- Jan 14, 2017 |
- 7 ឆ្នាំមុន |
- 3.8K មើល
កុមារកម្ពុជា32នាក់ក្នុងចំណោម100នាក់មានបញ្ហាកង្វះអាហារូបត្ថម្ភ
លោក ហ៊ូ ក្រើន នាយករងអង្គការហេឡែនខេលល័រអន្តរជាតិ និងជាអ្នកសម្របសម្រួលអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSACambodia) បានបញ្ជាក់ថាអាហារូបត្ថម្ភត្រូវបានចាត់ទុកថា មានសារសំខាន់ណាស់លើការលូតលាស់របស់ទារក និងកុមារ។ ការអនុវត្តការចិញ្ចឹមទារក និងកុមារបានពេញលេញ គឺធានាឲ្យមានអាហារូបត្ថម្ភគ្រាប់គ្រាន់។ ជាឧទាហរណ៍ជាក់ស្តែង មានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ច្បាស់ថាការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួចអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០% កុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ ។ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតលើអាហារូបត្ថម្ភកុមារក្នុងរយៈពេល១០០០ថ្ងៃដំបូងនៃជីវិត ពោលគឺចាប់ពីពេលទារកចាប់បដិសណ្ឋិរហូតដល់អាយុ២ឆ្នាំ ព្រោះដំណាក់កាលនេះ ជាពេលដែលកុមារត្រូវការលូតលាស់ខ្លាំាងទាំងផ្នែករាងកាយ និងសតិបញ្ញាស្មារតី ហើយបើមានកំហុសឆ្គងក្នុងដំណាក់កាលនេះ គឺមិនអាចកែខៃបានទេ។ បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយគឺ៣២% បើទោះបីជាតួលេខនេះទាបជាងក្នុងឆ្នាំ២០១០ (៤០%)ក៏ដោយ។ លោក ហ៊ូ ក្រើន បញ្ជាក់ទៀតថាមានមូលហេតុជាច្រើនដែលបណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារកម្ពុជា ក្នុងនោះរួមមានការផ្តល់អាហារដល់កុមារមិនបានគ្រប់គ្រាន់ដូចជាការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម របៀបផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុ និងតម្រូវការរបស់ពួកគេ ការមិនបានយកចិត្តទុកដាក់លើការថែទាំកុមារ ការអនុវត្តអនាម័យ និង ទឹកស្អាតមិនបានត្រឹមត្រូវ ការមិនទទួលសេវាសុខភាពគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ជាដើម។ ការអនុវត្តអនាម័យនិងទឹកស្អាតមិនបានត្រឹមត្រូវ គឺធ្វើឲ្យមានការរីករាលដាលជំងឺឆ្លង។ ជំងឺជាកត្តារារាំងសមត្ថភាពរាងកាយកុមារក្នុងការបឺតស្រូបយកថាមពល និងសារជាតិចិញ្ចឹមផ្សេងៗទៀត រួមទាំងធ្វើឲ្យរាងកាយចុះខ្សោយ។ ការបឺតស្រូបយកសារជាតិចិញ្ចឹមមិនបានល្អ គឺធ្វើឲ្យរាងកាយកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ហើយនៅពេលរាងកាយខ្វះអាហារូបត្ថម្ភ វាធ្វើឲ្យកុមារមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគបន្ថែមទៀត និងកង្វះអាហារូបត្ថម្ភជាបន្តបន្ទាប់។ យោងតាមលទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា បង្ហាញថា អត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ០-៦ខែបានធ្លាក់ចុះពី ៧៤%នៅឆ្នាំ២០១០ មកត្រឹមតែ៦៥%ប៉ុណ្ណោះនៅឆ្នាំ២០១៤ ។ ក្រៅពីនេះ ទារកអាយុពី៦ដល់១១ខែមានត្រឹមតែ២០%ប៉ុណ្ណោះដែលទទួលបានអាហារបន្ថែមសមស្រប។ លោក ហ៊ូ ក្រើន បន្តទៀតថា បញ្ហាកង្វះអាហារូបត្ថម្ភនេះផ្តល់នូវផលវិបាកជាច្រើនចំពោះកុមារផ្ទាល់ គ្រួសារ និងសង្គមជាតិ ទាំងមូល។ ចំពោះកុមារ ការមិនបានទទួលអាហារូបត្ថម្ភគ្រប់គ្រាន់ធ្វើឲ្យការលូតលាស់របស់ពួកគាត់មិនបានពេញលេញ (ក្រិសក្រិន) និងសតិបញ្ញាស្មារតីមិនវាងវៃ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ឯសុខភាពវិញ ក៏មិនសូវជារឹងមាំងាយឆ្លងជំងឺផ្សេងៗថែមទៀត។ ចំពោះគ្រួសារវិញ ត្រូវខាតបង់ប្រាក់កាស ធនធាន និងពេលវេលាក្នុងការថែទាំសុខភាពរបស់កូន។ រីឯសង្គមជាតិវិញ ត្រូវខាតបង់ធនធានមនុស្សដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងខាតបង់ថវិកាជាតិលើសេវាសុខាភិបាលជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ប្រទេសកម្ពុជាបានខាតបង់ប្រមា ណ ២៥០លានដុល្លាក្នុង១ឆ្នាំ ដោយសារបញ្ហាកង្វះអាហារូបត្ថម្ភ ។ បញ្ហាទាំងនេះក៏មិនមែនគ្មានវិធីដោះស្រាយដែរ ។ បច្ចុប្បន្នអង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN CSA Cambodia) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងប្រទេសកម្ពុជា ។ សមាជិកអង្គការសម្ព័ន្ធជាតួអង្គសំខា ន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធរមូលដ្ឋានប្រព័ន្ធសុខាភិបាល និងជាធនធានសំខាន់សម្រាប់កសាងសមត្ថភាពសហគមន៍ ក្នុងការអនុវត្តកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនានា។ កិច្ចអន្តរាគមន៍ទាំងនេះរួមមាន ការលើកម្ពស់អាហារូបត្ថម្ភចំពោះមាតា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែម ផលិតកម្មស្បៀង តាមគួ្រសារ អនាម័យនិងទឹកសា្អត ការផ្លាស់ប្តូរឥរិយាបថស្តីពីអាហារូបត្ថម្ភ និងអនាម័យ សកម្មភាពប្រឹក្សាយោបល់ ការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារ ការព្យាបាលកុមារកង្វះអាហារូបត្ថម្ភ និងការសិក្សាស្រាវជ្រាវស្តីពីអាហារូបត្ថម្ភ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជាបានរួមចំណែកជួយនិងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើត និងផ្សព្វផ្សាយឯកសារស្តីពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ និងគោលការណ៍ណែនាំស្តីពីការពង្រឹងការអនុវត្តអនុក្រិត្យលេខ១៣៣ (ស្តីពីការឃោសនាផ្សព្វផ្សាយផលិតផល ចិញ្ចឹមទារក&កុមារ ដូចជាម្សៅទឹកដោះជាដើម...)។ អង្គការសម្ព័ន្ធបន្តការគាំទ្រ និងជួយដល់ក្រសួងពាក់ព័ន្ធនានា ដើម្បីបន្តពងឹ្រងការអនុវត្តអនុក្រិត្យលេខ ១៣៣ ឲ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីលើនេះក៏បានចូលរួមជាមួយអង្គការយូនី-សេហ្វ និងអង្គការសុខភាពពិភពលោកក្នុងការផលិត និងចែកចាយឯកសារសងេ្ខបសី្តពីខឹ្លមសារអនុកិ្រត្យលេខ១៣៣ដល់អ្នកធ្វើការសម្រេចចិត្តបុគ្គលិកតាមគ្រឹះស្ថានសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អង្គការសម្ព័ន្ធសង្គមស៊ីវិលបានខិតខំធ្វើកា រយ៉ាងច្រើនក្នុងកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិដើម្បីគាំទ្រសហគមន៍ធ្វើឲ្យប្រសើរឡើងដល់ការអនុវត្តអាហារូបត្ថម្ភ។ ដើម្បីអាចធ្វើដូច្នោះបាន អង្គការសម្ព័ន្ធតែងតែធ្វើឲ្យប្រាកដថាគម្រោង និងកម្មវិធីនានារបស់សមាជិកខ្លួន អនុវត្តស្របតាមយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ 2014-2018 និងផែនទីបង្ហាញផ្លូវអាហារូបត្ថម្ភឃជាតិ 2014-2020។ លើលពីនេះទៅទៀត អង្គការសម្ព័ន្ធបានសហការយ៉ាងទៀងទាត់ជាមួយបណ្តាញដទៃទៀត (រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងវិស័យឯកជន) ដើម្បីសម្របសម្រួល និងធ្វើការក្រោមទិសដៅរួម ដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភនៅគ្រប់កម្រិតក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍកសិកម្ម និងជនបទ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ពន្ធ័ធ្វើឲ្យអត្រាកង្វះអាហារូបត្ថម្ភបានធ្លាក់ចុះពី៤០%នៅឆ្នាំ២០១០ មកត្រឹម៣២%ក្នុងឆ្នាំ២០១៦។ យ៉ាងណាមិញ ចំនួននៃការធ្លាក់ចុះនេះ នៅមានកម្រិតនៅឡើយ ដូចនេះហើយ ទាំងរាជរដ្ឋាភិបាលកម្ពុជា ដៃគូពាក់ព័ន្ធ និងសហគមន៍ត្រូវសហការបន្ថែមទៀតលើបញ្ហានេះ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងនេះ។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក