- Jul 17, 2018 |
- 7 ឆ្នាំមុន |
- 15.3K មើល
លុបលាងមុខ…អ្នកប្រហែលជាកំពុងធ្វើវាខុសហើយ!
ដើម្បីទទួលបានស្បែកមុខស្រស់ស្អាត អ្នកតែងគិតដល់វិធីសាស្ត្រដែលអាចបំប៉នដល់ស្បែកមុខ ជាពិសេសគឺការប្រើប្រាស់ផលិតផលមានគុណភាពផ្សេងៗដោយមើលរំលងអំពីការលុបលាងមុខឲ្យបានត្រឹមត្រូវ... ជាការពិត ផលិតផលល្អៗជាច្រើន ជាផ្នែកមួយនាំអ្នកទៅកាន់ស្បែកមុខដែលប៉ងប្រាថ្នា មិនថាស្បែកមុខតឹង ម៉ត់រលោង គ្មានស្នាមជ្រួញ ស្នាមអុចខ្មៅ ឬមុនជាដើម ក៏ប៉ុន្តែតើអ្នកគិតថាផលិតផលល្អៗទាំងនោះនឹងជួយអ្នកតាមរបៀបណានៅពេលដែលស្បែកអ្នកមិនត្រូវបានសម្អាតស្អាតសម្រាប់ត្រៀមទទួលយកសារធាតុចិញ្ចឹមផង? ហេតុនេះ អ្នកត្រូវយកចិត្តទុកដាក់ឡើងវិញទៅលើជំហានដំបូងគេ ដែលជាការលាងសម្អាតមុខឲ្យបានត្រឹមត្រូវ។ តើអ្នកលាងមុខបានស្អាតឬនៅ? ហើយតើអ្នកគួរលាងដូចម្តេចទើបត្រឹមត្រូវ? សញ្ញាបង្ហាញថាអ្នកលាងមុខមិនបានត្រឹមត្រូវ • នៅមានផលិតផលសម្អាងនៅលើមុខក្រោយសម្អាត • ស្បែកមើលទៅរឹងគគ្រាត និងមិនម៉ត់រលោង • មុខឡើងមុន និងមានឡើងក្រហមផ្ទាំងៗ ឬ កន្ទួលរលាក ដែលជាសញ្ញានៃការស្ទះរន្ធរោម • មានស្នាមជ្រួញច្រើនជាងមុន • ផលិតផលដែលធ្លាប់មាន ឬរំពឹងថាមានប្រសិទ្ធភាព ហាក់លែងបានផល • ស្បែកឡើងតឹង ក្តៅ រមាស់ ឬស្ងួតក្រោយពីលាងសម្អាត • ស្បែកប្រែជាឡើងខ្លាញ់ច្រើនជាងមុន • សញ្ញាដែលខុសប្រក្រតីលើមុខផ្សេងៗទៀត។ របៀបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ 1. ភាពញឹកញាប់ក្នុងការសម្អាតមុខ • អ្នកគួរសម្អាតមុខ ឲ្យបានយ៉ាងតិច ២ ដងក្នុងមួយថ្ងៃសម្រាប់អ្នកមានស្បែកធម្មតា គឺមុនពេលចូលគេង ក្រោយពេលភ្ញាក់ពីគេង និងយ៉ាងតិចម្តងចំពោះអ្នកមានស្បែកស្ងួតគឺរាល់មុនពេលចូលគេង។ • អ្នកក៏ត្រូវសម្អាតមុខក្រោយពេលហាត់ប្រាណឬបែកញើសខ្លាំងផងដែរ • ចៀសវាងសម្អាតមុខញឹកញាប់ពេក បើមិនចាំបាច់ ព្រោះវាធ្វើឲ្យស្បែកស្ងួត និងបន្ទាប់មកធ្វើឲ្យមានការផលិតខ្លាញ់កាន់តែច្រើនដើម្បីសម្របសម្រួលភាពស្ងួតនោះវិញ។ 2. សីតុណ្ហភាពទឹកសម្រាប់លាងមុខ • ការប្រើប្រាស់ទឹកក្តៅ៖ ការប្រើទឹកក្តៅលាងមុខ អាចធ្វើឲ្យសរសៃឈាមរីកធំ ខូចកោសិកា ថែមទាំងបំផ្លាញស្រទាប់ខ្លាញ់ធម្មជាតិសម្រាប់ការពារស្បែកផងដែរ ដែលនាំឲ្យស្បែកស្ងួត និងងាយរមាស់ប្រតិកម្ម។ ជំនួសមកវិញ គួរប្រើប្រាស់ទឹកក្តៅឧណ្ហៗដែលអាចជួយបន្ទន់ខ្លាញ់កករឹងនៅរន្ធរោមបាន។ • ការផ្លាស់ប្តូរសីតុណ្ហភាពទឹក៖ ចៀសវាងផ្លាស់ប្តូរសីតុណ្ហភាពពីក្តៅមកត្រជាក់ភ្លាមៗ ដោយជឿថាម៉ាស្សាមុខជាមួយទឹកក្តៅជាវិធីបង្កើនចរន្តឈាម និងទឹកត្រជាក់អាចជួយបិទរន្ធរោម ដែលនេះមានតែធ្វើឲ្យស្បែកមានប្រតិកម្ម និងងាយខូចខាតទៅវិញ។ 3. ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ • ជាទូទៅហ្វូមសម្អាតមុខមានលក្ខណៈស្រាលដែលមានន័យថាវាមិនអាចសម្អាតផលិតផលគ្រឿងសម្អាង ឬឡេការពារកម្តៅបានស្អាតឡើយ។ ដូចនេះ អ្នកគួរតែប្រើប្រាស់ទឹកសម្អាតមុខដែលស័ក្តិសមនឹងស្បែក ដោយយកល្អវាគួរតែជាប្រភេទស្រាល គ្មានជាតិអាល់កុល ដើម្បីសម្អាតមុខ មុនប្រើហ្វូមលាងមុខ។ • អ្នកត្រូវជ្រើសរើសហ្វូមសម្អាតមុខឲ្យបានត្រឹមត្រូវតាមប្រភេទស្បែក តែមិនថាអ្នកមានស្បែកប្រភេទអ្វី អ្នកត្រូវចៀសវាងផលិតផលដែលមាន Parabens អាល់កុល ឬក្លិន(Fragrance) ដែលមិនល្អចំពោះស្បែកឡើយ។ 4. ការខាត់សម្អាតមុខ ការខាត់កោសិកាចាស់ៗចេញជាវិធីរក្សាភាពលូតលាស់នៃកោសិកាថ្មីរបស់ស្បែក។ ទោះយ៉ាងណា នេះពុំមែនមានន័យថា អ្នកគួរខាត់ស្បែកញឹកញាប់ ឬខាត់យូរៗពេកនោះទេ។ ការខាត់ម្តងៗត្រឹម ២០ ទៅ ៣០ វិនាទី តាមចលនាជារង្វង់ រួចលាងជាមួយទឹកឧណ្ហៗ មួយសប្តាហ៍យ៉ាងច្រើន ១ ទៅ ២ ដង ត្រូវបានចាត់ទុកថាគ្រប់គ្រាន់។ 5. ការជូតសំងួតមុខ ចៀសវាងសម្អាតមុខជាមួយនឹងកន្សែងរួមគ្នា ឬកន្សែងជូតខ្លួន ដើម្បីចៀសវាងការនាំមេរោគមកលើស្បែកមុខ។ យកល្អ អ្នកគួរមានកន្សែងជូតមុខដែលបានបោកសម្អាតជាប្រចាំ។ ម្យ៉ាងទៀត អ្នកគួរប្រាកដថា កន្សែងជូតមុខរបស់អ្នកស្ងួត និងទន់ល្អ ជាពិសេសអ្នកគួរផ្តិតមុខថ្នមៗឲ្យស្ងួត ជាជាងការជូតអូសខ្លាំងៗ។ 6. ក្រោយពីលាងសម្អាតមុខ ចំពោះគ្រប់ប្រភេទស្បែក អ្នកចាំបាច់ត្រូវលាបក្រែមផ្តល់សំណើមដល់ស្បែកភ្លាមៗក្រោយពីលាងសម្អាត និងមុនពេលលាបផលិតផលរក្សាស្បែកផ្សេងទៀត ឬគ្រឿងសម្អាង ដោយកុំចាំឲ្យស្បែកស្ងួត ធ្វើឲ្យពិបាកលាប។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក
