Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ថ្ងៃនេះមានរឿងពិបាកចិត្តមួយ​ និងសប្បាយចិត្តមួយ តើគួរប្រាប់រឿងមួយណាមុនណ៎?   ម្សិលមិញ បងខ្ញំុបើកឡាន Mazda ដែលគាត់ទើបតែទិញកាលពីអាទិត្យមុន​ជូនបងប្អូនទៅលេងចំការបិុខ្ញំុនៅតាកែវ។​ ខ្ញំុគេងស្តាប់ចម្រៀង​ក្នុងឡាន ចុចទូរស័ព្ទចាំមើលគេ Reply Comment យូរនេាះយូរ​ ម្នាក់ហ្នឹងមិនខ្ចី Reply សេាះហ្មង!​ ចុចចុះចុចឡើង ក៏គេងលក់បាត់ទៅ.... កំពុងតែគេងលក់សុខៗ ស្រាប់តែឡានខ្ញំុឈប់ឡើងកញ្ឆក់ ហើយម៉េចបានចឹង??? អូ៎! ឡានខ្ញំុប៉ះឡាន Audi ពណ៌សមួយ​ ឡើងវៀចកាង ពេលខ្ញំុមើលពីក្នុងឡាន។ បងខ្ញំុ​ ស្រែកថា យី អានេះទើបតែរៀនបើកឡានទេអី បើកចេញពីហាងបាយមក អត់ចេះមើលផ្លូវហ្មង! បងខ្ញំុ ប្រញ៉ាប់ចុះទៅមើលឡាន ហើយឡានមួយទៀតក៏ចុះមកដែរ ឃើញស្រីស្អាត ២នាក់ចេញពីឡាន ហើយតៃកុងឡានប្រុសម្នាក់។ អ្នកក្នុងឡានខ្ញំុរៀបនឹងចេញពីឡានទាំងអស់ ប៉ាប្រាប់ថាទុកឲ្យប៉ាចុះជាមួយបងប្រុសបានហើយ! ខ្ញំុអង្គុយអើតមើលពីក្នុងឡាន មើលឡើងស្លុត ហើយ crush ខ្ញំុបើកឡានម៉េចចឹង? ចប់ហើយៗ​ ... ហើយខ្វះពេលជួបមែន ជួបប៉ាខ្ញំុម្តង ប៉ះឡានគ្នានៀក៎! ចឹងៗអី ចូលដណ្តឹងខ្ញំុ ក៏ប៉ាខ្ញំុមិនឲ្យដែរ! អូ... គិតដល់ណាណីហើយតី ចេះតែមានហ្មង! យីស​... ហើយអាបិុហ្នឹង នាំស្រីស្អាតឡើង២នាក់ទៅកំពតនៀក៎ ស្ទាវដែរហ្នឹងហ្អា៎​ ចឹងៗអីទុកចិត្តបានអត់ទេ!  អង្គុយក្នុងឡានភ័យផងអរផង ដឹងម៉េចម៉ាលទេ ឡានហ្នឹងបងខ្ញំុស្រឡាញ់ខ្លាំងផង!    ប្រហែលជា ១០នាទី បងខ្ញំុ និងប៉ាដើរចូលក្នុងឡានវិញ ខ្ញំុមិនហ៊ានសួរពួកគាត់ទៀតហ្នឹងហ្អា! "ហ៊ា ដេាះស្រាយម៉េចហើយ?" បងទី២ខ្ញំុសួរបងធំ។ "អត់អីទេ អាមួយហ្នឹងគ្រាន់បើ​ ចេះគួរសម ចេះសំុទោស ឥឡូវគេឲ្យយកអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរគេ លេខទូរស័ព្ទ និងគេកក់ ៥០ដុល្លាសិន ចាំធ្វើហើយអស់ម៉ានចាំទាក់ទងគេទៀត"។ "អឺ ក្មួយហ្នឹងចេះគួរសមគ្រាន់បើ មិនអីទេ" ប៉ាខ្ញំុបន្ថែម។ អីយ៉ា ... Crush ខ្ញំុគ្រាន់បើតាស៎នៀក៎ ប៉ាសរសើរទៀត ឡើងគ្រេាះជាលាភនៀក៎! អេ៎... ធ្វើម៉េចយកលេខអាបិុហ្នឹងពីបងធំខ្ញំុបានណ៎? ហេហេហេ ... តែនៅតែមិនអស់ចិត្តរឿង ដឹកស្រីស្អាត២នាក់ហ្នឹងហ្មង យឺស....   ចូលទៅលេងចំការល្ងាចនេះសប្បាយណាស់ ខានទៅលេងបិុយូរហើយ ឥឡូវសម្បូរអីញំុាដល់ហើយ បានផ្លែផ្កាហើយតាស៎ ចា​ំបានថាកាលពីក្មេងៗឧស្សាហ៍បានមកលេងចំការណាស់ តែដល់ឥឡូវម្នាក់ៗរវល់អស់ទៅ ប៉ុន្មានឆ្នាំហើយល្មមបានមកលេងម្តង! ហឺយ ... ពេលខ្លះសុភមង្គល ទាល់តែមានផែនការខ្លះបានៗ បើមិនចឹងទេ រវល់ភ្លេចបាយទឹកអស់ហើយ! នៅចំការ សេវា Internet ដើរយឺតណាស់ ចឹងក៏ខ្ជឹលឆែកតែម្តង ម៉្យាងជំុគ្រួសារសប្បាយក៏ភ្លេច Facebook អីហ្នឹងហ្មង...    តាមផ្លូវមកភ្នំពេញវិញ ទូរស័ព្ទអស់ថ្មល្មម ហើយក៏ហត់ខ្លាំងដែរ ចឹងក៏គេងទៅ...    ល្មមដល់ភ្នំពេញ ប្រហែលម៉ោង ៩យប់ហើយ ដាច់ភ្លើងឲ្យឈឺង ទូរស័ព្ទក៏អស់ថ្ម គ្មានជម្រើសទេថ្ងៃនេះ គេងយកកម្លាំងល្អជាង Good Night, Crush.    

ចែករំលែក

រសាប់រសល់ណាស់ពេញមួយថ្ងៃ គិតៗទៅអារម្មណ៍លួចស្រឡាញ់គេម៉េចក៏ដល់ម្លឹងណ៎​ ឡើងម្សិលមិញពេលញំុាបាយល្ងាចប៉ាសួរថា លេងបៀរចាញ់មែន? មិនដឹងប្រាប់គាត់ថាម៉េចទេ តីអើយ មិនចេះលាក់អារម្មណ៍សេាះហ្មង!   មិនអស់ចិត្តសេាះហ្មង ម្នាក់ហ្នឹងអីក៏ម៉េះៗ​ គ្រាន់តែ Delete Request លេង Block ខ្ញំុចោលហ្មង មិនសមសេាះ មែនអត់? តែអ្នកណាប្រើឲ្យតីឯង Delete Request គេចោលធ្វើអី ឲ្យវាសមមុខទៅ តីអើយ! ហិហិ .. តែឥឡូវអ្វីដែលសំខាន់គឺ ត្រូវធ្វើយ៉ាងម៉េចទៀត បើលួចមើល Profile គេក៏លែងបាន Chat ក៏មិនបាន ចប់ហើយខ្ញំុ Crush អើយ Crush ហេតុអីដាច់ចិត្តយ៉ាងនេះ? យល់ពីអារម្មណ៍ តីខ្លះបានអត់?   វីវរហើយ​….  Block Facebook ខ្ញំុហើយមិនគ្រប់ សូម្បីយល់សប្តិក៏លែងមកអើតដែរ គេខឹងខ្ញំុមែនទែនហើយ ។ ចប់ហើយៗ​ ទៅយល់សប្តិឃើញស្អីមិនដឹងទេ​​ ចាំបានថារត់រហូត មិនដឹងមានអ្វីដេញតាមទេ ក្រោកឡើង អស់កម្លាំងពីខ្លួនហ្មង?​ មុខឡើងក្តៅ!​ ចង់ឈឺម៉េចមិនដឹងទេនៀក៎! តែចង់ដឹងណាស់ថា យល់សប្តិហ្នឹងមានន័យថាម៉េចណ៎? មានអ្នកណាដឹងអត់? មិនហ៊ានសួរចាស់ៗទៀតហ្នឹងណា៎! អូ៎… ទូរស័ព្ទអស់ថ្មអាលីងហើយ ភ្លេចសាកថ្មយប់មិញ​​ បើក 3G ចោលហើយដេកដាក់ក្បាលលើទូរស័ព្ទទៀត ចឹងបានមានអារម្មណ៍ក្តៅៗ ហើយមិនយល់សប្តិឃើញគេសេាះ! សង្ស័យមកពី អាទូរស័ព្ទហ្នឹងហ្មង!   សាកថ្មមួយសន្ទុះ… ទៅអើតមើល Account គេម្តងទៀត ព្រេាះមិត្តភក្តិប្រាប់ថាប្រហែលជាគេ Deactivate Account ទេដឹង មិនដល់ថ្នាក់ Blockទេ គេមិនទំនេរទៅ Block តីឯងទេ។ អីយ៉ា… នៅមានសង្ឃឹមតាសនៀក៎ ថ្ងៃនេះចូលមើល Account គេបានហើយ ឆ្នាំនេះមិនស៊យទេ ហេហេ… Account គេថ្ងៃនេះ ចម្លែកណាស់ ចេះ Drama ទៀត!​ Share បទ ទេវតា របស់ P-Sand ហើយដាក់ថា ផ្កាយអើយផ្កាយជួយនាំខ្ញំុទៅផង on the way to Kampot។ តិចគេនិយាយពីតីទៅ? មិនអាចទេ … ឃើញ Post ហ្នឹងមានស្រីស្អាតមក Comment ច្រើនណាស់ … សុំទៅដែរ… បងជាទេវតាណា៎ … ហើយគាត់ Reply ឡើង sweet sweet … តីឯងស្រម៉ៃពេកហើយ គេកំពុងលួចស្រឡាញ់អ្នកផ្សេងដែលមិនមែនជាតីឯងហើយ នៅអរទៀតហ្ហា៎! អូ… មាន Message មួយ … “Happy Chinese New Year” ពួកម៉ាកខ្ញំុទេ ស្មានតែគេ Reply… អឺស! គេ seen ហើយអត់ Reply មួយម៉ាត់! គួរសប្បាយចិត្តដែលគេបានមើល ឬពិបាកចិត្តដែលគេមិន Reply ណ៎? គិតទៅមនុស្សយើងលោភមែនណ៎ ម្សិលមិញ​ បុណ្យឲ្យតែគេបាន​ឃើញសេាះ​ ឥឡូវគេ seen ហើយ មកពិបាកចិត្តទៀត! ណ្ហើយ… យ៉ាងណាក៏នៅមានសង្ឃឹមដែរ គ្រាន់បើជាងម្សិលមិញ មើលអីគេមិនឃើញដែរ។ តែឥឡូវសំខាន់ត្រូវធ្វើម៉េចទៀតណ៎? អង្គុយមួយសន្ទុះ… Comment លើ post គេមួយចុះ​ ចាំគិតទៀត! Happy New Year, Have a safe trip … “តីហ្អាតី! ប៉ាហៅទៅលេងចំការអាបិុ” បងខ្ញុំហៅខ្ញំុហ្នឹងណា៎! យូរៗបានដើរលេងជុំគ្នា ខ្ញុំទៅសិនហើយណា៎… សំខាន់​ គាត់ហ្នឹង ស្រីស្អាត Comment ឆ្លើយឡើងលឿន ខ្ញុំ Comment ឡើងជិត ១០នាទីហើយ មិនទាន់ Reply ទៀត… យឺស

ចែករំលែក

ធ្លាប់ធ្វើដំណើរតាមរថភ្លើងហើយឬនៅ?  ហើយចង់សាកល្បងទេ?  វាប្រហែលមិនមែនជារឿងថ្មីស្រឡាងនោះទេសម្រាប់មិត្តៗអ្នកអានមួយចំនួន ប៉ុន្តែវាអាចនឹងរឿងថ្មីសម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរតាមរថភ្លើង។   នៅពេលដែលមានគម្រោងធ្វើដំណើរកម្សាន្តម្តងៗ  គឺមានរឿងជាច្រើនដែលត្រូវរៀបចំ ប៉ុន្តែអ្វីដែលសំខាន់ គឺមធ្យោបាយធ្វើដំណើរ។     យើងប្រាកដជាគិតថាតើគួរទៅកាន់ទីកន្លែងនោះដោយរបៀបណា? ប្រើយានជំនិះផ្ទាល់ខ្លួន ឬក៏ជួលរថយន្ត?  បើមានយានជំនិះផ្ទាល់ខ្លួន តើអ្នកណាជាអ្នកបើក? និងចំណុចដទៃទៀត... ហេតុអ្វីមិនសាកធ្វើដំណើរតាមរថភ្លើងរបស់ក្រុមហ៊ុន  រ៉ូយាល់រ៉េលវ៉េ  (Royal Railway) ជាក្រុមហ៊ុនស្ថានីយរថភ្លើងដែលទើបនឹងដាក់ឲ្យដំណើរការ   មានទីតាំងគោលដៅតែមួយខ្សែប៉ុណ្ណោះ គឺចេញពីភ្នំពេញទៅកាន់៣ទីតាំងរួមមាន ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ? ហេតុអ្វីគួរធ្វើដំណើរតាមរថភ្លើង? អ្វីដែលសំខាន់ គឺអារម្មណ៍ប្លែកម្យ៉ាងតាមរយៈការមើលឃើញទេសភាពស្អាតៗទាក់ភ្នែក   និងរំសាយអារម្មណ៍ជាច្រើនតាមដងផ្លូវរថភ្លើង។ ម្យ៉ាងទៀត ជំនួសឲ្យការធ្វើដំណើរតាមផ្លូវជាតិ រថភ្លើងនឹងធ្វើចរយាត្រានៅលើផ្លូវដែក ដែលប្រាកដណាស់ គឺមានលក្ខណៈខុសគ្នាពីផ្លូវធម្មតា។ រឹតតែពិសេសទៀតនោះ គឺ ផាសុកភាពផ្លូវចិត្តដោយមិនចាំបាច់បារម្ភពីការកកស្ទះចរាចរណ៍ ឬហេតុការណ៍ណាមួយនោះឡើយ។    មិត្តអ្នកអាន និងមិត្តរួមដំណើរជាក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ ជាពិសេសអ្នកដែលធ្លាប់មានតួនាទីជាតៃកុង អាចយកពេលវេលាធ្វើអ្វីផ្សេង និងសម្រាកតាមដង ផ្លូវបានយ៉ាងរីករាយ ។  មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចយកយានជំនិះរបស់អ្នកទៅជាមួយ  ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពេលដែលដល់គោលដៅ  ក៏មិនចាំបាច់បារម្ភអំពីការគ្មានមធ្យោបាយធ្វើដំណើរនោះដែរ។ មានគ្រឿងបរិក្ខារអ្វីខ្លះដែរ? មិនចាំបាច់ខ្លាចថា ជិះចូលព្រៃហើយគ្មានសេវាអីុនធើណែតសម្រាប់ប្រើប្រាស់នោះឡើយ ព្រោះថានៅលើរថភ្លើងមានភ្ជាប់ប្រព័ន្ធWifi។    ជាមួយគ្នានេះដែរ ក៏មានប្រព័ន្ធអគ្គិសនីដែលអាចប្រើប្រាស់បានតាមតម្រូវការ។          លើសពីនេះទៅទៀត ភេសជ្ជៈក៏មានផងដែរនៅលើរថភ្លើងនោះតែម្តង    ដែលបង្កភាពងាយស្រួលដល់អ្នកដំណើរ។ រយៈពេល សេវាកម្ម និងតម្លៃ គិតយ៉ាងដូចម្តេចវិញ? ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវមានរយៈពេល១ម៉ោងកន្លះ តម្លៃ៤ដុល្លារ រីឯទៅកាន់ខេត្តកំពត  មានរយៈពេល ៤ម៉ោងកន្លះ តម្លៃ៦ដុល្លារ  និងទៅកាន់ខេត្តព្រះសីហនុមានរយៈពេល៧ម៉ោង តម្លៃ៧ដុល្លារ។  ចំពោះតម្លៃផ្ញើយានជំនិះវិញ គឺ១៤ដុល្លារសម្រាប់រថយន្ត ៥ដុល្លារសម្រាប់ម៉ូតូ និង ២ដុល្លារសម្រាប់កង់។ គួរបញ្ជាក់ផងដែរថា  ថ្ងៃដែលចេញដំណើរ  គឺមានតែថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅក្នុងគេហទំព័រ www.trrcambodia.com ឬ ទូរស័ព្ទលេខ 078 888 582 និងអាសយដ្ឋាននៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។

ចែករំលែក

អ្នកខ្លះមិនសូវចូលចិត្តរដូវរងាទេ ជាពិសេសសម្រាប់ស្រុកយើងដែលមិនសូវស៊ាំនឹងអាកាសធាតុត្រជាក់តែម្តង ហើយច្រើនរអ៊ូរទាំថា មិនងាយស្រួលក្នុងការចេញទៅក្រៅ និងសំខាន់ស្បែកមើលទៅមានសភាពស្ងួត និយាយទៅបាក់សម្រស់តែម្តង។  ប៉ុន្តែការពិតវាមិនដូច្នេះទេ ប្រសិនបើអ្នកចេះទាញយកផលប្រយោជន៍ពីវា  ហើយខាងក្រោមនេះគឺជាចំណុចខ្លះៗដែលនឹងធ្វើឲ្យអ្នកចូលចិត្តអាកាសធាតុនារដូវរងានេះ៖ 1. គេងលក់ស្រួល អាកាសធាតុក្តៅស្អុះស្អាប់អាចជាការរំខានដល់ដំណេករបស់អ្នក ធ្វើឲ្យលោកអ្នកគេងមិនលក់   មានអារម្មណ៍ថាអស់កម្លាំងនៅពេលព្រឹកទោះជាអ្នកប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ដែលធ្វើឲ្យស្បែកបែរជាស្ងួតទៅវិញ។ ចំពោះ អាកាសធាតុត្រជាក់វិញធ្វើឲ្យបន្ទប់ត្រជាក់ល្មម   ពិសេសនៅប្រទេសយើងផ្ទាល់តែម្តង ដែលអាចឲ្យគេងលក់ស្រួល   និងគេងបានគ្រប់គ្រាន់ធ្វើឲ្យមានភាពស្វាហាប់ និងសម្រស់ស្រស់ស្អាត។ គន្លឹះ៖ •កុំភ្លេចពាក់អាវកក់ក្តៅ ដណ្តប់ភួយឲ្យបានគ្រប់គ្រាន់ និងចៀសវាងគេងផ្ទាល់នឹងឥដ្ឋ •ញ៉ាំទឹកល្មម   និងចូលបន្ទប់ទឹកឲ្យហើយមុនចូលគេង។ 2. ជាពេលវេលាល្អសម្រាប់រត់ហាត់ប្រាណ ជាការពិត ការរត់នៅក្រោមអាកាសធាតុក្តៅ ហប់ប្រៀបដូចជាបន្ទុកមួយទៅលើរូបរាងកាយធ្វើឲ្យអ្នករត់ពិបាកទ្រាំ ឆាប់ហត់ ប៉ុន្តែបើរត់នៅក្រោមអាកាសធាតុត្រជាក់ធ្វើឲ្យអ្នករត់មានអារម្មណ៍ល្អ មិនឆាប់អស់កម្លាំង ពិសេស គឺអាចដុតកាឡូរីបានកាន់តែលឿនជាងរដូវក្តៅ។ ដូចនេះ អ្នកក៍អាចទទួលបានរូបរាងដ៏ស្រស់ស្អាត និងរឹងមាំផងដែរ។ គន្លឹះ៖ •សម្លៀកបំពាក់កីឡាជិតៗ ជាមួយស្បែកជើង  និងស្រោមជើងវែង •ពាក់មួកការពារសន្សើម  បើត្រូវរត់នៅខាងក្រៅផ្ទះ។ 3. ថ្ពាល់ក្រហមព្រឿងៗ មិនចាំបាច់ចំណាយពេលផាត់មុខដើម្បីទទួលផ្ទៃមុខក្រហមនោះទេ ព្រោះសីតុណ្ហភាពត្រជាក់ សរសៃឈាមដែលនៅក្រោមស្បែកមានសន្ទុះ ធ្វើឲ្យផ្ទៃមុខមានសភាពក្រហមតិចៗ មើលទៅស្អាតប្លែកបែបធម្មជាតិ និងកាន់តែមានភាពទាក់ទាញ។ គន្លឹះ៖ •លាបឡេផ្តល់សំណើមដល់ស្បែកឲ្យគ្រប់គ្រាន់ និងកុំភ្លេចក្រមួនលាបបបូរមាត់ •អាចទះតិចៗលើផ្ទៃមុខដើម្បីភ្ងោចដល់កោសិកាស្បែកឲ្យមានភាពរស់និងហាប់ណែនផងដែរ។ 4. ផ្ទៃមុខមានភាពស្រស់ស្អាត រាល់ពេលរដូវរងាចូលមកដល់ ដូចជាមិនសូវចង់ងូតទឹកព្រោះងូតទៅចង់ញាក់ តែចង់ប្រាប់ថាទឹកត្រជាក់អាចជួយឲ្យប្រហោងរន្ធរោមរួមតូច មើលទៅម៉ដ្ឋស្អាត។ ម្យ៉ាង វាក៏អាចពន្យារ ព្រមទាំងការពារការកកស្ទះនៃសារធាតុខ្លាញ់នៅលើផ្ទៃមុខក៏ដូចជាកាត់បន្ថយធូលីដីមិនឲ្យចូលរន្ធរោម ជាហេតុធ្វើឲ្យមិនកើតមុន និងមើលទៅមិនឃើញមានខ្លាញ់រងើមផងដែរ។ មិនថាតែផ្ទៃមុខទេ មុននៅខ្នងក៏អាចជួយកាត់បន្ថយបានដូចគ្នា។ គន្លឹះ៖ បើពិបាកទ្រាំនឹងទឹកត្រជាក់អាចងូតទឹកក្តៅសិន ដើម្បីជម្រះសារធាតុកខ្វក់ សឹមបន្តដោយទឹកត្រជាក់វិញ។ 5. សម្រស់កាន់តែក្មេងជាងវ័យ អាកាសធាតុត្រជាក់ជួយពង្រឹងនូវចលនាឈាមរត់ទាំងនៅលើមុខ និងខ្លួនប្រាណ អំណោយផលដល់ការកាត់បន្ថយរលាក ឬហើមនៅលើផ្ទៃមុខ និងភ្នែក មិនតែប៉ុណ្ណោះក៏អាចជួយពន្យារភាពជ្រីវជ្រួញបានដែរ តួយ៉ាងនៅកន្លែងថែរក្សាសម្ផស្សមួយចំនួនតែងប្រើវិធីសាស្រ្តទឹកត្រជាក់សម្រាប់ពង្រឹងស្បែកឲ្យតឹង ភ្លឺរលោងដូចកូនក្មេង។ គន្លឹះ៖ សំខាន់ត្រូវផ្តល់សំណើមដល់ស្បែក និងសាធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់។ 6. ស្រួលតុបតែងមុខ មិនមានការរំខានពីញើស និងខ្លាញ់លើផ្ទៃមុខ រួមផ្សំនឹងស្បែកម៉ដ្ឋរលោងផង ការតុបតែងមុខរបស់អ្នកនឹងកាន់តែងាយស្រួល និង perfect ថែមទាំងអាចជាប់បានយូរ  និងមិនប្រតាកដោយសារញើសទៀតផង។ គន្លឹះ៖  •ត្រូវលាបក្រែមផ្តល់សំណើមមុននឹងមេកអាប់ជានិច្ច    ហើយម៉ាស្សាស្បែកបន្តិចមុនផាត់មុខដើម្បីភ្ងោចចរន្តឈាម ​   ចៀសវាងផាត់មុខទាំងស្បែកកំពុងគ្មានភាពរស់ដោយភាពត្រជាក់។ •អាចបន្តក់ប្រេងចិញ្ចឹមស្បែកក្នុងក្រែម   ឬម្សៅទ្រនាប់របស់អ្នកបន្តិច ដើម្បីឲ្យមើលទៅរលោងស្អាត។ ដូចនេះ ត្រូវចាំថាអ្នកក៏ត្រូវចេះវិធីថែរក្សាសម្រស់នៅរដូវរងា ដើម្បីធានាថាអ្នកមិនរងឥទ្ធិពលមិនល្អពីអាកាសធាតុនេះ    តែជាគុណប្រយោជន៍ល្អៗរបស់វា។     ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

.... ពេលវេលាពិតជាលឿនណាស់​!   មិនទាន់បានអីផងចូលឆ្នាំចិនទៀតហើយ​ ចង់ដឹងថាឥឡូវនេះ គេកំពុងធ្វើអ្វី? គេដឹងថា ខ្ញំុចាប់អារម្មណ៍គេឬអត់ណ៎? លួចស្រឡាញ់គេយូរហើយ នៅឡើយមិនហ៊ានសារភាពប្រាប់គេ ព្រេាះដឹងក្នុងចិត្តច្បាស់ថា​គេគ្មានអារម្មណ៍លើខ្ញំុទេ។ មនុស្សស្រីដ៏សាមញ្ញដូចខ្ញំុ​​ ម៉េចនឹងអាចស្ថិតក្នុងក្រសែភ្នែករបស់មនុស្សប្រុសដែល សង្ហារ កើតក្នុងត្រកូលខ្ពង់ខ្ពស់ ថែមទាំងជានិស្សិតឆ្នើមនៅសាលាទៀតនេាះ។ ហឺយយយយ.... ដូចអត្ថន័យបស់ចម្រៀងគេមែន នឹកបងបានត្រឹមក្តីស្រម៉ៃ តែពេលខ្លះគ្រាន់តែស្រម៉ៃក៏សប្បាយចិត្តបាត់ទៅហើយ ទេាះដឹងថាគ្មានឱកាសក៏នៅតែលួចស្រឡាញ់គេ​ យល់អារម្មណ៍បែបហ្នឹងអត់?​ ម្នាក់ហ្នឹងមិនដឹងជាទៅដាក់អាគមន៍ពីណាទេ​ ម៉េចក៏ខ្ញំុស្រឡាញ់គេផ្កាប់មុខបែបនេះណ៎! យប់ម្សិលមិញ ខឹងគេណាស់ ល្មមដាច់ចិត្តហ៊ាន Chat "Hi" ទៅគេហើយ បែរជា​មើលក៏មិនចង់មើល!​ ធ្វើម៉េចយើងមិនដល់គេ បើនៅក្បែរដៃអី វាយឲ្យណាណីម្តង​ ឌឺហ៎ា! មិនអស់ចិត្តសេាះ​ ខំគេងចាំមើល Reply គេរហូតជិតម៉ោង ៤ភ្លឺហើយ នៅតែមិនឆ្លើយ ម្នាក់ហ្នឹងអីក៏កំណាញ់ម៉េះណ៎ គ្រាន់តែ Reply ប៉ុន្មានម៉ាត់ក៏អស់ចិត្តដែរ! នែ៎ ខ្ញំុខំតាំងចិត្តប៉ុន្មានឆ្នាំហើយ ល្មមព្រម Chat ទៅ! រកឃើញ Account Facebook គេយូរហើយ តែមិនហ៊ាន Add ទៅគេទេ តែមិនដែលរំលងរូបគេមួយណា៎ឡើយ ហើយក៏លួចប្រច័ណ្ឌពេលគេថតជាមួយស្រីៗ។ យី គាត់ហ្នឹងថតស្និតម៉េះ ចង់ភ្លេចថាគេមិនស្គាល់ខ្ញំុផង ទៅប្រច័ណ្ឌគេអី តីអើយតី កាលបានស្វាង គេមិនចាប់អារម្មណ៍នឹងយើងទេ។ ចាំយូរពេកក៏ដេកលក់ទៅ ....   អូយ ... យល់សប្តិក៏ឃើញគេដែរ មិនដឹងជាស្អីទេ ពិតៗមិនមកទេ បែរជាមកក្នុងយល់សប្តិទៅវិញ សំុាណាស់! បើជាការពិតមិនដឹងជាល្អយ៉ាងណាទេ! យល់សប្តិថា គេជិះកង់ដឹកតីក្នុងសាលា​ មិត្តភក្តិណាក៏ច្រណែននឹងតីដែរ​ ចាំបានតែប៉ុនហ្នឹងទេ គ្រាន់តែចាំថា​ នៅក្បែរគេមានអារម្មណ៍កក់ក្តៅណាស់។ អារម្មណ៍បែបនេះ មិនដឹងពេលណាក្លាយជាការពិតទេណ៎!    នាឡិការោទ៍ ដល់ម៉ោងក្រោកបាត់ ហើយត្រូវសែនទៀតថ្ងៃហ្នឹង! រឿងមុនគេដែលធ្វើព្រឹកមិញគឺ មើលទូរស័ព្ទដៃ។ ហឺយយយយ ... ម៉េចក៏មិន Reply ទៀត!!!! ឈប់ស្រឡាញ់ហើយ!!!! បានតែមាត់ទេ ធ្លាប់គិតចង់ឈប់ប៉ុន្មានដងហើយ តែមាត់ក្បត់ចិត្ត លួចស្រឡាញ់គេយូរហើយ ម៉េចនឹងឈប់បានងាយៗយ៉ាងហ្នឹង! Scroll ចុះ Scroll ឡើង​ ហើយថ្ងៃហ្នឹង ថ្ងៃសែនហើយអត់មាន ណាគេ Post រូបចឹងណ៎ ឃើញតែរូបកាលពីម្សិលមិញ! អឺស.... សំុាហ្មង! ទូរស័ព្ទខ្ញំុអស់លុយតាំងពីកាល​!!!​ អីយ៉ា​អញ្ចឹងមានសង្ឃឹមហើយ គេប្រហែលជា Reply ខ្ញំុហើយ ទៅទិញកាតបញ្ចូលលុយមួយសិន.... បញ្ចូលហើយ មាន Internet វិញហើយ ... យេ៎ៗៗ ... នៅតែអត់ Reply ទៀត! អារម្មណ៍ Seen មិន Reply មធ្យមទេ សំខាន់អត់សូម្បីតែ Seen។ អេ៎ ឈប់សិន ថ្ងៃនេះមាន Friend Request មួយ! អារម្មណ៍ហេាះហើរដល់ណា៎ហើយខ្ញំុ ម៉េចនឹងអាចជាគេ​ ម៉េចបានជាគេផ្ញើរ Friend Request គិតម៉េចទេខ្ញំុ! រៀបហ្នឹងចុច Confirm ហើយ​ ក្មួយខ្ញំុចូលមក ទាញទូរស័ព្ទ​ ក៏ប៉ះប៊ូតុង Delete Request! យំមិនចង់ចេញទេលោកអើយ ... អត់ Reply តែផ្ញើរ Friend Request មកខ្ញំុ តិចគេចាប់អារម្មណ៍នឹងខ្ញំុទៅ! មិនអាចទៅរួចទេ! តែឥឡូវត្រូវធ្វើម៉េចទេ​​ នៅមិននៅទៅ Delete Request នៀក៎! (Sorry, ....) មិនដឹងគួរសរសេរថាម៉េចទេ តីអើយតី! មិនទាន់បានផ្ញើរទៅគេឲ្យអស់សាច់រឿងផង Facebook លោតថាគេមិនអាចទទួលសារពីខ្ញំុទេ ម៉េចអញ្ចឹង! ហឺយ... ទៅមើល Profile គេ ក៏មិនអាចមើលបានដូចមុន មិនឃើញព័ត៌មានអីសោះ... ចប់ហើយខ្ញំុ ផ្តើមឆ្នាំថ្មី អីក៏ស៊យម្ល៉េះណ៎... គួរធ្វើយ៉ាងណាបន្តទៀត? តិចគេ Block ខ្ញំុបាត់ទៅ ....

ចែករំលែក

ប្រហែលជាមានទង្វើជាច្រើន ដែលអ្នកម្តាយរបស់អ្នកបានធ្វើរៀងរាល់ថ្ងៃ តែអ្នកកំពុងតែធុញទ្រាន់នឹងគាត់… ប៉ុន្តែតើអ្នកធ្លាប់គិតដែរឬទេថា? ក្នុងអំឡុងពេលដូចគ្នានេះ មានមនុស្សមួយចំនួនរាប់បញ្ចូលទាំងខ្ញុំដែរ កំពុងតែច្រណែននឹងអ្នក... ច្រណែនដែលអ្នកអាចនៅក្បែរអ្នកម្តាយជាទីស្រលាញ់ ច្រណែនដែលអ្នកអាចមានឱកាសឈ្លោះប្រកែកជាមួយម៉ាក់ ច្រណែនដែលអ្នកមានស្រ្តីម្នាក់ដែលនឹងឈឺឆ្អាលនឹងសុខទុក្ខរបស់អ្នកគ្រប់វិនាទី គ្រប់ដង្ហើម… អារម្មណ៍ដែលនឹកមនុស្សម្នាក់ពិបាក ប៉ុន្តែអ្វីដែលរឹតតែពិបាកនោះ គឺអារម្មណ៍ដែលនឹកមនុស្សម្នាក់ដែលមិនអាចនឹងជួបបាន រាល់លើក អ្វីដែលខ្ញុំអាចធ្វើបាន គឺសម្លឹងមើលរូបថត ហើយអោបយំតែម្នាក់ឯង រាល់លើក បើចង់និយាយអ្វី ក៏បានត្រឹមតែនិយាយម្នាក់ឯង ដោយសារតែមានវិប្បដិសារីដ៏ធំធេងមួយនេះ ទើបខ្ញុំព្យាយាមរ៉ាយរ៉ាប់រឿងរ៉ាវមួយនេះ ដោយសារតែមិនចង់ឲ្យជួបប្រទះនឹងវិប្បដិសារីបែបនេះ ទើបខ្ញុំចង់ដាស់តឿនដល់អ្នកទាំងអស់គ្នា «ធ្វើបុណ្យទាន់ខែភ្លឺ» !!! អ្នកមិនអាចមើលឃើញពីអនាគតនោះឡើយ…

ចែករំលែក

រវល់ខ្លាំងណាស់មែនទេ? មមាញឹកនឹងការងារប្រចាំថ្ងៃខ្លាំងណាស់មែនដែរទេ? ប្រាកដណាស់ ភាពមមាញឹកនឹងការងារបានក្លាយជាមូលហេតុ ឬសឹងតែជាលេសរបស់មនុស្សជំនាន់ថ្មីមួយចំនួន ដែលធ្វើឲ្យគេខកខានមិនបានធ្វើចលនាលំហាត់ប្រាណផ្សេងៗ។ ការធ្វើចលនារបស់ដងខ្លួនទោះបីជាមួយរយៈពេលខ្លី ឬវែង គួរនណាស់តែជាទម្លាប់ប្រចាំថ្ងៃមួយដ៏សំខាន់សម្រាប់សុខភាពរបស់បុគ្គលគ្រប់រូប ព្រោះថានាពេលបច្ចុប្បន្ននេះ អាទិភាពដំបូងគេនៃជីវិតរបស់យើងគ្រប់គ្នា គឺជាសុខភាពទាំងផ្លូវកាយ និងចិត្ត។ យ៉ាងណាមិញ សម្រាប់អ្នកដែលរវល់ខ្លាំងដល់ថ្នាក់ដកខ្លួនពីការងារដើម្បីទៅលេងកីឡា ឬធ្វើលំហាត់ប្រាណផ្សេងៗទៀតនោះ សូមកុំបារម្ភអីណា៎…អត្ថបទមួយនេះនឹងណែនាំអ្នកអំពីសកម្មភាពមួយចំនួនដែលលោកអ្នកអាចធ្វើបាន ជំនួសឲ្យការលេងកីឡា ឬលំហាត់ប្រាណ៖ ធ្វើការងារច្រើនក្នុងពេលតែមួយ អ្នកប្រហែលជាធ្លាប់ឃើញបានដឹងលឺ ក៏ដូចជាស្គាល់នូវអត្ថន័យនៃឃ្លានេះហើយ គឺបានន័យថា ក្នុងពេលដំណាលគ្នា បុគ្គលម្នាក់ធ្វើសកម្មភាពច្រើនជាងមួយ។ ជាក់ស្តែង នៅកន្លែងធ្វើការងាររបស់អ្នក អ្នកក៏អាចដើរបណ្តើរ និយាយទូរស័ព្ទបណ្តើរ ឬ ចុចកុំព្យូទ័រវាយឯកសារបណ្តើរ នឹកគិតពីគម្រោងនាពេលអនាគតបណ្តើរផងដែរ។ ការដើរជាសកម្មភាពគោលចម្បងមួយដែលត្រូវបានណែនាំដោយអ្នកជំនាញ ហើយលោកអ្នកក៏អាចគួបផ្សំវាជាមួយនឹងសកម្មភាពណាមួយទៀត។ ធ្វើកិច្ចការងារផ្ទះ ការងារផ្ទះដែលអ្នកធ្វើជាប្រចាំដូចជា ការបោកសម្លៀកបំពាក់ ការថែទាំសួនច្បារ ការលាងសម្អាតចាន ឬបោសសម្អាតផ្ទះជាដើម សុទ្ធតែរួមចំណែកធ្វើឲ្យខ្លួនប្រាណមានភាពនឿយហត់ និងបញ្ចេញជាតិពុលពីក្នុងខ្លួនប្រាណដូចគ្នានឹងលំហាត់ប្រាណមួយចំនួនផងដែរ។ ធ្វើដំណើរប្រចាំថ្ងៃ ចំណុចនេះអាចនឹងពិបាកបន្តិចសម្រាប់អ្នកដែលធ្វើដំណើរដោយរថយន្ត ឬម៉ូតូ ប៉ុន្តែលោកអ្នកក៏អាចឆ្លៀតបានតាមរយៈការដើរចុះឡើងនៅក្នុងការិយាល័យ ឬបន្ទប់ ធ្វើយ៉ាងណាឲ្យខ្លួនឯងសកម្ម និងមិននៅស្ងៀមតែមួយកន្លែង។ ពេលបញ្ចប់ការងាររួចរាល់ហើយ អ្នកក៏គួរឆ្លៀតពេល៥ទៅ១០នាទី ដើរត្រឹកៗនៅទីធ្លាផ្ទះផងដែរ។ ធ្វើការចតយានយន្តឲ្យឆ្ងាយបន្តិច បើមិនអាចឆ្លៀតដើរបានពេលផ្សេង លោកអ្នកអាចអនុ​វត្តវិធីមួយនេះបានប្រកបដោយ​ប្រសិទ្ធភាព​ដោយគ្រាន់តែដាក់ចតរថយន្ត ឬម៉ូតូឲ្យនៅឆ្ងាយបន្តិចពីផ្លូវចូលកន្លែងធ្វើការងារ  ឬពេលទៅផ្សារទំនើប ភោជនីយដ្ឋាន។ល។ ដោយគ្រាន់តែធ្វើបែបនេះ អ្នកក៏អាចចំណេញពេលប្រមាណនាទី ដុតកម្តៅជាតិពុលក្នុងខ្លួនប្រាណបាត់ទៅហើយ។ ហាត់ប្រាណបន្តិចបន្តួចក្នុងការិយាល័យ ការហាត់ប្រាណពិតជាផ្តល់នូវអត្ថប្រយោជន៍ដល់ទាំងសុខភាពរបស់អ្នកផ្ទាល់ និងផលិតភាពនៃការងាររបស់អ្នក។ ការពត់ពែនដងខ្លួននៅលើកៅអី (តាមចលនាមួយចំនួនដែលអ្នកអាចរកមើលបាននៅក្នុងការណែនាំដោយអ្នកជំនាញនៅក្នុងអ៊ីនធឺណែត) ក៏អាចនឹងគ្រប់គ្រាន់ និងប្រសើរជាងការដែលអង្គុយសំកុកគ្រប់នាទីសម្លឹងមើលតែអេក្រង់កុំព្យូទ័រដែរ។ ដើរទៅកាន់កន្លែងជិតៗ ការឆ្លៀតឱកាសដើរ ជាវិធីសាស្រ្តដ៏ល្អប្រសើរមួយសម្រាប់បុគ្គលដែលរវល់នឹងការងារ ព្រោះដូចដែលបានលើកឡើងខាងលើរួចមកហើយថា ការដែលធ្វើឲ្យខ្លួនឯងមានចលនា និងភាពសកម្មជាអ្វីដែលគ្រប់គ្នាគួរតែធ្វើ។ ប្រសិនបើមានកាលៈទេសៈណាដែលតម្រូវឲ្យអ្នកទៅកាន់កន្លែងខ្លះដែលមិនសូវស្ថិតក្នុងចម្ងាយឆ្ងាយខ្លាំង វានឹងជាការប្រសើរ បើអ្នកធ្វើដំណើរដោយថ្មើរជើង។ ប្រើប្រាស់ជណ្តើរជើង បុរសម្នាក់បានដុតរហូតដល់១៨០កាឡូរី តាមរយៈការប្រើជណ្តើរជើងរយៈពេល២០នាទី ជារៀងរាល់ថ្ងៃ។ ដូចគ្នាសម្រាប់អ្នកផងដែរ ប្រសិនបើមានជម្រើសនោះ អ្នកគួរតែរើសយកជណ្តើរជើង ជំនួសឲ្យជណ្តើរយន្ត។ សកម្មភាពមួយនេះក៏មានប្រយោជន៍ចំពោះសុខភាពបេះដូងរបស់អ្នកផងដែរ។ លំហាត់ប្រាណងាយៗ តាមការពិតទៅ មានចលនាលំហាត់ប្រាណតូចតាចខ្លះដែលអាចអនុវត្តដោយមិនប្រកាន់ទីកន្លែង ឬពេលវេលានោះឡើយ មានដូចជា ការលោតដោយលើកដៃទាំងពីរឡើងលើហើយទះដៃទាំងពីរ ការអោនចុះអាវ៉ង់ហើយងើបឈរឡើងដោយលើកដៃទំាងពីរ ជាដើម។ បន្ថែមពីលើសកម្មភាពដែលបានរៀបរាប់ខាងលើនេះហើយ អ្នកក៏ត្រូវតែប្រាកដដែរថាសារពាង្គកាយរបស់អ្នកបានទទួលថាមពលគ្រប់គ្រាន់តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ ក៏ដូចជាក្នុងបរិមាណមួយគ្រប់គ្រាន់ល្មម។ «ការពារប្រសើរជាងព្យាបាល» ទាន់ពេលដែលសុខភាពអ្នកមិនទាន់មានបញ្ហា អ្នកគួរតែចំណាយពេល និងថវិកាទៅលើការទ្រទ្រង់វា​ ជាជាងការព្យាបាលវាទៅថ្ងៃអនាគត។ 

ចែករំលែក

ញញឹមមិនត្រឹមតែធ្វើឲ្យរូបអ្នកមានភាពលេចធ្លោនោះទេ វាថែមទាំងជួយឲ្យសារពាង្គ កាយរបស់អ្នកដំណើរការបានល្អប្រសើរផងដែរ។ ការញញឹមមានគុណប្រយោជន៍លើសពីអ្វី ដែលគិតដល់ ហើយវានឹងធ្វើឲ្យជីវិតរបស់អ្នកមានតែភាពស្រស់ថ្លា។        ១/ អ្នកដែលញញឹមមានឥទ្ធិពលដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ ២/ រាល់ពេលដែលអ្នកមានអារម្មណ៍មិនល្អ ចូរព្យាយាមញញឹម ព្រោះវានឹងបង្កើតឱកាសមួយឲ្យអារម្មណ៍របស់អ្នកល្អប្រសើរជាងមុន។ ៣​/ ស្នាមញញឹមរបស់អ្នកមិនត្រឹមតែមានប្រយោជន៍សម្រាប់ខ្លួនអ្នកនោះទេ វាថែមទាំងជួយឲ្យអារម្មណ៍របស់អ្នកដែលនៅជិតអ្នកស្រស់ថ្លាទៅតាមអ្នកទៀតផង។ ៤/ ភាពស្មុគស្មាញងាយនឹងបង្ហាញនៅលើទឹកមុខរបស់អ្នក ប៉ុន្តែញញឹមនឹងជួយបិទបាំងនូវភាពនឿយហត់ក៏ដូចជាអស់កម្លាំង។ ព្យាយាមញញឹម ពេលដែលអ្នកមានអារម្មណ៍ស្មុគស្មាញនោះ វានឹងកាត់បន្ថយភាពតប់ប្រមល់ទាំងនោះ។ ៥/ ពេលញញឹម ប្រព័ន្ធស៊ាំនឹងដំណើរការបានល្អ ព្រោះអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ៦/ ពេលដែលអ្នកញញឹម សម្ពាធឈាមរបស់អ្នកនឹងថយចុះ។ ៧/ ការសិក្សាបានបង្ហាញឲ្យឃើញថា ការញញឹមមានឥទ្ធិពលលើប្រព័ន្ធប្រសាទ ការឈឺ ចាប់ និង ការគេងដែលជួយឲ្យយើងមានអារម្មណ៍ល្អ។ វាប្រៀបបាននឹងឱសថធម្មជាតិមួយដែរ។ ៨/ សាច់ដុំដែលប្រើពេលញញឹមនឹងជួយឲ្យអ្នកមើលទៅក្មេងជាងវ័យ។ ៩/ អ្នកដែលញញឹម គឺ ជាអ្នកដែលមានទំនុកចិត្ត និង ធ្វើកិច្ចការប្រកបដោយជោគជ័យ។ ១០/ សាកល្បងគិតពីរឿងដែលអវិជ្ជមានដោយញញឹមព្រមជាមួយគ្នា។​ វាប្រាកដជាលំបាក ព្រោះពេលដែលអ្នកញញឹម រាងកាយរបស់អ្នកបានបញ្ជូនសារមួយថា«ជីវិតមានតែរឿងល្អ»។           ចាកចេញពីភាពស្មុគស្មាញ ពិបាកចិត្ត និង ក្តីបារម្ភជាមួយនឹងស្នាមញញឹមជាប្រចាំ របស់អ្នក។ ឧស្សាហ៍ញញឹម សំណាងល្អនឹងរកមកដោយឯងៗ!!!

ចែករំលែក

ការងារស្ម័គ្រចិត្តអាចកើតមានក្នុងរូបភាពផ្សេងៗពីគ្នាដែលជាការងារមួយមិនត្រឹមតែជួយឲ្យបំពេញនូវចន្លោះពេលទំនេររបស់បុគ្គលម្នាក់ឲ្យមានប្រយោជន៍ទេ វាថែមទាំងរួមចំណែកជួយដល់បុព្វហេតុសង្គមណាមួយផងដែរ។ Konexgens ក៏បានជួបសម្ភាសផ្ទាល់ជាមួយលោក ឆាលី សំសុក្រឹត្យ ដែលមានបទពិសោធន៍ជាង៧ឆ្នាំជាមួយការងារស្ម័គ្រចិត្តនិងជាប្រធានក្រុមការងារស្ម័គ្រចិត្តនៃព្រឹត្តិការណ៍ប្រចាំឆ្នាំBarCamp ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម… គុណប្រយោជន៍នៃការងារស្ម័គ្រចិត្ត -    ចូលរួមចំណែកជួយដល់សង្គមជាតិ -    បង្ហាញឲ្យអ្នកដទៃឃើញពីការគោរព និងស្រឡាញ់ខ្លួនឯង -    ស្គាល់ខ្លួនឯងរឹតតែច្បាស់ ព្រមទាំងកាន់តែចេះឲ្យតម្លៃខ្លួនឯង -    ដឹងថាទោះបីជាមនុស្សបែបណា មានជំនាញអ្វី ហើយស្ថិតក្នុងស្ថានភាពណា ក៏សុទ្ធតែអាចផ្តល់ប្រយោជន៍ដល់សង្គមដូចគ្នា។ សំណួរអ្នកគួរសួរខ្លួនឯង ពេលជ្រើសរើសការងារស្ម័គ្រចិត្ត  -    តើការងារមួយនេះមានលក្ខណៈអ្វីខ្លះពិសេសជាងការងារដទៃ?  -    តើវាអាចផ្តល់អ្វីខ្លះមកឲ្យយើង?  -    តើវាស័ក្តិសមនឹងយើងឬទេ (ស្របតាមមុខជំនាញសិក្សា ឬការងារ)?  -    តើវានឹងអាចកែប្រែយើងបានកម្រិតណា? ក្នុងរូបភាពបែបណាខ្លះ?  -    តើវាអាចឲ្យយើងស្គាល់ខ្លួនឯងថែមទៀតឬអត់?  -    តើការងារមួយនេះនឹងផ្តល់ឱកាសឲ្យយើងយល់ពីបញ្ហាសង្គមអ្វីខ្លះ? -    តើវាផ្តល់ឱកាសឲ្យរៀនពីអ្នកដទៃឬទេ? ប្រភេទការងារស្ម័គ្រចិត្តដែលមិនគួរមើលរំលង ការងារដែលទាញយើងចេញពីភាពស្រណុក ជាពិសេសការចុះទៅតាមខេត្ត ឬ តំបន់ណាក៏ដោយឲ្យតែមិនមែនជាកន្លែងយើងនៅសព្វថ្ងៃ ដើម្បីមានឱកាសជួបជាមួយបរិស្ថានថ្មី មនុស្សថ្មី បញ្ហាថ្មី ហើយការមើលទៅកាន់ពិភពលោករបស់យើងក៏កាន់តែទូលំទូលាយជាងមុនដែរ។ ប្រភេទការងារដែលពេញចិត្តជាងគេ ការងារដែលអាចឲ្យផ្សារភ្ជាប់ជំនាញដែលកំពុងសិក្សា និង ការងារដែលខ្លួនកំពុងបំពេញ ដូចជាBarCampជាដើម ដែលអាចឲ្យអ្នកមានជំនាញផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងមួយទៀត ទាញយកគុណប្រយោជន៍បានច្រើនយ៉ាង។ លក្ខណៈសម្បត្តិនៃអ្នកស្ម័គ្រចិត្តឆ្លាតវៃ -    ស្គាល់ខ្លួនឯងឲ្យបានច្បាស់ -    ស្គាល់ពីការងារដែលខ្លួនចូលរួម -    បើកចិត្តឲ្យទូលាយទទួលយកបទពិសោធន៍ថ្មី -    មានចិត្តចង់ដឹង ចង់រៀនពីគ្រប់គ្នា  -    ចាត់ទុកមិត្តរួមការងារ ប្រធានក្រុម និងអ្នកដែលពាក់ព័ន្ធជាគ្រូ ព្រោះថាយើងនឹងធ្វើការជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗពីគ្នា  -    គ្រប់គ្រងខ្លួនឯង ជាពិសេសការបែងចែកពេលវេលា ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការងារផ្ទាល់ខ្លួន -    ធ្វើការងារឲ្យមានប្រសិទ្ធភាព  -    ចេះវិភាគលើបញ្ហាសង្គម ព្រោះការងារស្ម័គ្រចិត្តភាគច្រើនទាក់ទងនឹងបញ្ហាសង្គមដែលចោទឡើង  -    បង្កើតគំនិតយោបល់ផ្សេងៗក្នុងការដោះស្រាយបញ្ហា។   ចំណុចដែលបេក្ខភាពគួរមាន ដើម្បីទទួលបានការងារស្ម័គ្រចិត្ត -    ស្គាល់ពីអង្គភាពនៃអ្នកចាត់ចែងកម្មវិធី  -    ស្គាល់ពីខ្លួនឯង  -    ស្គាល់ពីគោលបំណងនៃការងារស្ម័គ្រចិត្ត -    មានគោលបំណងច្បាស់លាស់ក្នុងការចូលរួមការងារស្ម័គ្រចិត្ត -    មានភាពឆ្លាតវៃក្នុងការគ្រប់គ្រងការងារ ពេលវេលា និងស្ថានភាពបញ្ហា -    មានចំណង់ក្នុងការចង់រៀនបន្ថែម   -    មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារ លក្ខណៈពិសេសដែលជួយឲ្យក្លាយជាអ្នកដឹកនាំ -    មានសមត្ថភាពក្នុងការធ្វើការងារជាមួយមនុស្ស -    មិនផ្តោតសំខាន់តែលើការបញ្ចប់ការងារតាមគោលដៅមួយមុខ  -    ព្យាយាមបំពេញកិច្ចការងារប្រកបដោយប្រសិទ្ធភាព សារសម្រាប់មិត្តអ្នកអាន គួរតែស្វែងយល់ពីខ្លួនឯងបន្ថែម ហើយសួរខ្លួនឯងថាតើការជួយសង្គមមានន័យយ៉ាងណាសម្រាប់ខ្លួនយើង? ហើយការរីកចម្រើនអ្វីខ្លះ ដែលយើងចង់អោយកើតមានឡើងក្នុងសង្គម? ហេតុនេះហើយ គួរចាប់ផ្តើមរៀបចំពេលវេលា និងចូលរួមធ្វើការងារស្ម័គ្រចិត្ត ដើម្បីឲ្យសង្គមមានការរីកចម្រើនទាំងអស់គ្នា…

ចែករំលែក

មានបំណងចង់នាំចូលផលិតផលប្រណិតចូលក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជាមែនទេ? តើធ្លាប់បានគិតថាអាចមានហានិភ័យខ្ពស់ឬ? Konexgensសូមនាំមិត្តអ្នកអានមកជួបជាមួយនឹងលោក វុង ពិលី នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ុង ហ៊ាប (ខេមបូឌា) ចំកាត់ជាមួយនឹងអត្ថបទសម្ភាសន៍ខាងក្រោម ដែលលោកនឹងធ្វើការបកស្រាយនូវចំណុចសំខាន់ៗក្នុងការធ្វើអាជីវកម្មជាមួយផលិតផលប្រណិតប្រកបដោយប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនរបស់លោក ជាអ្នកចែកចាយនូវផលិតផលប្រណិតច្រើនប្រភេទដែលសុទ្ធតែជាផលិតផលលំដាប់ថ្នាក់ពិភពលោក និងជាផលិតផលកំពូលនៃប្រទេសម្ចាស់ដើមដែលរួមមានដូចជារថយន្តVolkswagenពីអាល្លឺម៉ង់ ផលិតផលប្រើប្រាស់ចុងក្រោយរួមមានLEE KUM KEE, E&J Gallo Winery និង SELLEYS (RP7) ផលិតផលកសិកម្ម និងផ្នែករ៉ែ ព្រមទាំងជាម្ចាស់នៃស្លាកយីហោApsara Rice។ កត្តាគួរពិចារណាពេលសម្រេចនាំចូលម៉ាកផលិត-ផលប្រណិតមួយ មាន២កត្តាសំខាន់ៗ គឺ ផលិតផល និង ក្រុមហ៊ុន។ សំណួរដែលចាំបាច់ជាងគេ គឺ ត្រូវមើលថា«តើផលិតផលដែលនឹងនាំចូលមានទីផ្សារដែរឬទេនៅក្នុងប្រទេសកម្ពុជា?»។ ប្រសិនបើវាមានទីផ្សារហើយ យើងត្រូវមើលទៅលើសក្តានុពលរបស់ផលិតផលនោះទៀត។ បន្ទាប់មក ត្រូវក្រឡេកមើលទៅលើស្ថានភាពសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ថាតើអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំយកផលិតផលនោះមកបានដែរឬទេ? ចំណុចគួរពិចារណា ដើម្បីដឹងថាផលិតផលមួយមានទីផ្សារនៅក្នុងស្រុក ឬអត់ វាពឹងផ្អែកទៅលើរយៈពេលដែលយើងចំណាយនៅក្នុងការធ្វើការសិក្សាស្រាវជ្រាវទីផ្សារ។ តាមការពិតទៅ  ៥០% ត្រូវពឹងទៅលើជំនាញដែលយើងមាន ហើយ៥០%ទៀត គឺពឹងទៅលើសំណាង។ គុណវិបត្តិ និងគុណសម្បត្តិក្នុងការធ្វើជាអ្នកចែកចាយបន្តផលិតផលប្រណិត ដោយសារតែផលិតផលប្រណិត គឺជាផលិតផលដែលមានគុណភាពខ្ពស់ ហើយត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកស្រាប់ ដូចនេះ អតិថិជនមានការយល់អំពីគុណតម្លៃនៃផលិតផល។ ស្របពេលជាមួយគ្នាដែរ ទីផ្សាររបស់ផលិតផលប្រណិតតូច ហើយអតិថិជនក៏មានតិច ហេតុនេះហើយ សេវាកម្មដែលផ្តល់ជូនដល់អតិថិជនគឺចាំបាច់ត្រូវតែមានស្តង់ដារបំផុត។ ម្យ៉ាងវិញទៀត ការធ្វើការជាមួយនឹងក្រុមហ៊ុនអន្តរជាតិល្បីៗ គឺមិនមានភាពងាយស្រួលឡើយ ដោយហេតុថាគេទាមទារនូវលក្ខខណ្ឌច្រើន។ ជាពិសេសនោះ គេនឹងសិក្សាមើលថាតើអ្នកមានការយល់ច្បាស់អំពីអាជីវកម្មរបស់គេ រីឯប្រវត្តិក្រុមហ៊ុនត្រូវតែស្អាតបាត ហើយរឹងមាំ មានទុនគ្រប់គ្រាន់ ព្រមទាំងមានទំនាក់ទំនងល្អ និងចាំបាច់ត្រូវតែជាក្រុមហ៊ុនដែលមានស្តង់ដារ។ ចំណុចខុសគ្នារវាងBranding ផលិតផលធម្មតា និង ផលិតផលប្រណិត ចំណុចដែលសំខាន់បំផុត គឺទីផ្សារ។ ផលិតផលធម្មតា ជាផលិតផលដែលមានទីផ្សារធំទូលាយ(Mass Market)មានន័យថា ក្នុងករណីដែលអតិថិជនមិនទិញផលិតផលរបស់ក្រុមហ៊ុន គឺក្រុមហ៊ុនមិនសូវមានភាពខ្វល់ខ្វាយនោះទេ ក៏ព្រោះថាអាចនឹងមានអតិថិជនដទៃទិញ។ ចំណែកឯផលិតផលប្រណិតវិញ គឺមានទីផ្សារតូចខ្លាំង ហើយអតិថិជនរបស់ក្រុមហ៊ុន គឺមានចំនួនកំណត់ ហេតុនេះហើយ ទាមទារឲ្យមាននូវការប្រឹងបញ្ចុះបញ្ចូលប្រកបដោយប្រសិទ្ធភាពទៅកាន់អតិថិជនដោយផ្តល់នូវសេវាកម្មដែលល្អ និងគួរឲ្យទុកចិត្ត។ ចំណុចដែលអតិថិជនគិតដល់ នៅពេលចង់ទិញផលិតផលប្រណិត និយាយឲ្យខ្លីទៅ គឺវាពឹងផ្អែកទៅលើរសនិយម និងចំណង់ចំណូលចិត្តរបស់អតិថិជន ព្រមទាំងគុណតម្លៃដែលពួកគេផ្តល់ឲ្យផលិតផលនីមួយៗ និងជាពិសេសទៅទៀតនោះ គឺតម្លៃរបស់វា។ ជាក់ស្តែង អ្នកខ្លះប្រើទូរស័ព្ទIphoneដោយសារតែវាមានរូបរាងស្អាត ហើយអ្នកខ្លះទៀតប្រើវា ដោយសារវាមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ការរួមចំណែកក្នុងការសាងកេរ្តិ៍ឈ្មោះផលិតផល ក្នុងនាមជាអ្នកចែកចាយផលិតផលបន្ត នាមជាអ្នកចែកចាយ និយាយឲ្យខ្លី គឺជាអ្នកតំណាងឲ្យម៉ាកផលិតផល ហើយត្រូវមានស្តង់ដារតាមក្រុមហ៊ុនអន្តរជាតិ ហើយកាតព្វកិច្ចដែលត្រូវបំពេញ គឺ លើសពីការទិញ និងលក់ ដោយក្រុមហ៊ុនត្រូវមានតួនាទីថែរក្សាផលិតផលតាំងពីពេលដែលចេញពីរោងចក្ររហូតដល់ក្រោយពេលដែលអតិថិជនប្រើប្រាស់។ គន្លឹះក្នុងការសាងកេរ្តិ៍ឈ្មោះផលិតផល ម្ចាស់អាជីវកម្ម ជាពិសេសអ្នកគ្រប់គ្រងផលិតផលគួរយល់ដឹងនូវចំណុចមួយចំនួនដូចជា -ទស្សនវិជ្ជា និងប្រវត្តិនៃម៉ាកផលិតផល -ទីផ្សាររបស់ផលិតផល -អ្នកប្រើប្រាស់ផលិតផល -ដៃគូប្រកួតប្រជែងសក្តានុពល។ សារសម្រាប់សហគ្រិនជំនាន់ក្រោយ បុគ្គលភាគច្រើនតែងតែគិតថា ការធ្វើអាជីវកម្ម គឺរកប្រាក់ចំណូលបានច្រើន និងល្អប្រសើរ។ ប៉ុន្តែ ជាក់ស្តែងគឺមានការលះបង់ និងទំនួលខុសត្រូវច្រើនមែនទែនរួមមាន ត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីធានាឲ្យបានស្ថេរភាពរបស់បុគ្គលិកក្រុមហ៊ុន រដ្ឋាភិបាល និងគ្រួសារ។ ដូចនេះ អ្នកត្រូវគិតឲ្យបានច្បាស់លាស់ មុនពេលដែលអ្នកសម្រេចចិត្តថានឹងក្លាយជាសហគ្រិនមួយរូប។ វេទិកាសំណួរ ចម្លើយទាក់ទិននឹងជំងឺមហារីក លោកស្រី ហាវ​ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉េត។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ២០០៧ និងបានបញ្ចប់ការហ្វឹកហាត់ផ្នែកកោសិកាមហារីកពីសាកលវិទ្យាល័យ Ghent University Hospital ប្រទេស ប៊ែលហ្សិក ក្នុងឆ្នាំ ២០១១ ហើយចាប់ផ្តើមចូលបំរើការងារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតក្នុងខែកក្កដា ឆ្នាំ​២០១១។​ ចាប់ពីឆ្នាំ២០១៣ លោកស្រី មនីរត្ន បានធ្វើជាអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន។  លោកស្រីបានជម្រាបដល់ ហេលស៍ថាម ឲ្យដឹងថា ស្រ្តីប្រមាណជា ១,៥០០នាក់ បានកើតជំងឺមហារីកមាត់ស្បួនជារៀងរាល់ឆ្នាំ និងប្រមាណជា ៦០%បានបាត់បង់ជីវិតដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។  ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ​ និងព្យាបាលជំងឺនេះ លោកអ្នកអាចផ្ញើរសំណួរមកកាន់ហេលស៍ថាម តាមរយៈ Comment ក្នុងអត្ថបទនេះ ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកស្រីវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីឆ្លើយតប នឹងចម្ងល់របស់លោកអ្នក។  សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈ ០៧៧​ ៨៨៨ ០៧៦ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

នៅពេលដែល⁣ការកាត់បន្ថយការញ៉ាំអាហារ   និងបង្កើនការធ្វើលំហាត់ប្រាណ មិនអាចធ្វើឲ្យអ្នកជោគជ័យលើការសម្រកទម្ងន់បាន វាអាចមានមូលហេតុផ្សេងដែលពាក់ព័ន្ធនឹងខ្លួនយើងផ្ទាល់។⁣ ជាក់ស្តែង វាអាចជាភាពខុសប្រក្រតីមួយដែលអ័រម៉ូនCortisol មានការបង្កើតឡើងលើសពីតម្រូវការរបស់យើង។ Cortisol គឺជាប្រភេទអ័រម៉ូនស្តេរ៉ូអីុត ដែលត្រូវបានផលិតក្នុងក្រពេញលើតម្រងនោម និងមានតួនាទីទៅលើការគ្រប់គ្រងសម្ពាធឈាម ប្រឆាំងនឹងការរលាក និងការធ្វើមេតាបូលីសរបស់កោសិកា។ ម្យ៉ាងទៀត វាក៏ជម្រុញឲ្យកោសិកាប្រើប្រាស់ គ្លុយកូស ឬជាតិស្ករ និងធ្វើការរក្សាទុកខ្លះសម្រាប់ឲ្យខួរក្បាលប្រើប្រាស់ផងដែរ។ ក្រៅពីនោះ⁣ វាអនុញ្ញាតឲ្យខ្លួនប្រាណប្រើប្រាស់អាស៊ីតខ្លាញ់ដែលរក្សាទុកដើម្បីផលិតជាថាមពល និងដើរតួរយ៉ាងសំខាន់ក្នុងការជម្រុញឲ្យមានការឆ្លើយតបនៅពេលមានគ្រោះអាសន្ន។ អ័រម៉ូនCortisol អាចនឹងត្រូវបញ្ចេញមកជាបន្តបន្ទាប់នៅពេលដែលយើងមានអារម្មណ៍តានតឹង ឬស្ត្រេស ហេតុនេះហើយ ទើបវាត្រូវបានគេហៅថា «អ័រម៉ូនស្រេ្តស» ហើយកាលណាការបញ្ចេញរបស់វាច្រើនលើសពីប្រក្រតី វាថែមទាំងអាចបង្កើតបានជាបណ្តុំនៃរោគសញ្ញាមួយដែលហៅថា Cushing's syndrome ទៀតផង។  អាការៈដែលមានមកជាមួយនឹងភាពមិនប្រក្រតីនេះមានដូចជា៖ • ការប្រែប្រួលអារម្មណ៍៖ ឆាប់ខឹង ថប់អារម្មណ៍ ឬធ្លាក់ទឹកចិត្ត និងអាចមានអារម្មរណ៍ថាឈឺក្បាលជាដើម • មានអារម្មណ៍អស់កម្លាំង ទោះជាមិនបានធ្វើអ្វីក៏ដោយ • ញ័រទ្រូង ឬអាចមានការឡើងសម្ពាធឈាម • មិនឃ្លានអាហារ ឬញ៉ាំច្រើន ហើយមានការឡើងទម្ងន់ដោយមិនមានមូលហេតុច្បាស់លាស់  • មានអាការៈពិបាកក្នុងការរំលាយអាហារ • នោមញឹក ទល់លាមក ឬរាគ • មានបញ្ហាក្នុងការគេង ឬមិនសូវមានការចងចាំល្អ • មានដុះរោម និងកើតស្នាមជ្រួញលើមុខ • មុខហើម និងមានជាតិខ្លាញ់នៅលើកញ្ចឹងក។ ប្រសិនបើអ្នកមានការសង្ស័យណាមួយទាក់ទងនឹងភាពមិនប្រក្រតីខាងលើ⁣⁣ អ្នកត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ⁣    ដើម្បីស្វែងរកមូលហេតុពិតប្រាកដ⁣ ក៏ដូចជាធ្វើការដោះស្រាយ និងព្យាបាលឲ្យបានត្រឹមត្រូវផងដែរ⁣។ ក្រៅពីនោះ⁣ ក៏មានការណែនាំពីការការពារបញ្ហាខាងលើនេះតាមរយៈ៖ ១.    ចៀសវាងអាហារមួយចំនួន⁣ ឬយ៉ាងហោចណាស់កម្រិតការញ៉ាំអាហារទាំងនោះក្នុងបរិមាណតិចតួច ដែលក្នុងនោះរួមមាន •កាហ្វេអីុន៖ មិនគួរញ៉ាំលើសពី ៤ពែងក្នុងមួយថ្ងៃ។ •អាល់កុល៖ អាចញ៉ាំក្នុងមួយថ្ងៃ បរិមាណ •ប្រភេទស្រាបៀ៖ < ៧១០ ម.ល (តិចជាង២កំប៉ុង) •ប្រភេទស្រាក្រហម៖ < ២៩៦ ម.ល •ប្រភេទស្រា Whisky៖ < ៨៨ ម.ល •ម្ហូបដែលមានស្ករខ្ពស់៖     •មនុស្សស្រី ត្រូវការបរិមាណស្ករ ២៥ក្រាមក្នុងមួយថ្ងៃ     •មនុស្សប្រុស ត្រូវការបរិមាណស្ករ ៣៧.៥ក្រាមក្នុងមួយថ្ងៃ •គួរតែចៀសវាងប្រើប្រាស់ស្ករ Aspartame ឬហៅថាប្រភេទSugar-Free  ចំពោះអ្នកដែលមានសុខភាពធម្មតា។  តែអាចប្រើបានត្រឹម ៥០ មីលីក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួនអ្នក បើតាមការណែនាំរបស់ FDA (Food and Drug Administration)។ •អាហារដែលមានសារធាតុ ប៉ូតាស្យូមខ្ពស់៖   អ្នកមិនគួរញ៉ាំអាហារដែលមានប៉ូតាស្យូមលើសពី ២០០ មីលីក្រាមក្នុងមួយថ្ងៃទេ។ ឧទាហរណ៍ ដំឡូងបារាំង ១ផ្លែមានប៉ូតាស្យូម ៧៧៦ មីលីក្រាម ទឹកដោះគោ ១កែវ មានប៉ូតាស្យូម ៣៤២ មីលីក្រាម។ ២.   អាហារដែលគួរញ៉ាំ អាហារដែលមានសារធាតុ៖ •ផូស្វ័រទីដីលសេរីន (Phosphatidylserines)    មានក្នុងប្រភេទត្រីមានស្រកា អន្ទង់ ជាដើម។ •ផេនីលអាឡានីន (Phenylalanine) មានក្នុង សាច់មាន់ ស៊ុត អង្ករសម្រូប ផ្កាខាត់ណាបៃតង ឬល្ពៅ •ទ្រីបតូហ្វាន (Tryptophan) មានក្នុង អង្ករសម្រូប សណ្តែកសៀង សាច់ ស៊ុត ឬទឹកដោះគោ •វីតាមីន B5 មានក្នុង ទឹកដោះគោ អាល់ម៉ុង ត្រីសូម៉ុង ស្រូវសាលី និង ម្សៅធញ្ញជាតិ •ប្រភេទគ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កាឈូករ័ត្ន។ ៣.   ញ៉ាំអាហារសម្រន់ វាមិនមានបញ្ហាអ្វីទេ   បើអ្នកញ៉ាំអាហារ  ៥ពេលក្នុងមួយថ្ងៃក្នុងបរិមាណសមស្រប។  ផ្ទុយទៅវិញ ការរំលងអាហារណាមួយរបស់អ្នក ជាកត្តាជម្រុញឲ្យមានការបញ្ទេញនូវអ័រម៉ូនcortisol។ ៤.    ការធ្វើលំហាត់ប្រាណ អ្នកគួរហាត់ប្រាណ ៣ដងក្នុងមួយសប្តាហ៍       និងមិនឲ្យលើសពី ៥០នាទី ព្រោះការហាត់ប្រាណខ្លាំងក្លាពេក ក៏ធ្វើឲ្យកើនឡើងបរិមាណអ័រម៉ូនcortisolដែរ។ ៥.    ការគេង និងសម្រាកឲ្យបានគ្រប់គ្រាន់ វាជាការសំខាន់ណាស់ដែលអ្នកគួរតែគេងឲ្យបានពី៨ទៅ១០ម៉ោង ព្រោះការគេងគ្រប់គ្រាន់ អាចធ្វើឲ្យថយចុះបរិមាណអ័រម៉ូន cortisol។ ៦.    ប្រើប្រាស់សារធាតុបំប៉នប្រឆាំងនឹងការស្ត្រេស វីតាមីនC  វីតាមីនB5  វីតាមីនA  អាស៊ីតហ្វូលីក កាល់ស្យូម និងម៉ាញ៉េស្យូមជាដើម ក៏អាចជួយកាត់បន្ថយការបញ្ចេញនូវ អ័រម៉ូន cortisolបានដែរ។ ៧.   ញ៉ាំទឹកឲ្យបានច្រើន អ្នកគួរយកចិត្តទុកដាក់ក្នុងការរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ និងគួរបង្កើតជាទម្លាប់ក្នុងការញ៉ាំទឹក១កែវរាល់ពេលក្រោកពីគេង  និងមុនពេលចូលគេង។ មិនមានអ្វីប្លែកពីធម្មតាឡើយ ព្រោះការញ៉ាំទឹកយ៉ាងហោច ៨កែវ ដែលស្មើនឹង២លីត្រ ក្នុងមួយថ្ងៃនៅតែត្រូវបានណែនាំ។  ©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ចែករំលែក

ផ្ទៃមុខជាផ្នែកសំខាន់បំផុតនៃសម្រស់សម្រាប់គ្រប់គ្នាទាំងបុរសនិងស្រ្តី។ ពិតណាស់មានបញ្ហាជាច្រើនតែងតែកើតឡើងនៅលើមុខរបស់លោកអ្នក ក្នុងនោះការប្រែប្រួលទៅជាចាស់ និងជ្រីវជ្រួញ ក៏អាចកើតតាមវ័យរបស់លោកអ្នកផងដែរ។ ហេលស៍ថាម នឹងលើកយកប្រធានបទមួយស្តីពី«ការប្រឆាំងនឹងភាពភាពចាស់ជ្រីវជ្រួញ»ដោយធ្វើបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត យិន វុឌ្ឍី ជាអ្នកជំនាញខាងផ្នែកកែសម្ផស្ស និងប្រឆាំងភាពជ្រីវជ្រួញ(Cosmetic Laser Surgery, Botox, Filler, Thread Lift និង Anti-Aging)នៅSeoul Korea ហើយបច្ចុប្បន្នលោកជាប្រធានគ្លីនិកស្បែក បឹងកេងកង (BC Skin Clinic and Laser) ។ តាមរយៈប្រសាសន៍របស់លោកវេជ្ជបណ្ឌិត យិន វុឌ្ឍី បានឲ្យដឹងថា«ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខច្រើនកើត ជាពិសេសចាប់ពីអាយុ30ឆ្នាំឡើងទៅហើយ ក៏អាចមានស្នាមជ្រួញខ្លះកើតចាប់ពីអាយុ25ឆ្នាំដែរ»។ វាអាចមានកត្តាចម្បងចំនួនពីរដែលបង្កឲ្យមានបញ្ហាជ្រីវជ្រួញនេះរួមមាន៖ •កត្តាខាងក្រៅ ( Extrinsic Factor )៖ ការត្រូវកម្តៅថ្ងៃខ្លាំង ការគេងមិនគ្រប់គ្រាន់ ការជក់បារី និងផឹកស្រាកត្តាបរិស្ថានជុំវិញខ្លួនដែលពោរពេញដោយផ្សែងនិងជាតិពុលនិងការបរិភោគចំណីអាហារគ្មានវីតាមីនគ្រប់គ្រាន់។ •កត្តាខាងក្នុង ( Intrinsic Factor )៖ តំណពូជ( Geneic ) ការមានអាយុច្រើន ( Advanced Age ) ការបាត់បង់ជាតិ Fat,  Elastin, Collagen, HA ពីក្នុងស្រទាប់ស្បែកភាពរួមតូចនៃឆ្អឹង ( Bone Resorption)សាច់ដុំរួមស្វិត ឬខ្សោយ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការប្រើផលិតផលថែរក្សាសម្ផស្សមួយចំនួនអាចធ្វើឲ្យស្នាមជ្រួញលុបបាត់បានតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែលោកអ្នកត្រូវប្រយ័ត្ន បើផលិតផលទាំងនោះពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ឬគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យនោះ វានឹងអាចបង្កឲ្យមានបញ្ហាដល់ស្បែកធ្ងន់ធ្ងរ។ ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្ផស្ស យើងមានវិធីផ្សេងៗជាច្រើនទៀតដូចជា៖ •ការប្រើថ្នាំលាបពពួកRetinoid , Vitamin C, E, Arbutine , HA ,Botox •ការប្រើថ្នាំចាក់តាមរបៀប Mesotherapy គឺចាក់នៅកន្លែងដែលមានបញ្ហាជ្រួញផ្ទាល់ ដើម្បីបណ្តុះកោសិកាថ្មី។ •ការភៀលមុខ ( Chemical Peeling ឬ  Skin Resurfacing )  ដោយលាបពពួក AHA , BHA , TCA , PA , MA , LA , KA …..ក្នុងគោលបំណងជំរុះកោសិកាចាស់បណ្ដុះកោសិកាថ្មីឲ្យខ្ចី និងភ្លឺរលោង។ •Face Lifting With Laser គឺប្រើប្រាស់កាំរស្មី Laser  ដើម្បីរំញោចកោសិកាថ្មីឲ្យដុះបានល្អ និងជួយបន្តឹងស្បែកផងដែរ។ •Botox : ជាប្រភេទថ្នាំBotulinum Toxin, Type A  មានតួនាទីបន្ធូរសាច់ដុំដែលកន្រា្តក់ខ្លាំងដូចជា កន្ទុយភ្នែក ជុំចញ្ចើម ថ្ងាស ច្រមុះ ក បបូរមាត់ ឲ្យបាត់ភាពជ្រីវជ្រួញ និងមានប្រសិទ្ធភាពខ្ពស់ ដែលទទួលស្គាល់ដោយ US FDA  និងកំពុងពេញនិយមលើសកលលោក។ •Thread Lift ជាបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់ខ្សែអំបោះប្រភេទSilhouette របស់ USA ផលិតពី Poly Lactic Acid ងាយរលាយចូលទៅក្នុងស្បែកមានក្បាលរាងសាជីដែលអាចទាញស្បែកមុខបានតឹងល្អភ្លាមៗ និងស្ថិតនៅរយៈពេលវែងចន្លោះ២ទៅ៣ឆ្នាំព្រមទាំងទទួលស្គាល់ដោយ US FDA ហើយនៅពេលដែលរលាយវាក៏ក្លាយទៅជាសារជាតិបណ្តុះកោសិការថ្មីធ្វើឲ្យមុខក្មេងជាងវ័យ។ •ប្រើម៉ាស៊ីនប្រភេទ Ulthera ឬ Liftera ដើម្បីទាញបន្តឹងស្បែកមុខ ឬដងខ្លួនទាំងមូលកុំឲ្យជ្រួញ និងយារធ្លាក់ដោយមិនបាច់វះកាត់ និងបានផលខ្ពស់។ •Surgery ជាការវះកាត់ទាញបន្តឹងស្បែក បំបាត់ភាពជ្រីវជ្រួញ។ នៅពេលលោកអ្នកទទួលការព្យាបាលរួច លោកអ្នកគួរមានវិធីការពារ ឬថែរក្សាផ្ទៃមុខដោយមានការការពារពីកម្តៅថ្ងៃឲ្យបានល្អ និងលាបឡេថែរក្សាស្បែកឲ្យបានជាប្រចាំទើបយើងទទួលផលរយៈពេលយូរ។ បន្ថែមពីនេះ ការព្យាបាលនេះអាចផ្តល់នូវផលអវិជ្ជមានដល់ផ្ទៃមុខទៅថ្ងៃក្រោយដែរ ប្រសិនបើការព្យាបាលគ្មានជំនាញច្បាស់លាស់ ឬប្រើប្រាស់ឧបករណ៍មិនត្រូវតាមស្តង់ដាដែលផលវិបាកទាំងនោះមានដូចជា៖ •ការលាបអាចបណ្តាលឲ្យរោល ក្រហម របក ក្រហាយ រមាស់ •ការចាក់តាមរបៀប Mesotherapy អាចឲ្យមានស្នាមមុខម្ជុលឬស្នាមជាំឈាមបន្តិចបន្តួច •ការភៀលមុខអាចបណ្ដាលឲ្យមានក្រហមក្រហាយ ឬក្រមៅ •ការចាក់ Botox អាចបណ្ដាលឲ្យមានការទាញស្បែកមិនស្មើគ្នា •Tread lift អាចធ្វើឲ្យទម្រង់មុខមិនស្មើគ្នាឬប្រើអំបោះមិនល្អអាចក្ររលាយនិងស្បែកឡើងរឌិបរដុបឬរលាកក្រហម •ប្រើMachine Ultheraឬ Liftera គឺសុវត្ថិភាពបំផុតគ្រាន់តែឈឺសាច់ដុំបន្តិចបន្តួចរយះពេលប្រហែលមួយសប្ដាហ៍ប៉ុណ្ណោះ •Surgery : ការវះកាត់អាចបណ្ដាលឲ្យមានស្នាម ឬផ្លែនៅលើផ្ទៃមុខរបស់អ្នកទៅថ្ងៃក្រោយ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតមានមតិផ្ដាំផ្ញើក៏ដូចជាយោបល់ណែនាំដល់ប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នមុននឹងសម្រចចិត្តទទួលយកសេវាកម្មអ្វីមួយ និងដើម្បីកុំឲ្យមានផលវិបាកដូចដែលបានរៀបរាប់ខាងលើសូមមេត្តាទៅជួបគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីសុខភាពយើងទាំងអស់គ្នា។

ចែករំលែក
Top