Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

អ្នកធ្លាប់ស្រមៃចង់ទៅរៀននៅបរទេសដែរឬទេ? មានសិស្សនិស្សិតមិនតិចទេដែលតែងតែសង្ឃឹមថាខ្លួននឹងបានទៅបន្តការសិក្សានៅឯក្រៅប្រទេស ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់អាចសម្រេចក្ដីប្រាថ្នារបស់ខ្លួនបានទៅ?  ក្នុងអត្ថបទខាងក្រោមនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងនិសិ្សតអាហារូបករណ៍ដ៏ឆ្នើមមួយរូបគឺលោក ហេង វិបុល ហើយលោកក៏ជាអតីតសិស្សពូកែមេដាយមាសគណិតវិទ្យា និងទទួលបាននិទ្ទេស A លំដាប់ទី១ផងដែរ។ បើលោកអ្នកចង់ដឹងអំពីការចែករំលែកបទពិសោធន៍នៃការសិក្សាទាំងអស់នេះសូមអានអត្ថបទរបស់យើងខាងក្រោម.... ប្រវត្តិនៃការសិក្សា ជាអតីតសិស្សនៃអនុវិទ្យាល័យចតុមុខ និងបានបន្តទៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅថ្នាក់ទី១០ លោក ហេង វិបុល ក៏បានទទួលមេដាយមាសសិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ ថែមទាំងជាសិស្សនិទ្ទេស Aកម្រិតទី១ ក្នុងការប្រលងសញ្ញាបត្រចំណេះដឹងទូទៅទុតិយភូមិផងដែរ។  បន្ទាប់ពីបានបញ្ចប់វិទ្យាល័យ លោកបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដ សុខាភិបាលតែលោកសិក្សាបានតែរយៈពេល៣ឆ្នាំប៉ុណ្ណោះលោកក៏បានទទួលអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកផ្នែកគីមីវិទ្យា និងជីវវិទ្យានៃសាកលវិទ្យាល័យ Grambling State University ។  បន្ទាប់ពីសិក្សាអស់រយៈពេល២ឆ្នាំ លោកក៏បានផ្លាស់ប្ដូរទៅសាកលវិទ្យាល័យ Yale University ដោយរៀនមុខវិជ្ជា Molecular Biophysics in Biochemistry ដែលផ្ដោតសំខាន់ទៅលើការសិក្សាពីភាគល្អិតដោយបង្កើតជាទ្រឹស្ដីជីវរូបវិទ្យា និងជីវគីមីវិទ្យា។  ដើម្បីចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅ ឬរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ដនៅសហរដ្ឋអាមេរិក គេតម្រូវឲ្យនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ដ៤ឆ្នាំជាមុនសិនទើបអាចដាក់ពាក្យចូលរៀនបាន។ ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅទីនោះមានរយៈពេល៤ឆ្នាំដែលមានលក្ខណៈខុសប្លែកពីប្រទេសកម្ពុជា ដោយឡែកចំពោះរូបលោកផ្ទាល់ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានដាក់ពាក្យចូលរៀនថ្នាក់បណ្ឌិតផ្នែកវេជ្ជសាស្រ្ដដែលត្រូវបន្តការសិក្សារហូតទៅដល់៨ឆ្នាំបន្ថែមទៀតដោយសព្វថ្ងៃនេះលោកនៅជានិសិ្សតឆ្នាំទី២នៅឡើយ និងបណ្ឌិតផ្នែកស្រាវជ្រាវប្រសាទសាស្រ្ត(ឆ្នាំ២០១៦)។ គន្លឹះក្នុងការទទួលបានអាហារូបករណ៍ ក្នុងការសិក្សាយើងគួរតែខិតខំសិក្សានៅក្នុងថ្នាក់ឲ្យបានពូកែ និងដើម្បីមានលទ្ធភាពនឹងប្រលងជាសិស្សពូកែដោយបច្ចុប្បន្នមានសិស្សពូកែគណិតវិទ្យា រូបវិទ្យា និងអក្សសាស្រ្ដខ្មែរ ក្រៅពីនោះ ការដែលទទួលបាននិទ្ទេសល្អនៅពេលប្រលងសញ្ញាបត្រទុតិយភូមិក៏ជាគុណសម្បត្តិមួយផងដែរ។  ចំណុចដែលសំខាន់នៅពេលដែលចង់ដាក់ពាក្យទៅសិក្សានៅ ក្រៅប្រទេស គឺយើងត្រូវពង្រឹងផ្នែកភាសាឲ្យបានល្អជាក់ស្ដែងនៅពេលដែលលោកប្រលងយកអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកគឺគេតម្រូវឲ្យធ្វើតេស្ដភាសាអង់គ្លេស SAT ដែលជាតេស្ដភាសាស្តង់ដាអន្តរជាតិដែលមិនត្រឹមតែនិស្សិតបរទេសនោះទេសូម្បីតែសិស្សជនជាតិអាមេរិកផ្ទាល់ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យក៏តម្រូវឲ្យឆ្លងកាត់តេស្ដនេះផងដែរ។  ក្រៅពីការសិក្សា យើងក៏គួរតែចូលរួមចំណែកក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តមួយចំនួន ដែលវាអាចជួយជម្រុញ ឬបន្ថែមសក្ដានុពលទៅលើប្រវត្តិរូបសង្ខេប(CV)របស់យើង។ វិធីសាស្រ្តក្លាយជាសិស្សពូកែ ពេលរៀនថ្នាក់វិទ្យាល័យក្រៅពីសិក្សានៅសាលារដ្ឋ លោកបានចំណាយពេលទំនេរបស់លោកទៅសិក្សាថ្នាក់ក្រៅម៉ោងបន្ថែមនៅសាលារៀនគួរជ័យថាវី ដោយសារតែលោកជាអតីតសិស្សពូកែគណិតវិទ្យាតាំងពីថ្នាក់ទី៩ដូច្នេះលោករៀនគួរគណិតវិទ្យាបន្ថែមច្រើនដោយខិតខំប្រឹងប្រែងសិក្សាពីលំហាត់ និងស្វែងយល់ពីទ្រឹស្ដីផ្សេងៗដើម្បីពង្រឹងសម្ថភាពទៅប្រលងសិស្សពូកែនៅថ្នាក់ទី១២។  ក្រៅពីនោះ លោកបានជួយក្នុងការងារសង្គមមួយចំនួនដូចជា ចុះជួយធ្វើការងារបរិស្ថាន ជួយបង្រៀនក្មេងកំព្រា និងឆ្លៀតពេលរៀនភាសាបន្ថែម។ ជាក់ស្ដែងសព្វថ្ងៃនេះលោកអាចនិយាយបានរហូតដល់ទៅ៤ភាសាដូចជា ខ្មែរ ចិន បារាំង និងអង់គ្លេស។  ភាពលំបាកក្នុងការសិក្សានៅបរទេស មិនមានអ្វីដែលជាបញ្ហាចោទប៉ុន្មានទេដោយសារតែលោកបានត្រៀមខ្លួនរួចរាល់ហើយក៏មានន័យថាលោកមានសមត្ថភាពគ្រប់គ្រាន់ទៅប្រកួតប្រជែងជាមួយនឹងជាតិសាសន៍គេផងដែរ ប៉ុន្តែដោយសារតែកម្មវិធីសិក្សានៅប្រទេសកម្ពុជាមានកង្វះខាតមួយចំនួនផ្នែកប្រវត្តិសាស្រ្ដអក្សរសិល្ប៍របស់សហរដ្ឋអាមេរិក (History and  Literature) របៀបនៃការសរសេរជាភាសារអង់គ្លេសក៏ មានលក្ខណៈខុសគ្នាមួយចំនួន សូម្បីតែថ្នាក់តន្រី្ដ ឬសិល្បៈក៏តម្រូវឲ្យសិក្សាដែរ។ កង្វះខាតទាំងអស់នេះវាតម្រូវឲ្យលោកត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យការសិក្សារបស់លោកដើរទន្ទឹមនឹងគេព្រោះតែនេះជាចំណេះដឹងទូទៅរបស់សិស្សវិទ្យាល័យនៅឯសហរដ្ឋអាមេរិក។  ចំណុចសំខាន់មួយទៀតដែលកម្មវិធីសិក្សារបស់ជាតិយើងខ្វះខាតនោះ គឺការធ្វើពិសោធន៍ផ្ទាល់ដែលនៅពេលដែលរៀនថ្នាក់វិទ្យាល័យយើងគ្រាន់តែចេះទ្រឹស្ដីដូចជានៅក្នុងមេរៀនរូបវិទ្យា និងគីមីវិទ្យាប៉ុន្តែយើងពុំបានអនុវត្តផ្ទាល់នោះទេ តែផ្ទុយទៅវិញ សាស្រ្ដាចារ្យនៅទីនោះបែរជាយល់ថាយើងមានចំណេះដឹងផ្នែកនេះរួចទៅហើយ ដូច្នេះត្រង់ចំណុចនេះយើងត្រូវតែស្វ័យសិក្សាដោយខ្លួនឯង ឬសុំឲ្យសិស្សច្បងពន្យល់ និងបង្រៀនបន្ថែមដើម្បីតាមឲ្យទាន់កម្មវិធីសិក្សា។ បរិយាកាសសិក្សានៅក្រៅប្រទេស នៅពេលទៅដល់ទីនោះដំបូងនិស្សិតទាំងអស់តម្រូវឲ្យចូលរួមក្នុងវគ្គ International Orientation Program ដែលធ្វើឡើងដើម្បីឲ្យនិស្សិតទាំងអស់ស្គាល់គ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងរវាងសិស្សច្បងនិងសិស្សប្អូន និងណែនាំនិស្សិតជំនាន់ថ្មីឲ្យស្គាល់ពីបរិវេណសាលារៀនដូចជាបណ្ណាល័យ អាហារដ្ឋាន ក៏ដូចជាសាលសិក្សាជាដើម។  ក្រៅពីការរៀនហើយ នៅទីនោះយើងត្រូវតែសម្របខ្លួនជាមួយនឹងបរិយាកាសវប្បធម៌ដ៏សម្បូរបែប ការទំនាក់ទំនង និងរបៀបលើកដាក់សម្លេងរបស់ជនជាតិគេដើម្បីសម្រួលក្នុងជីវភាពក៏ដូចជាការចូលក្នុងសង្គមផងដែរ។ ដោយសារតែសាកលវិទ្យាល័យដែលលោកបាន និងកំពុងតែសិក្សាគឺជាសាកលវិទ្យាល័យអន្តរជាតិដែលអាចធ្វើឲ្យលោកស្គាល់ និងយល់ដឹងពីវប្បធម៌បរទេសជាច្រើនដោយពុំមានការរើសអើងគ្នាឡើយហើយក្នុងនោះក្រៅពីការសិក្សាហើយសាកលវិទ្យាល័យក៏បានរៀបចំឲ្យនិស្សិតចូលរួមជាមួយនឹងសមាគម ឬអង្គការនានា និងចូលរួមសកម្មភាពសង្គមទៀតផង។  នៅពេលដែលចូលដល់រដូវវិស្សមកាលម្ដងៗ មាននិស្សិតមួយចំនួនបានចេញទៅរកការងារក្រៅម៉ោងធ្វើចំពោះរូបលោកក៏មិនខុសគ្នាផងដែរដោយរូបលោកព្យាយាមទៅបម្រើការងារជូនមន្ទីរពិសោធន៍នានាក្នុងគោលបំណងងាយនឹងទទួលបានឱកាសណាមួយដាក់ពាក្យចូលរៀនផ្នែកវេជ្ជសាស្ដ្រ។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏មានពាក្យពេចន៍ខ្លះចែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកដែលមានបំណងទៅសិក្សានៅប្រទេសក្រៅដែរថា «ជីវភាពដែលរស់នៅក្រៅប្រទេសតែម្នាក់ឯងដំបូង គឺមិនងាយស្រួលនោះឡើយ ដូច្នេះយើងគួរតែមានភាពម្ចាស់ការលើខ្លួនឯងចេះរបៀបរៀបចំគម្រោងផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ រៀនរស់នៅដោយឯករាជ្យ ហើយត្រូវរៀនទម្លាប់ក្នុងការរស់នៅ និងវប្បធម៌របស់គេដែលវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការរស់នៅឯបរទេស។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដូចដឹងស្រាប់ហើយថា វ៉ែនតាក៏អាចចាត់ទុកថាជាគ្រឿងលម្អមួយដែលជាទូទៅអ្នកពាក់ស្ទើរពេញមួយថ្ងៃ ហើយក៏មិនមែនពាក់តែមួយថ្ងៃពីរដែរ ដូចនេះការជ្រើសរើសរមែងត្រូវប្រិតប្រៀងបន្តិចជារឿងធម្មតា ព្រោះវាមិនត្រឹមតែជាជំនួយដល់គំហើញ តែក៏ជះឥទ្ធិពលដល់ជំនឿចិត្តរបស់អ្នកដូចគ្នា។ ដូចគេនិយាយថារើសវ៉ែនតាមិនសំខាន់ សំខាន់រើសយ៉ាងម៉េច? ពីអ្នកគ្រប់គ្រងរបស់ហាងវ៉ែនតា OWNDAYS, លោក Simonបានផ្តល់ជាគំនិតល្អៗមួយចំនួនក្នុងការជ្រើសរើសវ៉ែនតាដ៏ស័ក្តិសមសម្រាប់លោកអ្នក ក៏ដូចជាផ្តល់ជាតម្រុយខ្លះៗទាក់ទងនឹងការជ្រើសរើសលេនមកប្រើជំនួសផងដែរ។ តើវ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ? វ៉ែនតាមួយដែលមានគុណភាពល្អត្រូវមានទម្ងន់ស្រាល និងងាយស្រួលពាក់ ទោះបីជាត្រូវពាក់យូរក៏ដោយ តួយ៉ាងដងវ៉ែនតា OWNDAYS AIR Ultemនិងងាយបត់បែន។ សារធាតុនេះត្រូវបានគេប្រើប្រាស់សម្រាប់ផលិតយានអវកាស និងគ្រោងយន្តហោះ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀតផង។  បន្ថែមពីនេះ OWNDAYS ក៏មានប្រើប្រាស់កញ្ចក់ ( aspheric) ដែលមានសន្ទស្សន៍ខ្ពស់ មើលបានទំហំធំជាងមុន មិនមានភាពស្រពិចស្រពិល ហើយស្រាលជាងកញ្ចក់ធម្មតា( spherical) ។ តើប្រភេទវ៉ែនតាបែបណាដែលគួរពាក់? ប្រភេទវ៉ែនតាដែលគួរពាក់ គឺអាស្រ័យទៅលើភាពចាំបាច់ និងតម្រូវការនៃអ្នកពាក់ ដូចជាប្រភេទសម្រាប់ម៉្ញូបជាដើម (ម៉្ញូបជិត និងម៉្ញូបឆ្ងាយ)។ រីឯរចនាម៉ូតនៃវ៉ែនតាក៏គួរតែប្រែប្រួលឲ្យស័ក្តិសមនឹងកាលៈទេសៈដែលអ្នកនឹងទៅចូលរួមផងដែរ ជាក់ស្តែងដូចជា ពណ៌រាងក្រម៉ៅសម្រាប់កម្មវិធីធំៗ និងផ្លូវការ ហើយពណ៌ស្រស់ៗសម្រាប់កម្មវិធីធម្មតា។ តើវ៉ែនតាប្រភេទណាស័ក្តិសមបំផុតសម្រាប់មនុស្សម្នាក់ៗ? រាល់ពេលដែលលោកអ្នកជ្រើសរើសវ៉ែនតា     អ្នកគប្បីកំណត់ចំណាំអំពីទំហំនៃដង ប្រសើរជាងជ្រើសរើសម៉ូត និងរូបរាង ពីព្រោះទំហំត្រឹមត្រូវធ្វើឲ្យអ្នកពាក់មានផាសុកភាព។ តើពេលណាទើបដឹងថាគួរជ្រើសរើសការពាក់លេន ឬពាក់វ៉ែនតា? ឆ្លើយតបនឹងសំណួរខាងលើ ភាពខុសគ្នារវាងការពាក់វ៉ែនតា និងការពាក់លេន គឺអាស្រ័យទៅលើញាណនៃភ្នែក ថាតើភ្នែកសមស្របនឹងលេន ឬវ៉ែនតាកម្រិតណា ពីព្រោះមនុស្សមួយចំនួនអាចពាក់វ៉ែនតាបាន តែមិនអាចពាក់លេនបាន។ ចំណុចគួរដឹងទាក់ទងនឹងការជ្រើសរើសពាក់លេន៖ •  សម្រាប់អ្នកដែលមានកម្រិតដឺក្រេភ្នែកខ្ពស់ ការពាក់លេនគឺស័ក្តិសមជាងការពាក់វ៉ែនតាដោយសារតែលេនផ្តល់ភាពងាយស្រួល និងមើលទៅស្រស់ស្អាតជាជាងការពាក់វ៉ែនតាដែលមានកញ្ចក់ក្រាស់ៗ។ •  ផ្ទុយទៅវិញ លោកអ្នកមិនអាចពាក់លេនពេញមួយថ្ងៃបានទេពីព្រោះវានឹងធ្វើឲ្យភ្នែកអ្នកមានសភាពស្ងួត និអាចផ្តល់ផលប៉ះពាល់ដល់សុខភាពភ្នែក។

ចែករំលែក

«កុមារណាក៏អាចជាកុមារឆ្លាតបានដែរ» ដរាបណាគាត់រៀនបានត្រឹមត្រូវតាមអ្វីដែលគ្រូ បង្រៀន បូកផ្សំនឹងឳពុកម្តាយដែលជឿជាក់លើកូន លើកទឹកចិត្តដល់កូន ព្រមទាំងផ្តល់ពេលវេលាឲ្យ កូនសិក្សានៅផ្ទះ។ ជាមួយនឹងកម្មវិធីសិក្សាដោយប្រើប្រាស់ក្បាច់គិតលេខបុរាណចិន (Abacus)ជាមូលដ្ឋាន ដែលប្លែកពីស្ថាប័នដទៃ UCMAS Cambodia បាន និងកំពុងបង្ហាត់បង្រៀនកុមារជាច្រើននាក់ ហើយKonexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយនឹងកញ្ញា ហេង រចនា ដែលជានាយកគ្រប់គ្រងផ្ទាល់ ដែល កញ្ញាក៏បានបញ្ជាក់ថា យូស៊ីម៉ាស់(UCMAS) ត្រូវបានបង្កើតដោយបណ្ឌិតសាស្ត្រាចារ្យលោកឌីណូ វង្ស(Prof.Dr. Dino Wong)ជាជនជាតិចិនម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៣ ក្នុងគោលបំណងអភិវឌ្ឍខួរក្បាលកុមារជាទូទៅហើយពិសេសគឺកុមារដែលមានអាយុចាប់ពី៤-១២ឆ្នាំ ឲ្យមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ខួរក្បាលទាំងឆ្វេង និង ស្តាំឲ្យមានថាមពលខ្លាំង។ ជំនាញក្នុងស្ថាប័ន ជំនាញពិសេសរបស់ស្ថាប័នរបស់យើង គឺបង្រៀនឲ្យកុមារពូកែចងចាំ ផ្តោតអារម្មណ៍ សង្កេត ពូកែស្តាប់ ច្នៃប្រឌិត និង ដោះស្រាយបញ្ហាដោយមានភាពជឿជាក់ខ្ពស់ ដែលជាមូលដ្ឋានគ្រឹះនៃការស្រឡាញ់ការសិក្សា និងទទួលបានជោគជ័យគ្រប់ផ្នែកក្នុងជីវិតរបស់គាត់។  ជាពិសេស កម្មវិធីនេះជួយឲ្យពួកគេ «គណនាលេខយ៉ាងលឿនដោយប្រើប្រាស់ខួរក្បាលលឿនជាងម៉ាស៊ីនគិតលេខ»។ពេលដែលកុមាររៀនចប់ទាំង១០កម្រិត ពួកគេអាចគិតលេខ បូក ដក គុណ ចែក ប្រភាគ ប្ញសការេពីខ្ទង់រាយដល់ខ្ទង់លាន ក្នុងរយៈពេលតិចជាង១នាទី។ អំពីការបង្រៀន •អាយុចូលរៀនរបស់កុមារ      តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការអភិវឌ្ឍខួរក្បាលប្រកបដោយភាពជោគជ័យ និងជម្រុញឲ្យមានសក្តានុពលរបស់ខួរក្បាលកុមារ គឺកើតឡើងក្នុងអំឡុង១២ទៅ១៣ឆ្នាំរបស់កុមារ ហើយមូលហតុដែលយើងទទួលសិស្សពីអាយុ៤ឆ្នាំ ពីព្រោះពួកគាត់ធំល្មមក្នុងការបង្រៀន និង ចេះនិយាយទំនាក់ទំនងគ្នាបានក្នុងថ្នាក់រៀន។ •ជំនាញនៃការបង្រៀន កម្មវិធីUCMAS គឺចង់អភិវឌ្ឍខួរក្បាលកុមារតាមរយៈសកម្មភាពនៅក្នុងថ្នាក់តាមរយៈគ្រូប្រចាំថ្នាក់ ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ពីប្រទេសម៉ាឡេស៊ី។ បច្ចេកទេសក្នុងការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់របស់យើង គឺផ្អែកលើបែបបទគរុកោសល្យ ដោយអ្នកជំនាញផ្នែកអភិវឌ្ឍកុមារ និងទទួលស្គាល់ពីសមាគមអប់រំកុមារតូចរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាកូនសិស្សរបស់យើងទទួលបានផលប្រយោជន៍ និងជោគជ័យនៅក្នុងកម្មវិធីយើងនេះ។ •លក្ខណៈពិសេសនៃកម្មវិធីសិក្សា ការអប់រំមានលក្ខណ:ល្អប្លែកពីគេ ដោយពួកយើងបង្កើនការគិតរបស់កុមារទាំងមូលតាមរយៈ៖ ១.ការគិតក្នុងរូបភាព ៖  សិស្សបង្កើនសមត្ថភាពចងចាំតាមរយៈការស្រមៃដោយផ្ទុកតួលេខក្នុងខួរក្បាលរបស់គេ នៅពេលដែលគេកំពុងរៀនក្បាច់គិតលេខចិន (Abacus)។ ២.បង្រៀនកុមារឲ្យមានភាពរហ័សក្នុងភាពឆ្លាតវៃ ៖  តាមរយៈការស្តាប់ និង ការមើលកាត(FlashCard)។  ៣.បង្រៀនកុមារឲ្យគិតលឿន និងធ្វើលឿន ៖ ការបណ្តុះបណ្តាលទាក់ទងនឹងល្បឿនជួយដល់សិស្សឲ្យស្តាប់យ៉ាងយកចិត្តទុកដាក់ និងឆ្លើយតបទៅនឹងសំណួរយ៉ាងរហ័ស សម្លៀងការយកចិត្តទុកដាក់ និង ការផ្តោតអារម្មណ៍ឲ្យល្អប្រសើរ។ ៤.បង្រៀនកុមារឲ្យពូកែវិទ្យាសាស្រ្តពិត ការគណនាលេខ  និង គណិតវិទ្យា ៖  ការគណនាគ្រាប់Bead របស់ Abacus ជួយឲ្យសិស្សមានចំណង់ចំណូលចិត្តរៀនគណិតវិទ្យាដូចជា៖  ប្រព័ន្ធ គោល១០ ទំនាក់ទំនងលេខ ការកំណត់ខ្ទង់របស់លេខ ការខ្ចី និង ការត្រាទុក ការបូកផ្សំ និង កន្សោមលេខ។ សកម្មភាពក្រៅម៉ោងសិក្សា មានអាណាព្យាបាលមួយចំនួនគិតថាកាលណាកូនរៀនច្រើន ខ្លាចកូនមានបញ្ហាខួរក្បាល ឬក៏ទប់ទល់មិនបាន។ ប៉ុន្តែបើយើងក្រឡេកមើលទៅប្រទេសជឿនលឿន គេមានកម្មវិធីបន្ថែមច្រើនណាស់ ដូចជាកម្មវិធី កីឡា គូររូប របាំ កម្មវិធីបំប៉នគណិត ។ល។ ពួកគេរៀនច្រើនម៉ោងជាងយើងទៀត មិនដែលឃើញកុមារណាមានបញ្ហាដោយសារការរៀនច្រើននោះទេ ប៉ុន្តែមានតែភាពឆ្លាតវៃជាងមុន និងសមត្ថភាពខ្ពស់ក្នុងការសិក្សា និង ការងារនាពេលអនាគត។  ដូច្នេះ  នេះ គឺជាឱកាសមួយសម្រាប់ប្រទេសរបស់យើងក្នុងការបង្កើតធនធានមនុស្សវិទ្យាសាស្ត្រចាប់ពីពេលនេះតទៅ។កុមារណាដែលពូកែលេខ និងវិទ្យាសាស្រ្តពិត ជាទូទៅគឺជាមនុស្សឆ្លាតគ្រប់មុខវិជ្ជា។ សារជូនដល់មិត្តអ្នកអាន ប្រសិនបើអស់លោកអ្នកចង់បង្កើនសមត្ថភាពការគិតរបស់កូន គួរសាកល្បងបញ្ជូនកូនឲ្យសិក្សាកម្មវិធី UCMAS ដែលមានប្រជាប្រិយភាពនៅលើពិភពលោកសរុបមាន៦៣ប្រទេស និងត្រូវបានទទួលស្គាល់ពី ISO, កំណត់ត្រាពិភពលោក, UKAS, សមាគមអប់រំកុមារតូចពីសហរដ្ឋអាមេរិក។ ម្យ៉ាងទៀត កម្មវិធីនេះត្រូវបានសិក្សាស្រាវជ្រាវក្នុងសាកលវិទ្យាល័យជាច្រើននៅលើពិភពលោកថា ជាកម្មវិធីមួយដែលជួយកុមារមានភាពឈ្លាសវៃ និងពូកែទាំងលេខនព្វន្ត ចំណោទ គណិត និងរៀនមុខវិជ្ជាដទៃទៀតក៏ពួកគាត់រៀនពូកែដែរ។

ចែករំលែក

ស្រកទម្ងន់ជោគជ័យក៏អាស្រ័យនឹងភាពឆ្លាតរបស់អ្នកដែរ  មិនមែនគ្រប់សកម្មភាពសុទ្ធតែមានប្រយោជន៍   តែក៏មិនមែនគ្រប់ចំណុចសុទ្ធតែត្រូវចៀសវាងនោះទេ អញ្ចឹង  តើចំណុចណាខ្លះដែលអ្នកគួរធ្វើ    និងណាខ្លះមិនគួរធ្វើ? Dos 1.ញ៉ាំអាហារឲ្យបានទៀងទាត់៖    វាពិតជាមានសារសំខាន់បំផុត   ដែលជួយដល់ការសម្រកទម្ងន់។ ទោះជាអំឡុងពេលតមអាហារក៏ដោយ ក៏មិនត្រូវ អត់អាហារមួយពេលណាមួយឡើយ។ មួយថ្ងៃគួរញ៉ាំអាហារឲ្យបាន៣ពេល និងមានអាហារសម្រន់ខ្លះចន្លោះពេលអាហារទាំងបី   ប៉ុន្តែក្នុងបរិមាណសមរម្យ។ 2.ព្យាយាមធ្វើអាហារដោយខ្លួនឯង៖  ទោះជាអាហារដែលធ្វើខ្លួនឯង    ពេលខ្លះរសជាតិពិបាកទទួលយកបន្តិច តែយ៉ាងហោចណាស់អ្នកក៏ដឹងថាក្នុងម្ហូបរបស់អ្នកមានគ្រឿងផ្សំអ្វីខ្លះ ហើយក៏អាចដឹងថាវាល្អសម្រាប់អ្នកឬក៏អត់ដែរ។ 3.គួរធ្វើចលនា បន្ទាប់ពីញ៉ាំអាហារ៖  ការសិក្សាបង្ហាញថា ការដើរបន្ទាប់ពីញ៉ាំអាហារឲ្យបានយ៉ាងហោចណាស់ ១៥នាទី អាចដុតកាឡូរីបានពី៦០ ទៅ៨០កាឡូរី។ លើសពីនេះ ការដើរ ឬធ្វើចលនាអាចជួយអ្នកកាត់បន្ថយជាតិស្ករ និងខ្លាញ់ក្នុងឈាម    ហើយក៏ជួយដល់ដំណើរការរំលាយអាហារបានដែរ។ 4.ញ៉ាំទឹកឲ្យបានច្រើន៖  មិនមែន ពេលនឹកឃើញទើបញ៉ាំឲ្យច្រើនទេ តែគួរញ៉ាំ ម្តងបន្តិចតែញឹកញាប់។  5.បិទរូប Idol របស់អ្នក៖  យករូប Idol ដែលអ្នកចង់បានរូបរាងដូចគាត់ មកធ្វើជាការលើកទឹកចិត្ត។ ប្រៀបដូចជាការដាស់ញាណកុំឲ្យភ្លេចនូវអ្វីដែលអ្នកកំពុងធ្វើ។  6.ធ្វើបញ្ជីសម្រាប់ទៅផ្សារ៖  កំណត់អ្វីដែលត្រូវទិញឲ្យច្បាស់ ចៀសវាងការទិញរបស់ដែលញ៉ាំទៅឡើងគីឡូ ដូចជានំកញ្ចប់ ឬប័រសណ្តែកជាដើម។   ពេលទៅផ្សារត្រូវធ្វើតាមបញ្ជីអាហារ ដើម្បីគ្រប់គ្រងលើការញ៉ាំរបស់ខ្លួន។ 7.អានស្លាកសញ្ញាលើកញ្ចប់អាហារ៖  គួរព្យាយាមមើលស្លាកសញ្ញាអាហាររូបត្ថម្ភ ដែលដាក់បង្ហាញលើកញ្ចប់ដើម្បីជ្រើសរើស   អាហារដែលមានជាតិស្ករ និងខ្លាញ់ទាប។ 8. សម្ភារៈផ្ទះបាយ អ្នកគួរប្រើប្រាស់របស់របរក្នុងផ្ទះបាយដែលជួយជម្រុញទឹកចិត្តអ្នក  ដូចជាប្រើចាន ឬឆ្នាំងតូច ខ្យូតៗ ដែលអាចឲ្យអ្នកញ៉ាំអាហារតិចជាងមុន។ Dont’s 1.កុំរំលងអាហារពេលព្រឹក៖    ការមិនញ៉ាំអាហារពេលព្រឹក មិនអាចជួយអ្នកឲ្យស្រកទម្ងន់បានទេ។ បើអ្នកធ្វើដូចនេះ  អ្នកនឹងបាត់បង់អាហារូបត្ថម្ភដ៏សំខាន់ ដើម្បីទ្រទ្រង់អ្នកសម្រាប់ថ្ងៃថ្មី និងធ្វើឲ្យអ្នកញ៉ាំអាហារសម្រន់ច្រើនជាងធម្មតា   ទប់ទល់នឹងការឃ្លាន។ 2.កុំធ្វើលំហាត់ប្រាណធ្ងន់ធ្ងរពេក៖  ការហាត់ប្រាណបានរួមចំណែកក្នុងការសម្រកទម្ងន់ តែកុំធ្វើវាឲ្យខ្លាំងក្លាពេក  ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំង និងអាចធ្វើឲ្យមានបម្រែបម្រួលដល់ការញ៉ាំអាហាររបស់អ្នក។ ការធ្វើលំហាត់ប្រាណគួរកំណត់មិនឲ្យលើសពី ៣០នាទី និង៣ ទៅ៥ថ្ងៃទេក្នុងមួយសប្តាហ៍។  3.កុំស្តុកទុកអាហារកញ្ចប់នៅក្នុងផ្ទះ៖   ស្បៀងអាហារសម្រាប់ញ៉ាំនៅផ្ទះ មិនគួរជាប្រភេទសូកូឡា នំស្រួយ ឬភេសជ្ជៈដែលមានឧស្ម័នច្រើន ព្រោះវាជាឧបសគ្គក្នុងការសម្រកទម្ងន់របស់អ្នក។ ជំនួសឲ្យអាហារទាំងនោះអ្នកគួររក្សាទុកអាហារដែលមានសុខុមាលភាពដូចជា ផ្លែឈើ នំធ្វើពីស្រូវសាលី ឬគ្រាប់ធញ្ញជាតិផ្សេងៗ និងទឹកផ្លែឈើដែលគ្មានជាតិហ្គាស សម្រាប់ញ៉ាំលេង។ 4.កុំញ៉ាំពេលមើលទូរទស្សន៍ ឬកំពុងធ្វើការ៖  ការធ្វើសកម្មភាពអ្វីមួយបណ្តើរ ញ៉ាំបណ្តើរ មិនមែនជាទង្វើត្រឹមត្រូវទេ   ព្រោះអ្នកមិនបានយកចិត្តទុកដាក់លើការញ៉ាំហើយអាចឈានដល់ការញ៉ាំលើសបរិមាណកំណត់។  5.កុំមើលរូបភាពអាហារក្នុងFacebook៖   កុំសូវLike page អាហារច្រើនពេក និងមើលរូបភាពអាហារពិសេសនៅពេលយប់ ព្រោះវាអាចភ្ញោចការបញ្ចេញអាស៊ីតក្រពះ និងធ្វើឲ្យអ្នកឃ្លានបាន។ 6.កុំចូលគេងយប់ជ្រៅពេក៖   ការចូលគេងយប់ជ្រៅ ហើយចាំគេងសងពេលថ្ងៃ   បានបង្កើនការឃ្លានអាហារ ធ្វើឲ្យអ្នកញ៉ាំអាហារ ច្រើនជាងធម្មតានិងងាយឡើងទម្ងន់ទៀតផង។   ការគេងមិនបានគ្រប់គ្រាន់  ធ្វើឲ្យខ្លួនអ្នកត្រូវការជាតិស្ករ និងខ្លាញ់ច្រើនជាងមុន។ 7.កុំទៅហាត់ប្រាណតែឯង៖   គួរតែទៅហាត់ប្រាណជាមួយមិត្ត ឬបង្កើនមិត្តភាពឲ្យបានច្រើននៅកន្លែងហាត់ប្រាណ   ដើម្បីមានគ្នាជជែកលេង កុំឲ្យអផ្សុក និងអាចជួយដាស់តឿនគ្នា កុំឲ្យភ្លេចពេលទៅហាត់ប្រាណ។ 8.កុំខ្លាចនឹងនិយាយពាក្យថា «ទេ»៖  ការជួបមិត្តភក្តិញ៉ាំអាហារជុំគ្នាតែងតែមាន  តែកុំឲ្យញឹកញាប់ពេកអី។  អ្នកអាចរកលេសអីផ្សេងៗ ឬប្រាប់ថាអ្នកកំពុងសម្រកទម្ងន់ ដើម្បីបដិសេធចំពោះការជួបជុំនានា។ ជាចុងក្រោយ នៅតែចំណុចមួយទៀតទេ   គឺថាអ្នកចង់ធ្វើវា ឬក៏អត់...កុំបានតែអាន ឬស្តាប់ហើយ ក៏មិនចេញជាសកម្មភាពអ្វីសោះនោះ...ហើយដើម្បីសម្រេចគោលបំណងធំ បានអ្នកមិនគួរមើលរំលងចំណុចតូចៗខាងលើនេះទេ...

ចែករំលែក

បែបមិនបានដឹងទេថា  ការដែលអ្នកដើរកម្សាន្តម្តងៗ  ពេលខ្លះក៏អាចឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន? នេះគឺដោយសារតែការដើរលេងរមែងមានការញ៉ាំនេះ ញ៉ាំនោះ ដោយមិនសូវបានចាប់អារម្មណ៍ពីការលើសកាឡូរី ដោយសារតែមានអារម្មណ៍ហត់ផង និងចង់ភ្លក្សរបស់ប្លែកៗមិនចេះឈប់ផង ជាពិសេសមិនងាយគេចផុតទេ ពិធីជប់លៀងពេលយប់ដែលសម្បូរអីញ៉ាំឆ្ងាញ់ៗ ភេសជ្ជៈផ្អែមៗ ឬអាល់កុល ដែលកាន់តែធ្វើឲ្យអ្នកប្រឈមនឹងការឡើងគីឡូ បើមិនច្រើន ក៏តិចដែរ.... អញ្ចឹង...  មិនមានន័យថា   អ្នកត្រូវកាត់បន្ថយការដើរកម្សាន្តទេ    គ្រាន់តែគួរដើរទៅតាមវិធី៤យ៉ាងងាយៗទៅ ក៏អាចចៀសវាងបញ្ហានេះបានហើយ... ១ ត្រៀមអាហារសម្រន់ អ្នកគួរត្រៀមនូវអាហារសម្រន់ប្រភេទជាផ្លែឈើស្រស់ដូចជា ផ្លែប៉ោម ឬផ្លែចេក ទៅតាមកាបូប ឬកន្រ្តកស្បៀង នៅពេលអ្នកត្រូវដើរកម្សាន្ត។ អត្ថប្រយោជន៍នៃអាហារសម្រន់នេះគឺ  សម្បូរដោយជាតិសរសៃ និងមិនមានកាឡូរីខ្ពស់ ដូចប្រភេទអាហារស្រាប់មួយចំនួន ហើយអាចជួយឲ្យអ្នកមិនសូវឃ្លានតាមតែចិត្តចង់      ព្រមទាំងសម្រួលការបន្ទោរបង់របស់អ្នកទៀតផង។ ២ គេងឲ្យបានគ្រប់គ្រាន់ ពិតណាស់ដែលថាពេលដើរលេងអ្នកបា្រកដជាគេងបានតិច ប៉ុន្តែតើអ្នកដឹងទេថាអ្នកមិនងាយស្រកទម្ងន់នោះទេ បើអ្នកគេងមិនគ្រប់គ្រាន់។ វាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ទ្វេដងប៉ុណ្ណោះទេ  ថែមទាំងបង្កើននូវចំណង់អាហារថែមទៀត  ពេលនោះ អ្នកនឹងញ៉ាំកាន់តែច្រើន។     ដូចនេះ  យកល្អអ្នកមិនគួរគ្រោងដំណើរកម្សាន្តដែលប្រញាប់ប្រញាល់ពេកនោះទេ។ ៣ កម្សាន្តបែបដើរ បើបានជាជ្រុលមកដើរលេង  គួរតែដើរឲ្យបានច្រើន ដើរច្រើនកាលណាអ្នកនឹងបានឃើញទេសភាពច្រើនប៉ុណ្ណោះដែរ។ ការដើរអាចជួយដុតបំផ្លាញកាឡូរីដែលលើសបានប្រហែលពី១៣៧ ទៅ២៧៧កាឡូរីក្នុងមួយម៉ោងអាស្រ័យនឹងល្បឿននៃការដើរ និងទម្ងន់របស់អ្នកផ្ទាល់។ ៤ រក្សាការញ៉ាំទឹក ពេលដើរលេង អ្នកប្រាកដណាស់ប្រឈមជាមួយនឹងការប្រែប្រួលអាកាសធាតុ  បរិស្ថាន  រួមនឹងសកម្មភាពដែលធ្វើឲ្យអ្នកបាត់បង់ជាតិទឹកច្រើនជាងធម្មតា។ ដូចនេះ  អ្នកគួរយកទឹកតាមខ្លួនជាការប្រសើរមិនត្រឹមតែបង្គ្រប់ជាតិទឹកប៉ុណ្ណោះទេ ថែមទាំងអាចកាត់បន្ថយការឃ្លានបានមួយកម្រិតទៀតផង។ តែប៉ុណ្ណេះ លែងបារម្ភរឿងដើរលេងហើយឡើងគីឡូទៀតហើយ...ដើរម៉ាអស់ដៃហ្មងទៅ៎!!! 

ចែករំលែក

កម្មវិធី Cambodian Start-up Journey ដែលបានប្រព្រឹត្តឡើងនៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥ :៣០ ដល់ម៉ោង០៨ :៣០ នាទីល្ងាច ដែលមានអ្នកចូលរួមចំនួន៥០នាក់ គឺជាកម្មវិធីជំនួបសហគ្រិនដែលបង្កើតឡើងក្នុងគោលបំណងលើកស្ទួយការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ Park Café រួមសហការជាមួយនឹង Educational Development Institute។   នៅក្នុងកម្មវិធីនេះដែរ មានវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាសហស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។ គួរបញ្ជាក់ផងដែរថា Banhji ដែលមានលោក ស៊ីម ចាន់គិរីរ័ត្ន ជានាយកប្រតិបត្តិ គឺជាប្រព័ន្ធគណនេយ្យសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលជួយសម្រួលដល់អាជីវកម្មរបស់ពួកគាត់។ អ្នកប្រើប្រាស់អាចឃើញពីសមតុល្យ និងប្រតិបត្តិការណ៍របស់អតិថិជន ព្រមទាំងបង្ហាញពីសម្រង់តម្លៃបញ្ជាលក់ ប្រាក់កក់អតិថិជន វិក័យបត្រលក់ជាសាច់ប្រាក់ ឬជំពាក់ ការបង្វិលទំនិញត្រលប់មកវិញ និងប័ណ្ណដឹកជញ្ជូនជាដើម។ លើសពីនេះទៅទៀតលោកក៏បានចែកជូននូវគន្លឹះសំខាន់មួយចំនួនដូចជា របៀបគ្រប់គ្រងពេលវេលា ក្រុមការងារ និងរបៀបគ្រប់គ្រង។ ចំណែកCambodia Investor Club (CIC) ដែលមានលោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រង បានបង្ហើបពីគន្លឹះ និងលក្ខន្តិកៈ ដើម្បីចូលជាសមាជិក ក៏ដូចជាធ្វើយ៉ាងណាដើម្បីទទួលបានជំនួយពី CIC ដើម្បីប្រកបអាជីវកម្ម។ ជាមួយគ្នានេះផងដែរ លោកក៏បានពិភាក្សាទៅលើសក្តានុពលភាពនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ប្រព័ន្ធបច្ចេកវិទ្យា របៀបផ្តាច់មុខ ក្រុមការងារដ៏ត្រឹមត្រូវ ការចែកចាយ និងពេលវេលាដែលត្រឹមត្រូវក្នុងការធ្វើអាជីវកម្ម។ ដោយសារអ្នកចូលរួមមានចម្ងល់ជាច្រើនទាក់ទងទៅនឹងប្រធានបទដែលបានលើកឡើង ធ្វើឲ្យកម្មវិធីទាំងមូលមានភាពសកម្ម និងរស់រវើក។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការញ៉ាំអាហារជាមួយគ្នាសម្រាប់អ្នកចូលរួម ដើម្បីឲ្យពួកគាត់មានពេលជួបជជែក និងសំណេះសំណាលគ្នា ដើម្បីបង្កើនចំណងមិត្តភាពក៏ដូចជាពង្រីកបណ្តាញអាជីវកម្មរបស់ខ្លួន។ កម្មវិធីបែបនេះមានជារៀងរាល់ខែ ដោយ Cambodian Start Up Journey គឺជាកម្មវិធីដំបូងគេប្រចាំឆ្នាំ២០១៧ក្រោមការឧបត្ថម្ភធំដោយ ក្រុមហ៊ុន Coca Cola ព្រមទាំងសហការគាំទ្រដោយ CIC, YEAC និង JCI Cambodia  និងមាន ហេលស៍ថាមខប ថ្មីៗ FEB និង សប្បាយ ជាដៃគូផ្សព្វផ្សាយ។ ចំពោះប្រធានបទ និងព័ត៌មានទាក់ទិននឹងកម្មវិធីប្រចាំខែជាបន្តបន្ទាប់ សូមរង់ចាំតាមដានជាមួយយើងទាំងអស់គ្នា...

ចែករំលែក

ដោយបានឆ្លងកាត់នូវបទពិសោធន៍ជាង៦ឆ្នាំនៃផ្នែកគ្រប់គ្រងឱសថស្ថានចំនួនពីរកន្លែងកន្លងមក និងសព្វថ្ងៃជាប្រធានផ្នែកនៃឱសថស្ថាន ឌឺ ហ៊ែល លោក ដាវ សីហា នឹងចែករំលែកនូវបទពិសោធន៍របស់លោកជូនដល់ប្រិយមិត្តអ្នកអាន និងជាពិសេសចំពោះអ្នកដែលមានបំណង ឬតៀមនឹងបើកដំណើរការនូវឱសថស្ថានផ្ទាល់ខ្លួននាពេលអនាគត។ កត្តាដែលត្រូវការជាចាំបាច់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មផ្នែកឱសថ ដើម្បីចាប់ផ្ដើមនូវអាជីវកម្មផ្នែកឱសថមួយ សំខាន់បំផុតចំពោះអ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្មនេះ គឺតម្រូវឲ្យមានការយល់ច្បាស់ពីឱសថ ព្រោះថាឱសថ គឺជាអាវុធមុខពីរដែលអាចព្យាបាលមនុស្ស តែក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ។ មិនគួរយកផលប្រយោជន៍បុគ្គលជាធំដោយណែនាំឲ្យអតិថិជនប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ឬគាត់មិនមែនជាឱសថការី នោះអាជីវកម្មនឹងដំណើរការដោយរលូន។ គោលការណ៍ចម្បងរបស់ឱសថស្ថាន គឺត្រូវយកសុខភាពប្រជាជនជាគោល ដូច្នេះវាជាការលំបាកចំពោះអ្នកដែលមិនបានឆ្លងកាត់ការសិក្សា ឬកង្វះចំណេះដឹងខាងឱសថ។ បើអ្នកចង់ប្រកបរបរនេះអ្នកគួរសួរខ្លួនឯងថាតើអ្នកមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាកម្មជូនអតិថិជនដោយគោរពតាមគោលការណ៍នៃក្រសួងសុខាភិបាលដែរឬទេ? ភាពខុសគ្នារវាងអាជីវកម្មផ្នែកឱសថ និងអាជីវកម្មធម្មតា គ្រប់អាជីវកម្មសុទ្ធតែមានភាពខុសប្លែកគ្នា ជាក់ស្តែង ចំពោះអាជីវកម្មធម្មតាដែលមិនមានទាក់ទងនឹងសុខភាពមិនមានហានិភ័យខ្ពស់ និងច្បាប់តឹងរឹងដូចឱសថស្ថានឡើយ ព្រោះវាអាចមានការប៉ះពាល់ដល់សុខភាពប្រជាជន។ ឧបសគ្គដែលត្រូវប្រឈម និងវិធីដោះស្រាយ ឧបសគ្គតែងតែមានគ្រាន់តែពេលខ្លះតូច ពេលខ្លះធំ ចំពោះឱសថស្ថានយើងខ្ញុំ បញ្ហា គឺកង្វះទំនុកចិត្តពីអតិថិជនដោយគាត់យល់ឃើញថាភ្នាក់ងាររបស់យើងមិនមែនជាឱសថការី ដូច្នេះនៅពេលដែលយើងណែនាំនូវផលិតផលដែលមានរូបធាតុផ្សំ ឬប្រសិទ្ធភាពដូចទៅនឹងឱសថដែលគាត់ប្រើប្រាស់ ប៉ុន្តែខុសក្រុមហ៊ុនផលិត ឬឈ្មោះដែលដាក់ឲ្យប្រើប្រាស់ក្នុងទីផ្សារនោះ គឺគាត់មិនត្រូវការឡើយ ដោយគាត់ទាមទារឲ្យដូចនឹងវេជ្ជបញ្ជាបេះបិទតែម្ដង។ ដំណោះស្រាយរបស់យើង គឺត្រូវព្យាយាមពន្យល់ឲ្យអតិថិជនបានយល់អំពីប្រសិទ្ធភាពនៃឱសថនោះ។ តម្លៃនៃផលិតផលឱសថ ឱសថដែលមានលក្ខណៈសម្បត្តិល្អ ជាឱសថដែលមានច្បាប់ត្រឹមត្រូវចេញពីក្រសួងសុខាភិបាល ហើយកត្តាសំខាន់ គឺការទុកដាក់ឲ្យបានត្រឹមត្រូវដោយមិនគួរឲ្យត្រូវពន្លឺថ្ងៃខ្លាំងពេក ដែលអាចនាំឲ្យប៉ះពាល់ដល់គុណភាព។ ទាក់ទងនឹងរូបរាងខាងក្រៅ យើងមិនគួរបកសម្បក ឬហែកថង់ចេញឡើយ និងត្រូវរៀបចំទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ដែលនេះជាគោលការណ៍ចម្បងរបស់ឱសថស្ថាន។ សារសម្រាប់មិត្តអ្នកអាន ជាចុងក្រោយ លោកក៏សូមឲ្យប្រិយមិត្តអ្នកអានទាំងអស់ ទាំងអ្នករួមអាជីព និងអ្នកប្រើប្រាស់ ពិនិត្យមើលឱសថឲ្យបានច្បាស់លាស់ ដោយសារតែមូលហេតុដែលបានលើកឡើងខាងលើថា ឱសថប្រៀបបាននឹងអាវុធមុខពីរដែលវាអាចបង្កផលលំបាកទៅថ្ងៃក្រោយប្រសិនបើមិនត្រូវបានប្រើប្រាស់ត្រឹមត្រូវទេនោះ ដូច្នេះអ្នកគួរជ្រើសរើសឱសថណាដែលមានបញ្ជិកាត្រឹមត្រូវ និងលេបថ្នាំទៅតាមការកំណត់របស់គ្រូពេទ្យ។

ចែករំលែក

សម័យនេះម្នាក់ៗពោលថា ចង់ហាត់ប្រាណ ដើម្បីឲ្យរាងស្អាត សុខភាពល្អ ខួរក្បាលក៏ស្រឡះអីបែបហ្នឹង។ បញ្ហាគឺ អ្នកខ្លះក៏បានតែពោល ហើយខ្លះទៀតក៏បានអនុវត្តពិតមែន តែមិនទៅបានយូរអី ហាត់មួយថ្ងៃចោលមួយថ្ងៃ ថ្ងៃណានឹកឃើញក៏ហាត់ ថ្ងៃណាខ្ជិលក៏ខានសិន យូរៗទៅក៏បោះបង់ចោលឯកឯង។ សាកល្បងម្តងទៀតជាមួយតិចនិកដែលនឹងជួយឲ្យអ្នកស្រឡាញ់ការហាត់ប្រាណរហូតមិនចង់ខកខានសូម្បីតែមួយថ្ងៃ។ ១ ធ្វើគម្រោងសម្រាប់ហាត់ប្រាណ ហាត់នៅពេលណា? ប៉ុន្មានថ្ងៃក្នុងមួយសប្តាហ៍?មួយថ្ងៃប៉ុន្មាននាទី?  ត្រូវហាត់បែបណាខ្លះ? សុទ្ធតែជាសំណួរដែលត្រូវបញ្ចូល   ដើម្បីឲ្យអ្នកដឹងថាអ្នកនឹងត្រូវធ្វើអ្វីនៅពេលហាត់ប្រាណ។ ២ កំណត់គោលដៅឲ្យច្បាស់ ត្រូវចាំថាគោលដៅរបស់អ្នកមិនគួរធំពេកទេនៅពេលចាប់ផ្តើមដំបូង ឧទាហរណ៍ ហាត់ដើម្បីមិនឲ្យឡើងគីឡូ ជំនួសឲ្យហាត់ដើម្បីឲ្យស្រកគីឡូសិន ឬដើរឲ្យបានពីរគីឡូ ជំនួសឲ្យការរត់ឲ្យបានពីរគីឡូជាដើម។ កុំទាន់ប្រញាប់ដាក់សម្ពាធលើខ្លួនឯងពេក។ ៣ ឈុតកីឡា អ្នកអាចរកឈុតកីឡាដែលអ្នកស្រឡាញ់ និងផ្តល់ផាសុកភាពដល់ខ្លួនឯង ដោយវានឹងផ្តល់អារម្មណ៍បែបកីឡា    និងថាមពលស្ទុះស្ទារាងធម្មតា     ហើយធ្វើឲ្យអ្នកមានជំនឿចិត្តក្នុងការបង្ហាញមុខក្នុងពេលហាត់ប្រាណម្តងៗផងដែរ។ ៤ ជ្រើសរើសទីតាំង ប្រាកដជាទីតាំងដែលអ្នកចូលចិត្តហើយ ទើបអាចជម្រុញឲ្យអ្នកទៅដោយមិនស្ទាក់ស្ទើរ និងគ្មានសម្ពាធ។ ហើយជម្រើសរបស់អ្នកអាចជា ផ្ទះ ក្លិបហាត់ប្រាណ ឬទីសាធារណៈជាដើម។ ៥ ពេលវេលា មិនទាន់ដល់ពេលគិតថា ហាត់ប្រាណនៅពេលណាល្អជាងទេ សំខាន់តើពេលណាអំណោយផលដល់អ្នកជាងគេ?ពេលព្រឹក ដោយត្រូវធ្វើការ ឬរៀនដល់យប់ៗធ្វើឲ្យពិបាកក្រោក ជ្រើសរើសពេលល្ងាចក៏បាន ឬក៏ពេលល្ងាចច្រើនតែរវល់បញ្ចប់ការងារ ឬអស់កម្លាំង អញ្ចឹងព្យាយាមពីព្រឹកទៅ ឬជ្រើសរើសចុងសប្តាហ៍ក៏បាន។ ៦ រាប់អានមិត្តថ្មីៗ សម្រាប់ការហាត់នៅក្លិប ឬទីសាធារណៈ អ្នកអាចមានឱកាសជួបមនុស្សច្រើន ហើយហេតុអ្វីអ្នកមិនរាប់អានមិត្តល្អៗនៅទីនោះ? មិនត្រឹមតែអាចកំដរគ្នានិយាយលេង ថែមទាំងអាចចែករំលែកបទពិសោធន៍នៃការហាត់ប្រាណ ឬបញ្ហាផ្សេងៗផងដែរ។ ម្យ៉ាង មានមិត្តខ្លះក៏ជួយឲ្យអ្នកស៊ាំជាមួយនឹងបរិយាកាស មានអារម្មណ៍ល្អ គ្មានសម្ពាធ និងមិនទើសទាល់ពេលជួបគ្នាច្រើនដង។ ៧ រកអ្នកដែលអាចជម្រុញទឹកចិត្តរបស់អ្នក អ្នកគួរតែរកមើលអ្នកណាម្នាក់ជាបុគ្គលគំរូ ដែលអាចជម្រុញទឹកចិត្តអ្នកឲ្យចង់ធ្វើដូចគេ ឬចង់សម្រេចដូចគេ  ដូចជាអ្នកដែលមានរាងស្អាតៗដែលអ្នកជួបនៅក្លិបហាត់ប្រាណ    ឬរត់នៅផ្លូវជាមួយគ្នា ឬអាចបិតរូបតារាបង្ហាញម៉ូតនៅបន្ទប់ហាត់ប្រាណជាដើម។ ៨  តាមដានរឿងជុំវិញការធ្វើលំហាត់ប្រាណ តាមអ៊ីនធឺណេត  ឬទស្សនាវដ្តីបានដឹងច្រើន មិនថាជាអត្ថប្រយោជន៍   វិធីសាស្រ្តថ្មីៗ   ឬក៏ព័ត៌មានដែលទាក់ទងនឹងការហាត់ប្រាណឬកីឡា   អ្នកនឹងកាន់តែមានអារម្មណ៍ស្និទ្ធស្នាលឡើងជាមួយនឹងសកម្មភាពទាំងនោះ ធ្វើឲ្យអ្នកកាន់តែចង់ហាត់ប្រាណ ។ ៩ តន្រ្តី សាមញ្ញបំផុត អ្នកអាចយកពេលវេលាហាត់ប្រាណ ជាពេលដែលអ្នកអាចមានឱកាសស្តាប់បទចម្រៀងកំសាន្តអារម្មណ៍   ដូចនេះអ្នកនឹងមិនគិតថា អ្នកត្រូវចំណាយពេលធ្វើរឿងដែលនឿយហត់នោះឡើយ ហើយវាកាន់តែល្អបើអ្នកមិនសូវចូលចិត្តនិយាយ។ ១០ ឲ្យរង្វាន់ខ្លួនឯង រាល់ពេលសម្រេចគោលដៅនីមួយៗ  អ្នកគួរលើកទឹកចិត្តខ្លួនឯងខ្លះ   ដើម្បីបន្តទៅជំហានមួយទៀត។ មិនចាំបាច់ជាកាដូធំដុំទេឧទាហរណ៍អ្នកគ្រាន់តែឲ្យពេលខ្លួនឯងមួយម៉ោងលេងហ្គេមដែលអ្នកពេញចិត្ត   ឬមើលរឿងភាគមួយភាគក៏បាន។ ទាំងនេះអាចជាថាមពលជម្រុញទឹកចិត្តឲ្យអ្នកហាត់ប្រាណជាទៀងទាត់   តែអ្វីដែលសំខាន់ចុងក្រោយគឺការតាំងចិត្តរបស់អ្នកផ្ទាល់ពោល គឺតាំងចិត្តមិនបោះបង់ មិនយកលេស មិនកុហកខ្លួនឯង មិនពន្យារពេលហាត់ប្រាណ...  

ចែករំលែក

មានជំងឺជាច្រើនដែលជាកង្វល់របស់ស្រ្តីគ្រប់រូប តែក្នុងនោះជំងឺរលាកដៃស្បូនត្រូវបានស្គាល់ថាជាជំងឺដែលកើតមានជាញឹកញាប់ និងផ្តល់ផលអវិជ្ជមានជាខ្លាំងចំពោះស្ត្រីយើង។ បើយោងទៅតាមការបង្ហាញរបស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសផ្នែកសម្ភព និងរោគស្រ្តី ព្រមទាំងមានជំនាញផ្នែកថតឆ្លុះ និងជំងឺមាត់ស្បូន ផ្នែកគភ៌មានវិបត្តិ និងអេកូសាស្ត្រ និងបច្ចុប្បន្នជាប្រធានផ្នែកសម្ភពនៅគ្លីនិក លុច្ស ផង នោះបានឲ្យដឹងថា «ជំងឺរលាកដៃស្បូននេះ ជាប្រភេទមួយនៃជំងឺកាមរោគដែលកើតមានលើស្ត្រី ១៥ ០០០ នាក់ក្នុងរយៈពេលមួយឆ្នាំ (ស្ថិតិប្រទេសបារាំង)ដែលក្នុងនោះ៥៥%នៃអ្នកជំងឺមានអាយុតិចជាង២៥ ឆ្នាំ។ កាន់តែធ្ងន់ធ្ងរនោះគឺ ២០ ទៅ ៤០% នៃបញ្ហាគ្មានកូនគឺមានការទាក់ទងនឹងផលវិបាកក្រោយពីកើតជំងឺរលាកដៃស្បូននេះតែម្តង»។ អ្វីជាជំងឺរលាកដៃស្បូន? ជំងឺរលាកដៃស្បូន គឺជាការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)។ មូលហេតុបង្កជំងឺ មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ ក្នុងនោះ ៨៥% នៃករណី ឆ្លងតាមការរួមភេទ ដោយមានវត្តមាន Chlamydiae Trachomatis ៦០%  និង Gonocoque ២០%  ហើយក៏មានពពួកAnaérobie, Mycoplasme, និង៣០%ទៀតជាពពួក Ecoli ។ ចំពោះការឆ្លងពីមូលហេតុវេជ្ជសាស្រ្ត មាន១៥% នៃករណី គឺកើតឡើងនៅអំឡុងពេលថតឆ្លុះក្នុងស្បូន (Hystéroscopie) ,HSG ( hysterosalpingographie ), ការសម្អាតក្នុងស្បូន និងការយកកូនចេញ (curettage) ឬវិធីពន្យារកំណើតដោយដាក់កងក្នុងស្បូន (stérilet)ជាដើម។ ចំណែកការចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសរីរាង្គជិតខាង ជាករណីកម្រដែលមានដូចជា ការឆ្លងពីការរលាកពោះវៀនធំ  ឬការរលាកខ្នែងពោះវៀន។ គួរបញ្ជាក់ថា កត្តាដែលអាចប្រឈមមុខនឹងជំងឺរួមមាន ស្ត្រីដែលមានអាយុតិចជាង២៥ឆ្នាំ ស្ត្រីដែលមានការរួមភេទលើកដំបូងឆាប់ពេក ស្រ្តីមានប្រវត្តិជំងឺកាមរោគ ស្ត្រីមានកម្រិតជីវភាពរស់នៅទាប ស្រ្តីដែលប្រើប្រាស់វិធីពន្យារ កំណើតដោយប្រើកងដាក់ក្នុងស្បូន និងស្ត្រីមានដៃគូរួមភេទច្រើន។   ការធ្វើរោគវិនិច្ឆ័យ ងាកមកមើលទម្រង់គ្លីនិកនៃជំងឺរលាកដៃស្បូនវិញ គឺត្រូវបានចែកជា២ទម្រង់ គឺទម្រង់ច្បាស់លាស់ដែលរួមមាន ក្តៅខ្លួន ឈឺពោះ ធ្លាក់ស និងទម្រង់មិនច្បាស់លាស់ ដែលមាន៥០%នៃករណី  ហើយក្នុងនោះរួមមាន ស្ត្រីមានរោគសញ្ញាបន្តិចបន្តួច ឬគ្មាន និងមានការធ្លាក់ឈាមប្រហែល ៣០ ទៅ ៤០% នៃករណីនេះ។ ដើម្បីឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងទម្រង់គ្លីនិកនីមួយៗ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះទម្រង់គ្លីនិកស្រួចស្រាវ ក្រៅពីការក្តៅខ្លួន នៅមានការធ្លាក់សមានក្លិន និងការឈឺពោះ ពោលគឺនៅត្រង់តំបន់លើថ្ងាសទាំងសងខាង។ ចំពោះទម្រង់គ្លីនិកមិនសូវ ស្រួចស្រាវ ដែលជាទម្រង់កើតញឹកញាប់ជាងគេនោះ គឺសម្តែងដោយអាការៈដូចជា ការឈឺនៅតំបន់លើថ្ងាសតិចតួច កម្តៅតិចជាង ៣៨°C  មានធ្លាក់សបន្តិចបន្តួច ឬពេលខ្លះ គ្មានរោគសញ្ញាអ្វីទាំងអស់។ ដោយឡែកការធ្វើរោគវិនិច្ឆ័យអមគ្លីនិក ដែលចូលរួមក្នុងការកំណត់ជំងឺរួមមាន ការវិភាគឈាម ការបណ្តុះមេរោគ ការពិនិត្យអេកូតាមទ្វារមាស ព្រមទាំងការវិភាគដោយការឆ្លុះក្នុងពោះក្នុងករណីចាំបាច់ខ្លះ ( coelioscopie )។ ការព្យាបាល ទាក់ទិននឹងការព្យាបាលជំងឺរលាកដៃស្បូនស្រួចស្រាវ ត្រូវធ្វើឡើងក្នុងលក្ខណៈបន្ទាន់ ដោយត្រូវសម្រាកពេទ្យនៅផ្នែករោគស្ត្រី និងការព្យាបាលដោយប្រើថ្នាំផ្សះ។  មធ្យោបាយព្យាបាលបន្ទាប់បន្សំរួមមាន ការសម្រាកនៅផ្ទះ ការដកកងក្នុងស្បូនចេញ ការស្អំទឹកកក ការរួមភេទដោយប្រើស្រោមអនាម័យ ការស្រាវជ្រាវ និងព្យាបាលដៃគូរួមភេទ ព្រមទាំងការប្រើប្រាស់ឱសថមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ (anti-spasmodique)  និងថ្នាំពន្យារកំណើតគ្រាប់ ដើម្បីឲ្យក្រពេញដៃស្បូនស្រ្តី (ovaire) បានសម្រាក ទាំងនេះជាការរៀបរាប់របស់លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី។ ការវិវឌ្ឍទៅមុខនៃជំងឺ ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺ មានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល ។ ផលវិបាក ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។ •    ផលវិបាករយៈពេលខ្លី អាចមានជា ការរលាកស្រោមអាងត្រគាក (pelvi-péritonite) ការកកើតខ្ទុះក្នុងដៃស្បូន (pyosalpinx) និងមេរោគក្នុងឈាម (septicémie)។ •    ផលលំបាករយៈពេលវែងវិញ មានទឹកដក់ក្នុងដៃស្បូន (hydrosalpinx) ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% (adherence pelvienne) មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន (dystrophie ovarienne) វិបត្តិនៃការមិនមានកូន ៧០% (stérilité) ការកកើតឡើងវិញនៃជំងឺ (récidive)ជាដើម។ ការបង្ការជំងឺរលាកដៃស្បូនស្រួចស្រាវ ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលជំងឺកាមរោគឲ្យទាន់ពេល និងការព្យាបាលនូវរាល់ជំងឺផ្សេងៗនៅលើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងក្រោម (ដៃគូទាំងពីរនាក់) តាមរយៈការតាមដានឲ្យបានលឿនទាក់ទងនឹងជំងឺកាមរោគ ផ្តល់ពត៌មាន និងអប់រំយុវជន និងយុវនារីឲ្យយល់ដឹងពីជំងឺកាមរោគ មានភាពប្រុងប្រយត្ន័ខ្ពស់ចំពោះទម្រង់ដែលមិនសូវមានរោគសញ្ញា (forme paucisymptomatique) ព្រមទាំងការគោរពតាមស្តង់ដារអនាម័យឲ្យបានល្អ នៅពេលដែលធ្វើសកម្មភាពព្យាបាលផ្សេងៗក្នុងស្បូន។ ជាពិសេស ដើម្បីការពារការកកើតឡើងវិញ ត្រូវប្រាកដថាបានធ្វើការព្យាបាលដៃគូរួមភេទរបស់អ្នកជំងឺផងដែរ។ ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ឲ្យតែចូលដល់ខែកុម្ភៈ ម្នាក់ៗតាំងចាប់ផ្តើមនឹកគិតដល់ពាក្យបួនម៉ាត់ហើយ…គឺថា…ពាក្យអីដែលតំណាងឲ្យថ្ងៃ១៤ ខែកុម្ភៈហោ៎!!! ប្រាកដជាគិតឃើញហើយ…គឺ Valentine’s Day នុះអី!!! ទាំងអ្នកមានលិឍ និងអ្នកអត់លិឍ ឬអ្នកសីងហ្គលអាជីពដូចខ្ញុំ ចេះតែជ្រួលជ្រើមតាមគ្នា។  មិនចង់និយាយទេ៎…តែវាជារឿងពិតដែលថា មិនដែលស្គាល់ជាតិគេសារភាពស្នេហ៍ដាក់ (#sadbuttrue) នេះមិនមែនមានន័យថាអត់អ្នកស្រលាញ់ទេណា៎…គ្រាន់តែមិនទាន់ជួបអ្នកមានភាពក្លាហានមកសារភាព…ហើយឲ្យតែថាមើលរឿងកុន ឬរឿងភាគស្នេហាលើកណា ក៏បានត្រឹមតែប្រកាច់ប្រកិនតែម្នាក់ឯងរហូតហ្នឹង…គឺ បានត្រឹមស្រមៃរហូតមក ១៤កុម្ភៈឆ្នាំនេះ…ដូចរាល់ឆ្នាំដែរ…ខ្ញុំបានចំណាយពេលមួយព្រឹកទៅមជ្ឈមណ្ឌលកុមារកំព្រា ដើម្បីចែករំលែកក្តីស្រឡាញ់ជាមួយពួកគេ…តែអ្វីដែលប្លែក គឺថាមិនមែនទៅម្នាក់ឯងទេឆ្នាំនេះ…(កុំគិតដល់ណាណីហា៎)  គឺ…ទៅលើកនេះ ទៅលក្ខណៈជាថ្នាក់តែម្តង។ ដោយហេតុថា ទើបតែចំណេញលុយពីលក់អីអីក្នុងកម្មវិធីសប្បុរសធម៌នៅសាលា ហើយពេលដែលប្រាប់គំនិតនេះដល់មិត្តរួមថ្នាក់ ក៏គេទារមកដែរ… ក៏ម្យ៉ាងដែរ…កុំឲ្យតែឯងដូចរាល់ដងពេក…សំខាន់ គឺថាមានcrushនៅក្នុងចំណោមហ្នឹងដែរ…ម្នាក់ហ្នឹង គេសង្ហា!!! រៀនមិនសូវពូកែ តែមានដុងខាងសិល្បៈកប់ស៊េរី…ម៉ាសាលា នរណាក៏ស្គាល់ថាគេជាអ្នកលេងហ្គីតាដៃឯក(ដូចអួតពេកហើយ!!! តែមែនតើ…) ដែរ។ និយាយរួមទៅ បើមើលពីសម្បកក្រៅទៅ គឺអ៊ែមហ្មង…លើកលែងតែរឿងមួយគត់ គឺថា…មាត់ឆៅ ចិត្តក្តៅ មិនចេះទុកមុខទុកមាត់ឲ្យគេ…តែចរិតហ្នឹង ធ្វើដាក់តែនរណាដែលអាក្រក់ដាក់គេមុននោះទេ។ ចំពោះមនុស្សល្អដូចខ្ញុំនេះ គេឡើងសុភាពហើយគួរឲ្យស្រលាញ់ណាស់  ក្រោយពីចែកសម្ភារៈសិក្សាដល់សិស្សគ្រប់គ្នាហើយ ក៏ដល់វេលាកំសាន្តម្តង…អ្នកខ្លះប្រញាប់ប្រញាល់រៀបចំហ្គេមលេង ហើយអ្នកខ្លះទៀតត្រៀមសម្តែងមានទាំងអ្នកច្រៀង អ្នករាំ និងលេងកំប្លែង (ស្តាប់ទៅ ដូចធំដុំណាស់…តែក៏មិនតូចតាចម៉ានដែរ)។ មនុស្សសំឡេងបានដូចខ្ញុំ ក៏បានត្រឹមតែធ្វើជាអ្នកចម្រៀងហ្នឹងឯង…និយាយពីថា រឿងអីមិនដឹង តែបើរឿងច្រើនហ្នឹង កុំឲ្យមេក្រូកាន់ឲ្យសោះ ធានាថាបេះមិនចេញវិញនោះទេ។  ភ័យអរភ័យអរ…ឌឹបឌឹប!!!ឌឹបឌឹប!!! បេះដូងស្ទើរលោតចេញក្រៅ ដោយសារតែត្រូវច្រៀងជាមួយនឹងអាប៉ិដែលខំក្រាស់តាំងពីឆ្នាំទីមួយម៉ោហ្នឹង…ភ្លេចប្រាប់ទៅថា ខ្ញុំឈ្មោះ«ណាវីន» ហើយគេគ្រប់គ្នាហៅម្នាក់ហ្នឹងថា«ឌែន»។ ហ៊ើយ!!! មិនបានត្រៀមចិត្ត ព្រោះតួឯកពិតមិនស្រួលខ្លួន (មករាកអីចំពេលល្អម្ល៉េះទេ!!! មកធ្វើឲ្យបេះដូងឯងលោតឡើងញាប់យ៉ាងហ្នឹងហា៎) ទើបត្រូវជំនួស… ដឹងថាបទអីទេ? «យើងពីរនាក់ស្រលាញ់គ្នាបានទេ៎?» !!! ព្រះអើយ!!! គេឡើងធម្មតា ហើយខ្ញុំឡើងញ័រអស់ហើយដៃហ្នឹង…តែត្រូវប្រឹងទប់ មិនចឹងទេ បែកធ្លាយពេញហ្នឹងឡូវហើយ…មិនដឹងហេតុអី…មុខគេឡើងខ្យូត ជាពិសេសភ្នែកឡើងទាក់ទាញយ៉ាងហ្នឹង (អា៎!!! មិនមែនក្នុងន័យអីទេ គឺថាទាក់ទាញបែប…បែបស្រទន់ ប្រកបដោយមន្តស្នេហ៍)  ច្រៀងបណ្តើរ បន្លំសំឡឹងភ្នែកបណ្តើរ…ទោះមិនមែនជាតួឯកពិតដូចក្នុងបទចម្រៀង តែប៉ុន្មាននាទីដែលបានច្រៀងហ្នឹង ក៏គ្រប់គ្រាន់ហើយ…ក្តីសុខតូចតាច តែមានន័យ…ងាយណា៎ បានច្រៀងបទឆ្លើយឆ្លងចឹងចឹងជាមួយក្រាស់ហូ៎…(ច្រណែនទេ៎???)  ក្រោយពីចប់កម្មវិធី ក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន ជាពិសេស អ្នកមានគូ តែ…នៅសល់ប៉ុន្មាននាក់ដែរ ដែលមិនចង់ចូលផ្ទះ (គឺស៊េរីអ្នកអត់លិឍហ្នឹងឯង)។ ខ្ញុំលឺតែឌែនក៏ចង់ចេញក្រៅដែរ ក៏នឹកដល់អត្ថបទ«លេសបបួលcrushចេញក្រៅ» (នៅក្នុងគេហទំព័រនេះដែរ ត្រង់ផ្នែកកំសាន្ត) ភ្លាម ហើយក៏សាកល្បងប្រើស្នៀតទៅញ៉ាំអីមុនគេ… បានសម្រេច!!! ក៏ព្រោះតែដល់ម៉ោងឃ្លានល្មមហ្នឹងឯង…គេ និងខ្ញុំសុទ្ធតែពូកែញ៉ាំដូចគ្នា (ជានិស្ស័យឲ្យច្បាស់ក្រឡែតនៀក៎…) ក្រោយមកក៏ទៅដល់វគ្គទៅច្រៀងខារ៉ាអូខេ…ក្រុមកូរឥតល្ហែ!!! ២ម៉ោង ឡើងស្អកក ហើយចុកអស់ដៃ និងជើង…តែសប្បាយខ្លាំង (ព្រោះវត្តមានគេច្រើនជាង)  គិតថានឹងបបួលគេមើលកុនដែរ តែថ្ងៃពិសេសបែបនេះ មិនបានកក់មុន ដឹងតែមិនបាច់ចូលទេ…ណាមួយ ទៅកន្លែងបែបហ្នឹង នាំតែឈឺចាប់ទេ ក៏ព្រោះថា ដឹងតែឃើញគេបណ្តើរគ្នាមួយគូៗមិនខានទេ…ក៏រាងព្រលប់ដែរហើយ យើងក៏ស្រុះស្រួលគ្នាទៅអង្គុយញ៉ាំអីផឹកអីនៅPubវិញ។ កុម្ម៉ង់បានដូចចិត្ត ត្រង់ថាទៅកន្លែងដែលមានគេច្រៀងផ្ទាល់ (ស្រួលបានឡើងច្រៀងពេលស្រវឹងស្រឿងៗ) Blue Margarita ទើបតែអស់ប៉ុន្មានកែវ…ក៏មានអារម្មណ៍ថាក្តៅៗមុខបាត់ហើយ…ហើយតាប៉ិឌែននោះ ឡើងខ្សោយ។ មុខក្រហម ហើយឡើងសឺៗមុនគេបាត់…ដល់ថ្នាក់និយាយស្តាប់គ្នាមិនសូវបានហើយ គេក៏ងើបឡើងទៅសុំគេច្រៀងមួយបទ «Will you be my girl?»។ ពូកែរើសបទណាស់ ប៉ិហ្នឹង!!!ស្រីៗស្រែកហ៊ោពេញហ្នឹង ម្នាក់ៗជ្រួលជ្រើមណាស់… ច្រៀងហើយ ឡើងស្វាងហ្មង ហើយក៏ដើរមកវិញដូចគ្មានរឿងអីកើតឡើង…តែអ្វីដែលសំខាន់ អង្គុយឡើងកៀហើយខ្សឹបថា«ពិរោះអត់? ហើយណាកាដូគេ?» ខ្ញុំបើកភ្នែកធំៗ ហើយក៏ប្រឹងស្រវាទាញកាបូបតែក៏យឺតពេល ព្រោះឌែនទាញទៅបាត់ហើយ។ អូយយយយ៎!!! លេងចឹងហ្មង…មិនដឹងថាឃើញកាដូហ្នឹងតាំងពីពេលណា…គឺ សូកូឡាដែលបានរៀនធ្វើប៉ុន្មានខែមុនហ្នឹងណា៎!!! ខំលួចផ្ញើទូទឹកកកគេគ្រប់កន្លែង ក៏ព្រោះតែខ្លាចរលាយ។  គេបើកប្រអប់កាដូទាំងមុខញញឹមបែបច្រឡឺម ហើយក៏ដកប្រអប់សូកូឡាចែកមិត្តផ្សេងទៀតញ៉ាំដែរ(ឡើងចិតត្តបានណាស់ មិនគិតដល់ទឹកចិត្តអ្នកធ្វើសោះ)។ តែ…គេដកយកសំបុត្រនោះទុកក្នុងកាតាប ហើយខ្សឹបម្តងទៀតថា«ចាំទុកអាននៅផ្ទះម្នាក់ឯងវិញ!!! ខ្លាចអ្នកខ្លះអៀន…»  ខ្ញុំវាយគេមួយដៃ ហើយក៏ត្រូវគេញីសក់លេងដោយទឹកមុខញញឹមស្រស់ (ទើបតែមើលភ្នែកគេជិតបែបនេះលើកទីមួយ ហើយក៏មានអារម្មណ៍កក់ក្តៅណាស់) ពិតជាមិនចង់ឲ្យស្រីផ្សេងមើលឃើញស្នាមញញឹមបែបនេះឡើយ។ មួយសន្ទុះក្រោយមក…ភ្លើងក៏ដាច់…ភ្លឹប!!! អៀវ៎…. ខ្ញុំក៏ភ្ញាក់ខ្លួនព្រើត…ពេលឌែនចាប់ទាញសក់មកដាក់ច្រមុះ។ What??? មុនហ្នឹងគេងយល់សប្តិទេ៎??? ហ៊ើយ!!! ទេវតាលេងសើចណាស់…តាមពិត ពេលនេះគឺខ្ញុំស្ថិតក្នុងសភាពស្រវឹងរកកន្លែងដេកហើយ…ខ្ញុំខំប្រឹងរកមើលប្រអប់សូកូឡា តែក៏បែរជាឃើញនៅលើតុ ហើយឌែនក៏ប្រាប់ថាអ្នករត់តុយកមកឲ្យ។ ដោយសារតែឃើញគេង ក៏ខ្ជិលដាស់ ហើយម្នាក់ៗក៏ភ្លក្សម្នាក់មួយទៅ…ក៏មិនដឹងនិយាយអីទៀត បានត្រឹមនិយាយថា«មិនអីទេ» ចប់តង់ចុងក្រោយហើយ យើងក៏បំបែកគ្នាទៅផ្ទះ…ហើយឌែនក៏ជិះបណ្តើរមកផ្ទះ ព្រោះផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានដែរ…មុននឹងលាគ្នា គេអេះអុញ ធ្វើដូចមានរឿងអីចង់និយាយ ហើយខ្ញុំនេះ ក៏ទ្រាំមិនបានហើយសួរថា «មានអីនិយាយមែន៎?»  «អឺម!!! មិនទេ៎…តែចង់សួរមួយ» «សួរឡូវ ឬចង់សួរពេលក្រោយ?» «ចង់សួរថា..នឹងគិតឲ្យសំបុត្រនោះមកអត់ហ្នឹង? ប្រុងទុកដល់ពេលណា៎?» (ស្លាប់ហើយ!!!ឡើងមើលឃើញមែន៎??? មកសួរត្រង់ៗចឹងទៀត…ខ្លាំងណាស់យើងហ្នឹង!!!) មិនបាច់រ៉ាយរ៉ាប់ទៀតទេ៎…ដឹងត្រឹមថា ពេលដល់ផ្ទះ ម្នាក់ហ្នឹងsend relationship requestមក…ហើយចម្លើយខ្ញុំមិនបាច់ប្រាប់ ក៏អ្នកដឹងដែរ… មានតែប៉ុណ្ណឹងឯង…Valentineខ្ញុំនោះ…ចុះអ្នកវិញ???  បានទៅណាខ្លះ? មានអ្វីពិសេសចង់ចែករំលែកអត់?

ចែករំលែក

ស្នេហានរណាក៏ចៀសមិនផុតដែរ គ្រាន់តែអ្នកខ្លះឆាប់បានជួប ហើយអ្នកខ្លះក៏រាងយឺតបន្តិច ហើយទោះចង់ ឬមិនចង់ បើស្រលាញ៉គេហើយ ត្រូវហ៊ានសារភាពប្រាប់គេ...ហើយបើជ្រុលជាសារភាពហើយ កុំប្រើស្ទាយចាស់គំរិលពេក...យើងខ្ញុំក៏សូមណែនាំតែវិធីប្លែកសម្រាប់បើកបង្ហាញនូវចិត្តស្នេហាដែលមានចំពោះមនុស្សម្នាក់ទៀត (ដោយផ្តោតតែលើស្នេហារវាងភេទផ្ទុយតែប៉ុណ្ណោះ) ជឿជាក់ថាធ្លាប់ឃើញឡើងស៊ាំហើយ ការជូនផ្កាមួយបាច់ ឬតុក្កតា ឬការនាំគ្នាទៅញ៉ាំអីនៅកន្លែងរ៉ូមែនទិកនោះ ហើយនិយាយពីថា អ្នកខ្លះវិញប្រហែលជាលែងមានអារម្មណ៍រំភើបនឹងសកម្មភាពបែបនេះហើយ…ទើបខំប្រឹងរកនឹកវិធីណារាងប្លែកៗ តែអាចធ្វើបាន ហើយបង្ហាញពីចិត្តស្មោះពិតប្រាកដទៀត… ប៉ុន្តែ…មិនប្រាកដថាប្រើការបាន១០០% ឬមានប្រសិទ្ធិភាពបានកម្រិតណា តែគ្រាន់តែចង់ចែករំលែកខ្លះ ដើម្បីកាត់បន្ថយនូវភាពទ្រលាន់ និងស្តាលច្រំដែល…ជួនកាល គេមិនសូវចាប់អារម្មណ៍យើងប៉ុន្មានទេពីមុនមក តែដល់ពេលឃើញពីភាពច្នៃប្រឌិត និងការខិតខំរបស់យើង គេក៏អាចនឹងដាក់ចិត្តពិចារណាឡើងវិញអីចឹងហ្នឹងហា៎… ចង់ដឹងថាមានស្នៀតអ្វីខ្លះ តោះ!!! អានតទៅក្រោមទៀត… បទចម្រៀង មានពាក្យពេចន៍ខ្លះសឹងតែមិនបាច់និយាយចេញ តែក៏មានរ៉ាយរ៉ាប់ស្រាប់នៅក្នុងបទចម្រៀង អាចជាភាសាជាតិ ឬអន្តរជាតិ (តែបើអាចធ្វើបាន គួរតែបទខ្មែរយើងទៅ…គាំទ្រស្នាដៃកូនខ្មែរយើង)រួចទៅហើយ។ ជាមួយនឹងបទចម្រៀងនេះដែរ ក៏មានស្នៀតមួយចំនួនអាចប្រើប្រាស់បាន ស្នៀតទី១ ៖ ផ្ញើlink បទចម្រៀងតាមឆាតឬ បើក្លាហានគ្រាន់ដែរ អាចpostលើtimelineគេតែម្តងក៏បាន។ បើបាននៅក្បែរគ្នា ក៏អាចដាក់កាសឲ្យគេស្តាប់តែម្តងក៏បាន.... ស្នៀតទី២ ៖ រាងចាស់គំរឹលបន្តិច តែមានអីមិនល្អ…ផ្ញើចិត្តនឹកតាមវិទ្យុ…ត្រៀមរកមើលកម្មវិធីសំណូមពរបទចម្រៀង ហើយcallទៅចូលរួម ហើយផ្ញើជូនគេស្តាប់ជាពិសេស។ បើសិនគេមិនបានស្តាប់ផ្ទាល់ទេ ក៏អាចrecordវាទុក ហើយផ្ញើឲ្យគេស្តាប់តាមក្រោយទៀតក៏បាន… ស្នៀតទី៣ ៖ ចំណុចនេះដូចរាងលើសខ្លាំងតិច តែបើអាចធ្វើបាន ក៏ធ្វើឲ្យគេរំភើបមិនតិចដែរ…សាកតែងចម្រៀង (បើមិនបានមួយបទ ក៏ប៉ុន្មានឃ្លា) បញ្ជាក់ពីអារម្មណ៍ដែលមានចំពោះគេទៅ ហើយមិនចាំបាច់តែមានសាច់ភ្លេងថ្មីក៏បានដែរ។ ម្យ៉ាង ក៏កុំបារម្ភរឿងថតសំឡេងក្នុងស្ទូឌីយោអី ត្រឹមតែថតដាក់soundcloud ឬផ្ញើសារជាសំឡេងទៅគេទៅក៏បានហើយ… ទូរស័ព្ទ សម័យប្រើប្រាស់ស្មាតហ្វូន ប្រាកដណាស់ គឺមានមុនងារជាច្រើនដែលយើងអាចប្រើប្រាស់បាន…តែពេលនេះ នឹងមិនប្រកាន់ថាទូរស័ព្ទថាច់ ឬចុចប៊ូតុងទេ ឲ្យតែមានលុយក្នុងទូរស័ព្ទ គឺអាចអនុវត្តបាន… ស្នៀតទី១ ៖ ដើរតួជាបុគ្គលិកផ្នែកលក់…ចុចcallទៅគេ ហើយក្រោយពេលគេលើកទទួល អាចចាប់ផ្តើមនិយាយប្រៀបដូចជាការផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលអ្វីមួយ (ដោយគ្រាន់តែប្តូរខ្លឹមសារជាអារម្មណ៍របស់អ្នក) ឧទាហរណ៍៖«សូមជម្រាបសួរ…អត់ទោស តើបងឈ្មោះ…មែនទេ៎? ក្នុងខណៈនេះ សូមកញ្ញា/លោករង់ចាំស្តាប់សិន មុននឹងធ្វើការឆ្លើយតប…» ស្នៀតទី២ ៖ ប្រហែលជាធ្លាប់ឃើញសារវែងៗ ដែលគេតែងផ្ញើតគ្នាហើយ…ស្រដៀងគ្នាដែរ អាចរៀបចំនូវសារជាអក្សរ២-៣ទំព័រ (កុំវែងពេក…មិនមែនវគ្គប្រកួតសំណេរទេ៎) ដោយដាក់លាយឡំនូវពាក្យពេចន៍ រូបEmoji ផ្សេងៗ…ត្រង់ហ្នឹង គឺអាស្រ័យលើការច្នៃប្រឌិតរបស់អ្នកហើយ…អ្វីត្រូវចងចាំ គឺត្រូវបង្កើតថ្មីដោយខ្លួនឯង មិនមែនទៅcopyពីgoogleអីម៉ោនោះទេ។ ថតសំឡេង មិនមែនជាន់គ្នានឹចំណុចទីមួយទេ…ចំណុចនេះ គឺសំដៅដល់ការថតសំឡេងនិយាយផ្ទាល់តែម្តង… ស្នៀតទី ៤ ៖ ផ្ញើសារជាសំឡេងទៅកាន់គេ តាមឆាត ឬឧបករណ៍ផ្សេងៗ ស្នៀតទី ៥ ៖ មានតុក្កតាខ្លះ វាអាចនិយាយថា«I love you» ហើយខ្លះទៀត ក៏អាចថតសំឡេងយើងទុកបានទៀត។ ហេតុនេះហើយ បើសិនជាអាចទិញវាជាកាដូជូនគេ ហើយប្រាប់ថា ចាំស្តាប់សម្តីរបស់តុក្កតាផងណា៎… ម្ហូបអាហារ ត្រង់នេះ គឺមិននិយាយពីម្ហូបនៅហាង ដែលឆ្អិនស្រាប់នោះទេ… ស្នៀតទី៦ ៖ ទោះឆ្ងាញ់ ឬមិនឆ្ងាញ់…គេមិនសូវប្រកាន់ទេ សំខាន់ទឹកចិត្ត និងការប្រឹងប្រែងរបស់យើង។ វារឹតតែធ្វើឲ្យមានអារម្មណ៍ពិសេស ប្រសិនបើអ្នកជាមនុស្សដែលមិនធ្លាប់ ឬមិនងាយចម្អិនម្ហូបទៀតនោះ។ រៀបចំនូវអាហារមួយមុខណាក៏បាន ហើយដាក់ក្នុងប្រអប់យ៉ាងស្អាតមួយ អមនឹងសំបុត្រ ឬសារនៅលើក្រដាសខ្លីៗ តែមានន័យជ្រៅ រួចផ្ញើជូនទៅគេ… កាដូធ្វើដោយដៃ (D.I.Y) អាចត្រឹមតែជាវត្ថុតូចមួយ តែវាជាអ្វីដែលធ្វើដោយដៃផ្ទាល់ បើទោះជាវាមិនមែនជាគំនិតថ្មីស្រឡាងក៏ដោយ ឲ្យតែអ្នកដាក់ចិត្តក្នុងការរៀបចំវាឡើង ធានាថាគេនឹងយល់ពីសណ្តានចិត្តស្មោះស្ម័គ្ររបស់អ្នកមិនខាន។ ស្នៀតទី៧ ៖ ស្វែងរកគំនិត និងរបៀបធ្វើដែលមានច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រព័ន្ធអ៊ីនធឺណែត…ហើយជ្រើសរើសមួយណាដែលគិតថាអាចធ្វើបាន ហើយអ្វីដែលសំខាន់ជាងគេ គឺវាត្រូវតែជាអ្វីដែលគេចូលចិត្ត។ បើសិនជាអាច គួរតែបង្កប់នូវឈ្មោះរបស់គេនៅត្រង់ចំណុចណាមួយ ដើម្បីឲ្យវាកាន់តែពិសេស។ ស្នៀតទី៨ ៖ អាចជាការបង្ហាញនូវជំនាញថ្មីអ្វីមួយដែលអ្នកខំរៀនសម្រាប់គេ ដូចជា ការគូររូប ការលេងឧបករណ៍តន្រ្តី ការថតរូប ការកាត់តវីដេអូ ជាដើម។ ធម្មតា នរណាក៏សរសើរអ្នកមានជំនាញអ្វីមួយស្ទាត់ដែរ តែគេនឹងរំភើបបើអ្នកទើបតែរៀនជំនាញនោះដោយការប្រឹងប្រែង… ហ្វេសប៊ុក ជាអ្វីដែលប្រើប្រាស់រាល់ថ្ងៃហ្នឹងឯង ហើយធ្លាប់គិតអត់ថាហ្វេសប៊ុកក៏អាចជួយអ្នកដែរ? ស្នៀតទី៩ ៖ វាដូចជាងាយពេក…ដោយគ្រាន់តែចុចRelationship requestទៅគេ តែស្នៀតនេះ គួរតែប្រើជាវិធីទី២អមនឹងស្នៀតណាមួយវិញទើបប្រសើរជាង ព្រោះវាដូចជាមិនបានបង្ហាញពីការប្រឹងប្រែងអីច្រើនសោះ ស្នៀតទី១០ ៖ ស្គាល់មុខងារLife eventsទេ៎? ចំណាយពេលខ្លះក្នុងការសរសេរជាសាច់រឿងរបស់អ្នក ដោយមិនភ្លេចបង្កប់នូវអារម្មណ៍ដែលមាន ហើយបញ្ចប់ដោយឃ្លាបែបនេះ«ហើយក្នុងថ្ងៃនេះផងដែរ ខ្ញុំក៏បានសម្រេចចិត្តបង្ហាញពីចិត្តស្រលាញ់ដែលខំលាក់ទុកទៅកាន់មនុស្សម្នាក់ ហើយចម្លើយយ៉ាងណា ខ្ញុំនឹងបន្តសរសេរនៅថ្ងៃស្អែកទៀត…» រួចtagគេចូលទៅ… កំណត់ហេតុស្នេហ៍ កុំបារម្ភថាអក្សរស្អាត ឬមិនស្អាតអីចឹង…ចេះរៀបពាក្យ ឬមិនចេះអី…ឲ្យតែសរសេរចេញនូវវាចាបេះដូងខ្លួនឯងទៅបានហើយ។ ស្នៀតទី១១ ៖ កត់ចំណាំនូវរឿងរ៉ាវដែលបានកើតឡើងរវាងអ្នក និងគេ (មិនចាំបាច់តែចាប់ពីពេលជួបដំបូងទេ)អមជាមួយនឹងរូបថតខ្លះៗ (បើជារូបដែលលួចថតដោយមិនដឹងខ្លួនទៀត នឹងកាន់តែអ៊ែម)…បើអាចធ្វើបាន វានឹងបង្ហាញពីទឹកចិត្ដស្មោះស្ម័គ្រពិតៗរបស់អ្នក ព្រោះពេលដែលអ្នកយកជូនគេ គេនឹងភ្ញាក់ផ្អើល និងរំភើប ដែលបានដឹងថាវត្តមានរបស់គេក្នុងជីវិតរបស់គេពិតជាមានន័យ ហើយត្រូវបានចងចាំដោយការកត់ត្រាយ៉ាងម៉ត់ចត់បែបនេះ… ស្នៀតទី១២ ៖ បើមិនពូកែសរសេរដោយដៃទេ អាចវាយចូលជាឯកសារចូលកុំព្យូទ័រ ឬដាក់ក្នុងGoogle Docs ហើយshareទៅគេក៏បាន…ហើយក៏មិនប្រាកដថាត្រូវតែជាអត្ថបទសរសេរទេ អ្នកក៏អាចច្នៃជាវីដេអូ ឬទម្រង់ផ្សេងៗណាក៏បាន។ សំបុត្រស្នេហ៍ លឺពាក្យហ្នឹង បែបគិតថាចាស់គំរឹលម៉េះទេ៎…តែកុំភ្លេចណាថា របស់ទាន់សម័យខ្លះធ្វើឲ្យគេរំភើបចាញ់ស្តាលស្តាលពីសង្គមទេណា៎… ស្នៀតទី១៣ ៖ សាកនូវអ្វីដែលគេលែងសូវធ្វើវិញម្តង ជំនួសឲ្យការសរសេរឆាត ឬវាយឯកសារ ហើយព្រីនចេញ អ្នកគួរចំណាយពេលខ្លះសរសេរដោយដៃផ្ទាល់។ តម្លៃនៃទឹកចិត្តរបស់អ្នកក៏រឹតតែខ្ពស់ ព្រោះវាត្រូវបានបង្ហាញដោយវិធីមួយដែលមានមនុស្សតិចតួចដែលធ្វើ… មិនដឹងថាមានប៉ុន្មានស្នៀតដែលអ្នកចាប់អារម្មណ៍…ហើយក៏មិនសង្ឃឹមថាមអ្នកនឹងយកវាទៅប្រើដែរ…តែក៏សង្ឃឹមថា ការសារភាពស្នេហ៍លើកនេះបានទទួលជោគជ័យទៅចុះ…ស៊ូស៊ូណា៎!!! © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

១. នាងខ្ញុំឈ្មោះ ស.ស.ណ អាយុ៤៥ឆ្នាំ ទម្ងន់៧៦គីឡូក្រាម កម្ពស់១ម៉ែត្រ៤៨។ សព្វថ្ងៃ ខ្ញុំជាកសិករ។ ខ្ញុំធ្លាប់មានបញ្ហាភ្នែកឡើងលឿង ហើមជើង ទឹកនោមពណ៌លឿង និងក្តៅខ្លួនស្ទីងៗ។ សញ្ញាទាំងនេះបានបាត់ទៅវិញ ក្រោយពេលខ្ញុំប្រើប្រាស់ថ្នាំលេប។ ខ្ញុំចង់ដឹងថា ប្រសិនប្រើខ្ញុំប្រើថ្នាំពេទ្យបានជាង១ឆ្នាំ ហើយប្តូរទៅប្រើថ្នាំខ្មែរវិញបានទេ? វេជ្ជបណ្ឌិត សុខ ហ៊ាង៖ ការប្រើប្រាស់ថ្នាំបុរាណជំនួសឲ្យថ្នាំពេទ្យ គឺមិនត្រូវបានណែនាំទេតាមបែបវិទ្យាសាស្ត្រ។ ម្យ៉ាងទៀត ការព្យាបាលដោយថ្នាំពេទ្យនេះទៀតសោត គឺត្រូវបន្តរហូតដល់អ្នកជំងឺមានប្រព័ន្ធការពារខ្លួនពីជំងឺនេះទើបអាចឈប់បាន។ ២. ខ្ញុំបាទឈ្មោះ ង.ស.ស អាយុ៦០ឆ្នាំ ទម្ងន់៤៩គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥ ហើយខ្ញុំជាគ្រូបង្រៀន។ ខ្ញុំមានរោគសញ្ញាស្បែកលឿង ភ្នែកលឿង   កន្ទួលរមាស់ខ្មៅ      ហត់    បត់ជើងតូចតិច  និង ហើមខ្លួន។ ខ្ញុំចង់ដឹងថាតើរោគសញ្ញានេះទាក់ទងនឹងបញ្ហាថ្លើមទេ? ហើយក្មួយស្រីរបស់ខ្ញុំឥលូវ ពោះរីកធំ និងស្រកទម្ងន់រហូត តើអាចទាក់ទងនឹងបញ្ហាថ្លើមនេះដែរឬទេ? លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា៖ តាមរយៈរោគសញ្ញាស្បែកលឿង ភ្នែកលឿង ដែលបានរៀបរាប់ខាងលើ គឺអាចសន្និដ្ឋានថាជាជំងឺទាក់ទងនឹងបញ្ហាថ្លើម រលាកថ្លើម បញ្ហាក្រិនថ្លើម ក្នុងនោះក៏អាចទាក់ទងនឹងក្រួសក្នុងថង់ទឹកប្រមាត់ កាលណាវាស្ទះផ្លូវទឹកប្រមាត់ ធ្វើឲ្យទឹកប្រមាត់ហូរចេញមិនបាន។ ម៉្យាងទៀត លោកជាមនុស្សចាស់ អញ្ចឹងវាក៏អាចជាមហារីកលំពែង ឬមហារីកនៅផ្លូវទឹកប្រមាត់ ព្រោះជាមូលហេតុមួយនៃបញ្ហាស្ទះថង់ទឹកប្រមាត់ដែរ។ មួយវិញទៀត អាការៈក្តៅខ្លួនអាចបង្ហាញថាជាបញ្ហានៃបង្ករោគនៅក្នុងឈាម។ ចំពោះក្មួយស្រីរបស់លោកដែលមានពោះរីកធំនោះហើយស្រកទម្ងន់ទៀត កាលណាពោះតឹងធំត្រូវរកឲ្យឃើញថាតើធំដោយសារខ្យល់ ឬដោយសារទឹក។ ដំណោះស្រាយដ៏ល្អបំផុត គួរទៅជួបគ្រូពេទ្យ ដើម្បីឲ្យប្រាកដថាជាជំងឺណាមួយ ព្រោះថាករណីគាត់មានអាយុក្រោម៤០ឆ្នាំ ហើយពោះចេះតែធំទៅៗ វាក៏អាចមានបញ្ហាលើការស្ទះពោះវៀន និង បញ្ហាស្បូនដែរ។ ៣. ខ្ញុំបាទឈ្មោះ ភ.ឃ អាយុ៥២ឆ្នាំ ទម្ងន់៦៥គីឡូក្រាម កម្ពស់១ម៉ែត្រ៦៥។ ខ្ញុំជាអ្នកលក់ដូរ។ ខ្ញុំធ្លាប់ពិនិត្យឃើញថាមានមេរោគថ្លើមប្រភេទB ហើយក៏បានរាប់មេរោគដែរ។ គ្រូពេទ្យបានឲ្យខ្ញុំប្រើថ្នាំសម្លាប់មេរោគ ក្រោយមកក៏ពិនិត្យម្តងទៀត គាត់ថាមេរោគខ្ញុំថយអស់ហើយ តែឲ្យខ្ញុំបន្តប្រើថ្នាំនោះរយៈពេល១ឆ្នាំទៀត។ ខ្ញុំបានបញ្ឈប់ការប្រើប្រាស់ថ្នាំប្រហែល២ឆ្នាំហើយ។ ខ្ញុំចង់ដឹងថា តើមេរោគខ្ញុំអាចកើនឡើងទៀតទេ? ហើយខ្ញុំត្រូវធ្វើអ្វីផ្សេងទៀតទេ? លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ៖ មុននឹងសម្រេចចិត្តព្យាបាលជំងឺរលាកថ្លើមប្រភេទB ត្រូវដឹងថាថ្លើមខូចខាតដល់កម្រិតណា។បើថ្លើមខូចខាត លើសកម្រិតទីមួយ ដែលមានមេរោគយ៉ាងតិចលើសពី១០០០០copies ហើយលើសពី កម្រិតទីពីរ គឺមានការរលាកលើសពីមួយដង ដែលរលាកជាងធម្មតា( ឬហៅថាជាតិពុលឡើង)។ បើលោកចូលដល់កម្រិតនេះហើយ គឺលោកត្រូវលេបថ្នាំមួយជីវិត។ ករណីខ្លះ ក្រោយពេលឈប់ប្រើថ្នាំ ក្នុងចំណោមអ្នកជំងឺ១០០នាក់ មាន៦០ ទៅ៦៥នាក់ ជំងឺនេះអាចរើឡើងវិញ។ ដូចនេះ លោកគួរតែត្រឡប់ទៅរកគ្រូពេទ្យវិញ ព្រោះក្នុងករណីនេះ បើថ្លើមរបស់លោកមិនទាន់ក្រិន ឬក្រិនដំបូងៗ ថ្លើមរបស់គាត់អាចមានសំណាងនៅល្អ។ ផ្ទុយមកវិញ ក្នុងករណីថ្លើមបានក្រិនដំបូងដោយគ្មានរោគសញ្ញា ហើយលោកឈប់រយៈពេលពីរឆ្នាំ ដូចនេះ ជំងឺរបស់លោកអាចរើមកវិញ ហើយអ្វីដែលគួរឲ្យភ័យបារម្ភនោះគឺវាអាចឈានទៅដល់មហារីកថ្លើមបាន។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top