Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

នាងខ្ញុំឈ្មោះ ម៉ម គឹមអេង ជានិស្សិតឯកទេសសោភ័ណសល្យសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ដោយសារនាងខ្ញុំស្ថិតក្នុងគ្រួសារដែលមានជីវភាពមធ្យម ដូចនេះ ការទទួលបានអាហារូបករណ៍ឥតបង់ថៃ្ល ជាឱកាសមួយធ្វើឲ្យនាងខ្ញុំអាចចូលសិក្សាក្នុងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន។ មួយវិញទៀត ដោយក្តីស្រឡាញ់តាំងពីកេ្មង ព្រមទាំងមានការលើកទឹកចិត្តពីក្រុមគ្រួសារ នាងខ្ញុំក៏សម្រេចចិត្តជ្រើសរើសមុខវិជ្ជាវេជ្ជសាស្រ្តនេះតែម្តង។ ជាទូទៅ បន្ទាប់ពីការសិក្សា អស់រយ:ពេល៦ឆ្នាំ បញ្ចប់បរិញ្ញាបត្រវេជ្ជសាស្រ្ត និសិ្សតទាំងអស់មានផ្លូវពីរដែលត្រូវជ្រើសរើសទីមួយ គឺបន្ត២ឆ្នាំទៀត ដើម្បីក្លាយជាវេជ្ជបណ្ឌិតទូទៅ និងទីពីរ គឺប្រឡងប្រជែងជាមួយនិសិ្សតដទៃទៀតដើម្បីបានចូលរៀនថ្នាក់ជំនាញឯកទេសរយ:ពេល៤ឆ្នាំ ។ ទាក់ទងនឹងជំនាញឯកទេសសោភ័ណសល្យសាស្រ្ត (វះកាត់កែលម្អ) Plastic surgery មានមនុស្សជាច្រើនយល់ច្រឡំថា វាគ្រាន់តែជាការវះកាត់កែសម្ផស្សតែប៉ុណ្ណោះ។ ប៉ុន្តែតាមពិតទៅ Plastic surgery នេះ ចូលរួមចំណែកយ៉ាងធំដូចជា ភាពមិនគ្រប់លក្ខណ:ពីកំណើតនៅលើមុខ មាត់ ឬក្រអូមមាត់ឆែប ពិការភាពអវ:យវ: គ្រោះថ្នាក់ដែលធ្វើឲ្យមានភាពមិនប្រក្រតី ឬរលាកលើរូបរាងកាយ និងរួមចំណែកជាមួយនឹងការវះកាត់ដុំមហារីកផងដែរ។ នាងខ្ញុំសម្រេចចិត្តជ្រើសរើសជំនាញនេះ ដោយសារវាជាការវះកាត់ដែលប្រើបច្ចេកទេស និងប្រើកម្លាំងស្រាល ដែលនាងខ្ញុំអាចធ្វើបាន។ ម៉្យាងទៀត នាងខ្ញុំស្រលាញ់ជំនាញមួយនេះតាំងពីឆ្នាំទី៤ដែលជាឆ្នាំដំបូងនៃការចុះកម្មសិក្សានៅឯមន្ទីរពេទ្យមកម៉្លេះ។ ការសិក្សាផ្នែកនេះ មានការលំបាកច្រើនដូចនិស្សិតឯកទេសដទៃទៀតដែរ ទាំងការយាម ការឈរវះកាត់រយ:ពេលយូរ ព្រមទាំងប្រឈមនឹងការឆ្លងរោគកម្រិតខ្ពស់។ បញ្ហាមួយទៀត គឺការចំណាយ ព្រោះថ្នាក់ឯកទេសមិនមានការផ្តល់អាហារូបករណ៍ទៀតនោះទេ ដូច្នេះ ការសិក្សារយៈពេលយូរ និស្សិតត្រូវការថវិកាបង់ថៃ្លសិក្សា រួមទាំងការចាយវាយផេ្សងៗទៀតច្រើន។ ការសិក្សាផ្នែកវះកាត់កែលំអនេះ បែងចែកជាពីរដំណាក់កាលគឺ ក្នុងរយៈពេល២ឆ្នាំដំបូង និស្សិតត្រូវធ្វើកម្មសិក្សាវះកាត់ទូទៅ និង២ឆ្នាំបន្ទាប់គឺ ធ្វើកម្មសិក្សាវះកាត់ឯកទេស។ ទោះជាជួបព្យុះភ្លៀងយ៉ាងណាក៏ដោយ នាងខ្ញុំមិនដែលគិតថានឹងបោះបង់វានោះទេ ព្រោះនាងខ្ញុំតែងតែទទួលបានការលើកទឹកចិត្តពីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ និងមិត្តភក្តិជានិច្ច។ ជាការពិត​ ជំនាញនេះជាជំនាញដែលខ្ញុំស្រលាញ់ ហើយខ្ញុំអាចជាសមាជិកម្នាក់គត់ ដែលជាទីពំនាក់ពេលក្រុមគ្រួសារ ឬបងប្អូនឈឺ។ ដើម្បីចូលរួមជួយដល់កិច្ចការសង្គម ក្រៅពីការសិក្សានៅសាលា នាងខ្ញុំមានតែកម្លាំងកាយ ចិត្ត និងជំនាញ ចុះជួយវះកាត់ព្យាបាលដល់ប្រជាជននៅតាមខេត្ត ដោយឥតគិតថ្លៃ និងស្វែងរកថវិកាពីសប្បុរសជន ដើម្បីជួយអ្នកជំងឺក្រីក្រ។ សម្រាប់គម្រោងនាថៃ្ងអនាគត នាងខ្ញុំមានបំណងចង់បើកគ្លីនិកផ្ទាល់ខ្លួន ដើម្បីជីវភាពគ្រួសារ និងប្រសិនបើមានលទ្ធភាព ខ្ញុំចង់បង្កើតជាអង្គការចាស់ជរាមួយ ព្រោះថាសព្វថៃ្ងនេះមានតែអង្គការកុមារកំព្រា និងមន្ទីរពេទ្យប៉ុណ្ណោះដែលព្យាបាលមិនគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រ។ ជាចុងក្រោយ នាងខ្ញុំសូមផ្តាំផ្ញើទៅកាន់ប្អូនៗជំនាន់ក្រោយថា «ប្អូនគួរតែសម្រេចចិត្តជ្រើសរើសនូវអ្វីដែលខ្លួនស្រឡាញ់ ហើយជាអ្វីដែលប្អូនអាចធ្វើបាន ព្រោះថាប្អូនត្រូវប្រកបរបរនេះអស់មួយជីវិត។ រីឯការរៀនភាសាបន្ថែម ទាំងភាសាអង់គេ្លស និងភាសាបារាំង សុទ្ធតែចាំបាច់សម្រាប់ការសិក្សាស្រាវជ្រាវ ក៏ដូចជាដើម្បីសិក្សាបន្តនៅក្រៅប្រទេសនានាផងដែរ។ មិនតែប៉ុណ្ណោះ ត្រូវមានការអត់ធ្មត់ តស៊ូ និងលះបង់ប្រកបដោយសីលធម៌​ទើបយើងអាចឆ្លងរួចនូវការលំបាកទាំងនេះបាន។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

វិបត្តិមិត្តអ្នកអាន៖ ខ្ញំុទើបតែរៀនចប់ បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យក្នុងស្រុកមួយ។ ឪពុកម្តាយ ខ្ញំុជាអ្នកលក់ដូរនៅផ្សារអូរឬស្សី​ គាត់ចង់ឲ្យខ្ញំុធ្វើការនៅធនាគារ កំុឲ្យហត់ដូចពួកគាត់​ តែខ្ញំុមិនចង់ធ្វើការទេ ព្រេាះខ្ញំុគិតថា រកសីុរកលុយបានច្រើនជាង ម៉្យាងមិនចាំបាច់ត្រូវមាត់គេ ចង់សម្រាកពេលណាក៏បាន។ ខ្ញំុចង់បើកហាងលក់អាហារនិងកាហ្វេមួយកន្លែង នៅក្បែផ្សារអូរឬស្សីព្រេាះមានមនុស្សច្រើនណាស់នៅទីនេាះ លក់ដូចប៉ា ម៉ាក់ខ្ញំុក៏សឹងតែរកពេលសម្រាកគ្មានផង។ ខ្ញំុចង់ដឹងថាតើខ្ញំុគួរទៅធ្វើការ ឬរកសីុ?

ចែករំលែក

ដើម្បីជាការចូលរួមចំណែកមួយផ្នែកក្នុងការលើកស្ទួយនូវការផ្តួចផ្តើមអាជីវកម្មថ្មីនៅកម្ពុជា Park Café រួមសហការជាមួយនឹង Educational Development Institute បានរៀបចំនូវវេទិកាស្តីអំពីការផ្តើមអាជីវកម្ម ដោយផ្តោតសំខាន់លើប្រធានគួរឲ្យចាប់អារម្មណ៍ផ្សេងៗ និងបានបែងចែកប្រធានបទទាំងនោះទៅតាមខែនីមួយៗក្នុងរយៈពេលមួយឆ្នាំពេញតែម្តង។ ក្នុងនោះផងដែរ សិក្ខាសាលាលើកទី១ប្រចាំឆ្នាំ២០១៧នេះ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ គឺ នៅថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៥:៣០ ដល់ម៉ោង០៨ :០០ ល្ងាច ជាមួយនឹងវត្តមាននៃវាគ្មិនកិត្តិយសចំនួន ២រូប គឺ លោក ឡែម ចាន់សំរេច ជានាយកគ្រប់គ្រងនៃCambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរីរ័ត្ន ជាស្ថាបនិក និងនាយកប្រតិបត្តិនៃBanhji ក្រោមការសម្របសម្រួលពីសំណាក់លោក ហេង សេងលី ជានាយកគ្រប់គ្រងទូទៅនៃPark Café។ ប្រធានបទពិភាក្សាសម្រាប់សិក្ខាសាលាលើកនេះ រួមមាន៖ -វិធីសាស្រ្តក្នុងការផ្តើមអាជីវកម្ម -យុទ្ធសាស្រ្តក្នុងការរៀបចំគម្រោងអាជីវកម្ម -និន្នាករទីផ្សារ និងទីផ្សារបច្ចុប្បន្ន -យុទ្ធសាស្រ្តក្នុងការស្វែងរកឥណទានសម្រាប់ផ្តើមអាជីវកម្ម -ជួបជាមួយអ្នកជំនាញផ្តល់ឥណទាន ទាំងនេះសុទ្ធតែជាគន្លឹះដ៏មានគុណប្រយោជន៍សម្រាប់សហគ្រិន អនាគតសហគ្រិន និងអ្នកមានគំនិតផ្តើមអាជីវកម្មថ្មីនាពេលអនាគត ជាពិសេស គឺ ចាប់ផ្តើមដោយទទួលបានការផ្តល់ជូននូវឥណទាន។ តម្លៃសំបុត្រសម្រាប់ចូលរួម គឺត្រឹមតែ ១៥ដុល្លាប៉ុណ្ណោះ និងមានរាប់បញ្ចូលនូវអាហារសម្រន់ជាលក្ខណៈ Cocktails Reception ផងដែរ…សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012​ 232 823 ​/ 077​ 67​6 423 ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការត្អូញត្អែរថាមើលឆ្ងាយមិនច្បាស់ដែលចាំបាច់ត្រូវទៅមើលជិតតែម្តង ឬការធ្វើភ្នែកព្រឹមៗនៅពេលចង់មើលអ្វីមួយច្បាស់ជាមួយនឹងអាការៈឈឺរោយជុំវិញក្រឡង់ភ្នែក (eyestrain) ដែលធ្វើឲ្យទទួលអារម្មណ៍ថាឈឺណែនក្បាលជាដើម អាចបង្ហាញថាជាសញ្ញានៃម៉្ញូប។ ថ្វីត្បិតថាម៉្ញូបកើតជាធម្មតាទៅហើយសម្រាប់មនុស្សសម័យថ្មីនេះ តែវាក៏ជាការពិតដែរ ដែលម៉្ញូបបានធ្វើឲ្យជីវិតអ្នកប្រែប្រួលមួយកម្រិតដែរ ដូចនេះការយកចិត្តទុកដាក់លើសុខភាពភ្នែករបស់អ្នកទាំងមុន និងក្រោយពេលម៉្ញូប គឺជារឿងដែលមិនគួរមើលរំលង។ ធ្វើយ៉ាងណាទើបដឹងថាអ្នកពិតជាម៉្ញូប? ការទៅពិគ្រោះជាមួយគ្រូពេទ្យខាងចក្ខុរោគ ឬក៏ហាងវាស់វ៉ែនតា (Optometry) ជារឿងដែលអ្នកគួរគិតដល់ ដើម្បីធ្វើការវាស់គំហើញ(VA)ជាមុន ដោយសារការវាស់នេះអាចឲ្យដឹងថា អ្នកគួរប្រើប្រាស់វ៉ែនតាប្រភេទភ្លឺ ឬមិនភ្លឺ។ បន្ទាប់មក គេធ្វើការវាស់ Pinhole ដែលតម្រូវឲ្យអ្នកមើលតាមចន្លោះតូចៗម្តង។ ក្រោយមកទៀត គ្រូពេទ្យនឹងធ្វើការវាស់ដឺក្រេតាម២របៀបបន្តបន្ទាប់គ្នាគឺ Subjective និង Objective ដែលការវាស់បែប Subjectiveត្រូវធ្វើជាមួយ Retinoscope ឬម៉ាស៊ីន Autorefractor  និងបន្ទាប់ពីនោះឲ្យអ្នកជំងឺសាកលវ៉ែនតាគំរូ (Trial lenses) ដែលនេះហៅថាការវាស់ដឺក្រេតាមបែប Objective ។ គួរបញ្ជាក់ថា​ការវាស់បែប Subjective និងobjective អាចមានភាពខុសគ្នា ដោយសារពេលខ្លះការវាស់ដោយម៉ាស៊ីន និងការសាកលវ៉ែនតាគំរូទៅតាមលទ្ធផលវាស់ដោយម៉ាស៊ីននោះ មិនត្រូវនឹងអ្នកជំងឺ ដូចនេះ តម្រូវឲ្យមានការកែតម្រូវដឺក្រេរហូតដល់អ្នកជំងឺទទួលយកបាន និងមើលច្បាស់ដែលមានន័យថា លទ្ធផលគឺផ្អែកលើ Objective តេស្តជាធំ។ ក្រៅពីនោះ គ្រូពេទ្យក៏អាចធ្វើការពិនិត្យបាតភ្នែកផងដែរ ដើម្បីរកផលវិបាកនៃជំងឺម៉្ញូប ប្រសិនបើគាត់មានម៉្ញូបខ្លាំង។ ពេលណាគួរមកពិគ្រោះជាមួយគ្រូពេទ្យ? វាអាស្រ័យលើស្ថានភាព និងមុខរបររបស់អ្នកជំងឺផ្ទាល់ ដែលក្នុងករណីស្រវាំងបន្តិចបន្តួច តែគាត់ជាអ្នកស្រែចំការដែលមិនសូវប្រើភ្នែកក្នុងការមើលរបស់តូចៗ ឬជិតៗច្រើននោះ គាត់មិនចាំបាច់មកជួបគ្រូពេទ្យក៏បាន។ ប៉ុន្តែអាការៈដដែលនេះ សម្រាប់អ្នកធ្វើការ ឬសិស្សនិស្សិត ដែលត្រូវការប្រើប្រាស់ភ្នែកជាចម្បងក្នុងការសម្លឹងមើលរបស់តូចៗរយៈពេលយូរ ដូចជាសៀវភៅ កុំព្យូទ័រ ក្តារខៀន ឬក៏ការបញ្ចាំងមេរៀនតាមស្លាយ (Slides show)ជាដើម គួរតែជាពេលដែលគាត់ត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកវាស់វ៉ែនតាហើយ។ មូលហេតុនៃការម៉្ញូប ភាពលូតលាស់មិនស្របគ្នារវាងកញ្ចក់ភ្នែក និងទំហំនៃគ្រាប់ភ្នែក (វាស់ពីមុខមកក្រោយ) ដែលវាកើតឡើងមកពីភ្នែកទៅជារីកធំខុសពីធម្មតា ឬកញ្ចក់ភ្នែកកោងខ្លាំងពេក ដែលកំណោងកញ្ចក់ភ្នែកធ្វើឲ្យមានការបត់កាំពន្លឺជាកំនុំរូបភាពនៅខាងមុខបាតភ្នែកជាមូលហេតុនៃការម៉្ញូប។ ជាទូទៅ គេចាត់ទុកប្រវែងធម្មតារបស់ភ្នែក គឺ២៤មីលីម៉ែត្រ ប្រសិនបើអង្កត់ផ្ចិតនេះធំខុសពីធម្មតានោះកញ្ចក់ភ្នែកធម្មតារបស់យើង នឹងធ្វើការបត់កាំពន្លឺនៅខាងមុខបាតភ្នែក ធ្វើឲ្យកាំពន្លឺដែលផ្តុំគ្នាជាកំនុំរូបភាពត្រូវនៅខាងមុខបាតភ្នែក។ សូមបញ្ជាក់ថា តាមការស្រាវជ្រាវមួយចំនួន គេឃើញថាពុំមានមូលហេតុច្បាស់លាស់ដែលបង្កឲ្យម៉្ញូបទេ តែ៩០%ត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីតំណពូជ ឬហ្ស៊ែន តែមិនទាន់ដឹងថាក្រូម៉ូសូមប្រាកដណាមួយ ជាអ្នកកំណត់ការម៉្ញូបទេ។ កត្តាអាចឲ្យអ្នកប្រឈមមុខនឹងម៉្ញូប កត្តាប្រឈមមុខមួយចំនួនក៏ត្រូវបានដឹងផងដែរថា អាចបណ្តាលឲ្យម៉្ញូបក្នុងនោះរួមមានបរិយាកាសរស់នៅ ឬធ្វើការ ដូចជាការធ្វើការនៅការិយាល័យដែលការងារតម្រូវឲ្យមើលតែរបស់ជិតៗខ្លួន មិនសូវមានពេលសម្លឹងទៅឆ្ងាយ ឬសម្រាកភ្នែកបានគ្រប់គ្រាន់ ការមើល ឬសម្លឹងរបស់ជិតៗដូចជា ការអានសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទថេបប្លេតជាដើម។ គួរឲ្យដឹងផងដែរថា ករណីដែលភ្នែកមើលជិតជាង៦ម៉ែត្រភ្នែក យើងនឹងធ្វើការសម្របសម្រួលដោយសាច់ដុំភ្នែកឲ្យចាប់ផ្តើមធ្វើការដែលជាហេតុធ្វើឲ្យផ្តល់សម្ពាធដល់ភ្នែក តែបើយើងមើលលើសពី៦ម៉ែត្រ ភ្នែករបស់យើងស្ថិតនៅក្នុងសភាពសម្រាក។ អ្នកណាខ្លះអាចប្រឈមមុខនឹងការម៉្ញូប? តាមការសិក្សាមួយរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលលើមនុស្សចំនួន៥,៥២៧នាក់ អាយុពី១២ទៅ១៤ឆ្នាំ ឃើញថាមាន៥,៥៧% ជាអ្នកមានកំហុសកំនុំ (Refractive error) ដែលរួមមានទាំងម៉្ញូប Hyperopia អាស្ទីម៉ាតដែលការស្រាវជ្រាវនោះ បង្ហាញថាអ្នករស់នៅទីក្រុង(១៣,៧%)មានអត្រាប្រឈមមុខខ្ពស់ជាងនៅជនបទ(២,៥%)។ មានការសិក្សាមួយទៀតនៅអាស៊ីអាគ្នេយ៍ ដោយសិក្សាទៅលើមនុស្សចំនួន២១៥ពាន់នាក់នៅលើ១០ប្រទេសពីអាយុទើបកើតដល់៩៦ឆ្នាំ ក្នុងនោះម៉្ញូបមានដល់ទៅ៩៦,៣% ដែលមួយផ្នែកធំគឺ ស្ថិតនៅវ័យ១៦ឆ្នាំ។ ម្យ៉ាងទៀត គេក៏សង្កេតឃើញផងដែរថា ករណីកំហុសកំនុំនៅកម្ពុជា គឺកើតមានតិចជាងនៅប្រទេសជឿនលឿនដទៃ ។ មានការព្យាបាលដែរឬទេសម្រាប់អ្នកភ្នែកម៉្ញូប? ករណីដែលម៉្ញូបទាក់ទងនឹងហ្ស៊ែននោះ ពុំមានវិធីក្នុងការបញ្ឈប់ការវិវឌ្ឍទៅរកភាពម៉្ញូប ឬឡើងដឺក្រេភ្នែកទេ។ ចំពោះម៉្ញូបដែលកើតមាននៅវ័យក្មេង ការវិវឌ្ឍនឹងមានសភាពលឿន ប៉ុន្តែវានឹងថយចុះវិញនៅក្រោយអាយុ១៩ឆ្នាំ ឬ២២ឆ្នាំ។ ក្នុងករណីដែលការម៉្ញូបរបស់គាត់ឈប់មានការវិវឌ្ឍមានន័យថា គាត់បានជោគជ័យក្នុងការព្យាបាល តែករណីដែលការវិវឌ្ឍនៅតែបន្តនោះការព្យាបាលនឹងត្រូវធ្វើជាបន្ត ហើយការពាក់វ៉ែនតា ឬធ្វើការវះកាត់បន្តទៀតក៏ត្រូវបានពិចារណាដដែល។ ដូចនេះ ការព្យាបាលដាច់ ឬក៏អត់ គឺអាស្រ័យនឹងការវិវឌ្ឍរបស់ម៉្ញូប។ ពុំមានថ្នាំណាមួយសម្រាប់បញ្ឈប់ការឡើងដឺក្រេបានទេ ហើយក៏ពុំមានការបញ្ជាក់ណាមួយពីប្រសិទ្ធភាពរបស់វាដែរ។ ការព្យាបាលដែលងាយបំផុត គឺពាក់វ៉ែនតាមុននឹងឈានដល់ដំណាក់កាលវះកាត់ ដែលជាទូទៅវ៉ែនតាប្រភេទដកត្រូវប្រើចំពោះអ្នកម៉្ញូប ឯ Hyperopia ត្រូវប្រើប្រាស់វ៉ែនតាបូក រីឯអាស្ទីម៉ាតអាចមានបូក និងដកទៅតាមការពិនិត្យ និងវាស់ឃើញជាក់ស្តែង ។ រីឯការវះកាត់លើកញ្ចក់ភ្នែកដូចជាការប្រើប្រាស់ឡាស៊ែរ ការបញ្ចូលកងទៅនឹងកម្រាស់កញ្ចក់ភ្នែក ដើម្បីធ្វើកំណោងកញ្ចក់ភ្នែកមានកំណោងមកធម្មតាវិញ។ សម្រាប់ដែលមានម៉្ញូបកម្រិតខ្ពស់ (២០ Diopters) អាចធ្វើការវះកាត់ដោយបញ្ចូលកញ្ចក់សិប្បនិម្មិតតម្រូវ នឹងភ្នែករបស់យើងជំនួសកញ្ចក់ភ្នែករបស់យើង។ គោលបំណងនៃការវះកាត់គឺ ដើម្បីឲ្យភ្នែករបស់យើងត្រលប់មកធម្មតាវិញ ប៉ុន្តែអ្នកជំងឺអាចប្រើប្រាស់វ៉ែនតាក្នុងកម្រិតស្រាលមួយ ដើម្បីមើលច្បាស់ ​ពីព្រោះការវះកាត់ជាក់ស្តែងអាចជួយអ្នកជំងឺបន្ថយដឺក្រេភ្នែកបានប៉ុន្តែមិនទាំងស្រុងទេ។ ការប្រឈមមុខនឹងផលវិបាកដោយសារការម៉្ញូប ករណីដែលមិនធ្វើការព្យាបាល ឬពាក់វ៉ែនតាជាជំនួយគឺ ដំបូងវានឹងជះឥទ្ធិពលមិនល្អដល់គុណភាពនៃជីវិតដោយការមើលឆ្ងាយមិនច្បាស់ដូចអ្នកដទៃ ធ្វើការងារផ្សេងៗដោយមិនសូវងាយស្រួល ព្រមទាំងរំខានដោយអាការៈនៃបញ្ហាម៉្ញូប ដូចជា ឈឺក្បាល តឹងគ្រាប់ភ្នែក ឈឺក្រឡង់ភ្នែក ហើយលើសពីនោះក៏ប្រឈមមុខនឹងជំងឺផ្សេងៗ ក្នុងករណីដែលម៉្ញូបកម្រិតខ្ពស់ដូចជា ជំងឺរបកបាតភ្នែក ដក់ទឹកក្នុងភ្នែកកោសិកាបាតភ្នែកហិនហោច ដែលជាទូទៅអាចកើតចំពោះអ្នកដែលម៉្ញូបខ្លាំងចាប់ពីកម្រិត៥ ឬ៦Diopters ឡើងទៅ។ «ចំពោះអ្នកដែលមានបញ្ហាភ្នែក ឬមានអាការៈដូចដែលបានរៀបរាប់ខាងលើ សូមទៅរកអ្នកផ្តល់សេវាកាត់វ៉ែនតា ឬទៅជួបគ្រូពេទ្យឲ្យបានត្រឹមត្រូវ ព្រោះការវាស់វ៉ែនតាខុសធ្វើឲ្យមានការខាតបង់មិនសំដៅដល់អាយុជីវិតផ្ទាល់ទេ តែសំដៅដល់ការខាតទាំងប្រយោជន៍ និងពេលវេលាដែលផ្ទុយពីការពាក់វ៉ែនតាត្រឹមត្រូវ ដែលផ្តល់នូវភាពងាយស្រួលពិតប្រាកដដល់ការរស់នៅជាងពេលមិនពាក់វ៉ែនតា។ ដោយឡែក ចំពោះជំនឿរបស់បងប្អូនយើងជាច្រើនមកដល់បច្ចុប្បន្នជាពិសេសមាតាបិតាដែលថា ការពាក់វ៉ែនតាធ្វើឲ្យភ្នែកកូនចេះតែឡើងដឺក្រេ និងមានអារម្មណ៍ថាកូនមិនល្អដូចអ្នកដទៃទៅវិញ គួរតែត្រូវបានពិចារណាឡើងវិញពីព្រោះការពិតវាពុំមែនជាបញ្ហាអ្វីធំដុំនោះទេ ហើយអ្វីដែលសំខាន់នោះ គឺគំហើញច្បាស់របស់កូនដែលអាចជួយឲ្យជីវិតពួកគេប្រសើរឡើងរួមទាំងការរៀនសូត្រ ការប្រកបការងារព្រមជាមួយនឹងគុណភាពជីវិតដ៏ល្អផងដែរ» នេះជាប្រសាសន៍ផ្តាំផ្ញើររបស់លោកវេជ្ជបណ្ឌិតប៉ោក ធន។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

លោកស្រី ហាវ​ មនីរត្ន ជាវេជ្ជបណ្ឌិតឯកទេសផ្នែកកោសិកាមហារីក ព្រមទាំងជាប្រធានផ្នែកវិភាគកោសិកាមហារីកនៃមន្ទីរពេទ្យកាល់ម៉េត។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ២០០៧ និងបានបញ្ចប់ការហ្វឹកហាត់ផ្នែកកោសិកាមហារីកពីសាកលវិទ្យាល័យ Ghent University Hospital ប្រទេស ប៊ែលហ្សិក ក្នុងឆ្នាំ ២០១១ ហើយចាប់ផ្តើមចូលបំរើការងារនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតក្នុងខែកក្កដា ឆ្នាំ​២០១១។​ ចាប់ពីឆ្នាំ២០១៣ លោកស្រី មនីរត្ន បានធ្វើជាអ្នកសម្របសម្រួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន។  លោកស្រីបានជម្រាបដល់ ហេលស៍ថាម ឲ្យដឹងថា ស្រ្តីប្រមាណជា ១,៥០០នាក់ បានកើតជំងឺមហារីកមាត់ស្បួនជារៀងរាល់ឆ្នាំ និងប្រមាណជា ៦០%បានបាត់បង់ជីវិតដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។  ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ​ និងព្យាបាលជំងឺនេះ លោកអ្នកអាចផ្ញើរសំណួរមកកាន់ហេលស៍ថាម តាមរយៈ Comment ក្នុងអត្ថបទនេះ ក្រុមការងារយើងខ្ញុំនឹងទាក់ទងលោកស្រីវេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតឯកទេសល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកដើម្បីឆ្លើយតប នឹងចម្ងល់របស់លោកអ្នក។  សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងយើងខ្ញុំតាមរយៈ ០៧៧​ ៨៨៨ ០៧៦ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដែលមានការប្តេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការការពារហិរញ្ញវត្ថុដែលជាតម្រូវការជាចាំបាច់របស់ពួកគាត់។ ជាបុគ្គលគំរូមួយរូបសម្រាប់ជំនាន់ក្រោយ លោក Robert Elliott ដែលជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លាផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងហេលស៍ថាម ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម ៖ ទស្សនវិស័យរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ទស្សនវិស័យរបស់យើង គឺធ្វើយ៉ាងណាជួយសម្រេចឲ្យបាននូវក្ដីសុបិន និងបំណងប្រាថ្នារបស់អតិថិជនយើងតាមរយៈផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ថ្នាក់អន្តរជាតិរបស់យើង។ យើងមានការប្ដេជ្ញាចិត្ត ដើម្បីជួយប្រជាជនកម្ពុជាកសាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរ និងមានសុវត្ថិភាពជាងមុនសម្រាប់ក្រុមគ្រួសារតាមរយៈការបំពេញនូវតម្រូវការរបស់ពួកគេដោយប្រើប្រាស់គម្រោងការពារប្រាក់ចំណូលការសិក្សាអប់រំសម្រាប់បុត្រធីតា ការសន្សំ និងការចូលនិវត្តន៍ជាដើម។ «ភាពជោគជ័យនៃក្រុមហ៊ុនធានារ៉ាប់រង» សម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ យើងកំណត់ភាពជោគជ័យរបស់យើងតាមរយៈការបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើង។ នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងយកអតិថិជនគ្រប់រូបជាស្នូលនៃរាល់ប្រតិបត្តិការអាជីវកម្មដែលយើងធ្វើ។ នេះជាលើកទីមួយនៃប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាជាច្រើនដែលពួកគេបានដឹងអំពីការធានារ៉ាប់រងអាយុជីវិត និងអត្ថប្រយោជន៍វិជ្ជមានរបស់ការធានារ៉ាប់រងអាយុជីវិតសម្រាប់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។  សមិទ្ធផលទាំងនេះបានមកពីកិច្ចសហការគ្នាយ៉ាងស្អិតរមួត និងការគាំទ្រពីបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនរបស់យើង ហើយដរាបណាយើងនៅតែរក្សាវប្បធម៌សាមគ្គីនេះ ខ្ញុំជឿជាក់ថាអាជីវកម្មរបស់យើងនៅកម្ពុជានឹងរីកចម្រើនទៅមុខយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តាដែលជម្រុញឲ្យមានភាពជោគជ័យសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅព្រះរាជាណាចក្រកម្ពុជា •ចំណុចដែលសំខាន់បំផុតគឺសមត្ថភាពរបស់បុគ្គលិក និងការសហការគ្នារបស់បុគ្គលិក។ ការខិតខំប្រឹងប្រែង និងការជឿជាក់របស់ពួកគេ ដើម្បីជួយក្រុមគ្រួសារកម្ពុជាធានាឲ្យបាននូវអនាគតហិរញ្ញវត្ថុដ៏ប្រសើរមួយគឺជាកត្តាគោលមួយនៃភាពជោគជ័យរបស់យើងរហូតមកដល់ពេលនេះ។ •ការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយយើងឲ្យឈានជើងចូលមកកាន់ទីផ្សារកម្ពុជា ពង្រីកអាជីវកម្មរបស់យើង និងផ្ដល់ជូននូវផលិតផល និងសេវាកម្មដែលសមស្របទៅតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ខ្ញុំធានាថាក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងនៅតែរក្សាការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីការពារក្រុមគ្រួសារកម្ពុជាឲ្យបានកាន់តែច្រើន។ •វគ្គសិក្ខាសាលាសម្រាប់សាធារណជន និងអតិថិជន ព្រមទាំងសកម្មភាពទីផ្សារផ្សេងៗជួយយើងក្នុងការអប់រំប្រជាជនគោលដៅអំពីការធានារ៉ាប់រងអាយុជីវិត ការនាំមកនូវទំនុកចិត្តជូនដល់សហគមន៍តាមរយៈបទពិសោធន៍ជិត ១៣០ ឆ្នាំរបស់យើងពីប្រទេសកាណាដាទៅសហរដ្ឋអាមេរិក និងទីផ្សារចំនួន ១១ ក្នុងតំបន់អាស៊ីព្រមទាំងភាពរឹងមាំដែលកើនឡើងឥតឈប់ឈរនៃកេរ្តិ៍ឈ្មោះរបស់យើងនៅកម្ពុជា។ កត្តាដែលជម្រុញឲ្យលោកអគ្គនាយកបន្តការអភិវឌ្ឍសមត្ថភាពជាលំដាប់ ខ្ញុំជឿជាក់លើវិស័យមួយនេះហើយខ្ញុំជឿជាក់លើមហស្ចារ្យនៃការធានារ៉ាប់រងអាយុជីវិត។ វាជាផលិតផលដែលអាចផ្ដល់អត្ថប្រយោជន៍ច្រើនបំផុតនៅពេលដែលអតិថិជនរបស់យើងត្រូវការវាខ្លាំងបំផុតហើយខ្ញុំមានមោទនភាពណាស់ដែលក្រុមហ៊ុនយើងបានផ្ដល់អត្ថប្រយោជន៍ជាទឹកប្រាក់ជាង ១៩ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំជូនដល់អតិថិជនរបស់យើងនៅទូទាំង ពិភពលោក។  ខណៈពេលដែលក្រុមគ្រួសារផ្ញើសារ និងកាយវិការរំលែកទុក្ខ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើងបានធ្វើការជូនសំណងជាថវិកាដល់ពួកគេដែលកំពុងតែត្រូវការថវិកានោះខ្លាំងបំផុត។ មហស្ចារ្យនៃការធា-នារ៉ាប់រងអាយុជីវិតតែងតែជម្រុញឲ្យខ្ញុំដើរទៅមុខជានិច្ចនៅក្នុងវិស័យមួយនេះ។ អត្ថន័យនៃពាក្យថា «ជោគជ័យ» សម្រាប់លោកអគ្គនាយក ធ្វើឲ្យប្រសើរជាងមុន! ពង្រឹងអាជីវកម្មរបស់យើង! អភិវឌ្ឍសមត្ថភាពបុគ្គលិករបស់យើង! ជួយឲ្យអតិថិជនរបស់យើងកសាងអនាគតហិរញ្ញវត្ថុដែលជោគជ័យជាងមុន និងមានសុវត្ថិភាពជាងមុន! តួនាទីសំខាន់ៗដែលអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិមួយរូបត្រូវមាន កសាងក្រុមការងារដ៏ល្អមួយហើយបង្កើតបរិយាកាសមួយដែលពួកគេអាចរីកលូតលាស់បាន។ ប្រសិនបើយើងអាចជួយដោះស្រាយបញ្ហារបស់ពួកគេបាន នោះពួកគេនឹងដោះស្រាយបញ្ហារបស់អតិថិជនរបស់យើងបាន។ ដូច្នេះ ពួកយើងទាំងអស់គ្នាសុទ្ធតែជាអ្នកឈ្នះ! ដំបូន្មានសម្រាប់យុវជនជំនាន់ក្រោយ ត្រូវមានមោទនភាពចំពោះក្រុមហ៊ុនរបស់ខ្លួន បុគ្គលិករបស់ខ្លួន អតិថិជនរបស់ខ្លួន និងផលិតផលរបស់ខ្លួន! ប្រសិនបើបុគ្គលិករបស់យើងមានការសហការគ្នាល្អនោះអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មដែលល្អប្រសើរជាងមុន! ត្រូវរៀនស្ដាប់ និងទទួលយកដំបូន្មានថ្មីៗ! ត្រូវធ្វើអ្វីដែលត្រូវ! As a role model for the next generation, Mr. Robert Elliott, the CEO and general manager of Manulife Cambodia, believes that “There is no limit to what a person can do or where he or she can go if he or she doesn’t mind who gets the credit.”, has offered distinguished valuable interviews with Health Time as follows: Visions of Manulife Our vision is to help our customers achieve their dreams and aspirations through our world-class life insurance products and services. We are committed to helping Cambodians build a better and more secure financial future for their families by meeting their needs through income protection, children’s education, savings and retirement plans. Meaning of  “Success” in an insurance company For Manulife, we measure success by meeting the needs of our customers. At Manulife, we put our customers at the center of everything we do.  For many Cambodians, for the first time in their history they are aware of life insurance and the positive benefits it brings to them and their families.  This success comes from collaboration and support from every employee in our company, and as long as we retain this collaborative spirit, I am very confident that our business in Cambodia is going to grow very fast in the coming years.   Factors leading to success of Manulife in Cambodian context •The most important point is the quality and the engagement of our staff. Their commitment and belief that they are helping Cambodian families secure a better financial future is a key factor of our success so far.  •The supports from the Ministry of Economy and Finance helped us to enter into Cambodia, expand our business and provide the products and services that fit the needs of the Cambodian people. I am sure that Manulife will maintain the growth and commitment to protect more families in Cambodia. •Public education seminars, client seminars and marketing activities help us educate the target population on life insurance, bringing trust to the community through our global experience for nearly 130 years from Canada to the U.S. and 11 countries in Asia, and our increasing brand strength in Cambodia. Personal inspiration which keeps you in the high spirit of growing and developing oneself I believe in our industry, I believe in the miracle of life insurance. It’s a product that pays out the most when our customers need it the most, and I’m very proud that my company pays over US $19 billion in benefits to our clients every year across the globe. When most people are sending family their respect and condolences, our advisors are able to give our customers the cash they need. The miracle of life insurance keeps me motivated. Personal meaning of “Success”  Doing better! Growing our business! Developing our staff! Helping our customers build a more successful and secure financial future! Key roles of a CEO in a global company Build the good team, and create the environment for them to flourish. If you solve their problems, they will solve problems of our customers. Everybody wins! Advice to the next generations Be passionate about your company, your staffs, your customers, and your products! If your staff is engaged, your customers will be better served! Learn to listen and take advice! Do the right thing!

ចែករំលែក

Crush គេជារឿងងាយទេ តែអ្វីដែលមិនងាយនោះ គឺធ្វើម៉េចទើបអាចឲ្យគេចាប់អារម្មណ៍វិញ? ហើយអ្វីដែលសំខាន់ គឺថា…ត្រូវស្វែងយល់ពីគេឲ្យច្បាស់បន្តិច ដើម្បីឲ្យដឹងថាគួរតែនៅត្រឹមជាcrush ឬលើសពីហ្នឹង? គេថា«ឱកាសមិនចេះតែមាន»ហ្នឹង ប្រាកដណាស់គ្មានអីខុសទេ ហើយរឹតតែត្រឹមត្រូវនោះ គឺ«បើឱកាសមិនមករកយើង យើងត្រូវបង្កើតវាដោយខ្លួនឯង»… ធ្លាប់គិតទេថា ចង់បបួលម្នាក់ដែលខ្លួនឯងខំcrushហ្នឹងចេញក្រៅ?មិនថាក្នុងរូបភាពណានោះទេ មិនថាទៅតែពីរនាក់ ឬជាមួយនឹងក្រុមមិត្តភក្តិនោះទេ វានឹងជាឱកាសដែលអាចឲ្យអ្នកយល់ពីគេកាន់តែច្បាស់…ជំហានដំបូងបំផុត គឺត្រូវដឹងសិនថា សកម្មភាពដែលជាចំណូលចិត្តរបស់គេជាអ្វី? មានន័យថា យ៉ាងហោចណស់ គួរតែដឹងថា ពេលទំនេរ គេចូលចិត្តទៅកន្លែងប្រភេទណា? ធ្វើអ្វីខ្លះនៅទីនោះ?  ក្រោយពីស៊ើបបានដំណឹងរាក់ៗខ្លះហើយ ដល់វគ្គត្រូវស្វែងយល់ក្នុងលក្ខណៈស៊ីជម្រៅវិញម្តង…ហើយប្រសិនបើមានវិបត្តិរាល់ពេលចង់បបួលគេម្តងៗ បន្តអានជាមួយគ្នា នឹងបានដឹងពីលេសខ្លះៗដែលអាចប្រើប្រាស់បាន… ញ៉ាំអី មានទំព័រហ្វេសប៊ុកមិនតិចនោះទេ ដែលបង្ហាញអំពីមុខម្ហូបប្លែកៗថ្មីៗនៅទីតាំងផ្សេងៗ…អាចគ្រាន់តែmentionគេនៅក្នុងpostណាមួយ ឬផ្ញើlinkហ្នឹងឲ្យគេ ហើយបបួលថា«ទៅសាកហី?» ឬវិធីផ្សេងទៀត ដោយយកលេសគេមានpromotionអីចឹងទៅ…ស្របពេលដែលអាចអង្គុយញ៉ាំអីជាមួយគ្នា អ្នកក៏អាចនឹងស្វែងយល់ពីចំណូលចិត្តម្ហូបអាហាររបស់គេផងដែរ… មើលកុន ស្រដៀងគ្នាដែរ…ពេលមានរឿងកុនអីចេញថ្មី អាចនឹងផុស ឬshare ហើយបបួលគេទៅមើលជុំគ្នា…បើគិតថាមិនហ៊ាន ឬទើសទាល់ ពេលទៅតែពីរនាក់នោះ អាចសាកបបួលមិត្តភក្តិឲ្យបានច្រើនបន្តិចសិន (ព្រោះថា ត្រូវចាំថាឋានៈពេលនេះ គឺត្រឹមតែជាcrushប៉ុណ្ណោះ)។ ក្នុងករណីគេបដិសេដថាមិនចូលចិត្តរឿងហ្នឹង យើងក៏អាចផ្លាស់ប្តូរជារឿងផ្សេងតាមការសំណូមពររបស់គេ (បើមិនចង់បាត់បង់ឱកាសមួយហ្នឹង)។ ត្រង់នេះ…ដឹងថាចំណេញអ្វីទេ៎? គឺចំណេញក្នុងការដឹងពីប្រភេទរឿងដែលគេចូលចិត្តហ្នឹងឯង… ច្រៀងខារ៉ាអូខេ ប្រាកដជាមានបទចម្រៀងណាមួយ ដែលអាចនឹងបញ្ជាក់ពីអារម្មណ៍របស់អ្នក(ដូចដែលភាសាអង់គ្លេសគេថា This song says it all about me!!! ;) ) បើមានឱកាសទៅKTV ជាមួយគ្នា នៅចាំអីទៀត៎? កុំខ្វល់ថា ច្រៀងពិរោះ ឬអត់ ត្រូវភ្លេង ឬខុសកាដង់ មានទឹកដម ឬភ្លាវ…សំខាន់ ចេះឆ្លៀតឱកាសបង្ហើបពីទឹកចិត្តទៅតាមអត្ថន័យនៃបទចម្រៀង…ហើយបើមានភាពក្លាហាន បបួលគេច្រៀងបទឆ្លើយឆ្លងផងទៅ!!! ប៉ុន្មានម៉ោងដែលច្រៀងនេះ ក៏អាចឲ្យអ្នកស្វែងយល់ពីចំណូលចិត្តតារាចម្រៀង និងបទចម្រៀងរបស់គេដែរ…កុំភ្លេចសង្កេតមើល…ពេលក្រោយ អាចshareទៅ ហើយក៏ក្លាយជាប្រធានបទដែលអាចនិយាយជាមួយគ្នាហូរហែរ។ ចូលរួមកម្មវិធីពិព័រណ៍ ឬសិក្ខាសាលា ចំណេញបានទាំងចំណេះ និងអនុស្សាវរីយ៍ជាមួយcrushទៀត…ជាពិសេស កម្មវិធីណាដែលមានidolរបស់គេចូលរួម គឺមិនងាយនឹងត្រូវបានគេប្រកែកនោះឡើយ…ក្នុងពេលអង្គុយស្តាប់ ឬចូលរួមសកម្មភាពផ្សេងៗក្នុងកម្មវិធីនោះ អ្នកក៏អាចលើកជាប្រធានបទដែលគេនឹងចាប់អារម្មណ៍ ហើយជជែកពិភាក្សាគ្នា ដើម្បីកុំឲ្យបរិយាកាសដ៏កម្ររំលងផុតដោយមិនបានស្វែងយល់ពីគេអី… ចូលរួមការប្រគុំតន្រ្តី បើជាអ្នកមានចំណូលចិត្តខាងសិល្បៈដូចគ្នា…គឺអ៊ែមហ្មង៎!!! ពេលទៅមើលconcert ប្រាកដណាស់អាចមានឱកាសស្រែកហ៊ោកញ្ជ្រៀវ រាំ ច្រៀងកំសាន្តជាមួយគ្នា…រំសាយទាំងទុក្ខកង្វល់ ហើយក៏អាចនឹងបង្កើតនូវពេលវេលាដ៏គួរឲ្យចងចាំជាមួយមនុស្សពិសេសទៀត… អានសៀវភៅ ឬមេរៀននៅបណ្ណាល័យ សម្រាប់អ្នកចូលចិត្តអានសៀវភៅ ឬបរិយាកាសស្ងាត់ៗ…ថ្វីត្បិតថាមិនមានឱកាសនិយាយគ្នាច្រើនក៏ពិតមែន តែអ្វីដែលពិសេសនោះ គឺអាចអង្គុយដោយស្ងៀមស្ងាត់ ហើយសម្លឹងមើលមុខគេបានយូរ…តែហាមមើលមិនដាក់ភ្នែកណា៎!!!ប្រយ័ត្នគេទើសទាល់…លែងហ៊ានមកជាមួយអីហ្នឹង ដឹងតែចប់ហ្មង… ឆ្លៀតពេលខ្លះ ជជែកពីសៀវភៅដែលធ្លាប់បានអាន ហើយក៏អាចសុំឲ្យគេណែនាំនូវសៀវភៅណាដែលគេធ្លាប់បានអាន នឹងអាលមានឱកាសជជែកបន្តទៀតអំពីខ្លឹមសារនៃសៀវភៅទាំងនោះ… ហាត់ប្រាណ ក្នុងករណីដែលcrushស្រលាញ់សុខភាពរាងកាយ មានកីឡា និងសកម្មភាពជាលំហាត់ប្រាណជាច្រើនដែលអាចនឹងទៅជាមួយគ្នាបាន ឲ្យតែគិតថាស័ក្តិសម និងជាអ្វីដែលគេចូលចិត្ត។ លេសអ្វីដែលអាចប្រើបានត្រង់នេះ? គឺ…ចង់ចេះលេង ឬហាត់ដែរទៅ…បើគេចេះ ក៏អាចឲ្យគេបង្ហាត់ ហើយបើគេមិនចេះ យើងក៏អាចដើរតួជាអ្នកបង្ហាត់វិញក៏បាន…សុខភាពផ្លូវកាយក៏ល្អ រាងក៏ស្អាត ហើយសុខភាពផ្លូវចិត្តក៏រីករាយតាមហ្នឹងដែរ… តាមពិតទៅ…នៅមានលេសជាច្រើនទៀត ដែលអាចប្រើប្រាស់បាន…តែសំខាន់…ដូចដែលបានលើកឡើងខាងដើមអញ្ចឹង…ត្រូវដឹងមិនបានច្រើន ក៏លំៗដែរ អំពីចំណូលចិត្តរបស់គេ...កុំភ្លេចណាថា «កុំគេងចាំឱកាស ត្រូវរៀនចេះបង្កើតឱកាស»!!! crushនរណាក៏ចេះដែរ តែការបបួលcrushចេញក្រៅនេះ មិនប្រាកដចេះរកលេស ហើយមានប្រសិទ្ធភាពនោះទេ… បើចង់ដឹងល្បិចផ្សេងៗទៀតនោះ ចាំតាមដាននូវអត្ថបទក្រោយៗទៀតណា៎…

ចែករំលែក

ហេតុអ្វីបានជាមនុស្សម្នាក់ៗត្រូវមានការកំណត់គោលដៅសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្លួន? បើតាម លោក លី តារា ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងជាបុគ្គលមួយរូបដែលចាត់ទុកការអានជាសិល្បៈនៃជីវិតដែលខួរក្បាលទទួលយក រក្សាទុក និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព «ជីវិតដែលមានគោលដៅនឹងជួយឲ្យបុគ្គលមួយរូបចំណេញកម្លាំង ពេលវេលា និងធនធាន»។ គួរបញ្ជាក់ផងដែរថា លោកទើបតែបានសម្រេចនូវគោលដៅអានសៀវភៅចំនូន៧៧៩ក្បាលក្នុងពេល៣ឆ្នាំ ក៏ដូចជាទើបតែចេញផ្សាយនូវស្នាដៃនិពន្ធរបស់ខ្លួនដែលកំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង។ ចង់ដឹងថា ប្រសិនបើចង់ឲ្យគោលដៅមួយសម្រេចទៅបានដោយជោគជ័យ គួរតែធ្វើបែបណាខ្លះនោះ? តោះ! តាមដានជាមួយគ្នា... ហេលស៍ថាម ៖ តើគោលដៅដ៏ល្អគួរមានលក្ខណៈសម្បតិ្តយ៉ាងដូចម្តេចខ្លះ? ចំណាយពេលតិច ចំណាយធនធានតិច និងមានកម្រិតនៃការបត់បែន ឬផ្លាស់ប្តូរតូច។  ហេលស៍ថាម ៖ តើមានអ្វីខុសគ្នារវាងគោលដៅដែលត្រូវនឹងចំណូលចិត្តខ្លួន និងការកំណត់របស់អ្នកដទៃ? អ្នកដែលដើរតាមក្តីសុបិន្តរបស់ខ្លួន៖ ប្រៀបដូចជាការដើរពីងងឹតទៅភ្លឺ ហើយក៏ដើរយូរៗទៅកាន់តែច្បាស់ និងងាយស្រួលទៅៗ ដោយសារតែវាជាគោលដៅដែលកើតចេញពីខ្លួនយើងផ្ទាល់ ព្រមទាំងជម្រុញឲ្យមានទំនួលខុសត្រូវ និងស្វែងយល់ពីដំណើរជីវិតកាន់តែច្បាស់។ អ្នកដែលដើរតាមការកំណត់របស់អ្នកដទៃ៖ ប្រៀបដូចជាការដើរពីភ្លឺទៅងងឹត ដោយហេតុថា ដំបូងមានអ្នកចង្អុលផ្លូវឲ្យដើរ លុះយូរៗទៅក៏ផ្តើមស្រពិចស្រពិល និងគ្មានទិសដៅច្បាស់លាស់។ ជួនកាល ត្រូវឈានទៅដល់ការសួរខ្លួនឯងថាហេតុអ្វីបានជាដើរតាមផ្លូវនេះ? ហើយចុងបញ្ចប់ក៏ប្រឈមនឹងការស្តាយក្រោយ។ ហេលស៍ថាម ៖ ពេលផ្តើមរៀបចំគម្រោងសម្រាប់គោលដៅមួយ តើត្រូវគិតដល់អ្វីខ្លះ? ចំណុចសំខាន់ពីរ គឺ «ល្បឿន និងរយៈពេល» ព្រោះថាគោលដៅខ្លះអាចនឹងត្រូវសម្រេចបានលឿនជាងការគ្រោងទុក ប្រសិនបើល្បឿនរបស់យើងបានល្អប្រសើរនោះ។ ប្រសិនបើអាច អ្នកគួរតែមានគោលដៅតូចៗ ដើម្បីជាផ្នែកមួយនៃកម្លាំងជម្រុញទឹកចិត្តឆ្ពោះទៅកាន់គោលដៅធំនៃជីវិតរបស់យើង។  ហេលស៍ថាម ៖ តើអ្វីខ្លះដែលមិនអាចខ្វះបាន ចំពោះអ្នកចង់សម្រេចគោលដៅ? សំខាន់គឺ ត្រូវតែមានភាពជឿជាក់លើខ្លួនឯង ប្រកបដោយមានទំនួលខុសត្រូវ និងឯករាជ្យភាព ដរាបណាយើងជឿជាក់លើខ្លួនឯងកាន់តែខ្លាំង នោះលទ្ធផលដែលរំពឹងទុកនឹងកាន់តែមកកៀកយើងដូចគ្នា។ ហេលស៍ថាម ៖ ប្រសិនបើបរាជ័យ តើមានទង្វើអ្វីខ្លះដែលគួរធ្វើ និងចៀសវាង? សម្រាប់ខ្ញុំ នៅពេលគោលដៅមួយបរាជ័យ ខ្ញុំរៀបចំគោលដៅថ្មីដែលធំជាងមុន។ សម្រាប់បុគ្គលទូទៅ គួរតែចេះក្រោកឈរឡើង គ្រប់ពេលដែលដួល មិនសំខាន់អ្នកបរាជ័យប៉ុន្មានដង សំខាន់អ្នកមិនឈប់ស្ងៀមនៅត្រង់នោះ ហើយព្យាយាមរៀបចំគោលដៅថ្មីសម្រាប់ខ្លួនឯងទៀត។  ហេលស៍ថាម ៖ ក្រៅពីខ្លួនឯងផ្ទាល់ តើមានកត្តាអ្វីខ្លះទៀតដែលជួយឲ្យសម្រេចគោលដៅបាន? ប្រាកដណាស់ គឺមនុស្សនៅជុំវិញខ្លួនដែលរួមមាន ក្រុមគ្រួសារដែលតែងតែលើកទឹកចិត្ត និងមើលថែទាំទាំងផ្លូវកាយ និងផ្លូវចិត្ត មិត្តភកិ្តដែលអាចជួយជម្រុញ ពិភាក្សា និងចែករំលែករឿងរ៉ាវជាច្រើនជាមួយគ្នា រួមផ្សំនឹងកត្តាខាងក្រៅដទៃទៀត ដូចជា សាលារៀន និងបណ្តាញទំនាក់ទំនងសង្គមផងដែរ។ ហេលស៍ថាម ៖ ក្រោយពីការចាប់យកគោលដៅមួយតើត្រូវឆ្លុះបញ្ចាំងលើចំណុចអ្វីខ្លះរបស់គោលដៅនោះ? ចំណុចវិជ្ជមាន (ភាពជោគជ័យ) ៖ ការដើរតាមគោលដៅនោះបានជួយឲ្យរៀន និងស្គាល់អ្វីខ្លះ  ចំណុចអវិជ្ជមាន (បរាជ័យ)៖ បញ្ហាប្រឈមអ្វីខ្លះដែលបង្កឡើង ឧបសគ្គ ៖ ស្វែងយល់ពីមូលហេតុនៃភាពបរាជ័យ ថាតើមានអ្វីខ្លះដែលរារាំងដល់គោលដៅ? ឱកាសអភិវឌ្ឍខ្លួន៖ ត្រៀមខ្លួនសម្រេចនូវគោលដៅថ្មីដោយកាត់បន្ថយនូវអ្វីដែលអាចក្លាយជាឧបសគ្គ ហេលស៍ថាម ៖ តើតារាមានជាអនុសាសន៍អ្វីចែកជូនដល់មិត្តអ្នកអានដែរឬទេ? ចំពោះអ្នកដែលស្រលាញ់ការអានសៀវភៅ៖ ចូលរួមផ្សព្វផ្សាយវប្បធម៌នៃការអាន  សម្រាប់អ្នកដែលមិនទាន់ចូលចិត្តការអានសៀវភៅ៖ ព្យាយាមអានមនុស្សដែលនៅជុំវិញខ្លួនសិន ដោយបង្កើតទំនាក់ទំនងល្អ ជាមួយពួកគេ តាមរយៈការនិយាយ ស្តាប់ និងអង្កេតមើល។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការររស់នៅទីក្រុងភ្នំពេញ ថ្វីបើមានការកំសាន្តបែបទំនើប និងមិនខ្វះកន្លែងសម្រាប់ហូបចុក តែមនុស្សជាច្រើន ក៏នៅតែមានអារម្មណ៍ធុញថប់ ហើយក៏ចង់ប្តូរបរិយាកាសងាកទៅរកការសម្រាកកំសាន្តបែបស្ងប់ស្ងាត់ និង បែបធម្មជាតិម្តងម្កាលផងដែរ។ ចុះអ្នកវិញ ធ្លាប់មានអារម្មណ៍បែបនេះទេ៎? បើនឹកឃើញដល់ធម្មជាតិ…អ្នកមិនគួរមើលរំលងខេត្តកំពតឡើយ ព្រោះថាខេត្តនេះសម្បូរទៅដោយធម្មជាតិដ៏ស្រស់ត្រកាល ដូចជាទឹកឈូ ភ្នំ និងព្រែកជាដើម។ ថ្ងៃនេះ Health Time សូមណែនាំឲ្យលោកអ្នកស្គាល់រមណីយដ្ឋានមួយចំនួនដែលលោកអ្នកអាចទៅកំសាន្តជាលក្ខណៈគ្រួសារ ឬមិត្តភក្តិ នាពេលចុងសប្តាហ៍… ជិះរ៉កកាត់ព្រែក៖ នៅចម្ងាយប្រមាណជា ១០គីឡូម៉ែតពីទីរួមខេត្តកំពត លោកអ្នកអាចទទួលនូវការកំសាន្តដោយជិះរ៉កកម្ពស់ប្រមាណជា ១៥ម៉ែត្រកាត់ព្រែកកំពតពីត្រើយម្ខាងទៅត្រើយម្ខាង ដោយគ្រាន់តែចំណាយប្រាក់៣០,០០០ រៀលប៉ុណ្ណោះសម្រាប់ការជិះម្តង។ ចំណាំ៖   ការជិះរ៉កស្ថិតនៅឧទ្យានដងព្រែក ដែលលោកអ្នកគ្រាន់តែជិះតាមផ្លូវទឹកឈូទៅហួសខ្លោងទ្វារវត្តស្នំប្រាំពីរ មួយផ្លូវត្រូវបត់ស្តាំ ជិះប្រមាណជា ១០នាទី    អ្នកនឹងឃើញមនុស្សម្នាជាច្រើនកំពុងសើចក្អាកក្អាយនឹងការកំសាន្តនៅទីនោះ។  ទំនាក់ទំនងលេខទូរស័ព្ទ៖ ០៣១ ២៣០ ០៣៣៣ ជិះទូក ឬ Kayak ក្រៅពីការជិះរ៉កកំសាន្ត លោកអ្នកមិនចាំបាច់ជិះទៅណាទៀតទេ គឺលោកអ្នកអាចកំសាន្តមួយបែបទៀតនៅឧទ្យានដងព្រែកនោះតែម្តង គឺការជិះទូកកំសាន្ត និង kayak ដែលលោកអ្នកចំណាយត្រឹមតែ ២០,០០០រៀលតែប៉ុណ្ណោះសម្រាប់ទូកលក្ខណៈគ្រួសារ ដែលជិះបាន៣នាក់ និង ទូកសម្រាប់ម្នាក់ដែលមានតម្លៃត្រឹមតែ ៨,០០០ រៀល ហើយតម្លៃនេះ លោកអ្នកអាចជិះដោយពុំមាន កំណត់ម៉ោងនោះទេ។ បរិភោគអាហារលើទូកតាមដងស្ទឹងកំពត ពេលល្ងាច អ្នកប្រហែលជាអស់កម្លាំងហើយ ដូច្នេះលោកអ្នកគួរសម្រាកស្រស់ស្រូបអាហារលើទូក២ជាន់ ដែលលោកអ្នកអាចទិញអាហារពីក្រៅមុនឡើងទូក ឬកុម្ម៉ង់អាហារលើទូកក៏បាន។ ការជិះទូកចាប់ផ្តើមពីម៉ោង៤ល្ងាច និងមានការចេញទូកបន្តបន្ទាប់ តែលោកអ្នកគួរឡើងទូកម៉ោង ៤ ឬ ៤:៣០ ដើម្បីអាចទស្សនាទេសភាពដងស្ទឹងកំពតបានច្បាស់ គយគន់មេអំបៅ និងសត្វអំពិលអំពែកទៀតផង។ អ្វីដែលមិនគួរឲ្យជឿនោះ គឺតម្លៃក្នុងការជិះទូករយៈពេល ២ម៉ោង៣០នាទីត្រឹមតែ ១០,០០០រៀលតែប៉ុណ្ណោះ និងមានជូនទឹកក្រូចមួយកំប៉ុងដោយឥតគិតថ្លៃទៀតផង។ យ៉ាងណាមិញ…បើលោកអ្នកមានពេលគ្រប់គ្រាន់ កំពតត្រូវការពេលប្រមាណជា៤ទៅ៥ថ្ងៃសម្រាប់កំសាន្ត ព្រោះខេត្តនេះមានទីកំសាន្តជាច្រើនកន្លែងទៀត ដូចជាចំការម្រេច ទឹកឈូ ល្អាងភ្នំ ភ្នំបូកគោជាដើម។ រមណីយដ្ឋានបែបធម្មជាតិជាច្រើនកំពុងរង់ចាំវត្តមានរបស់លោកអ្នក… ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

ចែករំលែក

ធ្វើការងារ ក៏ដូចជារៀន៥ថ្ងៃជាប់គ្នាហើយ…ម្នាក់ៗប្រាកដជាទន្ទឹងរង់ចាំឲ្យដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបានសម្រាក និងលំហែផ្លូវកាយ ក៏ដូចជាផ្លូវចិត្ត…ក្នុងករណីដែលមិនមានពេលគ្រប់គ្រាន់ទៅដើរកម្សាន្តនៅក្រៅក្រុង ឬក្រៅប្រទេសនោះ យើងខ្ញុំក៏សូមធ្វើការណែនាំនូវសកម្មភាព៥យ៉ាងសម្រាប់កំដរថ្ងៃចុងសប្តាហ៍របស់អ្នក ដោយមិនចាំបាច់ទៅណាឆ្ងាយដូចគ្នា ប៉ុន្តែគិតថាវានឹងក្លាយជាថ្ងៃចុងសប្តាហ៍ដែលអ្នកចង់បាន។ មើលថ្ងៃរះនៅស្តាតអូឡាំពិក ការចាប់ផ្តើមថ្ងៃថ្មីពិតជាសំខាន់ណាស់ ប្រសិនបើអ្នកគេងយូរពេក  អ្នកនឹងរំលងអាហារពេលព្រឹក ហើយប្រហែលជាអាចមានអារម្មណ៍ខ្ជិលពេញមួយថ្ងៃតែម្តង។  អញ្ចឹង...ថ្ងៃចុងសប្តាហ៍នេះ សាកក្រោកពីព្រលឹម  ស្លៀកពាក់បែបកីឡាទៅស្តាតអូឡាំពិក រត់លេងបន្តិចឲ្យចេញញើស ហើយមើលពីភាពស្រស់ស្រាយរបស់អ្នកនៅជុំវិញដែលខ្លះកំពុងរត់ ខ្លះក៏រាំ និងហាត់កីឡាផ្សេងៗ អ្នកនឹងមានអារម្មណ៍ប្លែក និងស្វាហាប់ខុសពីធម្មតា។  ស្របពេលដែលព្រះអាទិត្យកំពុងរះ អ្នកក៏អាចឆ្លៀតស្រូបយកកម្តៅព្រះអាទិត្យពេលព្រលឹមដែលមានអត្ថប្រយោជន៍ដល់សុខភាព និងកុំភ្លេចផ្តិតយករូបភាពស្អាតៗដែលធ្វើឲ្យស្រឡះចិត្តផងដែរ។  អ្វីដែលមិនគួរមើលរំលងនោះ គឺអាហារសុខភាពជាច្រើនប្រភេទនៅទីនោះ ដូចជា បបរល្ង  តៅហ៊ូ  ទឹកសណ្តែក និងទឹកផ្លែឈើកិនស្រស់ៗជាដើម។  ម៉ោង៧កន្លះ ឬ៨ព្រឹក សមល្មមឲ្យអ្នកត្រឡប់ទៅផ្ទះវិញ ងូតទឹក ទទួលទានអាហារពេលព្រឹក និងចាប់ផ្តើមថ្ងៃចុងសប្តាហ៍ដ៏ល្អរបស់អ្នកបន្តទៀត។ ធ្វើម្ហូបញុំាដោយខ្លួនឯង ឬសម្រាប់គ្រួសារ ភាពមមាញឹកនឹងការសិក្សា និងការងារអាចធ្វើឲ្យអ្នកខ្វះភាពស្និទ្ធស្នាលក្នុងគ្រួសារ។ សាកល្បងធ្វើម្ហូបសម្រាប់ខ្លួនឯង ឬសម្រាប់គ្រួសារអ្នកម្តងមើល៎…អ្នកអាចនឹងមានអារម្មណ៍ប្លែក និងសប្បាយ បើទោះបីជាអ្នកមិនសូវពូកែធ្វើម្ហូបក៏ដោយ។ ហើយរសជាតិអាហារនៅចុងសប្តាហ៍នេះ អាចភ្លក្សនៅផ្ទះជុំគ្នាក៏បាន ឬក៏រៀបចំទៅពិកនិកនៅក្បែរៗក្រុងក៏កាន់តែល្អ។ អង្គុយលេងនៅហាងកាហ្វេ អង្គុយញុំាកាហ្វេនៅថ្ងៃចុងសប្តាហ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ អ្នកអាចទៅហាងកាហ្វេដែលមានសភាពអ៊ូអរដូចជាBrown ឬStarbucks មើលគេឯង ឬជួបជុំមិត្តភក្តិជជែកកំសាន្តបំបាត់ស្ត្រេស តែកុំច្រឡំថាទៅចុចទូរស័ព្ទណា៎!!!  មួយបែបទៀត គឺសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ ដែលហាងកាហ្វេបែបធម្មជាតិ គឺជាជម្រើសល្អបំផុតដូចជាកាហ្វេEM ឬThe Museum Caféជាដើម។ ដោយគ្រាន់តែអង្គុយអានសៀវភៅដែលអ្នកចូលចិត្ត និងស្តាប់ភ្លេងកំដរតិចៗក៏គ្រប់គ្រាន់ក្នុងការទទួលបានអារម្មណ៍ល្អៗបានហើយ។ សាកល្បងអ្វីដែលថ្មី ព្យាយាមសាកល្បងអ្វីដែលថ្មីខ្លះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាងមុនដូចជា ជិះកង់កំសាន្ត លេងប៊ូលីង ហាត់យោគៈ ឡើងជញ្ជាំង (Mountain Climbing) ជិះស្គី ឬជិះស្គីទឹកកកជាដើម។ ថ្ងៃចុងសប្តាហ៍ ជាថ្ងៃដែលអ្នកអាចសន្សំបទពិសោធន៍ថ្មីៗ និងស្វែងរកចំណូលចិត្ត ឬទេពកោសល្យដែលមិនធ្លាប់ដឹងសម្រាប់ជីវិត…ដូចនេះ មិនថាអ្នកធ្លាប់ ឬមិនធ្លាប់ ពូកែ ឬក៏អត់ ចូលចិត្ត ឬមិនចូលចិត្ត សាកល្បងទៅ…បានដឹង! អង្គុយស្តាប់ភ្លេង និងមើលគេរាំ ការស្តាប់ភ្លេង ជាវិធីបំបាត់ស្ត្រេសដ៏មានប្រសិទ្ធភាពមួយ។ អ្នកអាចអង្គុយស្តាប់ភ្លេង និងមើលគេរាំនៅតាមទីសាធារណៈដូចជា សួនច្បារ ឬមាត់ទន្លេ ហើយក៏អាចញុំាចំណីតាមផ្លូវកំដរមាត់ ដែលនឹងធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កាលពីវ័យកុមារផងដែរ។ អាចនិយាយថាថ្ងៃចុងសប្តាហ៍បែបនេះ ជាការចំណាយពេលវេលាដ៏ល្អសម្រាប់ខ្លួនឯងផ្ទាល់ បន្ទាប់មកគឺសម្រាប់ក្រុមគ្រួសារ ហើយក៏សម្រាប់មិត្តភក្តិក៏ដូចជាមនុស្សជាទីស្រឡាញ់ផងដែរ ហើយនេះជាអ្វីដែលធ្វើឲ្យចុងសប្តាហ៍ដ៏ខ្លីរបស់អ្នកមានតម្លៃបំផុត... ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យុវជនយុវតីចូលចិត្តអី្វដែលទាន់សម័យ ហើយប្លែកៗ…ម៉្លោះហើយបានជាអាហារបច្ចុប្បន្នក៏មានភាពប្លែកៗស្ទើរតែនឹកស្មានមិនដល់។  ពេលនេះHealth Time Pub នាំមិត្តអ្នកអានទៅស្គាល់អាហារប្លែកៗប៉ុន្មានមុខនេះមើល៎ ទំនងញុំាអត់? ប៊ឺហ្គឺខ្មៅ អញ្ចឹងទំនងញុំាអត់? បើមើលពីរូបរាងខាងក្រៅខ្មៅៗអញ្ចឹង…ដូចជាមិនទំនងញុំាសោះ…តែបើអ្នកបានញុំាហើយ ពិតជាចង់ញុំាជារៀងរាល់ថ្ងៃ ហើយក៏ប្រហែលជាមើលយូរៗឃើញថា ប៊ឺហ្គឺខ្មៅដូចអាហ្រ្វិកអញ្ចឹង Cuteដែរតាស៎… បើនិយាយពីប៊ឺហ្គឺពណ៌ខ្មៅបែបនេះ  អ្នកអាចនឹកឃើញដល់myBurgerLab ដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១២។  អីយ៉ា!!!ទើបតែ៤ឆ្នាំសោះ មានដល់ទៅ៤សាខានៅម៉ាឡេស៊ីហើយមកដល់ស្រុកយើងបាត់ ធ្លាប់តែឮថាម៉ាក ២០ ឆ្នាំ៣០ឆ្នាំទើបពង្រីកសាខាក្រៅប្រទេស។ អញ្ចឹងអាហារនេះពិតជាមិនធម្មតាទេ... ថាធ្យូង…ធ្យូងមែន៎!!! សម្បកនំបុ័ងមានពណ៌ខ្មៅដោយសារតែវាធ្វើឡើងពីម្សៅធ្យូង ដែលមិនត្រឹមតែផ្តល់ភាពទាក់ទាញទាំងរូបរាង និងរសជាតិតែប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពផងដែររួមមានការជួយសម្រួលដល់អាការៈហើមពោះ និងឆ្អល់ពោះដោយការស្រូបយកសារធាតុមិនល្អពីក្នុងប្រព័ន្ធរំលាយអាហារ។ ចំណែកគ្រឿងផ្សំមានច្រើនមុខដូចជាសាឡាដ ត្រាវបំពង សណ្តែកដី ប្លូប៊ឺរី គីមឈី បន្លែសរីរាង្គគ្មានសារធាតុគីមី សាច់ស្រស់ៗដូចជាទ្រូងមាន់ដែលសម្បូរដោយជាតិប្រូតេអ៊ីន សាច់គោយកមកពីអាមេរិកដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ ថែមទាំងមានសុវត្ថិភាពទៀតផង។ ណាគេថាប៊ឺហ្គឺមិនហិរ ប្លែកទៀតហើយ… សម្រាប់អ្នកដែលចូលចិត្តញុំាហិរពិតជាត្រូវប៉ាន់ហើយ myBurgerLabលើកនេះមាននាំមកជូននូវមេនញូបែបហិរហិរ គឺSuper spicy Gwang Wang Doដែលវាត្រូវបានដាក់ជាមួយម្ទេសចំនួន៦គ្រាប់។ ញាក់សាច់ដែរហ្នឹង…ហ៊ានមកផ្ចាញ់គ្នាដែរអត់ហ្នឹង? ការ៉េមផ្លែឈើ ធ្លាប់តែឃើញការ៉េមមានរសជាតិផ្លែឈើផ្សេងៗ ដែលញុំាទៅឡើងជក់មាត់ តែឥឡូវការ៉េមមួយបែបទៀតក៏លេចឡើង គឺមានទាំងរសជាតិ និងសាច់ផ្លែឈើតែម្តង…គ្រាន់តែឃើញ…ចង់ញុំាបាត់ទៅហើយ ជាពិសេសត្រង់ស្នូលផ្លែ ស្ត្រ័របឺរី  និងគីវីហ្នឹងហ្មង…ការ៉េមស្រស់ៗបែបហ្នឹង ជឿថាលោកអ្នកមិនទាន់បានឃើញច្រើនទេ តែលោកអ្នកអាចរកបាននៅLa Popsនៅផ្លូវប៉ាស័្ទរ និងសាខាមួយចំនួនទៀត។ ការ៉េមបែបនេះមិនត្រឹមតែ Cuteហើយឆ្ងាញ់នោះទេ ថែមទាំងមិនមានបញ្ចូលពណ៌ និងក្លិនដែលធ្វើឲ្យប៉ះពាល់សុខភាពទៀតផង។ នៅមានមុខម្ហូបប្លែកៗជាច្រើនទៀតដែលអាចរកញ៉ាំបានទៅតាមចំណង់ចំណូលចិត្តរបស់អ្នក...ហើយត្រុវចំាថា​«សុខភាពជាចម្បង កុំឲ្យរំលងអាហារបីពេល»ណា៎!!! ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺរលាកថ្លើម គឺជាជំងឺដែលមានការរលាកនៅលើសរីរាង្គថ្លើម ហើយមូលហេតុនៃការរលាក គឺមានច្រើន។ មូលហេតុសំខាន់ៗនៃជំងឺនេះ គឺបណ្តាលមកពីវីរុស ការពិសាស្រាច្រើន ថ្នាំមួយចំនួន បញ្ហាAutoimmune (សារពាង្គកាយរបស់អ្នកជំងឺបង្កើតអង់ទីក័រប្រឆាំងនឹងថ្លើមខ្លួនឯង)។  វីរុសដែលធ្វើឲ្យរលាកថ្លើមមាន៥ប្រភេទ គឺ A, B, C, D, និង Eហើយវីរុសសំខាន់ដែលឲ្យរលាកថ្លើមរ៉ាំរ៉ៃ គឺវីរុសរលាកថ្លើមB និងC។ គួរបញ្ជាក់ផងដែរថា អត្រានៃអ្នកកើតជំងឺរលាកថ្លើមប្រភេទBនៅកម្ពុជាមាន៤.៦% និងប្រភេទC ចំនួន៥.៨% មិនត្រឹមតែប៉ុណ្ណោះ រលាកថ្លើមដែលគេព្រួយបារម្ភ គឺរលាកថ្លើមរ៉ាំរ៉ៃដែលអាចវិវឌ្ឍទៅជាក្រិនថ្លើម និងមហារីកថ្លើម។ ដូចនេះ ការធ្វើតេស្តរកមេរោគរលាកថ្លើម គឺជាការចាំបាច់។ និយមន័យ ការធ្វើតេស្តរកមេរោគថ្លើម គឺជាការរាវរកវត្តមាននៃមេរោគថ្លើមនៅក្នុងឈាមរួមជាមួយវត្តមាននៃអង់ទីក័រប្រឆាំងនឹងមេរោគផងដែរ។ ក្នុងការធ្វើតេស្តរកមេរោគថ្លើម អ្នកជំងឺមិនចាំបាច់ធ្វើតេស្តឈាមមុនញ៉ាំអាហារទេ អាចធ្វើនៅពេលណាក៏បាន។ បរិមាណឈាមត្រូវការតិចតួចត្រឹមតែ១មីលីលីត្រឈាមប៉ុណ្ណោះសម្រាប់ម៉ាស៊ីនធ្វើតេស្តទំនើបនៅមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ ហើយលទ្ធផលនឹងទទួលបានក្នុងរយៈពេល១ម៉ោង។ ប្រភេទតេស្តរកមេរោគថ្លើម ១. តេស្តរកវីរុសថ្លើមប្រភេទ A មាន២ប្រភេទគឺ ៖ •តេស្តរកជំងឺរលាកថ្លើមស្រួចស្រាវ (anti-HAV IgM) តេស្តនេះត្រូវបានប្រើ ដើម្បីរកការវិវឌ្ឍទៅជាជំងឺរលាកថ្លើមស្រួចស្រាវ (Acute Hepatitis) ដែលក្នុងករណីកម្រអាចវិវឌ្ឍទៅជាទម្រង់ធ្ងន់ធ្ងរ (Fulminant Hepatitis) ត្រូវព្យាបាលដោយធ្វើការផ្លាស់ប្តូរថ្លើមទើបអាចបន្តជីវិតបាន។ វីរុសនេះមានវ៉ាក់សាំងសម្រាប់ចាក់ការពារ ដើម្បីបង្ការទម្រង់ធ្ងន់ធ្ងរនេះ។ •តេស្តរកអង់ទីក័រគ្រប់ប្រភេទប្រឆាំងនឹងវីរុសថ្លើមA (anti-HAV IgM, IgG, IgA) វីរុសរលាកថ្លើមប្រភេទ A អាចឆ្លងតាមចំណីអាហារ និងទឹកដែលមានវីរុសនៅក្នុងនោះ ហើយចំពោះប្រទេសដែលអនាម័យនៅមានកម្រិត អ្នកជំងឺអាចនឹងមានវីរុសនេះតាំងពីតូច។ ចំពោះកូនក្មេង ៩០%នៃអ្នកដែលផ្ទុកវីរុសរលាកថ្លើមប្រភេទ A មិនមានលេចចេញជារោគសញ្ញាទេ។ ចំពោះប្រទេសកម្ពុជាយើង ភាគច្រើននៃអ្នកជំងឺដែលមកធ្វើតេស្តភាគច្រើនមានអង់ទីក័រទាំងមូលរួចជាស្រេច។ ដូចនេះ ការធ្វើតេស្តរកអង់ទីក័រទាំងមូល(anti-HAV -IgM, IgG, IgA) ត្រូវបានធ្វើឡើង ដើម្បីបញ្ជាក់ថាអ្នកជំងឺដែលបានឆ្លងវីរុសរលាកថ្លើមប្រភេទ A ហើយបានជាសះស្បើយដោយមានអង់ទីក័រការពារខ្លួនជាស្រេច ឬក៏ក្នុងករណីដែលមានសញ្ញារលាកថ្លើមស្រួចស្រាវចាំបាច់ត្រូវរកanti-HAV IgM បន្ថែមទៀត។ ២. តេស្តរកមេរោគរលាកថ្លើមប្រភេទ B (Seroimmunology test) មាន ៥តេស្តផ្សេងៗគ្នា ដែលអាចធ្វើបាន ២ទៅ៤សប្តាហ៍ក្រោយការឆ្លងវីរុស៖ - តេស្តរកអង់ទីហ្សែន HBs បញ្ជាក់ពីវត្តមានរបស់មេរោគក្នុងខ្លួនអ្នកជំងឺ - តេស្តរកអង់ទីក័រ anti-HBs បញ្ជាក់ពីវត្តមានអង់ទីក័រការពារអ្នកជំងឺពីមេរោគ - Anti-HBc total បញ្ជាក់ពីការធ្លាប់ប៉ះជាមួយមេរោគ - Anti-HBc IgM បញ្ជាក់ពីការរលាកថ្លើមស្រួចស្រាវ - HBe និង anti-HBe សម្រាប់តាមដានការវិវឌ្ឍរបស់មេរោគតេស្តមួយប្រភេទទៀត គឺតេស្តរាប់មេរោគ សម្រាប់តាមដាន ឬវាយតម្លៃការព្យាបាល។ តេស្តនេះអាចធ្វើបាន២សប្តាហ៍ បន្ទាប់ពីការឆ្លងមេរោគ។ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើតេស្ត និងចង់ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B គួរធ្វើតេស្តរកអង់ទីហ្សែន HBs អង់ទីក័រ anti-HBs និងអង់ទីក័រ anti-HBc។ ៣. តេស្តរកមេរោគរលាកថ្លើមប្រភេទ C គឺរកអង់ទីក័រ anti-HCV  ករណីអង់ទីក័រ anti-HCV វិជ្ជមាន អាចបញ្ជាក់បានថា អ្នកជំងឺកំពុងមានវីរុសនៅក្នុងខ្លួន ឬអ្នកជំងឺបានជាសះស្បើយហើយ។ ជាទូទៅ ៧៥% នៃអ្នកឆ្លងមេរោគរលាកថ្លើមប្រភេទ C នឹងវិវឌ្ឍទៅរកជំងឺរលាកថ្លើមរ៉ាំរ៉ៃ និង២៥%ទៀតអាចជាដោយខ្លួនឯង។ ដូចនេះ ដើម្បីញែកឲ្យដាច់ពីស្ថានភាពទាំងពីរនេះ អ្នកជំងឺត្រូវធ្វើតេស្តរាប់ចំនួនវីរុសរលាកថ្លើមប្រភេទ C ក្នុងឈាមបន្តទៀត។ ៤. តេស្តរកមេរោគរលាកថ្លើមប្រភេទ D គឺរកអង់ទីក័រ anti-HDV ដោយសារជំងឺរលាកថ្លើមប្រភេទ D អាចកើតមានបាន លុះត្រាតែអ្នកជំងឺមានជំងឺរលាកថ្លើមប្រភេទ B ដូចនេះ ចំពោះអ្នកដែលមិនមានវីរុសរលាកថ្លើមប្រភេទ B ឬធ្លាប់ចាក់វ៉ាក់សាំងការពាររួចហើយ គឺមិនចាំបាច់បារម្ភពីការកើតជំងឺរលាកថ្លើមប្រភេទ D ទេ។ សព្វថ្ងៃ នៅកម្ពុជាយើងនៅមិនមានការធ្វើតេស្តរកវីរុសប្រភេទនេះទេ។ ៥. តេស្តរកមេរោគរលាកថ្លើមប្រភេទ E គឺរកអង់ទីក័រ anti-HEV វីរុសនេះឆ្លងតាមរយៈចំណីអាហារដូចទៅនឹងជំងឺរលាកថ្លើមប្រភេទ A ដែរ ហើយវាងាយនឹងជាទៅវិញដោយឯកឯង។ នៅកម្ពុជា តេស្តក្នុងមន្ទីរពិសោធន៍ដែលអាចធ្វើបានមាន តេស្តរកមេរោគថ្លើមប្រភេទ A មេរោគថ្លើមប្រភេទ B និងមេរោគថ្លើមប្រភេទ C ទាំង Serology test និងតេស្តរាប់មេរោគ។  លទ្ធផលនៃតេស្តរកមេរោគថ្លើមប្រភេទ B អាចមាន False-positive លើ Screening test ព្រោះតេស្តប្រភេទនេះ មាន Sensibility ខ្ពស់ជាមួយនឹងអង់ទីហ្សែនរបស់មេរោគ ប៉ុន្តែកំហុសនេះអាចចៀសវាងបានដោយការប្រើប្រាស់ម៉ាស៊ីនដែលមានគុណភាព (ម៉ាស៊ីនរបស់ក្រុមហ៊ុន Roche ដូចមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិកំពុងប្រើ) ជាមួយនឹងបច្ចេកទេសដែលមានការត្រួតពិនិត្យត្រឹមត្រូវ ឧបករណ៍ទំនើប និងប្រតិករដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវ។ តើអ្នកណាចាំបាច់ត្រូវធ្វើតេស្តទាំងនេះ? ការធ្វើតេស្តស្វែងរកមេរោគរលាកថ្លើមនេះ អ្នកដែលចាំបាច់ត្រូវតែធ្វើមានដូចជា៖ •ស្រ្តីមានផ្ទៃពោះដែលមិនធ្លាប់ចាក់វ៉ាក់សាំង ព្រោះវីរុសរលាកថ្លើមប្រភេទ B អាចឆ្លងពីម្តាយទៅកូនបានតាមរយៈឈាម ហើយក្មេងដែលឆ្លងវីរុសនេះពីម្តាយ មានការប្រឈមខ្ពស់លើការវិវឌ្ឍទៅរលាកថ្លើមរ៉ាំរ៉ៃរហូតដល់ទៅ៩០% ដូចនេះ មានការប្រឈមខ្ពស់នឹងជំងឺក្រិនថ្លើម និងមហារីកថ្លើម ។ •អ្នករស់នៅប្រទេសដែលប្រឈមនឹងការឆ្លងមេរោគនេះខ្ពស់ (ប្រទេសកម្ពុជា) ជាពិសេសវីរុសរលាកថ្លើមប្រភេទB និងវីរុសរលាកថ្លើមប្រភេទ C •អ្នកត្រូវបញ្ចូលឈាមញឹកញាប់ •អ្នកមានដៃគូរួមភេទច្រើន •អ្នកបម្រើការក្នុងសេវាកម្មសុខាភិបាលដូចជាក្នុងមន្ទីរពិសោធន៍ •អ្នកជំងឺទឹកនោមផ្អែម ព្រោះបើមានឆ្លងវីរុសរលាកថ្លើមប្រភេទ B អ្នកជំងឺអាចនឹងប្រឈមខ្ពស់ជាមួយនឹងការកើតជំងឺមហារីកថ្លើម •អ្នកដែលប៉ះពាល់ជាមួយរបស់មុតស្រួច ដូចជាអ្នកចូលចិត្តសាក់។ បកស្រាយដោយ ៖ លោកស្រីឱសថបណ្ឌិតឯកទេសវេជ្ជសាស្រ្ត តោ ពើទី ស្ថាបនិកនៃ«មន្ទីរពិសោធន៍វេជ្ជសាស្រ្តស្តង់ដារអន្តរជាតិ» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។​

ចែករំលែក
Top