
- Dec 21, 2019 |
- 5 ឆ្នាំមុន |
- 4.2K មើល
ជំងឺទឹកនោមផ្អែមជាឃាតករលាក់មុខ
តើជំងឺទឹកនោមផ្អែមជាអ្វី? ជាជំងឺរ៉ាំរ៉ៃដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនឆ្លង ហើយមិនអាចព្យាបាលឲ្យជាសះស្បើយទេ តែអាចបង្ការបាន។ ចំណែកកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមរួមមាន៖ • ទម្លាប់នៃការទទួលទានអាហារមិនមានសុខភាព • កង្វះកាយវប្បកម្ម (សកម្មភាពរាងកាយ) • លើសទម្ងន់ ឬធាត់ • ការជក់បារី • កម្រិតជាតិស្ករក្នុងឈាមមិនធម្មតា អំឡុងពេលមានផ្ទៃពោះ • ការវិវឌ្ឍនៃអាយុកាល ចាស់ជរា អាយុច្រើន • ប្រវត្តិគ្រួសារ។ តើខ្ញុំមានជំងឺទឹកនោមផ្អែមទេ? ដើម្បីដឹងថាអ្នកមានជំងឺទឹកនោមផ្អែម ឬមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ មានរោគសញ្ញាសំខាន់ៗបី ដូចខាងក្រោម៖ • នោមញឹកញាប់ • ផឹកទឹកច្រើន • ហូបច្រើន។ រោគសញ្ញាទូទៅ ការស្រកទម្ងន់ អស់កម្លាំង មានអារម្មណ៍ងងុយគេង បន្ទាប់ពីបរិភោគអាហារ។ដោយឡែកក៏មានរោគសញ្ញាដទៃទៀតដូចជា៖ • ព្រឹលភ្នែក • រមាស់នៅតំបន់ប្រដាប់បន្តពូជ • ការរលាកអណ្តាត • ស្ពឹកដៃជើង ការព្យាបាលរបួសមិនងាយសះស្បើយ និងការបង្ករោគលើស្បែក។ តើខ្ញុំត្រូវទៅមណ្ឌលសុខភាពនៅពេលណា? • ពិគ្រោះជាមួយគ្រូពេទ្យ គិលានុបដ្ឋាយិកា ដើម្បីធ្វើតេស្តកម្រិតជាតិស្ករនៅក្នុងឈាម ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេល។ • ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំឡើង ទោះជាមិនមានរោគសញ្ញាដូចខាងលើ ឬមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលទាន់ពេលអាចបង្ការ ឬពន្យារផលវិបាកដែលកើតឡើងនៅក្នុងផ្នែកជាច្រើននៃរាងកាយ និងបន្ថយការប្រឈមនៃការស្លាប់មុនអាយុ។ ផលវិបាកនៃជំងឺទឹកនោមផ្អែមរួមមាន៖ • គ្រោះថ្នាក់សរសៃឈាមខួរក្បាល • ងងឹតភ្នែក • គាំងបេះដូង • ជំងឺខ្សោយតម្រងនោម • កាត់អវយវៈ (ជើង)។ តើអាចទប់ស្កាត់ជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច? ដើម្បីបង្ការ ឬពន្យារពេលនៃការចាប់ផ្តើមជំងឺទឹកនោមផ្អែមប្រភេទទី ២ និងផលវិបាករបស់វាអ្នកគួរតែ៖ • ថែរក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អ (មិនឲ្យធាត់) • ហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី • ទទួលទានអាហារដែលមានសុខភាពល្អ អាហារចម្រុះ ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន • ចៀសវាងអាហារ ភេសជ្ជៈដែលមានជាតិស្ករ និងជាតិខ្លាញ់ឆ្អែត • ចៀសវាងការជក់បារី និងការពារពីការស្រូបផ្សែងបារី។ តើគេអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរបៀបណា? ប្រសិនបើអ្នករកឃើញថាកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានកម្រិតខ្ពស់សូមទៅជួបគ្រូពេទ្យដើម្បីព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ ការខូចខាតដល់សរីរាង្គអាចបង្កើនការស្លាប់បាន។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នក។ ដោយអ្នកត្រូវ៖ • លេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ • ទទួលទានអាហារតាមរបបកំណត់ និងលេបថ្នាំឲ្យបានទៀងទាត់តាមពេលវេលាកំណត់ • ត្រូវដឹងពីអ្វីដែលអ្នកគួរធ្វើនៅពេលអ្នកមានកម្រិតជាតិស្ករក្នុងឈាមថយចុះ • ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ • ចៀសវាងការជក់បារី និងបពា្ឈប់ការប្រើគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ • តាមដានកម្រិតជាតិស្ករក្នុងឈាមនៅផ្ទះ (ប្រសិនបើអាចធ្វើបាន)។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥ 2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ