- Jun 16, 2018 |
- 7 ឆ្នាំមុន |
- 5.7K មើល
ការបិតធ្មេញទាមទារឲ្យមានការថែទាំយ៉ាងណាខ្លះ?
Porcelain Veneer, Dental Veneerឬ Laminate Veneer ជាឈ្មោះសំដៅទៅ លើការបិតធ្មេញ ស្តែងចេញជាបន្ទះស្តើង ថ្លាដូចកញ្ចក់បិតទៅលើផ្ទៃធ្មេញ ជាពិសេសផ្នែកខាងមុខ ដើម្បីបង្កើនសោភ័ណភាព។ វាត្រូវបានចែកចេញជាពីរប្រភេទគឺ៖ • ប្រភេទផ្ទាល់ (Direct)៖ សំដៅលើ ផ្ទៃសមាសធាតុ (Composite)ដែលត្រូវបានឆ្លាក់បិតទៅលើធ្មេញផ្ទាល់ដោយធ្វើឡើងក្នុងមាត់តែម្តងទាមទាររយៈពេលតែ ១ ទៅ ២ម៉ោងប៉ុណ្ណោះ។ • ប្រភេទមិនផ្ទាល់ (Indirect)៖ ជាវិធីសាស្រ្តតម្រូវឲ្យមានការខាំពុម្ព រួចទើបធ្វើការឆ្លាក់ទៅតាមធ្មេញរបស់បុគ្គលនីមួយៗ មុននឹងធ្វើការបិតទៅលើធ្មេញ ដែលសមាសធាតុក្នុងការប្រើប្រាស់អាចមានដូចជា៖ -Resin Composite៖ ធ្វើការឆ្លាក់ និងរចនាផ្ទាល់នៅលើពុម្ព រួចធ្វើឲ្យរឹងដើម្បីយកទៅបិតនៅលើធ្មេញវិញ។ -Ceramic៖ ធ្វើឡើងដោយការដុតរំលាយម្សៅ Ceramicចេញជារាងធ្មេញវាមានសភាពស្មើសាច់ និងរឹងល្អ។ -CAD-CAM Veneer៖ ជាវិធីសាស្រ្តជំនាន់ថ្មី ប្រើប្រាស់ដោយកុំព្យូទ័រ សម្រាប់ការកាត់ និងឆ្លាក់ ដែលមានគុណភាពរឹងមាំល្អជាងគេ។ ក្នុងករណីធ្មេញមានបញ្ហាដូចជា រូបរាង ពណ៌មិនស្អាត មានប្រហោង ធ្មេញខ្លី សឹក និងមិនត្រង់ជួរ អាចជ្រើសរើសការបិតធ្មេញសម្រាប់ជាដំណោះស្រាយ ដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលបានសេវាកម្មនេះ ជាពិសេសបុគ្គលដែលមាន តម្រូវការផ្នែកសោភ័ណភាពខ្លាំង ភាគច្រើនមនុស្សស្ថិតក្នុងវ័យយុវវ័យ លើកលែងតែកុមារដែលនៅមានធ្មេញទឹកដោះ។ ដំណាក់កាលនៃការបិតធ្មេញ • ជំហានដំបូង ទន្តបណ្ឌិត ត្រូវពិនិត្យមើលរូបរាងធ្មេញ ពណ៌ធ្មេញ អញ្ចាញ ទំនាក់ទំនងការញញឹម ជាមួយធ្មេញ និងបបូរមាត់ ក៏ដូចជាទម្រង់មុខដែលត្រូវធ្វើការវិភាគឲ្យបានស៊ីជម្រៅប្រើប្រាស់ដោយប្រព័ន្ធកុំព្យូទ័រ។ បន្ទាប់មក ត្រូវធ្វើការ ឆ្លាក់ធ្មេញជាក្រមួនរួចចម្លងចូលទៅក្នុងមាត់ ដើម្បីដឹងថាវាមានភាពស៊ីគ្នាជាមួយទម្រង់មាត់ដែរឬទេ។ • ជំហានបន្ទាប់ គឺត្រូវធ្វើការខាំពុម្ព ដើម្បីយកទៅផលិតនៅក្នុងឡាបូ ដែលទាមទាររយៈពេលប្រហែល ១ ទៅ ២អាទិត្យ ប្រែប្រួលទៅតាមចំនួន គ្រាប់ធ្មេញដែលបិត។ ចំពោះការសម្រេចបានលទ្ធផលនៃការបិតធ្មេញបានទាំងស្រុង គឺអាចទាមទារពេល ២ ទៅ ៣ សប្តាហ៍ ប្រែប្រួលទៅតាមស្ថានភាព និងបញ្ហា បន្ទាប់បន្សំនានាដែលត្រូវកែលម្អ។ គោលការណ៍ថែទាំការបិតធ្មេញ ទោះបីជាការបិតធ្មេញធ្វើឡើងដោយប្រើប្រាស់ប្រភេទសមាសធាតុខុសគ្នាយ៉ាងណាក្តី បុគ្គលដែលទទួលការបិតធ្មេញ ត្រូវណែនាំឲ្យ៖ • ធ្វើការដុសសម្អាតធ្មេញឲ្យបានស្អាតត្រឹមត្រូវជាប្រចាំ និងទៀងទាត់ • ប្រើប្រាស់អំបោះសម្រាប់ទាក់ចំណីអាហារនៅចន្លោះធ្មេញ • ចៀសវាងខាំអាហារដែលរឹង ឬមានជាតិពណ៌ខ្លាំង • តម្រូវឲ្យមានការពាក់បន្ទះជ័រស្តើងសម្រាប់ការពារពេលយប់(ក្នុងករណីខ្លះ) • ឧស្សាហ៍ធ្វើការពិនិត្យសុខភាពមាត់ធ្មេញជាមួយទន្តពេទ្យជារៀងរាល់ ៦ខែម្តង ដើម្បីអាចកែខៃបញ្ហានានាឲ្យបានទាន់ពេលវេលា។ ចំពោះប្រសិទ្ធភាពនៃការបិតធ្មេញអាចមានរយៈពេលយូរ ដែលឈានដល់រយៈពេលចន្លោះពី ៧ ទៅ ១៥ឆ្នាំ និងអាចប្រែប្រួលទៅតាមការថែទាំ។ ផលវិបាកនៃការបិតធ្មេញ ជាទូទៅ ការបិតធ្មេញអាចបង្កជាផលវិបាកកម្រិតដំបូងមួយចំនួនដូចជា៖ • តម្រូវឲ្យមានការឆាបសាច់ធ្មេញ ដែលសាច់ធ្មេញនោះមិនអាចដុះឡើងវិញបានទេ • មានការកើតជាស្នឹមនៅតាមតំណធ្មេញ និង Veneer • អាចមានបញ្ហាស្រៀវតិចតួចនៅសប្តាហ៍ដំបូង • ប្រសិនក្នុងករណីការបិតធ្មេញធ្វើឡើងមិនបានត្រឹមត្រូវ និងខុសបច្ចេកទេស អាចបង្កឲ្យមានការរលាក ប្រែប្រួលអញ្ចាញ ឬជាលិកាជុំវិញធ្មេញធុំក្លិន ធ្វើឲ្យធ្មេញសណ្តកងាយនឹងបែកក្នុងរយៈពេលខាងមុខ។ សូមចាំដែរថា កុំចាត់ទុកការបិតធ្មេញគ្រាន់តែជាការបន្ថែមសោភ័ណភាព ដែលគ្រប់គ្នាចាំបាច់ត្រូវ តែទទួលបានសេវាកម្មនេះទេ ពីព្រោះវាគួរធ្វើឡើងសម្រាប់តែបុគ្គលដែលមានតម្រូវការចាំបាច់ខ្លាំងក្នុងជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។ បកស្រាយដោយ៖ ទន្តបណ្ឌិត ម៉េង ហ៊ ទន្តបណ្ឌិតផ្នែកវះកាត់ ជាលិកាជុំវិញធ្មេញបង្គោលធ្មេញ និងសោភ័ណភាពមាត់ធ្មេញ ប្រចាំ មន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
