- Jun 08, 2018 |
- 7 ឆ្នាំមុន |
- 5.4K មើល
Griseofulvin ជួយអ្នកពីការចម្លងរោគផ្សិត
ជាមួយប្រសិទ្ធភាពប្រឆាំងនឹងផ្សិត ឱសថ Griseofulvin ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលការចម្លងមេរោគនៅលើស្បែកក្បាល ក្រចកដៃ ក្រចកជើង ក៏ដូចជាជំងឺស្រែងនៅលើស្បែក។ ចំណែកការប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងទៀតទាមទារឲ្យមានការណែនាំពីវេជ្ជបណ្ឌិត ឬឱសថការី។ សកម្មភាពឱសថ Griseofulvin ជាប្រភេទថ្នាំផ្សះដែលមានមុខងារប្រឆាំងនឹងការលូតលាស់របស់មេរោគពពួកផ្សិតនៅក្នុងក្រុម Dermatophytes (Trichophyton, Microsporum និង Epidermophyton)។ ឱសថនេះបានទៅឃាត់ឃាំងការបំបែកខ្លួនរបស់ផ្សិតដោយធ្វើការបង្អាក់ដំណើរការក្នុងវគ្គមេតាផាសនៃវដ្តមីតូស។ បន្ទាប់ពីការលេប ឱសថអាចជ្រាបទៅដល់ស្បែក សក់ និងក្រចក ហើយភ្ជាប់ជាមួយកោសិកាដើម Keratin ដែលមានឥទ្ធិពលទៅលើកោសិកានៃជំងឺ។ កម្រិត និងការប្រើប្រាស់ Griseofulvin ត្រូវបានប្រើប្រាស់ក្រោមទម្រង់ជាគ្រាប់ ឬទឹក ដោយអាចលេប ១គ្រាប់ក្នុងមួយថ្ងៃឬអាចប្រើទៅដល់ ៤គ្រាប់ក្នុងមួយថ្ងៃ។ បើទោះបីរោគសញ្ញានៃជំងឺបានធូរស្រាលក្នុងរយៈពេលតែ២ ឬ៣ថ្ងៃ ឱសថ Griseofulvin តែងត្រូវបានណែនាំឲ្យប្រើប្រាស់ឲ្យបានគ្រប់កម្រិត និងពេលវេលាទៅតាមការចម្លងនីមួយៗ តួយ៉ាងដូចជា៖ • ការព្យាបាលជំងឺលើស្បែកត្រូវការពេលពី ២ទៅ៤សប្តាហ៍ • ជំងឺកើតលើសក់ ឬស្បែកក្បាលត្រូវការការព្យាបាលពី ៤ ទៅ ៦សប្តាហ៍ • ការចម្លងរោគលើជើង ត្រូវការពេលព្យាបាលពី៤ ទៅ ៨សប្តាហ៍ • រយៈពេលពី ៣ ទៅ ៤ខែ សម្រាប់ការព្យាបាលការចម្លងរោគលើក្រចកដៃ • សម្រាប់ការព្យាបាលការចម្លងរោគលើក្រចកជើងទាមទារពេលវេលាយ៉ាងតិចណាស់ ៦ខែ។ ផលរំខានរបស់ឱសថ Griseofulvin អាចនឹងបង្កជាផលរំខានមួយចំនួនដែលអ្នកត្រូវផ្តល់ដំណឹងដល់វេជ្ជបណ្ឌិត ឬឱសថការីនៅពេលផលរំខានទាំងនោះស្តែងចេញមានសភាពធ្ងន់ធ្ងរដូចជា៖ • ឈឺក្បាល • បញ្ហាក្រពះ ពោះវៀន • ក្អួត • រាក • ស្រេកទឹក • អស់កម្លាំង ឬវិលមុខ • សន្លប់។ អន្តរកម្មឱសថ ឱសថ Griseofulvin អាចទៅបន្ថយកម្រិតឱសថផ្សេងទៀត ក្នុងករណីការប្រើប្រាស់ក្នុងពេលជាមួយគ្នា ដែលមានដូចជា៖ • Warfarin • ឱសថពន្យារកំណើត • Cyclosporine • Aspirin។ បម្រុងប្រយ័ត្ន ក្នុងស្ថានភាពសុខភាពមួយចំនួន ការប្រើប្រាស់ឱសថ Griseofulvin គឺមិនត្រូវអនុញ្ញាតនោះទេដោយសារឱសថនេះអាចធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ រួមមានដូចជា៖ • បុគ្គលដែលមានជំងឺទាក់ទងនឹងគ្រាប់ឈាម • បុគ្គលមានជំងឺថ្លើម។ ក្រៅពីនោះ ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន និងកុមារអាយុក្រោម ៣ឆ្នាំ ក៏មិនគួរប្រើប្រាស់ផងដែរ។ គួរបញ្ជាក់ផងដែរ ឱសថ Griseofulvin ស្ថិតនៅក្រោមឈ្មោះដូចជា Glovin (ក្រែម), Grison-250 និង Grifulvin V® កំពុងតែមានលក់នៅលើទីផ្សារ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
