Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ពេលចាប់ផ្តើមធ្វើអាជីវកម្ម ឬជំនួញដំបូង សហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្មហាក់ដូចជាមានភាពស្ទាក់ស្ទើរ និងរារែកចិត្តដោយមិនប្រាកដថា តើខ្លួនឯងគួរតែចាប់ផ្តើមឈានជំហានដំបូងដោយការទិញយកសិទ្ធិធ្វើអាជីវកម្មជាមួយនឹងស្លាកយីហោដែលមានវត្តមានរួចជាស្រេច ឬធ្វើការបង្កើតនូវស្លាកយីហោដ៏ថ្មីស្រឡាងមួយ? យ៉ាងណាមិញ ជម្រើសនីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន ហើយKonexgens ក៏បានធ្វើការសាកសួរសំណួរដែលអាចនឹងជាចម្ងល់នៃបុគ្គលជាច្រើនទៅកាន់បុគ្គលពីររូបក្នុងបទសម្ភាសន៍។ ចង់ដឹងថាបុគ្គលទាំងពីររូបជានរណាខ្លះ? ហើយពួកគាត់មានយោបល់យ៉ាងណាខ្លះ? បន្តអានជាមួយគ្នា... លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកា​ប្រតិបត្តិការនៃធនាគារអេស៊ីលីដា អាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៃផលិតផល និងទីផ្សារផ្ទាល់ ព្រោះជាធម្មតាវត្ថុមួយតែងមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ប្រសិនបើយើងទិញស្លាកយីហោរបស់គេមក យើងប្រហែលជាអាចចំណេញពេលវេលា និងប្រាក់កាសដោយមិនបាច់ចំណាយច្រើនក្នុងការធ្វើការឃោសនា តែទាមទារខ្ពស់ឲ្យរក្សានូវសភាពដើមឲ្យដូចរបស់គេ តែផ្ទុយទៅវិញ ប្រសិនបើយើងបង្កើតមុខជំនួញដោយប្រើយីហោថ្មីដោយខ្លួនឯង លក្ខណៈធំ ឬតូច គឺអាស្រ័យទៅលើហិរញ្ញវត្ថុយើងផ្ទាល់ ប៉ុន្តែបើមុខជំនួញទទួលបានជោគជ័យនោះ អតិថិជន យើងនឹងមានជំនឿចិត្ត ហើយស្លាកយីហោរបស់យើងកាន់តែមានភាពល្បីល្បាញ។ ហេតុដូច​នេះហើយ ចំណុចសំខាន់ដែលគួរយកចិត្តទុកដាក់ គឺ គួរតែថ្លឹងថ្លែងឲ្យបានច្បាស់មុននឹង សម្រេចចិត្តធ្វើអ្វីមួយ។ លោក Andrew Barnes នាយកនៃPresentation Clinic ការទិញសិទ្ធិអាជីវកម្មត្រូវចំណាយប្រាក់ច្រើន ហើយអ្នកនឹងចំណាយពេលវេលានិងការខិតខំប្រឹងប្រែងទាំងខ្លួនឯង ព្រមទាំងក្រុមការងារ ដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យស្លាកយីហោរបស់អ្នកដទៃ ដែលមានវត្តមាននៅលើទីផ្សាររួចជាស្រេច។ តែវាក៏ហាក់ដូចជា មានសុវត្ថិភាពជាង ដោយសារតែស្លាកយីហោនោះមានដំណើរការរួចរាល់ ហើយក៏ទទួលបានទំនុកចិត្តស្រេចពីអតិថិជន ព្រមទាំងការទទួលស្គាល់ពីគុណភាព។ យ៉ាងណាមិញ ប្រសិនបើអ្នកមានធនធាន មានថវិកា និងក្រុមការងារដែលគ្រប់គ្រាន់ ហើយខ្លួនអ្នកផ្ទាល់ក៏ត្រៀមខ្លួនរួចរាល់ អ្នកគួរតែជ្រើសបង្កើតស្លាកយីហោដោយខ្លួនឯង។ ក្នុងករណីដែលមិនបានជោគជ័យពីដំបូង អ្នកក៏តែងតែអាចដើរជាមួយនឹងផែនការបន្ទាប់​ ប្រសិនបើអ្នកមានគម្រោងផែនការក្នុងការគ្រប់គ្រងច្បាស់លាស់រួចជាស្រេច។ ចម្លើយអាចនឹងពិបាកឆ្លើយបន្តិច ប្រសិនបើឲ្យធ្វើការជ្រើសរើសរវាងជម្រើសទាំងពីរ អ្វីដែលលោកអ្នកគួរធ្វើ គឺ ធ្វើរង្វាយតម្លៃឲ្យបានម៉ត់ចត់ ឬអាចធ្វើការប្រឹក្សាជាមួយនឹងក្រុមគ្រួសារ និងទីប្រឹក្សាដែលគួរឲ្យទុកចិត្ត ដើម្បីធ្វើការជម្រើសដែលស័ក្តិសមបំផុត។ មិត្ត​អ្នកអានក៏អាចសិក្សាស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃ​ជម្រើសទាំងពីរជាមួយនឹងអត្ថបទខាងក្រោមនេះផងដែរ… កំណត់សម្គាល់ ៖ A : អ្នកទិញសិទ្ធិអាជីវកម្ម B : ម្ចាស់ស្លាកយីហោថ្មី សិទ្ធិក្នុងនាមជាម្ចាស់  A៖ មិនមានសេរីភាពក្នុងការផ្លាស់ប្តូរផលិតផល ឬសេវាកម្មដែលខ្លួនបានទិញតាមចិត្តប្រាថ្នា ឬក៏ធ្វើការផ្លាស់ប្តូរស្ថានភាពទីផ្សារនោះឡើយ ដោយសារតែហេតុថា ម្ចាស់ស្លាកយីហោដើមជាអ្នកដែលមានសិទ្ធិធ្វើការសម្រេចចិត្តលើកិច្ចការទាំងអស់នោះរាប់បញ្ចូលទាំងចង្វាក់ផលិតកម្ម និងការងារចាំបាច់ផ្សេងៗទៀត។ B៖ ជាមួយនឹងសិទ្ធិគ្រប់យ៉ាង តែបែរជាមិនច្បាស់ ថាតើ ខ្សែចង្វាក់ផលិតកម្ម ការផ្តល់សេវាកម្ម និងរាល់ការសម្រេចចិត្តផ្សេងៗ​ នឹងត្រឹមត្រូវ ឬអត់ ដោយសារតែមិនទាន់បានដាក់សាក ឬបញ្ចេញទៅលើទីផ្សារនៅឡើយ។ ទុនវិនិយោគ និងសេរីភាព A៖​  ត្រូវចំណាយទុនវិនិយោគមិនសូវច្រើន តែត្រូវតែបំពេញនូវកាតព្វកិច្ច ព្រមទាំងលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយម្ចាស់ស្លាកយីហោ ដែលជួនកាលត្រូវបានកំណត់ប្រាក់កាស និងពេលវេលាកំណត់ដែលមិនអាចនឹងពន្យារ ឬផ្លាស់ប្តូរបាន។ B៖ ដើមទុនសម្រាប់វិនិយោគមានចំនួនច្រើន ហើយក៏មានសិទ្ធិពេញលេញក្នុងការផ្លាស់ប្តូរ ឬកែសម្រួលផែនការដែលបានដាក់ចេញ ក្នុងករណីដែលមានបញ្ហាអ្វីកើតឡើងដោយមិនបានព្រាងទុក។ វិសាលភាពនៃស្លាកយីហោ A៖ ប្រាកដណាស់ គឺមានការទទួលស្គាល់ និងវិសាលភាពទូលំទូលាយ តែក៏អាចប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីដែលម្ចាស់ ឬអ្នកដែលបានទិញសិទ្ធិណាម្នាក់ធ្វើឲ្យលេចចេញនូវរូបភាពអវិជ្ជមាននៃស្លាកយីហោ នោះម្ចាស់ដទៃទៀតក៏ត្រូវរងការខូចកេរ្តិ៍ឈ្មោះដោយស្វ័យប្រវត្តិដែរ។ B៖ ប្រសិនបើធ្វើបានជោគជ័យនោះ មិនត្រឹមតែ បានប្រាក់ចំណូលច្រើនទេ ថែមទាំងអាចមានឱកាសលក់នូវសិទ្ធិអាជីវកម្មរបស់ខ្លួនឲ្យអ្នកដទៃទៀតផង។ ប្រតិបត្តិការ A៖ គុណតម្លៃជាច្រើនត្រូវបានទទួលពីការទិញសិទ្ធិអាជីវកម្ម ជាពិសេសអ្នកដែលមិនមាន ឬមិនសូវមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម  ​ដោយមានការផ្តល់នូវការភ្ជាប់ទំនាក់ទំនងទៅនឹងប្រព័ន្ធអាជីវកម្ម បណ្តាញនៃអ្នកចែកចាយ ព្រមទាំងសេវាកម្មផ្សេងៗទៀត។ B​​​​៖​​ កិច្ចការទាំងអស់គឺត្រូវបានសិក្សា និងសាកល្បងដោយខ្លួនឯង ដោយមិនមានការទ្រទ្រង់ ឬបង្ហាត់បង្រៀនពីខាងណាឡើយ។ អត្រាជោគជ័យ A និង B៖ មិនមានអ្វីវាស់ស្ទង់ពីកម្រិត ឬភាគរយនៃភាពជោគជ័យរបស់ជម្រើសទាំងពីរឡើយ។ ចូរធ្វើការពិចារណាឲ្យបានម៉ត់ចត់ មុននឹងធ្វើការសម្រេចថាជ្រើសរើសមួយណាសម្រាប់ដំណើរ អាជីវកម្មរបស់អ្នក…

ចែករំលែក

ចំណេះផ្នែកភាសាបរទេសមួយមុខ គឺមិនអាចគ្រប់គ្រាន់សម្រាប់ឲ្យបុគ្គលមួយរូបក្លាយជាអ្នកនិយាយជាសាធារណៈដ៏ល្អឡើយ ដោយឡែក កុលបុត្រខ្មែរមួយរូបមិនត្រឹមតែមានសមត្ថភាពក្នុងការប្រកួតប្រជែងថ្នាក់ជាតិប៉ុណ្ណោះទេ  លោកបានដណ្តើមយកជ័យលាភីលេខ១ ក្នុងចំណោមបេក្ខភាពមកពីប្រទេសទាំង១០ក្នុងតំបន់អាស៊ាន រួមជាមួយប្រទេសចិនជាម្ចាស់ផ្ទះក្នុងកម្មវិធី Youth  Education Forum and Public Speaking Contest 2016 គឺ លោក យ៉ាន់ ឧត្តម ដែលជានិស្សិតឆ្នើមមួយរូបនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ ប្រវត្តិនៃការសិក្សា បន្ទាប់ពីបានបញ្ចប់ថ្នាក់វិទ្យាល័យ លោកក៏បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យដល់ទៅ៣ក្នុងពេលតែមួយដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) វិទ្យាស្ថានភាសាបរទេស (IFL) និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ប៉ុន្តែក្រោយពីលោកចូលសិក្សាបានរយៈពេលមួយខែលោកក៏បានបញ្ឈប់ការសិក្សានៅវិទ្យាសា្ថនភាសាបរទេសដោយសារតែលោកបានទទួលអាហារូបករណ៍ទៅសិក្សាបន្តនៅឯសាធារណរដ្ឋកូរ៉េក្នុងឆ្នាំទី៣ និងបានបន្តការសិក្សានៅឯសហរដ្ឋអាមេរិកនៅឆ្នាំទី៤ហើយសព្វថ្ងៃនេះលោកក៏កំពុងធ្វើនិក្ខេបបទបញ្ចប់ការសិក្សាផងដែរ។ ថ្វីត្បិតតែលោកមិនទាន់បានបញ្ចប់ការសិក្សាជាស្ថាពរក៏ដោយ លោកក៏មានការងារ២នៅក្នុងដៃ គឺជាសហស្ថាបនិក និងជាប្រធានក្រុមហុ៑ន The Brander ដែលជាក្រុមហ៊ុនភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាជំនួយការស្រាវជ្រាវនៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក។          តើអ្វីទៅជាការនិយាយជាសាធារណៈ (Public speaking) សម្រាប់គំនិតរបស់លោកផ្ទាល់?  ខ្ញុំយល់ថាការនិយាយជាសាធារណៈ(Public speaking)គឺ ជាសិល្បៈមួយដែលបុគ្គលត្រូវនិយាយអំពីប្រធានបទណាមួយដោយព្យាយាមនិយាយឲ្យអ្នកដទៃយល់អំពីគំនិតរបស់ខ្លួនឲ្យបានច្រើន។                                                                      តើការធ្វើជា Public speaker ត្រូវការឲ្យមានជំនាញអ្វីខ្លះ? ដើម្បីក្លាយខ្លួនជា Public speaker ល្អ ខ្ញុំយល់ថាបុគ្គលនោះត្រូវមានជំនាញ ៣សំខាន់ គឺ៖ ​ -ចំណេះដឹងខាងផ្នែកភាសាទាំងភាសាជាតិ និងភាសាបរទេស ប៉ុន្តែការចេះភាសាតែមួយមុខមិនគ្រប់គ្រាន់ទេ ពីព្រោះមានមនុស្សជាច្រើនដែលចេះភាសាតែពួកគេទាំងអស់មិនមែនសុទ្ធតែអាចធ្វើជា Public speaker ឡើយ។ -ចេះស្គាល់អំពីបញ្ហា គឺមានន័យថា គាត់ត្រូវយល់ដឹងអំពីបញ្ហាសង្គម ស្ថានការនយោបាយ ស្ថានការសេដ្ឋកិច្ច ទើបអាចបញ្ចូលគំនិត និងប្រើភាសាក្នុងការនិយាយបកស្រាយអំពីគំនិតដែលខ្លួនមាន។ -មានបច្ចេកទេសក្នុងការនិយាយ ព្រោះថាមានសិស្សនិស្សិតជាច្រើនដែលអាចនិយាយភាសាបរទេសបានយ៉ាងល្អ។ តើបុគ្គលរូបត្រូវប្រកាន់ខ្ជាប់នូវទង្វើអ្វីខ្លះដើម្បីក្លាយជា Public Speaker ល្អមួយរូប? បន្ថែមពីលើជំនាញទាំង៣ដែលបានលើកឡើងខាងលើ   ការនិយាយជាសាធារណៈក៏មានពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកទេសដែលវាទាមទារឲ្យមានជំនាញក្នុងការនិយាយ ការប្រើកាយវិកា ដូចជាការប្រើប្រាស់ក្រសែភ្នែក ការប្រើប្រាស់ឆាកជាដើម។  សម្រាប់រូបខ្ញុំផ្ទាល់  ដើម្បីឲ្យគេចូលរួមស្ដាប់ខ្ញុំមានគន្លឹះមួយចំនួន គឺស្គាល់អ្នកស្ដាប់ឲ្យបានច្បាស់ថាតើកម្រិតចំណេះដឹងរបស់គេប៉ុណ្ណា។ ជាក់ស្តែង     សម្រាប់ការប្រកួតប្រជែងដែលទើបតែត្រូវបានបញ្ចប់ថ្មីៗនេះ ខ្ញុំបានប្រទះឃើញថាគណៈកម្មការជាមនុស្សដែលមានសមត្ថភាព និងចំណេះដឹងខ្ពស់។ ដូច្នេះ ខ្ញុំត្រូវនិយាយបែបស៊ីជម្រៅហើយបង្ហាញអំពីគោលគំនិតធំៗរបស់ខ្ញុំ ដើម្បីឲ្យគណៈកម្មការយល់ និងអាចចាប់បានដោយងាយ។  បច្ចេកទេសទី២របស់ខ្ញុំ គឺការមានទំនុកចិត្តលើខ្លួនឯងដូចជាការប្រកួតថ្មីៗនេះ រូបខ្ញុំផ្ទាល់បានចុះពីលើឆាកទៅនិយាយនៅចំពោះមុខគណៈកម្មការដែលអាចបង្ហាញឲ្យពួកគាត់ឃើញថាខ្ញុំពិតជាមានជំនឿចិត្តលើសមត្ថភាពខ្លួនឯងក៏ដូចជាផ្សាភ្ជាប់ប្រធានបទក្នុងការអត្ថាធិប្បាយរបស់ខ្ញុំទៅឲ្យអ្នកដែលកំពុងស្តាប់ផងដែរ។  ចំណុចមួយទៀតដែលខ្ញុំតែងតែប្រើប្រាស់ គឺខ្ញុំគិតថាខ្ញុំមានភាពទាក់ទាញទៅលើការនិយាយតាំងពីធម្មជាតិ នៅពេលដែលខ្ញុំចាប់ផ្តើមនិយាយ គឺសំឡេងរបស់ខ្ញុំហាក់ដូចជាមានភាពទាក់ទាញឲ្យគេចង់ស្តាប់នូវអ្វីដែលខ្ញុំនិយាយ ហើយនោះក៏មិនមែនត្រឹមតែជាការគិតរបស់ខ្ញុំប៉ុណ្ណោះទេ តែខ្ញុំក៏បានស្តាប់ឮពាក្យនោះពីអ្នកដទៃផងដែរ។                 តើត្រូវធ្វើដូចម្តេចខ្លះទើបអាចកសាងទំនុកចិត្តលើខ្លួនឯងក្នុងការនិយាយPublic speaking? -បុគ្គលនោះត្រូវស្គាល់ខ្លួនឯងជាមុនសិនមានន័យថាត្រូវដឹងថាខ្លួនឯងមានបច្ចេកទេសដល់កម្រិតណាហើយ? ត្រូវយល់ដឹងពីប្រធានបទដែលយើងឡើងនិយាយ និងដឹងថាមានទំនុកចិត្តលើខ្លួនឯងដល់កម្រិតណា? ព្រោះកាលណាបើយើងមិនទាន់ស្គាល់ខ្លួនឯងច្បាស់ ឬយល់ពីប្រធានបទឲ្យបានស៊ីជម្រៅនោះនៅពេលដែលយើងឡើងនិយាយលើវេទិកាវានឹងធ្វើឲ្យយើងមានអារម្មណ៍ភិតភ័យ។  -យើងត្រូវស្គាល់អ្នកដទៃសំដៅទៅលើអ្នកដែលយើងត្រូវនិយាយជាមួយដូចជាគណៈកម្មការ ទស្សនិកជនដែលចូលរួមស្តាប់ និងជាពិសេសគឺដៃគូប្រកួតប្រជែងរបស់យើងផ្ទាល់ដែលដូចទៅនឹងសុភាសិតមួយបាននិយាយថា «បើយើងស្គាល់សត្រូវច្បាស់យើងច្បាំង១០០ដងឈ្នះទាំង១០០ដង»។  តើត្រូវមានលក្ខខណ្ឌបែបណាខ្លះទើបអាចក្លាយជាបេក្ខភាពចូលរួមប្រកួត? បេក្ខភាពដែលចូលរួមប្រកួត គឺត្រូវបានផ្តល់ជូនដោយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលបានចុះអនុសារណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យនៅខេត្តមួយនៃប្រទេសចិន ក្រោមការជ្រើសរើសបេក្ខភាពពីលោកសាកលវិទ្យាធិការ រួមជាមួយថ្នាក់ដឹកនាំសាលាដោយមានធ្វើការតេស្តសាកល្បងសមត្ថភាពជាច្រើន។  ជាលទ្ធផលក៏បានជ្រើសរើសយកនិស្សិត២រូបឲ្យចូលរួមព្រមទាំងមានគណៈប្រតិភូថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំសាលាជាង៥០នាក់រួមដំណើរ។ គួរបញ្ជាក់ផងដែរថា  នេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងនោះទេ គឺមានកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ស្តីពីវិស័យអប់រំដែលតែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០០៨ មកម៉្លេះដែលព្រឹតិ្តការណ៍នេះមានឈ្មោះថា«China-ASEAN Educational Cooperation Week» ។                                តើកត្តាអ្វីខ្លះដែលជួយជម្រុញឲ្យទទួលបានជោគជ័យ?             កត្តាដែលជួយជម្រុញខ្ញុំឲ្យទទួលបានជ័យជំនះមានដូចជា៖  -កត្តាខ្លួនឯង ៖ ដោយសារពេលដែលខ្ញុំសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាខ្ញុំបានបង្កើតក្រុមតទល់មតិ (Debate) និងស្វ័យសិក្សាដោយខ្លួនឯងច្រើន  -កត្តាសាកលវិទ្យាល័យ ៖ដែលបានផ្តល់ឱកាសឲ្យខ្ញុំចូលរួមប្រកួតប្រជែង និងខិតខំធ្វើការជម្រុញយ៉ាងមុតមាំទៅលើការប្រកួតនេះ  -កត្តាទីប្រឹក្សា និងគ្រូបង្វឹក ៖ ព្រោះថាពួកគាត់បានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងជួយផ្តល់ជាយោបល់ បកស្រាយនូវចម្ងល់មួយចំនួន និងផ្តល់ឯកសារពាក់ព័ន្ធផ្សេងៗ ជាពិសេស គឺក្នុងការបង្កើតមាតិកាសម្រាប់និយាយ។ ចំពោះពួកខ្ញុំ គឺបានត្រៀមឯកសារទុករួចជាស្រេចដូច្នេះនៅពេលណាដែលប្រធានបទចេញមកមានភាពប្រហាក់ប្រហែលគ្នាគឺពួកខ្ញុំពុំមានការព្រួយបារម្ភឡើយ។ ជាចុងក្រោយ តើលោកមានសារអ្វីខ្លះចែកជូនដល់មិត្តអ្នកអាន? ជាចុងក្រោយនេះផងដែរ ខ្ញុំសូមសំណូមពរឲ្យកូនខ្មែរទាំងអស់កុំមើលងាយលើសមត្ថភាពខ្លួន ត្រូវលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ត្រូវអភិវឌ្ឍចំណេះដឹង ជំនាញ និងវិជ្ជាជីវៈបន្ថែម ដោយជឿថាខួរក្បាលកូនខែ្មរមិនអន់ទេ យើងអាចក្រឡេកទៅមើលនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសុទ្ធសឹងតែទទួលបានការកោតសរសើរពីបណ្តាប្រទេសទាំងនោះ។ ជាក់ស្តែង ជោគជ័យថ្ងៃនេះរបស់ខ្ញុំអាចចាត់ទុកថាជាគំរូមួយសម្រាប់យុវជនខែ្មរផងដែរ ដូច្នេះខ្ញុំសង្ឃឹមថាពួកគាត់ក៏អាចសម្រេចបានដូចខ្ញុំ ឬលើសពីខ្ញុំក៏ថាបាន ហើយត្រូវចងចាំថា «ត្រូវបញ្ឈប់នូវពាក្យត្អូញត្អែរ ហើយត្រូវខិតខំធ្វើការងារឲ្យបានជោគជ័យ»។ 

ចែករំលែក

ការបង្កើត ឬប្រកបរបរអ្វីមួយដែលមានស្លាកយីហោផ្ទាល់ខ្លួន ប្រាកដណាស់ជាភាពល្អប្រសើរមួយសម្រាប់ទាក់ទាញអតិថិជន យ៉ាងណាមិញ ការរុករកវិធីសាស្រ្តដើម្បីផ្សព្វផ្សាយផលិតផលទាំងនោះ ជាកត្តាមួយ ដ៏សំខាន់ និងគួរតែយកចិត្តទុកដាក់ដោយធ្វើយ៉ាងណាឲ្យផលិតផលរបស់អ្នកអាចបន្តដំណើរតទៅមុខបាន។        តាមរយៈប្រសាសន៍របស់Christine Arce-Cabrera ដែលជាប្រធានផ្នែកទំនាក់ទំនងខាងម៉ាកផលិតផលនៅក្រុមហ៊ុនCellcard «ការសាងកេរ្តិ៍ឈ្មោះ ឬស្លាកយីហោរបស់ក្រុមហ៊ុនរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតនូវលក្ខណៈពិសេសរបស់ខ្លួនតាមរយៈការភ្ជាប់ទំនាក់ទំនង និងយកឈ្នះលើទឹកចិត្តអតិថិជន»។ គួរបញ្ជាក់ផងដែរថា Christineបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែក Integrated Marketing Communications (IMC) និងថ្នាក់អនុបណ្ឌិតផ្នែក Advertising ពី University of Asia and the Pacific (UA&P Philippines)។ ហេលស៍ថាម៖ និយាយពីការធ្វើឲ្យអតិថិជនស្គាល់ស្លាកយីហោមួយ តើមានអ្វីខ្លះជាចាំបាច់? ដំបូង ត្រូវធ្វើឲ្យអតិថិជនគោលដៅស្គាល់ច្បាស់ពីយើង ហើយបន្សល់នូវការចងចាំជាអារម្មណ៍ដិតដាមនៅក្នុងចិត្តរបស់ពួកគេ តាមរយៈវិធីសាស្រ្តផ្សេងៗទៅតាមផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុននីមួយៗ។ ហេលស៍ថាម៖ តើស្លាកយីហោមានសារសំខាន់យ៉ាងណាខ្លះចំពោះក្រុមហ៊ុន? ក្នុងពិភពដែលផលិតផលជាច្រើនកំពុងតែប្រជែងគ្នា ដើម្បីដណ្តើមចំណាប់អារម្មណ៍របស់អតិថិជន ស្លាកយីហោជាអ្វីដែលបង្កើតឲ្យមានភាពខុសគ្នារវាងក្រុមហ៊ុននីមួយៗ។ វាបញ្ជាក់ពីគុណភាព ទំនុកចិត្ត កេរ្តិ៍ឈ្មោះ ព្រមទាំងបណ្តុះនូវទឹកចិត្តស្រឡាញ់ និងពេញចិត្ត ដែលជាឱកាសមួយអាចឲ្យអ្នកឈរជើងនៅលេខរៀងមុខគេសម្រាប់អតិថិជន។ តួយ៉ាង កាហ្វេមួយកែវដែលមានស្លាកសញ្ញាច្បាស់លាស់ ប្រាកដណាស់វានឹងទទួល បានការជាវមុនគេ ក៏ដោយសារតែកម្លាំង និងថាមពលនៃស្លាកយីហោ ដែលមានឥទ្ធិពលដល់ផ្នត់គំនិតអ្នកប្រើប្រាស់ និងអាចបញ្ជាក់ពីកម្រិតសង្គមដែលខ្លួនកំពុងរស់នៅ។ ហេលស៍ថាម៖ តើគុណតម្លៃអ្វីដែលស្លាកយីហោគួរផ្តល់ជូនអ្នកប្រើប្រាស់ ដើម្បីក្លាយខ្លួនជាជម្រើសដំបូងរបស់ពួកគេ? វាពឹងផ្អែកថាតើអ្វីជាគោលដៅនៃទីផ្សារ និងការចង់បានរបស់អ្នកជាវ។ គ្រប់ច្បាប់ ឬវិធីសាស្រ្តមួយមិនប្រាកដថាអាចប្រើប្រាស់បានជោគជ័យគ្រប់បុគ្គលទាំងអស់នោះទេ។ សំខាន់ គឺត្រូវមានការសិក្សាឲ្យបានច្បាស់លាស់ពីអតិថិជនគោលដៅ ពីព្រោះពួកគេជាគុណតម្លៃ និងជារង្វាស់មួយដែលអាចកំណត់បានថាតើផលិតផលរបស់យើងឈានដល់ដំណាក់កាលដែលអាចបន្តទៅមុខបាន ឬក៏បោះបង់ចោល។  អ្វីដែលសំខាន់ គឺ ត្រូវមានការប្រកាន់ខ្ជាប់ និងស្វែងយល់ពីតម្រូវការខុសៗគ្នារបស់អ្នកប្រើប្រាស់ ដោយហេតុថាអតិថិជនតែងតែចង់ទទួលបានអ្វីដែលខុសៗគ្នា ដើម្បីស្របទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ បុគ្គលខ្លះចង់បាននូវអ្វីដែលធ្វើឲ្យខ្លួនលេចធ្លោ និងទាក់ទាញ ស្របពេលដែលអ្នកមួយចំនួនទៀតគិតគូរខ្លាំងទៅលើគុណភាពនៃផលិតផលទាំងនោះជាចម្បង។ ហេលស៍ថាម៖ តើធ្វើដូចម្តេចទើបអាចកសាងនូវឈ្មោះផលិតផលបានប្រកបដោយភាពជោគជ័យ? សារដើម្បីផ្សព្វផ្សាយផលិតផលអាចធ្វើទៅបាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ប៉ុន្តែត្រូវធានាថាសារទាំងនោះបង្កប់នូវអ្វីដែលជាភាពទាក់ទាញដល់អតិថិជន និងត្រូវគោលដៅដែលអ្នកចង់បង្ហាញទៅតាមពេលវេលា និងទីកន្លែងដែលស័ក្តិសម។ ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈទូរទស្សន៍ វិទ្យុ ស្លាកសញ្ញាតាមទីសាធារណៈ បណ្តាញសង្គមដូចជា ហ្វេសប៊ុក ការផ្សព្វផ្សាយតាមការប្រគុំតន្រ្តី ឬកម្មវិធីផ្សេងៗជាដើមសុទ្ធតែជាអ្វីដែលអ្នកពុំគួរមើលរំលង។  យ៉ាងណាមិញ ដោយហេតុថាបណ្តាញផ្សព្វផ្សាយទាំងនោះកំពុងតែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដូច្នេះ ត្រូវមានការសម្រេចចិត្តដ៏ឆ្លាតវៃមួយ ដើម្បីធ្វើយ៉ាង-ណាចៀសវាងនូវការជះភាពរំខានដល់អារម្មណ៍ និងទឹកចិត្តរបស់អតិថិជន។ ហេលស៍ថាម៖ តើធ្វើបែបណាខ្លះ ទើបអាចរក្សាកេរ្តិ៍ឈ្មោះស្លាកយីហោឲ្យបានស្ថិតស្ថេរ? ធ្វើយ៉ាងណារក្សាឲ្យបាននូវវត្តមាន និងភាពទាក់ទាញរបស់ផលិតផលទាំងនោះទៅដល់មហាជនទូទៅទាំងអស់ ពីព្រោះថាបើគ្មានភាពទាក់ទាញ ក៏មិនមានឱកាសទទួលបានការស្រឡាញ់ និងពេញចិត្តពីសំណាក់អតិថិជនផងដែរ។ ដូច្នេះហើយ ត្រូវកែប្រែ និងរក្សានូវអ្វីដែលជាការចង់បាន ភាពពេញចិត្ត និងតម្រូវការរបស់អតិថិជនទាំងអស់ទៅតាមសម័យកាល។ ហេលស៍ថាម៖ ជាចុងក្រោយនេះ តើChristineមានពាក្យពេចន៍អ្វីខ្លះចែកជូនដល់មិត្តអ្នកអាន? ការងារផ្នែកនេះប្រហែលជាត្រូវបានគេគិតថា មានភាពឡូយឆាយ និងភាពច្នៃប្រឌិតច្រើន តែស្របពេលជាមួយគ្នា វាក៏មិនខុសពីការងារដទៃទេ គឺទាមទារនូវការអត់ធ្មត់ និងលះបង់ច្រើន។ តួយ៉ាង នាងខ្ញុំមានភាពមមាញឹកច្រើន ទាំងពេលថ្ងៃ និងពេលយប់ ហើយពេលខ្លះត្រូវប្រឈមមុខនឹងកំហឹងរបស់អតិថិជន ប៉ុន្តែទោះបីជាយ៉ាងណា នាងខ្ញុំមិនដែលស្តាយក្រោយ ឬគិតថាចង់បោះបង់ចោលមួយវិនាទីណាមួយឡើយ។

ចែករំលែក

«នៅក្នុងប្រទេសកម្ពុជាយើង ស្រ្តីប្រមាណ១,៥០០នាក់បានកើតជំងឺនេះជារៀងរាល់ឆ្នាំ និងប្រមាណ ៦០%បានបាត់បង់ជីវិតដោយសារជំងឺមហារីកមាត់ស្បូនជារៀងរាល់ឆ្នាំ»  នេះបើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត និងអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនតាំងពីឆ្នាំ២០១៣។  ដោយសារតែជំងឺនេះ ជាកង្វល់ដ៏គួរព្រួយបារម្ភមួយនៃបញ្ហាសុខភាពស្រ្តីមិនថាតែនៅកម្ពុជា និងទូទាំងពិភពលោក យើងខ្ញុំក៏សូមនាំមកជូនអត្ថបទសំណួរ-ចម្លើយទាក់ទិននឹងជំងឺនេះ ដែលចម្លើយខាងក្រោមជាការបកស្រាយផ្ទាល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារយ៉ាងដូចម្តេចខ្លះ សូមតាមដានជាមួយគ្នា… សំណួរ ៖ ដូចម្តេចដែលហៅថា«ជំងឺមហារីកមាត់ស្បូន»? ចម្លើយ ៖ ជំងឺមហារីកមាត់ស្បូន ជាដំបៅមហារីកដែលកើតពីការលូតលាស់ឥតឈប់ឈររបស់កោសិកាមាត់ស្បូនបណ្តាលមកពីការឆ្លងរយៈពេលយូរអង្វែងរបស់វីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូន។ សំណួរ ៖ តើជំងឺនេះលេចឡើងជាមួយនឹងរោគសញ្ញាអ្វីខ្លះ? ចម្លើយ ៖ រោគសញ្ញាសំខាន់នៃជំងឺមហារីកមាត់ស្បូន គឺការធ្លាក់ឈាមដោយឯកឯង ក្រៅពីឈាមរដូវ។ រោគសញ្ញាផ្សេងៗទៀតមានដូចជា៖ ការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងពេល ឬ ក្រោយពេលរួមភេទ ។ សំណួរ ៖ តើស្រ្តីណាខ្លះដែលមានការប្រឈមមុខខ្ពស់ទៅនឹងជំងឺមួយនេះ? ចម្លើយ ៖ ស្រ្តីដែលងាយប្រឈមនឹងជំងឺមហារីកមាត់ស្បួនមានដូចជា ៖ •ស្រ្តីដែលមានដៃគូរួមភេទច្រើន ឬដៃគូរបស់គាត់មានដៃគូរួមភេទច្រើន • ស្ត្រីដែលមានជំងឺអេដស៍ ឬជំងឺកាមរោគផ្សេងៗទៀត • ស្ត្រីដែលមានកូនច្រើន (មានផ្ទៃពោះដំបូងនៅអាយុក្មេងជាង ១៨ឆ្នាំ) • ស្ត្រីដែលមិនបានធ្វើការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV • ស្រ្តីដែលមិនធ្លាប់តាមដានកោសិកាមាត់ស្បូន (pap smear) •ស្ត្រីដែលមិនធ្លាប់ធ្វើតេស្តរកមេរោគ HPV (HPV DNA test) សំណួរ ៖ តើជំងឺនេះបង្កឡើងដោយសារអ្វីខ្លះ? ចម្លើយ ៖ មូលហេតុនៃជំងឺមហារីកមាត់ស្បូនមានតែមួយគត់គឺ ការផ្ទុកវីរុស Human Papilloma Virus (HPV) នៅនឹងមាត់ស្បូនរយៈពេលយូរ (ជាទូទៅលើសពី ៥ ឆ្នាំ)។ សំណួរ ៖ តើការធ្វើរោគវិនិច្ឆ័យជំងឺនេះប្រព្រឹត្តទៅដូចម្តេចដែរ? ចម្លើយ ៖ ជំងឺមួយនេះអាចធ្វើការរោគវិនិច្ឆ័យបានតាមរយៈវិធីមួយចំនួនដូចខាងក្រោម ៖ •វេជ្ជបណ្ឌិតធ្វើការពិនិត្យមាត់ស្បូនដោយប្រើសារធាតុជូរ ឬឆ្លុះមាត់ស្បូនដោយប្រើកែវពង្រីក (colposcopy) •ប្រសិនបើគ្មានដំបៅនៅនឹងមាត់ស្បូនទេ វេជ្ជបណ្ឌិតនឹងធ្វើការបៀកយកកោសិកាមាត់ស្បូនយកទៅវិភាគ (pap smear) ដើម្បីស្វែងរកកោសិកាដែលមិនប្រក្រតីដែលត្រៀមវិវឌ្ឍទៅជាកោសិកាមហារីក •ប្រសិនបើមានដំបៅគួរឲ្យសង្ស័យនៅនឹងមាត់ស្បូន វេជ្ជបណ្ឌិតនឹងធ្វើការដុតដំបៅមាត់ស្បូនដែលគួរឲ្យសង្ស័យនោះ (cryotherapy) ឬធ្វើការច្រឹបយកសាច់មាត់ស្បូនយកទៅវិភាគ (cervical biopsies)ដើម្បីរុករកកោសិកាមហារីក។ សំណួរ ៖  តើមានការព្យាបាលទេសម្រាប់ជំងឺមួយនេះ? បើមាន តើព្យាបាលដោយវិធីណា? ក្រោយពីព្យាបាលជាហើយ តើជំងឺនេះមានបន្សល់ទុកនូវផលវិបាកអ្វីខ្លះដល់អ្នកជំងឺទេ? ចម្លើយ ៖ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យរកឃើញកោសិកាមាត់ស្បូនមិនប្រក្រតីនៅដំណាក់កាលត្រៀមមហារីក(Pre-cancerous) ការព្យាបាលដោយកាត់យកតែមួយផ្នែកនៃមាត់ស្បូនចេញអាចព្យាបាលជំងឺនេះជាដាច់។ ដោយឡែក ប្រសិនបើកោសិកានោះក្លាយជាកោសិកាមហារីកដែលរាលដាលទៅហើយ ការព្យាបាល គឺផ្អែកទៅលើដំណាក់កាលនៃជំងឺ ឬ ផ្អែកលើការរាលដាលនៃកោសិកាមហារីកនោះផ្ទាល់។ ការព្យាបាលទាំងនោះរួមមាន៖  ១. ការវះកាត់យកស្បូនទាំងមូលព្រមទាំងដៃស្បូនទាំងសងខាងចេញ ២. ការព្យាបាលដោយថ្នាំគីមី ៣. ការព្យាបាលដោយថាមពលវិទ្យុសកម្ម។ ថ្វីត្បិតការព្យាបាលទាំង៣វិធីសាស្រ្តខាងលើនេះមានប្រសិទ្ធភាពខ្ពស់ ការព្យាបាលពុំអាចជាដាច់នោះទេ គឺគ្រាន់តែអាចពន្យារជីវិតរបស់អ្នកជំងឺបានមួយរយៈប៉ុណ្ណោះ យូរ ឬឆាប់អាស្រ័យលើដំណាក់កាលនៃមហារីក។  សំណួរ៖ ងាកទៅរកការបង្ការជំងឺនេះវិញ យើងឃើញមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ តើវ៉ាក់សាំងនេះអាចការពារស្ត្រីគ្រប់រូបឲ្យរួចផុតពីការកើតជំងឺនេះបានដល់កម្រិតណា? ចម្លើយ៖ វីរុស HPV ដែលកាចសាហាវ (high-risk HPV) ដែលនាំឲ្យកើតជំងឺមហារីកនេះមានជាង១០ប្រភេទ។ វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV មាន២ប្រភេទ គឺឈ្មោះ Gardasil និង Cervarix។ វ៉ាក់សាំងទាំង២ប្រភេទនេះ អាចការពារមេរោគ HPV ដែលកាចសាហាវជាងគេ (high-risk HPV) បានចំនួន២ប្រភេទដូចគ្នា គឺប្រភេទទី ១៦ និងប្រភេទទី១៨ (HPV16 and HPV18) ដែលមេរោគទាំង២ប្រភេទនេះ បង្កឲ្យកើត៧០% នៃជំងឺមហារីកមាត់ស្បូន។   សរុបមក វ៉ាក់សាំងពុំអាចបង្ការជំងឺមហារីកមាត់ស្បូនបាន ១០០%ទេ។ យ៉ាងណាមិញ កុមារីដែលមានអាយុចាប់ពី៩ឆ្នាំឡើងទៅអាចធ្វើការចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែនៅពេលពួកគាត់ចាប់ផ្តើមសកម្មភាពផ្លូវភេទ ពួកគាត់ត្រូវមកធ្វើការពិនិត្យកោសិកាមាត់ស្បូន (pap smear) និងធ្វើតេស្តរកមេរោគ HPV (HPV DNA Test) ឲ្យបានទៀងទាត់ ដើម្បីអាចបង្ការ៣០%ទៀតនៃជំងឺមហារីកមាត់ស្បូន។ សំណួរ៖ មានការនិយាយតគ្នាថា វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ អាចចាក់បានចំពោះតែស្រ្តីដែលមិនទាន់រៀបការប៉ុណ្ណោះ  តើនេះជាការពិតដែរឬទេ? បើនេះជាការពិត តើស្ត្រីដែលរៀបការហើយអាចបង្ការខ្លួនគាត់ពីជំងឺនេះបានដោយរបៀបណា?  ចម្លើយ៖ កុមារីចាប់ពីអាយុ៩ឆ្នាំឡើង អាចធ្វើការចាក់វ៉ាក់សាំងនេះបាន ទោះបីជាគាត់មិនទាន់ពេញវ័យក៏ដោយ (មិនទាន់មានឈាមរដូវ)។ ការចាក់វ៉ាក់សាំងនេះមានប្រសិទ្ធិភាពខ្ពស់បំផុត នៅពេលស្រ្តីមិនទាន់ឆ្លងកាត់ការរួមភេទ។ ដោយឡែក ស្រ្តីដែលរៀបការរួចអាចចាក់វ៉ាក់សាំងនេះបាន ប៉ុន្តែប្រសិទ្ធិភាពនៃការបង្ការជំងឺមហារីកមានការថយចុះ។  ការបង្ការដែលមានប្រសិទ្ធិភាពបំផុតសម្រាប់ស្រ្តីដែលរៀបការរួច គឺការពិនិត្យកោសិកាមាត់ស្បូនរៀងរាល់២ ឬ៣ឆ្នាំម្តង និងការធ្វើតេស្តរកមេរោគ HPV ឲ្យបាន៣ ឬ៥ឆ្នាំម្តង។ សំណួរ៖ តើមានសកម្មភាពអ្វីខ្លះពីសំណាក់រដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាលផ្ទាល់ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូននេះ? ចម្លើយ៖ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការដៃគូសំខាន់ៗមួយចំនួនទៀត បាន និងកំពុងធ្វើការសិក្សាសាកល្បងមួយ(pilot study) សម្រាប់បង្ការជំងឺមហារីកមាត់ស្បូនដោយប្រើប្រាស់សារធាតុជូរ (VIA test) នៅខេត្តកំពង់ចាម។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះនឹងត្រូវបានដាក់បញ្ចូលជាមូលដ្ឋាន ក្នុងការបង្កើតកម្មវិធីជាតិប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់ស្បូន។ ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលក៏កំពុងធ្វើគម្រោងស្នើសុំជំនួយផ្នែកវ៉ាក់សាំងពីអង្គការ GAVI ដែលផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍលើពិភពលោក។ គួរបញ្ជាក់ផងដែរ សម្រាប់ឆ្នាំ២០១៧នេះ ក៏មានផងដែរនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកលើកទី៨» ដោយមានការពិនិត្យមាត់ស្បូនដោយមិនគិតថ្លៃសម្រាប់ស្ត្រីដែលរៀបការរួច (អាយុចាប់ពី៣០ដល់៥០ឆ្នាំ) រយៈពេលមួយខែ ចាប់ពីថ្ងៃទី០៨ កុម្ភៈ ដល់ថ្ងៃទី០៨ មិនា នៅឯមន្ទីរពេទ្យកាល់ម៉ែត។  បញ្ជាក់ ៖ សូមធ្វើការចុះឈ្មោះជាមុនតាមទូរស័ព្ទលេខ 085 22 12 92

ចែករំលែក

នាទីចុងក្រោយនៃ វីដេអូនេះ ធ្វើអោយអ្នករំជួលចិត្ត។ ជ្រុះទូរស័ព្ទនៅទីសាធារណៈ (social experiment) Talent: Mr. Robert Luke Camera by Mr. Tim Thai Corporate producing: Mr. Sophat Gibbon Keo Video directed and edited by Mr. Tan Kimsour

ចែករំលែក

នាងខ្ញុំជាអាជីវករមួយរូប ដែលតែងតែរួសរាយរាក់ទាក់ និងមានភាពស្និទ្ធស្នាលជាមួយម៉ូយជានិច្ច។ ថ្ងៃមួយ មានអតិថិជនថ្មីជាច្រើនបានចូលមកទិញឥវ៉ាន់របស់ខ្ញុំ ប៉ុន្តែស្របពេលជាមួយគ្នានោះ មានម៉ូយម្នាក់បានមកដល់ ហើយខ្ញុំក៏លក់ជូនអតិថិជនតាមលេខរៀងនៃការមកដល់របស់គាត់។ ពេលនោះ អតិថិជនចាស់ជាម៉ូយក៏មានការអាក់អន់ចិត្ត និងរអ៊ូថា​«មិនព្រមលក់ឲ្យគ្នាឯងមុនទេ!!!»។  ខ្ញុំហាក់ដូចជានៅស្ទាក់ស្ទើរថាតើទង្វើរបស់ខ្ញុំត្រឹមត្រូវឬអត់? បើមានករណីបែបនេះកើតឡើងទៀត តើគួរធ្វើយ៉ាងដូចម្តេច? តើមានវិធីណាដែលអាចបំពេញចិត្តរបស់អតិថិជនទាំង២ប្រភេទបានទេ៎?

ចែករំលែក

ខ្ញុំគិតថា គំនិតផ្តួចផ្តើមអាជីវកម្មមានមិនតិចនោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាយើង ហើយខ្ញុំក៏ជាម្នាក់ក្នុងចំណោមបុគ្គលជាច្រើនដែលមានគំនិតចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមួយផងដែរ... បើគិតមកដល់ពេលនេះ ខ្ញុំក៏បានស្វែងយល់ច្រើនគ្រាន់បើដែរហើយ អំពីការត្រៀមខ្លួនក្លាយជាម្ចាស់អាជីវកម្មមួយរូប ដោយបានព្យាយាមអានសៀវភៅទាំងភាសាជាតិ និងអង់គ្លេសពីអ្នកជោគជ័យនៅលើពិភពលោក ព្រមទាំងចូលរួមសិក្ខាសាលាអប់រំជាបន្តបន្ទាប់ ហើយក៏ប្រឹក្សាជាមួយមនុស្សជាច្រើនដែរ... ខ្ញុំផ្ទាល់ពិតជាចង់បង្កើតនូវស្លាកយីហោមួយដែលថ្មីណាស់ តែមានមនុស្សមួយចំនួនដែលខ្ញុំស្គាល់បានលើកឡើងថា «វានឹងត្រូវការពេលយូរមែនទែន...ហើយបើមានដើមទុនច្រើនក្រែលដែរ ម៉េចមិនទិញសិទ្ធអាជីវកម្ម(Franchise)មកពីក្រៅទៅ?»។ ស្តាប់ហើយ...ក៏មានអារម្មណ៍ស្ទាក់ស្ទើរ... តើអាចផ្តល់យោបល់ខ្លះដល់ខ្ញុំបានទេ៎? តើគួរតែទិញសិទ្ធអាជីវកម្មពីស្លាកយីហោដែលមានស្រាប់? ឬបង្កើតស្លាកយីហោថ្មី?

ចែករំលែក

  បន្ទាប់ពីឆ្លងកាត់នូវការធ្វើបទសម្ភាសន៍ដោយជោគជ័យមក បេក្ខភាពនឹងឈានដល់ដំណាក់កាលនៃការសាកល្បងសមត្ថភាព (Probation) ដែលជាដំណាក់កាល មួយដែលក្រុមហ៊ុននឹងធ្វើការពិចារណា និងវាយតម្លៃសមត្ថភាពការងាររបស់បេក្ខភាព បន្ថែមពីលើអ្វីដែលគេបានបង្ហាញនៅក្នុង CV និងរៀបរាប់ក្នុងពេលសម្ភាសន៍។  ចង់ដឹងទេថា «តើគួរធ្វើបែបណាខ្លះ ដើម្បីធានាបាននូវការពេញចិត្តពីថ្នាក់លើ ហើយអាចក្លាយខ្លួនជាបុគ្គលិកពេញសិទ្ធិ?» ដើម្បីដោះស្រាយនូវចម្ងល់ទាំងនេះ ហេលស៍ថាម ក៏បានអញ្ជើញតំណាងកិត្តិយសពីក្រុមហ៊ុន ខេម អេច អ (CAMHR) គឺលោក វ៉ែន ប៊ុនលី ដែលជានាយកពាណិជ្ជកម្ម មានបទពិសោធន៍ ជាង ១០ឆ្នាំមកហើយក្នុងផ្នែកធនធានមនុស្ស។ រយៈពេលនៃការសាកល្បងការងារ សម្រាប់ក្រុមហ៊ុនយើងខ្ញុំក៏មិនខុសគ្នាជាមួយក្រុមហ៊ុនដទៃទៀតដែរ គឺជាទូទៅរយៈពេលសាកល្បងការងារ(Probation)មានរយៈពេល៣ខែ ដែលមានលក្ខណៈដូចនឹងក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកជាច្រើនផងដែរ។ ចំពោះបុគ្គលិកដែលត្រូវបានផ្តល់ឱកាសឲ្យឆ្លងកាត់រយៈពេលសាកល្បងការងារ គឺមើលទៅលើ៥ចំណុចធំៗដែលបេក្ខភាពត្រូវមានជាចាំបាច់ដែលមានដូចជា៖  -ត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន -ត្រូវមានលក្ខណៈសម្បត្តិដែលសមស្របជាមួយលក្ខខណ្ឌការងារ  និងបរិស្ថានការងារ -ត្រូវមានអាកប្បកិរិយាល្អគួបផ្សំនឹងបទពិសោធន៍ការងារខ្លះៗពីមុនមក -ឧស្សាហ៍ព្យាយាមក្នុងការងារដែលប្រធានបានប្រគល់ឲ្យធ្វើ និងអាចធ្វើការងារជាក្រុមបាន -មានចំណង់ចំណូលចិត្ត ឬចូលចិត្តការងារ ព្រមទាំងមានភាពអត់ធ្មត់នឹងការងារ ដែលជាតួនាទីដែលមេប្រគល់ជូន។ គួរបញ្ជាក់ផងដែរថា ចំណុចខាងលើនេះនឹងត្រូវបានបន្តធ្វើការវាយតម្លៃដោយប្រធានផ្នែកនីមួយៗរបស់គេ បន្ទាប់ពីបេក្ខភាពជាប់ចូលទៅក្នុងដំណាក់កាលសាកល្បងការងារ។ ទង្វើដែលគួរធ្វើ និងមិនគួរធ្វើ ជាការពិតណាស់ យើងឃើញបុគ្គលិកមួយចំនួនព្យាយាមបង្ហាញសមត្ថភាពរបស់គាត់លើសព្រំដែន នៅពេលចាប់ផ្ដើមការងារដំបូង ដើម្បីបង្ហាញឲ្យនិយោជកឃើញ ប៉ុន្តែទង្វើនេះធ្វើឲ្យគាត់ពិបាកធ្វើការងារជាក្រុមជាមួយបុគ្គលិកដែលចូលមុនៗ ដូច្នេះ បុគ្គលិកដែលជាប់ក្នុងរយៈពេលសាកល្បងការងារគួរយល់ដឹងពីចំណុចមួយចំនួនដូចខាងក្រោមនេះ  ៖ ទង្វើគួរប្រតិបត្តិ -គួរសម្របខ្លួនធ្វើការងារជាក្រុម -រៀនយល់ពីអត្តចរិតរបស់មិត្តរួមការងារ -ស្វែងយល់ពីច្បាប់ការងារ និងគោរពច្បាប់ការងារដែលក្រុមហ៊ុនចែង -ព្យាយាមបង្ហើយរាល់ការងារដែលប្រធានក្រុម និងក្រុមហ៊ុនដាក់ឲ្យធ្វើដោយមិនរអ៊ូរទាំឡើយ ទង្វើមិនគួរប្រតិបត្តិ -ធ្វើហួសសិទ្ធិដែលខ្លួនមាន ដោយព្យាយាមបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួន -មានអំនួតជ្រុលលើខ្លួនឯង និងចាត់ទុកអ្នកដទៃអន់ជាងខ្លួន -រិះគន់ទៅលើច្បាប់ការងារ ឬបរិស្ថានការងាររបស់ក្រុមហ៊ុន ដោយមិននាំមកនៅការស្ថាបនា។ តើការប្រឹងប្រែងអួតជារឿងល្អដែរឬទេ? អ្នកខ្លះហាក់ដូចជាខំអួតបង្ហាញនូវសមត្ថភាពឲ្យនិយោជកឃើញនៅក្នុងរយៈពេល Probation ដើម្បីងាយនឹងបានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ សកម្មភាពនេះបើចំពោះក្រុមហ៊ុនតូច គេអាចនឹងបែងចែកការងាររបស់គាត់ទៅទំនាក់ទំនងនៅខាងក្រៅ វាប្រហែលជាគ្មានបញ្ហាទេ តែប្រសិនបើធ្វើការងារជាក្រុម វាអាចប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកផ្សេងដែលនៅជុំវិញខ្លួន។ ទោះបីជាអាចបំពេញនូវពាក្យអំនួតរបស់ខ្លួនបានក៏ដោយ តែវាធ្វើឲ្យមានការបាក់ទឹកចិត្តទៅលើបុគ្គលិកចាស់ដែលគេមិនអាចធ្វើបាន។  ចំណុចដែលត្រូវធ្វើការវាយតម្លៃ ក្នុងរយៈពេលProbationនេះផងដែរ ផ្នែកធនធានមនុស្សនឹងធ្វើការវាយតម្លៃលើចំណុចខ្លះចំពោះការបំពេញការងាររបស់បុគ្គលិកដែលមានដូចជា៖ -ការងារដែលដាក់ឲ្យ អាចធ្វើបានប៉ុណ្ណា? ទោះបីជាបានត្រឹមតែ៣០-៤០%ក៏មិនមានបញ្ហាដែរ ព្រោះវាអាចជាការងារដែលមានលក្ខណៈថ្មី សម្រាប់បុគ្គលិកដែលទើបតែចូលដំណាក់កាលសាកល្បង -មើលទៅលើវប្បធម៌ទូទៅ ដែលយើងមើលទៅលើសមត្ថភាពរបស់គាត់អាចទទួលយកនូវការងារដែលយើងដាក់ទៅ ឬក៏អត់ -មើលទៅលើចំណង់ក្នុងការធ្វើការងារនៅពេលដែលដាក់ការងារឲ្យធ្វើ ថាតើមានសកម្មភាពតបតមកវិញយ៉ាងណា។ លក្ខណៈសម្បត្តិ ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិ ចំពោះឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិវិញ លុះត្រាតែបុគ្គលិកមានលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម ៖ -ភាពស្មោះត្រង់ជាមួយក្រុមហ៊ុន -មានឥរិយាបថល្អ -មានចំណេះដឹង និងព្យាយាមរៀនពីការងារដែលដាក់ឲ្យធ្វើ -មានបុគ្គលិកលក្ខណៈល្អ ដែលអាចធ្វើការងារជាក្រុមបាន និងចង់បានការលើកស្ទួយពីក្រុមហ៊ុននៅថ្ងៃក្រោយ -មានបទពិសោធន៍ការងារខ្លះ និងចង់រៀនបន្ថែមពីក្រុមហ៊ុន។ ចំណុចខុសគ្នារវាងបុគ្គលិក Probation និងបុគ្គលិកពេញសិទ្ធិ -បុគ្គលិកពេញសិទ្ធ៖ មានកិច្ចសន្យាការងារច្បាស់លាស់ ទទួលបានការអនុញ្ញាតមួយចំនួន និងមានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ។  -បុគ្គលិក Probation ៖ ជាបុគ្គលិកបណ្ដោះអាសន្ន គ្មានច្បាប់ឈប់សម្រាកប្រចាំឆ្នាំ មានការចរចារលើប្រាក់ខែបន្ទាប់ពីចប់Probation និងមិនអាចចូលរួមធ្វើការងារមួយចំនួន ព្រោះខាងក្រុមហ៊ុនមិនទាន់អាចទុកចិត្តបាន។ អនុសាសន៍ ជាចុងក្រោយ លោកក៏សូមផ្ដាំផ្ញើដល់អ្នកដែលទើបតែចូលធ្វើការ ឬអ្នកដែលទើបតែជាប់ការងារថ្មី  អ្នកគួរតែសម្របខ្លួនជាមួយបរិយាកាសការងារ ក៏ដូចជាមិត្តរួមការងារ ហើយចៀសវាងការព្យាយាមផ្តល់ជាដំបូន្មាន ឬបង្គាប់បញ្ជាទៅដល់បុគ្គលិកចាស់ ដែលវានាំឲ្យមានភាពលំបាក ឬទើសទាល់ក្នុងដំណាក់កាលសាកល្បងការងារ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក
Top