Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បុគ្គលម្នាក់ៗមាននាមជាសម្គាល់ រីឯផលិតផល ឬស្ថាប័នក៏មានស្លាកយីហោសម្រាប់ជាអ្វីដែលនាំឲ្យអ្នកផងទាំងពួងបានស្គាល់ផងដែរ ហើយទំនុកចិត្តពីសំណាក់អតិថិជនក៏មានទៅតាមកេរ្តិ៍ឈ្មោះនៃបុគ្គល  ឬស្ថាប័នដែរ។ ជាក់ស្តែង លោក សោម សម្បតិ្តដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនខាំផែន(ថ្នាំពណ៌ជាតិ) ក៏បានលើកឡើងផងដែរថា «មិនសំខាន់ អ្នកស្គាល់អ្នកណា សំខាន់ នរណាខ្លះស្គាល់អ្នក» ហើយសិល្បៈនៃការកសាងកេរ្តិ៍ឈ្មោះ ក៏មិនមានអ្វីខុសគ្នាពីសិល្បៈនៃការធ្វើទីផ្សារដែរ។  យ៉ាងណាមិញ កេរ្តិ៍ឈ្មោះដែលគេស្គាល់ និងទុកចិត្តនោះ គឺមិនអាចនឹងកសាងឡើងបានក្នុងរយៈពេលខ្លីនោះទេ ហើយបើអាចក៏នឹងមិនអាចស្ថិតស្ថេរបានយូរអង្វែងនោះដែរ។ តើគួរធ្វើបែបណាទើបគេស្គាល់ហើយស្គាល់យូរទៀត? មានជំហាន៥យ៉ាងដែលលោកអ្នកមិនគួរមើលរំលងក្នុងដំណើរនៃការសាងកេរ្តិ៍ឈ្មោះនេះ… គុណភាព ៖ «បើគ្មានគុណភាព កេរ្តិ៍ឈ្មោះក៏មិនអាចមានដែរ»  សម្រាប់បុគ្គល អ្នកដែលមានគុណសម្បត្តិល្អ   និងជួយឲ្យស្ថាប័នមួយរីកចម្រើនត្រូវបានគេហៅថាHuman Capital រីឯផលិតផលវិញក៏មិនខុសគ្នាដែរ មុននឹងឲ្យគេស្គាល់ទាល់តែមានគុណភាពដែលអាចទទួលយកបានសិន។ អ្វីដែលគួរចៀសវាងនោះ គឺការគិតលើប្រាក់ចំណេញភ្លាម និងរយៈពេលខ្លីដែលជាដៃគូនឹងតម្លៃថោក និងគុណភាពទាប។ សរុបទៅ គឺ គ្រប់ប្រភេទ និងផ្នែកទាំងអស់ សុទ្ធតែត្រូវការគុណភាពជាចម្បង ហើយក៏ត្រូវអាស្រ័យលើចំណែកទីផ្សារដែលចង់ចូលផងដែរ។ ការរចនា និងវេចខ្ចប់ ៖ មានគុណភាពតែមួយមុខ គឺមិនទាន់មានអ្វីដែលប្លែកខុសពីគេនោះទេ ហើយអ្វីដែលត្រូវការបន្ថែមនោះ ជាការរចនាម៉ូតព្រមទាំងការវេចខ្ចប់ប្លែក ដើម្បីបង្កើននូវភាពទាក់ទាញ។ សម្រាប់បុគ្គល ការតុបតែងខ្លួនទៅតាមវិជ្ជាជីវៈជាអ្វីដែលមិនអាចខ្វះបាន ព្រោះថាទោះចង់ ឬមិនចង់ វាជាអ្វីដែលអ្នកដទៃក្រឡេកឃើញមុនគេ។ ការកំណត់ជំហរ  ៖ ដរាបណាមានគោលជំហរច្បាស់លាស់ មិនថាស្ថិតនៅក្នុងចំណែកទីផ្សារណានោះទេ បុគ្គល ឬស្ថាប័នក៏នឹងមិនភ័យខ្លាចនឹងទទួលបានការស្គាល់ពីអ្នកដទៃដែរ។ សំខាន់…ត្រូវដឹងថាផលិតផលរបស់ខ្លួននឹងបំពេញតម្រូវការរបស់ក្រុមអតិថិជនប្រភេទណា ហេតុនេះហើយ ទើបទីផ្សារបច្ចុប្បន្នមិនមានទីផ្សារផ្តាច់មុខ។ តែអ្វីដែលយើងសង្កេតឃើញនោះ គឺក្រុមហ៊ុនច្រើនបំពេញតម្រូវការក្នុងចំណែកទីផ្សារដូចគ្នា ហើយក្រុមហ៊ុនដែលលេចធ្លោនឹងមានចំណែកទីផ្សារធំជាងគេ។ ការកសាងក្រុម ៖ «ជោគជ័យមិនមែនជាស្នាដៃរបស់បុគ្គលទេ វាគឺជាស្នាដៃ ឬសមិទ្ធផលរួមគ្នា ហើយមេដឹកនាំដែលពូកែ ចេះកសាងមនុស្សពូកែនៅជុំវិញខ្លួនឲ្យបានច្រើន ដោយបង្កើនថាមពល និងធ្វើឲ្យក្រុមហ៊ុនកាន់តែខ្លាំង។ ជាក់ស្តែង មនុស្សខ្លាំងពិត មានសមត្ថភាពចេះដឹកនាំគេឲ្យក្លាយជាមនុស្សមិនធម្មតា ហើយរួមគ្នាធ្វើការបង្កើតអ្វីដែលមិនធម្មតា ហើយលទ្ធផលដែលល្អប្រសើរ និងអស្ចារ្យនឹងត្រូវបានគេចាប់អារម្មណ៍ ហើយចង់ដឹង និងស្គាល់ពីហេតុ ឬអ្នកដែលនៅពីក្រោយភាពជោគជ័យនោះ។  ពេលវេលា ៖ អ្វីគ្រប់យ៉ាង សុទ្ធតែត្រូវការពេលវេលា ជាក់ស្តែង ការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់បុគ្គល ឬស្ថាប័នមិនអាចធ្វើទៅបានជោគជ័យក្នុងរយៈពេលខ្លីនោះទេ។ ប្រសិនបើចង់បានលទ្ធផលឆាប់ រហ័សពេក ខ្លាចលោថាតែមិនអាចទទួលបានជាមួយនឹងកម្រិតគុណភាពដែលប្រាថ្នា។ លោកនាយកប្រតិបត្តិក៏បានបញ្ជាក់ផងដែរថា ដំណើរនៃការសាងកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងបុគ្គល គឺកើតឡើងមុនក្រោយគ្នាតែបន្តិចប៉ុណ្ណោះ ដរាបណាអ្នកមាន«ចំណេះដឹង ជំនាញ និងចំណង់» ដែលត្រឹមត្រូវតាមសម័យកាលនោះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនមែនជារឿងងាយទេ ដែលនិស្សិតពេទ្យមួយរូបមានកាលវិភាគសិក្សារវល់ ដែលត្រូវធ្វើការងារផង តែនៅតែអាចរៀនពូកែទៀត។ និស្សិតពេទ្យភាគច្រើនប្រាកដជាចង់ឲ្យលទ្ធផលនៃការសិក្សារបស់ខ្លួនបានជោគជ័យ បើទោះជាមានកាលវិភាគមិនសូវជាទំនេរក៏ដោយ។ ហេតុនេះហើយ ដើម្បីជាគន្លឹះសម្រាប់ចែកជូនមិត្តនិស្សិត ហេលស៍ថាម ក៏បានធ្វើបទសម្ភាសន៍ជាមួយនឹងយុវនិស្សិតស្រីវ័យក្មេងស្អាត  ឆ្លាតហើយថែមទាំងពូកែ ដែលតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវសម្តីខ្លី តែមានន័យជ្រៅថា «Little Girl, Big Dream» គឺ កញ្ញា វុឌ្ឍី រ័ត្នវីរីយ៉ា។  ខ្លះៗពីវីរីយ៉ា ជាមួយនឹងក្តីប្រាថ្នាក្លាយជាវេជ្ជបណ្ឌិតតាំងពីតូច ដើម្បីជួយសង្រ្គោះជីវិតមនុស្ស ព្រមទាំងមានសុខភាពល្អ និងមានរាងកាយរឹងមាំរួចផុតពីជំងឺផ្សេងៗ និងដោយសារតែមានលោកឳពុកជាវេជ្ជបណ្ឌិតមួយរូបស្រាប់ ហេតុនេះហើយកញ្ញាមានការស៊ាំទៅនឹងការរស់នៅក្នុងមជ្ឈដ្ឋាននេះ  ដោយសព្វថ្ងៃនេះ កញ្ញាជានិស្សិតផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (UP) និងបម្រើការងារក្រៅម៉ោងនៅគ្លីនិកស្បែកប៊ីស៊ី (BC Skin Clinic) ជាជំនួយការគ្រូពេទ្យផ្ទាល់រយៈពេល៣ឆ្នាំមកហើយ។ មូលហេតុនៃការសម្រេចចិត្តចូលសិក្សានៅUP ជានិស្សិតពូកែ និងគម្រូមួយរូបរបស់ UP  វីរីយ៉ាក៏បានបង្ហើបប្រាប់ដល់ហេលស៍ថាមផងដែរ អំពីមូលហេតុដែលកញ្ញាជ្រើសរើស UP ជាសាលាដែលកញ្ញាចូលសិក្សាក្នុងនោះរួមមានដូចជា  ប្រព័ន្ធសិក្សាដែលប្រើប្រាស់ភាសាអង់គ្លេសជាគោលដែលជួយសម្រួលដល់និស្សិតដែលមានបំណងសិក្សាផ្នែកវេជ្ជសាស្រ្ត ហើយមានចំណេះតែភាសាអង់គ្លេស។ ហេតុផលចម្បងមួយទៀត គឺ ដំណើរការដោយមានគោលការណ៍ច្បាស់លាស់ និងមានគម្រោងល្អៗជាច្រើនក្នុងការជម្រុញនិស្សិតឲ្យទទួលបានចំណេះដឹង និងសមត្ថភាពពិតប្រាកដដែលនឹងអាចយកទៅប្រើប្រាស់បានយ៉ាងជាក់លាក់។ ទន្ទឹមនឹងគ្នានេះដែរ UP ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋ ជាពិសេសក្រសួងសុខាភិបាល និងសាកលវិទ្យាល័យ ព្រមទាំងមន្ទីរពេទ្យនានា។ ក្រៅពីស្ថាប័នជាតិ  UP ក៏មានកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថាប័នអន្តរជាតិនៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ គន្លឹះនៃការសិក្សាមុខវិជ្ជាពេទ្យ ចំពោះការយល់ឃើញរបស់យុវតីក្នុងវ័យ២១ឆ្នាំដ៏មានប្រជាប្រិយភាព និងរូបសម្ផស្សស្រស់សោភាជាទីចាប់អារម្មណ៍របស់អ្នកគ្រប់គ្នារូបនេះ ក៏បានប្រាប់ថាការសិក្សាមុខវិជ្ជាអ្វីក៏មានភាពលំបាកដែរ មិនថាតែមុខវិជ្ជាពេទ្យដែលខ្លួនកំពុងសិក្សានោះឡើយ។ យ៉ាងណាមិញ ការសិក្សាផ្នែកវេជ្ជសាស្រ្តនេះ គឺប្រាកដណាស់មានភាពលំបាកដូចដែលគ្រប់គ្នានិយាយមែន។ ជាក់ស្តែង ចំនួនមេរៀនដែលត្រូវសិក្សាមានច្រើន។  កញ្ញាក៏បានលើកឡើងផងដែរថា ការសិក្សាផ្នែកនេះទាមទារឲ្យប្រើប្រាស់នូវការស្រមៃច្រើនបន្តិច ព្រោះពេលដែលទើបចូលរៀនដំបូង គឺនិស្សិតត្រូវនៅតែសាលារៀនដោយមិនទាន់មានឱកាសទៅមន្ទីរពេទ្យនោះទេ ហេតុនេះហើយ រាល់ពេលដែលសាស្រ្តាចារ្យនិយាយ ឬណែនាំអំពីជំងឺអ្វីមួយ  និស្សិតចាំបាច់ស្រមៃមើលថាតើក្នុងករណីដែលមានជំងឺនោះកើតមានមែន តើមានទិដ្ឋភាពបែបណាខ្លះ? កញ្ញាក៏បន្ថែមទៀតថា របស់ខ្លះមិនអាចមើលឃើញដោយភ្នែកទទេនោះទេ ដែលជាការចាំបាច់ក៏ទាមទារនូវការស្រមៃដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ និស្សិតគ្រប់រូបត្រូវមានការស្វែងយល់ពីមេរៀនឲ្យបានច្បាស់ ដោយមិនពឹងផ្អែកតែលើការទន្ទេញទាំងស្រុងនោះឡើយ ព្រោះថាការទន្ទេញនឹងមិនជួយឲ្យមានការចងចាំបានយូរនោះទេ។ អ្វីដែលមិនអាចខ្វះបាននោះ គឺ ការព្យាយាមស្រាវជ្រាវបន្ត ដើម្បីធ្វើការតាមដាននូវការវិវឌ្ឍថ្មីនៃផ្នែកវិទ្យាសាស្រ្ត តាមរយៈការអាននូវឯកសារ ឬប្រភពព័ត៌មានផ្សេងៗដែលមាននៅក្នុងសៀវភៅ ឬប្រព័ន្ធអ៊ីនធឺណែតឲ្យបានច្រើន។  ជាការពិតណាស់ ពេលដែលរៀននៅសាលា កម្រិតនៃការយល់ដឹងអាចនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហេតុនេះហើយ និស្សិតគួរណាស់តែអាន និងស្រាវជ្រាវបន្ថែមទៀតពេលដែលទៅដល់ផ្ទះ។ ប្រសិនបើនៅតែមិនទាន់សូវច្បាស់ទៀត ការពិភាក្សាជាមួយនឹងមិត្តភក្តិជាជម្រើសមួយដ៏ប្រសើរ ព្រោះថាបុគ្គលម្នាក់ៗមិនអាចចេះ ឬយល់ដឹងគ្រប់ដប់នោះទេ ប៉ុន្តែការពិភាក្សាបំពេញនូវចន្លោះគ្នាបែបនេះ នឹងជួយយ៉ាងហោចណាស់ក៏បានខ្លះៗដែរ។ គន្លឹះសាមញ្ញ តែប្រកបដោយប្រសិទ្ធភាពមួយទៀត គឺ ការត្រងត្រាប់ស្តាប់នូវការពន្យល់របស់សាស្រ្តាចារ្យឲ្យបានច្បាស់លាស់ ហើយមិនត្រូវរួញរាក្នុងការសាកសួរ រាល់ពេលដែលមានចម្ងល់ផ្សេងៗ។ និយាយដល់ត្រង់ចំណុចនេះ យុវតីវ័យក្មេងរូបសម្រស់ស្រស់សោភារូបនេះ ក៏បានលើកឡើងផងដែរថា  កញ្ញាមានការអរគុណចំពោះការផ្តល់នូវឱកាសដ៏ពិសេសរបស់ UP ដែលអាចឲ្យនិស្សិតធ្វើការសាកសួរ ក៏ដូចជាពិភាក្សាជាមួយនឹងសាស្រ្តាចារ្យ ដើម្បីដោះស្រាយនូវរាល់ចម្ងល់ ឬបញ្ហាផ្សេងៗ។ ឱកាសពិសេសផ្តល់ជូនដោយUP UP បានផ្តល់នូវលក្ខណៈងាយស្រួល ក៏ដូចជាសម្រួលដល់ការសិក្សារបស់និស្សិតផ្នែកវេជ្ជសាស្រ្តជាច្រើន។ជាក់ស្តែងសាស្រ្តាចារ្យ ដែលបម្រើការងារនៅ UP  សុទ្ធតែមានទឹកចិត្តទូលាយ និងតែងតែបង្កើតនូវភាពស្និទ្ធស្នាលនិស្សិតគ្រប់រូបដោយមិនប្រកាន់ខ្លួន ដែលជាឱកាសដ៏ល្អសម្រាប់ដល់និស្សិតធ្វើការពិភាក្សា ឬបញ្ចេញមតិយោបល់របស់ខ្លួនទាក់ទិននឹងមេរៀនដែលខ្លួនបានសិក្សា។ មិនត្រឹមតែសាស្រ្តាចារ្យនោះទេ បុគ្គលិកបម្រើការងារផ្នែកដទៃទៀត ក៏តែងតែរួសរាយរាក់ទាក់ជាមួយនឹងនិស្សិត ដែលជាហេតុជួយសម្រួលឲ្យទំនាក់ទំនងរវាងនិស្សិត និងសាលាមានភាពរលូន។  ស្របពេលជាមួយគ្នានេះផងដែរ UP តែងតែផ្តល់នូវឱកាសជូនដល់និស្សិតក្នុងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនមិនថាតែនៅក្នុងថ្នាក់រៀន សាលា ឬនៅក្រៅប្រទេសនោះឡើយ។ ជាក់ស្តែង វីរីយ៉ា ផ្ទាល់ក៏ធ្លាប់បានចុះកម្មសិក្សា និងធ្វើបទបង្ហាញជាលក្ខណៈអន្តរជាតិអំពីវិស័យសុខាភិបាល នៅឯប្រទេសសិង្ហបុរីជាមួយនឹងនិស្សិត UP ចំនួន៤រូបទៀត ក្រោមការអញ្ជើញពីសំណាក់ សាកលវិទ្យាល័យមួយឈានមុខគេនៅអាស៊ី គឺ National University of Singapore (NUS) ។   អំពីសកម្មភាពក្រៅម៉ោងសិក្សានៅសាលា ចំពោះនិស្សិតវិស័យវិទ្យាសាស្រ្តសុខាភិបាល ចាំបាច់ណាស់ត្រូវឆ្លងកាត់នូវការចុះកម្មសិក្សានៅតាមស្ថាប័នផ្សេងៗទៅតាមជំនាញ ក៏ដូចជាមុខវិជ្ជាដែលខ្លួនសិក្សា។ ជាក់ស្តែង គ្លីនិកស្បែក និងឡាស៊ែBC តែងតែផ្តល់ឱកាសជានិច្ចចំពោះនិស្សិតឆ្នាំទី៥ ឬ៦ ដែលអាចឲ្យពួកគេធ្វើការហ្វឹកហាត់ខ្លួនឯងឲ្យស៊ាំនឹងបរិយាកាសការងារក្នុងការអនុវត្តផ្ទាល់ ព្រមទាំងអាចទទួលបាននូវថវិកាខ្លះផងដែរ។ ការចុះហ្វឹកហាត់ការងារបែបនេះពិតជាផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ដល់និស្សិត ដែលរួមមាន បទពិសោធន៍ពិតៗក្នុងការធ្វើការងារជាមួយនឹងអ្នកជំងឺ ដែលជាលទ្ធផល គឺនិស្សិតមិនមានការភ័យខ្លាចពេលដែលចុះបំពេញការងារ ក៏ដូចជាជួបអ្នកជំងឺ។ សម្រាប់វីរីយ៉ាផ្ទាល់ ពេលម៉ោងទំនេរពីការសិក្សា កញ្ញាតែងតែធ្វើការងារនៅគ្លីនិក ដើម្បីទទួលបានចំណេះបន្ថែមពីលើទ្រឹស្តីដែលបានសិក្សាពីក្នុងថ្នាក់។ ក្រៅពីនេះ  កញ្ញាក៏ប្រាប់ដល់ហេលស៍ថាមផងដែរថា កញ្ញាក៏បានចូលរួមក្នុងការងារសង្គមដោយធ្វើការចុះទៅតាមសហគមន៍ផ្សេងៗ  និងការងារស្ម័គ្រចិត្តដោយធ្វើការពិនិត្យជំងឺជូនដល់ប្រជាជនដោយឥតគិតថ្លៃ តាមរយៈអង្គការ ឬគម្រោងជាតិ និងអន្តរជាតិមួយចំនួន។ ទន្ទឹមនឹងគ្នានេះ យុវតីរាងស្រលូនគួរឲ្យស្រលាញ់ក៏ឆ្លៀតធ្វើលំហាត់ប្រាណ ហើយកីឡាដែលកញ្ញាចូលចិត្តជាងគេ គឺកីឡាហែលទឹក ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។ កត្តានាំឲ្យការសិក្សាបានជោគជ័យ ចំពោះកញ្ញាផ្ទាល់ កត្តាដែលជម្រុញឲ្យការសិក្សារបស់និស្សិតពេទ្យទទួលបានជោគជ័យ គឺនិស្សិតគោរពតាម និងអនុវត្តតាមគុណតម្លៃទាំង៣របស់UP «គោរពខ្លួនឯង គោរពអ្នកដទៃ អភិវឌ្ឍសង្គម» ដែលការគោរពខ្លួនឯង គឺត្រូវខិតខំស្រាវជ្រាវ ឬរៀនបន្ថែមដោយខ្លួនឯង ហើយគោរពពេលវេលា និងពាក្យសន្យាដែលខ្លួនបាននិយាយ។ ចំណែកឯការគោរពអ្នកដទៃវិញ  គឺការឲ្យតម្លៃទៅលើពួកគេ តាមរយៈការផ្តល់សិទ្ធិ និងធ្វើការចែករំលែកជូនដល់គាត់។ កញ្ញាក៏បានបន្ថែមទៀតដែរថា «ដើម្បីក្លាយជាគ្រូពេទ្យល្អម្នាក់មិនមែនត្រឹមតែរៀនពូកែ ចេះខ្លាំងហើយអាចព្យាបាលគេជានោះទេ សំខាន់ គឺត្រូវមានឆន្ទៈមួយដែលមិនគិតលុយជាធំ។» គោលបំណងទៅថ្ងៃអនាគត ពេលដែលហេលស៍ថាម ធ្វើការសាកសួរអំពីគោលបំណងនៃថ្ងៃអនាគតវិញកញ្ញាក៏ផ្តើមបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ មុននឹងផ្តល់នូវចម្លើយថា ក្នុងនាមជានិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូប មុខរបរនាពេលអនាគត គឺគ្មានអ្វីក្រៅពីក្លាយខ្លួនជាវេជ្ជបណ្ឌិតមួយរូបនោះឡើយ។ ប៉ុន្តែ វីរីយ៉ា មិនត្រឹមតែចង់ធ្វើជាវេជ្ជបណ្ឌិតសាមញ្ញមួយរូបនោះទេ គឺ កញ្ញាប្រាថ្នាចង់ក្លាយជាបុគ្គលមួយរូបដ៏សំខាន់ និងសកម្មនៅក្នុងសង្គម ដើម្បីចូលរួមអភិវឌ្ឍ ក៏ដូចជាជួយស្តារនូវវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។  បន្ថែមពីលើនេះ យុវតីក្មេងវ័យ តែចិត្តគំនិតគួរឲ្យស្ញប់ស្ញែងរូបនេះ ក៏មានបំណងបង្កើតនូវមូលនិធិ និងមន្ទីរពេទ្យដែលអាចជួយអ្នកជំងឺក្រីក្រដោយឥតគិតថ្លៃព្រមទាំងឧបត្ថម្ភនូវគ្រឿងបរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីធានាឲ្យបាននូវការទទួលបានសេវាព្យាបាល និងថែទាំសុខភាពជូនដល់ប្រជាជនកម្ពុជា ឲ្យដូចជាប្រជាជននៃជាតិសាសន៍ដទៃទៀត។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើមានឱកាស កញ្ញាក៏ចង់បម្រើការងារជាសាស្រ្តាចារ្យមួយរូប ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងនានាដែលខ្លួនមានទៅកាន់និស្សិតជំនាន់ក្រោយផងដែរ។  សារជូនដល់និស្សិតពេទ្យ «ត្រូវស្រលាញ់អ្វីដែលយើងធ្វើ មិនថាខ្លួនឯងកំពុងសិក្សា ឬធ្វើការងារអ្វីនោះទេចាំបាច់ណាស់ត្រូវមានចិត្តស្រលាញ់ និងឲ្យតម្លៃទៅលើវា។ ម្យ៉ាងទៀត ត្រូវតែគោរពអ្នកដទៃដោយមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ។ អ្វីដែលមិនអាចភ្លេចបានទៀតនោះ គឺការតស៊ូប្រឹងប្រែងរៀនសូត្រ ដោយកុំចុះចាញ់បើទោះជាពិបាកយល់ ឬពិបាកចាំ ព្រោះថាមនុស្សគ្រប់គ្នាមិនអាចចាំបានទំាងអស់នោះទេ គឺត្រូវព្យាយាមមើលម្តងហើយម្តងទៀត ដោយមានភាពក្លាហានក្នុងការសួរ និងឆ្លើយរាល់ពេលដែលមានចម្ងល់។ ជាចុងក្រោយ ក៏សូមអរគុណគ្រប់គ្នាដែលតែងតែស្រលាញ់រាប់អាននាងខ្ញុំរហូតមក។» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

យោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យជំនួយ ទូច ឃុន ជាអនុប្រធានមន្ទីរពេទ្យព្រះកុសុមៈ ទទួលបន្ទុកគ្រប់គ្រងមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ បានឲ្យដឹងថា«មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េនៃមន្ទីរពេទ្យព្រះកុសុមៈ មានទទួលពិគ្រោះ និងព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយមានកន្លែងទទួលរាល់អ្នកជំងឺទឹកនោមផ្អែមទាំងឡាយណា ដែលមានផលវិបាកឲ្យមកសម្រាក និងតាមដានជំងឺ២៤ម៉ោងលើ២៤ម៉ោង។» លោកសាស្រ្តាចារ្យក៏បញ្ជាក់ផងដែរថា ៖ «អ្នកជំងឺដែលបានមកតាមដាននៅមជ្ឈមណ្ឌលនេះ ត្រូវបានផ្តល់នូវការអប់រំ និងចំណេះដឹង ដែលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែម ហើយធ្វើយ៉ាងណា ដើម្បីបញ្ចៀសនូវផលវិបាកដែលអាចកើតមានទៅថ្ងៃខាងមុខ។» មជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈ រង់ចាំផ្តល់សេវាជូនបងប្អូនប្រជាជនទាំងអស់ដោយក្តីរីករាយ…ហើយក៏សូមជូនពរឲ្យប្រជាជនទាំងអស់ ដែលបានមកទទួលសេវាការព្យាបាលពីមជ្ឈមណ្ឌលជម្ងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះកុសុមៈឲ្យឆាប់ជាសះស្បើយទាំងអស់គ្នា… សម្រាប់ព័ត៌មានបន្ថែម និងការផ្តល់នូវមតិរិះគន់ក្នុងន័យស្ថាបនា សូមទំនាក់ទំនងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យ ព្រះកុសុមៈ ឬទូរស័ព្ទលេខ 098 644 408

ចែករំលែក

ក្រៅពីរូបសម្បត្តិ សុភាពបុរសក៏អាចនឹងមានភាពទាក់ទាញជាមួយនឹងទេពកោសល្យ និងជំនាញផ្សេងៗរបស់ខ្លួន។ ជាក់ស្តែង ការចេះចម្អិនអាហារក៏ជាមន្តស្នេហ៍ទាក់ទាញមួយបែបផងដែររបស់បុរស....កាលពី៣០ឆ្នាំមុន មនុស្សប្រុសគិតថាការចម្អិនម្ហូបអាហារ គឺជាការងាររបស់ស្រ្តី។  តែបើក្រឡេកមកមើលបុរសសម័យថ្មីវិញ ៤៣%នៃពួកគេបានបែរមករកការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះ នេះបើយោងតាមទិន្នន័យរបស់កាសែតវ៉ាស៊ីនតោនផុស។ តើមូលហេតុអ្វីបានជាបុរសភាគច្រើនផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបែបនេះ? ការផ្លាស់ប្តូររបស់ស្រ្តី កាលពីមុនមនុស្សស្រីជាស្រ្តីមេផ្ទះ ហើយបុរសជាអ្នកប្រកបរបរផ្គត់ផ្គង់គ្រួសារ ដូចនេះស្រ្តីមានតួនាទីតែមួយគត់ គឺធ្វើការងារផ្ទះ។ ប៉ុន្តែមកទល់នឹងពេលនេះមានការផ្លាស់ប្តូរដ៏ធំមួយដោយស្រ្តីក៏មានភាពមមាញឹកក្នុងការប្រកបរបរផ្គត់ផ្គង់គ្រួសារដូចនឹងបុរសដែរ។ ទាំងនេះហើយទើបធ្វើឲ្យបុរសងាកមករកការធ្វើការងារផ្ទះដូចជាការចម្អិនម្ហូបអាហារ គឺដើម្បីជួយសម្រួលការងារស្រ្តី។ កត្តាទាក់ទងនឹងបុរសខ្លួនឯង     •បង្កើនភាពស្និទ្ធស្នាល ការចម្អិនម្ហូបអាហារដោយខ្លួនឯងនៅផ្ទះអាចចាត់ទុកថាជាការទុកពេលវេលាឲ្យខ្លួន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារតាមរយៈរសជាតិចេញពីទឹកចិត្តផ្ទាល់។     •សន្សំថវិកា ជាការពិតសម្រាប់ការរស់នៅម្នាក់ឯង ការទិញអាហារចម្អិនស្រាប់ពិតជាងាយ និងពេលខ្លះមានតម្លៃថោក ក៏ប៉ុន្តែភាគច្រើនក៏អាចធ្វើឲ្យប្រឈមមុខនឹងជំងឺជាច្រើនផងដែរ ដែលនឹងធ្វើឲ្យខាតថវិកាកាន់តែច្រើនឡើង។ ដោយឡែកទទួលទានម្ហូបចម្អិនស្រាប់ ត្រូវចំណាយថវិកាច្រើនដើម្បីទទួលបានបរិមាណអាហារគ្រប់គ្រាន់ និងមានទាំងគុណភាព ព្រមទាំងសុវត្ថិភាព។     •សុខភាព ប្រហែលនឹងចំណុចខាងលើ បន្ទាប់ពីចំណាយពេលធ្វើការអស់រយៈពេលពេញមួយថ្ងៃ បុរសមួយចំនួនបានជ្រើសយកការត្រឡប់មកផ្ទះដើម្បីចម្អិនអាហារសម្រាប់សុខភាព ក៏ដូចជាដើម្បីបង្កើនថាមពលឡើងវិញ និងចៀសផុតពីជំងឺផ្សេងៗផងដែរ ដោយពួកគាត់អាចកំណត់នូវបរិមាណអាហារដែលផ្ដល់ថាមពលគ្រប់គ្រាន់សម្រាប់ខ្លួនបាន។     •បង្ហាញពីភាពរឹងមាំ និងឯករាជ្យ ផ្ទុយពីការគិតថាមានតែស្រ្តីប៉ុណ្ណោះដែលត្រូវធ្វើការងារទាំងនេះ និងអាចចម្អិនអាហារដ៏មានឱជារស បុរសមួយចំនួនព្យាយាមបង្ហាញថាខ្លួនក៏អាចបង្កើតនូវឱជារសនេះដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់នារីបានដែរ។     •បង្កើនភាពច្នៃប្រឌិតរបស់ខ្លួន ការចម្អិនអាហារក៏មិនខុសពីការងារដទៃដែរ ការធ្វើដោយការពេញចិត្ត និងទៅតាមចំណង់ចំណូលចិត្តនឹងនាំមកនូវគំនិតច្នៃប្រឌិតប្លែកៗជាច្រើន។ ភ្ជាប់ជាមួយស្នាដៃច្នៃប្រឌិតរបស់ពួកគេ បុរសសម័យថ្មីជាច្រើនក៏ចាត់ទុកការចម្អិនអាហារជាសិល្បៈមួយបែបដែលធ្វើឲ្យជីវិតរបស់គេមានភាពស្រស់ស្រាយបន្ថយភាពតានតឹង និងធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរឹងមាំ។ ការពង្រឹងនូវចំណេះដឹងផ្នែកអាហារ ស្របពេលជាមួយនឹងការរីកចម្រើនខាងបច្ចេកវិទ្យានៃប្រព័ន្ធទំនាក់ទំនងសង្គមដូចជា​ Facebook ឬ Instagram និងការលូតលាស់វប្បធម៌នៃការអានសៀវភៅ ឬទស្សនាវដ្តីបានបង្កើនភាពងាយស្រួលក្នុងការបង្ហាញអំពីការធ្វើអាហារដែលអាចជម្រុញទឹកចិត្តបុរសៗឲ្យមានចំណង់ក្នុងការចម្អិនម្ហូបអាហារដោយពួកគាត់អាចអនុវត្តតាមការណែនាំក្នុងការចម្អិនអាហារតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។ ហើយពួកគេក៏អាចចែករំលែកស្នាដៃរបស់គេ និងលើកទឹកចិត្តដល់បុរសដទៃទៀតឲ្យចូលរួមចម្អិនម្ហូបអាហារដូចពួកគេដែរ។ សរុបមក…បុរសៗដែលបានយកការចម្អិនអាហារជាចំណង់ចំណូលចិត្តមួយ គួរតែបន្តការចូលចិត្តនេះដោយមិនចាំបាច់ខ្វល់ពីមជ្ឈដ្ឋានមួយចំនួនឡើយ ព្រោះការពិតវាជាសកម្មភាពទាន់សម័យមួយទៅវិញទេ។  រីឯអ្នកដែលមិនទាន់ចាប់អារម្មណ៍នឹងការចម្អិន ក៏គួរសាកល្បងល៎មើលថា អ្នកអាចទទួលបានអត្ថប្រយោជន៍ណាមួយក្នុងចំណោមខាងលើនេះ…ព្រោះថា…វាប្រៀបបានជាមន្តស្នេហ៍ទាក់ទាញមួយទៀតសម្រាប់សុភាពបុរសគ្រប់គ្នាផងដែរ… ដូចដែលគេតែងនិយាយតគ្នាថា «មនុស្សម្នាក់ៗមានភាពទាក់ទាញ ពេលដែលបញ្ចេញស្នាដៃ និងទេពកោសល្យរបស់ខ្លួន»…កុំលាក់បាំាងអី!!!​​បើចេះធ្វើម្ហូបអី បញ្ចេញថ្វីដៃឲ្យគេដឹងផង…

ចែករំលែក

ប្រសិនបើជាអ្នកដែលកំពុងតែមានក្តីស្រមៃក្លាយខ្លួនជាសហគ្រិន ឬក្តីសុបិន្តបើកដំណើរការនូវអាជីវកម្មផ្ទាល់ខ្លួននោះ ឬក៏កំពុងតែជាសហគ្រិនវ័យក្មេង និងម្ចាស់អាជីវកម្មស្រាប់ ហើយមានបំណងស្វែងយល់បន្ថែមពីភាពជោគជ័យនៃវាគ្មិនកិត្តិយសដែលជារៀមច្បងដែលមានបទពិសោធន៍ស្រាប់ក្នុងវិស័យនេះនោះ គួរតែកុំរំលងនូវឱកាសមួយនេះអី… សូមស្វាគមន៍មកកាន់ «វេទិកាធុរកិច្ច ២០១៧» ក្រោមប្រធានបទចំនួន៤ដែលរួមមានដូចជា៖ «ការផ្លាស់ប្តូរផ្នត់គំនិត» ដោយលោក គឹម ចាន់ណា (ស្ថាបនិកនៃ Mindbook) ការផ្លាស់ប្តូរផ្នត់គំនិតពីភាពអកម្មទៅជាការផ្តួចផ្តើមក្នុងការពង្រីកនូវអាជីវកម្ម និងព្យាករណ៍ទុកជាមុននូវសកលដ៏ធំទូលាយ ជាផ្នែកមួយដ៏សំខាន់ក្នុងសហគ្រិនភាព។ លោកនឹងធ្វើបទបង្ហាញអំពីមតិយោបល់ដ៏មានប្រជាប្រិយភាពមួយ របស់ Robert Kiyosaki គឺ «The Cash flow Quadrant»។ «ទំនោរនៃអាជីវកម្ម» ដោយលោក ជី សិលា (នាយកប្រតិបត្តិនៃ Sabay Company)  ការយល់ដឹងអំពីនិន្នាការនៃសេដ្ឋកិច្ចពិភពលោក និងទំនោរនៃប្រជាជនទាក់ទិននឹងតម្រូវការ និងការចង់បាន ជាកត្តាមួយដ៏សំខាន់ក្នុងអភិវឌ្ឍសហគ្រាសអាជីវកម្ម ដើម្បីកាត់បន្ថយនូវហានិភ័យនៅតិចតាមដែលធ្វើបាន។ «ការចាប់ផ្តើមអាជីវកម្ម» ដោយលោក គង់ សូលីយ៉ា (សហស្ថាបនិកនៃ Joonaak Delivery) ការចាប់ផ្តើមអាជីវកម្មថ្មីមួយមិនត្រឹមតែជាកិច្ចការមួយងាយស្រួលនោះទេ ព្រោះថាផែនការអាជីវកម្មត្រូវឆ្លងកាត់ការអភិវឌ្ឍដោយមានភាពស្មុគស្មាញដោយដាក់បញ្ចូលនូវព័ត៌មានលម្អិត និងភាពដែលអាចអនុវត្តបាន។ ហេតុដូច្នេះហើយ ការយល់ដឹងអំពីអាជីវកម្មអាចនឹងនាំឲ្យមានលំនឹង ការគ្រប់គ្រងដ៏មានប្រសិទ្ធភាព ការគ្រប់គ្រងហិរញ្ញវត្ថុ ។ល។ កត្តាប្រកបដោយគុណតម្លៃទាំងនេះនឹងត្រូវបានបកស្រាយ ក៏ដូចជាបង្ហាញណែនាំចាពាក្យសម្រាយ និងងាយយល់។ «សារៈសំខាន់នៃស្លាកយីហោ» ដោយលោក សោម សម្បត្តិ (នាយកប្រតិបត្តិនៃCampaint) ធ្វើយ៉ាងណាអាចផ្សព្វផ្សាយនូវស្លាកយីហោរបស់ខ្លួនបាន ព្រោះស្លាកយីហោត្រូវបានចាត់ទុកជាកត្តាជម្រុញដ៏មានគុណតម្លៃមួយសម្រាប់អាជីវកម្មដែលជោគជ័យ ដោយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចេញនូវប្រជាប្រិយភាព និងការទាក់ទាញអតិថិជននៅក្នុងទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងក្លា។ ជាក់ស្តែងណាស់ ប្រធានបទទាំង៤ដែលបានលើកឡើងខាងលើនេះ សុទ្ធតែជាកត្តាសំខាន់ដែលនឹងធ្វើឲ្យអាជីវកម្មរបស់លោកអ្នកទទួលបានជោគជ័យ ហើយសិក្ខាសាលានេះផងដែរ ជាឱកាសមួយយ៉ាងពិសេសសម្រាប់បងប្អូន និងប្រជាជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ទៅលើមុខជំនួញអាជីវកម្ម ឬធុរកិច្ច ដើម្បីត្រៀមខ្លួនក្លាយជាសហគ្រិនវ័យក្មេងក្នុងសហសម័យថ្មីនេះ។ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវការចែករំលែកបទពិសោធន៍  ទ្រឹស្តី និងគោលគំនិតសំខាន់ៗនៃភាពជោគជ័យពីសំណាក់វាគ្មិន ដែលធ្លាប់បានឆ្លងកាត់ការលំបាក និងភាពបរាជ័យជាច្រើនក្នុងវិស័យជំនួញ។ ស្របពេលជាមួយគ្នាផងដែរ លោកអ្នក ទទួលបានឱកាសបង្កើតបណ្តាញទំនាក់ទំនងរវាងសហគ្រិននានាផងដែរ។   កាលបរិច្ឆេទ ៖  ថ្ងៃអាទិត្យ ទី ២២ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង    ៖  ១:០០ រហូតដល់ ៥:០០ ល្ងាច ទីកន្លែង       ៖  មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់ ៖  •    ខៀន អានិកា (នៅវិទ្យាស្ថាន CamEd) 017 606 044 •    អ៊ឹង ហាំង (នៅវិទ្យាស្ថាន IFL) 086 639 914 •    គង់ គីរីវណ្ណ (អ្នករៀបចំកម្មវិធី) 017 494 968 or 010 494 941 •    ង៉ោ សុខចេង (Marketing Manager) 012 226 289 ឬ ចូលទៅកាន់ Facebook Page របស់ពួកយើង https://www.facebook.com/ibccambodia/?pnref=story ចុះឈ្មោះពេលនេះ ដើម្បីទទួលបានបន្តោងសោរដ៏ស្រស់ស្អាត ហើយតម្លៃតែ១៥,០០០រៀលប៉ុណ្ណោះ!!!

ចែករំលែក

  តើអ្នកធ្លាប់ទទួលបានការដំឡើងប្រាក់ខែ ឬមុខតំណែងពីសំណាក់ប្រធានក្រុមហ៊ុនរបស់អ្នកទេ? អ្នកធ្លាប់សួរខ្លួនឯងទេថា ហេតុអ្វីបានជាមិត្តរួមការងារបានទទួលការដំឡើងប្រាក់ខែ ឬមុខតំណែង? ​តែអ្នកហាក់ដូចជាគ្មានឱកាសទទួលបានតំណែងទាំងនោះទាល់តែសោះ…ជាក់ស្តែង ការទទួលបានការសរសើរ ឬដំឡើងមុខតំណែង ឬប្រាក់ខែ ពីសំណាក់ប្រធានក្រុមហ៊ុនផ្ទាល់ ជាការឆ្លុះបញ្ចាំងពីសមត្ថភាព និងជំនាញរួមជាមួយនឹងគុណតម្លៃយ៉ាងជាក់លាក់មួយរបស់អ្នកដែលបានផ្តល់ទៅកាន់ក្រុមហ៊ុន ហើយវាក៏ជាលើកទឹកចិត្តក្នុងការបន្តកិច្ចការងាររបស់អ្នកតទៅមុខទៀតផងដែរ។ ហេលស៍ថាម សូមនាំជូនមិត្តអ្នកអាននូវគនឹ្លះសំខាន់ៗក្នុងការរៀបចំខ្លួនសម្រាប់ការទទួលបានការដំឡើងប្រាក់ខែ ឬមុខតំណែងដោយមានការចែករំលែកពីសំណាក់លោក អួង​ បូរិន ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យន័រតុនក្នុងឆ្នាំ២០០៨ខាងផ្នែកគ្រប់គ្រងអាជីវកម្ម ហើយសព្វថ្ងៃលោកកំពុងបម្រើការងារជាប្រធានផ្នែកធនធានមនុស្សនៅ Aplus Consulting Co., Ltd និងជាសាស្រ្តាចារ្យមួយរូបនៅសាកលវិទ្យាល័យន័រតុនផងដែរ។ តើក្រុមហ៊ុននឹងសម្លឹងមើលលើអ្វីខ្លះជាលក្ខខណ្ឌក្នុងការដំឡើងប្រាក់ខែ ឬមុខតំណែងដល់បុគ្គលិកមួយរូប? ជាទូទៅ សម្រាប់ក្រុមហ៊ុនមានលក្ខខណ្ឌពីរក្នុងការពិចារណាដំឡើងប្រាក់ខែ ឬមុខតំណែង៖ • លទ្ធផលការងារផ្ទាល់ខ្លួនដែលយើងហៅថា KPI (Key Performance Indicator)៖ ជាធម្មតា បុគ្គលិកទាំងអស់ត្រូវធ្វើយ៉ាងណាឲ្យការងាររបស់ខ្លួនទទួលបានKIPពីរឆ្នាំជាប់ៗគ្នា ដូច្នេះ ទើបគាត់មានលទ្ធភាពទទួលបានការដំឡើងមុនគេមិនថាតែប្រាក់ខែ ឬមុខតំណែងនោះទេ។ • លទ្ធភាពមួយទៀត គឺការកែប្រែក្រុមហ៊ុន (Company Review)៖ កាលណាក្រុមហ៊ុនមានការប្រែប្រួលដោយមានភាពរីកចម្រើននោះ គេនឹងចាប់ផ្តើមធ្វើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនទាំងមូល ជាទូទៅគេធ្វើរយៈពេលមួយឆ្នាំម្តងហើយបុគ្គលិកទាំងអស់នឹងទទួលបានកាំប្រាក់ថ្មី។ប៉ុន្តែវាប្រែប្រួលទៅតាមបុគ្គល បើបុគ្គលិកមិនមានប្រសិទ្ធិភាពការងារល្អ ទោះបីជាក្រុមហ៊ុនមានការរីកចម្រើនក៏ដោយ បុគ្គលិកប្រភេទនេះក៏ពុំទទួលបានលទ្ធផលល្អដែរ។ តើបុគ្គលិកថ្មីមានឱកាសទទួលបានការដំឡើងតំណែង ឬប្រាក់ខែទេ? ប្រាកដណាស់ ពួកគាត់ពិតមានឱកាសទទួលបានលទ្ធភាពទាំងនោះ បើទោះបីជាពួកគាត់ជាបុគ្គលិកថ្មីក៏ដោយ តែសំណួរសួរថា «តើបុគ្គលិកថ្មីទាំងនោះ គឺថ្មីកម្រិតណា» ជាធម្មតាការក្លាយខ្លួនជាបុគ្គលិកឆ្នើម អ្នកទាំងនោះគួរតែបានបំពេញការងាររយៈពេល២ឆ្នាំយ៉ាងតិច ពីព្រោះក្នុងអំឡុងពេលនេះ ពួកគាត់នឹងស្វែងយល់ពីការងាររបស់ក្រុមហ៊ុនកាន់តែច្បាស់ ហើយការសម្រេចភារកិច្ចរបស់ខ្លួនក៏ទទួលបានជោគជ័យ និងល្អប្រសើរ សម្រាប់ទទួលបានតំណែង និងប្រាក់ខែថ្មីទៅតាមហ្នឹងដែរ។ ចុះចំណែកបុគ្គលិកដែលមិនទទួលបានការដំឡើងតំណែង ឬប្រាក់ខែវិញមានលក្ខណៈសម្បតិ្តយ៉ាងណាខ្លះដែរ? •  បុគ្គលិកពុំសម្រេចបាននូវគោលដៅ ដូច្នោះហើយ ក្រុមហ៊ុនពុំរវីរវល់ក្នុងការដំឡើងប្រាក់ខែ ឬតំណែងនោះទេ។ •  បុគ្គលិកពុំមានជំនាញបន្ទាប់បន្សំសមរម្យ (Soft Skills) ហើយមានអត្តចរិត និងអាកប្បកិរិយាមិនសូវល្អរួមមានដូចជា ការនិយាយស្តីមិនសមរម្យ ការមិនគោរពវិន័យ ឬដាក់ច្បាប់សុំឈប់សម្រាកច្រើនជាដើម។ ភាពទាំងអស់នោះ ជាភាពកំសោយមួយរបស់បុគ្គលិកដែលក្រុមហ៊ុនមិនពិចារណាក្នុងការដំឡើងតំណែង ឬប្រាក់ខែនោះទេ ហើយអ្វីដែលជាការប្រឈមនោះ គឺពួកគាត់អាចត្រូវបានក្រុមហ៊ុនដកមុខតំណែង និយាយរួម គឺដេញចេញពីការងារតែម្តង។ មានកត្តាអ្វីខ្លះដែលផ្នែកធនធានមនុស្សពិចារណា រាល់ពេលដំឡើងប្រាក់ខែ និងមុខតំណែងដល់បុគ្គលិក? មានកត្តា៤ដែលរួមមាន៖ «លទ្ធផលការងារ វិន័យ ការងារក្រុម​​ និង កត្តាក្រុមហ៊ុនទាំងមូល»។ បុគ្គលគ្រប់រូបគួរតែប្រកាន់ខ្ជាប់នូវកត្តាទាំង៤នេះ បើខ្លួនអ្នកពិតជាចង់ទទួលបានឱកាសផ្សេងៗក្នុងមុខតំណែងរបស់ខ្លួន។ រវាងបុគ្គលិកចាស់ និងបុគ្គលិកថ្មី តើមួយណាដែលមានឱកាសច្រើនជាង? ខ្ញុំយល់ថាវាឈរលើបរិបទ២យ៉ាង៖ • ផ្អែកតាមLogic៖ជាទូទៅ ស្ថាប័នការងារមិនសូវជាគិតគូរខ្លាំងពីរយៈពេលដែលបុគ្គលិកបំពេញការងារនោះទេ ប៉ុន្តែគេសង្កេតខ្លាំងទៅលើសមត្ថភាព ដែលបុគ្គលិកបានបំពេញការងារ ដូច្នេះឱកាសដូចគ្នា។ • ផ្អែកតាមEmotion៖ពាក្យថា«អារម្មណ៍»ត្រង់ចំណុចនេះ គឺចង់ឲ្យក្រឡេកមើលឡើងវិញថាមុខតំណែងនីមួយៗដែលបុគ្គលិកកំពុងបំពេញជាប្រភេទអ្វីតួយ៉ាង មុខតំណែងដូចជាCashier គឺមិនត្រូវការអ្វីដែលថ្មី ដែលតម្រូវឲ្យពួកគាត់នាំចូលដល់ក្រុមហ៊ុននោះទេ ក្រៅពីការគ្រប់គ្រងថវិកាឲ្យបានល្អ ដូច្នេះហើយ ការដំឡើងប្រាក់ខែ ឬមុខតំណែងផ្សេងៗ គឺត្រូវមើលផងដែរនូវតួនាទីនៃប្រភេទមុខតំណែងដែលនិយោជិកកំពុងបំពេញ។ តើមានគន្លឹះអ្វីខ្លះដែលនិយោជិកគួរប្រតិបត្តិ ដើម្បីក្លាយជាបុគ្គលិកប្រកបដោយសក្តានុពលមួយរូប? ខ្ញុំសូមចែករំលែកនូវគោលការណ៍៥យ៉ាង ដែលនិយោជិកអាចមានឱកាសទទួលបានតំណែងថ្មី និងល្អ រួមនឹងប្រាក់ខែដែលជាទីគាប់ចិត្ត៖ • ត្រូវយល់ពីអាជីវកម្មរបស់ប្រធានក្រុមហ៊ុនឲ្យបានច្បាស់៖ ជួនកាល បុគ្គលិកខ្លះមិនបានយល់ច្បាស់ពីគោលបំណងរបស់អតិថិជន និងដៃគូប្រកួតប្រជែងក្នុងក្រុមហ៊ុនដែលខ្លួនកំពុងបម្រើការនោះទេ ដែលនេះហើយជាចំណុចមួយដែលពួកគាត់មិនទទួលបានជោគជ័យ។ • ត្រូវឲ្យតម្លៃលើតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឯង៖ គួរយល់ឲ្យច្បាស់នូវចំណែករបស់ខ្លួន សម្រាប់ការរីកចម្រើនរបស់ស្ថាប័ន ហើយព្យាយាមធ្វើឲ្យបានល្អបំផុត។ • ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន៖ ត្រូវតែប្រកាន់ខ្ជាប់នូវភាពល្អរបស់ខ្លួនដែលធ្វើទៅកាន់អ្នកដទៃ ហើយត្រូវចៀសឲ្យបាននូវឥទ្ធិពលអាក្រក់ពីអ្នកដទៃ ដែលធ្វើឲ្យផ្លាស់ប្តូរដល់ខ្លួនអ្នកផ្ទាល់។ • ត្រូវបង្ហាញពីសមិទ្ធផលរបស់ខ្លួន៖ និយោជិកត្រូវយកលទ្ធផលជាមូលដ្ឋាន ហើយកាត់បន្ថយហេតុផលដែលធ្វើឲ្យការងារមិនបានសម្រេច ព្រោះវាជាអំណាចនៃបុគ្គលិកឆ្នើម។ • បុគ្គលិកគួរតែចេះបារម្ភពីនិរន្តភាពរបស់ក្រុមហ៊ុន៖ ត្រូវចេះផ្តល់គំនិត ឬយោបល់សម្រាប់ដោះស្រាយភាពលំបាកក្នុងក្រុមហ៊ុនក្នុងគោលបំណងឲ្យស្ថាប័ននៅតែអាចបន្តទៅមុខទៀត។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  វិស័យអប់រំចូលរួមចំណែកមួយផ្នែកធំក្នុងការកសាងអនាគតនៃសង្គមជាតិ ដែលពឹងផ្អែកសើ្ទរតែទាំងសុ្រងទៅលើគុណភាពនៃស្ថាប័នអប់រំ។ ដើម្បីចែករំលែកនូវគុណតម្លៃដ៏មានសារសំខាន់ដែលស្ថាប័នអប់រំមួយមិនអាចខ្វះបាន ហេលស៍ថាម ក៏បានជួបសម្ភាសន៍ផ្ទាល់ជាមួយនឹងលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអតីតសាស្រ្តាចារ្យផ្នែកកាយវិភាគវិទ្យា ជីវវិទ្យា និងសុខភាពសាធារណៈទូទៅនៅសហរដ្ឋអាមេរិក ដែលបានត្រឡប់មកមាតុប្រទេសវិញក្នុងឆ្នាំ២០០២ ក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត និងទីប្រឹក្សាផែ្នកសុខភាពសាធារណៈតាមអង្គការដៃគូសម្រាប់អភិវឌ្ឍ មុននឹងក្លាយជាសាស្រ្តាចារ្យ និងស្ថាបនិកព្រឹទ្ធបុរសមហាវិទ្យាល័យផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យមួយនៅកម្ពុជា។ គួរបញ្ជាក់ផងដែរ លោកឧកញ៉ាក៏ជាស្ថាបនិកនៃវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំង ដែលក្នុងស្ថាប័នរបស់លោកឧកញ៉ាក៏មានបន្ថែមនូវ Student Health Center សម្រាប់មើលថែទាំបឋមដល់សុខភាពទូទៅរបស់សិស្សក៏ដូចជាបុគ្គលិកសិក្សាទៀតផង។ ហេលស៍ថាម ៖ ចំពោះស្ថាប័នអប់រំដែលចាប់ផ្តើមដំបូង គួរតែមានគុណតម្លៃបែបណាខ្លះ ដើម្បីទទួលបានទំនុកចិត្តពីសំណាក់សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល? ចាំបាច់ណាស់ ត្រូវតែមានការចុះឈ្មោះ និងទទួលស្គាល់គុណភាពជាផ្លូវការ ដោយបំពេញនូវសេវាកម្មស្របតាមស្តង់ដាអាជីពជាស្ថាប័នអប់រំ។ ស្របពេលជាមួយគ្នាផងដែរ គុណភាពគ្រូបង្រៀន និងបុគ្គលិកក៏ជាចំណុចដែលត្រុវយកចិត្តទុកដាក់ ដោយបន្ថែមពីលើចំណេះដែលគាត់មានស្រាប់ពិសេសគួរផ្តល់ជូននូវវគ្គបង្ហាត់បង្រៀន ដើម្បីធានាបាននូវគុណភាព និងក្រមសីលធម៌ល្អប្រកបដោយវិជ្ជាជីវៈ។ ចំពោះកម្មវិធីសិក្សា ត្រូវស្រប និងមានការអភិវឌ្ឍតាមក្រសួងអប់រំ និងស្តង់ដារអន្តរជាតិយ៉ាងណា កុំកៀបសង្កត់សិស្សពេក ព្រោះការដាក់សមា្ពធធ្ងន់ពេកទៅលើសិស្សដែលជាសសរទ្រូងនៃប្រទេសជាតិនាពេលអនាគតនឹងនាំមកនូវផលវិបាក គឺ សិស្សនឹង «ពូកែរៀនតែមិនពូកែចេះ រៀនច្រើនមិនពូកែចំណេះ ចេះច្រើនមិនយល់ដឹងច្រើន ហើយថែមទាំងមិនចេះអតា្ថធិប្បាយ»។ ហេលស៍ថាម ៖ ស្ថាប័នអប់រំមួយដែលមានគុណភាព និងសក្តានុពលមានលក្ខណៈសម្បតិ្តបែបណាខ្លះ? អ្វីដែលចម្បងជាងគេ គឺ ការទទួលស្គាល់គុណភាពពីស្ថាប័នជាតិហើយទីតាំង និងបរិស្ថានទៀតសោតចាំបាច់ត្រូវតែមានសុវត្ថិភាព និងអំណោយផលដល់ការសិក្សារបស់សិស្ស។ មិនត្រឹមតែប៉ុណ្ណោះ អគារសិក្សាគយរតែមានបំពាក់នូវគ្រឿងបរិក្ខារប្រកបដោយបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធតាមបែបទំនើប និងទាន់សម័យកាល។ ឯកម្មវិធីសិក្សាត្រូវតែស្របតាមស្តង់ដាររបស់ក្រសួង រួមផ្សំនឹងកម្មវិធីក្រៅម៉ោងសិក្សាឲ្យបានច្រើនសិក្សាឲ្យបានច្រើន ដើម្បីឲ្យសិស្សរៀនដោយភាពសប្បាយរីករាយ និងមានចំណូលចិត្តពិត។ ទន្ទឹមនឹងគ្នានេះផងដែរ ប្រព័ន្ធគ្រប់គ្រងក្នុងស្ថាប័នត្រូវតែសុក្រឹតយុត្តិធម៌ ដោយចៀសវាងដាច់ខាតនូវវប្បធម៌ពុករលួយដែលលក់ពិន្ទុ ឬសញ្ញាបត្រ ដោយមិនខ្វល់ខ្វាយពីគុណភាពអប់រំ ឬអនាគតរបស់សិស្ស។ កត្តាសំខាន់មួយទៀត គឺ លោកគ្រូ អ្នកគ្រូចាំបាច់ស្រឡាញ់សិស្សឲ្យដូចកូនរបស់ខ្លួនប្រៀបដូចពាក្យដែលគេតែងនិយាយថា «ឳពុកម្តាយទី២របស់សិស្សគឺ គ្រូ ហើយផ្ទះទី២របស់សិស្ស គឺសាលារៀន»។ ពិសេសគ្រូត្រូវមានភាពអំណត់អត់ធ្មត់ និងការបំពេញតួនាទីជាគ្រូបង្រៀនប្រកបដោយចំណេះដឹងសីលធម៌ និងចិត្តសាស្រ្តខ្ពស់ វិន័យនិងសណ្តាប់ធ្នាប់ត្រឹមត្រូវ ហើយចាំបាច់ត្រូវតាមដានការសិក្សារបស់សិស្ស ពិសេសត្រូវផ្សារភ្ជាប់ទំនា ក់ទំនងជាមួយនឹងអាណាព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាជាកត្តាដែលមិនអាចខ្វះបាន។ ហេលស៍ថាម ៖ នាមជាស្ថាប័នអប់រំដែលមានសក្តានុពលមួយ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? គុណសម្បត្តិដែលធំជាងគេ គឺនឹងត្រូវបានគេទទួលស្គាល់ច្រើន ស្របពេលដែលចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស ដែលមានតួនាទីក្នុងការបម្រើសង្គមជាតិឲ្យមានការលូតលាស់ ដែលសកម្មភាពនេះពិតជារួមចំណែកក្នុងការកសាងសង្គម ឬយុវជនឲ្យប្រទេសជាតិយើងពិតប្រាកដ ព្រោះថាវប្បធម៌នៃការចែករំលែកនូវចំណេះមានអត្ថន័យខ្លឹមសារជាងអ្វីៗទាំងអស់ បើយើងក្រឡេកមកមើលមួយផ្នែកទៀតនោះ គឺលទ្ធភាពក្នុងការប្រមូលចំណូលក្នុងកម្រិតមួយសមរម្យដើម្បីឧបត្ថម្ភ បណ្តុះបណ្តាល និងផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជូនដល់បុគ្គលិក និងលោកគ្រូអ្នកគ្រូ។ ចំពោះគុណវិបត្តិវិញ គឺប្រាកដណាស់មានផលលំបាកច្រើនក្នុងការគ្រប់គ្រងដោយមានប្រភេទមនុស្សច្រើននៅក្នុងស្ថាប័ន។ ពុំនោះទៀតសោត ដៃគូប្រកួតប្រជែង ក៏មានច្រើនដែរ រីឯការចំណាយក៏មិនតិចដែរ ប្រៀបបានដូចនឹងពាក្យដែលគេនិយាយថា«ទូកធំ ក្តោងធំ»។ ហេលស៍ថាម ៖ នៅក្នុងប្រទេសកម្ពុជា តើប្រព័ន្ធអប់រំបែបណារួមចំណែកពិតក្នុងការអភិវឌ្ឍសង្គម? ដោយសារតែសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានតម្រូវកា រនៃការវិនិយោគលើយុវជនច្រើនតាមរយៈរូបភាពផ្សេងៗ ព្រោះពួកគេជាសសរទ្រូងនៃប្រទេសជាតិ និងបង្កឲ្យមានបញ្ញវន្តលើកស្ទួយដល់អនាគតនៃជាតិខេមរា។ វាជាការពិតដែលថា «បច្ចុប្បន្នយុវជនត្រូវការយើង អនាគតយើងនឹងត្រូវការយុវជនវិញ»ហេតុនេះហើយ ប្រព័ន្ធអប់រំត្រូវតែអនុវត្តតាមកម្មវិធីសិក្សារបស់ក្រសួងឲ្យបានពេញលេញ ដោយមិនឆក់កណ្តៀត ឬកេងប្រវ័ញ្ចម៉ោងសិក្សា ព្រមទាំងមានវិន័យតឹងរឹងចំពោះអវត្តមាន តែមិនត្រូវជិះជាន់ ឬរំលោភបំពានលើសិទ្ធិនោះ ឡើយ។ អ្វីដែលសំខាន់ គឺថាការបង្រៀនត្រូវតែឲ្យចេះពិតប្រាកដ ក្នុងកម្រិតមួយដែលអាចយកទៅអនុវត្ត និងប្រើប្រាស់បានជាក់ស្តែង ដើម្បីលុបបំបាត់នូវភាពល្ងង់ខ្លៅ ក៏ដូចជាអនក្ខរភា ព។ ជាក់ស្តែង «មនុស្សចេះ គឺមិនល្ងង់ មិនឲ្យគេធ្វើបាប មិនរងសម្ពាធ ហើយក្លាហាន ជាហេតុមិនឲ្យគេមើលងាយ ហើយក៏មានទំនុកចិត្ត និងហ៊ានប្រឡូកក្នុងសង្គមប្រកបដោយជោគជ័យ» ។ ហេលស៍ថាម ៖ តើលោកឧកញ៉ាមានសារអ្វីខ្លះចែកជូនដល់យុវជនជំនាន់ក្រោយ? ជាចម្បង ត្រូវដឹងថាខ្លួនជានរណា? កំពុងធ្វើអ្វី? ហើយអ្វីដែលធ្វើមានសារសំខាន់អ្វីខ្លះ? បន្ទាប់មក ចាំបាច់ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ អនុវត្ត តាមដាន កែប្រែ និងអភិវឌ្ឍ ព្រមទាំងរៀបចំឡើងវិញដោយធ្វើកា រដឹកនាំខ្លួនឯងឲ្យបានថ្លៃថ្លា ដឹកនាំគ្រួសារឲ្យបានត្រជា ក់ត្រជុំ ដើម្បីជាទុនក្នុងការដឹកនាំគ្រួសារ និងសង្គមជាតិឲ្យមានការរីកចម្រើន។ យ៉ាងណាមិញក្នុងជីវិតម្នាក់ៗមិនអាចចៀសវាងនូវកំហុសនោះទេ តែបើខុស ត្រូវចេះទទួលស្គាល់កំហុស និងកែប្រែឡើងវិញ។ រាល់ពេល មុននឹងនិយាយទិតៀនអ្នកដទៃ ត្រូវសួរខ្លួនឯងសិនថា តើចាំបាច់ឬទេ? មានប្រយោជន៍ទេ? ព្រោះថា «សម្តីមួយម៉ាត់សម្លាប់គេមួយជីវិត»។ អ្វីដែលរឹតតែមិនអាចខ្វះបាននោះ គឺភាសា៧ ដែលរួមមាន ភាសាជាតិ ភាសាសាកល(អង់គ្លេស ) ភាសាបច្ចេកវិទ្យា ភាសាបច្ចេកទេស ឬជំនាញរបស់ខ្លួន ភាសាទំនាក់ទំនង ឬការទូត ភាសាកាយវិការ (Body Language) និងភាសាអាស៊ាន (វប្បធម៌)។ បន្ថែមពីលើជំនាញដែលសិក្សា ជំនាញទន់ និងអត្តចរិតឫកពាក៏សំខាន់ណាស់ដែរ ជាក់ស្តែង គឺចៀសវាងនូវការប្រកា ន់ឫកឬ ចង្អៀតចង្អល់ ហើយគួរតែកុំលាក់ចំណេះ កុំត្រែះគំនិត បើកចំហបេះដូង ដើម្បីទទួលយកនូវគំនិតថ្មីរបស់អ្នកដទៃ។ ចូរចងចាំជានិច្ចថា ត្រូវខិតខំរៀនសូត្រ ឲ្យចំណេះដឹងបានដូច«បឹងពោរពេញដោយត្រី ស្រីពោរពេញដោយប្រុស សម្រ ស់ពោ រពេញដោយស្នេហ៍» ហើយការដើរលេងនៅក្រៅប្រទេសក៏បន្ថែមនូវចំណេះដឹងសកល ដែលនាំឲ្យបានស្គាល់ និងស្វែងយល់ពីពិភពលោកខាងក្រៅនោះ គឺជាឱកាសក្នុងការនាំអនាគតមកកាន់បច្ចុប្បន្នសម្រាប់សង្គមកម្ពុចាឲ្យកាន់តែខ្ពស់ជាងមុនដែរ។ ជាចុងក្រោយ គ្រប់ពេលដែលជួបប្រទះនឹងបញ្ហាសូមកុំមើលរំលងវា តែតូ្រវ «មើលបញ្ហា ឲ្យឃើញជាបញ្ហា ទើបយើងមិនមានបញ្ហា» ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

មិនថាខ្ញុំ មិនថាអ្នក សុទ្ធតែមានកាតព្វកិច្ចប្រចាំថ្ងៃត្រូវបំពេញ ខំណាស់…រាល់ថ្ងៃ…ហើយជួនកាលក៏ឈានដល់យប់ទៀត…. បើទោះជាពេលខ្លះ ដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ក៏សឹងតែមិនហ៊ានឈប់សម្រាកផងព្រោះពេលដែលមានទម្លាប់ប្រឹងប្រែងយូរៗទៅ ក៏កើតមានផ្នត់គំនិតមួយថា «គេងទៅដូចខាតពេល ញ៉ាំអីក៏ខាតពេលដែរ…»រហូតដល់ផ្តល់តម្លៃលើសុខភាពតិចៗទៅ ក៏ដឹងហើយថា គោលដៅជីវិតសំខាន់ណាស់សម្រាប់ម្នាក់ៗ ប៉ុន្តែ…ធ្លាប់នឹកគិតដល់ផលវិបាក និងការប្រឈមនៃបញ្ហាសុខភាពផ្សេងៗទេ៎? ចង់ ឬមិនចង់…ក៏ត្រូវចំណាយប្រាក់មួយភាគធំទៅលើការព្យាបាល ប្រសិនបើមិនថែទាំខ្លួនបានល្អប្រសើរនោះ សាកគិតមើលម្តងទៀត៎!!! ខំប្រឹងរកប្រាក់ពីព្រលឹមទល់ព្រលប់រាល់ថ្ងៃ ដើម្បីអ្វី? ដើម្បីកសាងសុភមង្គលរបស់ខ្លួន និងមនុស្សជាទីស្រលាញ់? ឬ ទុកសម្រាប់តែព្យាបាលខ្លួន? ពាក្យចាស់គំរិល តែអត្ថន័យនៅតែខ្លឹម «ការពារប្រសើរជាងព្យាបាល» ពិតជាមិនអាចប្រកែកបានឡើយ ចាំណា៎…«មិនថារវល់ម្តេចក្តី ទោះយប់ ឬថ្ងៃ ត្រូវមានពេលសម្រាក» ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

របបអាហារគឺសំខាន់ស្រាប់ហើយ ប្រសិនបើនិយាយដល់ការសម្រកទម្ងន់ ដូចនេះអ្នកត្រូវស្វែងរករូបមន្តអាហារ ឬភេសជ្ជៈដែលមានប្រសិទ្ធភាព និងមិនផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នក ដើម្បីទទួលបានជោគជ័យលើគម្រោងនេះ។ សាកល្បង Menu ដែល ណែនាំដោយ Health Time   ហើយតាមដានលទ្ធផលទាំងអស់គ្នា… ១. ទឹកក្រូចឆ្មារលាយជាមួយគ្រាប់ជី គុណសម្បត្តិ៖ ផលិតផលធម្មជាតិទាំងពីរមានគុណប្រយោជន៍រៀងខ្លួន ក្នុងការជួយសម្រកទម្ងន់ និងជួយឲ្យអ្នក្មេងជាងវ័យ។ នៅពេលលាយសារធាតុទាំងពីរចូលគ្នា វាបានបង្កើនប្រសិទ្ធភាព និងរសជាតិទ្វេឡើង។ អ្នកអាចញ៉ាំបានគ្រប់ពេលដែលអ្នកស្រេកទឹក ពិសេសគឺនៅពេលព្រឹក។ • គ្រាប់ជី៖ មានតួនាទីជាពពួកប្រឆាំងអុកស៊ីតកម្ម និងជាប្រភពនៃសារធាតុសរសៃ (Fiber) ព្រមទាំងជាតិទឹកយ៉ាងសំខាន់សម្រាប់អ្នកដែលចង់សម្រកទម្ងន់។ តាមរបាយការណ៍របស់ Harvard Medical School ការញ៉ាំសារធាតុសរសៃអាចជួយសម្រកទម្ងន់បាន ដោយមិនចាំបាច់បន្ថយរបបអាហាររាល់ថ្ងៃក៏បាន។ អ្នកអាចញ៉ាំគ្រាប់ជីជំនួសអាហារពេលព្រឹកផងដែរដោយវាផ្តល់ឲ្យអ្នកនូវភាពឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារ។ • ក្រូចឆ្មារ៖ សម្បូរទៅដោយ វីតាមីន សារធាតុរ៉ែពពួកប្រឆាំងអុកស៊ីតកម្ម និងជាប្រភពថាមពលសម្រាប់អ្នកកំពុងសម្រកទម្ងន់ដូចគ្នា។ វាជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងកាត់បន្ថយកូឡេស្តេរ៉ូលក៏ដូចជាជួយថែរក្សស្បែករបស់អ្នកពីស្នាមជ្រីវជ្រួញ និងជម្រុញឲ្យខ្លួនរបស់អ្នកផលិតនូវពពួកកូឡាជែន។ វិធីធ្វើ៖ លាយគ្រាប់ជី១ស្លាបព្រាបាយ និងក្រូចឆ្មាមួយចំហៀង ក្នុងទឹកមួយកែវ រួចទុករយៈពេល១០នាទីមុនពេលពិសា ដើម្បីឲ្យគ្រាប់ជីរីកបានល្អ ហើយអ្នកអាចបន្ថែមទឹកកកអនាម័យតាមតែអ្នកចង់បាន។ ២. ទឹកក្រូចពោធិ៍សាត់ច្របាច់ ក្រូចឆ្មារ និងទឹកឃ្មុំ គុណសម្បតិ្ត៖ លាយកូ្រចឆ្មារ និងកូ្រចពោធិ៍សាត់កាន់តែធ្វើឲ្យកើនឡើងនូវបរិមាណ និងប្រសិទ្ធិភាពរបស់វីតាមីនC ដែលជួយអ្នកឲ្យសម្រកទម្ងន់បានលឿន។ គួរញ៉ាំមុនពេលទទួលទានអាហារពេលព្រឹកដើម្បីបានប្រសិទ្ធភាពកាន់តែល្អ។ • ទឹកឃ្មុំ៖ ជាប្រភេទស្ករធម្មជាតិដែលមានប្រូតេអ៊ីន ជាតិទឹក ថាមពល ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែមួយចំនួនផងដែរ។ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងចំពោះអ្នកលើសទម្ងន់ កាត់បន្ថយកូឡេស្តេរ៉ូល និងមិនធ្វើឲ្យអ្នកឡើងទម្ងន់ បើប្រៀបធៀបនឹងប្រភេទស្ករដទៃ។ ម្យ៉ាងទៀត ទឹកឃ្មុំមានតួនាទីពន្លឿនការធ្វើមេតាបូលីសខ្លាញ់ និងកាត់បន្ថយអ័រម៉ូនស្ត្រេសផងដែរ។ វិធីធើ្វ៖ ច្របាច់កូ្រចឆ្មារ ១ចំណិត ក្នុងទឹកកូ្រចពោធិ៍សាត់ច្របាច់២កូនកែវ រួចបន្ថែមស្លឹកជីអង្កាម ២ ឬ៣ទង អំបិលមួយភាគបីស្លាបព្រាបាយ និងចុងក្រោយថែមទឹកឃ្មុំមួយស្លាបព្រាបាយហើយយកវាទៅដាក់ក្នុងម៉ាស៊ីនក្រឡុក និងអាចលាយជាមួយទឹកកកទៀតក៏បាន។ ៣. ក្រូចឆ្មារ ត្រសក់ និងខ្ញីត្រាំទឹក គុណសម្បតិ្ត៖ កូ្រចឆ្មារ ត្រសក់ និងខី្ញ សុទ្ធតែជាបន្លែដែលអ្នកអាចរកបានក្នុងផ្ទះបាយរបស់អ្នក និងមានប្រយោជន៍ជាច្រើន។ បន្ថែមលើការញ៉ាំទឹកធម្មតា យើងគ្រាន់តែបន្ថែមចំណិតបន្លែខាងលើ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយ និងអាចជួយសម្អាតប្រព័ន្ធរំលាយអាហារ ជាពិសេសជួយដល់អ្នកដែលចង់សម្រកទម្ងន់តែម្តង។ • ត្រសក់៖ ជាប្រភេទបន្លែដែលមានកាឡូរីតិចជាងគេ ដោយចំណិតត្រសក់មួយកូនកែវមានតែ១៤កាឡូរីប៉ុណ្ណោះ មានជាតិទឹកជាង៩០ភាគរយដែលវាអាចផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់សារពាង្គកាយ។ លើសពីនេះទៀត ត្រសក់មានផ្ទុកនូវ វីតាមីនK វីតាមីនC ប៉ូតាស្យូម និងម៉ាញេស្យូម ដែលមានតួនាទីប្រឆាំងជាតិពុល និងបន្ថយជាតិខ្លាញ់។ • ខ្ញី៖ ជាប្រភេទបន្លែដែលមានតួនាទី ប្រឆាំងអុកស៊ីតកម្ម និងជួយបំបាត់ជាតិពុលពីរាងកាយ។ វាមិនគ្រាន់តែជួយដល់ការកាត់បន្ថយកូលេស្តេរ៉ូលទេ តែវាក៏បានជួយរក្សាកម្តៅក្នុងខ្លួន ដោយជួយដុតបំផ្លាញខ្លាញ់តាមរយៈការបង្កើនការធ្វើមេតាបូលីសលើសពីធម្មតាបានដល់ទៅ២០ភាគរយទៀតផង។ វិធីធើ្វ៖ ដាក់ចំណិតកូ្រចឆ្មារមួយផែ្ល ចំណិតត្រសក់មួយផ្លែ និងខ្ញី៣-៤ចំណិត ទៅក្នុងថូទឹក រួចបន្ថែមទឹកបរិសុទ្ធ ១.៥លីត្រទៅក្នុងនោះហើយទុករយៈពេល ១០នាទីមុនពេលយកទៅញ៉ាំ។ បនា្ទប់ពីញ៉ាំទឹកអស់ អ្នកអាចញ៉ាំកាករបស់វា ឬបនែ្ថមទឹកដើម្បីញ៉ាំទៀតក៏បាន។ អ្នកក៏អាចដាក់វាក្នុងទូរទឹកកកសម្រាប់ញ៉ាំបានគ្រប់ពេលផងដែរ។ ថាងាយ គឺងាយហើយ!!!​ កុំបង្អង់យូរអី…ចាប់ផ្តើមជ្រើសរើសរូបមន្តដែលងាយស្រួល ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក និងបរិភោគវាជាប្រ​ចាំ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនរបស់វា…មិនត្រឹមតែដើម្បីឲ្យគីឡូស្រកតិចនោះទេ គឺដើម្បីសុខភាពល្អផងដែរ… ព្រួយមួយបាញ់បានសត្វពីរបែបនៀក នៅចាំអីទៀតហ៎??? ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ខ្ញុំតែងតែគិតថា... អ្នកជាមនុស្សម្នាក់ដែលល្អបំផុត ហើយខ្ញុំក៏តែងតែគិតដែរថា... ពួកយើងមានសំណាងណាស់ដែលបានស្គាល់គ្នា រាប់អានគ្នារហូតមក... ទោះបីជាពេលខ្លះ យើងអាចនឹងឈ្លោះប្រកែក ឬខ្វែងគំនិតគ្នា ប៉ុន្តែ យើងក៏នៅតែត្រូវគ្នាវិញ ហើយបន្តដើរកាន់ដៃគ្នា ពេលខ្លះ ទេវតាដូចជាចាំជួយយើង តែពេលខ្លះទៀតដូចជានៅសែនឆ្ងាយ ហើយយើងក៏មិនខ្វល់ច្រើនដែរ ព្រោះថា...ពេលដែលយើងនៅក្បែរគ្នា យើងក៏បំពេញចន្លោះឲ្យគ្នា ពេលដែលអ្នកត្រូវការខ្ញុំ ខ្ញុំក៏ជួយអ្នក ហើយអ្នកក៏ធ្វើដូចគ្នាចំពោះខ្ញុំដែរ... ដឹងទេ? ប្រសិនបើនៅលើលោកនេះ នៅសល់តែមិត្តម្នាក់ ខ្ញុំចង់ឲ្យម្នាក់នោះជា«អ្នក» ពេលនៅក្បែរគ្នា មិនដែលថាចេះនិយាយគ្នាឲ្យស្រួលបួលទេ តែបើថាអត់គ្នា គឺមិនកើតតែម្តង... ទំនេរពេលណា ក៏callរកគ្នា បើនរណាមិនដឹង ស្មានថាស្រលាញ់គ្នាផង... និយាយពីថា...ដឹងអស់ហើយរឿងអាថ៌កំបាំង លាក់ស្អីក៏មិនជិតដែរ ពាក្យខ្លីថា«ពួកម៉ាក»មែនពិត តែអត្ថន័យ គឺមហាសាល សម្រាប់អ្នកខ្លះ «គ្មានថ្លៃ គ្មានថ្ងៃរស់» តែខ្ញុំវិញ «គ្មានពួកម៉ាក គ្មានថ្ងៃសប្បាយ»

ចែករំលែក

ចង់មានកិត្តិនាមល្អក្នុងអំឡុងពេលជាសិស្សដែរឬទេ? ជាការពិតណាស់ ការសិក្សាបានលទ្ធផលល្អជាកូនសោរដឹកនាំជីវិតអ្នកឲ្យជួបតែភាពជោគជ័យនៅពេលអនាគត យ៉ាងណាមិញតើអ្នកបានដឹងទេថាការមានការសិក្សាជោគជ័យ ប៉ុន្តែពុំមានគោលដៅ និងអត្តចរិតមិនសមប្រកបអាចធ្វើឲ្យអ្នកបាត់បង់អ្វីដែលជាការប៉ងប្រាថ្នា? លោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី ដែលលោកកំពុងបម្រើការនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានផ្តល់ជាបទពិសោធន៍ និងដំបូន្មានល្អៗសម្រាប់ចែកជូនដល់សិស្សានុសិស្សក៏ដូចជាអ្នកអាន ដើម្បីជាទុនក្នុងការអភិរឌ្ឍខ្លួនឲ្យក្លាយជាអ្នកមានកេរ្ត៍ឈ្មោះល្អប្រសើរក្នុងសង្គមដែលខ្លួនកំពុងតែរស់នៅ។ ប្រវត្តិសិក្សា និងការងារ ខ្ញុំជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រឱសថសាស្រ្តនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល(ស.វ.ស) រួចក៏បានបន្តសិក្សាថ្នាក់ឱសថបណ្ឌិតនៅស.វ.សដដែល មុននឹងមានឱកាសបន្តការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្តឯកទេសឱសថវិទ្យានៅសាកលវិទ្យាល័យ Paul Sabatier (Toulouse III) នៃសាធារណរដ្ឋបារាំង ។ សព្វថ្ងៃ ខ្ញុំជាព្រឹទ្ធបុរសរងមហាវិទ្យាល័យឱសថសាស្រ្តនៃស.វ.ស និង ជាប្រធានផ្នែកកិច្ចការនិស្សិតស.វ.ស ដែលជាដៃគូសហការជាមួយគ្រប់មហាវិទ្យាល័យ/សាលា/ផ្នែកពាក់ព័ន្ធនានារបស់ស.វ.ស។ គួររំឮកផងដែរ ខ្ញុំក៏ជាបុគ្គលិកកិច្ចសន្យាក្នុងការិយាល័យសិក្សា និងជាគ្រូជាប់កិច្ចសន្យាបង្រៀនមុខវិជ្ជាសរីរៈវិទ្យា និងឱសថវិទ្យា។ អ្វីដែលធ្វើឲ្យមហាជន ជាពិសេសសិស្សានុសិស្សចាប់ផ្តើមស្គាល់លោកសាស្រ្តាចារ្យ ខ្ញុំផ្ទាល់មិនអាចដឹងថានិស្សិតចាប់ផ្តើមស្គាល់ខ្ញុំពីពេលណាមកទេ តែខ្ញុំយល់ថានិស្សិតបានស្គាល់ខ្ញុំតាមរយៈសកម្មភាពរបស់ផ្នែកកិច្ចការនិស្សិតស.វ.ស និងផ្នែកកិច្ចការនិស្សិតនៅតាមមហាវិទ្យាល័យ/សាលា/ផ្នែក ក៏ដូចជាសកម្មភាពផ្សេងៗរបស់ស.វ.ស ដែលរួមមានដូចជា វគ្គបំប៉នជំនាញខ្លីៗស.វ.ស សិក្ខាសាលាជំនួយស្មារតី ការប្រកួតដេញដោលមតិរបស់និស្សិត ការងារស្រាវជ្រាវរបស់និស្សិតស.វ.ស កម្មវិធីសប្បុរសធម៌ស.វ.ស និងសកម្មភាពកីឡានិស្សិតជាដើម ជាពិសេសតាមរយៈការគាំទ្ររបស់គ្រប់ផ្នែកពាក់ព័ន្ធក្នុងការជួយដោះស្រាយបញ្ហានានារបស់និស្សិតទាំងក្នុងពេលសិក្សានៅស.វ.ស និងទាំងបញ្ចប់ការសិក្សាផងដែរ។ កត្តាធ្វើឲ្យមានកិត្តិនាមយ៉ាងល្បីល្បាញនៅក្នុងស្រទាប់សិស្សនិស្សិត ខ្ញុំមិនមានភាពល្បីល្បាញអ្វីគួរឲ្យគត់សម្គាល់ទេ ប៉ុន្តែមន្រ្តីរាជការ បុគ្គលិក និងនិស្សិតដែលបានស្គាល់ខ្ញុំ គឺដោយសារតែខ្ញុំមានឱកាសក្នុងការបង្រៀន និងការបំពេញការងារយ៉ាងប្រកៀកជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់របស់សាកលវិទ្យាល័យ និងក្នុងសង្គមចាប់ពីកម្មករ និស្សិតរហូតដល់ថ្នាក់ដឹកនាំផងដែរ។ ជាពិសេស ខ្ញុំមានការសហការគ្នាយ៉ាងជិតស្និទ្ធជាមួយសមាគមនិស្សិតស.វ.ស និងដោយសារមានការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធក្នុងការបំពេញភារកិច្ចរបស់ខ្ញុំខាងលើនេះ ហើយទើបខ្ញុំមានឱកាសបានស្គាល់និស្សិតជាច្រើនមកដល់ពេលនេះ។ លក្ខណៈសម្បត្តិនៃបុគ្គលគម្រូ ជាទូទៅ ខ្ញុំខិតខំបំពេញភារកិច្ចអស់ពីសមត្ថភាពដែលខ្ញុំមានដោយសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ទាំងមន្រ្តីបុគ្គលិកក្រោមបង្គាប់ និងទាំងថ្នាក់ដឹកនាំ ដើម្បីទទួលបានលទ្ធផលតាមផែនការសកម្មភាពនានារបស់មហាវិទ្យាល័យ និងផ្នែកដែលសាកលវិទ្យាល័យបានកំណត់ តួយ៉ាង គ្រប់ពេលវេលាខ្ញុំតែងតែខិតខំអនុវត្តភារកិច្ចឲ្យអស់ពីសមត្ថភាព ផ្តល់តម្លៃលើការសិក្សាបន្ត ឧត្តមភាព និង គុណភាព ប្រតិបត្តិការងារប្រកបដោយគណនេយ្យភាព តម្លាភាព វិជ្ជាជីវៈ ប្រកបដោយភាពទទួលខុសត្រូវតាមឋានៈ និង ភារកិច្ច គោរពគ្នាទៅវិញទៅមកតាមឋានានុក្រម និង ភាពថ្លៃថ្នូរ លើកកម្ពស់គំនិតច្នៃប្រឌិត លើកកម្ពស់ស្មារតីការងារជាក្រុម លើកកម្ពស់គោលការណ៍លើកទឹកចិត្តតាមលទ្ធផលការងារ និងលើកកម្ពស់ភាពជាដៃគូ។ ការកសាងកិត្តិនាមក្នុងនាមជាសិស្ស និស្សិត គឺជាយុវជនរបស់សង្គមដែលជាអ្នកបន្តវេនក្នុងពេលអនាគត ចំណែកការវិនិយោគលើយុវជន គឺជាការវិនិយោគសម្រាប់អនាគតរបស់ប្រទេសជាតិយើង ហើយការវិនិយោគដែលមានសារៈសំខាន់បំផុត គឺការអប់រំ។ ហេតុនេះ និស្សិតត្រូវយកចិត្តទុកដាក់សំខាន់បំផុត ដើម្បីទទួលបាននូវការអប់រំទាំងក្នុង និងក្រៅកម្មវិធីសិក្សាប្រកបដោយគុណភាពលើចំណេះដឹង ជំនាញ និងឥរិយាបថ ដើម្បីផ្តល់សេវាប្រកបដោយការទុកចិត្តដល់ប្រជាជនយើង។ ភាពជោគជ័យក្នុងការអប់រំ គឺជារង្វាស់ជោគជ័យ និងអាចកសាងកិត្តិនាមនៃជីវិតនិស្សិតជាយុវជនម្នាក់ៗ។ គុណប្រយោជន៍ក្នុងការកសាងកេរ្តិ៍ឈ្មោះ ការកសាងឈ្មោះរបស់និស្សិតស្តែងចេញពីភាពជោគជ័យក្នុងការសិក្សារបស់ខ្លួន។ នៅពេលដែលនិស្សិតមានភាពជោគជ័យ វាមានសារៈសំខាន់ជាសាកល ពោលគឺ ជោគជ័យរបស់និស្សិតផ្ទាល់ ជាជោគជ័យរបស់ក្រុមគ្រួសារនិស្សិត ជាជោគជ័យរបស់សាកលវិទ្យាល័យ ជាជោគជ័យនៃការងារបណ្តុះបណ្តាលជារួមរបស់សង្គមយើង និងជាជោគជ័យរបស់ប្រទេសជាតិយើងផងដែរ។ ភាពខ្លាំងនៃ Brand របស់បុគ្គល យោងតាមបទពិសោធន៍ជីវិតជិត៤០ឆ្នាំរបស់ខ្ញុំ  ខ្ញុំយល់ថាគ្រប់អ្នកដែលមានជោគជ័យក្នុងជីវិតតែងមានផែនការក្នុងជីវិតរបស់ពួកគាត់ក្នុងការបំពេញភារកិច្ចទើបឱកាសនៃការទទួលជោគជ័យមានខ្ពស់។ ជាសង្ខេប និស្សិតម្នាក់ៗត្រូវស្គាល់សំណួរ៤យ៉ាងសាមញ្ញ និងចេះដោះស្រាយសំណួរទាំង៤នោះដើម្បីទទួលបានជោគជ័យតាមតម្រូវការរបស់ខ្លួន៖ ១.តើយើងនៅទីណា? ២.តើគោលដៅខ្លី និងវែងរបស់យើងជាអ្វី? ៣.តើយើងធ្វើដូចម្តេចទើបបានទៅដល់គោលដៅដែលបានកំណត់នោះដោយមិនបៀតបៀនអ្នកដទៃ? ៤.តើយើងធ្វើម្តេច ដើម្បីដឹងថាយើងទៅដល់គោលដៅនោះ?”។ ប្រសិនបើនិស្សិតម្នាក់ៗគ្រាន់តែស្គាល់ វាមិនទាន់គ្រប់គ្រាន់ទេ តែសូមឲ្យនិស្សិតនោះចាប់ផ្តើមជាសកម្មភាពតែម្តងដោយមិនចាំថ្ងៃស្អែករួមជាមួយភាពអត់ធ្មត់ និងការលះបង់។ សារចុងក្រោយសម្រាប់មិត្តអ្នកអាន ខ្ញុំសូមផ្តាំដល់មិត្តអ្នកអានក៏ដូចជានិស្សិតជំនាន់ក្រោយនូវចំណុចចំនួន៣ដែលកំណត់អនាគតយើងម្នាក់ៗក្នុងការសម្រេចគោលដៅរបស់យើងដោយមិនបៀតបៀនអ្នកដទៃ៖ សមត្ថភាពរបស់ខ្លួនយើងផ្ទាល់ ៖ ប្រសិនបើមិនមានសមត្ថភាពទេ គឺមានន័យថាយើងពឹងច្រមុះអ្នកដទៃសម្រាប់ដកដង្ហើមរហូត។ ឱកាសដែលអ្នកដទៃជុំវិញខ្លួនផ្តល់ឲ្យ ៖ ទោះបីយើងមានសមត្ថភាពប៉ុណ្ណាក៏ដោយ តែបើយើងជាមនុស្សដែលគ្មានគុណធម៌ចំពោះអ្នកដទៃ នោះយើងនឹងមិនមានឱកាសក្នុងការកសាងខ្លួនយើងតាមផែនការកំណត់នោះទេ។ លទ្ធភាព ៖ ប្រសិនបើយើងជាបុគ្គលបានទទួលការជោគជ័យហើយ កុំភ្លេចបែរក្រោយចែករំលែកសមត្ថភាព ឱកាស  និងលទ្ធភាពដល់យុវជនជំនាន់ក្រោយយើងផង ដើម្បីភាពជោគជ័យនៃសង្គមទាំងមូលរបស់យើងទាំងអស់គ្នា។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  លោក ហ៊ូ ក្រើន​ នាយករងអង្គការហេឡែនខេលល័រអន្តរជាតិ និងជាអ្នកសម្របសម្រួលអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSACambodia) បានបញ្ជាក់ថាអាហារូបត្ថម្ភត្រូវបានចាត់ទុកថា មានសារសំខាន់ណាស់លើការលូតលាស់របស់ទារក និងកុមារ។ ការអនុវត្តការចិញ្ចឹមទារក និងកុមារបានពេញលេញ គឺធានាឲ្យមានអាហារូបត្ថម្ភគ្រាប់គ្រាន់។ ជាឧទាហរណ៍ជាក់ស្តែង មានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថាការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០%  កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង  អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ ។ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិត ពោលគឺចាប់ពីពេលទារកចាប់បដិសណ្ឋិរហូតដល់អាយុ២ឆ្នាំ ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការលូតលាស់ខ្លាំាងទាំងផ្នែករាងកាយ និងសតិបញ្ញាស្មារតី ហើយបើមានកំហុសឆ្គងក្នុងដំណាក់កាលនេះ គឺមិនអាចកែខៃបានទេ។ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ (៤០%)ក៏ដោយ។ លោក ហ៊ូ ក្រើន បញ្ជាក់ទៀតថាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា ក្នុងនោះរួមមានការផ្តល់អាហារដល់កុមារមិនបានគ្រប់គ្រាន់ដូចជាការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម របៀបផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុ និងតម្រូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យ និង ទឹកស្អាតមិនបានត្រឹមត្រូវ ការមិនទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ជាដើម។ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ គឺធ្វើឲ្យមានការរីករាលដាលជំងឺឆ្លង។ ជំងឺជាកត្តារារាំងសមត្ថភាពរាងកាយកុមារក្នុងការបឺតស្រូបយកថាមពល និងសារជាតិចិញ្ចឹមផ្សេងៗទៀត រួមទាំងធ្វើឲ្យរាងកាយចុះខ្សោយ។ ការបឺតស្រូបយកសារជាតិចិញ្ចឹមមិនបានល្អ គឺធ្វើឲ្យរាងកាយកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ហើយនៅពេលរាងកាយខ្វះអាហារូបត្ថម្ភ វាធ្វើឲ្យកុមារមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគបន្ថែមទៀត និងកង្វះអាហារូបត្ថម្ភជាបន្តបន្ទាប់។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ០-៦ខែបានធ្លាក់ចុះពី ៧៤%នៅឆ្នាំ២០១០ មកត្រឹមតែ៦៥%ប៉ុណ្ណោះនៅឆ្នាំ២០១៤ ។ ក្រៅពីនេះ ទារកអាយុពី៦ដល់១១ខែមានត្រឹមតែ២០%ប៉ុណ្ណោះដែលទទួលបានអាហារបន្ថែមសមស្រប។ លោក ហ៊ូ ក្រើន បន្តទៀតថា បញ្ហាកង្វះអាហារូបត្ថម្ភនេះផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិ ទាំងមូល។ ចំពោះកុមារ ការមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ធ្វើឲ្យការលូតលាស់របស់ពួកគាត់មិនបានពេញលេញ (ក្រិសក្រិន)​ និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ឯសុខភាពវិញ ក៏មិនសូវជារឹងមាំងាយឆ្លងជំងឺផ្សេងៗថែមទៀត។ ចំពោះគ្រួសារវិញ ត្រូវខាតបង់ប្រាក់កាស ធនធាន និងពេលវេលាក្នុងការថែទាំសុខភាពរបស់កូន។ រីឯសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាលជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមា ណ ២៥០លានដុល្លាក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ ។ បញ្ហាទាំងនេះក៏មិនមែនគ្មានវិធីដោះស្រាយដែរ ។ បច្ចុប្បន្នអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា ។ សមាជិកអង្គការសម្ព័ន្ធជាតួអង្គសំខា ន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានប្រព័ន្ធសុខាភិបាល និងជាធនធានសំខាន់សម្រាប់កសាងសមត្ថភាពសហគមន៍ ក្នុងការអនុវត្តកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនានា។ កិច្ចអន្តរាគមន៍ទាំងនេះរួមមាន ការលើកម្ពស់អាហារូបត្ថម្ភចំពោះមាតា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម ផលិតកម្មស្បៀង តាមគួ្រសារ អនាម័យនិងទឹកសា្អត ការផ្លាស់ប្តូរឥរិយាបថស្តីពីអាហារូបត្ថម្ភ និងអនាម័យ សកម្មភាពប្រឹក្សាយោបល់ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភ និងការសិក្សាស្រាវជ្រាវស្តីពីអាហារូបត្ថម្ភ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជាបានរួមចំណែកជួយនិងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើត និងផ្សព្វផ្សាយឯកសារស្តីពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ និងគោលការណ៍ណែនាំស្តីពីការពង្រឹងការអនុវត្តអនុក្រិត្យលេខ១៣៣ (ស្តីពីការឃោសនាផ្សព្វផ្សាយផលិតផល ចិញ្ចឹមទារក&កុមារ ដូចជាម្សៅទឹកដោះជាដើម...)។ អង្គការសម្ព័ន្ធបន្តការគាំទ្រ និងជួយដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីបន្តពងឹ្រងការអនុវត្តអនុក្រិត្យលេខ ១៣៣ ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះក៏បានចូលរួមជាមួយអង្គការយូនី-សេហ្វ និងអង្គការសុខភាពពិភពលោកក្នុងការផលិត និងចែកចាយឯកសារសងេ្ខបសី្តពីខឹ្លមសារអនុកិ្រត្យលេខ១៣៣ដល់អ្នកធ្វើការសម្រេចចិត្តបុគ្គលិកតាមគ្រឹះស្ថានសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលបានខិតខំធ្វើកា រយ៉ាងច្រើនក្នុងកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិដើម្បីគាំទ្រសហគមន៍ធ្វើឲ្យប្រសើរឡើងដល់ការអនុវត្តអាហារូបត្ថម្ភ។ ដើម្បីអាចធ្វើដូច្នោះបាន អង្គការសម្ព័ន្ធតែងតែធ្វើឲ្យប្រាកដថាគម្រោង និងកម្មវិធីនានារបស់សមាជិកខ្លួន អនុវត្តស្របតាមយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ 2014-2018 និងផែនទីបង្ហាញផ្លូវអាហារូបត្ថម្ភឃជាតិ 2014-2020។ លើលពីនេះទៅទៀត អង្គការសម្ព័ន្ធបានសហការយ៉ាងទៀងទាត់ជាមួយបណ្តាញដទៃទៀត (រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងវិស័យឯកជន) ដើម្បីសម្របសម្រួល និងធ្វើការក្រោមទិសដៅរួម ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភនៅគ្រប់កម្រិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍកសិកម្ម និងជនបទ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ពន្ធ័ធ្វើឲ្យអត្រាកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី៤០%នៅឆ្នាំ២០១០ មកត្រឹម៣២%ក្នុងឆ្នាំ២០១៦។ យ៉ាងណាមិញ ចំនួននៃការធ្លាក់ចុះនេះ នៅមានកម្រិតនៅឡើយ ដូចនេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធ និងសហគមន៍ត្រូវសហការបន្ថែមទៀតលើបញ្ហានេះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top