Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្រុមការងារហេលស៍ថាមខប មានក្តីរន្ធត់ចិត្ត និងក្រៀមក្រំយ៉ាងក្រៃលែងដោយបានទទួលដំណឹងជាទីសោកសៅបំផុតដែលឧបាសិកា គឹម សារឿន ត្រូវជាម្តាយក្មេកលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះផងដែរ ក្រុមការងារយើងខ្ញុំពិតជាទឹកចិត្តសោកសង្រេង និងសូមចូលរួមរំលែកមរណទុក្ខជាមួយសមាជិកជាក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពនៃឋានបរិនិព្វានកុំបីអាក់ខានឡើយ។ ហេលស៍ថាមខប  

ចែករំលែក

នៅខែកុម្ភៈនេះអាកាសធាតុដូចជាត្រជាក់ល្មម មិនទាន់ក្តៅពេកអំណោយផលដល់ការចេញទៅពិចនិចនៅខាងក្រៅ ជំនួសឲ្យការញ៉ាំអាហារនៅផ្ទះ ឬក៏តាមហាងអាហារផ្សេងៗ។ និយាយចឹង ពិចនិចក៏ជាគំនិតល្អមួយដែរប្រសិនបើគិតដល់ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គ្រួសារ និងមិត្តភក្តិ បង្កើតពេលវេលាផ្ទាល់ខ្លួនដ៏ពេញលេញមួយសម្រាប់គ្នា។ គ្រាន់តា៎គិតក៏សប្បាយដែរ...អញ្ចឹងចាប់ផ្តើមរៀបចំមេនញូងាយៗ ផ្តល់សុខភាពល្អ និងរសជាតិឆ្ញាញ់ដែលគួរតែមានក្នុងកន្រ្តកសម្រាប់ពិចនិចរបស់អ្នកតែម្តងទៅ។ 1.អាហារសម្រន់៖ និយាយទៅបើទៅពិចនិច មិនមានរបស់ញ៉ាំលេង ដូចមិនសមជាពិចនិចទេ។ គ្រាប់ធញ្ញជាតិ មិនថាជាសណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់រីករាយជាដើម សុទ្ធតែសម្បូរប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។   ទោះយ៉ាងណា អ្នកក៏ត្រូវកម្រិតបរិមាណក្នុងការញ៉ាំផងដែរ ពិសេសចំពោះធញ្ញជាតិខ្ចប់ស្រេចដែលមានអំបិល។ ស៊ុតស្ងោរ មិនត្រឹមសម្បូរប្រូតេអ៊ីន វាក៏ងាយរក ងាយធ្វើ និងមានតម្លៃថោកទៀត។ មិនចាំបាច់ត្រូវត្រៀមអីច្រើនក្រៅពីទឹកស៊ីអ៊ីវ  ឬក៏អំបិលម្រេចក្រូចឆ្មារទៅក៏រួចស្រេច សំខាន់ញ៉ាំបានទាំងព្រឹក និងថ្ងៃ។ សាច់ត្រីក្រៀម សម្បូរដោយប្រភេទខ្លាញ់ល្អ អូមេហ្គា៣   ហើយក៏មានរសជាតិឆ្ញាញ់ជក់មាត់ផងដែរ។ តំណាប់ផ្លែឈើក្រៀម សម្បូរដោយជាតិកាកសរសៃដែលល្អក្នុងការរក្សាលំនឹងជាតិស្ករ និងអ័រម៉ូន ព្រមទាំងអាចការពារពីជំងឺមួយចំនួនដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។ 2.អាហារចម្បង ៖ ចំណាយពេលធ្វើដំណើរ និងលេងច្រើនដែរ  អញ្ចឹងក៏ត្រូវញ៉ាំឲ្យឆ្អែតដែរ។ ស៊ូស៊ីកូនកាត់ អ្នកគ្រាន់តែត្រូវការបន្ទះឫស្សីសម្រាប់មូលបន្ទះសារ៉ាយសមុទ្រ បាយ ការ៉ុត ត្រសក់ ពងទាចៀន និងគីមឈីជាដើម។ អាហារបែបនេះមិនត្រឹមងាយយកតាមខ្លួន ងាយកាត់ចែកគ្នាញ៉ាំ និងថែមទាំងសប្បាយទៀតផងបើអ្នកញ៉ាំបណ្តើរធ្វើជុំគ្នាបណ្តើរ។ សាន់វិច     ជាប្រភេទអាហារសាមញ្ញសម្រាប់ពិចនិចទៅហើយ។ យ៉ាងណាមិញ ការវេចខ្ចប់ទុកមុនអាចប្រើជាក្រដាស ឬក៏ថង់រុំអាហារធម្មតា ដើម្បីងាយយកតាមខ្លួន ឬក៏អាចកៀបក្នុងម៉ាស៊ីនកម្តៅឲ្យហើយតែម្តងដើម្បីកុំឲ្យពិបាកជ្រុះពេលញ៉ាំ។ សាឡាត់   បន្លែគ្រប់ពណ៌ ធ្វើឲ្យថ្ងៃពិចនិចកាន់តែស្រស់ស្រាយ និងមិនទ្រលាន់។ អ្នកអាចប្រើបន្លែចម្រុះ និងរៀបចំឲ្យមានសោភ័ណភាព រួចបន្ថែមសាច់ទ្រូងមាន់ ឬសាច់ត្រី ស៊ុតស្ងោរ និងស្រូបដោយទឹកម៉ាញ៉េនេស ឬទឹកបន្លែផ្សេងៗទៅតាមចំណូលចិត្ត។ ប៊ីប៊ីឃ្យូ មានទាំងសាច់   និងបន្លែដោតលើចង្កាក់តែមួយ ហើយក៏អាំងញ៉ាំក្តៅៗតែម្តង។ អ្នកគ្រាន់តែមានចង្រ្កានអាំងសាច់ប្រភេទប្រើធ្យូង   ហើយត្រៀមអាហារចម្រុះដូចជាសាច់  និងបន្លែ តែកុំភ្លេចទឹកជ្រល់ជាទឹកត្រីកោះកុង  ឬអំបិលម្រេចក្រូចឆ្មារផងដែរ។ 3.ភេសជ្ជៈ៖  ជាក់ស្តែងក្រៅពីទឹកបរិសុទ្ធ អ្នកក៏អាចមានជាមេនញូផ្សេងៗជាច្រើនទៀតដូចជា៖ ទឹកផ្លែឈើ រសជាតិគ្រប់មុខនៃទឹកផ្លែឈើស្រស់បន្ថែមទឹកកកឲ្យត្រជាក់ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងសម្រាកពិតៗ។ ទឹកតែម្លិះជាមួយក្រូចឆ្មារ អាចបន្ថែមស្ករ និងទឹកកកទៀត ដែលមិនត្រឹមតែឈ្ងុយ តែក៏ផ្តល់អារម្មណ៍ជ្រះកល្អទៀតផង។ 4.បង្អែម៖ ទុកលាងមាត់ក្រោយពេលអាហារចម្បង។ ផ្លែឈើ រៀបចំផ្លែឈើ ដោយលាងសម្អាត និងចិតដាក់ប្រអប់ជាស្រេច ហើយក្លាសេឲ្យត្រជាក់ដើម្បីបង្កើនរសជាតិ។ បើអាចកុំភ្លេចយកម្ជូរ និងអំបិលម្ទេសផង ព្រោះថាពេលធ្វើដំណើរទៅអ្នកប្រហែលជាអស់កម្លាំង ឬពុលឡាន ផ្លែឈើអាចលើកកម្លាំងអ្នកមកវិញបាន។ ការ៉េម ទៅពិចនិចបើមានការ៉េមញ៉ាំប្រាកដជាល្អ ពិសេសនៅពេលអាកាសធាតុរៀងក្តៅបន្តិច។ តែយកល្អគួរធ្វើការ៉េមក្នុងទូទឹកកកខ្លួនឯង ព្រោះវាអាចទុកបានយូរមិនងាយរលាយទេ។   វិធីធ្វើគឺសាមញ្ញ គ្រាន់តែប្រើទឹកដោះគោខាប់ នំស្រួយនិងផ្លែឈើផ្សេងៗលាយវាបញ្ជូលគ្នា  ដាក់ក្នុងប្រអប់ ហើយបង្កកវាទុកពីយប់ទៅជាការស្រេច។ 5.ផ្សេងៗ -ធុងទឹកកកតូចល្មមសម្រាប់ដាក់ទឹកកក ឬដាក់ក្លាសេ បន្លែ ផ្លែឈើផ្សេងៗ (ដាក់របស់ដែលត្រូវការញ៉ាំមុននៅខាងលើ កុំឲ្យពិបាករើ និងបើកធុងទឹកកកច្រើនដង ឬយូរៗ) -កម្រាល ឬកន្ទេលសម្រាប់អង្គុយលេង (និងឆ័ត្រផងដែរបើអាច) កៅអីតូចៗ អង្រឹងឬប៉ៅអី គេងលេង -សម្ភារៈសម្រាប់រៀបទទួលទានដូចជា   ចានស្លាបព្រា ចង្កឹះ សម កែវ កាំបិទ ជ្រុញតូចជាដើម។ អាហារដូចជាច្រើនមុខដែរហើយ នៅឡើយតែរើសកន្លែងដែលជាទូទៅគឺ ទៅក្រៅក្រុងត្រង់ទីវាលសម្បូរម្លប់ឈើ ឬមានស្រះទឹក រមណីយដ្ឋានធម្មជាតិ គិរីរម្យ(វាំងចាស់) ចំការព្រីង ជាដើម។ ចុងក្រោយ គឺរើសថ្ងៃទៅ កុំទុកគម្រោងចោលយូរនាំតែខាតឱកាសនៃការរីករាយនឹងអាកាសធាតុនៅរដូវនេះ...

ចែករំលែក

រដូវកាលចុងឆ្នាំ រដូវកាលធ្វើដំណើរកំសាន្តទៀតហើយ!   មានគិតថាទៅ   Count down   នៅម៉ាឡេស៊ីទេ? គួរតែឆ្ងល់ដែរថាហេតុអ្វី ម៉ាឡេស៊ីជាកន្លែងដែល ហេលស៍ថាមណែនាំ? តាមដានកិច្ចសម្ភាសន៍ផ្តល់ដោយ «បងស្រី សៅ រដ្ឋា ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា» បន្តិចទៅ នឹងដឹងហើយ! តែថាទៅលើកនេះមិនមែនទៅធម្មតាទេ…   គឺទៅបែបលក្ខណៈសេដ្ឋកិច្ច ចំណាយតិច ហើយសប្បាយ! ហេតុអ្វីម៉ាឡេស៊ីស័ក្តិសមបំផុតសម្រាប់ដំណើរកំសាន្តនៅក្នុងឆ្នាំនេះ? អ្វីដែលពិសេសគឺ សម្រាប់ឆ្នាំនេះផ្ទាល់   ដោយសារតែរូបិយវត្ថុនៃប្រទេសម៉ាឡេស៊ីបច្ចុប្បន្ន ១ដុល្លាអាមេរិកអាចប្តូរបានដល់ទៅប្រហែល ៤រីងហ្គីត(Ringgit)   ជាមួយតម្លៃទំនិញនៅដដែល ធ្វើឲ្យការចំណាយផ្សេងៗ  និងការទិញទំនិញរបស់អ្នកកាន់តែចំណេញជាងឆ្នាំមុនៗ។ ដូចនេះ មិនថាឱកាសដំណើរកំសាន្ត   ឱកាសទិញទំនិញ  និងឱកាសសន្សំសំចៃ គឺមកក្នុងពេលតែមួយ។ ក្នុងនោះផងដែរ តំបន់ទិញទំនិញពេញនិយម និងតម្លៃសមរម្យជាងគេគឺនៅតំបន់    សូងៃវាំង(Sungei Wang Plaza)ដែល នៅ KL central  ផ្ទាល់តែម្តង ដោយសារវាមានមជ្ឈមណ្ឌលលក់ទំនិញច្រើននៅជិតៗគ្នាពី៦ ទៅ៧ និងតំបន់ Mid Valley- City ដែលមានមជ្ឈមណ្ឌលលក់ធំមួយ ជាមួយនឹងកន្លែងលក់ទំនិញតូចៗនៅក្បែរមួយចំនួនទៀត  តែវាមានតម្លៃថ្លៃជាង Sungei Wang ។ ការសន្សំសំចៃទៅលើសំបុត្រយន្តហោះ មានជម្រើសជើងយន្តហោះ  ២  ដែលធ្វើការហោះហើរផ្ទាល់ពីកម្ពុជាទៅទីក្រុងកូឡាឡាំពួរ(KL) គឺ AirAsia និង Malaysia Airline ។ ដោយគ្រាន់តែធ្វើការកក់សំបុត្រយន្តហោះឲ្យបានមុនក្នុងរយៈយូរ(ជាទូទៅប្រហែលជា៦ខែ) តាម AirAsia អ្នកអាចទិញបានសំបុត្រយន្តហោះក្នុងតម្លៃមួយដ៏មិនគួរឲ្យជឿគឺចាប់ពី៣៥ដុល្លាសម្រាប់oneway ។ ចំពោះ Malaysia Airline អាចមានតម្លៃថ្លៃជាងបន្តិចគឺចាប់ពី១០៧ដុល្លាសម្រាប់ one way  ក៏ប៉ុន្តែតម្លៃនេះនឹងមិនសូវមានការប្រែប្រួលឡើយបើទោះជាអ្នកទិញកៀកពេលចេញដំណើរក៏ដោយ។ គំរូដំណើរកំសាន្តបែបផ្សងព្រេង (back packing)ដោយសន្សំសំចៃមួយ  ទៅកាន់ម៉ាឡេស៊ី ជាឧទាហរណ៍សម្រាប់អ្នកចូលចិត្ត Back packing ដែលចង់ចំណាយពេល ៥ថ្ងៃនៅម៉ាឡេស៊ី៖ •នៅម៉ាឡេស៊ី មានព្រលានយន្តហោះពីរដែលនៅជិតគ្នា ដែលKLIH2ជាទីតាំងដែល AirAsia ចុះចត •បន្ទាប់មក អាចជិះ shuttle bus ដែលចាកចេញពីចំណតរៀងរាល់១៥នាទីម្តង ពីព្រលានយន្តហោះទៅទីក្រុង កូឡាឡាំពួរ (KL central) ដោយចំណាយពេលប្រហែល៣០នាទី និងតម្លៃប្រហែលជា១០ Ringgits ប៉ុណ្ណោះ •ពេលទៅដល់ KL central អាចជិះតាក់ស៊ីបន្តទៅកាន់កន្លែងស្នាក់នៅដែលមានតម្លៃចាប់ពី ១០០ Ringgits   (ប្រហែល២៥ដុល្លា និងអាចធានាបាននូវភាពស្អាត និងអនាម័យ។ •ចំពោះការធ្វើដំណើរនៅ KL central ផ្ទាល់ មាន Hop-On Hop-Off bus ជាប្រភេទឡានក្រុងគ្មានដំបូល ដែលយើងអាចចំណាយត្រឹមតែ៣៥ Ringgits  ដោយសំបុត្រជិះនេះមានប្រសិទ្ធភាពមួយថ្ងៃពេញ  មិនថាអ្នកចុះ  ឬឡើងប៉ុន្មានដងក៏ដោយ ។ ឡាននេះនឹងឈប់នៅតំបន់ចំនួន២២ (រៀងរាល់៣០នាទីនឹងមានឡានមួយមកដល់ចំណត) ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍នៅទីក្រុងកូឡាឡាំពួរ   ដូចនេះ អ្នកដំណើរអាចមើលតាមផែនទី   និងចុះនៅកន្លែងដែលខ្លួនចាប់អារម្មណ៍។  ការធ្វើដំណើរនេះអាចប្រើពេលប្រហែល១ទៅ២ថ្ងៃទៅតាមការចូលចិត្តរបស់អ្នកទេសចរ។ •ចំពោះការញ៉ាំនៅ KL central អ្នកទេសចរអាចជ្រើសរើសញ៉ាំនៅតាមមជ្ឈមណ្ឌលទិញទំនិញតែម្តង ដែលតែងតែមាន food court ជាមួយនឹងតម្លៃសមរម្យ។ •ភ្ញៀវទេសចរអាចបន្តទៅកាន់ភ្នំ ហ្កេនធីង(Genting)     ដែលជាតំបន់ដ៏ល្បីសម្រាប់អ្នកទេសចរ (ពិសេសលក្ខណៈគ្រួសារ) ដោយជិះឡានក្រុងប្រហែល១ម៉ោងពីកូឡាឡាំពួរ ។ ប្រសិនបើជាដំណើរកំសាន្តបែបម្នាក់ឯង ឬផ្សងព្រេង កន្លែងដែលស័ក្តិសមគួរតែជា តំបន់សមុទ្រ ឡាំងកាវី(Langkawi) ដែលត្រូវធ្វើដំណើរតាមយន្តហោះ រយៈពេល៤៥នាទី ឬក៏ជិះកាណូត (តែតម្រូវឲ្យតជើងពីការជិះឡានមកទីក្រុងកេដាស(Kedah) ជាមុន ទើបបន្តជិះកាណូតមកឡាំងកាវី ដែលពេលវេលាសរុប គឺប្រហែលជា៧ទៅ៨ម៉ោង)។ Langkawi ជាទីប្រជុំកោះ ដែលមានសរុប៩៩កោះ ហើយបានជាប់ចំណាត់ថ្នាក់ជា World UNESCO មួយនៅម៉ាឡេស៊ី ។ គួរឲ្យដឹងផងដែរថា Langkawi   ជាកោះដែលមាន Dutyfree (មិនមានចំណាយពន្ធទៅលទំនិញ)ហើយក៏មានរឿងជាច្រើនទាក់ទងនឹងកោះនេះផងដែរ។ •រីឯតំបន់អាហារដែលល្បីគឺប៉េណាំង(Penangដែលនៅក្បែរគ្នានឹង   Langkawi  ហើយពេញនិយមចំពោះម្ហូបលក្ខណៈចិន    និងអាហារសមុទ្រជាដើម ។ •ចុងក្រោយគឺតំបន់ទេសចរណ៍នៅព្រំដែនដែលហៅថា ជោហ៊ោ(Johor) ដែលមានកន្លែងកំសាន្តដ៏ល្បីគឺ LEGOLAND (ប្រហែលនឹង Disneyland)  ដោយអាចចំណាយពេលធ្វើដំណើរប្រហែល៤ម៉ោងពីកូឡាឡាំពួរ។ សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងទេសចរណ៍ប្រទេសម៉ាឡេស៊ី  អ្នកទេសចរ ឬមានគម្រោងចង់ទៅកំសាន្តនៅទីនោះ អាចធ្វើការទាក់ទងក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជាដែលមានទីតាំងផ្ទាល់នៅស្ថានទូតម៉ាឡេស៊ី។

ចែករំលែក

«ជំងឺមហារីកសុដន់ គឺជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក(២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺ ដែលកើតមានលើស្រ្តីកម្ពុជា(១៥%)  បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។ ជាក់ស្តែង   នៅមន្ទីរពេទ្យអន្តរជាតិសែនសុខ ជំងឺមហារីកសុដន់ឈរនៅលំដាប់ទីមួយ(១៤,៦%) ដែលកើតចំពោះអ្នកជំងឺមហារីកជាស្រ្តីភេទ។   គួរឲ្យដឹងផងដែរថា ជំងឺមហារីកសុដន់ គឺជាមូលហេតុចម្បងទីពីរដែលបណ្តាលឲ្យស្រ្តីទទួលមរណភាពនាពេលបច្ចុប្បន្ន» ទាំងនេះជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅមកពីប្រទេសរុស្សី និងជាសមាជិករបស់ American Society of Clinical Oncology, Russian Society of Pediatric Oncologists and Hematologists, European Society for Medical Oncology ហើយបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខផងដែរ(តាំងពីឆ្នាំ២០១០)។ លោកស្រីវេជ្ជបណ្ឌិតក៏បានលើកឡើងបន្តផងដែរទាក់ទងនឹងទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដូចបង្ហាញនៅខាងក្រោមនេះ... តើជំងឺមហារីកសុដន់ចែកចេញជាប៉ុន្មានប្រភេទ និងប៉ុន្មានដំណាក់កាល? ជំងឺមហារីកសុដន់វិវឌ្ឍចេញពីកោសិកា lobulesដែលជាកន្លែងផលិតទឹកដោះ និងកោសិកាបំពង់ដែលមាននាទីដឹកនាំទឹកដោះ។  ជំងឺមហារីកត្រូវបានចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលកើតនៅនឹងកន្លែងហើយមិនរីករាលដាល(in-situ or non-invasive)    ដែលជាដំណាក់កាលដំបូងរបស់ជំងឺមហារីកសុដន់(ចែកជា២ប្រភេទទៀត គឺកោសិកាមហារីកដែលកើតមាននៅក្នុង lobules និងកោសិកាបំពង់) និងប្រភេទរីករាលដាលទៅតំបន់ដទៃទៀត(Invasive)។ ចំពោះប្រភេទទីមួយអាចវិវឌ្ឍទៅជាប្រភេទទីពីរដែលរីករាលដាលទៅតំបន់ផ្សេងទៀត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ វាក៏ត្រូវបានចាត់ចូលជាជំងឺមហារីកសុដន់ប្រភេទទីពីរដូចគ្នា នៅពេលដែលកោសិកាមហារីកធ្វើការផ្លាស់ទីតាម lobules និងបំពង់បង្ហូរទឹកដោះទៅកាន់ជាលិកាដទៃទៀតដែលនៅជុំវិញនោះ ។ តើកត្តាអ្វីខ្លះបណ្ដាលឲ្យមានជំងឺមហារីកសុដន់? មានកត្តាចម្បងៗពីរដែលអាចបណ្ដាលឲ្យមានជំងឺមហារីកសុដន់៖ 1.កត្តាដែលយើងមិនអាចគ្រប់គ្រងបាន - ភេទ៖ ស្រ្តីមានឱកាសខ្ពស់ជាងបុរស១០០ដងក្នុងការប្រឈមទៅនឹងការកើតមានជំងឺមហារីកសុដន់ - អាយុ៖ ឱកាសក្នុងការកើតមានជំងឺមហារីកសុដន់កើនឡើងតាមអាយុ - ប្រវត្តិគ្រួសារ៖ ប្រហែល ៥%ទៅ១០%នៃជំងឺមហារីកសុដន់កើតឡើងដោយសារតំណពូជ - ពូជសាសន៍៖ ស្រ្តីជនជាតិស្បែក ស មានឱកាសប្រឈមទៅនឹងការកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្រ្តីជនជាតិអាហ្រ្វិច អាមេរិក អាស៊ាន Hispanic និងស្រ្តីជនជាតិដើមអាមេរិក - ប្រវត្តិនៃការមករដូវរបស់ស្រ្តី៖ ស្រ្តីដែលមានរដូវមុនអាយុ១២ឆ្នាំ និង/ឬអស់រដូវនៅអាយុច្រើន ឬលើសពី៥៥ឆ្នាំអាចបង្កើនឱកាសក្នុងការកើតជំងឺមហារីកសុដន់ - ការព្យាបាលដោយកាំរស្មីនៅតំបន់ទ្រូង៖ ដើម្បីព្យាបាលជំងឺមហារីកផ្សេងទៀតដូចជាមហារីកកូនកណ្តុរ - អ្នកដែលមានជាលិកាសុដន់ក្រាស់៖ ស្រ្តីដែលមានជាលិកាសុដន់ក្រាស់ អាចមើលឃើញនៅពេលធ្វើតេស្តmammogram។ 2.កត្តាដែលយើងអាចគ្រប់គ្រងបានការលើសទម្ងន់ ការមិនមានកូន មិនធ្វើការបំបៅដោះ    ការទទួលទានសារជាតិអាល់កុល(ឱកាសប្រឈមនេះកើនឡើងទៅតាមបរិមាណអាល់កុលដែលបានទទួលទាន) ការព្យាបាលដោយប្រើអ័រម៉ូនជំនួសក្រោយពេលអស់រដូវ ការប្រើប្រាស់ថ្នាំពន្យារកំណើត ការរំលូតកូន ការជក់បារី ការវះកាត់កែសុដន់ ការធ្វើការនៅពេលយប់ ការមិនបានធ្វើលំហាត់ប្រាណជាដើមសុទ្ធតែអាចបង្កើនការប្រឈមទៅនឹងមហារីកសុដន់។ តើពេលណាដែលអ្នកជំងឺគួរតែស្វែងរកការព្យាបាល? ស្រ្តីគ្រប់គ្នាគួរតែស្វែងរកការព្យាបាលប្រសិនបើមានលេចចេញរោគសញ្ញាដូចជា   មានដុំនៅក្នុងសុដន់មានការឈឺចុកចាប់នៅត្រង់សុដន់  មានបម្រែបម្រួលស្បែកនៅបរិវេណសុដន់ (ដូចជា ឡើងក្រហម ហើម ដំបៅ មានហូរទឹកចេញពីសុដន់ និងស្បែកដែលគ្របដណ្ដប់សុដន់ឡើងក្រាស់ដូចសំបកក្រូច) ឡើងកន្តួលរមាស់ជាប្រចាំនៅបរិវេណចុងសុដន់   មានបម្រែបម្រួលនៅចុងសុដន់ និង/ឬបម្រែបម្រួលរូបរាងរបស់សុដន់ មានការហូរទឹក ឬឈាមចេញពីចុងសុដន់ ហើម ឬមានដុំនៅក្រោមដៃជិតបរិវេណសុដន់។ ស្រ្តីភាគច្រើនដែលមានរោគសញ្ញាដូចខាងលើមិនសុទ្ធតែមានជំងឺមហារីកសុដន់ទេ    វាអាចជាដុំសាច់ស្លូត ដំបៅផ្សេងៗ ឬជាជំងឺសួរពូជដែលក្រពេញបញ្ចេញក្រៅមានដំណើរការមិនល្អ (fibrocystic) ជាដើម  ប៉ុន្តែមានតែគ្រូពេទ្យឯកទេសខាងជំងឺដែលទាក់ទងទៅនឹងសុដន់ប៉ុណ្ណោះដែលអាចវិនិច្ឆ័យពីរោគសញ្ញារបស់លោកអ្នកបាន។ ស្រ្តីទាំងអស់ក៏គួរចងចាំផងដែរថាជំងឺមហារីកសុដន់អាចធ្វើការព្យាបាលបានប្រសិទ្ធភាពខ្ពស់ ប្រសិនបើវាត្រូវបានរកឃើញទាន់ពេលវេលា។ សូមតាមដានការចែករំលែកបន្តអំពីជំងឺមហារីកសុដន់នៅអត្ថបទក្រោយទៀត...

ចែករំលែក

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ កញ្ញា Pancake Khemanit រួមគ្នានឹងកញ្ញា Jannine Weigel ដែលជាតារាដ៏មានប្រជាប្រិយភាពនៅប្រទេសថៃ ត្រូវបានអញ្ជើញមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ដំរីអង្គរ ហើយដូចដែលហេលស៍ថាមបានសន្យាPancake Khemanit អាយដល (Idol)ដ៏ស្រស់ស្អាត និងគួរឲ្យស្រឡាញ់របស់ប្រិយមិត្តជាច្រើន នៅពេលនេះបានចូលមកផ្តល់នូវភាពរីករាយដល់អ្នកទាំងអស់គ្នាតាមរយៈការចែករំលែកល្អៗទាក់ទងនឹងរបៀបរស់នៅតាមបែបជាតារាដ៏ល្បីឈ្មោះម្នាក់។ ចង់ដឹងយូរហើយមែនទេ? តើ ចេចេ Pancake មាន lifestyle យ៉ាងម៉េចទៅណ៎? តាមដានទាំងអស់គ្នា... តើ Lifestyle របស់ Pancake ផ្ទាល់សំដៅដល់អ្វី? ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប Lifestyle របស់ខ្ញុំដែលសំខាន់ជាងគេគឺ មានការគាំទ្រពីហ្វេន និងសេចក្តីស្រឡាញ់ពីក្រុមគ្រួសារ។ ដូចនេះការរស់នៅរបស់ខ្ញុំ គឺការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យហ្វេន និងក្រុមគ្រួសាររបស់ខ្ញុំមានភាពសប្បាយរីករាយ។ Pancake ពេញចិត្តនឹង lifestyle របៀបនេះដែរឬទេ? ហេតុអ្វី? ចាស៎, ខ្ញុំពិតជាស្រលាញ់ Lifestyle របស់ខ្ញុំណាស់ ដោយសារខ្ញុំមានក្រុមគ្រួសារដ៏កក់ក្តៅមួយ មិនថាខ្ញុំធ្វើដំណើរទៅទីណា កន្លែងណា ពួកគាត់តែងតែនៅជិត មិនដែលឲ្យខ្ញុំមានអារម្មណ៍ឯកោនោះទេ ហើយខ្ញុំក៏សប្បាយចិត្តដែរ បើសិនជាហ្វេនទាំងអស់រីករាយ។ អ្វីទៅដែល Pancake ពេញចិត្តជាងគេសម្រាប់ Lifestyle នៅពេលនេះ? ខ្ញុំគិតថាខ្ញុំពេញចិត្តទាំងអស់មិនថា គ្រួសារ ការងារ ទំនាក់ទំនង សង្គម និងជាច្រើនទៀតពីព្រោះ Lifestyle របស់ខ្ញុំមាននូវគ្រប់យ៉ាងដែលខ្ញុំត្រូវការរួចហើយ ហើយប្រសិនឲ្យខ្ញុំជ្រើសរើសម្តងទៀត ខ្ញុំក៏នៅតែជ្រើសរើស Lifestyle មួយនេះ។ នៅពេលដែលមានភាពនឿយហត់ខ្លាំង តើ Pancake នឹងធ្វើអ្វីមុនគេ? រាល់ពេលដែលខ្ញុំនឿយហត់ខ្លាំង ខ្ញុំតែងរកពេលសម្រាកឲ្យបានច្រើន និងទទួលទានអាហារដែលផ្តល់នូវសុខភាពល្អ។ ទម្លាប់៣ដែល Pancake ចូលចិត្តធ្វើនៅពេលទំនេរ គឺជាអ្វីដែរ? ហាត់ប្រាណ ដំណើរកំសាន្ត និងញុំា។ ៣ យ៉ាងដែល Pancake យល់ថាមានប្រសិទ្ធភាពក្នុងការរក្សាបានរាងស្អាត និងសុខភាពល្អ គឺជា...? ស្រដៀងគ្នាដែរគឺ សម្រាក  ញុំាឲ្យត្រឹមត្រូវ និងធ្វើចិត្តឲ្យសប្បាយៗ។

ចែករំលែក

ខ្ញុំបាទឈ្មោះ យ.គ.ណ  និស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានភាសាបរទេស ហើយក៏កំពុងមានវិបត្តិក្នុងចិត្តមួយដែលបានលាក់ទុកមកជាយូរហើយ មិនដឹងថាគួរចាប់ផ្តើមពីណាទៅ... តែ...ពិតជាចង់ស្តាប់មតិយោបល់របស់អ្នកទាំងអស់គ្នាពិតមែន បើគិតទៅ រឿងរ៉ាវវាចាប់ផ្តើមកាលពីប្រហែលជាដើមឆ្នាំមុន គឺ ក្រោយពីទៅពិធីជប់លៀងឆ្លងឆ្នាំជាមួយនឹងគេហើយ... បើគិតពីមុនយប់នោះ គឺយើងទាំងពីរនាក់ជាមិត្តរួមថ្នាក់ធម្មតាតែប៉ុណ្ណោះ គ្រាន់តែរាងជិតដិតបន្តិច ព្រោះថាយើងចូលចិត្តនិពន្ធរឿងដូចគ្នា ខ្ញុំនេះក៏មិនបានដឹងខ្លួនថា លួចស្រលាញ់គេតាំងពីពេលណាដែរ គ្រាន់តែដឹងថា រាល់ពេលដែលឃើញគេសើច ខ្ញុំក៏ញញឹមចេញមកដោយឯកឯង ហើយឲ្យតែដឹងថាគេពិបាកចិត្ត ដឹងតែខ្ញុំនៅមិនសុខតែម្តង រាល់ថ្ងៃ គឺចង់ដឹងលឺពីសុខទុក្ខគេគ្រប់ពេល ស្ទើរតែរាល់ពេលទំនេរ ខ្ញុំតែងតែឆាតសួរនាំគេគ្រប់ពេល មិនដឹងថាមានចិត្តលើខ្ញុំឬអត់ តែត្រឹមដឹងថាជួនកាលគេក៏តបលឿន ជួនក៏មិនតប ដោយសារតែរៀនថ្នាក់ជាមួយគ្នា ទើបមានឱកាសជួបគ្នារៀងរាល់ថ្ងៃ ហើយពេលយប់ក៏ឆាតរកគ្នាទៀត...បែបនេះហើយ ទើបខ្ញុំមិនដឹងថាវាជាទំនាក់ទំនងអ្វីឲ្យប្រាកដ? ក៏ធ្លាប់បានសួរលេងបន្លំមែនដែរថា«មានជាប់ចិត្តនឹងនរណាអត់?» ហើយចម្លើយថា គឺ«ចង់ដឹងធ្វើអី?»រាល់លើក រួចក៏បន្លប់ទៅរឿងផ្សេង...ខ្ញុំព្យាយាមស៊ើបមើលពីពួកម៉ាករបស់គេដែរ តែមិនដូចជាមិនមានតម្រុយអីសោះ មានយប់នោះ ពេលដែលជប់លៀងក្រោយប្រលងហើយ ខ្ញុំជ្រុលផឹកស្រវឹង ហើយពួកម៉ាកបានឆាតទៅសារភាពប្រាប់គេ វាឆ្លើយឆ្លងគ្នាម៉ាឆ្អែត ហើយបានប្រាប់... រួចក៏callគេទៅវិញភ្លាមៗ ហើយត្រូវបានជេរ ដល់ពេលនិយាយប្រាប់តាមត្រង់អស់ទៅ គេក៏បិទទូរស័ព្ទ... អារម្មណ៍ពេលនេះ ដឹងត្រឹមថាឈឺណាស់...ដូចបាត់បង់អ្វីម្យ៉ាងយ៉ាងម៉េចទេ ស៊យត្រង់ថា ចំពេលសម្រាកទៀត...ឆាតមិនតប callក៏មិនទទួល តែសំណាងដែរ ដែលមិនដាច់ចិត្តblockចោល បានត្រឹមចូលមើលprofileគេ និងឆាតចាស់ៗកន្លងមកតែម្នាក់ឯង... ខ្ញុំសារភាពថា ព្រោះតែគេ ខ្ញុំស្រក់ទឹកភ្នែកជាលើកដំបូង... អាពួកម៉ាកនាំរឿងនោះ ក៏ជួយមិនបាន ទោះបីប្រាប់ថាវាជាអ្នកsendក៏ដោយ... មិនយល់ថាហេតុអី ក៏ចាំបាច់ខឹងដល់ថ្នាក់ហ្នឹង? ក្នុងចិត្តគេកំពុងគិតអ្វីទៅ? គិតចុះគិតឡើង...នឹកឃើញថាជិតដល់ថ្ងៃ១៤កុម្ភៈដែរហើយ មានគម្រោងថានឹងសារភាពផ្ទាល់មាត់តែម្តង នឹងអាលបានដឹងរឿងពិតពីក្នុងចិត្តគេវិញថាគិតបែបណា? គួរ ឬមិនគួរ??? ប្រាប់តិចបានទេ៎?

ចែករំលែក

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា គឺជាកម្មវិធីមួយដែលធ្វើឡើងជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ដើម្បីផ្សព្វផ្សាយ និងចែករំលែកវប្បធម៌របស់ប្រទេសជប៉ុនទៅកាន់ប្រជាជនកម្ពុជា ក៏ដូចជាវប្បធម៌របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនជប៉ុន និងដើម្បីបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ មិនខុសគ្នាពីឆ្នាំមុន មហោស្រពគីហ្សូណាបើកសេរីចំពោះអ្នកចូលរួម ដែលធ្វើឡើងនៅCJCCពីម៉ោង៨ព្រឹក ដល់ម៉ោង ៨ល្ងាច ដោយចាប់ផ្តើមពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈខាងមុខនេះ ជាមួយនឹងប្រធានបទ «ការហោះហើរទៅកាន់ប្រទេសជប៉ុន» ដោយសារតែឥឡូវនេះប្រជាជនកម្ពុជាអាចធ្វើដំណើរដោយផ្ទាល់ តែមួយជើង គឺទៅដល់ប្រទេសជប៉ុនតែម្តង និងដូចគ្នាចំពោះការធ្វើដំណើរពីប្រទេសជប៉ុនមកប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ មហោស្រពគីហ្សូណាឆ្នាំនេះមានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀតដូចជាមានការចូលរួមពីសំណាក់ក្រុមសិល្បករវ័យក្មេងដ៏ល្បីឈ្មោះនៅប្រទេសជប៉ុនគឺ Tempura Kidz រួមជាមួយនឹងអ្នកចម្រៀង Original Song ដែលមានឈ្មោះល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺលោក ថេណា -Tena។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពនេះក៏មានវគ្គបង្ហាញអំពីសិល្បៈបែបវប្បធម៌ដូចជា ចាប៉ីដងវែង និងល្ខោនខោលជាដើម។ ក្រៅពីមានកម្មវិធីសិល្បៈ មហោស្រពនេះ ក៏មានការតាំងបង្ហាញស្តង់ដែលមានការចូលរួមពីបណ្តាសំណាក់ដៃគូអាជីវកម្មតាមផ្នែកនីមួយៗដូចជា សិល្បៈ ម្ហូបអាហារ តំបន់ទេសចរណ៍   ភេសជ្ជៈ និងសិប្បកម្មធ្វើដោយដៃជាដើម។ មិនមានភាពខុសប្លែកពីឆ្នាំមុន គឺមានការប្រកួតការស្លៀកសម្លៀកបំពាក់ប្រពៃណីជប៉ុន Yukata ពីសំណាក់និស្សិតខ្មែរដែលសិក្សាភាសាជប៉ុន នៅតាមបណ្តាសាលានានានៅរាជធានីភ្នំពេញ។ បន្ទាប់ពីអ្នកចូលរួមទស្សនាស្តង់ដែលតាំងបង្ហាញរួចហើយ អ្នកក៏អាចចូលរួម សិក្ខាសាលាដែលមាននិយាយអំពីបញ្ហាសុខភាព សិល្បៈ ការអប់រំ និង សម្រស់ផងដែរ។ កាន់តែពិសេសទៅទៀតនោះ អ្នកចូលរួមមិនត្រឹមតែទទួលបានភាពសប្បាយរីករាយ និង ចំណេះដឹងនោះទេ អ្នកក៏មានឱកាសទទួលបានរង្វាន់ជាច្រើនដូចជាគូប៉ុង និងរង្វាន់ផ្សេងជាច្រើនទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មហោស្រពក៏មានការប្រគុំតន្ត្រី និង ការរាំលេងកម្សាន្តសប្បាយ ដើម្បីបិទកម្មវិធីផងដែរ។ កម្មវិធីមហោស្រពគីហ្សូណា អាចដំណើរការទៅបានដោយមានការឧបត្ថម្ភធំដោយ ANA Airlines និងមានការគាំទ្រដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ភេសជ្ជៈ Aquarius ជាអ្នកគាំទ្រពិសេស ព្រមទាំងមានការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជប៉ុន និងកម្ពុជាជាច្រើនទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា មហោស្រពគីហ្សូណាកម្ពុជា-ជប៉ុននេះត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង Japan Foundation Asia Center  ប្រចាំប្រទេសកម្ពុជា។

ចែករំលែក

ដើម្បីជាការរួមចំណែកក្នុងការផ្តល់អានុភាពដល់សហគ្រិនវ័យក្មេងនៅកម្ពុជា អាចបោះជំហានទៅក្នុងពិភពនៃការធ្វើជំនួញ និងបំផុសដល់និស្សិតសាកលវិទ្យាល័យវ័យក្មេងទាំងអស់ ដើម្បីស្វែងរកទស្សនៈវិស័យលើគំនិតអាជីវកម្មរបស់ខ្លួនបាន International Business Club (IBC)  បានរៀបចំកម្មវិធីសិក្ខាសាលា ដែលមានឈ្មោះថា Business Forum 2017 នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង១ ដល់ម៉ោង៥ល្ងាចនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC)។ ក្នុងគោលបំណង ជម្រុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់យុវជន ដើម្បីអាចឲ្យពួកគេក្លាយជាសហគ្រិនវ័យក្មេងនៅកម្ពុជា។ កម្មវិធីទាំងមូល មានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនដែលបានទទួលភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ខ្លួនចំនួន៤រូប ដែលបកស្រាយលើប្រធានបទគួរឲ្យចាប់អារម្មណ៍សុទ្ធសឹងជាគន្លឹះទៅរកភាពជោគជ័យ។ •ប្រធានបទទី១ “Mindset of Change” ត្រូវបានធ្វើបទបង្ហាញដោយលោក គឹម ចាន់ណា (ស្ថាបនិកនៃ Mindbook) (Mr. Kim Channa, CEO of Mindbooks)។ លោកបានបង្ហាញប្រភព៤យ៉ាងនៃប្រាក់ចំណូល ដែលហៅកាត់ថា ESBI ដោយE តំណាងឲ្យ “Employee” S តំណាងឲ្យ “Self-employed” B តំណាងឲ្យ “Business owner”  I តំណាងឲ្យ “Investor”។ • ប្រធានបទទី២ “Trending” ជាប្រធានបទដែលទាញយកចំណាប់អារម្មណ៍អ្នកចូលរួមដែរនោះ ត្រូវបានបកស្រាយដោយ លោក ជី សិលា (នាយកប្រតិបត្តិនៃ Sabay Digital Corporation ។ លោកបានលើកពីការសម្គាល់នៃ “Global Trend” ដែលជាសារប្រយោជន៍ដល់អ្នកជំនួញទាំងអស់គួរតែយល់ដឹង។ ហើយលោកក៏បានលើកផងដែរពី 4FIT (Food, Fun, Fashion, Finance and IT)ជាកត្តាសំខាន់ដែលមនុស្សមិនអាចរស់ដោយគ្មានវាបាន។ •ប្រធានបទទី៣ “How to start up?” ជាប្រធានបទដែលឆក់យកចិត្តអ្នកចង់ផ្តួចផ្តើមអាជីវកម្មស្តាប់យ៉ាងយកចិត្តទុកដាក់។ លោក គង់ សូលីយ៉ា (សហស្ថាបនិកនៃ Joonaak Delivery) បានឲ្យលើកជាសំណួរថា “តើអ្នកអាចធ្វើវាបានទេ? បើអ្នកគិតថាអ្នកគ្មានសមត្ថភាព កុំនៅស្ងៀម ស្វែងរកដំណោះស្រាយ និងរកអ្នកដែលអ្នកអាចព្រឹក្សាយោបល់បាន។ •ប្រធានបទទី៤ “Branding”  ត្រូវបានធ្វើបទបង្ហាញដោយលោកដោយលោក សោម សម្បត្តិ (នាយកប្រតិបត្តិនៃCampaint) ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យអាជីវកម្មមួយរូបដែរ។ លោកបានលើកឡើងពី “សិល្បៈនៃការកសាងកេរ្តិ៍ឈ្មោះ” ដោយផ្អែកតាមបទពិសោធន៍របស់លោកដែលបានឆ្លងកាត់។  (មិត្តអ្នកអានអាចស្វែងយល់បន្ថែមពីប្រធានបទនេះតាមរយៈ 5ជំហានមិនអាចខ្វះបានក្នុងការកសាងកេរ្តិ៍ឈ្មោះ​​​​ លើសពីនេះទៀតក៏មានការវេទិកាពិភាក្សា ដែលអ្នកចូលរួមបានចោទជាសំណួរយ៉ាងផុសផុល និងការស្តាប់ដោយយកចិត្តទុកដាក់ មុនពេលបិទបញ្ចប់សិក្ខាសាលានេះដែរផងដែរ។  អ្វីដែលរឹតតែពិសេសទៀតនោះ គឺការចាប់រង្វាន់ជូនដល់អ្នកចូលរួមសំណាងជាច្រើនរូប ដោយមានរង្វាន់ក្រោមការឧបត្ថម្ភពីម្ចាស់កម្មវិធីផ្សេងៗ... Photo Credit : International Business Club Media Team

ចែករំលែក

កិច្ចការងារមួយដែលនឹងសម្រេចទៅបានដោយជោគជ័យ ទាមទារជាចាំបាច់នូវការប្រមូលផ្តុំស្មារតីក្នុងការប្រកបការងារឲ្យមូល   ប៉ុន្តែវាមិនងាយដូចជាមាត់និយាយនោះទេ  ព្រោះថានៅជុំវិញខ្លួនមនុស្សយើងរាល់ថ្ងៃនេះ គឺពោរពេញទៅដោយកត្តាផ្សេងៗជាច្រើន ជាពិសេសសំឡេងរំខានដែលចាប់ទាញចំណាប់អារម្មណ៍របស់យើង ជាហេតុនាំឲ្យបែកអារម្មណ៍។ សម្រាប់អ្នកដែលមានការប្តេជ្ញាចិត្តមុតមាំ និងស្មារតីខ្ពស់ វាអាចនឹងជារឿងមួយងាយស្រួលសម្រាប់ពួកគេក្នុងការរក្សាស្មារតីឲ្យនៅមូលនឹងការងារ។ ចំណែកឯអ្នកដែលងាយនឹងត្រូវទទួលរងការរំខានវិញ វាប្រហែលជាកិច្ចការមួយពិបាកបន្តិច តែសូមកុំព្រួយបារម្ភអ្វី...សូមសាកល្បងធ្វើតាមគន្លឹះ១១យ៉ាងខាងក្រោមនេះ... បិទរាល់ឧបករណ៍ដែលបង្កសំឡេងរំខាន   មជ្ឈដ្ឋាននៅជុំវិញខ្លួនជាកត្តាសំខាន់បំផុត វាមានឥទ្ធិពលជាងគេទៅលើស្មារតីរបស់យើងម្នាក់ៗ ហេតុដូច្នេះហើយ ធ្វើយ៉ាងណាបរិយាកាសដែលអ្នកប្រកបកិច្ចការ ជាបរិយាកាសដែលស្ងប់ស្ងាត់ដោយមិនមានសំឡេងរំខានពីទូរទស្សន៍ វិទ្យុ ឬឧបករណ៍តន្រ្តីផ្សេងៗ។ សរសេរ «អារម្មណ៍ស្ងប់» ហើយដាក់នៅជិតខ្លួន   សរសេរបែបនេះ ហើយដាក់ក្រដាសនោះនៅកន្លែងណាដែលងាយនឹងមើលឃើញជាងគេ។ រាល់ពេលដែលអ្នកក្រឡេកឃើញវា អ្នកត្រូវទម្លាក់ស្មាចុះ ដោយប្រាកដថាមាត់មិនមានទំពារអ្វី ហើយរក្សាការគិតឲ្យស្ងប់។ រៀបចំកន្លែងឲ្យមានសណ្តាប់ធ្នាប់ អ្វីដែលអ្នកមិនគួរមើលរំលង គឺការរៀបចំកន្លែងដែលអ្នកអង្គុយធ្វើការ។ សណ្តាប់ធ្នាប់ពីបរិយាកាសខាងក្រៅមាននាទីយ៉ាងសំខាន់ក្នុងការជួយបុគ្គលម្នាក់ៗឲ្យប្រមូលផ្តុំអារម្មណ៍ ដូច្នេះហើយ ត្រូវរៀបចំទីកន្លែងទាំងនោះឲ្យមានភាពទាក់ទាញ សណ្តាប់ធ្នាប់ ហើយអ្វីដែលមិនអាចខ្វះបាន គឺពន្លឺគ្រប់គ្រាន់។ កាត់បន្ថយការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កុំទម្លាប់ជឿជាក់ថា មនុស្សដែលឆ្លៀតធ្វើកិច្ចការងារច្រើនយ៉ាងក្នុងពេលតែមួយចំណេញឲ្យសោះ ថ្វីត្បិតថាអ្នកបានចំណេញពេលវេលាពិតមែន តែប្រសិទ្ធភាព និងគុណភាពនៃលទ្ធ-ផលការងារមិនដូចចិត្តឡើយ។ ដូចនេះហើយ អ្នកគួរចៀសវាងការធ្វើសកម្មភាពពីរក្នុងពេលតែមួយដូចជា កុំនិយាយទូរស័ព្ទស្របពេលលាងចាន ឬពិនិត្យអ៊ីម៉ែលស្របពេលស្តាប់ទូរស័ព្ទ ជាដើម។ បិទសំឡេងរោទិ៍ចេញពីទូរស័ព្ទ   សំឡេងដែលបន្លឺចេញពីទូរស័ព្ទដៃជាប្រភពដ៏ចម្បងមួយនៃការរំខាន ដែលងាយនឹងកើតឡើងជាងគេ ហើយវាក៏ជាដើមចងដែលធ្វើឲ្យអារម្មណ៍ច្រួលច្រាល និងមួរម៉ៅ។ ទុកពេលវេលាសម្រាប់ខ្លួនឯង វាជារឿងមួយល្អដែលអ្នកបានរៀបចំបញ្ជីនៃកិច្ចការងារដែលត្រូវធ្វើជាប្រចាំថ្ងៃ  ប៉ុន្តែអ្នកមិនគួរប្រញាប់ធ្វើវាទាំងអស់ក្នុងរយៈពេលមួយថ្ងៃពេញនោះទេ។ ខួរក្បាលមនុស្សក៏មិនខុសពីគ្រឿងអេឡិចត្រូនិចដែរ វាត្រូវការពេលសម្រាកខ្លះ ដើម្បីប្រមូលផ្តុំ ក៏ដូចជាបង្កើនថាមពលឡើងវិញ។ ប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែក្នុងករណីចាំបាច់ អ្នកគួរតែប្រើប្រាស់អ៊ីនធឺណែតសម្រាប់តែការស្រាវជ្រាវរកព័ត៌មានសំខាន់ៗ ឬធ្វើការទំនាក់ទំនងចាំបាច់ប៉ុណ្ណោះ ហើយកុំព្យាយាមការចុចចូលបន្តពីតំណមួយទៅតំណមួយទៀត ឬការរកមើលនេះមើលនោះដោយគ្មានគោលដៅ។ បិទសារអេឡិចត្រូនិចពេលខ្លះ ប្រសិនបើអ្នកធ្វើការងារច្រើនជាមួយនឹងសារអេឡិចត្រូនិច អ្នកក៏គួរកាត់បន្ថយពេលវេលាខ្លះជាមួយនឹងវា។ បញ្ឈប់ការរាប់ចំនួន ចៀសវាងការសម្លឹងមើលនាឡិកា កិច្ចសន្យា របាយការណ៍ធនាគារ និងរបស់ផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំនួន ដើម្បីឲ្យខួរក្បាល និងការគិតរបស់អ្នកបានផ្តោតលើកិច្ចការងារផ្សេងទៀត។ ធ្វើលំហាត់ប្រាណ វាជាការពិតដែលគេនិយាយតៗគ្នា ការសម្រាកជារឿយៗជួយឲ្យខួរ-ក្បាលស្រឡះល្អ និងអាចប្រមូលផ្តុំស្មារតីបានល្អ  ប៉ុន្តែវាក៏ត្រូវមានកម្រិតផងដែរ។ កុំផ្តោតតែលើការងារ មិនថាមានការងារសំខាន់ប៉ុណ្ណាត្រូវធ្វើនោះទេ អ្នកក៏ត្រូវមានចន្លោះ ពេលខ្លះសម្រាប់ធ្វើការងារខ្លះដើម្បីខ្លួនឯង ហើយរំដោះខ្លួនពីការខំប្រឹងប្រែងហួសកម្រិតនោះ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពការងារ អ្នកគួរមានភាពឆ្លាតវៃក្នុងការផ្លាស់ប្តូរការគិតរបស់ខ្លួនចំពោះរឿងណាដែលសំខាន់ និងមានប្រយោជន៍សម្រាប់ខ្លួន។

ចែករំលែក

មុនក្បាលខ្មៅ គឺជាសត្រូវលេខ១ដែលញាំញីនៅលើផ្ទៃមុខរបស់យើងជាពិសេសគឺកើតនៅវ័យជំទង់នេះតែម្ដង។ តើធ្លាប់ដឹងទេថាហេតុអ្វីបានជាកើតមានជំងឺនេះ? សូមងាកមកស្ដាប់ប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឈិត គន្ធី អ្នកឯកទេសជំងឺសើស្បែកនៃកាដាវគ្លីនិកសើស្បែក និងឡេសឺរធ្វើការរៀបរាប់យ៉ាងក្បោះក្បាយ ទាក់ទិននឹងជំងឺមុនក្បាលខ្មៅនេះជាមួយ និងបទពិសោធន៍ក្នុងការសិក្សានៅតាមបណ្ដាប្រទេសមួយចំនួនស្ដីពីការថែទាំសុខភាពស្បែក និងការប្រើប្រាស់ឡេសឺរ។ ការយល់ដឹងពីប្រភេទនៃមុន មុនជាទូទៅ ត្រូវបានចែកចេញជា២ក្រុម គឺមុនដែលមានការរលាក និងគ្មានការរលាក។ មុនដែលមានការរលាកមានន័យថាមុខរបស់អ្នកជំងឺឡើងក្រហម មានអាការៈឈឺហើយមើលទៅមានកំណកខ្ទុះ ពណ៌លឿងនៅផ្នែកខាងលើនៃមុន ដែលមានប្រភេទដូចជា Acne Vulgaris, Acne Rosacea, Acne Conglobata  និង Acne Fulminans ។ រីឯមុនគ្មានការរលាកមានន័យថាមុខរបស់អ្នកជំងឺមិនមានការក្រហម ឈឺ ឬខ្ទុះអ្វីនោះទេ គ្រាន់តែមើលឃើញសភាពជាមុនកប់ មុនក្បាលខ្មៅ ឬមុនខ្សាច់ធម្មតា។ ប្រភេទដែលគួរឲ្យព្រួយបារម្ភជាងគេក្នុងចំណោមប្រភេទមុនដែលមានការរលាក គឺប្រភេទ Acne Conglobata និងប្រភេទ Acne Fulminans ដែលមុនប្រភេទនេះត្រូវបានគេហៅថា«Sever cystic acne» ដោយសារតែឈឺខ្លាំង និងមានលក្ខណៈជាខ្ទុះ នៅពេលជាសះស្បើយវា បន្សល់ទុកស្លាកស្នាមជាផ្លែដែលធ្វើឲ្យអ្នកជំងឺមានការព្រួយបារម្ភនៅថ្ងៃក្រោយ។ អ្វីទៅជាមុនក្បាលខ្មៅ? មុនក្បាលខ្មៅ ជាបញ្ហាស្បែកមួយប្រភេទដែលជាទូទៅកើតឡើងដោយសារតែមានវិបត្តិទៅលើក្រពេញប្រេងហើយវិបត្តិនេះមានន័យថាជាការស្ទះនៃក្រពេញប្រេងដែលបណ្ដាលឲ្យមានកន្ទួលនៅលើមុខស្ដែងចេញជាមុនក្បាលខ្មៅ ឬមុនខ្សាច់។ ភាគច្រើនយើងឃើញវាកើតមានឡើងនៅកៀនច្រមុះ នៅតាមចង្កា នៅលើថ្ពាល់ ឬក៏លើថ្ងាស។ ជាទូទៅ មុនក្បាលខ្មៅកើតទៅលើមនុស្សពេញវ័យដែលមនុស្សប្រុសចន្លោះពី១៤ឆ្នាំទៅ១៩ឆ្នាំ និងមនុស្សស្រីពី១០ឆ្នាំទៅ១៧ឆ្នាំតែក៏មានអ្នកខ្លះអាចឈានដល់អាយុ២០ឆ្នាំទៅ២១ឆ្នាំទើបកើតមានជំងឺនេះផងដែរ។ កត្តាដែលធ្វើឲ្យកើតមានមុនក្បាលខ្មៅ កត្តាដែលជម្រុញឲ្យកើតមានមុនក្បាលខ្មៅមាន៤កត្តាធំៗគឺ៖ •តំណពូជ៖ ឪពុក ឬម្ដាយដែលធ្លាប់មានជំងឺមុននេះពីមុនមកនាំឲ្យកូនរបស់ពួកគេងាយនឹងកើតមុនជាងមនុស្សធម្មតា។ •ការប្រែប្រួលនៃអ័រម៉ូន៖ ដោយសារតែពេលពេញវ័យមានបម្រែបម្រួលនៃអ័រម៉ូន Progesterone និង Estrogen ដែលវាភ្ញោចទៅលើក្រពេញប្រេងទាំងឡាយណាដែលមាននៅលើស្បែកឲ្យផលិតប្រេងលើសពីធម្មតាហើយនៅពេលដែលក្រពេញប្រេងនោះស្ទះនាំឲ្យកកជាកំណកមុន។ •ការតានតឹងអារម្មណ៍(Stress)៖ ដោយសារតែមានភាពតានតឹង គិតច្រើន គេងមិនលក់ ឬមានសម្ពាធណាមួយក៏ជាកត្តាជម្រុញឲ្យកើនមុនផងដែរ។ •កត្តារួមផ្សំ៖ កង្វះអនាម័យក្នុងការលាងមុខ ការជ្រើសរើសផលិតផលក្នុងការប្រើប្រាស់ ថ្នាំលាប ឬលេបទាំង ឡាយណាដែលធ្វើឲ្យស្ទះក្រពេញប្រេងសុទ្ធតែបណ្តាលឲ្យកើតមុនទាំងអស់។ ចំណីអាហារក៏ជាកត្តាជម្រុញមួយដែរ ប៉ុន្តែយើងមិនអាចកំណត់បានឡើយ គឺវាអាស្រ័យទៅលើបុគ្គលម្នាក់ៗ តែយើងសង្កេតឃើញអាហារមួយចំនួនដែលតែងតែធ្វើឲ្យកើតមុនដូចជាអាហារផ្អាប់ ស៊ុតគ្រឿងសមុទ្រ អាហារហឹរជាដើម។ វិធីសាស្រ្ដធ្វើរោគវិនិច្ឆ័យ     ការធ្វើរោគវិនិច្ឆ័យ គឺមើលទៅលើភាពមិនរលោងនៃផ្ទៃមុខស្ទាបទៅមានពកៗនៅលើផ្ទៃមុខតែវាមិនមែនបណ្ដាលមកពីការរលាកទេពេលមើលទៅរន្ធរោមឃើញមានពកៗ និងមានក្បាលពណ៌ខ្មៅ ហើយមុននេះមិនធំទេវាអាចមានទំហំប៉ុនរន្ធរោម ឬធំជាងនេះបន្តិច ដោយសារតែក្រពេញប្រេងស្ទះ រួមជាមួយនឹងបរិយាកាសខាងក្រៅដូចជាធូលី។ នៅពេលយើងខ្វះការលាងសម្អាតធ្វើឲ្យក្រពេញប្រេងមានអុកស៊ីតកម្មជាមួយកោសិកាស្បែកដែល ងាប់ដែលធ្វើឲ្យចេញជាមុនក្បាលខ្មៅ។ ផលវិបាកនៃការកើតមុន ជំងឺមុនមិនមានផលវិបាកអ្វីប៉ះពាល់ដល់ជីវិតអ្នកជំងឺទេតែអ្នកដែលមានមុន ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវអាចជួបនូវបញ្ហាមួយ គឺមានបន្សល់ទុកនូវស្លាកស្នាមខ្លះៗលើផ្ទៃមុខ។ ស្លាកស្នាមនោះវារំខានដល់ជំនឿចិត្តដែលធ្វើឲ្យអ្នកជំងឺមិនហ៊ានប្រឈមមុខនឹងសង្គមដូចជា ទៅផ្សារ សាលារៀន ឬចូលរួមកម្មវិធីផ្សេងៗដោយសារតែខ្មាស់គេ ក៏អាចឈានទៅដល់ការកើតជំងឺផ្លូវចិត្ត ឬសម្លាប់ខ្លួន (ករណីនេះធ្លាប់កើតមានឡើងនៅប្រទេសដទៃប៉ុន្តែពុំទាន់ឃើញមាននៅកម្ពុជានៅឡើយទេ)។ វិធីសាស្រ្ដក្នុងការការពារ ដើម្បីចៀសឲ្យផុតពីជំងឺមុនក្បាលខ្មៅយើងត្រូវរកពីមូលហេតុវាជាមុនសិន។ ប្រសិនបើបណ្ដាលមកពីតំណពូជ គឺត្រូវទៅទទួលការព្យាបាល។ មួយវិញទៀត បើសិនជាមានបម្រែបម្រួលអ័រម៉ូនត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលយកដំបូន្មានក្នុងការគ្រប់គ្រងការប្រែប្រួលអ័រម៉ូននេះ ហើយត្រូវយល់ដឹងពីអនាម័យក្នុងការលុបលាងមុខ ត្រូវដឹងថាស្បែករបស់ខ្លួនជាប្រភេទខ្លាញ់ ស្ងួត ឬធម្មតាដើម្បីជ្រើសរើសផលិតផលប្រើប្រាស់ឲ្យត្រឹមត្រូវតាមប្រភេទស្បែក។ បើសិនជាអ្នកអាចកត់សម្គាល់ថាអាហារណាធ្វើឲ្យអ្នកឡើងមុន ត្រូវតែចៀសវាង។ ការព្យាបាល ចំពោះការព្យាបាលគឺយើងត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញឯកទេសផ្នែកសើស្បែកដែលគាត់អាចឲ្យជាហ្វូមលាងមុខទៅតាមប្រភេទស្បែករបស់យើងឲ្យជាប្រភេទថ្នាំលាបដែលមានជាពេលព្រឹក និងពេលយប់។ សព្វថ្ងៃនេះ មានបច្ចេកវិទ្យាទំនើបដោយមានការព្យាបាលមុនតាមការប្រើពន្លឺ ឬឡាស៊ែរ ហើយចំពោះមុនមួយចំនួនដែលពិបាកធ្វើការយកចេញ គឺមានម៉ាស៊ីនបូមសម្អាត ឬញេចយកចេញដោយមិនមានបន្សល់ទុកស្លាកស្នាម។   ជាចុងបញ្ចប់លោកស្រីវេជ្ជបណ្ឌិតសូមធ្វើការផ្ដាំផ្ញើដល់ប្រិយមិត្តហេលស៍ថាម និងប្រជាជនទាំងអស់ថាប្រសិនបើមានបញ្ហាមុន សូមកុំមានការព្រួយបារម្ភព្រោះបច្ចេកវិទ្យាវេជ្ជសាស្រ្ដ ឥឡូវនេះមានការរីកចម្រើន និងសូមស្វែងរកគ្រូពេទ្យជំនាញគាត់នឹងអាចជួយអ្នកឲ្យមានស្បែករលោងដូចធម្មតាវិញ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

Konexgensខណៈនេះ សូមធ្វើការណែនាំនូវEuroChamCambodia  តាមរយៈអត្ថបទសម្ភាសជាមួយនឹងក្រុមការងារផ្នែកគ្រប់គ្រង និងនាយកប្រតិបត្តិផ្ទាល់…. ខ្លះៗអំពីEuroCham Cambodia European Chamber of Commerce (សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា) គឺជាបណ្តាញនៃជំនួញនៃប្រទេសលោកខាងលិចដែលធំជាងគេបង្អស់នៅកម្ពុជា ដែលមានសមាជិកចំនួន២៥០ បើគិតដល់ត្រឹមខែធ្នូឆ្នាំ២០១៦នេះ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្នុងគោលបំណងជួយជម្រុញជំនួញសហភាពអឺរ៉ុបនៅ ក្នុងប្រទេសកម្ពុជា ជួយក្រុមហ៊ុនអឺរ៉ុបចូលក្នុងប្រ-ទេសកម្ពុជា និងបង្កើតបណ្តាញទំនាក់ទំនងរវាងបណ្តាសមាជិកតាមរយៈកម្មវិធីផ្សេងៗ។ លក្ខខណ្ឌនៃការចូលជាសមាជិក ក្រុមហ៊ុនដែលអាចគ្រប់តាមលក្ខខណ្ឌសុទ្ធតែអាចចុះឈ្មោះជាសមាជិករបស់EuroCham  ទោះបីជាមានតែក្រុមហ៊ុនសហភាពអឺរ៉ុប (ឬក៏មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងសហគមន៍អឺរ៉ុប)ទើបមានសិទ្ធិបោះឆ្នោត។ យ៉ាងណាមិញ ភាគច្រើននៃសមាជិករបស់យើង គឺក្រុមហ៊ុនខ្មែរ។ ចំណុចពិសេសនៃសមាជិកភាព •    សមាជិកមានទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ពួកយើងផ្តល់ធនធាន ដល់ពួកគេ ដើម្បីរៀបចំគណៈកម្មការតាមវិស័យនីមួយៗ ដូចនេះ ពួកគាត់អាចធ្វើការជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះក្នុងវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដែលអនុសាសន៍ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលប្រទេសកម្ពុជា។ •    នៅពេលដែលបានក្លាយជាសមាជិករបស់យើងហើយ ពួកគេអាចនឹងពង្រីកវិសាលភាពឲ្យបានធំឡើងនៅក្នុងប្រទេសកម្ពុជា។ ពួកគេអាចបង្កើតវីដេអូផ្សព្វផ្សាយបង្ហាញនៅក្នុងគេហទំព័របណ្តាញសង្គមហ្វេសប៊ុក បង្ហោះការងារនៅក្នុងគេហទំព័រផ្សេងៗ និងបង្ហោះព្រឹត្តិការណ៍ ឬកម្មវីធីពិសេសៗ ហើយតាមរយៈវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយបែបនេះ យើងប្រាកដថាព័ត៌មាននឹងបានទៅដល់អតិថិជនជាច្រើន។ •    សមាជិកភាពអាចអនុញ្ញាតឲ្យក្រុមហ៊ុនចូលទៅក្នុងបណ្តាញដូចជា នាយកប្រតិបត្តិ មន្ត្រីរដ្ឋាភិបាល អ្នកការទូត និងអ្នកជំនាញនៅក្នុងប្រទេសកម្ពុជា។ សមាជិករបស់យើងបានចូលទៅកៀកនឹងរដ្ឋមន្ត្រីដែលមានអំណាចមួយចំនួននៅក្នុងវេទិកាកម្មវិធីផ្សេងៗ ដែលអាចឲ្យពួកគេបង្កើតនូវទំនាក់ទំនងជំនួញដ៏មានតម្លៃជាច្រើន នៅក្នុងកម្មវិធីបង្កើតបណ្តាញទំនាក់ទំនង(Networking events) ដ៏មានប្រជាប្រិយភាពរបស់ យើង។ •    សមាជិកក៏ទទួលបានការបញ្ចុះតម្លៃទៅលើកម្មវិធីដែលមានដល់ទៅជាង៤០ ដែលត្រូវបានរៀបចឡើងជារៀងរាល់ឆ្នាំ។ ចំណុចវិជ្ជមានលើវិស័យជំនួញនៅក្នុងប្រទេសកម្ពុជាពីEuroCham Cambodia ឧទាហរណ៍ជាក់ស្តែងមួយ គឺសកម្មភាពដែលយើងកំពុងតែធ្វើជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នទៅលើកូដពន្ធ។ អគ្គនាយកដ្ឋានពន្ធដារអនុម័តច្បាប់តាមប្រព័ន្ធចាស់គឺយកពន្ធ ១% ទៅលើប្រាក់ចំណូល មិនមែនប្រាក់ចំណេញទេ។ សកម្មភាពនេះមើលទៅដូចជាសមហេតុផលនៅក្នុងស្ថានភាពជាច្រើន ប៉ុន្តែចំពោះការរកស៊ីដែលប្រតិបត្តិនៅក្នុងកម្រិតទាបពន្ធនោះគឺយកឡើងទៅដល់៥០%នៃប្រាក់ចំណេញរបស់គាត់។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ពួកយើងបានពិភាក្សាជាមួយនឹងនាយកដ្ឋានពន្ធដារដោយមានការឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម គង់ វិបុល(ប្រធាននាយកដ្ឋានពន្ធដារ) មានប្រសាសន៍នៅក្នុងកម្មវិធីវេទិកាពន្ធរបស់EuroChamថា«លោកនឹងពិចារណាឡើងវិញចំពោះបទបញ្ញត្តិពន្ធនេះ»។ បន្ទាប់ពីបានស្គាល់ពីEuroChamហើយ ដល់វេលាទៅក្រលេកមើលពី«ចំណុចគួរយល់ដឹងពីវប្បធម៌ការងារ និងជំនួញបែបអឺរ៉ុប»វិញម្តង… គុណប្រយោជន៍នៃការយល់ដឹងពីវប្បធម៌សម្រាប់សមាជិក EuroCham វាពិតជាមានសារ សំខាន់ណាស់ ដោយហេតុថាប្រជាជនកម្ពុជា និងប្រជាជនអឺរ៉ុបមានការគិតខុសគ្នា ដូចនេះ ដើម្បីឲ្យទំនាក់ទំនងមានភាពរលូន ដំបូង គឺត្រូវស្វែងយល់អំពីមនុស្សដែលនៅចំពោះមុខ ហើយត្រូវចាំក្នុងចិត្តថានានាភាពនៃវប្បធម៌នឹងអាចកើតមានឡើង ហើយការយល់ដឹងពីភាពខុសគ្នានោះ នឹងជួយបង្ការជម្លោះ និងការយល់ច្រឡំផ្សេងៗ ។ អត្ថប្រយោជន៍នៃការយល់ដឹងពីវប្បធម៌ចំពោះសហគ្រិន វាបណ្តុះនូវទំនុកចិត្ត និង ការជឿជាក់ទៅលើដៃគូសហការបរទេសរបស់អ្នក ដែលជាកាតាលីករជម្រុញដំណើរការចរចា ដែលអាចឲ្យអ្នករៀនពីវិធីដោះស្រាយជាមួយនឹងជនជាតិអឺរ៉ុបទៅថ្ងៃអនគត។ គន្លឹះគួរយល់ដឹងពីការជួបលើកដំបូងជាមួយនឹងក្រុមហ៊ុនអឺរ៉ុប •    ចៀសវាងការនិយាយតែអំពីខ្លួនឯង •    ត្រូវបញ្ចុះបញ្ចូលអ្នកដែលនៅចំពោះមុខអ្នកអំពីអ្វីដែលអ្នកអាចផ្តល់ដល់ក្រុមហ៊ុនពួកគេ ព្រមទាំង វិធីសាស្ត្រក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ដោយធ្វើការស្វែងយល់អំពីដៃគូរបស់អ្នក និងអ្វីដែលពួកគេរំពឹងទុក •    ត្រូវបងា្ហញនូវភាពស្មោះត្រង់ ដោយកុំព្យាយាមលាក់បាំង ហើយខំប្រឹងសម្របតាមគ្រប់ពេល •    ក្នុងករណីមានកិច្ចប្រជុំសំខាន់ ឬការណាត់ជួបសំខាន់ អ្នកគួរធ្វើការសិក្សាស្រាវជ្រាវតាមប្រភព ផ្សេងៗឲ្យបានច្រើន ដើម្បីត្រៀមខ្លួនរួចជាស្រេច។ ខ្លឹមៗដែលគួរយល់ដឹងអំពីជំនួញបែបអឺរ៉ុប ត្រូវតែនិយាយចំៗដោយមិនបញ្ឆិតបញ្ឆៀងនៅពេលដែលនិយាយជាមួយជនជាតិអឺរ៉ុប។ ជនជាតិកម្ពុជាតែងមានវប្បធម៌ទុកមុខមាត់ឲ្យគ្នា ដែលមិនចាំបាច់អនុវត្តចំពោះជនជាតិអឺរ៉ុបឡើយ។ ជនជាតិអឺរ៉ុបឲ្យតម្លៃទៅលើភាពស្មោះត្រង់ និងបញ្ហាជាក់ស្តែង ជាងការរក្សាមុខមាត់ និងភាពភ័យខ្លាចខ្មាសគេ។ ទោះបីជាអ្នកមិនដឹងអំពីអ្វីមួយក៏ដោយ ចូរទទួលស្គាល់ការពិត ហើយបង្ហាញវាដោយភាពស្មោះត្រង់ ។ មេរៀនជំនួញពីក្រុមហ៊ុនអឺរ៉ុបដែលមិនគួរមើលរំលង មានតែការអនុលោមតាមច្បាប់ និង ភាពមានវិជ្ជាជីវៈដែលអាចឲ្យអោយដំណើរនៃអ្វីគ្រប់យ៉ាងមានស្ថិរភាព។ ម្យ៉ាងទៀត ត្រូវតែគិតដល់គុណប្រយោជន៍រយៈពេលយូរ។ គន្លឹះបង្កើនចំណងមិត្តភាព និងសម្ព័ន្ធភាពរវាងក្រុមហ៊ុនអឺរ៉ុប និង ក្រុមហ៊ុនកម្ពុជា អ្វីដែលសំខាន់ជាងគេ គឺ «ការរៀបចំល្អ» ដែលអាចនាំឲ្យមានចំណាប់អារម្មណ៍ពីដៃគូសហការកាន់តែច្រើន ដោយហេតុថា ក្រុមហ៊ុនអឺរ៉ុប និងក្រុមហ៊ុនអន្តរជាតិផ្សេងៗសុទ្ធតែឲ្យតម្លៃទៅលើចំណុចនេះយ៉ាងខ្លាំង។

ចែករំលែក

គេតែងនិយាយថា «ស្នេហាជាអារម្មណ៍ដែលមនុស្សពីរនាក់មានចំពោះគ្នាទៅវិញទៅមក» ចុះស្នេហាតែម្ខាង?មិនគិតថាថាជាស្នេហាដែរទេ៎??? វាដូចជាអយុត្តិធម៌បន្តិច ប្រសិនបើការដែលមនុស្សម្នាក់ស្រលាញ់គេតែម្នាក់ឯងមិនអាចហៅថាជា«ស្នេហា»នោះ… តវ៉ានេះ មិនមែនដោយសារតែខ្លួនឯងជួបរឿងហ្នឹងតែមួយមុខទេ គឺថា…មកពីដឹងច្បាស់ថា «I am not alone» ដែលមិនអាចទទួលបានក្តីស្រលាញ់ពីមនុស្សដែលបេះដូងត្រូវការ។ ហើយប្រាកដណាស់ វាសេដខ្លាំង តែមិនស្លាប់ទេ គ្រាន់តែឈឺអួលៗម្តងៗ… មិនមែនមិនដែលទប់ចិត្តទេ គឺទប់អស់ពីទប់ហើយ…រាល់លើក ពេលទៅណាមកណា ឃើញគូស្នេហ៍កៀកកើយ សាសាងស្នេហាគ្នានោះ…ជួនកាលណា៎…បេះដូងវាស្ទើរប្រេះជាចម្រៀកទៀតផង ជាពិសេសពេលម្នាក់នោះនៅជាមួយស្នេហារបស់គេ ហើយម្នាក់នោះជានរណាគេ??? សូមមិនបង្ហាញអត្តសញ្ញាណទៅចុះ ដឹងត្រឹមថាគេជាមនុស្សម្នាក់ដែលបេះដូងខ្ញុំត្រូវការ… កន្លែងនោះ… ដោយសារតែភ្នាល់នឹងពួកម៉ាកថានឹងលេងហ្គីតាបទ«You are the one in my life» ឲ្យវា និងស្នេហាវាច្រៀងពេលទៅដើរលេងចុងឆ្នាំនៅកោះ ក៏ត្រូវស្ពាយហ្គីតាទៅរៀនរាល់ល្ងាច… ថ្ងៃចូលរៀនទីមួយ ក៏ស៊យយ៉ាងហ្នឹង វង្វេងសាលាមធ្យម ងំបែកកង់ម៉ូតូហ្នឹងហ្មង៎!!! ដោយសារតែទុកចិត្តGoogle Map ទើបត្រូវខកម៉ោងឡើងអស់កន្លះម៉ោង…លើកក្រោយឲ្យរាង!!! គ្រាន់តែដាក់ជន្ទល់ម៉ូតូហើយភ្លាម បេះដូងចាប់ផ្តើតលោតញាប់ ព្រោះថា មិនដែលចូលរៀនអីម្នាក់ឯងបែបនេះនោះទេ…ហើយឡើងសុទ្ធតែប្រុសៗទៀត ព្រះអើយ!!! បើកុំតែដើម្បីឈ្នះ កុំអីសុខចិត្តនៅសម្ងំមើលដ្រាម៉ានៅផ្ទះវិញប្រសើរជាង។ បន្ទាប់ពីរកបានកន្លែងគួរសមហើយ ខ្ញុំក៏ប្រញាប់បើកសៀវភៅមេរៀនមើល ដើម្បីគេចពីការកែវភ្នែករបស់អ្នកនៅជុំវិញ បើកចុះបើកឡើងមិនដឹងថាត្រូវចាប់ផ្តើមពីអីមកមុន បើមនុស្សមិនដឹងខ្យល់អីម៉ាតិច ពីអាហ្គីតាហ្នឹង…មិនដឹងថាគ្រូនៅណាទៀតហ្នឹងហា៎…ម្នាក់ៗឡើងអត់មាននរណាចាប់អារម្មណ៍ថាខ្ញុំកំពុងឡេឡឺសោះហ្មង គិតតែឈ្ងោកមើលសៀវភៅ ហើយដេញហ្គីតារបស់ខ្លួន…ហ៊ើយ!!!បើដឹងបែបនេះ សុខចិត្តអង្គុយរៀនតាមYoutubeវិញហា៎… មួយសន្ទុះក្រោយមក…ក៏លឺសំឡេងហ្គីតាយ៉ាងពិរោះ គឺបទ…«មិនស្រលាញ់អូនមិនបាន» ហើយអ្នកលេងហ្នឹងឡើងសង្ហា…ការពិតទៅ មិនសូវជាស្អាតម៉ានទេ តែបានរាងសង្ហា និងទេពកោស្យលេងហ្គីតា និងច្រៀងយោង…ហើយមិនដឹងមកពីណាមកពីណីទេ ញើសឡើងជោគខ្លួន តែនៅតែសង្ហា… អូយយយយយយយ!!! ភ្លេចខ្លួន…មិនដឹងខ្លួនឯងមុនហ្នឹងមើលគេហើយស្រមៃដល់ណាទេ ទើបបានជាគេមកអង្គុយជិតតាំងពីអង្កាល់ក៏មិនដឹង បេះដូងលោតញាប់ម៉េះ??? ទៅបន្ទប់ទឹកសិន មុននឹងត្រូវគេចាប់បាន… «សូមទោសដែលឲ្យចាំយូរ» «មិនអីទេ…ទើបតែមកដល់ដែរហ្នឹង…» «និយាយមុខឡើងសើមនៀក…ចែគាត់ប្រាប់ហើយថាយើងហ្នឹងមកអង្គុយធ្វើភ្នែកឡេងឡង់យូរគ្រាន់ហើយដែរ…ប្រឹងកុហកទៅណា???» «គឺថា…ខំនិយាយឡើងគួរសមហើយ…» «បាន…តោះ! ចាប់ផ្តើមរៀនវិញ» រាល់ពេលដែលម្នាក់នោះនិយាយពន្យល់ ខ្ញុំក៏មិនហ៊ានសម្លឹងមើលភ្នែកគេដែរ…មើលបានត្រឹមចំណុចផ្សេងនៅលើមុខ រហូតដល់គេសួរថាភ្នែកសំឡេវមែនទេ??? ហាសហាហាហា…ពូកែសម្តីហ្មងអាប៉ិហ្នឹង!!! តែអីដែលសំខាន់ គឺបង្រៀនឡើងច្បាស់ៗ…លឺអ្នកជិតៗហ្នឹង លួចសរសើរពេញហ្នឹង… តែប៉ុណ្ណេះ…ដឹងតែមានកម្លាំងចិត្តកាន់តែខ្លាំងហើយ…គិតត្រឹមនាទីនេះ…ឈ្នះចាញ់លែងសូវសំខាន់ហើយ សំខាន់មានគ្រូបង្រៀនសង្ហា ហើយពូកែទៀត ថ្ងៃនោះ… ដោយសារតែខំប្រឹងរៀនបន្ថែមនៅផ្ទះផង ទើបអាចលេងបទដែលប្រាថ្នាហ្នឹងបានយ៉ាងលឿន… ពេលប៉ុន្មានអាទិត្យកន្លងមកនេះ ម្នាក់នោះ និងខ្ញុំក៏ក្លាយជាមិត្តជិតស្និទ្ធក្នុងកម្រិតមួយ ដែលពេលខ្លះ ធ្វើឲ្យខ្ញុំពិបាកបែងចែកថាតើ «យើងជាអ្វីនឹងគ្នា???» ឆាតជាមួយគ្នាជាប្រចាំ មានអ្វីក៏ចែករំលែកគ្នា លួងលោមរាល់ពេលដែលពិបាកចិត្ត លើកទឹកចិត្តគ្រប់ពេលដែលជួបបញ្ហា ឬបាក់កម្លាំងចិត្ត…ទាំងនេះ ត្រឹមតែជាមិត្តភាពទេមែនទេ៎??? ចំណូលចិត្ត និងចំណាប់អារម្មណ៍ក៏ស្រដៀងគ្នាច្រើន ដល់ថ្ងៃចុងក្រោយដែលមករៀន ខ្ញុំក៏ដាច់ចិត្តសួរគេថា«យើងនឹងទាក់ទងគ្នាដូចដើមទេ???» គេក៏ឆ្លើយទាំងញញឹមថា «ប្រាកដហើយ…អាប្អូន!!!» ហើយក៏លើកដៃញីសក់ខ្ញុំ (ធ្លាប់ប្រាប់ហើយ ថាខ្ញុំចូលចិត្តពេលគេញីសក់បែបហ្នឹង ហើយក៏តែងតែស្រលាញ់នរណាដែលធ្វើបែបហ្នឹងដែរ…ធ្វើចឹង ចង់ឲ្យគេលង់មែន៎???)។  ទើបតែថ្ងៃនោះ ទើបខ្ញុំដឹងថា គេមានសង្សារហើយ គ្រាន់តែត្រូវហ្វឹកហាត់ការងារនៅថៃ២ឆ្នាំ ហើយមូលហេតុដែលមិនមានសិស្សស្រីរៀន ព្រោះស្នេហាគេជាអ្នកហាម តែខ្ញុំក្លាយជាករណីមួយលើកលែងព្រោះតែ ឃើញខ្ញុំស្រីមិនចំស្រី ប្រុសមិនចំប្រុស ក្មេងមិនចំក្មេង ចាស់មិនចំចាស់ ទើបឲ្យរៀន… គេណាត់ខ្ញុំញ៉ាំអីពេលល្ងាច ដើម្បីជប់លៀងការបញ្ចប់វគ្គសិក្សា…ដំបូង ខ្ញុំចង់បដិសេធ ព្រោះមិនទាន់ធ្វើចិត្តបាន ពេលដឹងលឺពីការពិតដ៏សែនឈឺចាប់ទាំងនោះ ប៉ុន្តែខ្ញុំគ្រាន់តែខ្លាចថាមិនមានឱកាសបែបនេះម្តងទៀត។ តែក៏នៅតែមិនអាចដូចដើម…ខ្ញុំមិនសូវនិយាយស្តីរហូតដល់គេក៏មិនសូវហ៊ានសួរនាំច្រើន… ពេលនោះ ទោះបីដឹងហើយថា គេមិនទំនេរ អារម្មណ៍របស់ខ្ញុំក៏មិនអាចផ្លាស់ប្តូរ…អ្វីៗនៅដូចដើម លើកលែងតែការជួបមុខគ្នា…មិនអាចជួបរាល់ថ្ងៃ តែយើងក៏មានឱកាសពេលសៅរ៍-អាទិត្យ ដើម្បីនិពន្ធចម្រៀង… វាក្លាយជាការងារក្រៅម៉ោងដែលយើងទាំងពីរធ្វើរួមគ្នា…ម្យ៉ាងដែរ…ធ្វើការងារដែលខ្លួនស្រលាញ់ចូលចិត្តរហូតមក ជាមួយមនុស្សដែលតែងតែធ្វើឲ្យបេះដូងលោតញាប់…មិនជឿទេថា គេមិនដឹងថាខ្ញុំគិតយ៉ាងណាចំពោះគេ…តែក៏មិនហ៊ានបញ្ចេញ ព្រោះថាគេមានម្ចាស់ហើយ បទដែលយើងនិពន្ធភាគច្រើនទាក់ទងនឹងសង្គម មិត្តភាព ស្នេហា និងផ្សេងៗ តែអ្វីដែលមិនអាចនិពន្ធចេញ គឺស្នេហាដែលមនុស្សពីរនាក់ស្រលាញ់គ្នា…ក៏ធ្លាប់បានសាកល្បងហើយដែរ…តែមិនចេញជារូបរាងសោះ… ពេលមួយ…ម្នាក់នោះបានយកប៉ារ៉ូលចម្រៀងមួយឲ្យខ្ញុំមើល ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង…គឺថា…ជាចម្រៀងស្នេហា!!! តែ…អត្ថន័យនេះដូចជាចម្លែកម៉េះ??? ចំណងជើងគឺ «តម្រូវការបេះដូង» ពេលសួរទៅថា គេថាព្យាយាមតែង ព្រោះមានគេចង់បានសម្រាប់ដាក់ក្នុងវីដេអូPre-weddingគេ ខ្ញុំអានហើយក៏មានអារម្មណ៍ថាវាត្រូវនឹងសាច់រឿងរបស់ខ្លួន…តែប្រាកដជាមកពីគិតច្រើនខ្លួនឯង អ្វីដែលធ្វើបាន គឺមានតែជួយកែសម្រួលតាមហ្នឹង… ពេលនេះ…ក៏ជាលើកដំបូងដែលគេបបួលខ្ញុំថតសំឡេងសម្រាប់បទហ្នឹង…ខ្ញុំចូលតួជាខ្លាំង ព្រោះគ្រប់ពាក្យក្នុងបទចម្រៀង គឺពិតជាអ្វីដែលខ្ញុំចង់បង្ហាញពិតមែន…គេក៏ដូចគ្នាដែរ…មានអារម្មណ៍ថា បទនេះសម្រាប់យើងពីរនាក់យ៉ាងម៉េចទេ… យើងទាំងពីរនាក់ស្រែកច្រៀងយ៉ាងសប្បាយចិត្ត…ប្រៀបដូចជាវេទិកាបង្ហាញអារម្មណ៍ដែលមានឲ្យគ្នាដែរ…ក៏ដឹងហើយថា វាជាអារម្មណ៍ដែលមានតែម្ខាង តែពិតជាមិនអាចឃាត់ចិត្តបានមែន…ក្តីសុខតិចតួចដែលខ្ញុំរីករាយនឹងទទួលរហូតមកថតចប់ភ្លាម…គេក៏ប្រញាប់រត់ទៅយកទូរស័ព្ទដូចជាមានអ្វីបន្ទាន់… ដឹងទេ??? ជាអ្វី??? គេបើកវីដេអូcall ជាមួយនឹងស្នេហាគេតាំងពីពេលណាក៏មិនដឹង…ហើយបទចម្រៀងហ្នឹង គឺសម្រាប់Pre-weddingរបស់គេទាំងពីរហ្នឹងឯង… ខ្ញុំមិនមានសិទ្ធប្រកាន់ ឬអន់ចិត្តឡើយ ព្រោះវាជាការងារ…ប៉ុន្តែ…ទឹកភ្នែកពេលនេះរឹងក្បាលខ្លាំងណាស់ ហូរមកមិនឈប់…ដើម្បីកុំឲ្យបែកការណ៍ គឺមានតែរត់ទៅបន្ទប់ទឹក…មិនមែនជាលើកទីមួយនោះទេ ដែលខ្ញុំយកបន្ទប់ទឹកជាកន្លែងបង្ហូរទឹកភ្នែក ហើយភាគច្រើនគឺម្នាក់នោះ ជាដើមហេតុ…គេហាក់ដូចជាមានសោរចាក់ទ្វារទឹកភ្នែករបស់ខ្ញុំអញ្ចឹង មុខចាប់ផ្តើមស្ពឹក បេះដូងក៏ឈឺអួល ដៃជើងឡើងទន់… អ្វីៗគ្រប់យ៉ាង គឺខ្ញុំអ្នកគិតច្រើនដោយខ្លួនឯង…គិតលើសខ្លាំងពេកហើយ… ក្តីសង្ឃឹមតូចតាចដែលប្រឹងបណ្តុះ និងលាក់ទុករហូតមក ក៏ត្រូវរលាយខ្ចាត់ខ្ចាយអស់រលីងហ្មង!!!  ការផ្លាស់ប្តូរនោះ ចាប់ពីពេលនោះមក ខ្ញុំព្យាយាមគេចវេស និងរក្សាគម្លាតពីគេ ហើយវាក៏ជារឿងតែម្យ៉ាងគត់ដែលខ្ញុំអាចធ្វើបាន និងជាជម្រើសល្អបំផុតដើម្បីព្យាបាលរបួសបេះដូងមួយនេះ។ តែអ្វីៗមិនងាយដូចការនិយាយនោះទេ…គ្រប់ពេលដែលឃើញម្នាក់នោះផុសជាមួយនឹងស្នេហាគេម្តងៗ ខ្ញុំប្រៀបបាននឹងតួឯកស្រីក្នុងកុនដែលទឹកភ្នែកហូរស្រក់មកពីណាខ្លះ ក៏មិនដឹង… ដឹងថាឈឺចាប់ តែរាល់ថ្ងៃបើមិនបានមើលprofileគេម្តងទេ គឺមិនអស់ចិត្តតែម្តង…ពេលខ្លះបើកមើលឆាតដែលយើងតែងលេងជាមួយគ្នាស្ទើរតែគ្រប់នាទី ហើយក៏សើចលាយទឹកភ្នែកតែម្នាក់ឯង…អារម្មណ៍ដែលលឺសំឡេងnotificationsដែលមានឈ្មោះគេ ក៏លែងសូវមានដូចមុន ព្រោះពេលនេះ យើងនិយាយគ្នាតែពេលដែលមានរឿងការងារប៉ុណ្ណោះ… ខ្ញុំស្ទើរតែបោះបង់ចោលការលេងហ្គីតាព្រោះតែមិនចង់នឹកឃើញដល់គេ…តែ…វាជាលេសតែមួយគត់ដែលអាចឲ្យយើងជួបគ្នាបាន… ឱកាសនោះ ព្រោះតែបទ«តម្រូវការបេះដូង» មានភាពពេញនិយមច្រើន ម្នាក់នោះ និងខ្ញុំក៏ត្រូវបានគេអញ្ជើញឲ្យលើកសំដែងនៅលើឆាកប្រគុំតន្រ្តីសប្បុរសធម៌នៅសាលា…បើសិនជាអាច ពិតជាចង់បដិសេធណាស់…តែមិនមានហេតុផលសមស្របអីមួយសោះ… ជាការលើកសំដែងរួមគ្នាលើកដំបូង ក៏ប្រហែលជាលើកចុងក្រោយដែរ… ថ្មីៗនេះ គេហាក់ដូចជាប្លែក…តែងតែសួរសុខទុក្ខ និងយកចិត្តទុកដាក់ដូចពីមុន តែសង្ស័យថាគេចង់ឲ្យការសំដែងបានល្អប៉ុណ្ណោះ។ យើងហាត់សមជាមួយគ្នាជាច្រើនដង ទាំងលើ និងក្រោមឆាក ព្រោះថាបំណាច់នឹងបង្ហាញសមត្ថភាព ត្រូវតែធ្វើឲ្យបានល្អ។ ខ្ញុំក៏ធ្លាប់ឲ្យយោបល់ថា គេគួរតែច្រៀងជាមួយស្នេហារបស់គេដែរ តែគ្រាន់តែឆ្លើយថា នាងមិនចេះច្រើនទេ…ម្យ៉ាងទៀត នាងក៏នៅថៃនៅឡើយទៀត ឆាកដែលរៀបចំ ឡើងរ៉ូមែនទិក…នេះ…ឡើងដូចក្នុងរឿងកុនទៀតហើយ…មិនចង់រំភើបក៏មិនអាចដែរ ពេលនេះនោះ…សូមតែមួយយប់នេះទេ…សូមធ្វើតួឯកតែប៉ុន្មាននាទីនេះទេ… ពេលវេលាក៏មកដល់…ខ្ញុំឈានជើងមួយជំហានៗលើឆាកដំបូង ឡើងញ័រអស់ហើយ តែម្នាក់នោះហាក់ដូចជាមើលដឹង ក៏ព្យាយាមជួយសម្រួលឲ្យខ្ញុំមានភាពក្លាហាន…ខែ្សភ្នែកគេ…មួយគូនោះ…នាំភាពកក់ក្តៅជាខ្លាំង… សប្បាយ និងរំភើបពេលទស្សនិកជនស្រែកហ៊ោ…ស្នាមញញឹមរបស់ពួកគេ ធ្វើឲ្យខ្ញុំរឹតតែរឹងមាំថែមទៀត…នៅសុខៗ ស្រាប់តែមានសំឡេងស្រែកហ៊ោកាន់តែខ្លាំង ពិសេសនៅពេលដែលជិតចប់បទ…ខ្ញុំស្មានតែមានកំហុសបច្ចេកទេសអី នៅលើslide តែ…មិនមែនទេ…គឺ… វីដេអូដែលមានរូបថតខ្ញុំ និងម្នាក់នោះ…កំពុងតែត្រូវបានបញ្ចាំងចំពោះមនុស្សរាប់រយនាក់… ខ្ញុំស្រឡាំងកាំងភ្លាមៗ…រហូតដល់ពេលលឺសំឡេងរបស់គេ…និយាយថា «សូមទោស!!! ដែលមិនបានផ្គត់ផ្គង់តម្រូវការបេះដូងរហូតមក…នៅត្រង់ហ្នឹងហើយ…ចាំស្តាប់មួយបទនេះចប់សិន…សឹមនិយាយគ្នា» រួចក៏ងាកទៅព្រិចភ្នែកទៅក្រោយឆាក…អ្វីដែលលឺបន្ទាប់មកទៀត គឺសំឡេងហ៊ោ និងទះដៃពីគ្រប់ជ្រុងទាំងអស់នៃសាល ក្រុមការងារក៏យកកៅអីមួយមកឲ្យខ្ញុំអង្គុយ ហើយម្នាក់នោះក៏យកហ្គីតាដែលជាមិត្តសម្លាញ់របស់គេមកចាប់ផ្តើមលេងនូវចម្រៀងដែលខ្ញុំមិនធ្លាប់លឺពីមុនមក…ប៉ុន្មានឃ្លាដំបូង ក៏ធ្វើឲ្យអ្នកស្តាប់ស្រែកហ៊ោយ៉ាងខ្លាំងទៅហើយ…លើកនេះ នៅលើslidesសុទ្ធតែជារូបថតដែលគេបានលួចថតខ្ញុំ…ទឹកភ្នែកក៏ចាប់ផ្តើមហូរឥតល្ហែទៀតហើយ  ពិតជាភ័យណាស់…ភ័យខ្លាចថានេះគ្រាន់តែសុបិន្ត…រហូតដល់ពេលដែលគេដើរមកក្បែរ ហើយជូតទឹកភ្នែកទាំងនោះ ហើយយកដៃញីសក់ខ្ញុំដូចរាល់ដង…ហើយឃ្លាចុងក្រោយនៃបទចម្រៀង គឺ«ឲ្យម្នាក់នេះធ្វើជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នោះ» បានទេ៎??? ខ្ញុំនៅមិនទាន់ឈប់យំនៅឡើយ តែខួរក្បាលនៅដំណើរការល្អ ហើយក៏បញ្ជាក្បាលឲ្យងក់យ៉ាងលឿន…ស្នាមថើបលើថ្ងាស និងការអោបយ៉ាងកក់ក្តៅរបស់ម្នាក់នោះ នាំឲ្យខ្ញុំយល់ថា ឱកាសនេះជាពេលវេលាដ៏មានក្តីសុខរបស់ខ្ញុំ…ទោះបីមិនទាន់ប្រាកដថានេះគ្រាន់តែជាការសំដែងបែបពញ្ញាក់អារម្មណ៍ ឬយ៉ាងម៉េច…តែបេះដូងរបស់ខ្ញុំក៏ប្រាប់ថាស្កប់ស្កល់ហើយ… មកដល់ក្រោយឆាក ទើបគេទាញដៃខ្ញុំចេញទៅក្រៅសាលយ៉ាងលឿន…ហើយក៏ហុចទូរស័ព្ទគេមកឲ្យខ្ញុំមើលដោយមិននិយាយអ្វីទាំងអស់…គឺ…ជាprofileរបស់ស្នេហាម្នាក់នោះ…គេបានបែកគ្នាហើយ ព្រោះថាខាងស្រីមានស្នេហាថ្មី គ្រាន់តែឃើញ…ខ្ញុំប្រញាប់ទាញថ្ពាល់ខ្លួនឯង ដើម្បីបញ្ជាក់ថានេះមិនមែនជាការយល់សប្តិ…គេសើចហើយញីសក់ខ្ញុំ និងទាញទៅអោបយ៉ាងណែន…មិនដឹងទេ…គ្រាន់តែដឹងថា…បែបហ្នឹងវាកក់ក្តៅ… ម្នាក់នោះ ព្រោះតែគេ…ខ្ញុំចូលចិត្តលេងហ្គីតា ព្រោះតែគេ…ខ្ញុំស្រលាញ់ការនិពន្ធចម្រៀង ព្រោះតែគេ…ខ្ញុំស្គាល់អ្វីទៅជាការបារម្ភពីចិត្តពិត ព្រោះតែគេ…ខ្ញុំអាចរឹងមាំ ព្រោះតែគេ…ខ្ញុំចេះលើកទឹកចិត្តខ្លួនឯង ព្រោះតែគេ…ខ្ញុំឈប់ដ្រាម៉ាបែបalone ព្រោះតែគេ…ខ្ញុំលែងបារម្ភខ្លាចគ្មានអ្នកជូតទឹកភ្នែក… «ម្នាក់នោះជាអ្នកផ្គត់ផ្គង់តម្រូវការបេះដូងម្នាក់នេះ» Photo Credit : Dalin Sean

ចែករំលែក
Top