Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ដោយហេតុថា«អាល្លែកហ្ស៊ីច្រមុះ»​ជាបញ្ហាមួយដែលច្រើនកើតមាននៅក្នុងប្រទេសកម្ពុជាយើង ទើបលោកវេជ្ជបណ្ឌិត​ ថុង ម៉េងឡុង ជាប្រធាននៃសមាគមជំងឺត្រចៀក ច្រមុះ បំពង់ក កម្ពុជា និងជាអនុប្រធាននៃមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងជាប្រធាននៃបន្ទប់ពិគ្រោះជំងឺ ថុង ម៉េងឡុង បានផ្តល់កិត្តិយសធ្វើការបកស្រាយអំពីជំងឺមួយនេះ ដោយធ្វើការឆ្លើយតបនូវសំណួររួមមានដូចខាងក្រោម ៖  -នរណាខ្លះអាចកើតមានជំងឺនេះ? -តើវាអាចបង្កជាផលវិបាកអ្វីខ្លះ? -ហេតុអ្វីបានជាជំងឺនេះកើតមានញឹកញាប់? -តើការធ្វើរោគវិនិច្ឆ័យធ្វើបានដោយរបៀបណាខ្លះ? -តើប្រជាជនគួរមានការយល់ដឹងអ្វីខ្លះអំពីជំងឺនេះ? -តើជំងឺនេះអាចព្យាបាលដោយវិធីណាខ្លះ? នៅទីណា? ដើម្បីស្រាយចម្ងល់ខាងលើនេះ សូមទស្សនាវីដេអូខាងក្រោម... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនថាស្ថានភាពជំងឺស្រាល ឬធ្ងន់យ៉ាងណា ការការពារតែងតែត្រូវបានណែនាំ និងគួរតែត្រូវបានអនុវត្តពីគ្រប់បុគ្គលទាំងអស់ ដោយហេតុថាវាបានផ្តល់ផលចំណេញ និងអត្ថប្រយោជន៍ជាចម្បងចំពោះស្ថានភាពសុខភាពទូទៅទាំងមូល ជាជាងចំណាយពេល និងថវិកាច្រើនសម្រាប់ការព្យាបាលដូចទៅនឹងពាក្យមួយឃ្លាថា “ការពារប្រសើរជាងព្យាបាល”។ ដោយឡែក ជំងឺមហារីកថ្លើមប្រាកដជាចម្ងល់មួយ និងត្រូវបានចោទសួរឡើងផងដែរទាក់ទិននឹងការការពារថាតើវាអាចការពារបានឬយ៉ាងណា? តើមានវ៉ាក់សាំងសម្រាប់ការពារជំងឺនេះដែរឬទេ?  វិធីសាស្រ្តការពារពីជំងឺមហារីកថ្លើម ការការពារខ្លួនពីជំងឺមហារីកអាចធ្វើឡើងតាមរយៈវិធីសាស្រ្តដែលមានប្រសិទ្ធភាពដូចជា៖ 1.ការចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងមេរោគដែលបង្កឲ្យមានជំងឺរលាកថ្លើមប្រភេទ B ទៅលើទារកទើបនឹងកើត និងក្រុមមនុស្សដែលនឹងអាចប្រឈមខ្ពស់ឆ្លងមេរោគរួមបញ្ចូលដូចជា៖ • អ្នកធ្វើការក្នុងវិស័យសុខាភិបាល • អ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានការឆ្លងជំងឺរលាកថ្លើមប្រភេទ B ខ្ពស់ • អ្នកប្រើប្រាស់ថ្នាំញៀនតាមការចាក់ • អ្នកមានដៃគូច្រើន ជាពិសេសជាមួយអ្នកដែលបានឆ្លងជំងឺរលាកថ្លើម B • បុគ្គលមានជំងឺដែលអាចឆ្លងតាមការរួមភេទ • បុគ្គលរស់នៅជាមួយអ្នកដែលមានបញ្ហារលាកថ្លើម B រ៉ាំរ៉ៃ • បុគ្គលដែលធ្វើការព្យាបាលតាមការលាងឈាមរយៈពេលយូរ • ទារកកើតពីម្តាយដែលឆ្លងជំងឺរលាកថ្លើមប្រភេទ B។ 2.ការពារខ្លួនពីការចម្លងនៃជំងឺរលាកថ្លើមប្រភេទB និងC។ 3.អនុវត្តជីវភាពរស់នៅល្អ ការពារខ្លួនពីបញ្ហាលើសទម្ងន់ ដោយចៀសវាងអាហារប្រភេទសាច់ និងខ្លាញ់។ 4.ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយកត្តាជំរុញដែលធ្វើឲ្យមានជំងឺមហារីក ជាពិសេសការផឹកជាតិអាល់កុល និងការជក់បារីជាដើម។ 5.គ្រប់គ្រងស្ថានភាពជំងឺទាក់ទងផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។ 6.ត្រូវទទួលបានការព្យាបាលចំពោះអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃ ដែលវាអាចជួយការពារពីការក្រិនថ្លើម និងអាចវិវឌ្ឍទៅជាមហារីក។ 7.កាត់បន្ថយការលូតលាស់នៃ Aflatoxin ក្នុងអាហារដែលបានរក្សាទុក។ 8.ត្រូវស្វែងរកការពិនិត្យជាប្រចាំប្រសិនអ្នកស្ថិតក្នុងចំណោមនៃក្រុមដែលប្រឈមទៅនឹងមហារីកថ្លើម៖ • អ្នកដែលបានឆ្លងមេរោគរលាកថ្លើម B និងC • អ្នកដែលមានជំងឺក្រិនថ្លើម • អ្នកពិសាជាតិអាល់កុល • អ្នកដែលមានបញ្ហាផ្នែកមេតាបូលីស ជាពិសេសអ្នកជំងឺទឹកនោមផ្អែម • អ្នកមានបញ្ហាលើសទម្ងន់ • អ្នកជក់បារី។ ការចាប់ផ្តើមការពារ ការអនុវត្តវិធីសាស្រ្តការពារគួរចាប់ផ្តើមនៅពេលដែលបុគ្គលម្នាក់ៗកំពុងស្ថិតក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់ទៅនឹងជំងឺមហារីកថ្លើម ហើយអ្នកអាចស្វែងរកអ្នកជំនាញដែលមានទំនួលខុសត្រូវលើការការពារទៅលើមហារីកថ្លើមពីផ្នែកនានាដូចជា៖  • អ្នកឯកទេសផ្នែកជំងឺឆ្លង • អ្នកជំនាញផ្នែកក្រពះ ពោះវៀន • គ្រូពេទ្យប្រចាំគ្រួសារ • អ្នកជំនាញផ្នែកកុមារ • អ្នកជំនាញផ្នែកលោហិតសាស្រ្ត • អ្នកធ្វើការក្នុងមន្ទីរពិសោធន៍។ ដើម្បីទទួលបានការការពារដ៏មានប្រសិទ្ធភាព អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញមុននឹងសម្រេចចិត្តទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងបញ្ហារលាកថ្លើមប្រភេទ B ដើម្បីជាអត្ថប្រយោជន៍នៃសុខភាពទាំងមូល និងសរីរាង្គថ្លើមផ្ទាល់តែម្តង។  បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ម្តងហើយម្តងទៀតដែលគ្រូពេទ្យបានកត់សម្គាល់ផលល្អនៃលំហាត់ប្រាណសម្រាប់អ្នកជំងឺថ្លើម និងចំណុចដែលត្រូវបង្កើនគុណភាពជីវិត និងព្យាករណ៍ បានកាន់តែប្រសើរ ដូចទៅនឹងហេតុផលដើម្បីជាការណែនាំនូវការហាត់ប្រាណជាទៀងទាត់ ស្ថិតក្នុងផ្នែកមួយ នៃកម្មវិធីព្យាបាលរបស់ពួកគេ។   ខាងក្រោមជាអត្ថប្រយោជន៍ចំពោះសរីរាង្គថ្លើមដែលត្រូវបានបង្ហាញនៅក្នុងការស្រាវជ្រាវមួយទាក់ទងនឹងការធ្វើលំហាត់ប្រាណជាទៀងទាត់៖ •បន្ថយហានិភ័យនៃស្លាកស្នាមនិងក្រិនថ្លើម៖  ជាការពិតណាស់ លំហាត់ប្រាណជាទៀងទាត់ បន្ថយការលើសទម្ងន់ដោយចៃដន្យចំពោះអ្នកជំងឺរលាកថ្លើមប្រភេទ C។  តាមការស្រាវជ្រាវបង្ហាញថា ការការពារការលើសទម្ងន់ ជួយការពារលក្ខខណ្ឌមួយចំនួន ដូចជា ខ្លាញ់រុំថ្លើម ការកើនកម្រិតជាតិស្ករក្នុងឈាម ជំងឺទឹកនោមផ្អែម ការកើនឡើងអាំងស៊ុលលីនក្នុងឈាម ដែលអាចនាំទៅដល់បញ្ហាក្រិនថ្លើម។ •បង្កើនអារម្មណ៍ល្អ៖  ភាពស្ត្រេសគឺជាបញ្ហាសាមញ្ញក្នុងចំណោមប្រជាជនដែលមានផលប៉ះពាល់ពីជំងឺក្រិនថ្លើមរ៉ាំរ៉ៃនិងអាចសូម្បីក្នុងករណីមានផលរំខានពីការព្យាបាលដោយ Pegylated Interferon ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យសម្រាប់អ្នកជំងឺរលាកថ្លើមប្រភេទC។ លំហាត់ប្រាណជាទៀងទាត់ ជួយកាត់បន្ថយឥទ្ធិពលនៃភាពស្ត្រេស តាមរយៈការភ្ញោចឲ្យមានការបញ្ចេញ Endorphins និងកែប្រែកម្រិត Neurotransmitter ដើម្បីលើកកម្ពស់សុខភាពផ្នែកអារម្មណ៍ និងពង្រឹងថាមពលផ្លូវចិត្ត។ •បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម៖  អត្ថប្រយោជន៍ចំពោះបេះដូងសរសៃឈាមនៃការធ្វើលំហាត់ប្រាណជាទៀងទាត់ បង្កើនសមត្ថភាពនៃការចាប់យកអុកស៊ីសែនក្នុងឈាម។ កម្រិតអុកស៊ីសែនច្រើនក្នុងឈាម មានន័យថា មានអុកស៊ីសែនច្រើនដែលត្រូវបានដឹកនាំទៅកាន់ថ្លើមដូច្នេះដែរ ជាលទ្ធផលវាជួយបង្កើននូវមុខងារថ្លើម ឲ្យដំណើរការបានកាន់តែប្រសើរជាងមុន។ •បន្ថយការឈឺចាប់៖  ការហ្វឹកហាត់បង្កើនកម្លាំងទ្រទ្រង់ការលូតលាស់របស់សាច់ដុំ និងថែទាំរាងកាយ  ដែលអាចការពារ  ឬពន្យារពេលនៃការខ្សោយសាច់ដុំធ្ងន់ធ្ងរ  ដែលតែងកើតមានចំពោះអ្នកជំងឺថ្លើម។ •បង្កើនថាមពល៖  គ្រប់ពេលការហាត់ប្រាណជាទៀងទាត់ធ្វើឲ្យប្រព័ន្ធបេះដូងសរសៃឈាមមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាព។ ដំណើរការនេះជួយដឹកនាំអុកស៊ីសែន និងអាហារ ទៅកាន់គ្រប់កោសិកា ជាលិកា សរីរាង្គ និងប្រព័ន្ធផ្សេងៗនៃរាងកាយ ដែលផ្តល់មកវិញនូវកម្រិតថាមពលកាន់តែខ្ពស់ជាងមុន។ យ៉ាងណាក៏ដោយ លោកអ្នកក៏ត្រូវគោរពតាមដំណាក់កាល និងកម្រិតដូចខាងក្រោម៖ •ដំណាក់កាលទី១៖  លោកអ្នកត្រូវចាប់ផ្តើមដោយយឺតៗប្រសិនបើអ្នកកំពុងមានជំងឺថ្លើមនិង/ឬមិនធ្លាប់បានធ្វើលំហាត់ប្រាណក្នុងរយៈពេលយូរ។អ្នកត្រូវបានស្ថិតក្នុងលក្ខខណ្ឌដែលហាត់ក្នុងកម្រិតមួយដែលនឹងជាតម្រូវការពីរាងកាយរបស់អ្នក ប៉ុន្តែនឹងមិនត្រូវហួសកម្រិត។ អ្នកអាចហាត់ដោយដើរជំហានខ្លីៗ ក្នុងរយៈពេល៥នាទី ១០នាទី ឬ១៥នាទីដែលជាការចាប់ផ្តើមដ៏ល្អបំផុត។  •ដំណាក់កាលទី២៖  អ្នកគួរមានជំនួយពីគ្រូបង្វឹកដែលអាចដឹងពីស្ថានភាពរបស់អ្នកនិងមានបទពិសោធន៍ក្នុងការបង្កើតនូវតម្រូវការពិសេសនៃកម្មវិធីកាយសម្បទា។ គ្រូបង្វឹកនឹងជួយអ្នក ច្នៃកម្មវិធីមួយយ៉ាងមានសុវត្ថិភាព ក្នុងការចាប់ផ្តើមស្តាឡើងវិញនូវកម្លាំង និងកាយសម្បទារបស់អ្នក។ លើសពីនេះ វានឹងអនុញ្ញាតឲ្យអ្នកមានការកើនឡើងនូវតម្រូវការ ក៏ដូចជាកម្រិតថាមពល និងនាំត្រឡប់មកវិញនូវភាពរស់រវើកដល់អ្នក។ •ដំណាក់កាលទី៣៖  ការរក្សាឲ្យមានស្ថេរភាព អាចត្រូវបានធ្វើឡើងយឺតៗ និងមានការឈឺចាប់តិចតួច នៅពេលចាប់ផ្តើមដំបូង។ ប៉ុន្តែ ទោះបីជាមេតាបូលីសរបស់អ្នកត្រូវបានប្រកួតប្រជែង ដោយជំងឺក្រិនថ្លើមយ៉ាងណាក៏ដោយ អ្នកនៅតែអាចឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែង។ អ្នកត្រូវកំណត់រយៈពេល១ខែ ហើយសម្គាល់មើលថា តើអ្នកមានអារម្មណ៍យ៉ាងណា។ បន្ទាប់មក រក្សាការអនុវត្តលំហាត់ប្រាណបន្តក្នុងរយៈពេល២ខែ និងចុងក្រោយក្នុងរយៈពេល៣ខែ ហើយអ្នកនឹងមានអារម្មណ៍ប្លែក មានកម្លាំងជាងមុន មានសុខភាពល្អ និងបង្កើនការគិតបែបវិជ្ជមានចំពោះជីវិតជាទូទៅរបស់អ្នក។ លោកអ្នកនៅតែទទួលបានគុណប្រយោជន៍ ទាំងរាងកាយ និងផ្លូវចិត្ត នៅពេលលោកអ្នកអនុវត្តតាមការណែនាំ ទោះបីជាអ្នកស្ថិតនៅដំណាក់កាលណាក៏ដោយ… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺខ្លាញ់រុំថ្លើមគឺជាការកកើតនៃខ្លាញ់នៅក្នុងកោសិកាថ្លើមដែលច្រើនកើតមានទៅលើអ្នកដែលមានជំងឺលើសទម្ងន់ ហើយជាទូទៅបន្ទាប់ពីបានទៅពិនិត្យ អ្នកជំងឺដែលត្រូវបានកំណត់រោគវិនិច្ឆ័យថាមានជំងឺនេះគ្រូពេទ្យព្យាបាលតែងណែនាំឲ្យបង្កើតទម្លាប់នៃការហាត់ប្រាណ និងកែប្រែនូវរបបបអាហារប្រចាំថ្ងៃជាដើម ដែលទាំងនេះអាចជួយកាត់បន្ថយ នូវសារជាតិខ្លាញ់ដែលលើស និងអាចគ្រប់គ្រងទម្ងន់បានល្អថែមទៀតផង។ ដូចនេះរបៀបនៃការហាត់ប្រាណទាំង២ខាង-ក្រោមអាចជាជម្រើសដល់ល្អដែលអ្នកគួរសាកល្បង ដើម្បីជួយពង្រឹងសុខភាពថ្លើមរបស់អ្នក ដោយការភ្ញោចទៅលើថ្លើម ក៏ដូចជាសរីរាង្គប្រព័ន្ធរំលាយអាហារផ្សេងទៀត។ អែរូប៊ិក ការដើរ និងការរត់យឺតៗត្រូវបានគេចាត់បញ្ចូលជាលំហាត់ប្រាណបែបអែរូប៊ិក ដែលការហាត់ប្រាណប្រភេទនេះត្រូវប្រើប្រាស់នូវក្រុមសាច់ដុំធំនៃ​រាងកាយដែលវាអាចជួយឲ្យមានលំនឹងអេឡិចត្រូលីតក្នុងសរីរាង្គក៏ដូចជាជំរុញមុខងារនៃថ្លើមផងដែរ។ របៀបនៃការហាត់៖  •ដំបូងយើងត្រូវដើរយឺតៗពី២០ទៅ៣០នាទីក្នុង១សប្ដាហ៍ •ត្រូវបន្ថែម១០នាទីរាល់១សប្ដាហ៍ម្ដងរហូតដល់៣០ទៅ៤៥នាទីរាល់ពេលដើរម្ដងៗ •ហើយចាប់ផ្ដើមដើរ២ដងក្នុង១សប្ដាហ៍បន្ទាប់មកតម្លើងម្ដងបន្តិចរហូតដល់៥ដងក្នុង១សប្ដាហ៍ •ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់កំឡុងពេលដើរ ឬរត់។ យោគៈ ប្រភេទលំហាត់ប្រាណទីពីរដែលត្រូវបានណែនាំនោះគឺយោគៈដែលវាជួយពង្រឹងសាច់ដុំបានល្អព្រោះថាវាតម្រូវឲ្យសាច់ដុំធ្វើការច្រើនជាងធម្មតា។ នៅខណៈដែលសាច់ដុំធ្វើការហួសប្រមាណនោះ វានឹងជំរុញឲ្យមានការកើនឡើងនូវសកម្មភាពមេតាបូលីសក្នុងខ្លួនដែលជួយសម្រួលនូវមុខងារថ្លើម។ ខាងក្រោមនេះ ជាការបង្ហាញនូវលំហាត់ប្រាណយោគៈទាំង៤ដែលមានប្រសិទ្ធភាពទៅលើសុខភាពថ្លើម៖  •Kapalbhati Pranayama (ការហាត់ដកដង្ហើមតាមបែបយោគៈ)៖ យើងត្រូវអង្គុយពែនភ្នេននៅលើកម្រាលយោគៈ បន្ទាប់មកដកដង្ហើមចូលឲ្យជ្រៅ ហើយបង្ខំឲ្យដង្ហើមចេញវិញតាមច្រមុះដែលប្រតិបត្តិការនេះត្រូវធ្វើឲ្យរួចពី៥ទៅ១០វិនាទី និងគួរធ្វើឲ្យបានយ៉ាងតិច១៥នាទីជារៀងរាល់ថ្ងៃ។ •Ardha Matsyendrasana (កាយវិការ អង្គុយបង្វិលខ្នង)៖ ដើម្បីធ្វើកាយវិការនេះយើងត្រូវអង្គុយពែនភ្នែន ដោយដាក់ជើងឆ្វេងខាងលើរួចបញ្ឈរជង្គង់ឆ្វេងឡើង បន្ទាប់មកដាក់កំភួនដៃស្ដាំទៅលើជង្គង់ឆ្វេង ហើយបង្វិលខ្លួនយឺតៗ ដោយយកដៃឆ្វេងដាក់ទៅនឹងចុងជើងស្ដាំ។ •Gomukh Asana ៖ កាយវិការយោគៈមួយ​នេះអាចជំនួយថ្លើមបានដោយការសម្រួលនូវលំហូរឈាម និងអុកស៊ីសែន។ យើងត្រូវអង្គុយខ្វែងជើងដោយដាក់ជើងម្ខាងនៅពីលើជើងម្ខាងទៀតបន្ទាប់មកធ្វើខ្នងឲ្យត្រង់រួចបោះដៃម្ខាងទៅក្រោយកញ្ចឹងកនិងបោះដៃម្ខាងទៀតទៅក្រោយឆ្អឹងជំនីរួចព្យាយាមចាប់ប្រអប់ដៃទាំង២។  •Naukasana ៖ ជាកាយវិការយោគៈធម្មតាដែលអាចជួយបញ្ចេញជាតិពុលពីសារពាង្គកាយ ហើយកាយវិការនេះគឺយើងត្រូវគេងផ្កាប់ ឬផ្ងារ រួចលើកផ្នែកខាងលើនិងខាងក្រោមនៃដងខ្លួនឡើង ហើយបោះដៃឲ្យត្រង់ទៅមុខ ដោយរក្សាស្ថានភាពបែបនេះឲ្យយូរតាមដែលអាចធ្វើបានបន្ទាប់មកសម្រាករួចធ្វើវាម្ដងទៀត។ ក៏ព្រោះតែជំងឺខ្លាញ់រុំថ្លើមភាគច្រើនបណ្ដាលមកពីមកពីការធាត់ជ្រុលពេក ដូចនេះហើយអ្នកជំងឺគួរគប្បីជ្រើសរើសយកវិធីសាស្រ្ដដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទម្លាប់ការរស់នៅប្រចាំថ្ងៃដោយបែរមកធ្វើលំហាត់ប្រាណ និងចៀសវាងចំណីអាហារមួយចំនួន ដែលការផ្លាស់ប្ដូរនេះអាចជួយឲ្យកោសិកាថ្លើម និងមុខងារថ្លើមបានប្រសើរឡើងវិញ៕  ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

១/ បរិភោគអាហារដែលអ្នកចូលចិត្ត លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ អ្នកអប់រំជំងឺទឹកនោមផ្អែម ឬអ្នកជំនាញខាងចំណីអាហារអាចបង្រៀនលោកអ្នកពីរបៀបមើលកំប៉ុង អានផ្លាកម្ហូប និងទំហំនៃការបែងចែកអាហារ។ ជំនាញទាំងនោះនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងជាតិស្ករបានល្អ និងរក្សារសជាតិជីវិតឲ្យសប្បាយរីករាយក្នុងពេលតែមួយ។ ២/ គ្រប់គ្រងចានបាយ វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក(សូមមើលរូបខាងលើ)ដំបូង ចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតង។ បន្ទាប់មក បំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ ឬប្រូតេអ៊ីនផ្សេងៗទៀត។ លើសពីនេះទៅទៀត លោកអ្នកក៏អាចទទួលបានទឹកដោះគោដែលមានជាតិខ្លាញ់តិច១កែវ និងផ្លែឈើកន្លះកែវផងដែរ។ ៣/ រក្សាកំណត់ត្រា ជារៀងរាល់ថ្ងៃ ចូរសរសេរព័ត៌មានសំខាន់ៗដូចជា កម្រិតជាតិស្ករក្នុងឈាម អ្វីដែលលោកអ្នកញ៉ាំ ហាត់ប្រាណ និងថ្នាំប្រើប្រាស់ប្រចាំ។ វានឹងជួយលោកអ្នកនិងគ្រូពេទ្យ ឲ្យដឹងថាតើការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកកំពុងដំណើរការល្អដែរឬទេ។ សរសេរផងដែរអំពីគោលដៅ(Goals)និងអារម្មណ៍ ដែលរំលឹកអំពីប្រធានបទដែលលោកអ្នកចង់សួរគ្រូពេទ្យ។ ៤/ ធ្វើផែនការសម្រាប់ថ្ងៃឈឺ ជំងឺទូទៅដូចជា ជំងឺគ្រុនផ្តាសាយ និងរាគ អាចធ្វើឲ្យស្ករក្នុងឈាមឡើង។ ក្នុងពេលដំណាលគ្នា ជំងឺទឹកនោមផ្អែមរបស់លោកអ្នកកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ដូច្នេះ ត្រូវរៀបចំទុកមុន ដូចជាអាហារសម្រន់ដែលមានភាពងាយស្រួលទៅលើក្រពះដែលអាចផ្តល់នូវជាតិទឹក និងជាតិស្ករគ្រប់គ្រាន់។ សូមពិនិត្យមើលជាតិស្ករនៅក្នុងឈាមឲ្យបានញឹកញាប់នៅពេលលោកអ្នកឈឺនិង គួរដឹងផងថាពេលណាត្រូវទៅជួបគ្រូពេទ្យ។ ហើយកុំភ្លេចទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំផង។ ៥/ គ្រប់គ្រងថង់ថ្នាំ បើលោកអ្នកលេបថ្នាំឬ ប្រើថ្នាំចាក់ សូមរៀបចំថ្នាំជាថង់ៗ និងប្រដាប់ប្រដាត្រៀមទុកសម្រាប់៣ថ្ងៃ ក្នុងករណីមានអាសន្ន។ ដោយសារតែថ្នាំទឹកនោមផ្អែមខ្លះអាចប៉ះពាល់ដល់ថ្នាំដទៃទៀត  ដូចនេះ សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំអ្វីថ្មី(ថ្នាំដែលលោកអ្នកទិញដោយគ្មានវេជ្ជបញ្ជា)។ ៦/ ប្រឆាំងនឹងភាពតានតឹង(Stress)រាល់ថ្ងៃ កាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់លោកអ្នកឲ្យបានច្រើន ព្រោះវាអាចបង្កើនជាតិស្ករនៅក្នុងឈាម ។ លំហាត់ប្រាណ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្ធូរភាពតានតឹងព្រោះ វាបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ។ មានមធ្យោបាយជាច្រើន ដើម្បីទទួលបានភាពសកម្មដូចជា ធ្វើការហាត់ប្រាណ ចូលរួមក្នុងក្រុមកីឡាផ្សេងៗ ឬរៀនរាំ។ ៧/ ហាត់ប្រាណក្នុងវគ្គខ្លីៗ មិនចាំបាច់ហាត់ប្រាណឲ្យសកម្មខ្លាំងក្នុងពេលតែមួយពេកទេ អាចបង្កើនវាពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការដើររយៈពេល ១០នាទីអោយបាន៣ដង  គឺល្អដូច ៣០នាទីក្នុងពេលតែមួយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ ដោយវាជួយកាត់បន្ថយជាតិស្ករ សម្ពាធឈាម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងបន្ថយភាពតានតឹង។ ៨/ សាកល្បងកម្លាំងហាត់ប្រាណ អាចទប់ស្កាត់ការបាត់បង់សាច់ដុំ ប្រសិនបើលោកអ្នកធ្វើការហ្វឹកហាត់កម្លាំងដូចជា ការលើកទម្ងន់ ឬប្រើឧបករណ៍ធ្ងន់ៗ។ ការសិក្សាបានបង្ហាញថាវាក៏ធ្វើឲ្យប្រសើរឡើងដោយរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន និងស្ករ ហើយជាការពិតណាស់ វាជាវិធីដ៏ល្អមួយ ដើម្បីសម្រកទម្ងន់ផងដែរ។ ៩/ ពិនិត្យជើង រៀងរាល់យប់ ប្រើកញ្ចក់ឆ្លុះ​ឬសួរអ្នកណាម្នាក់ឲ្យជួយរកមើលមានហើម ឬផ្លាស់ប្តូរពណ៌ស្បែកឬ មានមុតវត្ថុអ្វីមួយ និងមើលតាមចង្វែកជើងផងដែរ។ ប្រសិនបើអ្នកឃើញអ្វីមួយសូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ដើម្បីរាយការណ៍អំពីអាការៈរោគ។ ព្យាយាមថែរក្សាទម្លាប់ប្រចាំថ្ងៃជានិច្ច ដោយលាងសម្អាតជើងនិងធ្វើឲ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃដោយស្ថិតក្រោមកែវភ្នែករបស់លោកអ្នក។ ១០/ ផ្ដាច់បារី ដើម្បីផ្តាច់បារីលោកអ្នកត្រូវត្រៀមខ្លួនជាស្រេច និងសូមជ្រើសរើសកាលបរិច្ឆេទឲ្យជាក់លាក់ណាមួយ។ លោកអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីយកឈ្នះផ្នែកផ្លូវចិត្ត និងរាងកាយនៃការញៀនជាតិនីកូទីន(បារី) ដូចជាកម្មវិធីបញ្ឈប់ការជក់បារី ក្រុមជំនួយនិងហាត់ប្រាណជាក្រុម(យ៉ូហ្គា តៃឈី)។ ឱកាសទទួលបានជោគជ័យ គឺវាអាស្រ័យលើខ្លួនលោកអ្នកទាំងស្រុង។ ១១/ ពិសាគ្រឿងស្រវឹងជាមួយ តែអាហារ គ្រឿងស្រវឹងអាចផឹកម្តងម្កាលបាន តែត្រូវមានអាហារញ៉ាំរួមជាមួយនឹងវា ព្រោះស្រាអាចបណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ភេសជ្ជៈលាយអាចបង្កើនជាតិស្ករក្នុងឈាម ដូចជាទឹកផ្លែឈើ ទឹកក្រូច ឬទឹកសូដា ​ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក នៅពេលលោកអ្នកស្រេកទឹក។ ស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ហើយបុរសមិនលើសពីពីរកែវទេ។ សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖​ សូមលោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម  គាំងបេះដូងស្លាប់​ ខូចមួយចំហៀងខ្លួន  ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល​ មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមអ្វីដែលខ្ញុំបាទបានបកស្រាយខាងលើ។ បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh) លោកអ្នកក៏អាចស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែម តាមរយៈ  តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម​

ចែករំលែក

បើពេលវេលាអាចត្រលប់ក្រោយ…តើនឹងនៅតែជ្រើសរើសរៀនពេទ្យឬទេ?  គ្រាន់តែជាសំណួរប្រភេទ«បើសិនជា…»មួយ តែក៏ដឹងច្បាស់ហើយ ថាមិនអាចកើតឡើងនោះទេ ព្រោះពេលវេលាមិនដែលត្រលប់ក្រោយ(ដូចក្នុងរឿងភាគ) នោះឡើយ… សូមឆ្លើយដោយស្មោះត្រង់នឹងខ្លួនឯង ថាតើ អ្នកនឹងឆ្លើយតបបែបណាចំពោះសំណួរមួយនេះ? តាមរយៈពេលវេលាកន្លងមកនេះ ជាមួយនឹងការឆ្លងកាត់ប៉ុន្មានឆ្នាំនេះ តើអ្នកពេញចិត្តនឹងមុខវិជ្ជាដែលកំពុង ឬបានសិក្សាកម្រិតណាដែរ? តើធ្លាប់គិតចង់ផ្លាស់ប្តូរឬទេ? ហេតុអ្វី?  ខាងក្រោមនេះ ជាចម្លើយដែលក្រុមការងារបានធ្វើការដកស្រង់ចេញពីកិច្ចសម្ភាសន៍ជាមួយនឹងនិស្សិតសុខាភិបាលមួយចំនួនដែលធ្លាប់បានផ្តល់កិត្តិយស និងកិច្ចសហសការក្នុងការផ្តល់កិច្ចសម្ភាន៍កន្លងមក…ភាគច្រើន គឺជាចម្លើយវិជ្ជមាន ដែលនឹងបន្តរើសមុខវិជ្ចាដែលពួកគាត់កំពុងសិក្សា ព្រោះថាវាជាអ្វីដែលគាត់ស្រលាញ់ និងពេញចិត្តក្នុងការជ្រើសរើសដោយខ្លួនឯង… ប៊ុន ច័ន្ទវិចិត្រ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឯកទេសផ្នែកទន្តវទនសាស្ត្រ ខ្ញុំនៅតែជ្រើសរើសយកវា ព្រោះវាជាចំណង់ចំណូលចិត្តរបស់ខ្លួនខ្ញុំផ្ទាល់តាំងពីក្មេងមក ហើយវាក៏បានក្លាយជាគោលដៅរបស់ខ្ញុំរហូតមកដែរ…អាចថាមកពីខ្ញុំស្រលាញ់ភាពឯករាជ្យក្នុងការបើកដំណើរការអាជីវកម្ម និងចាប់អារម្មណ៍វិស័យវិទ្យាសាស្រ្តសុខាភិបាលស្របពេលជាមួយគ្នាក៏ថាបាន។ សេង រស្មី និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទោះជាយ៉ាងណាការលំបាកច្រើនក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។  លីម ចាន់បូរ៉ាម៉ី ឱសថការីឧត្តម ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអន្តរជាតិ IU នៅ ខែ៤ ឆ្នាំ ២០១៧ថ្មីៗនេះ ទោះជាការសិក្សាមានការលំបាកដែលជាហេតុធ្វើឲ្យមាននិស្សិតជាច្រើនចង់បោះបង់ចោលម្តងម្កាល ប៉ុន្តែ ខ្ញុំមិនដែលគិតថារើសមុខវិជ្ជាខុសទេ ព្រោះខ្ញុំចូលចិត្តវាតាំងពីវ័យក្មេង ហើយក៏មានឆន្ទៈមុតមាំចង់ក្លាយជាឱសថការីដ៏ពូកែផងដែរ។ ហេង សុវណ្ណឫទ្ធិ និស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។ វ៉ាន់ គឹមរួន ឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) ខ្ញុំនៅតែជ្រើសរើសរៀនជំនាញនេះដដែល ពីព្រោះខ្ញុំពិតជារីករាយក្នុងការបំពេញការងារនេះ ព្រោះនេះជាចំណុចសំខាន់ដោយយើងមិនត្រូវគិតតែទៅលើប្រាក់កម្រៃតែមួយមុខនោះទេ តែយើងក៏ត្រូវគិតទៅដល់សុខភាពអ្នកជំងឺជាចម្បង ហើយត្រូវយកចិត្តទុកដាក់ចំពោះអ្នកជំងឺឲ្យដូចបងប្អូនយើងដូចគ្នា។ សំ សុវត្ថឌី និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់មាត់ ធ្មេញ (Master of Oral and Maxillofacial Surgery) នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសាកលវិទ្យាល័យមហិដុល ទីក្រុងបាងកក ប្រទេសថៃ បើទោះជាអាចបង្វិលពេលវេលាឲ្យត្រលប់ក្រោយម្តងទៀត ខ្ញុំនៅតែជ្រើសរើសនៅជំនាញមួយនេះ ពីព្រោះខ្ញុំនៅតែចង់ចូលរួមអភិវឌ្ឍជំនាញនេះឲ្យកាន់តែជឿនលឿន និងផ្តល់សុវត្ថិភាព និងគុណភាពជូនប្រជាជន ទាំងបច្នុប្បន្នវិស័យទន្តសាស្ត្រនេះនៅមានកម្រិតនៅឡើយ។ តាំង រ៉ូស្សាទេវី  អតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧) ហើយសព្វថ្ងៃនេះកំពុងបម្រើការងារនៅមណ្ឌលវេជ្ជសាស្ត្រសហគមន៍ (Comunity medical center) ខ្ញុំមិនដែលមានអារម្មណ៍ថា ចង់បោះបង់ ឬផ្លាស់ប្តូរការសិក្សាមុខវិជ្ជានេះចោលទេ ដោយសារតែឆ្នាំទី២ និងទី៣ គឺជាឆ្នាំដែលមានការចុះធ្វើការអនុវត្តផ្ទាល់ឲ្យស្របនឹងទ្រឹស្ដីដែលបានសិក្សាកន្លងមក  ហើយក៏ជាវេលាដែលធ្វើឲ្យខ្ញុំយល់ និងចាប់ផ្ដើមបណ្ដុះចិត្តស្រលាញ់ទៅលើមុខវិជ្ជានេះផងដែរ។ លឹម ប៉ោហ្វុង និស្សិតផ្នែកទន្តវទនសាស្រ្តឆ្នាំទី៧ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បើមានឱកាសរើសម្តងទៀត ខ្ញុំបា្រកដជារើសមុខវិជ្ជាមួយនេះដដែល ព្រោះថាខ្ញុំរីករាយនឹងទទួលយកការប្រកួតប្រជែង និងជំនះនូវរាល់ឧបសគ្គផ្សេងៗក្នុងពេលសិក្សាផ្នែកមួយនេះ ហើយវាការពិតដែលថា ឆ្លងកាត់ការលំបាកកាន់តែខ្លាំង ភាពរីករាយនៅពីក្រោយនោះរឹតតែអស្ចារ្យ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដល់នាទីត្រូវស្គាល់អត្ថបទ៣ដែលមានចំនួនអ្នកចូលអានច្រើនជាងគេទៀតហើយ…មានអត្ថបទអ្វីខ្លះទៅហ្ន៎? (ភាគ១) ហេតុផលនៃការជ្រើសរើសឯកទេសផ្សេងៗពីនិស្សិតសុខាភិបាល... នរណាក៏ដោយ មិនថានៅទីណា ពេលវេលាណា ធ្វើអ្វីមួយ សុទ្ធតែមានគោលដៅ និងហេតុផលរៀងៗខ្លួន គ្រាន់តែអ្នកខ្លះច្បាស់ ហើយអ្នកខ្លះហាក់ដូចជារាងស្ទាក់ស្ទើរ និងមិនសូវច្បាស់លាស់។ ក្នុងចំណោមការសម្រេចចិត្តជាច្រើនដែលត្រូវធ្វើក្នុងដំណើរជីវិត ការសម្រេចជ្រើសរើសមុខវិជ្ជាសិក្សាក៏ជាជម្រើសដែលត្រូវគិតគូរ និងពិចារណាឲ្យបានច្បាស់លាស់ដែរ ព្រោះវានឹងជាអ្វីដែលយើងត្រូវបន្តដើរជាមួយ។ បើនិយាយពីរឿងរៀនពេទ្យវិញ នរណាក៏ដឹងថាពិបាកដែរ តែក៏នៅតែមានអ្នករៀន ដឹងឬទេថាមកពីអ្វី? ក្នុងអត្ថបទនេះ ជាភាគ១នៃការដកស្រង់ចម្លើយពីនិស្សិត និងអតីតនិស្សិតផ្នែកសុខាភិបាលមួយចំនួនដែលបានផ្តល់បទសម្ភាសន៍ដល់ក្រុមការងារកន្លងមក…. និស្សិតMasterនៅMahidol ផ្តាំថា«និស្សិតពេទ្យមិនអាចខ្វះ…»  បន្ទាប់ពីបានចូលសិក្សានៅសាលាពេទ្យ និស្សិតខ្លះក៏តែងតែមានបំណងបន្តការសិក្សា ឬចូលរួមវគ្គសិក្សាខ្លីខ្លះនៅក្រៅប្រទេស ដើម្បីពង្រឹង និងពង្រីកនូវការយល់ដឹងរបស់ខ្លួន ក្នុងនោះក៏មាននិស្សិតផ្នែកទន្តសាស្រ្តមួយរូបដែលសព្វថ្ងៃកំពុងសិក្សានៅសាកលវិទ្យាល័យមាហិដុល (ប្រទេសថៃ) ហើយលោកក៏បានជាសារជូនដល់និស្សិតជំនាន់ក្រោយខ្លះៗផងដែរ… រៀនឱសថសាស្រ្តមិនអាចក្លាយជាអ្នកមាន តែអាចផ្តល់…  អានតែចំណងជើងក៏បានដឹងខ្លះៗហើយថា អត្ថបទនេះនឹងនិយាយអំពីអ្វី? ប្រាកដណាស់! គឺនិយាយអំពីការសិក្សាផ្នែកឱសថសាស្រ្ត។ ប៉ុន្តែ មិនមែនជាការបង្ហាញលម្អិតពីការសិក្សាផ្នែកនេះទាំងស្រុងនោះឡើយ តែជាការចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតមួយរូប ដែលបានបព្ចាប់ការសិក្សាផ្នែកឱសថសាស្រ្ត(ខែមេសា ឆ្នាំ២០១៦) នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយបច្ចុប្បន្ន ជាឱសថការីបម្រើការនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍ (Sunrise Japan Hospital) គឺកញ្ញា វ៉ាន់ គឹមរួន… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

 ហេលស៍ថាម បានព្យយាមដកស្រង់នូរអត្ថបទការវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃអ្នកម្ដាយមកធ្វើការចុះផ្សាយជូនមិត្តអ្នកអានទាំងអស់គ្នា អស់ចំនួន២៥សប្ដាហ៍កន្លងទៅហើយ។ រយៈពេលនេះឃើញថារូបរាងទារកក្នុងផ្ទៃក៏បានវិវឌ្ឍស្ទើរគ្រប់សរីរាង្គ និងអវៈយវៈអស់ទៅហើយដែរ។ ទោះជាយ៉ាងណាក្ដី យើងខ្ញុំនៅតែបន្តលើកយកនូវដំណើរការវិវឌ្ឍនៅសប្ដាហ៍បន្តបន្ទាប់ មកបកស្រាយជូនមិត្តអ្នកអាន ដើម្បីជាចំណេះបន្ថែមទៀតរហូតដលសប្ដាហ៍នៃការប្រសូតទារកតែម្ដង។  សប្ដាហ៍ទី២៦៖ ទារកត្រូវបានគ្រប់ដណ្ដប់ដោយទឹកពណ៍សនៅក្នុងផ្ទៃដែលជួយចិញ្ចឹងស្បែកនឹងផ្ដល់ជាស្រទាប់ការពារសម្រាបគេ។ នៅពេលនេះពោះរបស់អ្នកម្ដាយឃើញថាមានការរីកធំណាស់ហើយ។ ខ្សែកាត់តាមបណ្ដោយពោះរបស់អ្នកកាន់តែច្បាស់ឡើង។ អ្នកអាចការពារមិនឲ្យឃើញស្នាមនេះបានដោយការទិញក្រែមលាបឲ្យស្បែកទន់មកលាបពីលើស្នាមនោះ។ ស្នាមនេះនឹងបាត់ទៅវិញនៅពេលដែលអ្នកម្ដាយសម្រាលកូនហើយ។ ការទទួលជាតិស័ង្កសី និងវីតាមីនC នឹងជួយថែរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អ។  សប្ដាហ៍ទី២៧៖ ការរមួលក្រពើច្រើនកើតមានក្នុងកំឡុងពេលត្រីមាសទី២នេះ ព្រោះដោយសារកង្វះខាតជាតិកាល់ស្យូម និងជាតិម៉ង់កាណែស ដែលជាតិទាំងនោះត្រូវបានទារកក្នុងផ្ទៃស្រូបយកពីអ្នកម្ដាយ ។ អ្នកគួរតែបង្កើនការទទួលទានបន្លែបៃតង និងឈីសឲ្យបានច្រើន ព្រោះអាហារប្រភេទនេះមានផ្ទុកជាតិកាល់ស្យូម និងម៉ង់កាណែសខ្ពស់។ ទារកក្នុងផ្ទៃមានទម្ងន់ធ្ងន់ជាងមុនរីឯអ្នកម្ដាយក៏កើនទម្ងន់ខ្លាំងណាស់ដែរ។ ខួរក្បាលរបស់ទារកកំពុងតែធ្វើការលូតលាស់ និងទាមទារឲ្យមានសារធាតុសំខាន់ៗដូចជា អាស៊ីតខ្លាញ់សម្រាប់ជំនួយក្នុងការលូតលាស់នេះ។ អ្នកអាចរកសារធាតុ DHA និងអាស៊ីតខ្លាញ់ Omega-3 បាននៅក្នុងវប្រេតត្រី។ បើសិនជាអ្នកមានការរមាស់ឥតឈប់ឈរអ្នកគួរតែប្រាប់ទៅគ្រូពេទ្យឆ្មប និងធ្វើតេស្តឈាមព្រោះវាជារោគសញ្ញមួយនៃអាការៈ Obstetric Cholestasis ដែលជួនកាលវាកើតឡើងក្នុងត្រីមាសទី៣ ជាលទ្ធផលនៃការហៀរទឹកមាត់ឆ្លងកាត់សុកម្ដាយ។ វាគឺជាអាការៈដែលមិនអាចធ្វេសប្រហែសបាននោះទេ។ វាកើតឡើងទន្ទឹមគ្នានឹងទឹកនោមដែលមានពណ៍លឿងខ្លាំង និងជំងឺខាន់លឿងជាដើម។    [សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៥-១៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ  [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ [សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ   © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ជារៀងរាល់ថ្ងៃ យើងម្នាក់ៗប្រឈមនឹងជាតិពុលជាច្រើនមិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬនៅខាងក្រៅ និងជាពិសេសគឺតាមរយៈអាហារដែលយើងបរិភោគប្រចាំថ្ងៃ។ ដូចនេះ ការសម្អាតជាតិពុលដែលកកផ្តុំជាពិសេសនៅថ្លើមគឺជារឿងដ៏ចាំបាច់ ដើម្បីកាត់បន្ថយការប្រឈមនឹងហានិភ័យផ្សេងៗ និងជារឿងដែលមិនគួរមើលរំលងផងដែរសម្រាប់អ្នកចង់សម្រកទម្ងន់។ ថ្លើមដើរតួយ៉ាងសំខាន់សម្រាប់ដំណើរការលើសពី ៤០០ មុខងារនៅក្នុងរាងកាយរបស់យើងដែលក្នុងនោះរួមបញ្ចូលទាំងការបញ្ចេញចោលនូវសារធាតុពុល ឬសារធាតុដែលមិនត្រូវការក្នុងរាងកាយ។ កាលណាមានធាតុពុលច្រើនពេកដែលតម្រូវឱ្យថ្លើមបញ្ចេញចោល យើងអាចកត់សម្គាល់ឃើញអាការៈមួយចំនួនដូចជា អស់កម្លាំង កើនទម្ងន់ ឈឺក្បាល រំលាយអាហារមិនទៀងទាត់ ឈឺចាប់នៅផ្នែកខាងស្តាំ និងប្រែប្រួលពណ៌លើស្បែកជាដើម។ គួរឲ្យដឹងថា សារធាតុពុលដែលជួបលើអាហារច្រើនបំផុតគឺ ពពួកថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីមួយចំនួនទៀតដែលត្រូវបានរកឃើញប្រើប្រាស់លើបន្លែ ផ្លែឈើ និងសត្វចិញ្ចឹមដើម្បីជំរុញការផលិត និងធានាការផ្គត់ផ្គង់អាហារគ្រប់គ្រាន់ទៅដល់មជ្ឈដ្ឋានអ្នកប្រើប្រាស់។ យោងតាមការសិក្សាមួយបានបង្ហាញថា កម្រិតកាកសំណល់នៃថ្នាំសម្លាប់សត្វល្អិត អាចឲ្យពុលរហូតបង្កជាមហារីកនៅក្នុងរយៈពេលយូរ ព្រមទាំងអាចបំផ្លាញប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធបន្តពូជ កំហុសកំណក្នុងការបង្កកំណើត ក៏ដូចជាការខូចខាតធ្ងន់ធ្ងរនៃប្រព័ន្ធភាពស៊ាំផងដែរ។  លទ្ធភាពក្នុងការចៀសវាងសារធាតុមិនល្អ មិនអាចធ្វើបានទាំងស្រុងឡើយ ក៏ប៉ុន្តែយើងអាចកាត់បន្ថយការប៉ះពាល់ និងកម្រិតក្នុងការពុលបានតាមរយៈវិធីសាស្ត្រមួយចំនួន៖   1.ជ្រើសយកផលិតផលអាហារសរីរាង្គ៖  បន្លែផ្លែឈើសរីរាង្គមានផ្ទុកនូវវីតាមីន អា សេ និង ស៊ុលផួរច្រើនជាង ដែលវាអាចជំរុញថ្លើមឲ្យធ្វើការបញ្ចេញ និងលាងសម្អាតជាតិពុលពីក្នុងរាងកាយបានកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការប្រឈមនឹងថ្នាំសម្លាប់សត្វល្អិតដែលអាចគ្រោះថ្នាក់ដល់សុខភាព។ ជម្រើសល្អៗសម្រាប់ជំនួយមុខងារសម្អាតជាតិពុលរួមមាន ប្រូខូលី ស្ពៃក្តោប ខ្ទឹមបារាំង ខ្ទឹមស ផ្លែប៉ោម ផ្លែប័រ និងរមៀត ជាដើម។ ក្រៅពីនោះ ផលិតផលទឹកដោះគោ និងសាច់សត្វសរីរាង្គ ក៏អាចកាត់បន្ថយការប៉ះពាល់ទៅនឹងពពួកអ័រម៉ូន និងថ្នាំផ្សះផងដែរ។    2.អានស្លាកសញ្ញាអាហារច្នៃ (កញ្ចប់ ឬកំប៉ុង)៖  ប្រភពធំជាងគេនៃសារធាតុដែលប៉ះពាល់ដល់សុខភាព អាចរកឃើញនៅក្នុងអាហារស្រាប់ជាច្រើន។ ដូចនេះ ប្រសិនអ្នកមិនអាចកាត់បន្ថយការពិសាអាហារប្រភេទនេះទាំងស្រុង អ្នកក៏អាចរកមើលផលិតផលដែលមិនមានផ្ទុកនូវសារធាតុមិនល្អដូចជា phthalate និង paraben (phthalate- and paraben- free) ជាដើម។    3.លាងសម្អាតអាហារតាមវិធីសាស្ត្រត្រឹមត្រូវ៖  តាមការសិក្សាបង្ហាញថា ការលាងបន្លែផ្លែឈើជាមួយនឹងទឹកត្រជាក់អាចកម្ចាត់កាកសំណល់ថ្នាំសម្លាប់សត្វល្អិតបានជាង ៧០ទៅ ៨០% និងកាន់តែប្រសើរប្រសិនបើលាងដោយកម្លាំងទឹកហូរ។ ក្រៅពីនោះ ការលាងជាមួយនឹងទឹកអំបិល ១០% (លាយអំបិល ១ភាគ ក្នុងទឹក ៩ភាគ) រួចលាងជម្រះដោយទឹកស្អាតអាចសម្អាតនូវសារធាតុដែលមានលើផ្ទៃខាងក្រៅបានប្រហែលឬច្រើនជាងបើធៀបនឹងការលាងជាមួយនឹងទឹកខ្មេះកម្រិតខ្លាំង។ អ្នកក៏អាចដាក់បន្លែក្នុងទឹកក្តៅឧណ្ហៗក្នុងរយៈពេលខ្លីដែលវាអាចជួយជម្រុះកាកសំណល់សេសសល់ជាប់នឹងបន្លែផងដែរ។     4.យកសម្បក ឬស្រទាប់ក្រៅចេញ៖  ការបកសម្បកចេញ ជាវិធីដែលមានប្រសិទ្ធភាពមួយទៀតដែលត្រូវបានណែនាំបំផុតជាពិសេសចំពោះបន្លែ ឬផ្លែឈើដែលអាចមានកាកសំណល់តោងជាប់នៅចង្វែកទងរបស់វា។ រីឯសាច់សត្វ គួរត្រូវបាននិងចៀរយកខ្លាញ់ដែលមានជាប់ស្បែកចេញឲ្យអស់មុននឹងយកទៅចម្អិនឲ្យបានល្អ ដោយសារផ្នែកទាំងនេះអាចផ្ទុកនូវថ្នាំសម្លាប់សត្វល្អិត និងសារធាតុមិនល្អផ្សេងទៀត។    5.បរិភោគអាហារឆ្លាស់គ្នាឲ្យបានច្រើនប្រភេទ៖ ការឆ្លាស់គ្នានៃអាហារច្រើនមុខអាចជួយកាត់បន្ថយការបរិភោគចូលនូវបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ  អ័រម៉ូន ក៏ដូចជាថ្នាំសម្លាប់សត្វល្អិតដដែលៗ។ ម្យ៉ាងទៀត ការបរិភោគអាហារប្រភេទបន្លែផ្លែឈើច្រើន អាចមានឥទ្ធិពលល្អគ្របលើបញ្ហាប្រឈមផ្សេងៗពីសារធាតុមិនល្អទាំងនោះ។   6.ភេសជ្ជៈល្អៗសម្រាប់ជួយសម្អាតជាតិពុល៖  ការពិសា ទឹក ទឹកតែ ឬតែចម្រាញ់ពីរុក្ខជាតិឱសថបានគ្រប់គ្រាន់ អាចជួយជំរុញលំហូរនៃសារធាតុចិញ្ចឹមទៅកោសិកា និងបញ្ជូនមកវិញនូវកាកសំណល់ចេញពីថ្លើមបានយ៉ាងល្អ។ ការបន្ថែមនូវទឹកក្រូចឆ្មារច្របាច់ចូលទឹកពិសា ក៏អាចបង្កើននូវសមត្ថភាពក្នុងការសម្អាតជាតិពុលរបស់ថ្លើមបានកាន់តែប្រសើរ ជាពិសេសបើសិនពិសានៅពេលព្រឹកមុនពេលអាហារ។ ដើម្បីសម្អាតជាតិពុលពីក្នុងថ្លើម ក៏ដូចជាក្នុងរាងកាយ ក៏ទាមទារចាំបាច់នូវកត្តាផ្សេងៗទៀតទាក់ទងនឹងការរស់នៅផងដែរដូចជា ការធ្វើលំហាត់ប្រាណបានទៀងទាត់ ការចៀសវាងការប៉ះពាល់នឹងសារធាតុផ្សេងៗ និងជាពិសេសគឺការជួបពិគ្រោះ និងពិនិត្យសុខភាពបានជាប់លាប់ជាមួយនឹងអ្នកជំនាញសុខភាពផងដែរ ដោយអ្នកនឹងទទួលបានដំបូន្មាន និងការណែនាំល្អៗអំពីបញ្ហានេះបានកាន់តែច្បាស់។  © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

តើអ្វីជាសោភណ្ឌភាពមាត់ធ្មេញ?  សោភណ្ឌភាពមាត់ធ្មេញ (Dental Aesthetic) ជាផ្នែកមួយនៃជំនាញទន្តសាស្រ្ត ដែលផ្តោតសំខាន់ទៅលើការព្យាបាល និងការកែប្រែសោភណ្ឌភាពធ្មេញ អញ្ចាញ និងបបូរមាត់ ដែលរួមបញ្ចូលទាំង រូបរាង ទំហំ ពណ៌ សុខភាព តួនាទី និងទីតាំងរបស់ធ្មេញថាតើវាស្ថិតនៅស្របគ្នានិងត្រង់ជួរដែរឬអត់។ ក្រៅពីនេះ ភាពស្រស់ស្អាតនៃស្នាមញញឹមទាំងមូល ក៏ត្រូវបានចាត់ចូលទៅក្នុងការសិក្សាផ្នែកសោភណ្ឌភាពមាត់ធ្មេញផងដែរ។ បើនិយាយពីសេវាកម្មសោភណ្ឌភាពមាត់ធ្មេញវិញ វាជាសេវាកម្មជួយដល់អ្នកមិនមានស្នាមញញឹមស្រស់ស្អាត ឬមិនពេញចិត្តនឹងផ្នែកណាមួយដែលធ្វើឲ្យពេលគាត់ញញឹមមកមិនសាកសម។ ទន្តបណ្ឌិតជំនាញ នឹងធ្វើឲ្យការបារម្ភទាំងឡាយរបស់ពួកគាត់បាត់បង់តាមរយៈការផ្តល់សេវាកម្មសោភណ្ឌភាពមាត់ធ្មេញដើម្បីឲ្យពួកគាត់មានការញញឹមស្រស់ស្អាតឡើងវិញនិងស្រស់ស្អាតជាងមុនដូចតារាល្បីៗនិងតួសម្តែងផ្សេងៗ។ សេវាកម្មផ្នែកសោភណ្ឌភាពមាត់ធ្មេញ ត្រូវបានចែកចេញជាច្រើនផ្នែកមានដូចជា ការបិតធ្មេញ ការដាក់ធ្មេញ ការធ្វើធ្មេញឲ្យស ការប្តូរពណ៌អញ្ចាញ ការវះកាត់អញ្ចាញ ការពត់ធ្មេញ ការដាំបង្គោលធ្មេញក្នុងឆ្អឹង និងការកែលើទម្រង់នៃស្នាមញញឹមរបស់អ្នកទាំងមូល។ ក្នុងចំណោមសេវាកម្មទាំងនេះ ការបិតធ្មេញឲ្យស ជាបច្ចេកទេសថ្មីមួយដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសុភាពបុរស សុភាពស្រ្តីក្នុងប្រទេសកម្ពុជាយើងយ៉ាងខ្លាំង ដោយសារតែពួកគេប្រាថ្នាចង់បានស្នាមញញឹមស្រស់ស្អាតប្រកបដោយទំនុកចិត្តនិងភាពជឿជាក់។  តើអ្វីជាការបិតធ្មេញឲ្យស?  ការបិតធ្មេញ (Dental Veneer) ជាការកែប្រែបញ្ហាមាត់ធ្មេញដែលរួមបញ្ចូលទាំងទម្រង់ រូបរាង ពណ៌ ទំហំ និងប្រវែងរបស់ធ្មេញ ដោយធ្វើឡើងតាមរយៈការបិតបន្ទះប៉សឺឡែនស្តើងលើផ្នែកខ្លះនៃធ្មេញ ឬធ្មេញទាំងមូលដើម្បីកែសម្រស់របស់ធ្មេញដែលមានលក្ខណៈធម្មជាតិ។ ជាទូទៅ វិធីសាស្រ្តនេះអាចធ្វើឡើងបានតែចំពោះដំណុះធ្មេញស្រុកពេញលេញ ដែលភាគច្រើនមនុស្សវ័យកណ្តាលតែងតែទទួលសេវាកម្មនេះ ទាំងបុរស ទាំងស្រ្តី ដោយសារពួកគេមានតម្រូវការខ្ពស់ផ្នែកសោភណ្ឌភាព សុខភាពមាត់ធ្មេញល្អ និងស្នាមញញឹមស្រស់ស្អាត។ គេបានបែងចែកការបិតធ្មេញជាពីរប្រភេទគឺ៖ • ការបិតដោយផ្ទាល់ (Direct Veneer)៖ ជាការប្រើថ្នាំប៉ះមកបិតជាស្រទាប់ៗផ្ទាល់ទៅលើធ្មេញដើម្បីឲ្យពណ៌និងរូបរាងធ្មេញស្រស់ស្អាតទៅតាមអ្វីដែលអតិថិជនចង់បាន ហើយវាមានប្រសិទ្ធភាពក្នុងរយៈពេលចន្លោះពី ៣ ទៅ ៥ឆ្នាំអាស្រ័យទៅលើការចេះថែទាំងយ៉ាងម៉ត់ចត់ពីអតិថិជន។  • ការបិតដោយប្រយោល (Indirect Veneer)៖ ជាការប្រើបន្ទះប៉សឺឡែនមកបិទលើធ្មេញធម្មជាតិដោយគ្មានការឆាបធ្មេញធម្មជាតិ ឬអាចឆាបតិចតួចបំផុតអាស្រ័យទៅលើស្ថានភាពធ្មេញរបស់អតិថិជន។ វិធីសាស្រ្តនេះទាមទារឲ្យមានការខាំពុម្ព ដើម្បីទទួលបានជាបន្ទះសម្រាប់បិតទៅលើធ្មេញ ហើយវាមានប្រសិទ្ធភាពលើសពី១៥ឆ្នាំនិងអាចនៅជាប់លើធ្មេញរបស់អ្នកបានដល់ទៅ២៥ឆ្នាំប្រសិនបើមានការថែរក្សាត្រឹមត្រូវតាមការណែនាំរបស់ទន្តបណ្ឌិត។ តើការបិតធ្មេញឲ្យសត្រូវធ្វើឡើងដូចម្តេចខ្លះ?  ដំណើរការបិតធ្មេញឲ្យស ត្រូវពឹងផ្អែកលើគោលការណ៍មួយដែលត្រឹមត្រូវ និងធ្វើដោយទន្តបណ្ឌិតដែលមានជំនាញច្បាស់លាស់ ដើម្បីទទួលបាននូវលទ្ធផលដែលអាចជឿទុកចិត្តបាន។ ចំណែកគោលការណ៍ទាំងនោះ បូកបញ្ចូលនូវជំហានដូចជា៖ • ការពិនិត្យ និងពិគ្រោះយោបល់ (Checkup and Consultation)៖ ដើម្បីឲ្យដឹងច្បាស់ថាតើធ្មេញរបស់អ្នកពិតជាត្រូវទទួលការព្យាបាលដោយការបិតធ្មេញឬយ៉ាងណា ការញញឹមរបស់អ្នកមានបញ្ហាត្រង់ណា សុខភាពមាត់ធ្មេញរបស់អ្នកល្អយ៉ាងណា អ្នកត្រូវទៅជួបទន្តបណ្ឌិតជំនាញដោយផ្ទាល់ដើម្បីធ្វើការពិនិត្យនិងពិគ្រោះជាមួយគាត់។ • ការថត X-ray៖ ទន្តបណ្ឌិតជំនាញនឹងផ្តល់ការពិនិត្យលើស្ថានភាពធ្មេញខាងក្រៅរបស់អ្នក ចំណែកឯការថត X-ray នឹងផ្តល់នូវការវិភាគកាន់តែច្បាស់អំពីស្ថានភាពឆ្អឹង សុខភាពធ្មេញនិងជាលិកាជុំវិញធ្មេញ និងជំងឺលាក់ខ្លួនផ្សេងៗទៀតដែលអាចនឹងមានក្នុងមាត់ធ្មេញរបស់អ្នកដែលមិនអាចមើលដឹង ដោយភ្នែកទទេបានឡើយ។ • ការថតរូបវិភាគលើស្នាមញញឹម (Photo Shooting)៖ ជាការផ្តិតយករូបភាពទម្រង់មុខ និងធ្មេញរបស់អ្នកពីគ្រប់ទម្រង់ដូចជាការថតនៅពេលសើច ការថតចំពីមុខ ការថតពីចំហៀងជាដើម ដើម្បីយករូបដែលគ្រប់ជ្រុងជ្រោយទាំងនេះ យកមកវិភាគលើកត្តាទាំង៤ដែលធ្វើឲ្យមានស្នាមញញឹមស្អាតគឺ ធ្មេញ អញ្ចាញ បបូរមាត់ និងអារម្មណ៍របស់គាត់។ • ការរចនា (Design)៖ ជាការប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រដើម្បីយកមកវិភាគទៅលើស្នាមញញឹមទាំងមូល រួចធ្វើការកែប្រែនិងឌីហ្សាញស្នាមញញឹមបច្ចុប្បន្នតាមរយៈកម្មវិធីកុំព្យូទ័រនេះដើម្បីឲ្យស្នាមញញឹមថ្មីរបស់អ្នក ស័ក្ដិសមទៅនឹងទម្រង់មុខរបស់អ្នកនិងជាអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន បន្ទាប់មកអ្នក នឹងឃើញរូបរាងស្នាមញញឹមថ្មីរបស់អ្នក។ ប្រសិនបើអ្នកពេញចិត្តនឹងការឌីហ្សាញស្នាមញញឹមថ្មីនេះ នោះទន្តបណ្ឌិតនឹងចាប់ផ្តើមធ្វើការកែប្រែស្នាមញញឹមរបស់អ្នក។ • ការបង្កើតជាគំរូ (Model)៖ គំរូត្រូវធ្វើឡើង បន្ទាប់ពីការសិក្សាពីជំហានទី ១ និងត្រូវបង្ហាញជូនដល់អតិថិជនពីការកែប្រែនោះ។ ការទទួលយកនៃគំរូនីមួយៗ  គឺស្ថិតលើការសម្រេចចិត្តរបស់អតិថិជន រួមបញ្ចូលនឹងការកែប្រែជាបន្តបន្ទាប់ប្រសិនបើអតិថិជនមិនពេញចិត្តចំពោះចំណុចណាមួយ នោះទើបដំណើរការនៃការបិតអាចប្រព្រឹត្តិទៅបាន តាមរយៈការបិតដោយផ្ទាល់ ឬដោយប្រយោល។ តើការបិតធ្មេញឲ្យសផ្តល់ប្រសិទ្ធភាពយ៉ាងណាខ្លះ? ទាក់ទងនឹងប្រសិទ្ធភាពគឺត្រូវបានរួមបញ្ចូលពីសារសំខាន់នៃធ្មេញទាំងមូល។ ជាទូទៅធ្មេញមានមុខងារយ៉ាងសំខាន់ពីរ គឺការទំពារចំណីអាហារ និងសោភណ្ឌភាព ចំណែកភាពស្រស់ស្អាតនៃស្នាមញញឹម និងសោភណ្ឌភាពនោះទៀតសោត បានដើរតួនាទីយ៉ាងចម្បងដល់ទៅ 47% នៃសម្រស់ផ្ទៃមុខទាំងមូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយវាបានផ្តល់ជាទំនុកចិត្តក្នុងការធ្វើការ ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នោះប្រសិទ្ធភាព និងឱកាសការងារក៏កាន់តែមានភាពរលូន ដូច្នេះ ការបិតធ្មេញជាជម្រើសដ៏ល្អ ក្នុងការបង្កើននូវគុណភាពជីវិតរបស់បុគ្គលម្នាក់ៗ។ តើគួរថែទាំមាត់ធ្មេញបែបណាខ្លះបន្ទាប់ពីការបិតធ្មេញឲ្យស? មិនថាធ្មេញដែលបានបិត ឬធ្មេញធម្មជាតិនោះទេ បុគ្គលគ្រប់រូបគួរតែបង្កើននូវការយកចិត្តទុកដាក់ថែទាំឲ្យបានទៀងទាត់។ ដោយឡែកអ្នកដែលទទួលបានការបិតធ្មេញ ត្រូវតែមានការថែទាំ និងការសម្អាតឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយការប្រឈមខ្ពស់ទៅនឹងរោគពុកធ្មេញដូចជា៖ • ប្រុងប្រយ័ត្នក្នុងការញ៉ាំអាហារដែលមានជាតិពណ៌ ព្រោះអាហារប្រភេទនេះអាចបង្កជាស្នឹមនៅលើធ្មេញ • ចៀសវាងអាហារក្តៅ ឬត្រជាក់ខ្លាំងក្នុងដំណាក់កាលដំបូង ដើម្បីកាត់បន្ថយការស្រៀវធ្មេញ • ចៀសវាងអាហាររឹង ដែលត្រូវប្រើកម្លាំងខ្លាំងក្នុងការទំពា • ករណីខ្លះត្រូវប្រើឧបករណ៍ការពារធ្មេញ (night guard) នៅពេលយប់ ដើម្បីចៀសវាងការសង្កៀតធ្មេញ ដែលអាច ប៉ះពាល់ដល់ធ្មេញបិត veneer។ អ្វីខ្លះជាផលប៉ះពាល់នៃការបិតធ្មេញឲ្យសមិនបានត្រឹមត្រូវ? ក្នុងករណីដែលការបិតធ្មេញ ត្រូវបានធ្វើឡើងពីសំណាក់អ្នកដែលមិនមានជំនាញច្បាស់លាស់វាបានផ្តល់ផលវិបាកមួយចំនួនដូចជាការប្រែពណ៌នៃធ្មេញ ដុះស្នឹម បែកបាក់ ប្រែពណ៌ ពុកធ្មេញ ឬស្រៀវ និងអាចធ្វើឲ្យអ្នកឈឺធ្មេញថែមទៀតផង។ ក្រៅពីបញ្ហាទូទៅទាំងនេះ អ្នកក៏អាចប្រឈមនឹងការរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរដោយសារតែចំណីអាហារស្ថិតនៅជាប់ធ្មេញរបស់អ្នកព្រោះតែការបិត veneer មិនបានធ្វើឡើងតាមវិធីសាស្រ្តត្រឹមត្រូវ។ លើសពីនេះ ជាងធ្មេញឬទន្តបណ្ឌិតដែលគ្មានជំនាញច្បាស់លាស់ នឹងធ្វើការឆាបធ្មេញធម្មជាតិរបស់អ្នកច្រើនដើម្បីបិត veneer ដែលនឹងធ្វើឲ្យអ្នកបាត់បង់ធ្មេញធម្មជាតិរបស់អ្នកជារៀងរហូត។ កត្តាទាំងនេះ នឹងធ្វើឲ្យអ្នកបាត់បង់សោភណ្ឌភាពមាត់ធ្មេញ ហើយត្រូវចំនាយពេលវេលានិងថវិកាច្រើនដើម្បីកែខៃស្ថានភាពធ្មេញ និងអញ្ចាញឲ្យត្រលប់មកសភាពដើមឬឲ្យល្អដូចស្នាមញញឹមរបស់តារា។ ដើម្បីទទួលបានសេវាកម្មបិតធ្មេញឲ្យសឬសេវាកម្មផ្សេងៗទៀតទាក់ទងនឹងសោភណ្ឌភាពមាត់ធ្មេដែលប្រកបដោយគុណភាព លោកអ្នកត្រូវចេះធ្វើការជ្រើសរើសមន្ទីរព្យាបាលធ្មេញឲ្យបានត្រឹមត្រូវដោយពិនិត្យមើលទៅលើថាតើមន្ទីរព្យាបាលធ្មេញណាមួយដែលបានឈរជើងក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយូរមកហើយ ហើយកេរ្តិ៍ឈ្មោះរបស់មន្ទីរព្យាបាលធ្មេញមួយនោះត្រូវបានទទួលស្គាល់ពីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិយ៉ាងដូចម្តេចដែរ។ លើសពីនេះទៅទៀត លោកអ្នកក៏ត្រូវពិនិត្យមើលលើការសិក្សា ជំនាញ បទពិសោធន៍ ក្រមសីលធម៌ និងកេរ្តិ៍ឈ្មោះរបស់ទន្តបណ្ឌិតផងដែរ ។ ដើម្បីចៀសវាងការជ្រើសរើសមន្ទីរព្យាបាលធ្មេញ និងទន្តបណ្ឌិតខុស ដែលអាចធ្វើឲ្យអ្នកខាតបង់ថវិកា និងពេលវេលាច្រើន។ គួររំលឹកផងដែរថា លោកអ្នកគួរធ្វើការពិនិត្យសុខភាពមាត់ធ្មេញរបស់អ្នកជាមួយទន្តបណ្ឌិតជំនាញក្នុងរយៈពេល៦ខែម្តង ដើម្បីឲ្យគ្រូពេទ្យអាចតាមដានស្ថានភាពមាត់ធ្មេញរបស់អ្នក និងអាចពិនិត្យដឹងទាន់ពេលវេលា និងជួយទប់ស្កាត់រាល់ជំងឺដែលអាចកើតមានឡើងលើសុខភាពមាត់ធ្មេញរបស់លោកអ្នក។ ការព្យាបាលទាន់ពេលវេលា នឹងជួយកាត់បន្ថយការឈឺចាប់ក្នុងពេលព្យាបាល ការកាត់បន្ថយចំណាយច្រើន និងការកាត់បន្ថយការខាតបង់ពេលវេលាច្រើនក្នុងការព្យាបាល។ បកស្រាយដោយ ៖ លោកទន្តបណ្ឌិត ជ័យ សុចិន្តា  ប្រធានទន្តសាស្ត្រប្រចាំមន្ទីរព្យាបាលធ្មេញបស្ចិម សាខាកម្ពុជាក្រោម © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ មួយរយៈនេះ ខ្ញុំសង្កេតឃើញថាខ្លួនឯងស្រវាំងភ្នែក មើលអ្វីមិនច្បាស់ ដូចជាបែកផ្សែង។ ខ្ញុំចង់សួរលោកវេជ្ជបណ្ឌិតថា នេះបណ្តាលមកពីអ្វី? វាអាចមានបញ្ហាដោយសារភ្នែក ឬមកពីបញ្ហាសុខភាពផ្សេងទៀត? ហើយខ្ញុំត្រូវធ្វើដូចម្តេច?   ចម្លើយ ៖ បញ្ហានេះទាមទារឲ្យដឹងពីអាយុរបស់ប្អូន ដើម្បីចូលរួមធ្វើការសន្និដ្ឋាន។ ករណីអ្នកជំងឺអាយុក្រោម ៥០ឆ្នាំ និងមិនដែលមានការប៉ះទង្គិចណាមួយទេ ជាទូទៅអាចទាក់ទងនឹងបញ្ហាភ្នែកខុសកំណុំរូបភាពដូចជា ភ្នែកម៉្ញូប ភ្នែក Hyperopia ឬអាស្ទីម៉ាត និងករណីអាយុលើសពី ៥០ឆ្នាំ អាចទាក់ទងនឹងជំងឺឡើងបាយភ្នែក ទឹកដក់ក្នុងភ្នែក ឬចំពោះអ្នកមានជំងឺទឹកនោមផ្អែមឬលើសឈាម អាចទាក់ទងនឹងជំងឺខូចសរសៃឈាមបាតភ្នែក។ ក្រៅពីនោះ ការចាំងនឹងពន្លឺថ្ងៃខ្លាំងក៏អាចបង្កជាបញ្ហាឡើងបាយភ្នែកផងដែរ។ គួរបញ្ជាក់ថា ជាទូទៅបញ្ហាស្រវាំងភ្នែក តម្រូវឲ្យអ្នកជំងឺមកជួបនឹងវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ មិនថាបញ្ហានេះកើតឡើងជាអចិន្ត្រៃយ៍ ឬកើតឡើងម្តងៗក៏ដោយ ពីព្រោះវាមិនត្រឹមអាចពាក់ព័ន្ធនឹងបញ្ហាភ្នែកផ្ទាល់ តែក៏អាចពាក់ព័ន្ធនឹងបញ្ហាសុខភាពទូទៅ។ ប្រសិនមានជំងឺទឹកនោមផ្អែមប្រភេទ២ អ្នកជំងឺត្រូវមកពិនិត្យភ្នែកឲ្យបានទៀងទាត់ និងដូចគ្នាចំពោះអ្នកដែលមានអាយុចាប់ពី ៤០ឆ្នាំ គួរទៅពិនិត្យភ្នែកឲ្យបានយ៉ាងហោចម្តងក្នុងមួយឆ្នាំ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត អ៊ុក សុខហៀន វេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាវេបណ្ឌិតព្យាបាល និងវះកាត់ផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដឹងទេថាផលិតផលថែរក្សាស្បែកមួយចំនួនដែលអ្នកបាននិងកំពុងប្រើប្រាស់មិនត្រឹមប៉ះពាល់សរីរាង្គខាងក្រៅទេ វាថែមទាំងផ្តល់ផលមិនល្អដល់សរីរាង្គខាងក្នុងថែមទៀតផង។ ជាក់ស្តែងវាអាចធ្វើឲ្យខូចខាតដល់សរីរាង្គខាងក្នុងសំខាន់ៗ ដែលមនុស្សមួយចំនួន អាចនឹងមិនដែលគិតដល់។ ដូចនេះ ហេលស៍ថាម សូមបង្ហាញលោកអ្នកខាងក្រោម៖ 1. Sodium Lauryl Sulfate (SLS) and Ammonium Lauryl Sulfate (ALS) ជាញឹកញាប់ត្រូវបានចម្រាញ់ចេញមកពីផ្លែដូង ដែលវាអាចមានលាយឡំជាមួយជាតិពុលធម្មជាតិរបស់វាបាន។ សារធាតុគីមីនេះ ត្រូវបានប្រើក្នុងសាប៊ូកក់សក់ ហ្វូមលាងមុខ និងសាប៊ូដុសខ្លួនជាដើម។ គ្រោះថ្នាក់៖ SLS និង ALS អាចជាមូលហេតុនៃការរលាកស្បែកធ្ងន់ធ្ងរ ម៉្យាងវាងាយជ្រាបចូលក្នុងរាងកាយ ឡើងទៅខួរក្បាល បេះដូង សួត និងថ្លើម ហើយបង្កគ្រោះថ្នាក់ដល់សរីរាង្គទាំងនោះពិសេសធ្វើឲ្យមានការខូចខាតដល់ថ្លើម។ 2. Propylene Glycol ត្រូវបានប្រើនៅក្នុងសាប៊ូកក់សក់ សារធាតុបំបាត់ក្លិន ឡូសិនលាបខ្លួន ឡូសិនការពារកម្តៅថ្ងៃ ផលិតផលថែរក្សាសម្ផស្ស និងត្រូវបានប្រើសម្រាប់រក្សាសំណើម។ គ្រោះថ្នាក់៖  ការប៉ះពាល់សារធាតុ Propylene Glycol ក្នុងបរិមាណច្រើន អាចបង្កជាជំងឺសើស្បែកជំងឺធ្លាក់ទឹកចិត្ត អាចឲ្យរលាកផ្លូវដង្ហើម រលាកបំពង់ក រលាកថ្លើម ខួរក្បាល មានបញ្ហាតម្រងនោម ភ្នែក និងថយចុះនូវកម្រិតជាតិស្ករក្នុងឈាម។ 3. Toluene ត្រូវបានប្រើជាសារធាតុផ្សំក្នុងថ្នាំលាបក្រចក។ គ្រោះថ្នាក់៖ ការប៉ះពាល់ជាមួយ Toulene ច្រើនអាចឲ្យរលាកក្រចក រលាកផ្លូវដង្ហើម ពុលដល់ប្រព័ន្ធប្រសាទកណ្តាល ភ្នែក ឈាម ថ្លើម តម្រងនោម និងស្បែក អាចបំផ្លាញថ្លើម និងអាចជាមូលហេតុនៃការរលូតកូនដោយឯកឯងរបស់ស្ត្រី។ កម្រិតខ្ពស់នៃ Toluene មានឥទ្ធិពលញៀន ដែលអាចធ្វើឲ្យសន្លប់ និងស្លាប់បាន។ 4. Butylated Hydroxyanisole (BHA) ជាសារធាតុផ្សំច្រើនមាននៅក្នុងទឹកអប់ដែលវាអាចបង្កើនការផលិតជាតិពណ៌លើស្បែក។  គ្រោះថ្នាក់៖ យោងតាមការសិក្សាមួយចំនួនលើសត្វ BHA ធ្វើឲ្យមានការបំផ្លាញថ្លើម និងអាចជាមូលហេតុនៃមហារីកក្រពះ រំខានដល់ប្រព័ន្ធបន្តពូជនិងកម្រិតអ័រម៉ូនទីរ៉ូអ៊ីត (Thyroid)។  5. Xylene ច្រើនរកឃើញមាននៅក្នុងថ្នាំក្រចក។ គ្រោះថ្នាក់៖ រលាកស្បែក មានជំងឺផ្លូវដង្ហើមអាចធ្វើឲ្យថ្លើមមានបញ្ហា ហើយមានឥទ្ធិពលសណ្តំនៅក្នុងកំហាប់ខ្ពស់។ ជម្រើសល្អដើម្បីចៀសវាងគ្រោះថ្នាក់ទាំងនេះលោកអ្នកអាចធ្វើការពិនិត្យនៅលើស្លាកសញ្ញានៃគឿងសម្អាង ឬផលិតផលថែស្បែករបស់អ្នកដោយប្រុងប្រយ័ត្ន ហើយព្យាយាមសម្គាល់រកសារធាតុផ្សំគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ សូមកុំជឿជាក់ខ្លាំងពេកចំពោះពាក្យថាធម្មជាតិ ឬសរីរាង្គ(Natural or Organic) ដែលមានបញ្ជាក់លើផលិតផលទាំងនោះ ព្រោះថាផលិតផលជាច្រើនមានយ៉ាងហោច ធាតុផ្សំធម្មជាតិ ឬសរីរាង្គមួយ ឬ២មុខប៉ុណ្ណោះ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុសំយោគគ្រោះថ្នាក់ជាច្រើនផងដែរ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក
Top