- Jun 26, 2018 |
- 7 ឆ្នាំមុន |
- 9.9K មើល
4 ចំណុចត្រូវដឹងពីស្បែកស្ងួតរបស់អ្នក!
ស្បែកស្ងួតជាទូទៅមិនមានធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែវាអាចទៅជាមិនមានផាសុកភាព មិនច្បាស់លាស់ មើលមិនឃើញ ហើយក៏មិនអាចដឹង។ ជាមួយនឹងអត្ថបទនេះ អ្នកនឹងកាន់តែច្បាស់ពីចំណុចទាំង៤ ពីក្រោយស្បែកស្ងួតរបស់អ្នក៖ ១. តើសញ្ញាណាខ្លះបញ្ជាក់ថាអ្នកកំពុងមានស្បែកស្ងួត? អាការៈមួយចំនួនដែលអាចបញ្ជាក់បានថាស្បែករបស់អ្នកមិនមែនស្ងួតធម្មតា គឺអ្នកសម្គាល់ឃើញថាស្បែកហាក់ដូចជាស្ងួតជាប្រចាំ ទោះអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ។ ជាក់ស្តែង អ្នកអាចមានអារម្មណ៍ដឹងដោយញាណថា ស្បែកតឹងជាងធម្មតា ពិសេសបន្ទាប់ពីងូតទឹករួច ស្បែកឡើងក្រហម មានរមាស់ របក ជ្រួញ ហើយរបើកស្បែកងាយនឹងឡើងស្រអាប់ ឬពេលខ្លះប្រេះរហូតដល់ចេញឈាម។ ២. ហេតុអ្វីអ្នកងាយប្រឈមនឹងស្បែកស្ងួតជាងគេ? -កត្តាអាកាសធាតុ ៖ ស្បែកភាគច្រើនមានទំនោរទៅជាស្ងួតនៅរដូវត្រជាក់ នៅពេលដែលសីតុណ្ហភាព និងសំណើមធ្លាក់ចុះ។ ប៉ុន្តែ រដូវអាចប្រហែលមិនមែនជាមូលហេតុនោះទេ នៅតំបន់ក្តៅខ្លាំង មួយចំនួន។ -កត្តាកម្តៅ ៖ ករណីខ្លះ កម្តៅក្តៅខ្លាំង ឬកន្លែងដែលប្រើប្រាស់ភ្លើងធ្វើឲ្យក្តៅ សុទ្ធតែបន្ថយ នូវសំណើម និងធ្វើឲ្យស្បែករបស់អ្នកស្ងួតដូចគ្នា។ -ការងូតទឹកក្តៅជាប្រចាំ ៖ ងូតទឹកក្តៅជាប្រចាំ ហើយរយៈពេលយូរ អាចធ្វើឲ្យស្បែកអ្នកស្ងួតជាប្រចាំដោយមិនដឹងខ្លួន។ -សាប៊ូដុំ ៖ ប្រភេទសាប៊ូដុំភាគច្រើនបំផ្លាញសំណើមពីស្បែករបស់អ្នក ដោយសារវាផលិតពីរូបមន្តដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ប្រេងលើស្បែក។ -លក្ខខណ្ឌស្បែកផ្សេងទៀត ៖ ប្រជាជនមានបញ្ហាស្បែក ដោយសារប្រព័ន្ធភាពស៊ាំក្នុងរាងកាយមួយចំនួន ដូចជា Eczema or Psoriasis តែងធ្វើឲ្យស្បែកស្ងួតជានិច្ច។ មនុស្សគ្រប់រូបសុទ្ធតែអាចវិវឌ្ឍទៅស្បែកស្ងួតបានដូចគ្នា ប៉ុន្តែអ្នកប្រហែលងាយកើតជាងអ្នកផ្សេងទៀត ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំ ឬលើសពីនេះ ដោយហេតុថាវាកើនឡើងតាមអាយុ ជាក់ស្តែង លើសពី៥០%នៃអ្នកដែលមានអាយុច្រើនគឺមានបញ្ហាស្បែកស្ងួត។ ទោះជាយ៉ាងណាក៏ដោយ យុវវ័យមួយចំនួនដែលនិយមចូលចិត្តការហែលទឹកនៅក្នុងអាងដែលប្រើប្រាស់ក្លរ ដើម្បីសម្លាប់មេរោគ មានភាគរយខ្ពស់ក្នុងការប្រឈមនឹងបញ្ហាស្បែកស្ងួតនេះជាពិសេស។ ៣. ផលរំខានអ្វីខ្លះ ដែលអ្នកស្បែកស្ងួតងាយប្រឈម? បញ្ហាស្បែកស្ងួត ជាទូទៅងាយប្រឈមបំផុត ប្រសិនបើមិនបានថែរក្សាឲ្យបានដិតដល់ ករណីខ្លះ ភាពស្ងួតកើនឡើង អាចបង្កឲ្យទៅជាជំងឺផ្សេងៗ ដែលស្បែកនឹងឡើងទៅជាក្រហម របក និងរលាកធ្ងន់ធ្ងរ។ ម៉្យាងទៀត អាចឈានដល់ការបង្ករោគលើស្បែកដោយសារបាក់តេរីចូល។ ៤. តើអ្នកគួរដោះស្រាយបញ្ហានេះដោយរបៀបណា? -ផ្តល់សំណើម ៖ ក្រែមផ្តល់សំណើមមានប្រសិទ្ធភាពធ្វើឲ្យស្បែករបស់អ្នករក្សាជាតិទឹកកុំឲ្យចេញ ក្នុងរយៈពេលកំណត់មួយ ដូច្នេះ អ្នកត្រូវរក្សាការផ្តល់សំណើមជាប្រចាំតាមការណែនាំពិសេសបន្ទាប់ពីអ្នកងូតទឹករួចភ្លាមៗ។ -ប៉ះពាល់ជាមួយទឹកមានកម្រិត ៖ ការងូតទឹកយូរ និងទឹកក្តៅខ្លាំង គឺជាមូលហេតុបំផ្លាញជាតិប្រេងនៅលើស្បែក។ ដូចនេះ អ្នកគួររក្សាការងូតទឹកសម្អាតខ្លួន យ៉ាងហោចណាស់ត្រឹម១០នាទី ឬតិចជាងនេះ និងគួរប្រើប្រាស់ប្រភេទទឹកក្តៅឧណ្ហៗ ឬក្តៅល្មម មិនក្តៅខ្លាំង។ លោកអ្នកត្រូវព្យាយាមងូតទឹកមិនឲ្យលើសពីម្តងក្នុងមួយថ្ងៃបើស្បែកអ្នកស្ងួតខ្លាំង។ -បញ្ឈប់ការប្រើសាប៊ូដុំ ៖ ព្យាយាមប្រើប្រាស់ក្រែមសម្អាតស្បែក ឬសាប៊ូដុសខ្លួន និងមុខ ប្រភេទទឹក ដែលមានមុខងារបន្ថែមសំណើម ដល់ស្បែក។ -ស្លៀកពាក់ឲ្យជិតៗ នៅពេលត្រជាក់ ៖ រដូវរងារ អាចធ្វើឲ្យស្បែកស្ងួត ដូច្នេះហើយ អ្នកត្រូវប្រាកដថាអ្នកបានស្លៀកពាក់ជិតមានស្រោមដៃមានមួកពេលអ្នកចេញក្រៅ។ ម៉្យាងទៀត អ្នកគួរពាក់ស្រោមដៃជាប្រចាំ បើអ្នកប្រើដៃដើម្បីសម្អាត ឬលាងរបស់របរផ្សេងៗ។ ការថែរក្សារបស់អ្នក ត្រូវតែអមជាមួយនឹងការចៀសវាង ទើបលោកអ្នកអាចទទួលបានស្បែក មានសុខភាពល្អដូចក្តីប្រាថ្នា។ តែប្រសិនបើការអនុវត្តរបស់អ្នកមិនទទួលបានជោគជ័យទេនោះ អ្នកអាចត្រូវការ ការប្រឹក្សាបន្ថែមពីឱសថការី ឬគ្រូពេទ្យជំនាញដែលនៅជិតអ្នកបំផុត។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
