Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឱម សិរីវិជិត ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺថ្លើម និងប្រដាប់រំលាយអាហារ   ជំងឺរលាកថ្លើមប្រភេទC ជាជំងឺបង្កដោយវីរុសរលាកថ្លើមប្រភេទC នៃក្រុម Flaviviridae មានលក្ខណៈធ្វើឲ្យរលាកថ្លើមភាគច្រើនពី ៧០% ទៅ៨០%វិវឌ្ឍន៍ទៅរកសភាពរ៉ាំរ៉ៃ  រីឯ២០% ទៅ៣០%ទៀត អាចវិវឌ្ឍន៍ទៅជាសះស្បើយដោយខ្លួនឯង។ មានមេរោគជាច្រើនដែលធ្វើឲ្យថ្លើមរលាកដូចជា មេរោគវីរុសរលាកថ្លើមប្រភេទ A  B C D E F និង G ក៏ប៉ុន្តែអ្វីដែលពិភពលោកបច្ចុប្បន្នជួបនូវបញ្ហានោះ គឺវីរុសរលាកថ្លើមប្រភេទ C និង B ដែលជាប្រភេទជំងឺអាចមានភាពរ៉ាំរ៉ៃ ធ្វើឲ្យមនុស្សស្លាប់ជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។   តើរលាកថ្លើមប្រភេទ Cខុសពីរលាកថ្លើមប្រភេទ B ដូចម្តេច? ជំងឺរលាកថ្លើមប្រភេទCខុសពីជំងឺរលាកថ្លើមប្រភេទ Bដោយកត្តាផ្សេងៗ៖ • ទាក់ទងនឹងចំនួនទូទៅលើពិភពលោក និងនៅប្រទេសយើង៖ អ្នករលាកថ្លើមប្រភេទ C មានចំនួនទូទៅលើពិភពលោក ១៧០លាននាក់ ចំណែកមេរោគរលាកថ្លើមប្រភេទ Bមានចំនួន ៣៥០លាន។ នៅប្រទេសកម្ពុជា មេរោគរលាកថ្លើមប្រភេទ Cមានអត្រា ៤% ចំណែកមេរោគរលាកថ្លើមប្រភេទ Bមាន១០% តួលេខនេះ យើងអាចចំណាំបានថាខុសគ្នា ២ដង។ • នៅប្រទេសយើងក៏ដូចនៅលើពិភពលោកដែរចំនួនមេរោគរលាកថ្លើមប្រភេទ C មានជាមធ្យមក្នុងខ្លួនអ្នកឈឺពី១០លានទៅ១០០លានក្នុងឈាម១មីលីលីត្រ ចំណែកមេរោគរលាកថ្លើមប្រភេទ B អាចមានរហូតដល់ ១០០០លានឬលើសពីនេះទៀត។ • មេរោគរលាកថ្លើមប្រភេទ C មានភាពផុយស្រួយជាងមេរោគរលាកថ្លើមប្រភេទ B ពេលនៅក្រៅខ្លួនមនុស្ស។ ចំណុចដែលរៀបរាប់មកខាងលើនេះហើយដែលបង្ហាញពីការចម្លងរោគផ្សេងៗដូចជាការរស់នៅក្បែរគ្នាក្នុងផ្ទះតែមួយពីម្តាយមកកូន ឬតាមការរួមភេទ មេរោគរលាកថ្លើមប្រភេទ C មានអត្រាចម្លងទាបជាងមេរោគរលាកថ្លើមប្រភេទ B។ • ចំពោះអត្រាមរណភាពដែលបណ្តាលដោយមេរោគរលាកថ្លើមប្រភេទ C លើពិភពលោក បច្ចុប្បន្នក្នុង ១ឆ្នាំៗមានចំនួន ៣៥ម៉ឺននាក់ ចំណែកមេរោគរលាកថ្លើមប្រភេទ B មានចំនួន ៦០ម៉ឺននាក់។ (Data WHO 2016) • មេរោគរលាកថ្លើមប្រភេទ C បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំង (Vaccine) ឬ សេរ៉ូម អ៊ីមុយណូក្លូប៊ុយលីន (Serum Immunoglobulin ) ចាក់ការពារដូចមេរោគរលាកថ្លើមប្រភេទ B ទេ។ • ទាក់ទងទៅនឹងការចម្លង៖ មេរោគរលាកថ្លើមប្រភេទC កម្រចម្លងក្នុងក្រុមគ្រួសារពីប្តីមកប្រពន្ធតាមការរួមរ័ក្ស ឬពីម្តាយមកកូននៅពេលសម្រាលឡើយ អត្រាចម្លងនេះមានត្រឹមតែ ៣%-១០%ប៉ុណ្ណោះ ប៉ុន្តែការចម្លងតាមរយៈការរួមរ័ក្សនេះអាចកើនដល់ ១៨%ក្នុងករណីមានជំងឺកាមរោគ (Sexually Transmitted Diseases) ដែលខុសពីរលាកថ្លើមប្រភេទB៖ ការចម្លងក្នុងសមាជិកគ្រួសារក្នុងផ្ទះតែមួយ (House Hold Contact) តាមរយៈការរួមភេទនិងតាមការចម្លងពីម្តាយមានផ្ទុកវីរុសរលាកថ្លើមប្រភេទBមកកូនមានអត្រានៃការឆ្លងខ្ពស់ ពី៣០%ទៅ៨០%ឯណោះ។ ការចម្លងផ្សេងៗនៃវីរុសរលាកថ្លើមប្រភេទCភាគច្រើនក្នុងវ័យធំ ប៉ុន្តែវីរុសរលាកថ្លើមប្រភេទ Bវិញ ដែលប្រជាជនយើងជួបប្រទះសព្វថ្ងៃនេះភាគច្រើនការចម្លងមានតាំងពីក្មេងមុនអាយុ៥ឆ្នាំ ឬឆ្លងពីម្តាយដែលឈឺជំងឺរលាកថ្លើមប្រភេទBនៅពេលប្រសូត ឯមួយចំនួនទៀតគឺជំងឺឆ្លងតាមជីវិតរស់នៅក្នុងវ័យធំ។ • ទាក់ទងទៅនឹងការវិវឌ្ឍ៖ ចំពោះមេរោគរលាកថ្លើមប្រភេទ C និងBនេះ មុននឹងកកើតជាជំងឺក្រិនឬ មហារីកថ្លើម វាទាមទារនូវពេលវេលាយូរមួយពី ១៥ឆ្នាំឡើងទៅ រាប់ចាប់ពីពេលឈឺរ៉ាំរ៉ៃមក។ ជំងឺរលាកថ្លើមប្រភេទ Cដែលការវិវឌ្ឍន៍ចេញជាក្រិន ឬមហារីក ច្រើនជួបក្នុងវ័យចំណាស់ភាគច្រើនពីអាយុ ៤០ឆ្នាំឡើងទៅ ចំណែកមេរោគរលាកថ្លើមប្រភេទ B គ្រោះថ្នាក់ផ្សេងៗយើងអាចជួបពីអាយុ ១៧ឆ្នាំឡើងទៅ។ ជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ វិវឌ្ឍន៍ទៅថ្លើមក្រិនចំនួន ២០% និងមហារីក ៥% ក្នុង១ឆ្នាំ។ • ទាក់ទងទៅនឹងការព្យាបាល៖ ការព្យាបាលមេរោគរលាកថ្លើមប្រភេទ C មានប្រសិទ្ធភាពអាចឲ្យអ្នកជំងឺជាដាច់រហូតដល់ ៩០-៩៥% ចំណែកមេរោគរលាកថ្លើមប្រភេទ Bវិញ ការព្យាបាលបានត្រឹមទប់ការកកើតមេរោគក្នុងខ្លួន កាត់បន្ថយការចម្លងពីមួយទៅមួយ (ក្នុងក្រុមគ្រួសារឬពីម្តាយមកកូន) និងជួយកាត់បន្ថយការវិវឌ្ឍន៍នៃជំងឺក្រិនថ្លើម និងមហារីកថ្លើម។   តំបន់ដែលប្រឈមមុខខ្ពស់ចំពោះជំងឺរលាកថ្លើមប្រភេទ C តួលេខខ្ពស់យើងឃើញមាននៅប្រទេសអេហ្ស៊ីបរហូតដល់ ២២% អ៊ីតាលីពី ២ ទៅ៨% ប៉ាគីស្ថាន ៥,៩% តៃវ៉ាន់៥,៥% ជប៉ុន២,៤% ថៃ២,២% និងវៀតណាម ១% ដោយឡែកនៅប្រទេសកម្ពុជាយើង ៤%។ អង្គការសុខភាពពិភពលោកបានធ្វើការវាយតម្លៃជាទូទៅឃើញថា ២% ទៅ៣% នៃប្រជាជនលើពិភពលោក មានប្រព័ន្ធការពារមេរោគ Cនេះក្នុងឈាម (HCV Antibody)។ ជំងឺរលាកថ្លើមប្រភេទC កើតឡើងប្រហាក់ប្រហែលគ្នាទាំងបុរសនិង ស្ត្រី ហើយភាគច្រើននៅអាយុចាប់ពី៣០ឆ្នាំឡើងទៅ ។   កម្រិតនៃជំងឺរលាកថ្លើមប្រភេទ C កម្រិតនៃជំងឺរលាកថ្លើមប្រភេទ C គឺសំដៅដល់ការខូចខាតរូបរាងថ្លើម និងមុខងាររបស់វា៖ បច្ចុប្បន្នពិភពលោកវាយតម្លៃជំងឺរលាកថ្លើមប្រភេទ Cបានដោយការពិនិត្យទៅលើសាច់ថ្លើមថា តើនៅល្អ ឬចាប់ផ្តើមរឹង ក្រិន(Fibrosis-Cirrhosis) ដោយគេយកសាច់ថ្លើមទៅពិនិត្យ តែបច្ចុប្បន្នគេមានមធ្យោបាយវាស់វែងពីការខូចខាតថ្លើម តាមរយៈឧបករណ៍ Fibroscan និងការពិនិត្យឈាម Fibrotest។ សភាពរឹង ស្ងួត ក្រិនរបស់ថ្លើមនេះ វាមានសារសំខាន់ក្នុងការវាយតម្លៃទៅលើសភាពធ្ងន់ស្រាលនៃជំងឺដែលទាមទារនូវការព្យាបាលជាបន្ទាន់ឬអាចរង់ចាំ។ Fibroscan ឬFibrotestនេះ គេចែកចេញជា ៤កម្រិតគឺ៖ F1-F2-F3-F4 ដែលកម្រិតF4 ត្រូវបានសន្និដ្ឋានថាថ្លើមមានលក្ខណៈ រឹងខ្លាំងឬក្រិន (Cirrhosis)។ ក្រោយពីដឹងថាថ្លើមក្រិនហើយកម្រិត F4 គ្រូពេទ្យមានរូបមន្តវាយតម្លៃថាវាស្ថិតក្នុងភាពធ្ងន់ ឬស្រាលទៅតាមកម្រិត លទ្ធផលឈាមដែលយើងពិនិត្យឃើញ CTP A, CTP B, CTP C។ ការថ្លឹងថ្លែងជំងឺតាមរយៈការរាប់មេរោគ (Viral load) ពិនិត្យពូជមេរោគ (Genotype) និងសភាពនៃថ្លើមរលាកTransaminase ជារឿងបន្ទាប់ ហើយដែលវាសំខាន់នៅពេលព្យាបាល និងធ្វើការតាមដាន។   របៀបឆ្លងនៃវីរុសរលាកថ្លើមប្រភេទC យោងតាមការរៀបរាប់ខាងលើ ការឆ្លងនៃវីរុសរលាកថ្លើមប្រភេទ Cក៏មិនខុសគ្នាពីវីរុសរលាកថ្លើមប្រភេទ Bដែរ ក្នុងនោះរួមមាន៖ ការចាក់បញ្ចូលឈាមដែលមានផ្ទុកវីរុសរលាកថ្លើមប្រភេទ C កង្វះអនាម័យលើសម្ភារៈប្រើប្រាស់មានដូចជាម្ជុល សឺរ៉ាំង កាំបិតវះកាត់ ម្ជុលវិទ្យាសាស្ត្រ សម្ភារៈបង្កើតកូន សម្ភារៈបំពង់ឆ្លុះក្រពះ និងសម្ភារៈផ្សេងៗទៀតដែលត្រូវបានប្រើចាក់ដោតលើសាច់របស់យើង។ តាមការសិក្សាថ្មីៗកត្តាជម្រុញឲ្យឆ្លងជំងឺរលាកថ្លើមប្រភេទC នៅប្រទេសយើងឆ្នាំ២០១៥-២០១៦ បានបង្ហាញឲ្យឃើញថា៖ • ៧៦,៥%នៃអ្នកជំងឺថ្លើមប្រភេទ C មានប្រវត្តិជាអ្នកចូលចិត្តចាក់ថ្នាំកាលពី ២០ឆ្នាំមុន ក្រោយពេលសម្រាលកូន ចាក់ថ្នាំលើកសម្រស់ប្រភេទវីតាមីន ដោយប្រើម្ជុលស្ងោរ • ១៧,៤៦% មានប្រវត្តិជាអ្នកចូលចិត្តកែសម្ផស្ស • ១២,៥៦% មានប្រវត្តិជាអ្នកសាក់លើសាច់ជាអក្សរ ឬរូបភាព • ៩,២៩% មានប្រវត្តិជាអ្នកធ្លាប់បញ្ចូលឈាម។   រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទC • ក្នងដំណាក់កាលដំបូង ដែលថ្លើមមិនទាន់រឹង គឺក្នុងដំណាក់កាលរលាករ៉ាំរ៉ៃ និងថ្លើមកម្រិត F1-F2-F3 គេសង្កេតឃើញសញ្ញាមានតែ ១០%ប៉ុណ្ណោះ រួមមាន អស់កម្លាំង ញ៉ាំអាហារមិនសូវឆ្ងាញ់ ពិបាកក្នុងការរំលាយអាហារ ហេលហល់។ ចំណែកឯ៩០%មិនចាប់អារម្មណ៍ពីសញ្ញាឈឺ ឬក៏គ្មានសញ្ញាតែម្តង។ • អ្នកជំងឺក៏មានផងដែរ (5-10%) នូវជំងឺឈឺសន្លាក់ដៃជើងដែលផ្លាស់ប្តូរពីមួយកន្លែងទៅមួយកន្លែង (Rheumatism) ជំងឺរលាកក្រពេញ (Thyroid) ជំងឺទឹកនោមផ្អែម(Diabetes type 2) ជំងឺទឹកនោមប្រៃ(Nephritis)  ជំងឺកកអាល់ប៊ុយមីនក្នុងសរសៃឈាម (Cryoglobulinemia) ជំងឺស្ងួតទឹកមាត់ ទឹកភ្នែក(Sjogren’s Syndrome) ជំងឺលើប្រព័ន្ធសរសៃប្រសាទដូចជា ការខូចខាតក្នុងការចងចាំ ភ្លេចមុខភ្លេចក្រោយ មានលក្ខណៈភ័យៗ មិនទុកចិត្តខ្លួនឯង (Cognitive impairment) ជំងឺបាក់ទឹកចិត្ត(Depression)។                                                   ជំងឺឱកាសនិយមចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC តាមការសង្កេតជាទូទៅលើសកលលោក គេពុំបាននិយាយពីជំងឺឱកាសនិយមចំពោះអ្នកមានមេរោគរលាកថ្លើមប្រភេទ Cទេ ក៏ប៉ុន្តែអ្នកជំងឺប្រភេទនេះ ច្រើនខ្សោយជាងអ្នកធម្មតាហើយឆាប់ទទួលជំងឺផ្សេងៗហើយក៏ក្រជា ដូចជាផ្តាសាយរាករូស។ល។     ករណីណាដែលអ្នកជំងឺគួរទៅជួបជាមួយនឹងគ្រូពេទ្យជំនាញ? ប្រជាពលរដ្ឋ គួរធ្វើការពិនិត្យឈាមជាប្រចាំរៀងរាល់ឆ្នាំឬ២ឆ្នាំម្តង ពីព្រោះជំងឺនេះ អាចចម្លងចូលខ្លួនយើងដោយមិនមានមូលហេតុច្បាស់លាស់នោះ ២០-៣០%ដែរ។ ក្នុងករណីដែលមានវត្តមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគC គួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីសួរយោបល់។ ការរាវរកប្រព័ន្ធការពារមេរោគCនេះគួរកុំប្រហែសចំពោះក្រុមប្រជាជនមួយចំនួន ៖ • ធ្លាប់ទទួលការវះកាត់ • ធ្លាប់សាក់រូបលើសាច់ ឬកែសម្ផស្ស • ធ្លាប់ចាក់បញ្ចូលឈាម • ក្រោយការសម្រាលកូន • អ្នកឧស្សាហ៍ធ្វើធ្មេញ • អ្នកឧស្សាហ៍ចៀរកាត់ក្រចក • អ្នកធ្លាប់ឆ្លុះក្រពះ  Fibroscopie • អ្នកឧស្សាហ៍លាងឈាម • អ្នកមានផ្ទុកមេរោគHIV • អ្នកធ្លាប់ប្តូរសរីរាង្គ • អ្នកចាក់ថ្នាំញៀន • កូនកើតពីម្តាយមានផ្ទុកមេរោគរលាកថ្លើមប្រភេទ C • អ្នកមានដែគូររួមភេទច្រើន • អ្នកនៅជុំវិញ ឬរស់នៅជាមួយអ្នកឈឺ • អ្នកជាប់មន្ទីរឃុំឃាំង • អ្នកធ្លាប់មានរបួសគ្រោះថ្នាក់ក្នុងទ្រង់ទ្រាយណាក៏ដោយ • អ្នកមានTransaminase ឡើង • អ្នកមានមុខរបរត្រូវប៉ះពាល់ ឬប្រឡាក់ឈាមជាញឹកញាប់ ដូចជា ឆ្មប បុគ្គលិកមន្ទីរពិសោធន៍ក្រុមគ្រូពេទ្យវះកាត់ គ្រូពេទ្យដែលឧស្សាហ៍ប៉ះពាល់ឬស្ទាបអ្នកជំងឺ។ ការធ្វើរោគវិនិច្ឆ័យជំងឺរលាកថ្លើមប្រភេទC ដំបូងបំផុត ត្រូវធ្វើការពិនិត្យរកវត្តមានប្រព័ន្ធការពារប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ C (HCV antibody) តាមបច្ចេកទេស ELISA ឬEIA។ ចំពោះអ្នកជំងឺមួយចំនួនដែលមានសភាពខ្សោយពេក ដូចជាកើតអេដស៍ ឬថ្លើមក្រិនខ្លាំងទៅហើយ ឬអេដស៍ រួមជាមួយនឹងក្រិនថ្លើម ឬជំងឺកកអាល់ប៊ុយមីនក្នុងសរសៃឈាម (Cryoglobulinemia) ការរកប្រព័ន្ធការពារប្រឆាំងនឹងមេរោគ C អាចអវត្តមានក្នុងឈាម ក្នុងករណីពិសេសនេះចាំបាច់ត្រូវរាប់មេរោគក្នុងឈាម ដែលត្រូវធ្វើបន្តទៀត ដើម្បីបញ្ជាក់រកការពិតនៃជំងឺ។ បន្ទាប់មកត្រូវធ្វើការបកស្រាយលទ្ធផលដោយគ្រូពេទ្យឯកទេសថ្លើម។ ការព្យាបាល ក្នុងអំឡុងឆ្នាំ ២០១៤-២០១៦នេះ ប្រជាជនលើសកលលោកត្រូវបានណែនាំឲ្យប្រើប្រាស់ប្រភេទថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពអាចជាដាច់រហូតដល់ ៩០%-៩៥% និងមិនត្រឡប់មកវិញទេ។ នៅប្រទេសយើងថ្នាំមាន ២-៣ប្រភេទ ហើយការព្យាបាលចែកចេញជារូបភាពផ្សេងៗខុសៗគ្នាទៅតាមប្រវត្តិជំងឺដូចជា៖ • អ្នកជំងឺមិនធ្លាប់ព្យាបាល • អ្នកជំងឺធ្លាប់ព្យាបាលម្តង ឬ២ដងមិនជា • អ្នកជំងឺនៅថ្លើមល្អ ឬក្រិន ឬទាចទឹក។ ការព្យាបាលមានលក្ខណៈខុសគ្នាពីការបញ្ចូលថ្នាំ ២មុខ ឬ៣មុខរយៈពេល២ខែ ឬ៣ខែ ឬ៦ខែ ឬអាចលើសក្នុងករណីចាំបាច់។ បន្ទាប់ពីព្យាបាលអស់មេរោគអ្នកជំងឺនឹងមានសង្ឃឹមថ្មីក្នុងជីវិតហើយក៏ជាការលើកទឹកចិត្តមួយដល់អ្នកជំងឺដែលទទួលវិបត្តិផ្លូវចិត្តជាយូរមកហើយ ជារឿងប្រសើរបំផុតដែលត្រូវធ្វើ ព្រោះយើងអាចជាដាច់។ ក្រោយពីព្យាបាលជាហើយ សញ្ញាពិបាកក្នុងខ្លួនដូចជាឈឺសន្លាក់ រមរឹតខ្លួន នឹងបាត់ពី៥០%ទៅ៧០% ប៉ុន្តែក៏នៅមានបន្សល់សញ្ញាខ្លះៗដូចជា៖ • ការខូចខាតលើប្រព័ន្ធសរសៃប្រសាទដែលពិបាកនឹងវិលត្រឡប់មកធម្មតាវិញឲ្យបាន ១០០%ទេដូចជា៖ ការភ្លេចភ្លាំង ឆាប់តូចចិត្ត ឆាប់ខឹងជាដើម។ • ចំពោះសញ្ញាផ្សេងៗដូចជា ឈឺពោះ សៀតឆ្អឹត ពិបាករំលាយអាហារ ឈឺសន្លាក់ អាចនឹងមានការធូរស្រាលច្រើន ៧០%។ • ចំពោះសភាពក្រិនរបស់ថ្លើម វាមានភាពវិវឌ្ឍន៍ទៅ៣យ៉ាង៖ ១. ថ្លើមរឹងចាប់ផ្តើមវិវឌ្ឍន៍មកទន់វិញ (៣០-៥០%) តាមវ័យចាស់ ឬក្មេង ២. ថ្លើមនៅដដែល គ្រាន់តែអស់មេរោគ (៤០%) ៣. ថ្លើមវិវឌ្ឍន៍ទៅមុខទៀត រឹងទៅរឹងទៅ ៥%។ការព្យាបាលដោយបំបាត់មេរោគពីក្នុងខ្លួនជារឿងប្រសើរ តែមិនគ្រប់គ្រាន់ដោយហេតុថា ក្នុងករណីមួយចំនួន ថ្លើមរបស់អ្នកជំងឺរឹងទៅហើយ ឬក្រិននេះ ក្រោយការព្យាបាលអស់មេរោគ ក៏នៅតែមួយចំនួនតូច វិវឌ្ឍន៍ទៅមុខសន្សឹមៗ ដូចជាមិនបានទទួលការព្យាបាលអញ្ចឹងដែរ។ ករណីនេះ យើងឃើញមានលើមនុស្សវ័យចំណាស់ដែលអ្នកជំងឺត្រូវឧស្សាហ៍តាមដានផង ក្រោយការជាសះស្បើយហើយនោះ។   តើមានកត្តាអ្វីខ្លះដែលបង្កើតឲ្យមានហេតុការណ៍អាក្រក់ក្រោយពេលធ្វើការព្យាបាលឲ្យជាហើយនោះ? ត្រង់ចំណុចនេះវិទ្យាសាស្រ្តមិនទាន់បានបំភ្លឺឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែយើងអាចឃើញកត្តាអាក្រក់មួយចំនួនដែលមានឥទ្ធិពលដល់សុខភាពរបស់ថ្លើម ៖ • ការពិសាសារធាតុខ្លាញ់ច្រើនក្នុងរបបអាហារប្រចាំថ្ងៃ • ការប្រើប្រាស់ឱសថប្រចាំថ្ងៃមួយចំនួន ដូចជាថ្នាំបញ្ចុះជាតិខ្លាញ់ ថ្នាំបេះដូង ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែមដែលមានប្រតិកម្មជាមួយនឹងថ្លើមចំពោះឱសថទាំងនេះ គួរសួរនាំគ្រូពេទ្យក្នុងការប្រើប្រាស់រយៈពេលយូរ ជាពិសេសគ្រូពេទ្យឯកទេសថ្លើម។ • ការពិសាសុរា • ការពិសាបន្លែផ្លែឈើ ឬម្ហូបអាហារកំប៉ុងដែលមានសារធាតុពុលគីមីនៅក្នុង • ការប្រើវីតាមីនលើសចំនួនលើថ្លើមដែលជាហើយ ប៉ុន្តែនៅខ្សោយដូចជាវីតាមីន A វីតាមីន D វីតាមីន E  វីតាមីនK និងសារធាតុដែក។   ដំបូន្មានសំខាន់ៗក្នុងពេល និងក្រោយពេលព្យាបាល ដែលត្រូវណែនាំដល់អ្នកជំងឺ៖ • ចៀសវាងនូវម្ហូបអាហារ ភេសជ្ជៈ និងឱសថដែលមិនល្អសម្រាប់ថ្លើម ដូចបានរៀបរាប់ខាងលើស្រាប់។ • គួរពិសានូវសារជាតិប្រូតេអីុន ដូចជាសាច់ត្រី សាច់បសុបក្សី និងពពួកសណ្តែក ពិសេសសណ្តែកសៀង។ • ធ្វើការហាត់ប្រាណជាប្រចាំ ដោយការដើរ ហែលទឹក លើកដៃលើកជើង ១ថ្ងៃ៣០នាទី ជាការសមរម្យ ហើយចៀសវាងនូវលំហាត់ប្រាណណាដែលមានលក្ខណៈហក់លោតខ្លាំងពេក។ • ការប្រើប្រាស់នូវសារជាតិប្រៃ ស្ករ ខ្លាញ់ត្រូវមានកម្រិតកំណត់ រីឯកាហ្វេ និងសូកូឡា ក៏គួរចៀសវាង ពិសេសអ្នកក្រិនថ្លើមខ្លាំង។ មិនតែប៉ុណ្ណោះ អ្នកជំងឺត្រូវចេះព្យាបាលស្រេ្តស (stress) ដោយខ្លួនឯងដូចជា ការធ្វើសមាធិ  ពិសាសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ព្រមទាំងកាត់បន្ថយនូវការងារធ្ងន់ៗមួយចំនួន។   ផលវិបាកចំពោះអ្នកជំងឺ  ករណីមិនដឹងខ្លួនឬមិនទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលាអ្នកជំងឺនឹងបន្តការវិវឌ្ឍន៍ដល់ដំណាក់កាលក្រិនថ្លើម មានដុំមហារីកនៅថ្លើម អ្នកជំងឺនឹងហេវហត់  ស្គម មានសរសៃឈាមតូចៗនៅដើមទ្រូង អាចមានទាចទឹកប៉ោងពោះ លឿងភ្នែក ទឹកនោមលឿង ឆ្អល់ក្រពះជាប្រចាំ ធ្លាយសរសៃឈាមក្នុងបំពង់អាហារ (ក្រពះ បំពង់ក ពោះវៀន) បណ្តាលឲ្យក្អួតឈាមស្លាប់។ ចំពោះដំណាក់កាលចុងក្រោយបំផុត អ្នកជំងឺអាចនិយាយវង្វេងវង្វាន់ ដេកមិនលក់ សន្លប់ ម្រាមដៃញ័រស្លាប់តែម្តងដោយសារជាតិពុលឡើងពេញខ្លួន។   សម្រាប់ការយល់ដឹងបន្ថែម លោកអ្នកអាចសាកសួរបន្ថែមពីលោកសាស្រ្តាចារ្យផ្ទាល់ ៖ លេខទូរស័ព្ទ ០១២ ៨០៩ ២៨០ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្រោយអគារធំរបស់មន្ទីរពេទ្យ បានចាប់ដំណើរការឡើងក្នុងខែមីនាឆ្នាំ២០១៧នេះដោយមានការផ្តួចផ្តើមពីក្រុមគ្រូពេទ្យឯកទេសជំងឺបេះដូង និងសរសៃឈាមរបស់មន្ទីរពេទ្យក្រោមការជ្រោមជ្រែងទាំងស្រុងពីមន្ទីរពេទ្យ ព្រះកុសុមៈ។   គោលបំណងនៃការបង្កើតផ្នែកជំងឺបេះដូង និងសរសៃឈាមនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺផ្នែកនេះ ដែលមានការកើនឡើងជាលំដាប់ក្នុងមន្ទីរពេទ្យព្រះកុសុមៈ ព្រមទាំងស្របជាមួយនឹងគោលនយោបាយអភិវឌ្ឍរបស់មន្ទីរពេទ្យផ្ទាល់ ព្រោះជំងឺបេះដូង និងសរសៃឈាមជាប្រភេទជំងឺដែលប៉ះពាល់ខ្លាំងដល់អាយុជីវិតរបស់អ្នកជំងឺ ហើយអត្រានៃអ្នកកើតជំងឺនេះក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ កត្តាទំាងនេះជំរុញឲ្យដំណើរការនៃការបង្កើតឡើងនូវផ្នែកជំងឺបេះដូងនិងសរសៃឈាមបានយ៉ាងរលូន។   បើទោះបីជាផ្នែកជំងឺបេះដូង និងសរសៃឈាមទើបតែនឹងបង្កើតឡើងក៏ដោយ តែផ្នែកនេះបម្រើសេវា ២៤ម៉ោងជូនអ្នកជំងឺដោយមានផ្តល់នូវសេវាពិគ្រោះព្យាបាលជំងឺបេះដូង ជំងឺសរសៃឈាមនិងជំងឺលើសសម្ពាធឈាម ព្រមទាំងមានសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យមានដូចជាសេវាសង្គ្រោះបន្ទាន់សម្រាប់អ្នកជំងឺបេះដូង និងសេវាសម្រាកព្យាបាលសម្រាប់អ្នកជំងឺលើសសម្ពាធឈាមធម្មតា។ ក្រៅពីនេះ ក៏មានផងដែរនូវវិធីសាស្ត្រពិនិត្យមួយចំនួនដូចជា ការវាស់ចង្វាក់បេះដូង ការធ្វើអេកូសាស្រ្តបេះដូង ការធ្វើអេកូសាស្ត្រសរសៃឈាម ការវាស់ចង្វាក់បេះដូង ២៤ម៉ោងការវាស់សម្ពាធឈាម ២៤ម៉ោង ដើម្បីធ្វើរោគវិនិច្ឆ័យ តាមដានប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺលើសសម្ពាធឈាម និងតេស្តរកជំងឺត្បៀតសរសៃឈាមបេះដូង (Stress Test) ជាដើម។   រោគសញ្ញាសំខាន់ៗដែលបានជួបនៅក្នុងផ្នែកជំងឺបេះដូងនិងសរសៃឈាមដូចជា ហត់ ចុកដើមទ្រូង ញ័រដើមទ្រូង ខ្យល់គ។ លោកវេជ្ជបណ្ឌិត សាំង លាង ប្រធានផ្នែកជំងឺបេះដូង និងសរសៃឈាម បានមានប្រសាសន៍ថា “ផ្នែកជំងឺបេះដូង និងសរសៃឈាមរបស់យើងខ្ញុំ បានទទួលសម្រាកព្យាបាលអ្នកជំងឺដែលមានជំងឺប្រើសបេះដូង ជំងឺបេះដូង លោតខុសចង្វាក់ ជំងឺបេះដូងពីកំណើត ជំងឺសរសៃឈាមបេះដូង ជំងឺទឹកចូលស្រោមបេះដូងជំងឺបេះដូងរីក ជំងឺបេះដូងក្រាស់ ជំងឺស្ទះសរសៃឈាមជើង ជំងឺរលាកសរសៃឈាមវ៉ែន និងជំងឺលើសសម្ពាធឈាម ។ល។"   សូមបញ្ជាក់ផងដែរថា បុគ្គលិកដែលផ្តល់សេវាសុខភាពក្នុងផ្នែកជំងឺបេះដូង និងសរសៃឈាម សុទ្ធសឹងតែទទួលបាននូវការបណ្តុះបណ្តាលជំនាញច្បាស់លាស់ស្តីពីជំងឺបេះដូង និងសរសៃឈាម។ ក្នុងនោះផងដែរ មានក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាមដែលបានបញ្ចប់ការសិក្សាជំនាញនេះនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំងដោយមានការទទួលស្គាល់ពីក្រសួងសុខាភិបាលអមជាមួយនឹងក្រុមគិលានុបដ្ឋាក គិលានុបដ្ឋាកយិកាដែលបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីធានាឲ្យបាននូវការព្យាបាលដែលប្រកបដោយគុណភាព ប្រសិទ្ធភាពជូនដល់អ្នកជំងឺ។   ក្រៅពីការផ្តល់សេវាក្នុងពេលបច្ចុប្បន្ននេះ ផ្នែកជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរពេទ្យព្រះកុសុមៈក៏បានដាក់នូវគោលនយោបាយអភិវឌ្ឍខ្លួនចំនួន ៣ទៀត ពោលគឺការគ្រោងតំឡើងម៉ាស៊ីនថតឆ្លុះសរសៃឈាមបេះដូង និងដាក់ថ្មបេះដូងដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ និងការផ្តល់នូវសេវាវះកាត់បេះដូង ដែលមន្ទីរពេទ្យដាក់ជាគម្រោងសម្រាប់អគារមិត្តភាព កម្ពុជា-ចិន ដែលនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងបរិវេណមន្ទីរពេទ្យ។ © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកប្រហែលជាម្នាក់ដែលចូលចិត្តការហាត់ប្រាណបែបខាងក្រៅ ឬហៅថា Outdoor រីករាយជាមួយពន្លឺព្រះអាទិត្យ ខ្យល់អាកាសដ៏បរិសុទ្ធ ពិតទេ?... អញ្ចឹង អ្នកប្រាកដជាចង់ឲ្យការហាត់របស់អ្នកទទួលបានទាំងប្រសិទ្ធភាព និងធ្វើឡើងដោយសុវត្ថិភាពនៅក្នុងបរិយាកាសខាងក្រៅ។តាមរយៈហេលស៍ថាម ដែលតែងតែគិតគូរពីសុខភាពរបស់អ្នក ហេលស៍ថាម នឹងបង្ហាញនូវកំហុសឆ្គងទាំង៦ នៃការហាត់ប្រាណនៅខាងក្រៅ (outdoor)៖   1. ភ្លេចផ្តល់ជាតិទឹកឲ្យបានគ្រប់គ្រាន់មុននឹងចេញទៅហាត់ប្រាណខាងក្រៅ៖ ជាការពិតអ្នកត្រូវប្រាកដថាផ្តល់ជាតិទឹកដល់រាងកាយរបស់អ្នកឲ្យបានគ្រប់គ្រាន់ មុនពេលចេញទៅហាត់ ទោះជាការហាត់នៅក្នុងក្លឹប ឬការហាត់នៅខាងក្រៅក្តី។ ប៉ុន្តែ អ្នករឹតតែចាំបាច់ត្រូវញ៉ាំទឹកដើម្បីផ្តល់ដល់រាងកាយរបស់អ្នក ប្រសិនបើអ្នកមានគម្រោងហាត់នៅក្រោមសីតុណ្ហភាពខាងក្រៅ។ កង្វះជាតិទឹកក្នុងពេលហាត់ប្រាណត្រូវបានបង្ហាញថា វាមានផលប៉ះពាល់អវិជ្ជមាន លើការអនុវត្តការហាត់ បន្ថយប្រសិទ្ធភាពក្នុងការហាត់ ថែមទាំងធ្វើឲ្យអ្នកឆាប់អស់កម្លាំង។ លោកអ្នកគួរញ៉ាំទឹកត្រជាក់ក្នុងកម្រិតកំណត់មុននឹងអ្នកចេញទៅធ្វើលំហាត់ប្រាណ ជាជាងរង់ចាំញ៉ាំក្នុងកំឡុងពេលហាត់។ 2. ស្លៀកសម្លៀកបំពាក់ខ្មៅ៖ អ្នកប្រហែលមិនសូវសម្គាល់វានោះទេ ក្នុងពេលហាត់នៅខាងក្រៅ ឬហៅថាOutdoorនេះ ការស្លៀកពាក់ពណ៌ខ្មៅ នឹងធ្វើឲ្យអ្នកមានអារម្មណ៍រលាក ឬក្តៅស្បែកដោយសារពន្លឺព្រះអាទិត្យ។ ដូចនេះ លោកអ្នកគួរធ្វើការចៀសវាងដោយងាយស្រួល ដោយការជ្រើសរើសខោអាវហាត់កីឡាដ៏ត្រឹមត្រូវ។ ខោអាវពណ៌ខ្មៅ ជាអន្ទាក់ស្រូបកម្តៅខ្លាំង ប្រឆាំងនឹងស្បែក ហើយធ្វើឲ្យអ្នកអស់កម្លាំងដោយងាយ ហេតុនេះលោកអ្នកគួរជំនួសពណ៌ខ្មៅ ដោយសម្លៀកបំពាក់ពណ៌ភ្លឺៗឆ្អៅ ស្រាល រលុងៗ ហើយអាចឲ្យខ្យល់ឆ្លងកាត់ ដែលអាចហួតញើសអ្នកបាន។ 3. មិនបានការពារកម្តៅថ្ងៃ៖ នៅពេលអ្នកហាត់កីឡានៅខាងក្រៅប្រាកដជាប្រឈមជាមួយកម្តៅថ្ងៃ ទោះបីជាអ្នករត់ ឬជិះកង់ នៅក្នុងសួនដែលពោរពេញដោយដើមឈើយ៉ាងណាក៏ដោយ។ អ្នកចាំបាច់ត្រូវការឡេការពារកម្តៅថ្ងៃ ព្រោះការប៉ះផ្ទាល់ជាមួយពន្លឺថ្ងៃញឹកញាប់ នឹងមានគ្រោះថ្នាក់ដល់ស្បែក។ 4. ពាក់ស្បែកជើងខុស៖ ការដើរនៅលើម៉ាស៊ីនក្នុងក្លឹបហាត់ប្រាណ គឺវាខុសគ្នាជាមួយនឹងការដើរនៅខាងក្រៅ ហើយវានឹងប៉ះពាល់ដល់ប្រអប់ជើងរបស់អ្នក ប្រសិនបើអ្នកប្រើស្បែកជើងដែលដើរក្នុងក្លឹបហាត់ប្រាណ សម្រាប់ហាត់បែប outdoor ផងដែរ។ វាមិនមែនជាផ្ទៃរាបស្មើដូចនៅផ្ទះ ឬនៅក្លឹបនោះទេ ការដើរនៅខាងក្រៅជាញឹកញាប់គឺមានន័យថាអ្នកត្រូវប្រឈមជាមួយឧបសគ្គមួយចំនួន។ ដូចនេះ អ្នកគួរជ្រើសរើសស្បែកជើងដែលរចនាសម្រាប់ការហាត់ប្រាណនៅខាងក្រៅ មានកម្រិតការពារគ្រប់គ្រាន់ ដើម្បីជួយសម្រួលដល់ការហាត់ និងការពារពីរបួសដែលអាចកើតឡើងក្នុងពេលហាត់។ 5. ហាត់ក្រោមកម្តៅខ្លាំង៖ ជារឿងល្អបំផុតដែលជំរុញឲ្យខ្លួនអ្នកក្រោកពីព្រលឹម ដើម្បីហាត់ ឬហាត់ក្រោយពីអ្នកត្រឡប់មកពីធ្វើការវិញពេលល្ងាច។ ការហាត់នៅកណ្តាលថ្ងៃ ពិសេសក្នុងកំឡុងពីខែមេសា ដល់ខែតុលា ថ្ងៃក្តៅខ្លាំងក្នុងចន្លោះម៉ោង១០ព្រឹក ទៅម៉ោង៤ល្ងាច មិនត្រូវបានណែនាំឡើយ។ ដូចនេះ ត្រូវចៀសវាងហាត់រយៈពេលយូរ និងហាត់ក្នុងម៉ោងនោះ ដើម្បីការពារកម្តៅខ្លាំង ការអស់កម្លាំងខ្លាំង ឬអាចឈានដល់ដាច់សរសៃឈាមខួរក្បាលដោយសារកម្តៅខ្លាំងពេក។ វាពិតជាត្រជាក់ ខ្យល់អាកាសបរិសុទ្ធ នៅពេលព្រឹកព្រលឹម ឬពេលល្ងាច ប៉ុន្តែអ្នកត្រូវត្រួតពិនិត្យសីតុណ្ហភាព និងសំណើមមុនចេញទៅក្រៅជាការល្អ។ 6. រំពឹងទុកដូចគ្នា៖ តាមពិតទៅវាមិនដូចគ្នានោះទេ ទាំងការហាត់ និងលទ្ធផលនៃការហាត់ នៅក្នុងក្លឹប ហើយនិងហាត់ខាងក្រៅ។ ពន្លឺព្រះអាទិត្យ ខ្យល់ សីតុណ្ហភាព សំណើម និងឧបសគ្គមួយចំនួននៅខាងក្រៅ ធ្វើឲ្យអ្នកហាត់ប្រាណនៅខាងក្រៅឆាប់ហត់ និងត្រូវការថាមពលច្រើនជាងការហាត់ក្នុងក្លឹប។ អ្វីដែលអ្នកត្រូវដឹងនៅពេលនេះ គឺមិនត្រូវបង្ខំខ្លួនឯងក្នុងរយៈពេលកំណត់ ដូចពេលអ្នកហាត់ក្នុងក្លឹបឡើយ។   ត្រូវប្រាកដថា អ្នកបានចៀសវាងពីកំហុសដែលបានរៀបរាប់ខាងលើ… © 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អំពីការសិក្សា និងការងារ កញ្ញា ពៅ ច័ន្ទលក្ខិណា កំពុងបម្រើការងារជាប្រធានផ្នែកឱសថកម្មវិធី (នៃការិយាល័យបច្ចេកទេស)នៅឃ្លាំងឱសថកណ្តាល និងជាអតីតនិស្សិតផ្នែកឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(បញ្ចប់ឆ្នាំ២០១៤) ហើយក៏បានប្រលងចូលក្របខណ្ឌនៅក្នុងឆ្នាំ២០១៤ដូចគ្នា។ អំពីបទពិសោធន៍ក្នុងការប្រលងក្របខណ្ឌក្រសួងសុខាភិបាល ការត្រៀមមុនប្រលង មើលរំលឹកមេរៀនដែលបានរៀនចាប់ពីឆ្នាំទី២មកជាការល្អ និងត្រូវរៀនបន្ថែមនូវចំណេះដឹងទូទៅនៃសង្គម និងសេវានានាក្នុងវិស័យសុខាភិបាល ក្នុងអំឡុងពេលប្រលង •យកភ្ជាប់នូវឯកសារសម្គាល់ខ្លួនសម្រាប់ចូលរួមការប្រលង •យកត្រឹមសម្ភារៈប្រើបា្រស់ចាំបាច់ក្នុងការប្រលង ដូចជា ប៊ិច បន្ទាត់  •ទៅដល់ទីកន្លែងប្រលងឲ្យបានមុនម៉ោងចាប់ផ្តើម និងពិនិត្យរកមើលឈ្មោះ លេខបន្ទប់ លេខតុ របស់ខ្លួនឲ្យបានត្រឹមត្រូវ •រក្សារបៀបរៀបរយឲ្យបានត្រឹមត្រូវ ជាពិសេស គឺមិនចម្លង ឬសាកសួរគ្នាអំឡុងពេលដំណើរការប្រលង ព្រោះអនុរក្សអាចបញ្ឈប់ការប្រលងយើងបាន បើប្រព្រឹត្តល្មើសវិន័យក្នុងពេលប្រលង •អានសំណួរ និងប្រធានបទឲ្យបានច្បាស់មុននឹងឆ្លើយ ហើយធ្វើយ៉ាងណាលៃលកតាមពេលវេលាដែលនៅសល់ គន្លឹះ ឬតិចនិក ដែលជួយជំរុញឲ្យទទួលបានជោគជ័យក្នុងការប្រលង •ខិតខំរំលឹកមេរៀនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន  •បង្កើនការយល់ដឹងលើវប្បធម៌ទូទៅ (ចាប់អារម្មណ៍លើព្រឹត្តការណ៍ថ្មីៗ) យុទ្ធសាស្ត្រសុខាភិបាល និងសេវាសុខភាពប្រជាជន •ការរៀនជាក្រុមអាចជួយបង្កើនចំណេះដឹងទូទៅតាមរយៈការចែករំលែកអ្វី ដែលបានរៀនប្លែកៗគ្នា •សិក្សាពីទម្រង់នៃការប្រលង ឬប្រធានបទប្រលងក្នុងឆ្នាំចាស់ •មានឆន្ទៈពិត មិនស្ទាក់ស្ទើរក្នុងការក្លាយជាបុគ្គលិកបម្រើការងាររដ្ឋ ឧបសគ្គក្នុងការប្រលងចូលក្របខណ្ឌ និងដំណោះស្រាយ •ចំណេះដឹងទូទៅមានភាពទូលំទូលាយ ដូចនេះ ទាមទារឲ្យមានការអាន និងសិក្សាឲ្យបានច្រើន ការសិក្សាជាក្រុមអាចជួយបានច្រើនសម្រាប់ចំណុចនេះ •ភាពស្ទាក់ស្ទើរក្នុងការចង់ក្លាយជាបុគ្គលិកបម្រើការងាររដ្ឋ ដែលអាចនាំឲ្យមានការខ្វះខាតការតាំងចិត្តក្នុងការប្រលង ដូចនេះ ត្រូវធ្វើការសម្រេចចិត្តឲ្យច្បាស់ ដើម្បីបង្កើនកម្លាំងចិត្តក្នុងការប្រលង សារជូនដល់និសិ្សតជំនាន់ក្រោយ សូមតាំងចិត្ត និងកុំភ័យខ្លាចក្នុងការប្រលង ហើយក៏សូមកុំមើលរំលងការប្រលងក្របខណ្ឌសម្រាប់អ្នកដែលមានបំណងចង់ចូលមកបម្រើការងាររដ្ឋ និងសង្គម។ សម្រាប់ព័ត៌មានពីការជ្រើសរើស  ដំណឹងជ្រើសរើសមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាល លោកអ្នកអាចទាញយកវិញ្ញាសារបានតាមរយៈ វិញ្ញាសាប្រឡងក្របខណ្ឌសុខាភិបាលដែលបានចេញពីឆ្នាំមុន សម្រាប់ការចែករំលែកបទពិសោធន៍បន្ថែមពីអ្នកធ្លាប់បានប្រឡងជាប់ ក៏អាចអានតាមរយៈ ចង់ប្រលងក្របខណ្ឌពេទ្យឲ្យជាប់ទេ? /  បេក្ខភាពត្រៀមប្រឡងក្របខណ្ឌសុខាភិបាលឆ្នាំនេះ គួរត្រៀមច្រើនទាក់ទងនឹងការបោះឆ្នោត សម្រាប់វិញ្ញាសាចំណេះដឹងទូទៅ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

តើអ្នកបានយល់ដឹងអ្វីខ្លះហើយអំពី«ជំងឺថ្លើម»? ដើម្បីឲ្យមិត្តអ្នកអានអាចស្វែងយល់ពីជំងឺថ្លើមតាមប្រភេទ និងវ៉ាក់សាំងសម្រាប់ជំងឺនេះផងនោះ ក្រុមការងារក៏បានរៀបចំធ្វើការប្រមូលផ្តុំអត្ថបទដែលជាប់ពាក់ព័ន្ធទាំងអស់ជូននៅខាងក្រោមនេះតែម្តង ៖  ជំងឺរលាកថ្លើមប្រភេទAមិនធ្ងន់ធ្ងរតែស្រួចស្រាវ ជាប្រភេទមួយនៃជំងឺរលាកថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទA (HAV) ដែលស្ថិតក្នុងក្រុមវីរុស RNA ដែលបណ្តាលឲ្យមានជំងឺរលាកថ្លើម តែវានឹងជាទៅវិញដោយឯកឯងចំពោះបុគ្គលដែលមានសុខភាពមាំមួន មិនតែប៉ុណ្ណោះប្រព័ន្ធការពាររបស់យើងនឹងបង្កើតជាអង្គបដិបក្ខដោយខ្លួនឯង ដើម្បីទប់ស្កាត់ការចម្លងរោគនៅពេលក្រោយ… លោកឧកញ៉ាសាស្រ្តាចារ្យវេជ្ជបណ្ឌិត តាន់ គីមមេង នាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ HOPE  ក៏បានបកស្រាយលើឃ្លាដែលគេបានលើកឡើងថា “ទឹកដូងអាចព្យាបាលជំងឺរលាកថ្លើមប្រភេទA” ថា…   រលាកថ្លើមប្រភេទ B៖ ប្រឈមមុខខ្ពស់នៅតំបន់អាស៊ី លោកវេជ្ជបណ្ឌិត សុខ ហ៊ាង ឯកទេសក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យព្រះកុសុមៈ បានឲ្យនិយមន័យ ជំងឺរលាកថ្លើមប្រភេទB ជាជំងឺដែលបង្កឲ្យថ្លើមរលាកតាមរយៈវីរុសរលាកថ្លើមប្រភេទ B ដែល ស្ថិតនៅក្នុងក្រុម Hepadnaviruses ដែលជាប្រភេទវីរុសផ្គុំឡើងពីខ្សែ DNA ហើយមានទំហំ៤២ណាណូម៉ែត្រ ប្រហាក់ប្រហែលនឹងមេរោគអេដស៍។ លោកបានបន្តថា អត្រាឆ្លងមេរោគរលាកថ្លើមប្រភេទ B គឺខ្ពស់ជាងមេរោគអេដស៍ ១០០% ព្រោះមេរោគនេះអាចស្ថិតនៅមជ្ឈដ្ឋានខាងក្រៅ៧ថ្ងៃ ដូចនេះវាអាចឆ្លងទៅមនុស្សដទៃបានយ៉ាងងាយ។ មេរោគនេះ ត្រូវបានចម្លងទៅតាមការប៉ះពាល់ឈាមមានដូចជា… ជំងឺរលាកថ្លើមប្រភេទ C ជាទូទៅ ជំងឺរលាកថ្លើមប្រភេទសេឆ្លងតាមរយៈ ៖ ការប្រើប្រាស់របស់មុតស្រួច ដែលប្រលាក់ឈាមអ្នកជំងឺដែលផ្ទុកវីរុសប្រភេទសេនេះ និង ការរួមភេទដែលមានដៃគូច្រើនដោយមិនបានប្រើប្រាស់ស្រោមអនាម័យជាដើម ហើយវីរុសនេះមិនឆ្លងតាមការប្រាស្រ័យទាក់ទងគ្នានោះទេ ចំណែកឯការបរិភោគអាហារជាមួយគ្នាក៏មិនអាចបណ្តាលអោយឆ្លងដែរ។ ស្វែងយល់បន្ថែមពីជំងឺនេះជាមួយលោកវេជ្ជបណ្ឌិតឯកទេស ហាក់ ចាន់ភក្តី ឯកទេសថ្លើម ក្រពះ ពោះវៀន និងឬសដូងបាតនៃគ្លីនិកឯកទេសអេគីប។ ជំងឺរលាកថ្លើមប្រភេទE អាចវិវឌ្ឍទៅជារលាកថ្លើមរ៉ាំរ៉ៃឬទេ? វាបណ្ដាលមកពីវីរុសរលាកថ្លើមប្រភេទ E ប៉ុន្តែមិនវិវឌ្ឍទៅជាជំងឺរលាកថ្លើមធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃនោះទេ ដែលមានលក្ខណៈខុសពីជំងឺរលាកថ្លើមប្រភេទB និងC ហើយវាអាចនឹងជាសះស្បើយទៅវិញក្នុងរយៈពេលពី២ទៅ៣ខែដោយពុំចាំបាច់ទទួលការព្យាបាល។ អ្នកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា គ្រូពេទ្យឯកទេសក្រពះ ពោះវៀន ថ្លើម និងឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាលបានបញ្ជាក់ថា «ទោះបីវាគ្មានភាពកាចសាហាវហើយករណីអាចមានតែ៥%ដែលអាចនឹងវិវឌ្ឍទៅជាជំងឺរលួយថ្លើម យើងក៏ត្រូវ…» អ្វីដែលត្រូវស្វែងយល់ពីតេស្តរកមេរោគរលាកថ្លើម តាមប្រសាសន៍របស់ឱសថបណ្ឌិតឯកទេសវេជ្ជជីវសាស្រ្ត តោ ពើទី «ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។» តេស្តសម្រាប់មេរោគនីមួយៗ គឺមានលក្ខណៈខុសៗពីគ្នាដែលមានបង្ហាញយ៉ាងច្បាស់នៅក្នុងអត្ថបទ ដែលក្នុងនោះ គាត់ក៏បានលើកឡើងអីភាពចាំបាច់នៃការធ្វើតេស្តនេះផងដែរ។ ករណីសិក្សាលើជំងឺរលាកថ្លើម ៣ករណីសិក្សាត្រូវបានលើកឡើង និងបកស្រាយដោយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្រាយចម្ងល់ដល់មិត្តអ្នកអានជាអ្នកដែលជួបប្រទះនឹងបញ្ហាផ្ទាល់ ក៏ដូចជាចំណេះដឹងសម្រាប់អ្នកចង់សិក្សាស្វែងយល់។  REGORAFENIB ឱសថថ្មីសម្រាប់មហារីកថ្លើម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ “ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA… Sofosbuvir ឱសថថ្មីព្យាបាលជំងឺរលាកថ្លើមប្រភេទC ជំងឺរលាកថ្លើមប្រភេទC ជាជំងឺរលាកថ្លើមមួយប្រភេទដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទC។ ជំងឺនេះត្រូវបានគេដឹងថាមិនមានវ៉ាក់សាំងចាក់ សម្រាប់បង្ការការកើតជំងឺនេះឡើយ។ ម្យ៉ាងវិញទៀត នេះក៏ជាជំងឺដែលពិបាកក្នុងការព្យាបាលឲ្យជាផងដែរ។ យ៉ាងណាមិញ ឱសថថ្មីត្រូវបានរកឃើញ និងអាចព្យាបាលជំងឺនេះ ដោយគ្រាន់តែលេបក្នុងមួយថ្ងៃតែម្តងប៉ុណ្ណោះ។ Sofosbuvir គឺជាថ្នាំប្រើលេបតាមមាត់ដែលជាឱសថអសកម្ម (Prodrug) ប្រភេទនុយក្លេអូទីត មានប្រសិទ្ធភាពប្រឆាំងនឹងអង់ស៊ីមNS5B polmerase នៃវីរុសរលាកថ្លើមប្រភេទC។ ថ្នាំនេះ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប ប្រទេសកាណាដា និងតំបន់ផ្សេងទៀត ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកថ្លើមប្រភេទC… ថ្នាំ Mavyret សម្រាប់ជំងឺរលាកថ្លើម C ក្រោមការសម្រេចពីFDA Mavyret ជាឱសថរួមបញ្ចូលពី glecaprevir និង  pibrentasvir ត្រូវបានប្រើប្រាស់រយៈពេល ៨សប្តាហ៍ដំបូងក្នុងការព្យាបាលជំងឺរលាកថ្លើម C ក៏ដូចជាចំពោះអ្នកជំងឺមានបញ្ហាតម្រងនោមកម្រិតមធ្យម ឬធ្ងន់ធ្ងរ និងអ្នកកំពុងទទួលការព្យាបាលដោយការលាងឈាម។ ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ឱសថ Mavyret បានមកពីការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីមនុស្សពេញវ័យប្រមាណ ២,៣០០ នាក់ដែលបានឆ្លងនូវជំងឺរលាកថ្លើម C (HCV) ប្រភេទហ្សែន (genotype) ១, ២, ៣, ៤, ៥ និង៦… កំណត់សម្គាល់ ៖ សូមចុចលើចំណងជើង ដើម្បីអានអត្ថបទពេញ... © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ កំពុងពពោះកូនអាយុ ៣ខែ ជាស្ត្រីមេផ្ទះ ដឹងខ្លួនថាមានផ្ទុកមេរោគអេដស៍បន្ទាប់ពីធ្វើតេស្តឈាមនៅប៉ុន្មានសប្តាហ៍មុនជាមួយនឹងប្តីរបស់ខ្ញុំ។ តើកូនរបស់ខ្ញុំអាចឆ្លងមេរោគអេដស៍ពីខ្ញុំដែរឬទេ? តើមានវិធីអ្វីអាចជួយឲ្យកូនចៀសផុតពីការឆ្លងមេរោគនេះដែរឬទេ? តើខ្ញុំអាចទទួលយកការព្យាបាលដោយឱសថពន្យារជីវិតនៅអំឡុងពេលនេះឬទេ?   ចម្លើយ ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ អាចមានកូនដែលគ្មានផ្ទុកមេរោគនេះបាន ប៉ុន្តែប្អូនត្រូវទទួលយកការព្យាបាល ប្រឆាំងនឹងមេរោគអេដស៍នេះ(Antiretroviral treatment ឬ ART) ឲ្យបានកាន់តែឆាប់កាន់តែប្រសើរក្រោយពីបានដឹងថាខ្លួនមានមេរោគអេដស៍។ ការព្យាបាលនេះ ត្រូវធ្វើឡើងទាំងអំឡុងពេលមានផ្ទៃពោះ ក្រោយពេលសម្រាល និងពេលបំបៅដោះផងដែរ។ ប្រសិនបើប្អូនមិនត្រូវបានណែនាំឲ្យព្យាបាលពេញមួយជីវិតទេនោះ យ៉ាងហោចណាស់ប្អូនគួរតែបន្តវារហូតដល់ក្រោយការបញ្ឈប់ការបំបៅដោះបានមួយសប្តាហ៍សិន។ ដោយឡែក ប្អូនអាចធ្វើការឆ្លងទន្លេតាមបែបធម្មជាតិ ឬបើចាំបាច់ក៏អាចធ្វើការវះកាត់ផងដែរ អាស្រ័យនឹងការណែនាំពីអ្នកជំនាញសុខភាពរបស់ប្អូនអំពីជម្រើសដ៏ប្រសើរបំផុតសម្រាប់ប្អូនផ្ទាល់។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់១,៧២ម៉ែត្រ ទម្ងន់ ៥០គីឡូក្រាមជាអាជីវករ និងបានរៀបការរួចហើយ។ ខ្ញុំមានអាការៈហើមទ្វារមាស ធ្លាក់សច្រើន រមាស់ និងក្រហាយ តែបាត់ទៅវិញ នៅពេលខ្ញុំប្រើប្រាស់ថ្នាំស៊ុលដែលណែនាំដោយមិត្តភក្តិរបស់ខ្ញុំ។ តែមិនយូរប៉ុន្មាន អាការៈនេះ ក៏ត្រឡប់មកវិញ ហើយខ្ញុំពុំទាន់បានប្រើប្រាស់ឱសថណាមួយទៀតឡើយ គ្រាន់តែធ្វើការសម្អាតដោយទឹកអនាម័យតែប៉ុណ្ណោះ។ តើអាការៈនេះជារោគសញ្ញានៃជំងឺអ្វី? តើវាត្រូវបានព្យាបាលយ៉ាងដូចម្តេច?   ចម្លើយ ៖  ចំពោះករណីនេះ ប្អូនគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតជំនាញផ្នែករោគស្ត្រី ដើម្បីធ្វើការពិនិត្យ តាមរយៈតេស្តផ្សេងៗរួមទាំងការសម្អាតប្រដាប់បន្តពូជសម្រាប់ការធ្វើតេស្តរកជំងឺដែលឆ្លងតាមការរួមភេទ (Sexually transmitted diseases ឬ STD)  រួចបន្តតាមដាននូវលទ្ធផលព្រមទាំងទទួលការព្យាបាលឲ្យបានត្រឹមត្រូវផងដែរ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

រដ្ឋបាលចំណីអាហារ និងឱសថរបស់អាមេរិក (FDA) បានបន្ថែមឲ្យមានការប្រើប្រាស់ឱសថ Regorafenib សម្រាប់អ្នកជំងឺមហារីកថ្លើម (Hepatocellular carcinoma) ដែលត្រូវបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការបង្កើនឲ្យមានការប្រើប្រាស់ ឱសថ Regorafenib នេះ គឺជាការសម្រេចដំបូងរបស់ FDA សម្រាប់អ្នកជំងឺមហារីកថ្លើម ក្នុងរយៈពេលជិត១០ឆ្នាំនេះ។ “ជម្រើសនៃការព្យាបាល មហារីកថ្លើម នៅមានកម្រិត ហើយវាជាលើកទី ១ ដែល FDA បានយល់ស្របឲ្យមានការប្រើប្រាស់ថ្នាំ Regorafenib លើអ្នកជំងឺមហារីកថ្លើម ក្នុងករណីដែលអ្នកជំងឺ មានភាពស៊ាំទៅនឹងឱសថ Sorafenib” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Richard Pazdur ប្រធានផលិតផល ផ្នែកលោហិតសាស្រ្ត និងជំងឺមហារីក ប្រចាំមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវឱសថរបស់ FDA។   គួរបញ្ជាក់ផងដែរ Regorafenib គឺជាឱសថប្រភេទថ្នាំគ្រាប់ ដែលមានសកម្មភាពរារាំងការរីកលូតលាស់របស់កោសិកាមហារីក (Antiangiogenic)។ វាត្រូវបានគេប្រើប្រាស់រួចមកហើយ ចំពោះជំងឺមហារីកពោះវៀនធំដំណាក់កាលចុងក្រោយ និងដុំសាច់ដែលមានក្នុងក្រពះ ពោះវៀន ដែលជាប្រភេទ មិនអាចធ្វើការវះកាត់យកចេញបាន និងមានភាពស៊ាំទៅនឹងថ្នាំ Imatinib និង Sunitinib។   ទិន្នន័យការសិក្សាលើជំងឺមហារីកថ្លើម   ការយល់ស្របឲ្យមានការប្រើប្រាស់ឱសថនេះសម្រាប់ជំងឺមហារីកថ្លើម គឺពឹងផ្អែកទៅលើលទ្ធផលនៃការស្រាវជ្រាវដំណាក់កាលទី៣ ដែលរួមបញ្ចូលចំនួនអ្នកជំងឺ សរុបទាំងអស់ ៥៧៣នាក់ ក្នុងនោះ មានជំងឺមហារីកថ្លើម ហើយបានព្យាបាលដោយឱសថ Sorafenib ពីមុនមក។ ការរស់រានមានជីវិតជាមធ្យមសរុប គឺ១០.៦ខែ សម្រាប់អ្នកដែលបានព្យាបាលដោយថ្នាំ Regorafenib បើប្រៀបទៅនឹងក្រុមប្រើប្រាស់ថ្នាំ គ្មានសារធាតុសកម្ម (Placebo) ដែលសង្កេតឃើញមានតែ ៧.៨ ខែ។ លទ្ធផលខាងលើ បង្ហាញឲ្យឃើញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការស្លាប់។   បន្ថែមពីនេះ ការគ្រប់គ្រងស្ថានភាពជំងឺ គឺកើនឡើងគួរឲ្យកត់សម្គាល់ចំពោះការប្រើប្រាស់ថ្នាំ Regorafenib ក្នុងអត្រា ៦៥.២% ប្រៀបធៀបទៅនឹង ថ្នាំដែលគ្មានសារធាតុសកម្ម (Placebo)ចំនួន ៣៦.១%។   ក្រៅពីប្រសិទ្ធភាពដូចដែលបានរៀបរាប់ខាងលើ គេក៏សង្កេតឃើញមានផងដែរនូវផលរំខាននានា របស់ឱសថដែលអាចកើតលើអ្នកជំងឺ ក្នុងអត្រា៧៩.៧% ដែលបានប្រើប្រាស់ Regorafenib ប្រៀបទៅនឹងឱសថគ្មានសារធាតុសកម្ម (៥៨.៥%)។ ផលរំខានទាំងនោះមានដូចជា ការឡើងសម្ពាធឈាម (១៥.២% Vs ៤.៧%) ប្រតិកម្មលើស្បែកដៃ និងជើង (១២.៨% Vs ០.៥%) ការអស់កម្លាំង (៩.១% Vs ៤.៧%) និងជំងឺរាក (៣.២% Vs ០.០%)។   ការរុករកសម្រាប់បង្កើនការព្យាបាលលើជំងឺមហារីកថ្លើមនេះ ពិតជាមានអត្ថប្រយោជន៍ អាចជាជំនួយ និងជាកម្លាំងចិត្តឲ្យមានការបង្កើតនូវថ្នាំផ្សេងៗ សម្រាប់ព្យាបាលជំងឺដែលកម្រដទៃទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

ជារៀងរាល់ថ្ងៃ អ្នក និងក្រុមគ្រួសារ បានបរិភោគអាហារចម្រុះច្រើនមុខ ដែលចៀសមិនផុតពីការបន្សំគ្នានូវមុខអាហារក្នុងពេលតែមួយឡើយ។ ប្រសិនវា មិនអាចជាអាហារដែលល្អក្នុងការញ៉ាំជាមួយគ្នា យ៉ាងហោចណាស់ វាគួរតែមិនមែនជាប្រភេទបន្សំអាហារដែលមិនល្អដល់រាងកាយផងដែរ។ ហេលស៍ថាម បានជម្រាបរួចមកហើយអំពីមុខអាហារដែលអ្នកគួរបរិភោគរួមជាមួយគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។ពេលនេះអ្នកនឹងបានដឹងអំពីការរួមផ្សំអាហារ ដែលមិនត្រឹម មិនមានអត្ថប្រយោជន៍ ថែមទាំងអាចមានផលមិនល្អដល់រាងកាយ និងចាំបាច់ គួរតែត្រូវបានចៀសវាង ហើយជាក់ស្តែង វាអាចជាអាហារដែលអ្នកកំពុងបន្សំគ្នាជារៀងរាល់ថ្ងៃទៀតផង។  ១. អាល់កុល និងអាហារផ្សេងៗ ការបរិភោគសារធាតុអាល់កុល ជាមួយនឹងអាហារ អាចធ្វើឲ្យមានការរារាំងរាងកាយ ពីការស្រូបយកសារធាតុចិញ្ចឹមពីអាហារ។ ជាពិសេស អាល់កុល ជាមួយនឹងកាហ្វេអ៊ីន (ញ៉ាំបន្តបន្ទាប់គ្នា) អាចធ្វើឲ្យអ្នកមិនអាចប៉ាន់ស្មានពីកម្រិតស្រវឹងរបស់អ្នក និងអាចបង្កគ្រោះថ្នាក់បានយ៉ាងងាយ។  ២. កាល់ស្យូម និងជាតិរ៉ែផ្សេងៗ ការបរិភោគកាល់ស្យូមជាមួយសារធាតុរ៉ែដទៃទៀតដូចជា ជាតិដែកស័ង្កសីឬម៉ាញ៉េស្យូម អាចរារាំងនូវការស្រូបយកសារធាតុចិញ្ចឹម។ ដោយឡែក កាល់ស្យូម គួរតែត្រូវបានបរិភោគនៅមុនចូលគេង ដើម្បីទទួលបានការស្រូបល្អ ជួយឲ្យអ្នកគេងបានស្រួល និងធ្វើឲ្យសាច់ដុំបានសម្រាក។   ៣. ដំឡូងបារាំងចៀន និងអាល់កុល ខ្លាញ់ក្នុងបឺហ្កឺ ផ្សំនឹងស្ករក្នុងដំឡូងបារាំងអាចបង្កើតបានជា Cytokine ដែលអាចសម្លាប់កោសិកា បង្កើនល្បឿននៃភាពចាស់ និងធ្វើឲ្យមាន បញ្ហាមេតាបូលីស។ អ្នកគួរជ្រើសយកបឺហ្កឺមិនសូវមានខ្លាញ់ជាមួយបន្លែ ឬសាឡាដវិញ។ ដោយឡែក អាល់កុល ធ្វើឲ្យខ្លាញ់សល់ក្នុងខ្លួនច្រើនឡើង ពិបាករំលាយអាហារ និងហល់យូរបន្ទាប់ពីញ៉ាំ។   ៤. ត្រសក់ផ្អែម ទឹកដោះគោ និងអាហារផ្សេងទៀត ដោយសារត្រសក់ផ្អែមជាអាហារងាយរំលាយ ស្របពេលដែលទឹកដោះគោមិនងាយត្រូវបានរំលាយ អាហារទាំងពីរនេះរួមបញ្ជូលគ្នា នឹងអាចបង្កឲ្យមាន បញ្ហាមិនរំលាយអាហារ។ ក្រៅពីនោះ ត្រសក់ផ្អែមមានជាតិទឹក និងស្ករច្រើន ដូចនេះយកល្អគួរបរិភោគវានៅពោះទទេ ឬញ៉ាំវាដាច់ដោយឡែក។ ៥. តែ និងទឹកដោះគោ ជាពិសេសគឺតែខ្មៅ ដែលសម្បូរពពួកប្រឆាំងអុកស៊ីតកម្ម ដែលជួយបន្ថយភាពរលាកដោយជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺបេះដូង និងទឹកនោមផ្អែម។ ប្រូតេអ៊ីន ក្នុងទឹកដោះគោ អាចរារាំងការស្រូបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្ទុយទៅវិញ កាហ្វេអ៊ីនក្នុងតែ អាចបន្ថយការស្រូបនៃកាល់ស្យូមទៅវិញ។   ៦. ផ្លែឈើ និងអាហារផ្សេងៗ ផ្លែឈើនឹងក្លាយទៅជាពិបាករំលាយ និងនៅក្នុងពោះវៀនបានយូរជាងធម្មតា នៅពេលដែលញ៉ាំជាមួយអាហារផ្សេងទៀត។ ការនៅយូរក្នុងប្រព័ន្ធរំលាយអាហារ របស់ផ្លែឈើ ធ្វើឲ្យវាអាចបំលែងជាសារធាតុមេ។ យកល្អគួរញ៉ាំផ្លែឈើពី កន្លះម៉ោង ឬមួយម៉ោងមុនអាហារ ឬ៣ម៉ោងក្រោយអាហារ។   ៧. ប្រូតេអ៊ីនពីសាច់ និងម្សៅក្នុងបន្លែ ឬធញ្ញជាតិ ការបរិភោគរួមគ្នា អាចធ្វើឲ្យប្រូតេអ៊ីនទៅជាពុកខូច រីឯកាបូហាយដ្រេតនៃម្សៅក្លាយទៅជាសារធាតុមេ ជាលទ្ធផលវាបង្កើតបានជាខ្យល់នៅក្នុងពោះ។ មនុស្សភាគច្រើនហាក់ទម្លាប់នឹងការរួមបន្សំនេះ (មានអត្ថប្រយោជន៍ផងដែរក្នុងករណីខ្លះ) ប៉ុន្តែបើមិនអាចចៀសបាន គួរបន្ថែមបន្លែគ្មានជាតិម្សៅជាមួយ ដើម្បីកាត់បន្ថយផលមិនល្អ។   ៨. អាហារ និងសារធាតុរាវ ដូចជាការញ៉ាំទឹក ទឹកក្រូច ឬទឹកតែជាមួយ ឬបន្ទាប់ពីអាហារ។ សារធាតុរាវ ត្រូវការពេលវេលាដើម្បីស្រូបចូលក្នុងខ្លួន ដែលអំឡុងពេលនោះវាអាចទៅពង្រាវ អង់ស៊ីមសម្រាប់រំលាយអាហារ។ ដូចនេះ អ្នកគួរបរិភោគសារធាតុរាវ នៅយ៉ាងហោចណាស់ ១០នាទីមុនញ៉ាំ និងរង់ចាំរហូតដល់១ម៉ោងយ៉ាងតិច ក្រោយបរិភោគអាហារ។ ៩. អាហារសម្បូរប្រូតេអ៊ីនដូចគ្នា សាច់ និងស៊ុត ឬសាច់ច្រើនប្រភេទជាមួយគ្នា ជាឧទាហរណ៍នៃអាហារសម្បូរប្រូតេអ៊ីន ដែលត្រូវការពេលវេលាយូរក្នុងការរំលាយ ដូចនេះ ការបន្សំរបស់វា ធ្វើឲ្យប្រព័ន្ធរំលាយអាហារប្រើប្រាស់ថាមពលច្រើន និងទៅជាខ្សោយ។ បើមិនអាចចៀសបាន អ្នកគួរបន្ថែម បន្លែសម្បូរជាតិទឹក ដូចជា ខ្ទឹមបារាំង ប្រូខូលី ឬស្ពៃជាមួយផងដែរ។   ១០. យ៉ាអួ ឬផលិតផលពីទឹកដោះគោ និងផ្លែឈើ ជាពិសេស គឺផ្លែឈើដែលមានជាតិជូរ ឬផ្លែចេក (ក្លាយជាជូរក្រោយពេលរំលាយ) ដោយសារវាធ្វើឲ្យការរំលាយអាហារថយចុះ បាក់តេរីល្អប្រែប្រួល បង្កើតជាជាតិពុល និងបញ្ហាឡើងស្លេស្ម ផ្តាសាយ ក្អក រមាស់ អាល្លែកហ្ស៊ី ព្រមទាំងបញ្ហាប្រព័ន្ធរំលាយអាហារដទៃទៀត។ អ្នកគួររើសយ៉ាអួ នៅសីតុណ្ហភាពធម្មតា និងមិនបន្ថែម រសជាតិ។  ការរួមផ្សំអាហារដែលមិនសមរម្យ អាចនឹងមិនផ្តល់លទ្ធផលមិនល្អឲ្យអ្នកបានដឹងភ្លាមឡើយ តែការបន្តសកម្មភាពនេះជាប្រចាំ អាចធ្វើឲ្យអ្នក ទទួលរង ឥទ្ធិពលអាក្រក់ ដោយមិនដឹងខ្លួន។ ដូចនេះ លទ្ធផលល្អ ឬអាក្រក់អាស្រ័យនឹងការសន្សំការយកចិត្តទុកដាក់របស់អ្នកផ្ទាល់។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

ចែករំលែក

សំណួរ ៖ នាងខ្ញុំមានអាយុ ៥៧ឆ្នាំ រស់នៅខេត្តពោធិ៍សាត់។ ខ្ញុំបានទទួលការព្យាបាលជំងឺមហារីកសុដន់រួចមកហើយ ម្យ៉ាងទៀត ជំងឺមហារីកក៏មិនបង្កជាបញ្ហាអ្វីទៀតនោះទេ ប៉ុន្តែលោកវេជ្ជបណ្ឌិតនៅតែឲ្យខ្ញុំបន្តធ្វើការពិនិត្យជាប្រចាំ។ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើការពិនិត្យបន្តទៀត បើខ្ញុំបានធូរស្បើយពីជំងឺបន្ទាប់ពីការព្យាបាលរួចទៅហើយ? ចម្លើយ ៖ មហារីក ជាជំងឺធ្ងន់ធ្ងរ ដែលអ្នកជំងឺមានដុំសាច់ប្រភេទកាច ស្ថិតនៅក្រោមការពិនិត្យតាមដានពីសំណាក់អ្នកឯកទេសក្នុងរយៈពេលយូរ ជាពិសេសកំឡុងពេល ៥ឆ្នាំបន្ទាប់ពីការព្យាបាលបានបញ្ចប់។ ការតាមដាននោះ គឺដើម្បីអាចធានាបាននូវគ្មានការលាប់ឡើងវិញនៃជំងឺ ដោយភាគច្រើនការប្រឈមនៃការរើឡើងវិញពាក់ព័ន្ធទៅលើប្រភេទ និងដំណាក់កាលនៃជំងឺមហារីក ពេលវេលា និងប្រសិទ្ធភាពនៃការព្យាបាល។   មានហេតុផល ៣យ៉ាងដែល អ្នកគួរតែទៅទទួលបានការតាមដាន បន្ទាប់ពីការព្យាបាល ដើម្បី៖ • រកមើលការត្រឡប់ឡើងវិញនៃជំងឺ ឬតើវាអាចរាលដាលដល់សុដន់ម្ខាងទៀតដែរ ឬយ៉ាងណា • រកមើលផលវិបាក និងបញ្ហានានា ដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលនៃការព្យាបាល • អ្នកជំនាញអាចមានឱកាសផ្តល់នូវការប្រឹក្សាជាកម្លាំងចិត្តដល់អ្នកជំងឺ ពីព្រោះស្រ្តីអាចនឹងមានអារម្មណ៍បាក់ទឹកចិត្តកំឡុងពេលមួយ ឬពីរឆ្នាំ បន្ទាប់ពីដឹងថាខ្លួនមានជំងឺមហារីកសុដន់។   កំឡុងពេលតាមដាន អ្នកជំនាញនឹងធ្វើការពិនិត្យដោយ៖ • សួរពីសញ្ញា និងរោគសញ្ញានានា • ពិនិត្យដោយការស្ទាបផ្ទាល់ • ធ្វើតេស្តឈាមសម្រាប់វិភាគផ្សេងៗ ក៏ដូចជាការធ្វើ mammography, ultrasonography និងការថតឆ្លុះដោយ CT-scan  ឬ MRI-scan ដើម្បីកំណត់ពីប្រសិទ្ធភាពនៃការព្យាបាល និងរកមើលការរើឡើងវិញនៃជំងឺមហារីក។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសជំងឺមហារីកកុមារ និងមហារីកទូទៅ និងជាប្រធានផ្នែកមហារីកនៃមន្ទីរពេទ្យអន្តរជាតិសែនសុខ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ កូនខ្ញុំទិញទឹកដោះគោម្សៅសម្រាប់មនុស្សចាស់ឲ្យខ្ញុំផឹក ប៉ុន្តែឲ្យតែខ្ញុំផឹកទឹកដោះគោនោះម្តងៗស្រាប់តែរាកតែម្តង។ តើនេះបណ្តាលមកពីហេតុអ្វីដែរ?   ចម្លើយ ៖ ករណីនេះបណ្តាលមកពីការមិនត្រូវធាតុចំពោះសារធាតុណាមួយ។ ប្រសិនបើលោករាកតែពេលផឹកទឹកដោះគោមួយប្រភេទនេះទេ នោះប្រហែលជាលោកមានប្រតិកម្មជាមួយធាតុផ្សំណាមួយរបស់ផលិតផលមួយនេះហើយ។ ដូចនេះ លោកគ្រាន់តែចៀសវាងមិនផឹកទឹកដោះគោប្រភេទនេះទៅបានហើយ។  ប៉ុន្តែប្រសិនបើ លោករាករាល់ពេលផឹកទឹកដោះគោគ្រប់ប្រភេទ នោះបញ្ជាក់ថាលោកមានប្រតិកម្មជាមួយឡាក់តូសហើយ។ ដូចនេះ លោកត្រូវចៀសវាងពីការផឹកទឹកដោះគោ។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត សាន់ ចាន់ណា គ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សំណួរ ៖ ខ្ញុំបាទ អាយុ៦០ឆ្នាំ ទម្ងន់៧០គីឡូក្រាមកម្ពស់១ម៉ែត្រ៦៧ ជាអតីតបុគ្គលិកបម្រើរាជការ សព្វថ្ងៃចូលនិវត្តន៍ហើយ។ ខ្ញុំមានឡើងនូវដុំសាច់តូចមួយរឹងនៅលើមុខ ទំហំប្រហែលមុនធំៗ មិនមានមុខ មិនរមាស់ ហើយក៏មិនឈឺដែរ។ ខ្ញុំបានសាកល្បងញេចដោយខ្លួនឯង តែញេចមិនចេញហើយវាបែរជារីកកាន់តែធំ។ ខ្ញុំមានដុះដុំសាច់នេះរយៈពេលជាង៣ខែមកហើយ។ ពេលនេះ ក៏កំពុងប្រើប្រាស់ថ្នាំលាបជាទឹក ដែលផ្តល់ឲ្យគ្រូពេទ្យដែលវិនិច្ឆ័យថាជាជំងឺឫស ក៏ប៉ុន្តែប្រើជាង២អាទិត្យទៅហើយ ពុំឃើញមានការប្រែប្រួលសោះ។ តើនេះបណ្តាលមកពីអ្វី? តើខ្ញុំគួរធ្វើយ៉ាងណាបន្តទៀត?   ចម្លើយ៖ តាមរយៈការរៀបរាប់របស់លោក វាពិតជាមានការពិបាកក្នុងការធ្វើរោគវិនិច្ឆ័យណាស់។ ចង់សួរទៅវិញថា តើដុំនោះមានពណ៌អ្វី? បើសិនជាមានពណ៌លឿង ហើយខូងកណ្តាលនោះ លោកប្រហែលជាអាច មានក្រពេញញើសរីកធំ(Sebaceous hyperplaria) ។  បើដុំនោះមានពណ៌ប្រផះ និងមានផ្ទៃគ្រើម នោះអាចនាំឲ្យយើងធ្វើរោគវិនិច្ឆ័យថា ជាជំងឺឫស ឬអាចជា (Seborrheic keratosis) ។  តែបើដុំនោះមានពណ៌ខ្មៅ សូមលោកអញ្ជើញទៅពិនិត្យនៅមន្ទីរពេទ្យឯកទេស ដើម្បីឲ្យប្រាកដថា ដុំនោះមិនមែនជាមហារីកស្បែក។ បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច ឯកទេសជំងឺសើស្បែក និងជាប្រធានផ្នែកជំងឺសើស្បែកប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ © 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក
Top