Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជាទូទៅ បន្ទាប់ពីសម្រាលបុត្ររួច រហូតដល់រយៈពេលប្រមាណជា ៦ទៅ៨ សប្តាហ៍ ជាពេលវេលាដែលអ្នកម្តាយក្រោយសម្រាលគួរត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពរបស់ខ្លួនឡើងវិញដើម្បីចៀសវាងពីគ្រោះថ្នាក់ដល់អាយុជីវិតព្រមទាំងបញ្ហានានាដែលអាចជះឥទ្ធិពលចំពោះការពពោះលើកក្រោយថែមទៀត។ ដំណាក់កាលនៃសុខភាពស្រ្តីក្រោយសម្រាល បញ្ហាសុខភាពរបស់ស្រ្តីក្រោយសម្រាលគឺអាចកើតមានឡើងចាប់តាំងពីការសម្រាលរួចភ្លាម រហូតដល់សប្តាហ៍ទី៨ ឬអាចយូរជាងនេះ។ ក្នុងនោះដែរគេបានបែងចែកបញ្ហាសុខភាពនេះជា ៣ដំណាក់កាលសំខាន់ៗគឺ៖  • ដំណាក់កាល ទី១៖ បន្ទាប់ពីសម្រាលរួច រហូត២៤ម៉ោងក្រោយ  • ដំណាក់កាល ទី២៖ ២៤ម៉ោងក្រោយសម្រាលរហូតចេញពីមន្ទីរពេទ្យ ៥ទៅ៧ថ្ងៃ  • ដំណាក់កាល ទី៣៖ បន្ទាប់ចេញពីមន្ទីរពេទ្យរហូតដល់ ៦ ទៅ៨សប្តាហ៍។ ក្នុងចំណោមដំណាក់កាលខាងលើ យើងសម្រេចលើកយកដំណាក់កាលទី៣មកធ្វើការបកស្រាយ និង ពិភាក្សាពីព្រោះវាជាដំណាក់កាលដែលគួរតែធ្វើការយកចិត្តទុកដាក់ និងត្រូវទទួលបានការថែទាំឲ្យបានត្រឹមត្រូវ ដោយហេតុថាជាពេលវេលាដែលអ្នកម្តាយមិនស្ថិតក្រោមការមើលថែពីក្រុមគ្រូពេទ្យទៀតឡើយ។ ហេតុនេះ បញ្ហាសុខភាពជាច្រើនតែងកើតមានឡើងជាញឹកញាប់ ដែលអាចបង្កការប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។  បញ្ហាដែលអាចកើតមានចំពោះស្រ្តីក្រោយសម្រាល តាមរយៈទិន្នន័យកន្លងមកបានបង្ហាញថា មានបញ្ហាសុខភាពចំនួន ៥ប្រភេទដែលតែងតែជួបជាញឹកញាប់ដោយក្នុងនោះកត្តាប្រឈម និងដំណោះស្រាយក៏មានផ្សេងៗគ្នាផងដែរ ដែលបញ្ហាសុខភាពទាំងនោះ រួមមាន៖ ១. បញ្ហាទាក់ទងនឹងប្រដាប់បន្តពូជរបស់ស្ត្រី ​ • បញ្ហាទាំងនោះអាចកើតមានក្នុងអំឡុងពេលពី ៣-៦ខែដំបូង បន្ទាប់ពីសម្រាលរួចដូចជា ស្នាមរបួសត្រង់តំបន់ទ្វារមាសដែលបណ្តាលឲ្យមានការឈឺចាប់ ភាពសើមរបស់របួស ឬអាចឈានទៅដល់ការបង្កឲ្យមានការឆ្លងរោគនានា។ បន្ថែមពីនេះ ភាពខ្សោយរបស់សាច់ដុំប្លោកនោម និងសាច់ដុំទ្វារមាស ការឈឺចង្កេះនិងការឈឺឆ្អឹងខ្នងក៏ជាបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ផងដែរ  • កត្តាប្រឈម៖ ការសម្រាលពិបាក ការឈឺពោះសម្រាលរយៈពេលយូរ ការដាច់រហែកធ្ងន់ធ្ងរ ការប្រើឧបករណ៍ជំនួយ ការចាក់ថ្នាំឆ្អឹងខ្នងជាដើម  • ដំណោះស្រាយ៖ ត្រូវធ្វើអនាម័យក្រោយសម្រាលត្រង់តំបន់ទ្វារមាសឲ្យបានត្រឹមត្រូវ ស្វែងយល់អំពីការហ្វឹកហាត់សាច់ដុំទ្វារមាស ហូបទឹកឲ្យបានគ្រប់គ្រាន់ ទទួលទានអាហារសម្បូរសរសៃ ឬប្រើថ្នាំបន្ទន់លាមក។ ២. បញ្ហាទាក់ទងនឹងការបំបៅដោះ • មានដូចជា ការប្រេះ ឬរបកក្បាលដោះ និងការតឹងសុដន់ ឬអាចមានអាការៈធ្ងន់ធ្ងររហូតដល់មានការករជាខ្ទុះ • ដំណោះស្រាយ៖ ឈ្លី ម៉ាស្សា ជាមួយកន្សែងក្តៅឧណ្ហៗប្រហែល ១៥ ទៅ ៣០នាទីមុនបំបៅ ហើយត្រូវបំបៅក្នុងឥរិយាបថត្រឹមត្រូវ ព្រមទាំងអាចបន្ថែមថ្នបំបាត់ការឈឺចាប់។ ៣. ភាពស្លេកស្លាំង និងអាការៈទន់ខ្សោយរបស់មាតា ជាបញ្ហាសុខភាពដែលគួរឲ្យបារម្ភខ្លាំង និងកើតឡើងជាញឹកញាប់ ដោយនៅក្នុងនោះគេសង្កេតឃើញថា៖  • កត្តាប្រឈមចម្បងគឺ៖ បញ្ហាកង្វះគ្រាប់ឈាមមុនពេលសម្រាល ការធ្លាក់ឈាមច្រើនក្នុងពេលសម្រាល ឬក្រោយសម្រាលភ្លាមៗ ក្នុងនោះដែរការបំបៅកូនដោយទឹកដោះម្តាយ  របបអាហារមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវ ព្រមទាំងជំងឺបន្ថែមផ្សេងៗក្នុងពេលមានផ្ទៃពោះដូចជាជំងឺគ្រាប់ឈាមនិងជំងឺលើសសម្ពាធឈាមជាដើមក៏ជះឥទ្ធិពលលើសុខភាពរបស់ស្ត្រីក្រោយសម្រាលផងដែរ  • ដំណោះស្រាយ៖ តម្រូវឲ្យបន្តបន្ថែមសារធាតុដែក និងវីតាមីន   រក្សាឲ្យបាននូវរបបអាហារដែលមានតុល្យភាព សម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានសមស្រប។ ក្រៅពីនេះ កត្តាសំខាន់គឺត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពាក់ព័ន្ធដែលបង្កឲ្យមានបញ្ហាសុខភាពនេះ។ ៤. បញ្ហាឈាមរដូវមិនប្រក្រតី  • ជាទូទៅរដូវរបស់ស្ត្រីនឹងត្រឡប់មកវិញ ក្នុងចន្លោះពី៦ ទៅ ៨សប្តាហ៍ក្រោយសម្រាល ឬអាចយូរជាងនេះសម្រាប់ស្ត្រីដែលបំបៅកូនដោយទឹកដោះ ប្រសិនបើការធ្លាក់ឈាមមានភាពខុសប្រក្រតីដែលស្តែងចេញតាមរយៈការធ្លាក់ឈាមអូសបន្លាយរយៈពេលយូរ ឬ ការធ្លាក់ឈាមច្រើនខុសប្រក្រតី អ្នកជំងឺចាំបាច់ត្រូវត្រឡប់មកពិនិត្យសុខភាពឡើងវិញជាបន្ទាន់ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដនៃបញ្ហា និងស្វែងរកការព្យាបាលឲ្យទាន់ពេលវេលា  • ដំណោះស្រាយ៖ ក្នុងករណីស្រាល ក្រុមគ្រូពេទ្យនឹងធ្វើការផ្តល់ថ្នាំបន្ថយការធ្លាក់ឈាម ថ្នាំបង្កើនគ្រាប់ឈាម ឬបង្កើនកម្លាំង ព្រមទាំងថ្នាំបង្កើនសមត្ថភាពកន្ត្រាក់របស់ស្បូន។ ចំណែកក្នុងករណីធ្ងន់ធ្ងរ ឬក្នុងករណីសុខភាពស្ត្រីទន់ខ្សោយខ្លាំង អ្នកជំងឺអាចត្រូវទទួលបានថ្នាំអ័រម៉ូន ឬអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ៥. បញ្ហាទាក់ទងនឹងសុខភាពផ្លូវចិត្ត  • ជាក់ស្តែង Baby blue ជាសញ្ញាណសុខភាពផ្លូវចិត្តកម្រិតស្រាលមួយដែលអាចកើតមានឡើងញឹកញាប់ ក្រោយសម្រាល ដែលយើងសង្កេតឃើញប្រមាណជា ៣០ ទៅ៧០% ក្នុងចំណោមអ្នកម្តាយក្រោយសម្រាលទាំងអស់  ហើយមានប្រហែលពី ៥ទៅ១០% នឹងប្រែក្លាយជាជំងឺបាក់ទឹកចិត្ត និង១ទៅ៣% ប្រែទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (psychosis)  • សញ្ញាដំបូងអាចចាប់ផ្តើមពីការប្រែប្រួលអារម្មណ៍តិចតួច ការឆាប់ឆេវឆាវ ការផ្លាស់ប្តូរអាកប្បកិរិយា  វិបត្តិនៃការហូបអាហារ និងវិបត្តិដំណេកផងដែរ។ ការជះឥទ្ធិពលពីសុខភាពម្ដាយទៅកាន់ទារក ជាការពិតណាស់ នៅពេលសុខភាពម្តាយល្អ នោះអ្នកម្តាយនឹងមានពេលវេលា ព្រមទាំងថាមពលគ្រប់គ្រាន់ដើម្បីថែទាំទារក។ បន្ថែមពីនេះ ឥទ្ធិពលនៃអាហារូបត្ថម្ភរបស់មាតាកាន់តែមានសារសំខាន់ចំពោះទារក ជាពិសេសសម្រាប់អ្នកម្តាយដែលអនុវត្តការបំបៅកូនដោយទឹកដោះតែម្តង។  វិធីសាស្ត្រការពារពីបញ្ហាសុខភាពក្រោយសម្រាល ជាការពិត ក្រុមអ្នកជំនាញសុខាភិបាលពិតជាត្រូវដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពគ្រោះថ្នាក់ដូចដែលបានរៀបរាប់ខាងលើ ក្នុងនោះភារកិច្ចចម្បងៗរបស់ពួកគាត់គឺ៖  • ផ្តល់ការតាមដានសុខភាពផ្ទៃពោះ ព្រមទាំងប្រឹក្សាឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាការសម្រាលនឹងធ្វើឡើងប្រកបដោយសុវត្ថិភាព  • តាមដានក្រោយសម្រាល តាមរយៈការពិនិត្យ និងតាមដានយ៉ាងហ្មត់ចត់ក្នុងអំឡុងពេល សម្រាកពេទ្យ និងមុនពេលចេញពីមន្ទីរពេទ្យ  • ផ្តល់ដំបូន្មានពីការថែទាំសុខភាពក្រោយសម្រាល (ការប្រើប្រាស់ថ្នាំ របបអាហារ និងឥរិយាបថនៃការរស់នៅត្រឹមត្រូវ)  • ប្រាប់ពីសញ្ញាគ្រោះថ្នាក់ និងបញ្ជាក់ពីកាលវិភាគនៃការត្រឡប់មកពិនិត្យឡើងវិញ។ បន្ថែមពីការយកចិត្តទុកដាក់ និងការផ្តល់ដំបូន្មានពីសំណាក់ក្រុមគ្រូពេទ្យ អ្នកម្តាយក៏ចាំបាច់ត្រូវ៖  • គោរពតាមវេជ្ជបញ្ជា និងដំបូន្មានរបស់គ្រូពេទ្យ  • ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងត្រឡប់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមការកំណត់  • លុបបំបាត់ជំនឿ ដែលមិនមានអំណះអំណាងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រផងដែរ។ ភាពចាំបាច់នៃការតាមដានសុខភាពក្រោយសម្រាល ការត្រឡប់មកពិនិត្យសុខភាពឡើងវិញជាមួយក្រុមគ្រូពេទ្យពិតជាសំខាន់ និងខានពុំបានឡើយសម្រាប់អ្នកម្ដាយទាំងអស់ ទោះបីស្ត្រីមិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ក៏ដោយ។ ជាក់ស្តែងស្ត្រីក្រោយសម្រាលចាំបាច់មកពិនិត្យសុខភាពម្តងទៀតក្នុងរយៈពេល ៦ទៅ៨សប្តាហ៍ ឬអាចទទួលការពិនិត្យសុខភាពចំនួន ២ដងគឺនៅសប្តាហ៍ទី២ទៅ៣ និងសប្តាហ៍ទី៦ទៅ៨ បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ តាមរយៈការត្រឡប់មកវិញនេះ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យមើលស្នាមរបួស ពិនិត្យមើលមាត់ស្បូន ស្បូន ដៃស្បូន ពិនិត្យកោសិកាមហារីកមាត់ស្បូន និងបន្ថែមពីការប្រឹក្សាពីវិធីពន្យារកំណើតដ៏ត្រឹមត្រូវ និងសមស្របសម្រាប់ស្ត្រីម្នាក់ៗផងដែរ។ ជាពិសេសទៀតនោះគឺទារកគួរតែមកទទួលការប្រឹក្សាសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ ព្រោះក្រៅពីការចាក់ថ្នាំបង្ការ វេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ នឹងធ្វើការវាយតម្លៃពីការវិវឌ្ឍរបស់ទារក ទាំងការវិវឌ្ឍផ្នែកខួរក្បាលទម្ងន់ និងកម្ពស់ រួមទាំងផ្តល់ការប្រឹក្សាទាក់ទងនឹងអាហារូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់ទារក។ បន្ថែមពីនោះ ជាអនុសាសន៍ដល់ស្ត្រីដែលកំពុងមានផ្ទៃពោះ កំពុងត្រៀមខ្លួនសម្រាល និងអ្នកម្តាយដែលទើបសម្រាលបុត្រថ្មីៗគួរតែព្យាយាមអនុវត្តតាមគន្លឹះខាងក្រោមរួមមាន៖  • អំឡុងពេលពពោះ៖ ត្រូវថែទាំសុខភាពឲ្យបានត្រឹមត្រូវ បូករួមជាមួយការពិនិត្យសុខភាពឲ្យបានទៀងទាត់ និង ទទួលការប្រឹក្សាយោបល់ជាមួយបុគ្គលិកសុខាភិបាលដែលមានឯកទេសច្បាស់លាស់  • កំពុងត្រៀមសម្រាល៖ ត្រូវស្វែងរកគ្លីនិក ឬមន្ទីរពេទ្យដែលអាចផ្តល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ដល់ការសម្រាល  • ក្រោយសម្រាល៖ ត្រូវគោរពតាមដំបូន្មានរបស់គ្រូពេទ្យ ព្រមទាំងទទួលទានអាហារប្រកបដោយតុល្យភាព។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អាការៈក្អួត ត្រូវបានបែងចែកជាទម្រង់ស្រួចស្រាវ និងរ៉ាំរ៉ៃ។ ការក្អួតស្រួចស្រាវ អាចបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាជំងឺនៅនឹងពោះស្រួចស្រាវ ដូចជាជំងឺនៅសរីរាង្គណាមួយស្រួចស្រាវ (ការក្អួតដោយសាររេផ្លិច)។ វាក៏អាចជាការភ្ញោចរបស់ធាតុគីមីទៅលើ Vestibulaire ឬខួរក្បាល។ ការក្អួតស្រួចស្រាវ កម្រនឹងមានភាពជាក់លាក់ណាស់៖  • ករណីក្អួតនៅពេលព្រឹក មានសារធាតុរាវពណ៌លឿងនិងមានជាតិរំអិលបន្តិច អាចជាឥទ្ធិពលនៃអាល់កុល ការពុល ឬមិនធន់នឹងសារធាតុណាមួយដូចជាឱសថ ឬថ្នាំជក់ និងប្រសិនបើញឹកញាប់អាចជាការមានផ្ទៃពោះ។  • ករណីក្អួតក្រោយហូបអាហារយឺតម្តងហើយម្តងទៀត ហើយកំអួតត្រូវបានរំលាយបានខ្លះៗ អាចជាការស្ទះនៅក្រពះពោះវៀន។  • ករណីក្អួតក្នុងពេលហូបអាហារ ឬភ្លាមៗបន្ទាប់ពីបរិភោគរួច អាចជាបញ្ហានៃប្រព័ន្ធសរសៃប្រសាទ។  • ករណីក្អួតនៅពេលល្ងាច ចង្អោរជាប់ ហើមពោះមានអារម្មណ៍ថាឆ្អែត និងចុកពោះនៅពេលថ្ងៃ អាចជាការស្ទះសរីរាង្គប្រព័ន្ធអាហារមិនពេញលេញ។  • ករណីក្អួតលាយជាមួយនឹងវិលមុខ អាចទាក់ទងនឹងបញ្ហាត្រចៀកខាងក្នុង។  • ករណីក្អួត ហើយឈឺក្បាល អាចជាជំងឺប្រកាំង។  • ករណីក្អួត មានក្តៅខ្លួន បញ្ហាចាំងជាមួយពន្លឺអាចជាជំងឺរលាកស្រោមខួរ។ ក្អួតរ៉ាំរ៉ៃ ជាការក្អួតលើសពី៧ថ្ងៃឡើងទៅៗមូលហេតុនៃការក្អួតនេះ អាចបណ្តាលមកពី៖  • នៅនឹងបំពង់អាហារផ្នែកខាងលើដូចជា   o ដំបៅក្រពះពោះវៀន   o មហារីកក្រពះពោះវៀន   o មហារីកលំពែងរាលទៅពោះវៀន   o ការសង្កត់របស់គីស្តទៅលើលំពែង   o បញ្ហារុញអាហារទៅក្រោមយឺតរបស់ក្រពះ   o ក្រោយការវះកាត់ក្រពះ។  • នៅនឹងពោះវៀនតូច និងពោះវៀនធំ អាចជា   o ជំងឺមហារីកក្រពេញ   o Maladie de Cronh   o ការប្រើថ្នាំប្រឆាំងរលាកប្រភេទ AINS   o បញ្ហាស្អិតពោះវៀន   o បញ្ហាក្លនលូន   o ជំងឺរមួលពោះវៀន   o បញ្ហាពោះវៀនស៊កបញ្ចូលគ្នា។  • ទាក់ទងនឹងផ្នែកចិត្តសាស្ត្រ   o បញ្ហាបាត់ចំណង់អាហារដោយសារផ្លូវចិត្ត   o បញ្ហារុញចំណីអាហារ (boulimie)។  • ទាក់ទងនឹងប្រព័ន្ធប្រសាទកណ្តាល   o បញ្ហាឡើងសម្ពាធក្នុងខួរក្បាល   o ជំងឺឆ្កួតជ្រូក។  • ទាក់ទងនឹងការប្រើឱសថ ឬពុលអ្វីម្យ៉ាង។ ក្អួតដោយសារមានផ្ទៃពោះ៖  • នៅត្រីមាសទី១ ជារោគសញ្ញានៃការមានផ្ទៃពោះ  • នៅត្រីមាសទី៣ អាចជាជំងឺទាក់ទងនឹងការខ្សោយថ្លើម (Stéatose aiguë gravidique) ឬបម្រុងក្រឡាភ្លើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១៩៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃ មានគណនីឈ្មោះ កំលាំងពិតនៃបុរស កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ ALPHA គ្មានបញ្ជិកា និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ ព្រមទាំងបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវដូចជា ធំ វែង រឹង រួមភេទបានយូរ និងជួយព្យាបាលខ្សោយបេះដូង គ្រលៀនទឹកនោមផ្អែម លើសឈាម តម្រងនោម សន្លាក់ ក្រពេញប្រូស្តាត ផ្តល់ថាមពលដល់រាងកាយ អ្នកអត់កូនយូរឆ្នាំក៏ជួយឲ្យមានកូនផងដែរ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើដែលនាំចូលផ្សព្វផ្សាយ លក់ ឬចែកចាយឱសថបំប៉នផ្លូវភេទបុរសឈ្មោះ  ALPHA គ្មានបញ្ជិកានេះទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញលក់ ឬចែកចាយ អាចផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២,០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

  ជារឿងចាំបាច់ណាស់ ដែលអ្នកត្រូវតែអាន និងសិក្សាបន្ថែមអំពីការមានផ្ទៃពោះរបស់អ្នកដើម្បីដឹងថាពេលណាជាសញ្ញាធម្មតាហើយពេលណាជាសញ្ញាព្រមាន។ ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមើលរំលងរោគសញ្ញាដែលកើតមានឡើងចំពោះខ្លួនព្រោះយល់ថាវាធម្មតាសម្រាប់ការមានផ្ទៃពោះ។ ប៉ុន្តែអ្នកជំនាញបានធ្វើការព្រមានថា មានរោគសញ្ញាមួយចំនួនស្ត្រីគួរតែយកចិត្តទុកដាក់ហើយប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ពុំដូច្នោះទេកូនក្នុងផ្ទៃអាចជួបគ្រោះថ្នាក់ជាមិនខាន។ ១. ចុកចាប់ក្នុងពោះ លាយឡំក្អួតចង្អោរ  វាជារឿងធម្មតាដែលអ្នកតែងមានអាការៈចុកពោះ និងក្អួតចង្អោរខ្លះៗ អំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង។ ប៉ុន្តែប្រសិនបើវាធ្ងន់ធ្ងរ ឬធ្វើឲ្យអ្នកខ្សោះជាតិទឹកនោះ ជាអ្វីដែលត្រូវយកចិត្តទុកដាក់។ ការក្អួតច្រើនជាងម្តងក្នុងមួយថ្ងៃ  ហើយឈឺចាប់ទៀតនោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។ អ្នកអាចនឹងមានការចាញ់កូនធ្ងន់ធ្ងរដែលត្រូវការថ្នាំពីគ្រូពេទ្យ ថ្វីបើការចាញ់កូនធម្មតាមិនប៉ះពាល់អ្វីដល់កូនក៏ដោយ តែការដែលមិនអាចញ៉ាំអាហារបានដោយសារតែក្អួតអាចធ្វើឲ្យមានបញ្ហាបាន។ ២. ហូរឈាមតាមទ្វារមាសច្រើនខុសប្រក្រតី  ថ្វីបើមាត់ស្បូនងាយនឹងដាច់ ឬធ្លាយ រហូតដល់មានការធ្លាក់ឈាមតិចៗ ឬខ្លាំង ព្រមទាំងក្តៅខ្លួន ឈឺចាប់ និងគ្រុនក្តៅ វាក៏ជាសញ្ញាដែលអ្នកត្រូវតែជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ចូរប្រាកដថាអ្នកគួរមានឧបករណ៍វាស់កម្តៅជាប់ខ្លួនផង។ ៣. ហូរទឹករំអិលពីទ្វារមាសជាប់រហូត ការហូរទឹករំអិលច្រើនជាប់រហូតអាចជាការបែកទឹកភ្លោះ ហើយក៏ជាករណីដែលអ្នកត្រូវទៅមន្ទីរពេទ្យឲ្យបានលឿន និងទាន់ពេលវេលា ព្រោះថាវាអាចបង្កគ្រោះថ្នាក់សម្រាប់ម្តាយ និងទារកផងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកធ្លាប់មានការធ្លាក់ទឹកភ្លោះនៅសប្តាហ៍ទី ៣៧ អ្នកគួរតែទៅជួបគ្រូពេទ្យជំនាញភ្លាម ពីព្រោះវាអាចជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ។ ប៉ុន្តែលើសពីនេះ វាក៏អាចបង្កពីការគ្មានអនាម័យ និងសម្អាតមិនបានត្រឹមត្រូវដែលជាហេតុបណ្តាលឲ្យមានការធ្លាក់ទឹករំអិលផងដែរ។   ៤. ហើមជើង ដៃ ឬមុខភ្លាមៗ ប្រសិនបើប្រអប់ដៃ និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទី២ ឬទី៣ វាប្រហែលជាអាការៈនៃការកើនឡើងជាតិទឹកក្នុងខ្លួនច្រើនហើយ។ ផ្ទុយទៅវិញ បើអាការៈហើមជើង ដៃ និងមុខមិនបាត់ក្នុងរយៈពេល១២ម៉ោងទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីបញ្ចៀសពីបញ្ហាជំងឺត្រៀមក្រឡាភ្លើង ដែលជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរ។ ៥. នោមញឹក និងនោមឈឺ បើទោះបីការនោមញឹកគឺជាអាការៈញឹកញាប់មួយកើតឡើងក្នុងពេលមានផ្ទៃពោះក៏ដោយ តែការនោមក្រហាយ និងឈឺចាប់ មិនមែនជារឿងល្អឡើយ ព្រោះវាជាសញ្ញានៃការបង្ករោគនៅប្លោកនោម ដែលកើតឡើងភាគច្រើនលើស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះតែម្តង។ ចូរប្រាកដថា អ្នកត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្លាម ប្រសិនជាអ្នកមានអាការៈទាំងនេះព្រោះដើម្បីជួយបង្ការផលវិបាកដូចជា កូនកើតមិនគ្រប់ខែ និងកើតមិនគ្រប់ទម្ងន់។ ដើម្បីបង្ការការបង្ករោគអ្នកគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ បត់ជើងតូចឲ្យអស់មុនពេល និងក្រោយពេលរួមភេទ។ ៦. កូនមិនសូវធាក់ នៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ អ្នកនឹងតាមដានឃើញថាកូនធាក់ពោះច្រើន។ គ្រូពេទ្យជំនាញភាគច្រើនណែនាំឲ្យមានការតាមដានទៅលើការលូតលាស់របស់កូនពី ២ ទៅ៣ដងក្នុងមួយថ្ងៃ និងរកមើលការធ្វើចលនាចំនួន ១០ដងក្នុងរយៈពេល ១០នាទី។ ប្រសិនជាអ្នកព្យាយាមរាប់ ហើយអត់ដឹងទៀតនោះ ចូរទទួលទានទឹកផ្លែឈើមួយកែវ ហើយគេងផ្អៀងមកខាងឆ្វេងក្នុងបន្ទប់ស្ងាត់រយៈពេលកន្លះម៉ោង។ ផ្ទុយទៅវិញ បើក្រោយពីសាកល្បងរាប់ ហើយអត់ដឹងចលនាកូនទៀតឬក្រោយពី ២ម៉ោង ហើយរាប់មិនបាន ១០ដងទេ ចូរទាក់ទងជាមួយគ្រូពេទ្យភ្លាមៗ។ ៧. ក្តៅខ្លួនខ្លាំងលើសពី ៣៩អង្សា និងគ្រុនផ្តាសាយ ក្តៅខ្លួនមិនមែនជារឿងល្អទេ តែបើកើតឡើងនៅពេលមានផ្ទៃពោះទៀតរឹតតែប៉ះពាល់ដល់សុខភាពកូនបាន។ ការលូតលាស់ និងធំធាត់របស់ទារកក្នុងផ្ទៃគឺពឹងផ្អែកទៅលើរាងកាយម្តាយអាចថែរក្សាសីតុណ្ហភាពឲ្យនៅសុខភាពល្អបាន។ ការដែលក្តៅខ្លួនពេកក្នុងពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង អាចធ្វើឲ្យស្ត្រីប្រឈមខ្ពស់នឹងការរលូតកូន។ យ៉ាងណាមិញ វាអាចជាសញ្ញានៃការបង្ករោគ ឬបញ្ហាណាមួយដែល អ្នកគួរតែទៅជួបវេជ្ជបណ្ឌិតឯកទេសជាបន្ទាន់។ ត្រីមាសទីមួយជាពេលវេលាសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះព្រោះអ្នកជាម្តាយត្រូវធ្វើការប្រុងប្រយ័ត្នខ្លាំងដើម្បីធានាឲ្យបានពីការគំរាមរលូតក្នុងដំណាក់កាលនេះ។ ដូចនេះ ការស្វែងយល់ពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើគឺពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៦ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ចែករំលែក

Cellulite ជាការកកនៃជាតិខ្លាញ់នៅក្រោមស្បែកដែលជាលទ្ធផលធ្វើឲ្យស្បែកមានសភាពស្រអាប់ និងលក្ខណៈរដិបរដុបមិនរាបស្មើ កើតមានពិសេសនៅលើភ្លៅ ចង្កេះ និងគូទ ហើយភាគច្រើនតែងកើតមានចំពោះស្ត្រីក្នុងកម្រិតពី ៨០%ទៅ៩០%។ ជាទូទៅ Cellulite ត្រូវបានចែកចេញជា៣ប្រភេទរួមមាន៖ • Soft Cellulite៖ ស្បែកមានទម្រង់ជាអង្កាញ់ៗដូចទឹករលក និងទន់ពេលស្ទាប ដែលភាគច្រើនមានទីតាំងនៅលើដៃ ភ្លៅ ពោះ គូទ ហើយជាញឹកញាប់កើតចំពោះមនុស្សចាស់ និងអ្នកលើសទម្ងន់។ • Hard Cellulite ឬ Solide Cellulite៖ សភាពនៃស្បែកផ្ទៃខាងលើមានលក្ខណៈរឹង កើតមានចំពោះក្មេងទើបនឹងពេញវ័យ ពិសេសនៅចង្កេះ ភ្លៅ គូទ និងជង្គង់ អាចមានការឈឺចាប់ពេលស្ទាប។ • Edematous Cellulite៖ កើតមានលើស្ត្រីនៅចន្លោះអាយុ ២០ ទៅ៣០ឆ្នាំ។ Cellulite ច្រើនកើតមាននៅលើជើងផ្នែកខាងក្រោម  ភ្លៅ និង ជង្គង់ កត់សម្គាល់ដោយមានសញ្ញាធ្ងន់ៗជើងនិងមានអារម្មណ៍ថាហើមជើង ហើយអាចមានការឈឺចាប់ពេលស្ទាប។ មូលហេតុ និងកត្តាបង្ក ពុំមានវិទ្យាសាស្ត្រណាមួយអាចបកស្រាយអំពីមូលហេតុពិតប្រាកដនៃការបង្កឲ្យមានបញ្ហានេះបានឡើយតែជាក់ស្តែង cellulite ជាបញ្ហាដែលទាក់ទងនឹងកត្តាមួយចំនួនដូចជា៖ • កត្តាហ្សែន ករណីម្តាយ ឬឪពុកធ្លាប់មានបញ្ហានេះ • កត្តាអ័រម៉ូន • ការរស់នៅសុខស្រួលពេក មិនបានបញ្ចេញកម្លាំងពលកម្ម ឬធ្វើលំហាត់ប្រាណ • របបអាហារ ឬការទទួលទានប្រចាំថ្ងៃមិនមានសមាមាត្រ គ្មានតុល្យភាព ឬមិនសមស្រប។ រោគសញ្ញា រោគសញ្ញានៃ cellulite មិនអាចមើលដឹងបាននៅដំណាក់កាលដំបូងឡើយ។ លក្ខខណ្ឌម៉្យាងវិញទៀតអ្នកជំងឺអាចកត់សម្គាល់ឃើញនូវសញ្ញាមួយចំនួនដូចជាស្បែកមានលក្ខណៈស្រអាប់និងមិនស្មើសាច់រដិបរដុប ហៅថា ”Orange Peel“ Skin កើតមានជាពិសេសនៅលើពោះ ភ្លៅ និងគូទជាដើម។ ជួនកាលអាចកើតមាននៅលើដោះ និងដៃផ្នែកខាងលើ។ ការធ្វើរោគវិនិច្ឆ័យ Cellulite ត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យជំនាញតាមរយៈការប្រើដៃច្របាច់ត្រង់ទីតាំងសង្ស័យដើម្បីមើលសញ្ញាណនៃភាពមិនស្មើសាច់របស់ស្បែកហៅថា "Orange Peel" Skin។ គួរបញ្ជាក់ថាសញ្ញាមិនរាបស្មើនៃស្បែកនៅដំណាក់កាលទី១ពុំអាចមើលឃើញឡើយទាល់តែចូលដល់ដំណាក់កាលទី ២ទើបអាចសម្គាល់បានដោយប្រើដៃច្របាច់ស្បែកហើយមិនអាចមើលឃើញពេលអ្នកជំងឺឈរ ឬអង្គុយ។ ម៉្យាងទៀតនៅដំណាក់កាលទី៣ សញ្ញានៃ cellulite អាចមើលឃើញពេលអ្នកជំងឺឈរ ហើយមិនអាចឃើញពេលអ្នកជំងឺអង្គុយ រីឯដំណាក់កាលទី៤អាចមើលឃើញច្បាស់ពេលអ្នកជំងឺឈរ ឬពេលអង្គុយ។ វិធីសាស្រ្តព្យាបាល អ្នកជំងឺមានបញ្ហា cellulite អាចធ្វើការព្យាបាលបានដោយវិធីសាស្ត្ររួមបញ្ចូល (Combination Therapy)សំខាន់ៗរួមមាន៖ • Acoustic wave therapy ជាឧបករណ៍ដោយបញ្ជូនរលកសំឡេង (sound waves) សម្រាប់ព្យាបាលទីតាំងមាន cellulite។ • ការប្រើប្រាស់កាំរស្មីឡាសែរដើម្បីឲ្យដំណើរការរចនាសម្ព័ន្ធរបស់ស្បែកត្រឡប់មកធម្មតាវិញក្នុងន័យដើម្បីបន្ថយការកកនៃជាតិខ្លាញ់ និងសម្រួលសរសៃកូឡាជែនឲ្យរឹងមាំនៅទីតាំងទាំងនោះ។ • Radiofrequency ជាការប្រើអេឡិចត្រូនិកដើម្បីបញ្ចេញកម្តៅតិចៗលើស្បែកដែលកើតមាន cellulite។ • Liposuction ជាការបញ្ចូលបំពង់ទុយោរតូចទៅក្រោមស្បែកដើម្បីបឺតយកខ្លាញ់ចេញ បច្ចេកទេសនេះអាចមានការឈឺចាប់ និងទាមទារការព្យាបាលដោយមានការប្រុងប្រយ័ត្ន។ • Ultrasound Cavitation Machine ជាការប្រើរលកសំឡេង និងម៉ាស្សាទៅភ្ញោចកាត់បន្ថយខ្លាញ់ក្រោមស្បែកនៅផ្នែកពោះ ភ្លៅ និងជើង។ ប្រសិទ្ធភាពនៃការព្យាបាល cellulite នឹងអាចបង្ហាញចេញបន្ទាប់ពីការព្យាបាលជាបន្តបន្ទាប់រយៈពេលពី ៦ខែទៅ១ឆ្នាំក្រោយ។ បន្ថែមពីលើការព្យាបាលខាងលើ ឬដើម្បីឲ្យការព្យាបាលនេះកាន់តែទទួលបានលទ្ធផលល្អអ្នកជំងឺត្រូវធ្វើលំហាត់ប្រាណបន្ថែមជាទៀងទាត់ និងគ្រប់គ្រងរបបអាហារឲ្យបានសមស្រប។ វិធីសាស្រ្តបង្ការ • ហាត់កីឡា ឬធ្វើលំហាត់ប្រាណជាប្រចាំ និងជាទៀងទាត់ • គ្រប់គ្រងការទទួលទាន ឬអាហារប្រចាំថ្ងៃឲ្យមានតុល្យភាពនិងសមស្រប • ជួបនិងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានលឿនបំផុតបើមានករណីសង្ស័យណាមួយបង្ហាញឡើង។ សូមស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវតាមជំនាញស្របនឹងបញ្ហារបស់អ្នកដើម្បីទទួលបានប្រសិទ្ធភាពប្រកបដោយទំនុកចិត្តនិងចំណេញពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស នាយផ្នែករងផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាលេខាធិការរង នៃសមាគមគ្រូពេទ្យសើស្បែកកម្ពុជា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីកម្ពុជា (SGMC) បានប្រកាសអំពីកម្មវិធីប្រម៉ូសិនជាបន្តបន្ទាប់ដែលបានដាក់ដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ ស្របទៅតាមគោលដៅរបស់ SGMC ដើម្បីក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឈានមុខគេក្នុងការផ្ដល់នូវសេវាកម្មវេជ្ជសាស្ត្រប្រកបដោយសុខុមាលភាព កម្មវិធីប្រម៉ូសិនចុងឆ្នាំពិសេសនេះត្រូវបានផ្ដល់ជូនសម្រាប់សេវាកម្មវេជ្ជសាស្ត្រ និងថែទាំសុខភាពពិសេសមួយចំនួនដើម្បីជួយបំពេញតម្រូវការរបស់អ្នកជំងឺ និងអតិថិជនផ្នែកសេវាថែទាំសុខភាពសម្រាប់នាឱកាសឆ្នាំថ្មីខាងមុខនេះព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសារសំខាន់ និងគុណតម្លៃនៃការព្យាបាលទាំងសុខភាពផ្លូវកាយ​ និងផ្លូវចិត្តព្រមទាំងដើម្បីលើកកម្ពស់ទម្លាប់រស់នៅឲ្យកាន់តែប្រសើរឡើងថែមទៀត ដែលរួមមាន៖ កម្មវិធីប្រូម៉ូសិនទី១៖ ការពិនិត្យរកមហារីកសុដន់ កាដូសុខភាពដ៏ពិសេសសម្រាប់អ្នកនិងមនុស្សជាទីស្រលាញ់ដោយចំណាយត្រឹមតែ ៩៩ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ (តម្លៃដើម ១៥០ដុល្លារសហរដ្ឋអាមេរិក) រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អ្នកជំងឺអាចធ្វើការណាត់ជួបដើម្បីទទួលបានការពិនិត្យមើលមហារីកសុដន់រួមជាមួយនឹងការឆ្លុះអេកូសុដន់ដើម្បីរកឃើញជំងឺមហារីកឲ្យបានទាន់ពេលវេលា។ កម្មវិធីប្រូម៉ូសិនទី២៖ ការពិនិត្យសុខភាព ការការពារគឺជាគោលការណ៍ដ៏មុតមាំរបស់ SGMC ដូចនេះយើងខ្ញុំនឹងផ្ដល់នូវការបញ្ចុះតម្លៃ ១០% ចំពោះកញ្ចប់សេវាកម្មពិនិត្យសុខភាពសម្រាប់បុរសនិងនារី។ ដោយមានការពិនិត្យសុខភាពច្រើនប្រភេទចាប់ពីការពិនិត្យទូទៅដល់ការពិនិត្យទូលំទូលាយ សេវាកម្មពិនិត្យសុខភាពរបស់ SGMC ផ្ដល់ឲ្យអ្នកជំងឺនូវការវាយតម្លៃស្ថានភាពសុខភាពគ្រប់ជ្រុងជ្រោយ កំណត់ពីហានិភ័យវេជ្ជសាស្ត្រ និងសុខភាពនៅគ្រប់សរីរាង្គ និងរបៀបព្យាបាល និងដោះស្រាយហានិភ័យមុននឹងអាការៈទាំងនេះក្លាយជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ កម្មវិធីប្រូម៉ូសិនទី៣៖ ការព្យាបាលដោយប្រើកំអែភ្នំភ្លើង (Holistic Wellness) SGMC នឹងផ្ដល់នូវសេវាកម្មថ្មីដែលមានតែមួយគត់នៅប្រទេសកម្ពុជា នោះគឺការព្យាបាលដោយដេកកប់ដោយកំអែខ្សាច់ភ្នំភ្លើងជាមួយនឹងការបញ្ចុះតម្លៃនៅសល់ត្រឹមតែ ៦០ដុល្លារតែប៉ុណ្ណោះ។ អំណោយចុងឆ្នាំដ៏ពិសេសសម្រាប់គ្រួសារនិងមិត្តភក្តិនេះកំពុងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ គឺការបញ្ចុះតម្លៃដល់ទៅ ៦០% (តម្លៃដើម ១៥០ ដុល្លារ)។ SGMCបានបង្កើតជាបទពិសោធន៍បែប Ibuski Onsen បែបប្រពៃណីរបស់ជប៉ុនដោយប្រើវិស្វកម្មទំនើបៗ ជាមួយរ៉ែភ្នំភ្លើងដែលមានអាល់កាឡាំងខ្ពស់ ដែលអាចជួយបណ្តេញជាតិពុលនិងប្រឆាំងនឹងការរលាកនាំមកនូវឥទ្ធិពលវិជ្ជមានជាច្រើនដល់រាងកាយ។ ការព្យាបាលដោយកំអែភ្នំភ្លើងនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជាជួយសម្រាលការឈឺសាច់ដុំនិងរលាកនិងបង្កើនប្រព័ន្ធភាពស៊ាំ។ ចំណែកឯអាល់កាឡាំងនៃខ្សាច់កំអែភ្នំភ្លើងសម្បូរទៅដោយសារធាតុរ៉ែធ្វើឲ្យមានប្រសិទ្ធភាពបន្សាបជាតិពុលខ្ពស់។ កម្មវិធីប្រូម៉ូសិនទី ៤៖ កាតអុីអន (AEON Card) អ្នកកាន់ប័ណ្ណឥណទានអុីអនទាំងអស់ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២០ មានសិទ្ធិទទួលបានការពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្ត ១០% និងបញ្ចុះតំលៃ ១៥% លើកញ្ចប់ពិនិត្យសុខភាពទាំងបុរសនិងស្ត្រី។ លោក Anthony Tan អគ្គនាយកប្រចាំ DrMap កម្ពុជា បានមានប្រសាសន៍ថា “ចាប់តាំងពីពេលបើកដំណើរការមកយើងពិតជាមានកិត្តិយសក្នុងការបម្រើសេវាកម្មជូនអតិថិជនរបស់យើង និងជួយពួកគាត់ឲ្យទទួលបានសុខុមាលភាពក្នុងជីវិតប្រសើរបំផុត ហើយសេវាកម្មរបស់យើងគឺជាមធ្យោបាយមួយដើម្បីកសាងប្រទេសកម្ពុជាឲ្យមានសុខភាពល្អ”។ SGMC ប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងទិសដៅថែទាំសុខភាពប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តដំបូងគេបង្អស់ និងល្អវិសេសវិសាលបំផុតសម្រាប់ប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖  ផ្នែកទំនាក់ទំនងសាធារណៈក្រុមហ៊ុន Two Way ជាន់ទី 2 ផ្ទះលេខ 5 ផ្លូវលេខ282 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា hello@twowaypr.com www.twowaypr.com   មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី SGMC                     អាគារដឹប្រ៊ីដ ,លេខ៥ ជាន់ទី៣A, ផ្លូវរដ្ឋសភាជាតិ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា info@sgmc.com.kh www.sgmc.com.kh 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ការស្រកទម្ងន់ច្រើនពេកក្នុងរយៈពេលខ្លី ក៏មិនប្រាកដថាល្អចំពោះសុខភាពដែរ តែក្នុងករណីខ្លះចាំបាច់ យើងក៏ត្រូវស្រកឲ្យបានច្រើនតាមដែលអាចធ្វើបាន។ បើសិនជាចង់ដឹងថា សម្រាប់ការសម្រកទម្ងន់រហ័ស និងមានសុវត្ថិភាពចំពោះសុខភាព គួរតែធ្វើអ្វីខ្លះនោះ សូមបន្តអាននូវចំណុចខាងក្រោមនេះ… ១​. ញ៉ាំអាហារស្រស់ និងអាហារដែលមិនឆ្លងកាត់ការចម្រាញ់ច្រើន ក្នុងអំឡុងពេលដែលអ្នកប្រាថ្នាចង់ឲ្យឆាប់ស្រកទម្ងន់ក្នុងរយៈពេលមិនយូរ អ្នកគួរតែចៀសវាងនូវអាហារដែលឆ្លងកាត់ការចម្រាញ់ច្រើន ហើយទទួលទានអាហារស្រស់ៗឲ្យបានច្រើន ដែលក្នុងនោះ រួមមានបន្លែ ផ្លែឈើ ពពួកសណ្តែក… ដែលធ្វើឲ្យអ្នកឆាប់ឆ្អែត ហើយក៏ងាយស្រួលក្នុងការញ៉ាំផងដែរ។ ២. ញ៉ាំកាបូអុីដ្រាតកម្រិតទាប តែប្រូតេអុីនគ្មានជាតិខ្លាញ់ឲ្យបានច្រើន ការទទួលទានអាហារដែលមានកម្រិតកាបូអុីដ្រាតទាប (មាននៅក្នុងបន្លែបៃតង ត្រី គ្រាប់ធញ្ញជាតិ…) តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ក៏អាចឲ្យអ្នកស្រកគីឡូបានខ្លះដែរតាមរយៈការបន្ថយនូវបរិមាណខ្លាញ់ និងទម្ងន់ទឹកដែលលើស។ ស្របពេលជាមួយគ្នា អ្នកត្រូវបន្ថែមនូវប្រូតេអុីន (ពពួកសណ្តែក ដំឡូង ស៊ុត ត្រីធូណា ត្រីសាល់ម៉ុន…) ទៅក្នុងរបបអាហារឲ្យបានច្រើនដើម្បីឲ្យឆាប់ឆ្អែត និងបង្កើនសកម្មភាពរំលាយអាហារ។ ៣. កាត់បន្ថយបរិមាណកាល់ឡូរី បើអ្នកមិនទទួលទានកាល់ឡូរីតិចទេ ទម្ងន់ និងបរិមាណខ្លាញ់របស់អ្នកក៏មិនថយចុះដែរ។ អ្នកអាចសាកល្បងនូវវិធីទាំងនេះដោយធ្វើការរាប់ ឬកត់ត្រានូវបរិមាណកាល់ឡូរីដែលអ្នកទទួលទាន ញ៉ាំតែអាហារគោលៗ (ចៀសវាងអាហារសម្រន់) កាត់បន្ថយគ្រឿងទេស និងទឹកជ្រលក់ដែលមានកាល់ឡូរីខ្ពស់ ញ៉ាំប្រូតេអុីនមានជាតិខ្លាញ់ទាប (សាច់មាន់ ត្រី…)។ ៤. រៀបចំកាលវិភាគនៃការតមអាហារផ្ទាល់ខ្លួន មានកាលវិភាគ ក៏ដូចជាក្បួនខ្នាតមួយចំនួនដែលអ្នកអាចសាកល្បងបានទៅតាមចំណូលចិត្ត និងការប្តេជ្ញាចិត្តរបស់អ្នក ក្នុងនោះមានដូចជា ការតមអាហារ ៥ម៉ោងក្រោយអាហារនីមួយៗជារៀងរាល់ថ្ងៃ ការតមអាហារ ២ថ្ងៃក្នុងមួយសប្តាហ៍ ដោយញ៉ាំតែក្នុងបរិមាណតិច ឬតែក្នុងអំឡុងពេលម៉ោងក្រោយអាហារនីមួយៗ។ល។ យ៉ាងណាមិញ អ្នកគួរតែកុំតមក្នុងថ្ងៃដូចគ្នានឹងថ្ងៃដែលអ្នកហាត់ប្រាណ ឬហាត់កីឡា។  ៥. ហាត់កីឡាលើកដុំដែក និងលំហាត់ប្រាណបែប High-Intensity Interval ការស្រាវជ្រាវបង្ហាញថា ការហាត់ប្រាណបែប High-Intensity Interval (ដែលភាគច្រើនប្រើប្រាស់ថាមពលខ្លាំង និងបង្កើនចង្វាក់បេះដូងខ្ពស់) មានប្រសិទ្ធភាពក្នុងការសម្រកខ្លាញ់ និងទម្ងន់ដល់ទៅ ៥ដងជាងលំហាត់ប្រាណធម្មតា។ ចំណែកឯការលើកដុំដែក ក៏ជួយកាត់បន្ថយខ្លាញ់មិនល្អ ហើយក៏ជួយពន្លឿនល្បឿននៃការស្រកទម្ងន់តាមរយៈការសម្រួលដល់ចលនារំលាយអាហារ និងអ័រម៉ូនកម្ចាត់ជាតិខ្លាញ់ទៀតផង។ អ្នកគួរធ្វើវាយ៉ាងតិច ៣ទៅ ៤ដងក្នុងមួយសប្តាហ៍។ ៦. កម្ចាត់ចោលនូវបរិមាណជាតិទឹកដែលលើស មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីសម្រាល ក៏ដូចជាច្រានចោលនូវទម្ងន់នៃបរិមាណទឹកដែលលើស។ ជាក់ស្តែង ការញ៉ាំកាហ្វេ ការញ៉ាំទឹកមានសារធាតុអេឡិចត្រូលីតអាចកាត់បន្ថយបញ្ហាស្ត្រេស ការទទួលទានសារធាតុបំប៉នខ្លះ ក៏ដូចជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់… សុទ្ធតែអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព។ ៧. មានជីវភាពរស់នៅដែលសកម្ម ការប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រចាំថ្ងៃដែលសកម្ម ក៏អាចជាចំណែកមួយដ៏សំខាន់ក្នុងការសម្រកទម្ងន់បានរហ័សផងដែរ។ អ្នកគួរតែមានទម្លាប់ងាយៗមួយចំនួនដូចជា ដើរ ឬជិះកង់ទៅទីកន្លែងមួយចំនួន ប្រើជណ្តើរជើងជំនួសឲ្យជណ្តើរយន្ត ឬជណ្តើរប្រអប់ ដើរលេងកម្សាន្តនៅខាងក្រៅ ឈរឲ្យត្រង់ខ្លួនឲ្យបានច្រើន បោសសម្អាតផ្ទះ រៀបចំសួនច្បារ ឬសួនផ្កា។ល។ គួរបញ្ជាក់ផងដែរថា អ្នកមិនចាំបាច់អនុវត្តតាមគ្រប់ចំណុចក៏បានដែរ តែបើធ្វើបានកាន់តែច្រើន នឹងរឹតតែប្រសើរ… អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

សញ្ញានៃការពិបាកដកដង្ហើមអាចជាអាការៈមួយបញ្ជាក់ពីបញ្ហាផ្លូវដង្ហើម តែក្នុងករណីខ្លះអាចរួមផ្សំជាមួយសញ្ញាផ្សេងទៀត ឬពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត។ ដូច្នេះដើម្បីបញ្ជាក់ថារោគសញ្ញាទាំងនោះជាប់ពាក់ព័ន្ធនឹងបញ្ហាណាមួយឲ្យពិតប្រាកដអ្នកអាចតាមដានករណីរបស់អ្នកអានម្នាក់៖ សំណួរ៖ អ្នកជំងឺមានអាយុ២០ឆ្នាំ ភេទប្រុស ទម្ងន់៦០គីឡូក្រាម កម្ពស់ ១ម៉ែត្រ៦៥។ មួយរយៈពេលនេះអ្នកជំងឺតែងមានអាការៈ ពិបាកដកដង្ហើម ហើយ ១យប់ស្រែកប្រហែល ១០ដង។ អ្នកជំងឺមានភាពឆេវឆាវ និងពិបាកទទួលយកការពន្យល់ណែនាំពីអ្នកដទៃ មិនមានភាពក្លាហាន និងខ្វះទំនុកចិត្តលើខ្លួនឯង។ អ្នកជំងឺរៀនបានថ្នាក់ទី១២ ហើយបច្ចុប្បន្ននៅតែផ្ទះ ហើយគាត់ចូលចិត្តតែមើលរឿងតាមទូរស័ព្ទ។ តើនេះជាជំងឺផ្លូវចិត្តដែរឬទេ? តើគួរធ្វើយ៉ាងណាទើបអាចជួយគាត់ឲ្យមានគោលដៅ និងអាចរស់នៅឲ្យល្អប្រសើរ?   ចម្លើយ៖ តាមការរៀបរាប់ខាងលើសូមសួរបន្ថែមថាតើការសិក្សារបស់អ្នកជំងឺយ៉ាងណាដែរ? គាត់រៀនចេះទេ ឬការរៀនរបស់គាត់មានធ្លាក់ចុះឬអត់? យោងតាមរោគសញ្ញាខាងលើ គាត់អាចមានជំងឺផ្លូវចិត្តប្រភេទណាមួយ។ ប្រសិនការសិក្សារបស់គាត់ធ្លាក់ចុះឬគាត់រៀនមិនចេះនោះមានន័យថាគាត់មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយ។ ដូចនេះ អ្នកជំងឺត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងផ្លូវចិត្ត ដើម្បីឲ្យគ្រូពេទ្យធ្វើការវាយតម្លៃទៅលើសភាពផ្លូវចិត្ត ថាតើគាត់មានជំងឺផ្លូវចិត្តនោះប្រភេទណា ធ្ងន់ធ្ងរកម្រិតណា និងមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យគាត់ឈឺ។ល។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ហួត លីនណា សមាជិកសមាគមគ្រូពេទ្យផ្លូវចិត្ត និងខួរក្បាលអាមេរិកកាំង ឯកទេសវិកលវិទ្យា ជំនាន់ទី ១ (សាកលវិទ្យាល័យអូស្លូប្រទេសន័រវេស) និង អនុបណ្ឌិតជំងឺផ្លូវចិត្តនិងខួរក្បាល (សាកលវិទ្យាល័យម៉ូណាស់ប្រទេសអូស្ត្រាលី)នៃគ្លីនិកជំនាញផ្លូវចិត្ត និងខួរក្បាល ហួត លីនណា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ដំណេក និងសុខភាពផ្លូវចិត្តពិតជាមានទំនាក់ទំនងគ្នាជិតស្និទ្ធ ដោយកត្តាទាំងពីរសុទ្ធតែអាចក្លាយជាផលរបស់គ្នា ជាក់ស្តែងពេលខ្លះ ការគេងមិនបានត្រឹមត្រូវនឹងអាចប៉ះទង្គិចដល់ផ្លូវចិត្ត ហើយបុគ្គលដែលមានបញ្ហាផ្លូវចិត្ត ក៏នឹងទទួលផលរំខានដល់ដំណេកផងដែរ។ ហេតុនេះហើយ ប្រសិនបើអ្នកបារម្ភពីសុខភាពផ្លូវចិត្តរបស់អ្នកនោះ អ្នកគួរតែចៀសវាងនូវទម្លាប់ទាក់ទិននឹងដំណេកខាងក្រោមនេះឲ្យបាន…   គេងច្រើនពេក បើសិនជាអ្នកមានទម្លាប់បិទម៉ោងរោទិ៍ ឬពន្យារពេលរោទិ៍ជាញឹកញាប់ ហើយចេះតែចង់សម្ងំគេងនៅលើគ្រែឲ្យយូរជាពិសេសថ្ងៃចុងសប្តាហ៍និងជាប្រចាំនោះ អ្នកនឹងមានអារម្មណ៍ថាស្ពឹកស្រពន់ទាំងកាយ និងចិត្ត ហើយក៏ងាយមានអារម្មណ៍មិនល្អ ពិបាកចិត្តតប់ប្រមល់ ថប់បារម្ភ មិនចង់ផ្ចង់អារម្មណ៍ធ្វើការងារនិងគេចវេសពីរឿងរ៉ាវផ្សេងៗ។ គេងតិច ឬចូលគេងយប់ជ្រៅពេក ការគេងមិនគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅ យូរៗម្តងពេលចាំបាច់ មិនជាបញ្ហាចោទទេ តែបើវាក្លាយជាទម្លាប់វិញនោះ អ្នកគួរតែបញ្ឈប់វា ដោយស្វែងរកដើមហេតុនៃកង្វះដំណេករបស់អ្នក ព្រោះការដោះស្រាយបញ្ហាទាំងនោះនឹងកាត់បន្ថយការប្រឈមនឹងអារម្មណ៍តប់ប្រមល់ ស្ត្រេស បញ្ហាធ្លាក់ទឹកចិត្ត និងថប់បារម្ភជាដើម។ ព្រងើយកន្តើយចំពោះបញ្ហារំខានដំណេក អ្នកគួរតែជួបប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ ក្នុងករណីដែលជួបប្រទះនឹងបញ្ហារំខានដល់ដំណេកជាប្រចាំ រួមមានការស្រមុក ការស្ពឹកស្រពន់ដៃជើងបញ្ហាគេងមិនលក់។ល។ ញ៉ាំជាតិកាហ្វេអុីនមុនគេង ជាតិកាហ្វេអុីនប្រាកដណាស់ គឺរំខានដល់ការងងុយគេង រយៈពេលគេង និងគុណភាពនៃការគេងរបស់អ្នក។ យ៉ាងណាមិញអ្នកអាចទទួលទានវាបានក្នុងអំឡុងពេល ៦ម៉ោងមុនដំណេក ដើម្បីផ្តល់ពេលគ្រប់គ្រាន់សម្រាប់រាងកាយអ្នក។ ទទួលទានគ្រឿងស្រវឹងមុនចូលគេង ជាតិអាល់កុលនឹងរំខានដល់ការគេង ដែលជាហេតុបង្កជាបញ្ហាគេងមិនលក់ ហើយក៏អាចប៉ះពាល់ដល់អារម្មណ៍ផងដែរ ដូចនេះហើយ សម្រាប់អ្នកដែលពិបាកគេងគួរតែចៀសវាង ដោយធ្វើសកម្មភាពរំងាប់អារម្មណ៍ផ្សេងៗវិញដូចជា ហាត់យោគៈ អានសៀវភៅ ស្តាប់ភ្លេងស្រទន់។ល។ មិនត្រៀមខ្លួនសម្រាប់ការចូលគេង សកម្មភាពដែលអ្នកធ្វើមុនពេលចូលគេងក៏អាចជះឥទ្ធិពលដល់ដំណេកដែរ។ បើអ្នកមានទម្លាប់ដូចជាប្រើគ្រឿងអេឡិចត្រូនិចមុនគេងបើកភ្លើងភ្លឺខ្លាំងៗ ធ្វើការងារនៅក្នុងបន្ទប់គេង… អ្នកគួរតែធ្វើការផ្លាស់ប្តូរវាចេញហើយគួរចំណាយពេលល្ងាចបញ្ចប់កិច្ចការដែលត្រូវគិតគូរនិងរំសាយរាល់ទុក្ខព្រួយក្នុងចិត្តឲ្យហើយ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

អ្នកខ្លះឡើងទម្ងន់ ដោយសារតែការញ៉ាំអាហារ និងភេសជ្ជៈដែលមានបរិមាណកាល់ឡូរីច្រើនជាងបរិមាណកាល់ឡូរីដែលពួកគេដុតជារៀងរាល់ថ្ងៃ ប៉ុន្តែមានអ្នកខ្លះទៀតឡើងទម្ងន់ដោយសារតែបញ្ហាសុខភាពមួយចំនួនដែលរួមមានដូចខាងក្រោម៖ បញ្ហាក្រពេញទីរ៉ូអុីត ការផលិតអ័រម៉ូនទីរ៉ូអុីត (អ័រម៉ូនសម្រាប់ដំណើរការរំលាយអាហារ) ដែលមិនសកម្ម អាចជាមូលហេតុមួយនៃការឡើងទម្ងន់។ ដោយសារតែកង្វះអ័រម៉ូនប្រភេទនេះ ទើបធ្វើឲ្យដំណើរការរំលាយអាហារថយចុះ ជាហេតុនាំឲ្យទម្ងន់កើនឡើង។ ថ្វីត្បិតថា វាអាចកើតមានចំពោះមនុស្សគ្រប់វ័យ និងទាំងពីរភេទ តែគេឃើញវាកើតមានច្រើនចំពោះស្ត្រីវ័យចំណាស់។ ការព្យាបាលជំងឺទឹកនោមផ្អែម ជាទូទៅ អ្នកដែលត្រូវការអាំងស៊ុយលីន ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់ខ្លួនតែងតែឡើងទម្ងន់ដោយហេតុថាអាំងស៊ុយលីនជាអ្នកគ្រប់គ្រងនូវកម្រិតជាតិស្ករក្នុងឈាម ហើយអ្នកជំងឺច្រើនតែទទួលទានអាហារច្រើនជាងតម្រូវការ ដើម្បីចៀសវាងបញ្ហាជាតិស្ករក្នុងឈាមចុះទាប។ ជាលទ្ធផលកាល់ឡូរីដែលចូលទៅក្នុងរាងកាយក៏កើនឡើងច្រើន ហើយទម្ងន់ក៏កើនឡើងដែរ។ ការឈានចូលវ័យចំណាស់ មនុស្សភាគច្រើនចាប់ផ្តើមបាត់បង់សាច់ដុំ នៅពេលដែលគេចាស់ទៅព្រោះតែពួកគេចាប់ផ្តើមលែងសូវសកម្មក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួនហើយពេលដែលសាច់ដុំចុះថយ បរិមាណកាល់ឡូរីដែលដុតក៏ថយចុះដែរ។ ជាក់ស្តែងទោះបីអ្នកទទួលទានអាហារ និងភេសជ្ជៈក្នុងបរិមាណដដែលក៏ដោយ តែបើអ្នកលែងសូវសកម្ម (មិនធ្វើលំហាត់ប្រាណ ចូលចិត្តសម្ងំនៅមួយកន្លែង..) ទម្ងន់របស់អ្នកនឹងឡើងជាមិនខាន។ ការព្យាបាលដោយស្តេរ៉ូអុីត វិធីព្យាបាលជំងឺមួយចំនួនដូចជា ជំងឺហឺត ការរលាកសន្លាក់ឆ្អឹង ដោយការប្រើប្រាស់ថ្នាំស្តេរ៉ូអុីត ច្រើនតែបង្កើនចំណង់អាហារ ដែលជាហេតុនាំឲ្យឡើងទម្ងន់។ការប្រើប្រាស់វាកាន់តែយូរប៉ុណ្ណា អ្នកជំងឺក៏ងាយប្រឈមនឹងការឡើងទម្ងន់ប៉ុណ្ណឹងដែរ ព្រោះតែស្តេរ៉ូអុីតធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាឃ្លាន។ Cushing's syndrome វាជាករណីកម្រមួយដែលកើតមានចំពោះម្នាក់ ក្នុងចំណោម ៥ម៉ឺននាក់ ដែលមូលហេតុបង្ករបស់វា គឺកម្រិតនៃអ័រម៉ូនក័រទីសូល។ ការឡើងទម្ងន់ ជាពិសេសនៅលើទ្រូង មុខ និងពោះ អាចជាសញ្ញាណមួយនៃករណីនេះ ដោយហេតុថាអ័រម៉ូនក័រទីសូលនឹងនាំខ្លាញ់ទៅស្តុកទុកនៅទីនោះ។ ស្ត្រេស និងអារម្មណ៍មិនល្អ មនុស្សយើងម្នាក់ៗមានប្រតិកម្មផ្សេងៗគ្នាចំពោះបញ្ហាស្ត្រេស ថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។ ក្នុងនោះអ្នកខ្លះក៏ស្រកសាច់ ស្រកទម្ងន់ ចំណែកឯអ្នកខ្លះវិញក៏ឡើងទម្ងន់ជាបន្តបន្ទាប់ ដោយសារតែពួកគេចាត់ទុកការញ៉ាំអាហារ ជាការបញ្ចេញកំហឹង ឬទុក្ខសោករបស់ខ្លួន។ ជួនកាល វាក៏កើតមានជាវដ្ដមួយដែលការឡើងទម្ងន់នៅពេលធ្លាក់ទឹកចិត្ត ក៏ជាហេតុធ្វើឲ្យកាន់តែធ្លាក់ទឹកចិត្ត ហើយទម្ងន់ក៏រឹតតែកើនឡើង។ ការនឿយហត់ អ្នកដែលគេងតិចជាង ៧ម៉ោងក្នុងមួយថ្ងៃ ងាយប្រឈមនឹងការលើសទម្ងន់ជាងអ្នកដែលគេងបានគ្រប់គ្រាន់។ នេះអាចមកពីហេតុថា អ្នកដែលគេងមិនគ្រប់នឹងមានកម្រិតទាបនៃលិបទីន (leptin) ដែលជាសារធាតុម្យ៉ាងធ្វើឲ្យយើងមានអារម្មណ៍ថាឆ្អែតជាមួយនឹងកម្រិតខ្ពស់នៃក្រេលីន (ghrelin) ដែលជាអ័រម៉ូនភ្ញោចអារម្មណ៍ឃ្លាន។ ម្យ៉ាងទៀត រាល់ពេលដែលអ្នកហត់នឿយ អ្នកក៏នឹងចង់ញ៉ាំនេះញ៉ាំនោះមិនឈប់ ហើយក៏មិនមានកម្លាំងកំហែងក្នុងការធ្វើសកម្មភាពផ្សេងៗ ហើយជាលទ្ធផលបរិមាណកាល់ឡូរីដែលដុតក៏មានតិច។ ការស្តុកទុកជាតិទឹកក្នុងខ្លួន ការស្តុកទុកបែបនេះ អាចជាហេតុនាំឲ្យរាងកាយរបស់អ្នកឡើងហើម ហើយក៏អាចឡើងទម្ងន់។ វាអាចបង្កដោយសារតែការស្តុកទុក និងកើនឡើងជាបន្តបន្ទាប់នៃជាតិទឹកនៅក្នុងសារពាង្គកាយរបស់យើង។ ក្នុងនោះដែរ មានករណីខ្លះមានលក្ខណៈធម្មតា ដូចជាការឈរយូរអាចបណ្តាលឲ្យហើមកជើង ឬមុនពេលមករដូវ។ល។ ប៉ុន្តែសម្រាប់ករណីធ្ងន់ធ្ងរ ដែលបង្កជាបញ្ហាពិបាកដកដង្ហើម ឬហើមរយៈពេលយូរនោះអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យឯកទេស។ Polycystic ovary syndrome (PCOS) វាជាជំងឺទូទៅមួយ ដែលជះឥទ្ធិពលដល់ការបំពេញមុខងារនៃអូវែរបស់ស្រ្តីដែលរោគសញ្ញារួមមាន ការមករដូវមិនទៀងទាត់ ការលំបាកក្នុងការមានផ្ទៃពោះ ការឡើងទម្ងន់ជាដើម។ យ៉ាងណាមិញ មូលហេតុពិតប្រាកដរបស់វាមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែវាអាចទាក់ទងនឹងបញ្ហាអ័រម៉ូនដូចជាកម្រិតខ្ពស់ពេកនៃអាំងស៊ុយលីន និងតេស្តូស្តេរ៉ូន។ ជាធម្មតា ស្ត្រីដែលមានជំងឺនេះ ឡើងទម្ងន់នៅជុំវិញចង្កេះរបស់គេ ហើយពេលដែលទម្ងន់កើនគេនឹងផលិតអាំងស៊ុយលីនកាន់តែច្រើន ដែលជាហេតុបណ្តាលឲ្យឡើងទម្ងន់បន្ថែមទៀត។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

ជំងឺពកក គឺជាការរីកធំជាងធម្មតានៃក្រពេញទីរ៉ូអុីត ស្ថិតនៅកផ្នែកខាងមុខ និងខាងក្រោម។ បច្ចុប្បន្ន ពកកហាក់មានសន្ទុះកើនឡើងខ្លាំង ដោយសង្កេតឃើញអ្នកជំងឺមកទទួលការព្យាបាលជាបន្តបន្ទាប់។ ស្ទើរតែគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចប្រឈមនឹងជំងឺពកក ហើយអាចវិវឌ្ឍធ្ងន់ធ្ងរដូច្នេះគ្រប់គ្នាចាំបាច់ត្រូវស្វែងយល់បន្ថែមឲ្យបានកាន់តែច្បាស់។ មូលហេតុចម្បង ប្រមាណ៨០% នៃអ្នកជំងឺពកកបណ្តាលមកពីកង្វះជាតិអុីយ៉ូត ដូចជាមិនសូវទទួលទានអាហារមានជាតិអុីយ៉ូតច្រើន ឬរស់នៅតំបន់មាត់ទន្លេដែលមានទឹកឡើងស្រកញឹកញាប់ តំបន់ភ្នំខ្ពស់ៗ និងតំបន់ទឹកកក ដោយហេតុថាតំបន់ទាំងនេះពុំសូវសម្បូរអាហារដែលមានជាតិអុីយ៉ូតច្រើន។ ក្រៅពីមូលហេតុចម្បងនេះ ពកកអាចកើតមកពីការរំញោចឲ្យមានការបញ្ចេញជាតិអុីយ៉ូតច្រើន (Graves’ disease) ហួសប្រមាណដែលអាចធ្វើឲ្យក្រពេញទីរ៉ូអុីតរីកធំ។ មូលហេតុមួយទៀតគឺ autoimmune ធ្វើឲ្យមានការប៉ះពាល់ខូចខាតក្រពេញទីរ៉ូអុីត និងមានការបញ្ចេញមិនបានគ្រប់គ្រាន់។ ករណីដោយឡែកផ្សេងទៀតជំងឺពកកអាចកើតមានដោយតំណពូជពីម្តាយឪពុកទៅកូនៗជំនាន់ក្រោយ ការទទួលទានឱសថមួយចំនួន ស្ត្រីមានផ្ទៃពោះ ស្ត្រីអស់រដូវ និងអ្នកមានជំងឺមហារីកនៅក្រពេញទីរ៉ូអុីត។ រោគសញ្ញា ជាទូទៅ អាការៈចម្បងដែលគួរឲ្យកត់សម្គាល់នៃអ្នកជំងឺពកក គឺការលេចឡើងនូវដុំហើមផ្នែកខាងក្រោមនិងខាងមុខនៃក ការមានអារម្មណ៍តឹងណែនក ស្អកក ក្អក ពិបាកលេបអាហារ ពិបាកដកដង្ហើម និងចលនាឡើងចុះនៃដុំពេលប៉ះក្នុងពេលអ្នកជំងឺលេបទឹកមាត់។ ការធ្វើរោគវិនិច្ឆ័យ ដំបូងគ្រូពេទ្យឯកទេសនឹងពិនិត្យលើដុំនៅកផ្នែកខាងមុខនិងខាងក្រោមដោយដាក់ដៃទៅសង្កត់លើដុំ និងតម្រូវឲ្យអ្នកជំងឺលេបទឹកមាត់បណ្តើរបន្ទាប់មកសង្កេតឃើញដុំធ្វើចលនាឡើងចុះតាមការលេប ដែលអាចបញ្ជាក់ថាអ្នកជំងឺកំពុងប្រឈមនឹងពកក។ ម៉្យាងទៀតអ្នកជំងឺអាចនឹងត្រូវធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់តាមរយៈការថតអេកូបន្ថែម។ វិធីសាស្ត្រព្យាបាល ការព្យាបាលជំងឺពកកត្រូវបានបែងចែកជា ២ប្រភេទដោយផ្អែកលើលក្ខណៈនៃដុំពក រួមមាន៖ • ដុំពកស្មើសាច់ល្អ ឬក្រពេញទីរ៉ូអុីតរីកធំស្មើសាច់នោះការព្យាបាលសមស្របគឺតម្រូវឲ្យអ្នកជំងឺប្រើថ្នាំ • ដុំពកប្រភេទ nodular ដែលអាចជាដុំសាច់ដុំទឹក ឬដុំសាច់លាយទឹក នោះអ្នកជំងឺនឹងតម្រូវឲ្យធ្វើការវះកាត់។ ផលវិបាក ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា នោះក្រពេញទីរ៉ូអុីតនឹងកាន់តែរីកធំឡើងៗ បង្កជាដុំបន្តបន្ទាប់ទៀតយូរទៅអាចសង្កត់លើបំពង់អាហារ បំពង់ខ្យល់ ធ្វើឲ្យពិបាកលេប ពិបាកដកដង្ហើម និងបាត់បង់ទម្រង់ក ឬសម្ផស្សខាងក្រៅ។ បើវាជាពកកមានជាតិពុលវិញអ្នកជំងឺអាចប្រឈមនឹងអាការៈទន់ដៃ ទន់ជើង ឆាប់ហត់ និងពិបាកក្នុងការប្រកបការងារ។ វិធីសាស្រ្តការពារ ទទួលទានអាហារមានជាតិអុីយ៉ូតគ្រប់គ្រាន់ដូចជាគ្រឿងសមុទ្រ រុក្ខជាតិដុះតាមមាត់សមុទ្រ ធ្វើយ៉ាងណាធានាឲ្យមានជាតិអុីយ៉ូតគ្រប់តាមតម្រូវការដើម្បីកុំឲ្យក្រពេញទីរ៉ូអុីតធ្វើការខ្លាំងពេកដែលជាមូលហេតុបង្កជាជំងឺពកកនិងអាចការពារខ្លួនអ្នក ចៀសផុតពីជំងឺពកកដោយសុវត្ថិភាព។ ប្រសិនអ្នកសង្ស័យ ឬកំពុងមានជំងឺពកក សូមមកទទួលការប្រឹក្សានិងព្យាបាលពីគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់កឲ្យបានឆាប់រហ័សដើម្បីបញ្ចៀសនូវហានិភ័យដែលអាចនឹងកើតមាននៅពេលអនាគត។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង ជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមជាតិ ត្រចៀក ច្រមុះបំពង់ ក វះកាត់ ក្បាលនិងក កម្ពុជា អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក

បើសិនអ្នកមិនទាន់បានធ្វើល្អគ្រប់គ្រាន់សម្រាប់ផ្ទៃមុខអ្នកទេនោះយ៉ាងហោចណាស់អ្នកគួរចៀសវាងទង្វើដែលផ្តល់សម្ពាធដល់ស្បែកមុខរបស់អ្នកជារៀងរាល់ថ្ងៃនិងទីបំផុតការខូចខាតមួយចំនួនធំលើផ្ទៃមុខគឺមិនអាចកែខៃឲ្យបានដូចដើមឡើយបើទោះបីជាអ្នកធ្វើការថែទាំ និងបំប៉នដិតដល់ឡើងវិញក៏ដោយ។ ស្វែងយល់នូវទង្វើប្រចាំថ្ងៃដែលអាចជះឥទ្ធិពលអាក្រក់ដល់ស្បែកមុខរបស់អ្នកនៅពេលនេះនិងធ្វើការចៀសវាងដើម្បីកាត់បន្ថយការខូចខាតដែលពិបាកកែខៃនៅពេលក្រោយ៖ ១. មិនលាបក្រែមការពារកម្តៅថ្ងៃ UVA ជាកាំរស្មីគួរឲ្យខ្លាច បើទោះវាមិនធ្វើឲ្យស្បែកប្រែពណ៌ តែអាចផ្តល់ផលយ៉ាងអាក្រក់ដូចជាធ្វើឲ្យជ្រីវជ្រួញ និងបង្កជំងឺមហារីកជាដើម។ UVA មានសមត្ថភាពឆ្លងកាត់កញ្ចក់ និងពពក ដែលមានន័យថា ទោះអ្នកនៅក្នុងម្លប់ ឬក្នុងឡានក៏អ្នកអាចរងឥទ្ធិពលពីកាំរស្មីនេះបានដែរ។ អ្នកពិតជាត្រូវលាបក្រែមការពារកម្តៅ ដែលអាចការពារទាំង UVA និង UVB ព្រមទាំងមានអានុភាពការពារយ៉ាងតិច ៣០ (SPF 30) ជាចាំបាច់។ ជាទូទៅសារធាតុការពារកាំរស្មីត្រូវបានលាយបញ្ចូលក្នុងផលិតផលថែរក្សាស្បែកផ្សេងៗរួចជាស្រេចដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ ២. មិនគេងឲ្យបានគ្រប់គ្រាន់ បើអ្នកអាចលៃពេលគេងបានអ្នកមិនគួរខ្ជះខ្ជាយពេលវេលារីករាយនៅពេលយប់ ហើយធ្វើបាបខ្លួនឯងនៅពេលព្រឹកនោះទេ ព្រោះវាមិនត្រឹមអាក្រក់ចំពោះសុខភាពទូទៅ ខួរក្បាល និងធ្វើឲ្យធាត់នោះទេ តែវាអាក្រក់បំផុតសម្រាប់ស្បែក។ ពេលអ្នកគេងមិនត្រឹមជាពេលដែលកោសិកាធ្វើការជួសជុលនិងផលិតកោសិកាថ្មីៗ ក៏ដូចជាជម្រុះកោសិកាចាស់ តែក៏ជាពេលដែលស្បែកទទួលបានសារធាតុចិញ្ចឹមពីផលិតផលដែលអ្នកប្រើផងដែរ។ ចំណាំ៖ អ្នកត្រូវសម្អាតកន្លែងគេង ពិសេសស្រោមខ្នើយឲ្យបានទៀងទាត់និងបើអាច គួរទម្លាប់គេងផ្ងារជាជាងផ្កាប់មុខ ឬផ្តេកលើខ្នើយបើមុខអ្នកកំពុងកើតមុនឬងាយនឹងកើតមុន។ ៣. នៅមុខពន្លឺនៃឧបករណ៍អេឡិចត្រូនិច ពន្លឺទាំងនេះមិនត្រឹមជាហេតុផលដែលធ្វើឲ្យអ្នកពិបាកគេង និងបំផ្លាញស្បែកមុខរបស់អ្នកដោយមិនផ្ទាល់តែវាក៏អាចបំផ្លាញស្បែកដោយផ្ទាល់ជាមួយនឹងកាំរស្មី UV ដែលចេញពីឧបករណ៍អេឡិចត្រូនិចផងដែរ។ កាំរស្មីនេះ អាចបំផ្លាញដល់ការស្តុកទុកនៃកូឡាជែនលើផ្ទៃមុខ ដែលជាមូលហេតុសំខាន់មួយធ្វើឲ្យស្បែកមុខចាស់មុនវ័យ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទាំងនោះ បើសិនមិនចាំបាច់។ ៤. និយាយទូរស័ព្ទច្រើនពេក ក្រៅពីឥទ្ធិពលអាក្រក់នៃពន្លឺចេញពីឧបករណ៍អេឡិចត្រូនិចដូចដែលរៀបរាប់ខាងលើ ទូរស័ព្ទត្រូវបានដឹងថាជាសម្ភារមិនស្អាត ដែលមានដិតជាប់ជាមួយនឹងមេរោគជាច្រើន ព្រមទាំងនៅជិតអ្នកជាងគេសឹងតែគ្រប់ពេលវេលា។ ប្រសិនបើអ្នកតែងតែត្រូវការនិយាយទូរស័ព្ទច្រើន ការនិយាយដោយផ្អឹបទូរស័ព្ទនឹងត្រចៀកផ្ទាល់គួរតែត្រូវបានកាត់បន្ថយ បើអ្នកមិនចង់កើតមុន ឬបញ្ហាស្បែកផ្សេងៗទៀត។ ៥. ចូលចិត្តយកដៃប៉ះមុខ ត្រូវចាំថា ដៃរបស់អ្នកក៏ជាភ្នាក់ងារនាំយកមេរោគរាប់មិនអស់ មកលើមុខរបស់អ្នកផងដែរ។ ដូចនេះអ្នកគួរកាត់បន្ថយយកដៃប៉ះមុខនិងចៀសវាងអេះ ឬញេចមុនដោយខ្លួនឯង ពិសេសបើមុនមិនទាន់បែកពីព្រោះទោះអ្នកបានលាងដៃស្អាតក៏មិនអាចធានាថាមិននាំឲ្យឆ្លងរោគពេលញេច ដែលធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរនិងបង្កស្នាមដែរ។ ៦. ញ៉ាំមិនត្រឹមត្រូវ អ្នកគួរចៀសវាងទម្លាប់មិនល្អចម្បងៗក្នុងការញ៉ាំមួយចំនួន ដែលអាក្រក់ចំពោះស្បែកមុខរួមមាន៖ • ស្ករ៖ ស្ករអាចបំផ្លាញដល់ស្រទាប់កូឡាជែនដែលនាំឲ្យស្បែកងាយចាស់ ជ្រីវជ្រួញជាងវ័យ។ ក្រៅពីនោះ ស្ករថែមទាំងអាចបង្កការរលាកដែលជាមូលហេតុមួយនៃការកើតមុនផងដែរ។ • អាល់កុល ឬស្រា៖ វាជាមូលហេតុនៃការខ្វះសំណើមរបស់ស្បែក និងបង្កការរលាកដែលនាំឲ្យកើតមុន ព្រមទាំងធ្វើឲ្យជាតិពុលក្នុងខ្លួនកើនឡើង ជាហេតុនាំឲ្យស្បែកស្រអាប់ និងមានបញ្ហាផ្សេងៗផងដែរ។ • បារី៖ បារីមានផ្ទុកជាតិពុលធ្វើឲ្យស្បែករបក និងនាំឲ្យសរសៃឈាមរួមតូចធ្វើឲ្យស្បែកមិនអាចទទួលការចិញ្ចឹមបានល្អ ជាលទ្ធផលបង្កឲ្យមានការលេចឡើងជាភាពជ្រីវជ្រួញ និងយារធ្លាក់។ ៧. លាងសម្អាតមុខមិនបានត្រឹមត្រូវ ការសម្អាតមុខមិនបានត្រឹមត្រូវអាចធ្វើឲ្យខូចខាតដល់ស្បែកមុខតាំងពីជំហានដំបូង ដូចនេះអ្នកត្រូវប្រាកដថា អ្នកធ្វើការសម្អាតមុខជារៀងរាល់ថ្ងៃពិសេសមុនពេលចូលគេង សម្អាតគ្រឿងតុបតែងមុខដោយប្រើផលិតផលសមស្របនឹងស្បែកមុខ មិនប្រើប្រាស់ទឹកក្តៅ ឬត្រជាក់ពេក និងមិនខាត់ស្បែកមុខ ក៏ដូចជាលុបលាងមុខញឹកញាប់ពេកជាដើម។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ចែករំលែក
Top