នុងការរកមធ្យោបាយអភិវឌ្ឍខ្លួនឯង។ •    ចំណេះដឹងភាសាអង់គ្លេស និងបើអាចភាសាបារាំង ៖ ឯកសារជាច្រើននៅក្នុងវិស័យសុខាភិបាល ឬក៏របកគំហើញថ្មីៗត្រូវបានសរសេរជាភាសាអង់គ្លេស ឬបារាំង ហើយក៏អាចជួយយើងឲ្យមានឱកាសទៅសិក្សានៅក្រៅប្រទេសថែមទៀត។ •    សីលធម៌ និងចេះរក្សាការសម្ងាត់ជូនអ្នកជំងឺ ៖  ត្រូវគិតទៅលើផលប្រយោជន៍របស់អ្នកជំងឺជាធំ និងត្រូវចេះរក្សារាល់ការសម្ងាត់របស់គាត់។ អ្វីគួរត្រៀម សម្រាប់អ្នកដែលចង់បើកដំណើរការ Lab នាពេលអនាគត •    មានគម្រោងអាជីវកម្មមួយច្បាស់លាស់ និងលម្អិត •    ចាប់ដៃគូសហការដែលមានឥទ្ធិពល និងមានចក្ខុវិស័យដូចគ្នា •    មានចំណេះដឹងពិតប្រាកដ និងច្បាស់លាស់។ យើងគួរតែខិតខំសិក្សាបន្ថែមឲ្យបានច្រើនឲ្យទាន់ការវិវឌ្ឍន៍របស់វិទ្យាសាស្រ្តសម័យបច្ចុប្បន្ន។   ភាពលំបាកនៃការចាប់ផ្តើមការងារដំបូងនៅក្នុងមន្ទីរពិសោធន៍ (Lab) •    ការគ្រប់គ្រងបុគ្គលិកត្រូវមើលថារាល់លទ្ធផលវិភាគវេជ្ជសាស្រ្តដែលពួកគេធ្វើត្រូវតែត្រឹមត្រូវ និងមានគុណភាព។ •    ចំណេះដឹងផ្នែកបច្ចេកទេសនៅពេលដែលមានលទ្ធផលវិភាគរបស់អ្នក ជំងឺដែលខុសប្រក្រតីខ្លាំងគឺត្រូវទាក់ទងជាមួយគ្រូពេទ្យព្យាបាល ដើម្បីសួរនាំ និងផ្តល់ជាដំណឹង។ ដើម្បីឲ្យការពិភាក្សាកាន់តែមានប្រសិទ្ធភាព តម្រូវឲ្យមានចំណេះដឹងទូលំទូលាយ និងច្បាស់លាស់។   •    ការរកទីតាំងមួយដែលសមស្របសម្រាប់ប្រកបអាជីវកម្ម ។ •    ផ្តល់សេវាកម្មមួយដែលមានគុណភាពប៉ុន្តែប្រឈមនឹងការកំណត់តម្លៃឲ្យបានសមស្របទៅតាមកម្រិតជីវភាពនៃប្រជាជនខ្មែរយើងភាគច្រើនទាំងនៅក្នុងទីក្រុង និងជនបទ ។ •    ចំនួនបុគ្គលិកមានកំណត់ រីឯការងារដែលត្រូវចាប់ផ្តើមមានច្រើនជាហេតុធ្វើឲ្យការរៀបចំពេល និងរបៀបរៀបរយនៃការធ្វើការងារពុំទាន់បានសុក្រឹតល្អនៅក្នុងដំណាក់កាលដំបូងនេះ។ កត្តាដែលជួយជម្រុញឲ្យបាននូវឱកាសកន្លងមក គឺបណ្តាលមកពីការចាប់យកឱកាសការងារល្អៗដោយហ៊ានសាកល្បងនូវរាល់ការងារនៅចំពោះមុខ។ ពេលដែលយើងទទួលបានការងារនោះហើយ គឺត្រូវពង្រីកចំណេះដឹងឲ្យបានជ្រៅជ្រះ និងមានភាពច្បាស់លាស់ដែលជាកត្តាញ៉ាំងឲ្យអ្នកដែលនៅក្រោមបង្គាប់អាចផ្តល់ទំនុកចិត្តលើយើងបាន  និងត្រូវមានការប្រាស្រ័យទាក់ទងល្អជាមួយអ្នករួមការងារដោយមានទំនួលខុសត្រូវខ្ពស់។ យ៉ាងណាមិញ ក្រុមហ៊ុន ឬ អង្គភាពនីមួយៗ តែងមានចក្ខុវិស័យផ្សេងៗគ្នា ដូចជាវិទ្យាស្ថានប៉ាស្ទ័រមានគោលការណ៍លើកទឹកចិត្តដល់បុគ្គលិកថ្នាក់ខ្ពស់មួយចំនួនឲ្យមានឱកាសសិក្សាបន្ថែម។ ជាឧទាហរណ៍ ជាក់ស្តែង នាងខ្ញុំបានទទួលនូវឱកាសការងារនៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ដែលជាហេតុធើ្វឲ្យខ្ញុំមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែមជ្រៅជ្រះសមស្របនៅក្នុងការបំពេញការងាររបស់ខ្ញុំ។ សារជូនដល់អ្នកជំនាន់ក្រោយ លោកស្រីឱសថបណ្ឌិតឯកទេសក៏មានជាសារខ្លីផងដែរថា «ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាសំខាន់ណាស់ក្នុងនាមជាអ្នកផ្តល់នូវសេវាសុខភាពដល់អ្នកជំងឺ»។ យើងមានតួនាទីផ្តល់នូវលទ្ធផលវិភាគជាក់លាក់ច្បាស់លាស់ ប្រកបដោយគុណភាពឆ្លើយតបទៅនឹងសភាពជំងឺជាក់ស្តែងរបស់គាត់ដូចនឹងពាក្យស្លោករបស់មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ គឺ«ការវិភាគដែលមានគុណភាព លទ្ធផលដែលអ្នកជឿជាក់»។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រដូវរងាចូលមកដល់ ជាពេលដែលល្អក្នុងការតុបតែងខ្លួនស្អាតៗ ប៉ុន្តែបញ្ហាគឺជំងឺផ្តាសាយក៏អាចមករំខាន ធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃក្នុងការរីករាយនឹងអាកាសធាតុ   និងភាពឡូយៗ ដែលចង់បង្អួតនៅរដូវរងានេះ។ គ្មានអីត្រូវបារម្ភទេ យកចិត្តទុកដាក់ថែសុខភាពអ្នកចុះ   តែថែតាមវិធីខាងក្រោមផង៖ កន្សែងបង់ក ជាម៉ូតសម័យថ្មីស្រាប់ទៅហើយ អញ្ចឹងអាចចាត់ទុកថាជាឱកាសល្អក្នុងការបង្អួតកន្សែងបង់ក និងស្ទាយបង់កបែបប្លែកៗ ដែលជា Fashion trend នៅរដូវត្រជាក់វិញទៅ។ ម្យ៉ាង ការរុំកន្សែងបង់ក នៅរាល់ពេលចេញទៅក្រៅអាចឲ្យយើងទទួលបាននូវភាពកក់ក្តៅ និងមានអារម្មណ៍ល្អ។ ម៉ាស់ ការពាក់ម៉ាស់អាចការពារខ្លួនលោកអ្នកពីជំងឺផ្តាសាយ និងការឆ្លងទៅអ្នកដទៃបាន ជាពិសេសធូលីដីហើរតាមខ្យល់ក្នុងរដូវរងាអាចឲ្យអ្នកកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមបានយ៉ាងងាយស្រួល។  ដូចនេះព្យាយាមរកទិញម៉ាស់ខ្យូតៗតាមទីផ្សារ ឬហាងនានាតាមចិត្តស្រឡាញ់ ហើយមើលរូបរាងថ្មីនិងអារម្មណ៍ប្លែកៗពីការពាក់ម៉ាស់នេះ។ បំពង់ទឹកក្តៅ ខ្លួនប្រាណយើងតែងតែត្រូវការកម្តៅ ជាតិទឹកគ្រប់គ្រាន់ដើម្បីធានាឲ្យខ្លួនប្រាណខាងក្នុងមានដំណើរការល្អ ជាពិសេសពេលកំពុងមានការរំខានដោយអាការៈផ្តាសាយតែម្តង។ ការមានបំពង់ទឹកក្តៅមួយជាប់ខ្លួនជានិច្ចមើលទៅដូចជាសំពីងសំពោង តែហេតុអ្វីអ្នកមិនរកបំពង់ទឹកក្តៅស្អាតៗ  ឬច្នៃមួយសម្រាប់ខ្លួនឯង? ហើយអាចបន្ថែមកាបូបស្អាតៗសម្រាប់ដាក់បំពង់ទៀតកាន់តែល្អ   អញ្ចឹងពេលដកញ៉ាំម្តងៗ គឺមានជំនឿចិត្ត ហើយប្រហែលជាឧស្សាហ៍ដកញ៉ាំទៀតផង។ អាវរងា ងាយឯណាមានឱកាសពាក់អាវរងា? មួយឆ្នាំពាក់បានប៉ុន្មានដងហ្នឹង... ហើយទោះជាវាមិនសូវត្រជាក់យ៉ាងណានោះ តែពេលអ្នកផ្តាសាយអ្នកពិតជាត្រូវការវា  និងមើលទៅស័ក្តិសម  មិនឆ្គងទេ  ព្រោះអីយើងកំពុងឈឺ  និងត្រូវការភាពកក់ក្តៅ។ ម្យ៉ាងទៀត អាវក្រៅអាចការពារខ្លួនអ្នកពីខ្យល់ត្រជាក់ខ្លាំងនៅខាងក្រៅដែលជាហេតុបង្កឲ្យស្បែកស្ងួត ប្រេះស្រកាមើលទៅមិនស្រស់ស្អាត។ យកល្អអ្នកគួរជ្រើសរើសប្រភេទអាវខាងក្រៅដែលមានហោប៉ៅងាយស្រួលសូកដៃចូលពេលត្រជាក់ ហើយវាមើលទៅក៏កាន់តែឡូយខ្លាំង។ ស្បែកជើងកវែង ឬស្បែកជើងឃ្លុប ជើងរបស់អ្នកមិនអាចត្រូវត្រជាក់បានទេនៅអំឡុងពេលនេះ  វានឹងធ្វើឲ្យអ្នកមិនស្រួលខ្លួន គ្មានផាសុកភាព ដូចនេះពាក់ស្បែកជើងឃ្លុបជិត ឬស្បែកជើងកវែង តែម្តងទៅ វានឹងធ្វើឲ្យអ្នកមើលទៅស្វាហាប់បន្តិច ហើយវាកាន់តែសមនៅរដូវត្រជាក់បែបនេះ។ អ្នកក៏គួរតែមានខោរឹបខ្មៅជើងវែងមួយផង បើសិនជាអ្នកស្លៀកសំពត់ ឬខោជើងខ្លី  ឬមួយបែបទៀតគឺពាក់ជាមួយស្រោមជើងវែងៗ។ ក្រែមសម្រាប់លាបដៃ និងសម្រាប់សម្អាតមេរោគ ប្រអប់ដៃរបស់អ្នកប្រហែលជាស្ងួតរបកព្រោះតែអាកាសធាតុត្រជាក់ខ្លាំង ហេតុដូចនេះ ប្រើប្រាស់ក្រែមលាបដៃជាការប្រសើរបំផុតដើម្បីរក្សាសំណើមដៃឲ្យនៅស្រស់ស្អាត ទន់ និងមានក្លិនក្រអូប។ ម្យ៉ាង ក៏គួរតែមានទឹកលាងដៃសម្លាប់មេរោគ ទំហំអាចដាក់ហោប៉ៅបានផងដែរ។ និយាយទៅ បើអ្នកចង់ឡូយ មិនថាធ្វើអ្វីក៏ឡូយ ឈឺហើយក៏រិតតែត្រូវឡូយ។ ហេតុអីត្រូវឲ្យអាការៈប៉ុណ្ណឹងធ្វើឲ្យបាក់កាលីបនោះ?

ចែករំលែក

ថ្ងៃបុណ្យនៃក្តីស្រឡាញ់កាន់តែខិតជិតមកដល់ ដើម្បីកំុឲ្យខាតពេលវេលាយូរ តេាះទៅតាមដានទាំងអស់គ្នា ថាតើនារីៗចង់បានអ្វីឲ្យពិតប្រាកដ?

ចែករំលែក

ឲ្យតែចូលដល់ខែកុម្ភៈ ម្នាក់ៗតាំងចាប់ផ្តើមនឹកគិតដល់ពាក្យបួនម៉ាត់ហើយ…គឺថា…ពាក្យអីដែលតំណាងឲ្យថ្ងៃ១៤ ខែកុម្ភៈហោ៎!!! ប្រាកដជាគិតឃើញហើយ…គឺ​ Valentine’s Day នុះអី!!! ទាំងអ្នកមានលិឍ និងអ្នកអត់លិឍ ឬអ្នកសីងហ្គលអាជីពដូចខ្ញុំ ចេះតែជ្រួលជ្រើមតាមគ្នា។                                   មិនចង់និយាយទេ៎…តែវាជារឿងពិតដែលថា មិនដែលស្គាល់ជាតិគេសារភាពស្នេហ៍ដាក់ (#sadbuttrue) នេះមិនមែនមានន័យថាអត់អ្នកស្រលាញ់ទេណា៎…គ្រាន់តែមិនទាន់ជួបអ្នកមានភាពក្លាហានមកសារភាព…ហើយឲ្យតែថាមើលរឿងកុន ឬរឿងភាគស្នេហាលើកណា ក៏បានត្រឹមតែប្រកាច់ប្រកិនតែម្នាក់ឯងរហូតហ្នឹង…គឺ បានត្រឹមស្រមៃរហូតមក ១៤កុម្ភៈឆ្នាំនេះ…ដូចរាល់ឆ្នាំដែរ…ខ្ញុំបានចំណាយពេលមួយព្រឹកទៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីចែករំលែកក្តីស្រឡាញ់ជាមួយពួកគេ…តែអ្វីដែលប្លែក​ គឺថា​មិនមែនទៅម្នាក់ឯងទេឆ្នាំនេះ…(កុំគិតដល់ណាណីហា៎) គឺ…ទៅលើកនេះ ទៅលក្ខណៈជាថ្នាក់តែម្តង។ ដោយហេតុថា ទើបតែចំណេញលុយពីលក់អីអីក្នុងកម្មវិធីសប្បុរសធម៌នៅសាលា ហើយពេលដែលប្រាប់គំនិតនេះដល់មិត្តរួមថ្នាក់ ក៏គេទារមកដែរ… ក៏ម្យ៉ាងដែរ…កុំឲ្យតែឯងដូចរាល់ដងពេក…សំខាន់ គឺថាមានcrushនៅក្នុងចំណោមហ្នឹងដែរ…ម្នាក់ហ្នឹង គេសង្ហា!!! រៀនមិនសូវពូកែ តែមានដុងខាងសិល្បៈកប់ស៊េរី…ម៉ាសាលា នរណាក៏ស្គាល់ថាគេជាអ្នកលេងហ្គីតាដៃឯក(ដូចអួតពេកហើយ!!! តែមែនតើ…) ដែរ។ និយាយរួមទៅ បើមើលពីសម្បកក្រៅទៅ គឺអ៊ែមហ្មង…លើកលែងតែរឿងមួយគត់ គឺថា…មាត់ឆៅ ចិត្តក្តៅ មិនចេះទុកមុខទុកមាត់ឲ្យគេ…តែចរិតហ្នឹង ធ្វើដាក់តែនរណាដែលអាក្រក់ដាក់គេមុននោះទេ។ ចំពោះមនុស្សល្អដូចខ្ញុំនេះ គេឡើងសុភាព​ហើយគួរឲ្យស្រលាញ់ណាស់ ក្រោយពីចែកសម្ភារៈសិក្សាដល់សិស្សគ្រប់គ្នាហើយ ក៏ដល់វេលាកំសាន្តម្តង…អ្នកខ្លះប្រញាប់ប្រញាល់រៀបចំហ្គេមលេង ហើយអ្នកខ្លះទៀតត្រៀមសម្តែងមានទាំងអ្នកច្រៀង អ្នករាំ និងលេងកំប្លែង (ស្តាប់ទៅ ដូចធំដុំណាស់…តែក៏មិនតូចតាចម៉ានដែរ)។ មនុស្សសំឡេងបានដូចខ្ញុំ ក៏បានត្រឹមតែធ្វើជាអ្នកចម្រៀងហ្នឹងឯង…និយាយពីថា រឿងអីមិនដឹង តែបើរឿងច្រើនហ្នឹង កុំឲ្យមេក្រូកាន់ឲ្យសោះ ធានាថាបេះមិនចេញវិញនោះទេ។ ភ័យអរភ័យអរ…ឌឹបឌឹប!!!ឌឹបឌឹប!!! បេះដូងស្ទើរលោតចេញក្រៅ ដោយសារតែត្រូវច្រៀងជាមួយនឹងអាប៉ិដែលខំក្រាស់តាំងពីឆ្នាំទីមួយម៉ោហ្នឹង…ភ្លេចប្រាប់ទៅថា ខ្ញុំឈ្មោះ«ណាវីន» ហើយគេគ្រប់គ្នាហៅម្នាក់ហ្នឹងថា«ឌែន»។ ហ៊ើយ!!! មិនបានត្រៀមចិត្ត ព្រោះតួឯកពិតមិនស្រួលខ្លួន (មករាកអីចំពេលល្អម្ល៉េះទេ!!! មកធ្វើឲ្យបេះដូងឯងលោតឡើងញាប់យ៉ាងហ្នឹងហា៎) ទើបត្រូវជំនួស… ដឹងថាបទអីទេ? «យើងពីរនាក់ស្រលាញ់គ្នាបានទេ៎?» ព្រះអើយ!!! គេឡើងធម្មតា ហើយខ្ញុំឡើងញ័រអស់ហើយដៃហ្នឹង…តែត្រូវប្រឹងទប់ មិនចឹងទេ បែកធ្លាយពេញហ្នឹងឡូវហើយ…មិនដឹងហេតុអី…មុខគេឡើងខ្យូត ជាពិសេសភ្នែកឡើងទាក់ទាញយ៉ាងហ្នឹង (អា៎!!! មិនមែនក្នុងន័យអីទេ គឺថាទាក់ទាញបែប…បែបស្រទន់ ប្រកបដោយមន្តស្នេហ៍) ច្រៀងបណ្តើរ បន្លំសំឡឹងភ្នែកបណ្តើរ…ទោះមិនមែនជាតួឯកពិតដូចក្នុងបទចម្រៀង តែប៉ុន្មាននាទីដែលបានច្រៀងហ្នឹង​ ក៏គ្រប់គ្រាន់ហើយ…ក្តីសុខតូចតាច តែមានន័យ…ងាយណា៎ បានច្រៀងបទឆ្លើយឆ្លងចឹងចឹងជាមួយក្រាស់ហូ៎…(ច្រណែនទេ៎???) ក្រោយពីចប់កម្មវិធី ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន ជាពិសេស​ អ្នកមានគូ តែ…នៅសល់ប៉ុន្មាននាក់ដែរ ដែលមិនចង់ចូលផ្ទះ (គឺស៊េរីអ្នកអត់លិឍហ្នឹងឯង)។ ខ្ញុំលឺតែឌែនក៏ចង់ចេញក្រៅដែរ ក៏នឹកដល់អត្ថបទ«លេសបបួលcrushចេញក្រៅ» (នៅក្នុងគេហទំព័រនេះដែរ ត្រង់ផ្នែកកំសាន្ត) ភ្លាម ហើយក៏សាកល្បងប្រើស្នៀតទៅញ៉ាំអីមុនគេ… បានសម្រេច!!! ក៏ព្រោះតែដល់ម៉ោងឃ្លានល្មមហ្នឹងឯង…គេ និងខ្ញុំសុទ្ធតែពូកែញ៉ាំដូចគ្នា (ជានិស្ស័យឲ្យច្បាស់ក្រឡែតនៀក៎…) ក្រោយមកក៏ទៅដល់វគ្គទៅច្រៀងខារ៉ាអូខេ…ក្រុមកូរឥតល្ហែ!!! ២ម៉ោង ឡើងស្អកក ហើយចុកអស់ដៃ និងជើង…តែសប្បាយខ្លាំង (ព្រោះវត្តមានគេច្រើនជាង) គិតថានឹងបបួលគេមើលកុនដែរ តែថ្ងៃពិសេសបែបនេះ មិនបានកក់មុន ដឹងតែមិនបាច់ចូលទេ…ណាមួយ ទៅកន្លែងបែបហ្នឹង នាំតែឈឺចាប់ទេ ក៏ព្រោះថា ដឹងតែឃើញគេបណ្តើរគ្នាមួយគូៗមិនខានទេ…ក៏រាងព្រលប់ដែរហើយ យើងក៏ស្រុះស្រួលគ្នាទៅអង្គុយញ៉ាំអីផឹកអីនៅPubវិញ។ កុម្ម៉ង់បានដូចចិត្ត ត្រង់ថាទៅកន្លែងដែលមានគេច្រៀងផ្ទាល់ (ស្រួលបានឡើងច្រៀងពេលស្រវឹងស្រឿងៗ) Blue Margarita ទើបតែអស់ប៉ុន្មានកែវ…ក៏មានអារម្មណ៍ថាក្តៅៗមុខបាត់ហើយ…ហើយតាប៉ិឌែននោះ ឡើងខ្សោយ។ មុខក្រហម ហើយឡើងសឺៗមុនគេបាត់…ដល់ថ្នាក់និយាយស្តាប់គ្នាមិនសូវបានហើយ គេក៏ងើបឡើងទៅសុំគេច្រៀងមួយបទ «Will you be my girl?»។ ពូកែរើសបទណាស់ ប៉ិហ្នឹង!!!​ស្រីៗស្រែកហ៊ោពេញហ្នឹង ម្នាក់ៗជ្រួលជ្រើមណាស់… ច្រៀងហើយ ឡើងស្វាងហ្មង ហើយក៏ដើរមកវិញដូចគ្មានរឿងអីកើតឡើង…តែអ្វីដែលសំខាន់ អង្គុយឡើងកៀហើយខ្សឹបថា«ពិរោះអត់? ហើយណាកាដូគេ?» ខ្ញុំបើកភ្នែកធំៗ ហើយក៏ប្រឹងស្រវាទាញកាបូបតែក៏យឺតពេល ព្រោះឌែនទាញទៅបាត់ហើយ។ អូយយយយ៎!!! លេងចឹងហ្មង…មិនដឹងថាឃើញកាដូហ្នឹងតាំងពីពេលណា…គឺ សូកូឡាដែលបានរៀនធ្វើប៉ុន្មានខែមុនហ្នឹងណា៎!!! ខំលួចផ្ញើទូទឹកកកគេគ្រប់កន្លែង ក៏ព្រោះតែខ្លាចរលាយ។ គេបើកប្រអប់កាដូទាំងមុខញញឹមបែបច្រឡឺម ហើយក៏ដកប្រអប់សូកូឡាចែកមិត្តផ្សេងទៀតញ៉ាំដែរ​(ឡើងចិតត្តបានណាស់ មិនគិតដល់ទឹកចិត្តអ្នកធ្វើសោះ)។ តែ…គេដកយកសំបុត្រនោះទុកក្នុងកាតាប ហើយខ្សឹបម្តងទៀតថា«ចាំទុកអាននៅផ្ទះម្នាក់ឯងវិញ!!! ខ្លាចអ្នកខ្លះអៀន…»  ខ្ញុំវាយគេមួយដៃ ហើយក៏ត្រូវគេញីសក់លេងដោយទឹកមុខញញឹមស្រស់ (ទើបតែមើលភ្នែកគេជិតបែបនេះលើកទីមួយ ហើយក៏មានអារ​ម្មណ៍កក់ក្តៅណាស់) ពិតជាមិនចង់ឲ្យស្រីផ្សេងមើលឃើញស្នាមញញឹមបែបនេះឡើយ។ មួយសន្ទុះក្រោយមក…ភ្លើងក៏ដាច់…ភ្លឹប!!! អៀវ៎…. ខ្ញុំក៏ភ្ញាក់ខ្លួនព្រើត…ពេលឌែនចាប់ទាញសក់​មកដាក់ច្រមុះ។ What??? មុនហ្នឹងគេងយល់សប្តិទេ៎??? ហ៊ើយ!!! ទេវតាលេងសើចណាស់…តាមពិត ពេលនេះ​គឺខ្ញុំស្ថិតក្នុងសភាពស្រវឹងរកកន្លែងដេកហើយ…ខ្ញុំខំប្រឹងរកមើលប្រអប់សូកូឡា តែក៏បែរជាឃើញនៅលើតុ ហើយឌែនក៏ប្រាប់ថាអ្នករត់តុយកមកឲ្យ។ ដោយសារតែឃើញគេង ក៏ខ្ជិលដាស់ ហើយម្នាក់ៗក៏ភ្លក្សម្នាក់មួយទៅ…ក៏មិនដឹងនិយាយអីទៀត បានត្រឹមនិយាយថា«មិនអីទេ» ចប់តង់ចុងក្រោយហើយ យើងក៏បំបែកគ្នាទៅផ្ទះ…ហើយឌែនក៏ជិះបណ្តើរមកផ្ទះ ព្រោះផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានដែរ…មុននឹងលាគ្នា គេអេះអុញ ធ្វើដូចមានរឿងអីចង់និយាយ ហើយខ្ញុំនេះ ក៏ទ្រាំមិនបាន​ហើយសួរថា «មានអីនិយាយមែន៎?» «អឺម!!! មិនទេ៎…តែចង់សួរមួយ» «សួរឡូវ ឬចង់សួរពេលក្រោយ?» «ចង់សួរថា..នឹងគិតឲ្យសំបុត្រនោះមកអត់ហ្នឹង? ប្រុងទុកដល់ពេលណា៎?» (ស្លាប់ហើយ!!!​ឡើងមើលឃើញមែន៎??? មកសួរត្រង់ៗចឹងទៀត…ខ្លាំងណាស់យើងហ្នឹង!!!) មិនបាច់រ៉ាយរ៉ាប់ទៀតទេ៎…ដឹងត្រឹមថា​ ពេលដល់ផ្ទះ ម្នាក់ហ្នឹងsend relationship​ requestមក…ហើយចម្លើយខ្ញុំមិនបាច់ប្រាប់ ក៏អ្នកដឹងដែរ… មានតែប៉ុណ្ណឹងឯង…Valentineខ្ញុំនោះ…ចុះអ្នកវិញ??? បានទៅណាខ្លះ? មានអ្វីពិសេសចង់ចែករំលែកអត់?

ចែករំលែក

ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Rethth យោងតាមការ​ស្នើសុំ​យ៉ាងទទូចទៅដល់​ភាគី​ ខាង​សហគមន៍​ អឺរ៉ុប​ ដើម្បី​បានដាក់​ឈ្មោះ​ផ្លែ​ស្វាយ​ ជា​ផលិតផល​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​ ដែលបានដាក់លក់នៅលើទី​ផ្សារ​ សហគមន៍​ អឺរ៉ុប​ នៅពេលនេះភាគីអ្នកទទួលទិញ​នៅ​សហគមន៍​ អឺរ៉ុប​បាន​យល់ព្រម​ដាក់​ឈ្មោះ​ថា​ Mangue au Cambodge ។ ដូច​ច្នេះ​ហើយចាប់ពីថ្ងៃនេះ​តទៅសូមបង​ប្អូន​ខ្មែរ​យើង​ ដែល​និយម​គាំទ្រ​ផលិត​ផល​ផ្លែស្វាយ​របស់ខ្មែរ​យើង​ ពេលចូល​ទៅក្នុងទី​ផ្សារ​នឹង​បាន​ឃើញ​ផលិតផល​របស់​ជាតិ​យើងហើយ​ ។ សូមចូលរួម​អបអរសាទរ​ នេះជា​មោទនភាព​ ជាតិ​យើងទាំង​អស់គ្នា​ ។

ចែករំលែក

ការឈឺចាប់ឆ្អល់ក្រហាយនៅម្តុំចុងដង្ហើមអ្នកជំងឺតែងចោទថាខ្លួនមានរោគក្រពះ។ ប៉ុន្តែវាមិនសុទ្ធតែអញ្ចឹងទេ។ សញ្ញារោគដូច្នេះក្រៅពីបញ្ហាក្រពះវាក៏អាចបណ្តាលមកពីរឿងរ៉ាវនៃសរីរាង្គនៅតំបន់ក្បែរខាងដែរដូចជា ផ្នែកក្រោមនៃបំពង់អាហារ (lower esophagus)ឫ ថ្លើមស្តាំ ឫផ្លូវប្រម៉ាត់ ឫលំពែង។ ដូចនេះហើយ មានតែគ្រូពេទ្យទេដែលអាចវិភាគបែងចែករោគទាំងនេះបាន។ យើងខ្ញុំសូមនាំមកជូនមិត្តអ្នកអាននូវការបកស្រាយយ៉ាងក្បោះក្បាយរបស់លោកសាស្ត្រាចារ្យ តាន់ តេកស្រេង លើប្រធានបទជំងឺក្រពះ។ •ឈឺក្រពះ និយាយពីបញ្ហាក្រពះចំពោះគ្រូពេទ្យអាការៈនេះពុំសំដៅលើជំងឺអ្វីមួយរបស់ក្រពះឡើយ។ •រលាកក្រពះ រលាកក្រពះមានន័យថាស្រទាប់ភ្នាស (the mucosa  lining) មានរលាក (inflammation) ហើយមូលហេតុរបស់វាមានច្រើនដែលគ្រូពេទ្យគឺជាអ្នកត្រូវស្រាវជ្រាវរក។ •ដំបៅក្រពះ ដំបៅក្រពះ (ulcer) បង្ហាញខ្លួនដូចដំបៅ។ Helicobacter pylori (Hp) ក៏ជាមូលហេតុបង្កដំបៅនេះដែរក្នុងអត្រាមួយខ្ពស់។ មូលហេតុចម្បងមួយទៀត គឺការប្រើថ្នាំឈឺសន្លាក់ប្រភេទ AINS។ ក្រៅពីនោះមានស្រា បារី។ល។ Hp ត្រូវបានគេសិក្សា និងស្គាល់ច្រើនជាងប្រភេទមីក្រុបផ្សេងៗទៀត។ វានៅតែក្នុងក្រពះទេហើយវាឲ្យរលាកក្រពះតាមបែបផែនដោយឡែកមួយដែលយូរទៅអាចបង្កដំបៅ(ulcer) ឫឈានដល់មហារីកតែម្តង ដោយសារវាបញ្ចេញជាតិពុលម៉្យាង។ រលាកក្រពះដោយសារ Hp និងមូលហេតុផ្សេងទៀតអាចដឹងបានដោយការច្រិបស្រទាប់ភ្នាសក្រពះយកទៅវិភាគ។ •មហារីកក្រពះ គ្រូពេទ្យត្រូវគិតដល់ជំងឺនេះមុនជំងឺផ្សេងៗទៀត ព្រោះវាអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបាន។ តើមហារីកក្រពះបណ្តាលពីអ្វី? មកដល់សព្វថ្ងៃនេះគេនៅមិនទាន់ច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺមួយនេះប៉ុន្តែក្នុងចំណោមមូលហេតុច្រើនដែលគេសង្ស័យហើយមានអំណះអំណាងរឹងមាំជាងគេនោះ គឺការមានវត្តមានមេរោគឈ្មោះ helicobacter  pylori (Hp) ក្នុងក្រពះ។ Hp គ្រាន់តែជាមីក្រុបមួយប្រភេទប៉ុណ្ណោះរបស់ក្រុមមីក្រុប Helicobacter។ សព្វថ្ងៃគេរកឃើញមានរហូតដល់ជាង ៣០ ប្រភេទនៃក្រុមមីក្រុបនេះដែលគេឲ្យឈ្មោះថាNPHS (Non Pylori Helicobacter Species)។ វាបោះទីតាំងរស់នៅខុសៗគ្នាក្នុងខ្លួនមនុស្សខ្លះនៅពោះវៀនតូច-ធំ ផ្លូវប្រម៉ាត់ ឬថ្លើម ។ល។ បច្ចុប្បន្ន គេកំពុងសិក្សារកបែបបទបង្ករោគរបស់ពួកវាទាំងនេះ។ ក្នុងន័យទប់ស្កាត់ការពារមហារីកក្រពះគ្រូពេទ្យឯកទេសផ្នែកផ្លូវអាហារគ្រប់ប្រទេសសំណូមពរធ្វើការសុងឆ្លុះក្រពះ(gastroscopy) ព្រោះចំណេញច្រើនចំណុច គឺ៖ •    បានឃើញរូបភាពស្រទាប់ភ្នាសក្រពះផ្ទាល់។ •    បានយកសាច់ភ្នាសក្រពះទៅវិភាគរកមេរោគHp ផង និងសិក្សាពីភាពធ្ងន់ស្រាលនៃរលាកផង។ •    បានឃើញផ្ទាល់នូវចលនាលឿន ឫយឺតនៃបំពង់អាហារ ឫវត្តមានទឹកប្រម៉ាត់នៅក្នុងក្រពះ។ (ឧទា. ច្រាលទឹកប្រម៉ាត់)។   កត់ចំណាំ៖ កុំប្រើឱសថ១ចំនួនពិសេសប្រភេទថ្នាំផ្សះមុនពេលឆ្លុះសុងព្រោះធ្វើបែបនេះអាចបិទបាំងនិងធ្វើឲ្យពិបាករក Hp។ ជាចុងក្រោយលោកសាស្ត្រចារ្យក៏បានផ្តាំផ្ញើផងដែរថា ប្រជាជនគួរបញ្ឈប់ទម្លាប់អវិជ្ជមានដែលប្រើប្រាស់ឱសថមុនឆ្លុះសុងដូចជាអ្នកខ្លះកំពុងលេបថ្នាំហើយពេលទៅលេងបរទេសក៏ឆ្លៀតឆ្លុះសុង។ ការធ្វើបែបនេះនាំឲ្យខាតថវិកាដោយសារលទ្ធផល ដែលទទួលបានមិនពេញលក្ខណ:បច្ចេកទេសហើយ ពេលនៅឈឺទៀតធ្វើឲ្យគ្រូពេទ្យលំបាកនឹងសម្រេចថាធ្វើការឆ្លុះសុងម្តងទៀតឬយ៉ាងណា។ ម្យ៉ាងទៀត សូមកុំរួញរាក្នុងការឆ្លុះសុងក្រពះបើអ្នកមានអាយុលើសពី៤៥ ឆ្នាំ។ បកស្រាយដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យ ថ្លើម ក្រពះ ពោះវៀន កម្ពុជា។  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

ចែករំលែក

វិស័យបច្ចេកវិទ្យានៅកម្ពុជាថ្វីត្បិតថាមិនទាន់មានការរីកចម្រើនដល់កម្រិតកំពូលមួយដូចជាប្រទេសដទៃក៏ពិតមែន តែយើងក៏អាចឃើញពីភាពរីកលូតលាស់ជាជំហានៗគួរឲ្យកត់សម្គាល់ផងដែរ។ មានស្ថាប័នជាច្រើនដែលកំពុង និងបន្តរួមចំណែកជួយឲ្យកាន់តែមានភាពប្រសើរឡើងទៀតនូវវិស័យមួយនេះ ក្នុងនោះផងដែរ ហេលស៍ថាម ក៏មានឱកាសជួបផ្ទាល់ជាមួយនឹងសហស្ថាបនិក Codingate គឺ លោក សុខ សុភមង្គល ដែលជាម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមវ័យឆ្លាតផ្នែកព័ត៌មានវិទ្យាប្រចាំឆ្នាំ ២០១៦។ ប្រវត្តិនៃការស្ថាបនាCodingate បុរសសង្ហាខ្មែរអង្គររូបនេះ មានទឹកដីកំណើតមកពីខេត្តសៀមរាបដែលធ្លាប់បានទទួលអាហារូបករណ៍ផ្នែកគ្រប់គ្រងព័ត៌មានវិទ្យាទៅសិក្សានៅសាធារណរដ្ឋឆេកកាលពីឆ្នាំ២០០៩។ ក្នុងពេលបម្រើការងារក្នុងអង្គការប្រព័ន្ធទិន្នន័យកម្ពុជាហៅថា DDD (Digital Divide Data) លោកក៏បានជួបនឹងក្រុមនិស្សិតផ្នែកITមួយក្រុមដែលមានទឹកចិត្តតស៊ូ និងភាពមុតមាំក្នុងការទទួលបានជោគជ័យនៅក្នុងជីវិត តែខ្វះខាតនូវសម្ភារៈសិក្សា គឺកុំព្យូទ័រ។ ពួកគេទាំងនោះហើយជាកម្លាំងជម្រុញទឹកចិត្តមួយឲ្យលោកមានបំណងក្នុងការជួយជ្រោមជ្រែងដល់ពួកគេ ដោយសន្យាថានឹងព្យាយាមដោះស្រាយបញ្ហានោះឲ្យបាន។ ជាមួយនឹងដៃគូពាណិជ្ជកម្មរបស់ខ្លួន លោកសុភមង្គលក៏បានព្យាយាមធ្វើការជាមួយនឹងគម្រោងមួយចំនួន ហើយជាលទ្ធផលក៏បានទទួលឧបករណ៍សិក្សាសម្រាប់ពួកគេគ្រប់គ្នា រួមផ្សំនឹងការប្រឹងប្រែងអភិវឌ្ឍខ្លួនរបស់និស្សិតម្នាក់ៗផង ខណៈនោះក៏បានក្លាយជាពេលដែល Codingate ចាប់បដិសន្ធិតែម្តង។ គោលដៅក្នុងការបង្កើត Codingate Codingate ត្រូវបានបង្កើតឡើងក្នុងគោលដៅអភិវឌ្ឍយុវជនកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យាតាមរយៈការសម្លឹងមើលឃើញនូវចន្លោះគម្លាតដ៏ធំមួយ ដែលបច្ចេកវិទ្យានៅក្នុងប្រទេសភាគច្រើនត្រូវបាននាំចូលពីក្រៅប្រទេស ហើយសមិទ្ធផលដែលបានបង្កើតឡើងនៅក្នុងប្រទេស គឺត្រូវនាំចេញទៅក្រៅវិញ។ ប៉ុន្តែ Codingate កំពុងតែព្យាយាមទទួលធ្វើគម្រោងនៅក្រៅប្រទេសដែលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ មានប្រមាណដល់ទៅជាង១៣០គម្រោង ដើម្បីស្វែងរក និងសន្សំទុនធ្វើការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេស។ មូលហេតុនៅពីក្រោយការស្ថាបនា មូលហេតុចម្បង គឺបញ្ហាអនក្ខរភាពដែលអាចនឹងផ្តល់នូវផលប៉ះពាល់មិនតែចំពោះបុគ្គលជាអនក្ខរជននោះទេគឺចំពោះសង្គម និងប្រទេសជាតិតែម្តង ហើយលោកមានការចាប់អារម្មណ៍ខ្លាំងទៅលើការអភិវឌ្ឍធនធានមនុស្ស។ ជាក់ស្តែង Codingateមិនផ្តោតសំខាន់លើប្រាក់ចំណូលនោះឡើយ តែជាការបង្កើតនូវអ្វីដែលថ្មីជាសមិទ្ធផល និងមោទនភាពរបស់ប្រទេសជាតិ ក៏ដូចជាជួយឲ្យអតិថិជនប្រើប្រាស់នូវបច្ចេកវិទ្យាជាមួយនឹងផលប្រយោជន៍ពេញលេញ ដើម្បីសម្រេចនូវគោលដៅរបស់ពួកគេ។ មិនថានៅក្នុងកាលៈទេសៈបែបណាក៏ដោយលោកនៅតែប្រកាន់ខ្ជាប់នូវគោលជំហររឹងមាំក្នុងការស្វែងរក និងបង្កើតឱកាសការងារជូនដល់យុវជនកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យា ព្រមទាំងការអភិវឌ្ឍថ្មីនៅក្នុងវិស័យដដែលនេះផងដែរ។ លក្ខន្តិកៈនៃការចូលជាសមាជិក ដើម្បីអាចក្លាយខ្លួនជាសមាជិករបស់ Codingate ជាចម្បង បុគ្គលមួយរូបត្រូវស្គាល់ពីខ្លួនឯងថាតើមានភាពខ្លាំង និងភាពខ្សោយអ្វីខ្លះ? ព្រោះថាក្រោយពីចូលជាសមាជិកហើយ Codingate នឹងផ្តល់នូវឱកាសការងារមួយដែលជួយពង្រឹងចំណុចខ្លាំងរបស់សមាជិកឲ្យកាន់តែខ្លាំង និងហ្វឹកហាត់ ដើម្បីលុបបំបាត់នូវចំណុចខ្សោយវិញ។ អ្វីដែលចាំបាច់មួយទៀត គឺការប្តេជ្ញាចិត្តខ្ពស់ និងចំណង់ចំណូលចិត្តខ្លាំងក្នុងការបង្កើតនូវអ្វីដែលថ្មី និងមានគុណប្រយោជន៍។ គួរបញ្ជាក់ផងដែរ សមាជិកភាគច្រើនរបស់ Codingate មានការគិតបែបសម័យថ្មី ព្រោះថាការធ្វើការងារជាមួយនឹងបច្ចេកវិទ្យា គឺដើម្បីដោះស្រាយនូវបញ្ហា និងផ្លាស់ប្តូរនូវផ្នត់គំនិត និងទម្លាប់នៃការរស់នៅមួយចំនួន។​ ជាក់ស្តែង មានបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតនូវភាពកក់ក្តៅ និងជិតស្និទ្ធនៅក្នុងក្រុមគ្រួសារជាពិសេសរវាងឳពុកម្តាយ និងកូន តាមរយៈការប្រើប្រាស់នូវកម្មវិធីនៅក្នុងទូរស័ព្ទដៃ។ គុណប្រយោជន៍នៃការបង្កើតបច្ចេកវិទ្យាថ្មី វាពិតជាមានគុណប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់ រួមមានការបញ្ជូននូវព័ត៌មានថ្មីៗទៅបានរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ដោយសារតែមានបទពិសោធន៍ជាច្រើនឆ្នាំជាមួយនឹងការងារផ្នែកនេះ លោកក៏បានណែនាំផងដែរអំពី Information and Communication Technology (ICT) ដែលអ្វីដែលត្រូវគិតដល់មុនគេគឺអ្នកបង្កើត ដែលចាំបាច់ត្រូវមានការយល់ដឹងអំពីឥរិយាបថរបស់អ្នកប្រើប្រាស់គោលដៅ ដោយមានការពិចារណា និងគិតគូរល្អិតល្អន់ទៅលើការងារគ្រប់ផ្នែក រួមមានការរចនាបែបបទនៃការបង្ហាញព័ត៌មានជាដើម។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យ ថ្វីត្បិតតែទើបដំណើរការមិនបានយូរប៉ុន្មាន តែ Codingate ក៏បានទទួលជោគជ័យគួរឲ្យកត់សម្គាល់ដែរ មិនថានៅក្នុងប្រទេសកម្ពុជាផ្ទាល់ ឬនៅក្រៅប្រទេសនោះទេ ភាពជោគជ័យនេះត្រូវបានលោកសុភមង្គលជាសហស្ថាបនិកផ្ទាល់បង្ហើបប្រាប់ដល់ក្រុមការងារយើងផងដែរថា ជាចម្បង គឺបណ្តាលមកពីការគាំទ្រ និងទុកចិត្តពីអតិថិជនដោយសារតែឆន្ទៈច្បាស់លាស់ក្នុងការបំពេញការងារមិនថាតូច ឬធំនោះឡើយ។ ភាពខ្លាំងមួយទៀត ជាសិល្បៈនៃការទំនាក់ទំនងទាំងនៅក្នុងក្រុមហ៊ុនផ្ទាល់ និងជាមួយនឹងដៃគូក៏ដូចជាអតិថិជន ដោយមិនលាក់លៀមនូវបែបផែននៃការធ្វើការងាររបស់ក្រុមហ៊ុនលោកឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា ការបញ្ចប់ការសិក្សាមកពីក្រៅប្រទេស និងមានខ្សែបណ្តាញច្រើននៅទូទាំងប្រទេសក៏ជាហេតុផលមួយ ដែលនាំឲ្យមានអតិថិជនជាបន្តបន្ទាប់រហូត។ ជាក់ស្តែង តាំងពីពេលចាប់ផ្តើមមក Codingateមិនធ្លាប់បានចំណាយប្រាក់ច្រើនទៅលើ Marketing ឡើយដោយជាទូទៅ​ គឺមានការណែនាំតៗគ្នាពីអតិថិជនមួយទៅកាន់អតិថិជនមួយច្រើនជាង។ ទន្ទឹមនឹងគ្នានេះផងដែរ ទំនាក់ទំនងការបរទេសជាមួយនឹងដៃគូពាណិជ្ជកម្ម ក៏ជាកត្តាមួយសំខាន់ផងដែរ ដោយតាំងពីចាប់ផ្តើមដំបូង គឺមានការគាំទ្រពីដៃគូសហការនៅប្រទេសញូហ្សេលេនដែលតែងតែជួយជ្រោមជ្រែងជាពិសេសផ្នែកចំណេះដឹង។ សារជូនដល់មិត្តអ្នកអាន មុននឹងបញ្ចប់កិច្ចសម្ភាសន៍ លោកក៏មានសារជាការលើកទឹកចិត្តចំពោះយុវជនខ្មែរឲ្យចាប់ផ្តើមធ្វើការស្វែងយល់ពីបច្ចេកវិទ្យា ដើម្បីប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហាផ្សេងៗ ព្រោះថា បច្ចេកវិទ្យាជាចំណុចមួយនៃការបង្កើននូវល្បឿនសម្រាប់អភិវឌ្ឍខ្លួនឯង ក្រុមហ៊ុន សហគមន៍ ក៏ដូចជាប្រទេសជាតិផ្ទាល់តែម្តង ។ ជាការពិតណាស់  ការប្រើប្រាស់នូវបច្ចេកវិទ្យាបានត្រឹមត្រូវនឹងផ្តល់នូវតម្លៃព្រមទាំងផលវិជ្ជមានជាច្រើនក្នុងជីវិតរស់នៅ។ ដូចគ្នាផងដែរ លោកក៏ជម្រុញទឹកចិត្តចំពោះអ្នកដែលមានគំនិតច្នៃប្រឌិត ក៏ដូចជាអ្នកដែលមានគំនិតផ្តួចផ្តើមក្នុងការបង្កើត ឬច្នៃនូវអ្វីដែលថ្មី ដើម្បីភាពប្រសើរឡើង។

ចែករំលែក

ប្រាថ្នាចង់បានសក់ស្រស់ស្អាត ក្រាស់រឹងមាំ និងទន់រលោងមែនទេ? ប៉ុន្តែបែរជាជួបបញ្ហាសក់ស្តើង មិនភ្លឺរលើបរលោង ហើយស្រួយទៅវិញ ដូច្នេះតើគួរធ្វើដូចម្តេចទៅ? ឈប់ខ្វល់ខ្វាយទៀតទៅ...ព្រួញមួយបាញ់បានចាបដល់ទៅពីរ បានទាំងញុំាអាហារឆ្ងាញ់ៗ ហើយថែមទាំងអាចជួយសុខភាពសក់ថែមទៀតផង។ ចូរតាមដានជាមួយអាហារ៦ប្រភេទដែលអាចជួយបំប៉នសក់របស់លោកអ្នកបានមួយផ្នែក ជាមួយហេលស៍ថាមទាំងអស់គ្នា...                                 ចង់បានសក់ភ្លឺរលោង? ប្រភេទសាច់ត្រីដូចជា ត្រីសាម៉ុន ត្រីសាឌីន និងប្រភេទត្រីផ្សេងទៀតមានផ្ទុកនូវប្រភេទខ្លាញ់ត្រីអូមេហ្គា៣ ដែលសារធាតុនេះមានតួនាទីសំខាន់ទៅបើកគល់ឫសសក់ជួយឲ្យសក់ដុះលូតលាស់បានល្អ និងមានភាពភ្លឺរលោង។ ដោយសារតែខ្លួនរបស់យើងមិនអាចបង្កើតនូវខ្លាញ់ប្រភេទនេះបានទើបទាមទារឲ្យបរិភោគតាមចំណីអាហារ ឬថ្នាំជំនួយផ្សេងៗវិញ។ មានបញ្ហាសក់ជ្រុះ?     សារជាតិដែកមាននាទីការពារកុំឲ្យសក់ជ្រុះព្រោះវាចូលរួមយ៉ាងសំខាន់ក្នុងការដឹកនាំអុកស៊ីហែ្សនទៅចិញ្ចឹមឫសសក់។ តួយ៉ាង លោកអ្នកអាចរកសារជាតិដ៏ល្អបែបនេះបាននៅក្នុងអាហារ និងបន្លែមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ សណ្តែកសៀង ស្ពៃ សាច់គោ និងបន្លែបៃតងផងដែរ។ មានបញ្ហាសក់ស្ងួត និងមិនភ្លឺរលោង? ចង់បានសក់មានសំណើម និងភ្លឺ? ដំឡូងផ្អែម មានផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងអុកស៊ីតកម្មម្យ៉ាង ដែលហៅថា Beta carotene វានឹងត្រូវបានបំលែងទៅជាវីតាមីនអេបន្ទាប់ពីទទួលទានចូល ហើយវីតាមីនប្រភេទនេះ មាននាទីការពារសក់កុំឲ្យសក់ស្ងួត និងមានសភាពស្រអាប់។ ក្នុងនោះផងដែរ វានឹងទៅជម្រុញក្រពេញសេបូម (ក្រពេញខ្លាញ់) នៅស្បែកក្បាលឲ្យបញ្ចេញសារធាតុប្រេងនៅលើសក់ ។ លោកអ្នកក៏អាចរកសារធាតុប្រភេទនេះនៅក្នុងបន្លែមួយចំនួនដូចជាការ៉ុត ល្ពៅ ស្វាយជាដើម។ ចង់បានសក់រឹងមាំ និងមានសុខភាពល្អ? សារធាតុរ៉ែស័ង្កសីដែលមាននៅក្នុងអាហារសមុទ្រដូចជាក្តាម បង្កង អ័យស្ទ័រ និងសាច់គោ បានចូលរួមធ្វើឲ្យសក់មានសភាពរឹងមាំ ហើយសុខភាពល្អ សូម្បីតែរោមភ្នែកក៏ឲ្យដុះលូតលាស់លឿន និងការពារមិនឲ្យជ្រុះដែរ។ បញ្ហាសក់ផុយស្រួយ? Walnut ជាប្រភពនៃវីតាមីនB7(Biotin) ដែលមានតួនាទីជួយពង្រឹងសក់របស់អ្នកឲ្យមានភាពរឹងមាំ កាត់បន្ថយសក់ជ្រុះ និងឲ្យសក់ដុះលូតលាស់លឿនថែមទៀងផង។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវវីតាមីន E ការពារការពុកផុយស្រួយនៃសរសៃសក់ដែលជាក្តីកង្វល់របស់លោកអ្នករាល់ពេលសិតសក់។ មានបញ្ហាសក់បែកចុង? តែបៃតងត្រូវបានគេជឿជាក់ថាជាប្រភេទតែដែលមានសមត្ថភាពអាចព្យាបាលសក់បែកចុងយ៉ាងមានប្រសិទ្ធភាព ព្រោះវាមានផ្ទុកនូវសារធាតុវីតាមីនB5។ បន្ថែមពីនេះ វាក៏ជួយឲ្យសក់ទន់ និងមានដំណុះសក់ល្អ ដោយសារសារធាតុប្រឆាំងអុកស៊ីតកម្ម។ លោកអ្នកអាចទទួលលទ្ធផលគាប់ប្រសើរនេះតាមរយៈការផឹកតែបៃតងផ្ទាល់ជារៀងរាល់ថ្ងៃ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន Health Time Corporation បានរៀបចំកម្មវិធីជំនួបពិភាក្សាជាមួយសមាគមគ្រូពេទ្យឯកទេសចំនួន ៧ ដូចជា សមាគមគ្រូពេទ្យសើស្បែកកម្ពុជា សមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជា សមាគមសម្ភពរោគស្ត្រីកម្ពុជា សមាគមគ្រូពេទ្យប្រសាទសាស្ត្រកម្ពុជា សមាគមទន្តពេទ្យកម្ពុជា សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងសមាគមគ្រូពេទ្យបេះដូងកម្ពុជា នៅទីតាំងសណ្ឋាគារសាន់វ៉េ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលយកគំនិតនិងយោបល់បន្ថែមពីសំណាក់សមាគមគ្រូពេទ្យឯកទេសទាំង៧ ដើម្បី Health Time Corporation ធ្វើការពង្រឹងសមត្ថភាពគុណភាពរបស់ខ្លួន រួមជាមួយនឹងការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើក្នុងការបន្តចូលរួមចំណែកផ្តល់ជូននូវចំណេះដឹងស្តីពីផ្នែកសុខាភិបាលជូនដល់សាធារណជនឲ្យបានកាន់តែមាន​ប្រសិទ្ធភាព។ សបញ្ជាក់ផងដែរថា Health Time Corporation បានចូលរួមផ្សព្វផ្សាយចំណេះដឹងស្តីពីសុខភាពដល់សាធារណជនចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយក្រុមហ៊ុនបានធ្វើការបោះពុម្ពផ្សាយនូវទស្សនាវដ្តីសុខភាពចំនួនបីមុខគឺ Health Time Student Kit, Health Time Pro, Health Time Pub ព្រមទាំងចេញផ្សាយអត្ថបទតាមរយៈគេហទំព័រ www.healthtime.tips។

ចែករំលែក

លោកអ្នកប្រហែលជាធ្លាប់បានលឺខ្លះៗហើយអំពីការប្រឈមទៅនឹងជំងឺមហារីកមាត់ស្បូនរបស់ស្រ្តីនៅជុំវិញពិភពលោក រួមទាំងស្រ្តីកម្ពុជាផងដែរ…  យើងក៏ឃើញមានផងដែរនូវ «យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្រ្តីដែលរៀបការរួច (អាយុចាប់ពី៣០ ដល់៥០ឆ្នាំ) ពីថ្ងៃទី៨ ខែកុម្ភៈ ដល់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅឯមន្ទីរពេទ្យកាល់ម៉ែត។  ជាដំណឹងល្អមួយទៀតសម្រាប់ប្រជាជន ជាពិសេសស្រ្តីកម្ពុជា គឺនឹងមានការផ្សាយផ្ទាល់អំពី«វិធីសាស្រ្តក្នុងការបង្ការជំងឺមហារីកមាត់ស្បូន»  •នៅទីណា?  ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  Calmette Hospital •ថ្ងៃណា? ថ្ងៃអង្គារ ទី ៧ ខែ កុម្ភៈ ឆ្នាំ២០១៧  •ម៉ោងប៉ុន្មាន? ម៉ោង ១២: ៣០ នាទី រសៀល •នរណាជាវាគ្មិន? លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ប្រធានផ្នែករោគវិនិច្ឆ័យជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត អនុបណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសអូស្រ្តាលី និង បណ្ឌិតផ្នែកវេជ្ជសាស្រ្តពីប្រទេសប៊ែលហ្សិក។ សូមជួយផ្សព្វផ្សាយដំណឹងដ៏ល្អបន្តផង… លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺនេះជាមួយនឹងអត្ថបទសម្ភាសន៍ផ្ទាល់របស់ហេលស៍ថាម និងលោកស្រីវេជ្ជបណ្ឌិតតាមរយៈ Q&A on Cervical Cancer

ចែករំលែក

កាលពីអាទិត្យមុនបានណែនាំនូវស្នៀតខ្លះៗសម្រាប់អ្នកមានបំណងសារភាពស្នេហ៍ហើយ បើមានមិត្តអ្នកអានណាមិនទាន់បានអាននោះ អានចូលតាមតំណនេះ ស្នៀតសារភាពស្នេហ៍ដែលមិនទ្រលាន់ លឺពាក្យថាថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬValentine's Day មនុស្សភាគច្រើនប្រហែលជានឹកគិតដល់ពេលវេលាផ្អែមល្អែមរវាងគូស្នេហ៍មិនខាន...តែក៏នៅមានអ្នកដែលមិនទាន់មានចំណងស្នេហាហ្នឹងគេដែរ (ចង់ធីបគេទុកចោលម៉េចបាន)...ថ្ងៃ១៤ កុម្ភៈ គឺសម្រាប់ទាំងអស់គ្នា មិនថាមានគូ ឬគ្មានគូនោះឡើយ...ហេតុនេះ ទើបពួកយើងសូមបង្ហាញនូវសកម្មភាពផ្សេងៗសម្រាប់អ្នកមិនទាន់រកម្ចាស់ចិត្តឃើញ នឹងអាលបានenjoyថ្ងៃពិសេសនេះហ្នឹងគេដែរ... តាមការពិតទៅ វាជាពេលវេលាដ៏ល្អក្នុងការផ្តល់នូវការចងចាំល្អៗ និងសេចក្តីស្រឡាញ់ដល់ខ្លួនឯង ក៏ដូចជាពេលវេលាដែលអ្នកអាចសិក្សាពីឯករាជ្យភាពរបស់អ្នកថាឈានដល់កម្រិតណាផងដែរ។ អញ្ចឹងសាកសកម្មភាពទាំងនេះហើយនៅ? 1.ទៅកន្លែងផ្តល់ចំណេះដឹង(មិនមែនឌឺទេណា!) ដូចជាសារមន្ទីរ  បណ្ណាល័យ ឬក្លិបសិក្សា បើសិនអ្នកជាមនុស្សចូលចិត្តរៀនសូត្រ ឬរីករាយនឹងការអាន ហើយនេះជាការផ្តល់ឲ្យខ្លួនឯងនូវចំណេះដឹងបន្ថែម ដែលអាចចាត់ទុកថាជាកាដូដ៏ល្អ និងមានប្រយោជន៍សម្រាប់អនាគត។ ដើម្បីឲ្យវាពិសេសបន្តិច អ្នកអាចឆ្លៀតកម្សាន្តខ្លះ ដូចជាថតរូបលេង ឬអានសៀវភៅថ្មីជាដើម។ 2.ចូលរួមកម្មវិធីកម្សាន្តពិសេសៗ សកម្មភាព និងកម្មវិធីកម្សាន្តមួយចំនួនដែលតែងតែធ្វើឡើងនៅថ្ងៃនោះដូចជា កម្មវិធីរត់ប្រណាំងដូចជា Couple Run (អាចរត់ជាមួយមិត្តភក្តិ ឬបងប្អូន) កម្មវិធីប្រគុំតន្ត្រី ឬពិព័រណ៍ជាដើម ដើម្បីកំដរថ្ងៃនេះឲ្យមានន័យ។ 3.ដាំដើមឈើ សកម្មភាពតូចមួយ តែជាការបង្ហាញនូវក្តីស្រឡាញ់ដ៏ធំធេងចំពោះពិភពលោកទាំងមូល ដែលជាចំណែកកាត់បន្ថយគ្រោះធម្មជាតិ និងបង្កើនភាពស្រស់ស្រាយឲ្យពិភពលោកទៀតផង។ 4.ដើរទិញឥវ៉ាន់ (មិនមាននរណាជូន ទិញជូនខ្លួនឯង) នឹកមើលថាតើមានអ្វីដែលអ្នកចង់បាន តែមិនទាន់បានទិញ? នេះជាឱកាសល្អក្នុងការយកលេសទិញឲ្យខ្លួនឯង ដោយមិនបាច់មានអារម្មណ៍មិនល្អលើការចំណាយ។ អ្នកក៏អាចឆ្លៀតទិញកាដូចជូនអ្នកមានគុណគ្រួសារ និងមិត្តជាទីស្រឡាញ់បានផងដែរ ដើម្បីចែករំលែកសេចក្តីសុខទៅគ្នាទៅវិញទៅមក និងបង្កើនភាពស្និទស្នាល។ 5.ចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសិលា វគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសិលាល្អៗមួយចំនួនក៏អាចធ្វើឡើងនៅថ្ងៃនោះផងដែរ។ ដូចនេះ បើវាជាឱកាសអភិវឌ្ឍខ្លួនអ្នក បង្កើនទំនាក់ទំនង និងជាកិច្ចការដ៏មានន័យសម្រាប់ថ្ងៃនោះ ហេតុអ្វីក៏អាចឲ្យវារំលងហួសនោះ? 6.ចែករំលែកក្តីស្រឡាញ់ ចែករំលែកអាយុជីវិត ចូលរួមបរិច្ចាគឈាម ជាសកម្មភាពដ៏ប្រពៃដែលអ្នកគួរតែធ្វើ បើសិនជាអ្នកអាចធ្វើបាន ព្រោះអ្នកអាចចូលរួមជួយសង្គ្រោះអាយុជីវិតរបស់អ្នកដទៃដែលល្អជាងសាងចេតិយ៧ជាន់ទៅទៀត ហើយជាទូទៅយុទ្ធនាការបរិច្ចាគឈាមក៏ច្រើនធ្វើនៅថ្ងៃនោះ ដែលអ្នកអាចជួបមនុស្សជាច្រើន និងអាចរីករាយជាមួយនឹងសកម្មភាពនានានៅក្នុងកម្មវិធីផងដែរ។ ដូចនេះ ទោះបីអ្នកគ្មានគូ សូម Double Check ទៅលើផែនការនៅថ្ងៃនៃក្តីស្រឡាញ់ម្តងទៀត ដើម្បី make sure ( ប្រាកដ) ថាអ្នកអាចធ្វើឲ្យថ្ងៃពិសេសក្នុងឆ្នាំនេះ ផ្តល់ឲ្យអ្នកនូវអារម្មណ៍ថ្មីខុសពីឆ្នាំមុនៗ ជាមួយនឹងរឿងល្អៗដែលអ្នកមិនធ្លាប់បានធ្វើ...

ចែករំលែក

ធ្លាប់តែជិះម៉ូតូ ឬបើកឡានទៅមកពីកន្លែងទៅកន្លែងមួយ ហើយប្រាកដណាស់ គឺមានភាពធុញទ្រាន់ខ្លាំងនឹងភាពកកស្ទះចរាចារណ៍…ក្រលេកមកមើលអ្នកជិះកង់វិញ អារម្មណ៍ប្លែកម្យ៉ាង ត្រង់ថាងាយស្រួលបត់បែន ទៅណាមកណាក៏លឿន ហើយអ្វីដែលពិសេស គឺមិនបាច់អស់លុយថ្លៃសាំងនុះអី… តាមការពិតទៅ ក្រៅពីហេតុផលខាងលើ និងចំណូលចិត្ត  មានមូលហេតុជាច្រើនដែលនាំឲ្យការជិះកង់ត្រូវបានទទួលការពេញនិយមខ្លាំងបែបនេះ    ហើយជឿជាក់ថា អត្ថបទនេះនឹងអាចធ្វើជម្រុញចិត្តអ្នកឲ្យជ្រើសរើសកង់មួយមកជិះនៅថ្ងៃណាមួយ   ដោយសារវាអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងច្រើន… ១ ធ្វើឲ្យអ្នកក្មេងជាងមុន ការជិះកង់ជាប្រចាំអាចប្រឆាំងនឹងភាពជ្រីវជ្រួញរបស់ស្បែក ដោយវាជម្រុញចលនាឈាមរត់ បង្កើនការដឹកជញ្ជូនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកោសិកា ស្របពេលដែលសារធាតុពុលក្នុងខ្លួនត្រូវបានបញ្ចេញចោល។ វាក៏បង្កើតជាមជ្ឈដ្ឋានដ៏ប្រសើរសម្រាប់ការផលិតកូឡាជែនដែលជួយឲ្យស្បែកហាប់ណែននិងស្រស់ថ្លា។ ២ រាងស្អាត និងសាច់ហាប់ណែន ការធាក់កង់តម្រូវឲ្យប្រើសាច់ដុំជាច្រើនកន្លែង ដូចជាភ្លៅ  ដើមដៃ  ក្បាលពោះជាដើម ដូច្នេះក្រោយពីការធាក់កង់លេង   លោកអ្នកក៏អាចទទួលនូវរូបរាងរឹងមាំ និងស្រស់ស្អាត។ ៣ ជម្រុញសមត្ថភាពខួរក្បាល ការជិះកង់អាចជម្រុញឲ្យមានការផលិតកោសិកាខួរក្បាលដែលមាននាទីសម្រាប់ការចងចាំ និងជាទូទៅវាខូចខាតចាប់ពីអាយុ៣០ឆ្នាំ។ ការបង្កើនចលនាឈាមរត់   និងផ្តល់អុកស៊ីហ្សែនដល់កោសិកាខួរក្បាល   ធ្វើឲ្យមានការកកើត និងមានសកម្មភាពឡើងវិញនៃប្រព័ន្ធទទួលរបស់សរសៃប្រសាទ។ ៤ ជម្រុញសមត្ថភាពធ្វើការ តាមរយៈការសិក្សាមួយទៅលើបុគ្គលិក២០០នាក់ ដែលជិះកង់   ឬធ្វើលំហាត់ប្រាណមុនមកធ្វើការអាចបង្កើនប្រសិទ្ធភាពការងារ និងគ្រប់គ្រងទំហំនៃការងាររបស់ពួកគេបានយ៉ាងប្រសើរ ហើយថែមទាំងបង្កើនទឹកចិត្តជាមួយនឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងស្រេ្តសបានទៀតផង។ ៥ បង្កើនភាពច្នៃប្រឌិត មិនថាអ្នកជានរណា ភាពច្នៃប្រឌិតជាគន្លឹះមួយនៃការរស់នៅ។ ត្រូវអរគុណដល់ដំណើរនៃការនាំអុកស៊ីហ្សែនទៅកាន់ខួរក្បាលត្រង់ផ្នែកដែលទទួលខុសត្រូវគុណភាពនៃការគិតបែបច្នៃប្រឌិត។ ៦ រស់បានកាន់តែយូរ ការជិះកង់បង្កើនចលនារបត់ឈាមទៅកាន់បេះដូង ធ្វើឲ្យបេះដូងមានដំណើរការល្អ   ការពារបញ្ហាគាំងបេះដូង   ព្រមទាំងពង្រឹងសមត្ថភាពសួតបានទៀតផង។ ក្រៅពីនោះ វាក៏អាចកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក ការឡើងសម្ពាធឈាម និងជំងឺលើសទម្ងន់បានទៀតផង។ ៧ អ្នកអាចជួយគេបានកាន់តែច្រើន មានកម្មវិធីប្រមូលមូលនិធិសប្បុរសធម៌ជាច្រើនត្រូវធ្វើឡើងក្រោមរូបភាពជាការជិះកង់ជាក្រុម ដែលមានន័យថាអ្នកមិនត្រឹមតែជិះកង់ដើម្បីខ្លួនឯង តែក៏ដើម្បីអ្នកដទៃ និងពិភពលោកផងដែរ។  ៨ ជួបមនុស្សថ្មីៗបង្កើតមិត្តភាព ការជិះកង់ អាចបង្កើនឱកាសក្នុងការស្គាល់មនុស្សថ្មីៗ ធ្វើឲ្យទំនាក់ទំនងសង្គមរបស់អ្នកកាន់តែប្រសើរ ដែលជាលទ្ធផលនៃការបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីនដែលសម្របសម្រួលអារម្មណ៍ភ័យខ្លាច និងស្ទាក់ស្ទើរ។ ចង់ដឹងពីផលចំណេញនៃការជិះកង់ផ្សេងៗទៀតទេ? មានច្រើនសន្ធឹកទៀត មិនថាសប្បាយចិត្ត សន្សំលុយមិនបាច់ចាក់សាំង មិនបាច់អស់ថ្លៃផ្ញើ   ចោរក៏មិនសូវចង់បាន   ងាយស្រួលជិះ   មិនខ្លាចស្ទះចរាចរណ៍ ត្រជាក់ដោយខ្យល់ធម្មជាតិ អ្វីដែលពិសេសជាងនេះ   មិនបំពុលបរិស្ថាន ជួយផែនដីឲ្យនៅតែស្រស់ស្អាត និងគួរឲ្យចង់រស់នៅថែមទៀតផង…គឺថា…ចំណេញពេកក្រៃហ្មងហា៎…

ចែករំលែក
Top